World Bank: កម្ពុជាគួរពិនិត្យតាមដានឱ្យល្អិតល្អន់លើឥណទានក្នុងវិស័យអចលនទ្រព្យនិងសំណង់ដើម្បីដើម្បីបញ្ជៀសភាពងាយរងគ្រោះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោកផ្តល់អនុសាសន៍ថា កម្ពុជាត្រូវបន្តពិនិត្យតាមដានយ៉ាងល្អិតល្អន់ លើភាពងាយរងគ្រោះកើតចេញពីកំណើនរយៈពេលយូរនៃវិស័យអចលនទ្រព្យ និងកំណត់នៃការផ្តល់ឥណទានដល់វិស័យសំណង់ ដល់កំណើនសេដ្ឋកិច្ច នៅមុនពេលមានវិបត្តិជំងឺកូវីដ១៩។

ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដាន ឲ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពី ការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។ នេះបើយោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរឆ្ពោះទៅការរើបឡើងវិញ» ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ផលធៀបកម្ចី-ប្រាក់បញ្ញើមានចំនួន១២០ភាគរយនៅឆ្នាំ២០២០ កើនពី ៧៨,៧ ភាគរយក្នុង រយៈពេលមួយទសវត្សរ៍មុន។ ចំណុចនេះជាការសំខាន់ខ្លាំង ព្រោះថាការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលថ្មីៗនេះនៅតែអូសបន្លាយ ហើយចំនួនរោងចក្រ និងសហគ្រាសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរចេះតែ កើនឡើងជាលំដាប់។

ព្រឹត្តិការណ៍ទាំងនេះនឹងបន្តកាត់បន្ថយសមត្ថភាពអាជីវកម្ម និងគ្រួសារ ក្នុងការសង ប្រាក់កម្ចី ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុទាំងមូលរងសម្ពាធកាន់តែខ្លាំង។ ថ្មីៗនេះ អាជ្ញាធរកម្ពុជាបានអំពាវនាវឱ្យម្ចាស់លំនៅដ្ឋានយល់ព្រមលើការពន្យារពេលបង់ប្រាក់រំលោះ។

តម្លៃសរុបនៃប្រាក់កម្ចី និងគណនីរបស់ អ្នកខ្ចីដែលរងផលប៉ះពាល់ដែលត្រូវរៀបចំឡើងវិញ អាចនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ដោយកើនពីចំនួនគណនីសរុបនៅឆ្នាំមុន ២៨៥០០០គណនី ស្មើនឹងទឹកប្រាក់សរុប៤,២ពាន់លានដុល្លារ ឬស្មើនឹង១១,២ភាគរយនៃឥណទានមិនទាន់សងសរុប សម្រាប់ទាំងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុរួមគ្នា។

ក្នុងចំនួនទឹកប្រាក់៤,២ពាន់លានដុល្លារនេះ ទឹកប្រាក់ចំនួន១,៧៣ពាន់លានដុល្លារ ឬស្មើនឹង ៤១,៥ ភាគរយ ត្រូវបានផ្តល់ជូនទៅអ្នកខ្ចីដែលរងផលប៉ះពាល់ក្នុងវិស័យសំណង់ ទេសចរណ៍ និងដឹកជញ្ជូន (និងភ័ស្តុភារ)។
ដោយសារតែវិស័យទាំងនេះនៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបន្តផ្ទុះជំងឺកវី១៩ ក្នុងសហគមន៍ នឹងមានតម្រូវការកាន់តែច្រើនក្នុងការរៀបចំប្រាក់កម្ចីឡើងវិញលើវិស័យទាំងនេះ។

កម្ចីមិនដំណើរការត្រូវបានរំពឹងថានឹងកើនឡើងពីអត្រាទាបនាពេលបច្ចុប្បន្ន២,៧ភាគរយសម្រាប់វិស័យធនាគារ និង ១,៨ភាគរយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំ២០២០។

ធនាគារកណ្ដាលត្រូវបន្តត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់លើហានិភ័យហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើលក្ខខណ្ឌសន្ទនីយភាព មូលធន និងគុណភាព នៃឥណទាន រួមទាំងវិធានការប្រុងប្រយ័ត្នផ្នែកម៉ាក្រូសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដូចបរិយាយនៅក្នុងផ្នែកស្តី ពីរូបិយវត្ថុក្នុងរបាយការណ៍គោល។

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញ បន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣.១ភាគរយ ក្នុងឆ្នាំ២០២០។

លោកស្រីអ៊ិនហ្គូណា ដូប្រាចាប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា បានថ្លែងថា “ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរ កម្ពុជាបានរងការ ប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំង ឲ្យមនុស្សក្នុងប្រទេសបានជាង ៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់”។

លោកស្រីបានបន្ថែមទៀតថា “ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here