ខេត្តចំនួន៣នៅជុំវិញរាជធានីភ្នំពេញកំពុងមានមានភាពទាក់ទាញលើទីផ្សារដីធ្លី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខេត្តចំនួន៣ផ្សេងគ្នាជុំវិញរាជធានីភ្នំពេញ កំពុងទាក់ទាញការវិនិយោគលើដីធ្លី សម្រាប់ធ្វើការអភិវឌ្ឍ និងលក់បន្តយកចំណេញនៅឆ្នាំបន្ទាប់ ប៉ុន្តែសកម្មភាពទាំងនោះហាក់ស្ងប់ស្ងាត់ ដោយសារវិបត្តិកូវីដ១៩។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បណ្តាខេត្តដែលមានប្រជាប្រិយភាពបន្ទាប់ពីរាជធានីភ្នំពេញ រួមមានចំនួន៣ ដែលស្ថិតនៅក្បែរតំប​ន់អភិវឌ្ឍន៍ធំៗ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ”។

លោកបានបន្តថា “ដីដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទិញទុកនៅពេលបច្ចុ​ ប្បន្ននេះ ភាគច្រើនគឺសុទ្ធតែស្ថិតនៅតំបន់ ដែលកំពុងមានការអភិវឌ្ឍ និងក្នុងតំបន់ដែលគ្រោងអភិវឌ្ឍក្នុងពេលឆាប់ខាងមុខនេះ”។

តំបន់ដែលមានភាពពេញនិយមពីអ្នកវិនិយោគ មានដូចជាតំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រៅពីនេះនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ រួមជាមួយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលអាចស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

អតីតនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្នុងអំឡុងពេលនេះ ភាគច្រើនអ្នកវិនិយោគ មិនចង់បញ្ចេញកញ្ចប់ថវិកាច្រើននោះទេ បើបញ្ចេញក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចក្រោមទំហំ១លានដុល្លារចុះក្រោយតែប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា “ពេលនេះអ្នកមានលុយ គេសម្លឹងមើលពីឱកាសទិញទុកវិនិយោគ នៅពេលណាមានដី ឬអចលនវត្ថុណាដែលមានតម្លៃក្រោមទីផ្សារ គឺគេទិញទុកភ្លាម ប៉ុន្តែទាំងអស់នេះ ក៏មានតែចំពោះអ្នកមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ បើចំពោះអ្នកមិនមានទុនគ្រប់គ្រាន់ ឬពឹងពាក់ទៅលើកម្ចីពីធនាគារ ក៏មិនមែនជាជម្រើសល្អនោះដែរ”៕

ប្រទេសថៃចំណាយប្រាក់២៣០០លានដុល្លារសាងសង់ផ្លូវដែកល្បឿនលឿនជាប់ព្រំដែនកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ប្រទេសថៃគ្រោងចំណាយប្រាក់២៣០០លានដុល្លារ ដើម្បីសាងសង់គម្រោងសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួន ដែលជាប់នឹងខេត្តចំនួន៤ របស់កម្ពុជាគ្រោងនឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ​។

គម្រោងនេះត្រូវបានរំពឹងថា នឹងចំណាយទឹកប្រាក់៣,២ ពាន់លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រAsia News Network។

ការពង្រីកខ្សែរថភ្លើង ដែលមានប្រវែង១៩០គីឡូម៉ែត្រ ពីរ៉ាក់យ៉ង-ចន្ថាបូរី-ត្រាត នេះ នឹងដំណើរការនៅជិតនឹងព្រំដែនប្រទេសកម្ពុជា។ ខេត្តចន្ថាបុរីមានព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងប៉ៃលិនរបស់ប្រទេសកម្ពុជា រីឯខេត្តត្រាតមានព្រំប្រទល់ប៉ៃលិន បាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

នាយដ្ឋានផ្លូវដែករដ្ឋរបស់ថៃ (SRT)) បានជួលអ្នកពិគ្រោះយោបល់ ដើម្បីធ្វើការសិក្សាលទ្ធភាព លើផែនការសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនដែលភ្ជាប់ព្រលានយន្តហោះអន្តរជាតិចំនួន៣នៅថៃ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគម្រោងពិសេស SRT លោក Sucheep Sooksawang។

លោកបន្តថា “គម្រោងដំណាក់កាលទី២នេះ គ្របដណ្តប់លើការពង្រីកផ្លូវដែក ១៩០គីឡូម៉ែត្ររ៉ៃយ៉ង់-ចន្ថាបូរី -ត្រាត”។

ការសាងសង់នេះក៏ធ្វើឡើងតាមជម្រើសផងដែរ ដោយគំរោងនេះមានការបែងចែកដូចជាជម្រើសទី១នៃការចេញថ្លៃ ក្រុមហ៊ុនឯកជននឹងវិនិយោគលើការសាងសង់ ប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT នឹងដោះស្រាយបញ្ហាដីធ្លី។

ជម្រើសទី២ ក្រុមហ៊ុនឯកជនមួយ នឹងវិនិយោគលើប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT ដោះស្រាយដីធ្លី និងទទួលខុសត្រូវលើការសាងសង់។

ជំរើសទី៣ ក្រុមហ៊ុនឯកជននឹងទទួលខុស ត្រូវលើប្រតិបត្តិការនិងថែទាំដោយអេស។ ធី។ ឌីថែរក្សានៅសល់៕

កាន់តែក្រៀមក្រំៈក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដកើនដល់៦៥៥នាក់

ដោយៈគង់ ឧត្តម

ភ្នំពេញៈ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​ពី​ការ​រក​ឃើញ ​អ្នក​ឆ្លង​កូវីដ​រហូត​ដល់​ចំនួន ៦៥៥ ​នាក់​បន្ថែម​ទៀត និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន២២៤នាក់ ខណៈ​ក្រសួង​បន្ថែម​កន្លែង​ចាក់​វ៉ាក់សាំង​ក្នុង​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត។

តាម​របាយការណ៍​របស់​ក្រសួង​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ថ្មី​នេះបាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជិត៩ពាន់​នាក់ ខណៈ​ករណី​ស្លាប់​សរុប​ទូទាំង​ប្រទេស​ចំនួន៦១នាក់។

របាយការណ៍​​ក្រសួង​បញ្ជាក់​ថា នៅ​ថ្ងៃទី ២២ មេសា ឆ្នាំ ២០២១ មាន​ករណី​ឆ្លង​សហគមន៍៦៥៤នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ០១ នាក់។ ក្នុង​នោះ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២ នាក់។ ភ្នំពេញ​មាន​ចំនួន ៥២២ នាក់ ព្រះសីហនុ ១១៣ នាក់ ខេត្ត​កណ្ដាល ៥ នាក់ តាកែវ ៥ នាក់ កំពង់ចាម ៣ នាក់ ខេត្ត​កែប ៣ នាក់ និង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ស្ពឺ មួយ​ករណីៗ។

ជាមួយ​នឹង​ការ​ប្រកាស​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក៏​បាន​ប្រកាស​ពី​ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់់សាំង​ស៊ីណូវ៉ាក់​ដូសទី​២ ក្នុង​ខណ្ឌ​ទួលគោក ចំនួន ១ កន្លែង​ទៀត​ផង​ដែរ ដើម្បី​ឲ្យ​ដំណើរការ​នៃ​​ការ​ចាក់​វ៉ាក់សាំង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ មាន​ដំណើរការ​ល្អ។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​នេះ បាន​បញ្ជាក់​ថា សម្រេច​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ទួល​គោក​ចំនួន ១ ទីតាំង​បន្ថែម​ទៀត គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ចាប់​បើក​ដំណើរការ​ ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដូស​ទី២ ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០២១។

ដូច​នេះ ក្រសួង​អំពាវនាវ​សូម​បុគ្គល ​ដែល​ដល់​វេន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដូស​ទី២ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ស្នាក់នៅ ដោយ​មិន​ត្រូវ​ឆ្លង​ខណ្ឌ​ជា​ដាច់​ខាត ខណៈ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) និង​ស៊ីណូវ៉ាក់ (Sinovac) ដូស​ទី២ អាច​ចាក់​អំឡុង​ពេល​ពី ១៤ ទៅ ២៨ ថ្ងៃ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី១។

ក្រសួង​ស្នើ​ដល់​បុគ្គល​ដែល​បាន​យក​សំណាក ឬ​កំពុង​ជាប់​វិធាន​ចត្តាឡីស័ក ត្រូវ​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ទើប​អាច​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី២ បាន ដើម្បី​ជៀសវាង​ការ​ចម្លង​ណា​មួយ​ដល់​អ្នក​ដទៃ ក៏​ដូច​ជា​ការ​ប្រឈម​ចំពោះ​ផ្លូវ​ច្បាប់​ជា​ធរមាន៕

 

ដំណឹងល្អៈវ៉ាក់សាំងចំនួន១,៥លានដូសទៀតនឹងមកដល់កម្ពុជានៅខែឧសភា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដំណឹងល្អសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយ    វ៉ាក់សាំងរាប់លានដូសទៀតនឹងមកដល់កម្ពុជា នៅពេលខាងមុខឆាប់ៗ និងជាបន្តបន្ទាប់ទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

យោងតាមពព៌តមានដែល Propertyarea.asia ទទួលបាននៅក្នុងប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា វ៉ាក់សាំងចំនួន១,៥លានដូស នៅខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូតដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។

ប្រជាជនកម្ពុជាបាន និងកំពុងទទួលវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិ​ការណ៍២០កុម្ភៈកាន់តែច្រើន។

រហួតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់ហើយ បានទទូលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

តើបណ្តាប្រទេសអាស៊ានណាខ្លះនឹងមានកំណើនសេដ្ឋកិច្ចល្អជាងគេនៅឆ្នាំ២០២១នេះ

ដោយៈ ប៊ី

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រទេសអាស៊ានចំនួន៣ ត្រូវបានវាយតម្លៃថា នឹងមានកំណើនសេដ្ឋកិច្ចជាង៦ភាគរយ នៅឆ្នាំ២០២១នេះ ខណៈទស្សនវិស័យសេដ្ឋកិច្ចអាស៊ាន នៅតែប្រឈមនឹងភាពផុយស្រួល ដោយសារវិបត្តិកូវីដ១៩។

យោងតាមរបាយការណ៍ចុងក្រោយរបស់ IMF បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចប្រទេសអាស៊ានចំនួន៣ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចជាង៦ភាគរយ ក្នុងនោះរួមមាន ប្រទេសហ្វីលីពីននឹងមានកំណើន៦,៩ភាគរយ ម៉ាឡេស៊ី៦,៥ភាគរយ និងប្រទេសវៀតណាម៦,៥ភាគរយ ខណៈសិង្ហបុរីនឹងមានកំណើនសេ៥,២ ភាគរយ ឡាវ៤,៦ ភាគរយ និងឥណ្ឌូណេស៊ី៤,៣ ភាគរយ។

សម្រាប់ឆ្នាំ២០២១ ការព្យាករណ៍កំណើនបានឱ្យដឹថា សេដ្ឋកិច្ចកម្ពុជានឹងខ្ពស់ជាងប្រទេសថៃ២,៦ភាគរយ និងខ្ពស់ជាងព្រុយណេ១,៦ភាគរយ ខណៈសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះ៨,៩ភាគរយ។

ប្រធានសេដ្ឋវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Gita Gopinathបានថ្លែងថា “យើងព្យាករណ៍ថា នឹងមានការងើបឡើងវិញខ្លាំងជាង មុននៅឆ្នាំ២០២១ និង២០២២ សម្រាប់សេដ្ឋកិច្ចពិភពលោក បើប្រៀបធៀបនឹងការព្យាករពីមុនរបស់យើង”។

លោកស្រីបានថ្លែងថា “ទោះយ៉ាងណាទស្សនវិស័យ បង្ហាញពីបញ្ហាប្រឈមដែលគួរឱ្យព្រួយបារម្ភ ទាក់ទងនឹងភាពផ្ទុយគ្នា ក្នុងល្បឿននៃការងើបឡើងវិញ និងសក្តានុពលនៃការខូចខាតខាងសេដ្ឋកិច្ចពីវិបត្តិនេះ”។

នៅក្នុងសន្និសីទកាសែតលោកស្រី Gopinath បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចសក លសម្រាប់ឆ្នាំ២០២១ និង២០២២ភាគច្រើន គឺដោយសារតែការធ្វើឱ្យប្រសើរឡើង សម្រាប់សេដ្ឋកិច្ចជឿនលឿន ជាពិសេសសហរដ្ឋអាមេរិក។

លោកស្រីបាននិយាយថា “នេះធ្វើឱ្យសហរដ្ឋអាមេរិក ជាប្រទេសមានសេដ្ឋកិច្ចធំតែមួយគត់ ដែលបានព្យាករថានឹងកើនលើសកម្រិតGDP ដែលខ្លួនបានព្យាករណ៍ថាសម្រាប់ឆ្នាំ ២០២២ ក្នុងករណីដែលគ្មានការរីករាលដាលនៃជំងឺកូវីដ១៩”។លោកស្រី ថ្លែងថា “ប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត រួមទាំងតំបន់អឺរ៉ូ នឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ តែក្នុងល្បឿនយឺតជាងនេះ”៕

តើអ្វីជាហានិភ័យធំៗរបស់វិស័យអចលនទ្រព្យ ដែលក្រុមហ៊ុនអន្តរជាតិបានរកឃើញនៅក្នុងឆ្នាំនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCBRE Cambodiaបានរកឃើញហានិភ័យធំៗក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចកំពុងសបន្លាយ។

ការសិក្សារបស់ក្រុមហ៊ុននេះ បានរកឃើញហានិភ័យធំៗចំនួនបី ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យនេះ រួមមាន ទី១ ការផ្គត់ផ្គង់លើសតម្រូវការ ទី២ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងទី៣ ការពន្យារពេលបញ្ចប់ការដ្ឋាន នៃគម្រោងអចលនទ្រព្យនានា ជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពល ដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។

ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀត ដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។

កត្តាហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះ ក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលឈនដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានប្រ​សាសន៍ឲ្យដឹងក្នុងបទបង្ហាញកាលពីពេលថ្មីៗនេះថា  មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។

លោកបន្តថា “ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍២០ កុម្ភៈ ហើយភាគច្រើនជាកិច្ចព្រមព្រៀងរយៈពេលវែង។ ដូច្នេះ ម្ចាស់គម្រោង ឬម្ចាស់អគារជួលនានា នៅតែបន្តទទួលបានចំណូល”៕

ទំនុកចិត្តក្នុងវិស័យអចលនទ្រព្យកម្ពុជាត្រូវរងការវាយប្រហារ?

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ វាច្បាស់ណាស់ហើយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិភាគច្រើនបានទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ខណៈទីផ្សារនេះ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ ដែលវិបត្តិនេះ បានឈានដល់ការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅ     រយៈពេលពីរសប្តាហ៍ និងអាចប្រឈមមុខនឹងការពន្យាពេលថែមទៀត។

អ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិសុទ្ឋតែមើលឃើញស្រដៀងគ្នាថា ទីផ្សា​រនេះកំពុងរងការវាយប្រហារ ប៉ុន្តែភាពសុទិដ្ឋិនិយមកំពុងមានផងដែរ ដោយសារការរំពឹងថា ការរីករាលដាលជំងឺកូវីដ១៩នឹងបញ្ចប់នាពេលឆាប់ៗនេះ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ ដែលបានតាមដាននិងវិភាគពីទីផ្សារនេះបានឲ្យដឹងកាលពីម្សិលម៉ិញថា ក្នុងស្ថានភាពនេះ ចរន្តនៃការទិញលក់ស្ងប់ស្ងាត់ច្រើន ហើយអ្នកត្រៀមចុះកិច្ចសន្យាទិញ លក់ភាគច្រើនបានលើកពេ​ល ដោយសារការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការរីករាលដាលជំងឺកូវីដ១៩។

លោកស្រីបន្តថា “ទំនុកចិត្តសំរាប់អ្នកវិនិយោគក្នុងស្រុក មិនបាត់បង់ទេ ប៉ុន្តែពួកគេបានផ្អាកលើការទិញលក់ និងគំរោងសាងសង់ខ្លះបានពន្យាពេល”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ពិតហើយទីផ្សារទិញលក់ និងស្ថានភាពទូទៅលើវិស័យនេះបានរងផលប៉ះពាល់ ប៉ុន្តែសំរាប់អ្នកមានលទ្ឋភាព ពួកគេនៅតែបន្តវិនិយោគ ពិសេសដីធ្លី និងអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សារ ដែលពួកគេមើលឃើញថាផ្តល់ផលចំណេញសំរាប់អនាគត។

លោកបន្តថា “យើងរំពឹងថាអ្វីៗ នឹងឈានមករកភាពល្អប្រសើរឡើងវិញ ព្រោះខ្ញុំជឿថារដ្ឋាភិបាលនឹងគ្រប់គ្រង និងបញ្ចប់ជំងឺនេះបាននាពេលឆាប់ៗខាងមុខ”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗ មិនសូវមាននោះទេកំឡុងពេលនេះ ដោយសារពួកគេកំពុងរង់ចាំមើលស្ថានការណ៍ ប៉ុន្តែគំរោងធំៗដែលបានសាងសង់នាពេលកន្លងមក នៅតែបន្តសាងសង់ មិនមានការផ្អាកសកម្មភាពនោះទេ។

លោកបន្តថា “នៅពេលយើងមានវ៉ាក់សាំង ព្រឹត្តិការណ៍២០កុម្ភៈក៏បានកើតឡើង ដែលធ្វើឲ្យយើងមានការបារម្ភ ប៉ុន្តែបើរដ្ឋាភិបាលអាចបញ្ចប់ព្រឹត្តិការណ៍នេះបានឆាប់ ជារឿងល្អ”។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោកJames Hudge នាយកក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ទីផ្សារបាននិងកំពុងរងផលប៉ះពាល់ និងបាត់ទំនុកចិត្ត ដោយសារអ្នកវិនិយោគអន្តរជាតិមានភាពស្ទាក់ស្ទើរ ក្នុងការវិលចូលមកកម្ពុជា ដោយ​សារព្រឹក្តិការណ៍២០កុម្ភៈ ប៉ុន្តែអ្វីៗនឹងរឹតតែធ្ងន់ធ្ងរ បើសិនជាការរីករាលដាលជំងឺនេះនៅតែបន្តអូសបន្លាយរយៈពេលវែង៕

ប្រធានាធិបតីអាមេរិកគ្រោងដាក់ចេញផែនការដំឡើងពន្ធខ្ពស់ជាប្រវត្តិសាស្ត្រលើប្រាក់ចំណេញពីការវិនិយោគសម្រាប់អ្នកមាន

ដោយៈឧត្តម

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងដាក់ចេញផែនការប្រមូលពន្ធលើពលរដ្ឋអាមេរិក ដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដោយរាប់បញ្ចូលទាំងការដំឡើងពន្ធខ្ពស់បំផុតមិនធ្លាប់មាន លើប្រាក់ចំណេញពីការវិនិយោគផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៣ មេសា នេះឱ្យដឹងថា ផែនការប្រមូលពន្ធនេះ គឺធ្វើឡើងដើម្បីប្រមូលថវិកា ឱ្យបានប្រមាណ១ទ្រីលានដុល្លារសម្រាប់សេវាថែទាំកុមារ ការអប់រំមុនមត្តេយ្យសិក្សាជាសកល និងការឈប់សម្រាកមានប្រាក់បៀវត្សរ៍សម្រាប់កម្មករ។

ផែនការនេះ ជាផ្នែកមួយនៃការជំរុញរបស់សេតវិមាន ឱ្យមានការកែសម្រួលប្រព័ន្ធពន្ធរបស់សហរដ្ឋអាមេរិក ដើម្បីតម្រូវឱ្យអ្នកមាន និងក្រុមហ៊ុនធំៗចំណាយបន្ថែម និងជួយចេញថ្លៃចំណាយ សម្រាប់របៀបវារៈសេដ្ឋកិច្ច ប្រកបដោយមហិច្ឆតារបស់លោក ចូ បៃឌិន។

ប្រភពដដែលបានទម្លាយនៅសប្តាហ៍នេះថា សំណើនេះអំពាវនាវឱ្យមានការដំឡើ​ងអត្រាពន្ធលើប្រាក់ចំណូលខ្ពស់បំផុត ពី៣៧%ដល់៣៩,៦%។ សំណើនេះក៏នឹងបង្កើនពន្ធជិតទ្វេដងផងដែរ លើប្រាក់ចំណេញមូលធន (Capital Gains) សម្រាប់អ្នកដែលរកចំណូលបានច្រើនជាង១លានដុល្លារក្នុងមួយឆ្នាំផងដែរ។

នោះជាអត្រាពន្ធខ្ពស់បំផុត លើប្រាក់ចំណេញពីការវិនិយោគ ដែលពលរដ្ឋអាមេរិក មានស្ដុកស្ដម្ភភាគច្រើន បានបង់តាំងពីទសវត្សរ៍ឆ្នាំ១៩២០។ អត្រានេះមិនដែលលើសពី៣៣,៨%នោះឡើយ នៅក្នុងសម័យក្រោយសង្គ្រាមលោកលើកទី២។

ដំណឹងអំពីសំណើនេះ បានធ្វើឱ្យសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ Wall Street ដាំក្បាលចុះយ៉ាងខ្លាំង ដោយសន្ទស្សន៍ផ្សារហ៊ុន S&P 500 Index បានដាំក្បាលចុះ១%នៅពេលរសៀល ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ខែមកនេះ។

ប្រភពដដែលនិយាយថា សេចក្ដីលម្អិតនៃសំណើនេះ នឹងត្រូវបញ្ចេញនៅសប្តាហ៍ក្រោយ មុនពេលលោកចូ បៃឌិន ថ្លៃងទៅកាន់សភានៅថ្ងៃពុធ ទី២៨ មេសា។ ប្រភពដដែលបានបញ្ជាក់ថា លោកចូ បៃឌិន បានសន្យាថានឹងមិនដំឡើងពន្ធលើគ្រួសារ ដែលមានប្រាក់ចំណូលតិចជាង៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះឡើយ។

លោកស្រី Jen Psaki លេខាទទួលបន្ទុកផ្នែកសារព័ត៌មាននៅសេតវិមាន បានថ្លែងថា លោកប្រធានាធិបតីនឹងពិភាក្សាអំពី “ផែនការគ្រួសារពលរដ្ឋអាមេរិក” (American Families Plan) របស់លោកអំឡុងពេលថ្លែងទៅកាន់សភា ប៉ុន្តែបានបដិសេធមិនបញ្ចេ​ញសេចក្ដីលម្អិតនោះទេ។

លោកស្រីបានគូសបញ្ជាក់ថា “លោកចូ បៃឌិន និងក្រុមការងារសេដ្ឋកិច្ចរបស់លោ​កជឿជាក់យ៉ាងមុតមាំថា វិធានការទាំងនឹងមិនជះផលអវិជ្ជមាន ដល់ការវិនិយោគនៅសហរដ្ឋអាមេរិកនោះឡើយ”៕

ផ្សារទំនើបនិងផ្សារសហគមន៍ជាច្រើនត្រៀមបាននិងកំពុងបង្ហាញខ្លួនលើផ្លូវជាតិលេខ១

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ ស្របពេលកំនើននៃការរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនលើតំបន់នេះ ផ្លូវជាតិលេខ១បាននិងកំពុងរីកចម្រើន ដោយមានផ្សារទំនើបបែបសហគមន៍ដាក់ដំណើរការ និងត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ។

បច្ចុប្បន្នThe Park Community Mall, បឹងស្នោរ Food Palaceបាននិងកំពុងបើកដំណើរការបណ្តើរ ខណៈផ្សារទំនើបលំដាប់អន្តរជាតិធំមួយPeng Huort Diamond Mallបាននិងកំពុងសាងសង់យ៉ាងសកម្ម នៅលើផ្លូវជាតិនេះផងដែរ។ លើសពីនេះ ស្រុកកៀ​នស្វាយក៏ត្រៀមបង្ហាញនូវផ្សារទំនើប KIen Svay Plaza ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនKFA ក៏កំពុងសាងសង់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaដែលបានចេញផ្សាយកាលពីចុងឆ្នាំមុនបានបង្ហាញថា ទំហំផ្សារទំនើបនៅកម្ពុជា នឹងកើនដល់៨០ម៉ឺនម៉ែត្រការ៉េ ដែលធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជាកើនឡើងខ្ពស់ លើសការរំពឹងទុក។ ជាមួយគ្នានេះ តម្លៃជួលនៅតាមផ្សារទំនើបធំៗបានធ្លាក់ចុះ ប៉ុន្តែការជួលនៅតាមផ្សារបែបសហគមន៍បានកើនតម្លៃទៅវិញ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ និងជាអតីតនាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានព្រមានកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ផ្សារទំនើបកំពុងកើនឡើងខ្ពស់ ដែលប្រឈមមុខនឹងការលើសតម្រូវការ ខណៈទីផ្សារនេះកំពុងមានភាពប្រកួតប្រជែងកាន់តែខ្ពស់។

លោកស្រីបន្តថា “ការវិនិយោគលើផ្សារទំនើប ផ្សារបែបសហគមន៍ទទួលបានផលចំណេញខ្ពស់ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ធ្វើការកែលំអរ៥ឆ្នាំម្តង ដើម្បីឲ្យផ្សាររបស់ខ្លួនវិវត្តន៍តាមការរីកចម្រើនរបស់សង្គម”។ លោកស្រីបន្តថា “កំនើននៃផ្សារទំនើប និងផ្សារសហគមន៍ នឹងធ្វើឲ្យគំរោងផ្សារ ដែលត្រៀមបើកដំណើរការឆ្នាំនេះ អាចពន្យាពេលបើកដំណើរការ”។

លោកស្រីអាន សុធីតាបានបន្តថា ផ្សារទំនើ់បនានាក៏ប្រឈមមុខនឹងបញ្ហាប្រកួតប្រជែងពីការលក់ទំនិញតាមអនឡាញ ដែលកំពុងមា​នប្រជាប្រិយភាព និងកើនឡើងនៅកម្ពុជាផងដែរនាពេលបច្ចុប្បន្ននេះ៕

ការសិក្សាបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពជាង៩០ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ការសិក្សាមួយដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី បានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពជាង៩០ភាគរយ ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The National News កាលពីថ្មីៗនេះ។

អាជ្ញាធរនិយាយថា ការសិក្សាស្រាវជ្រាវបានរកឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ នៃអត្រាឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមមនុស្ស ដែលបានវ៉ាក់សាំងដូសទី២រួច នៅក្នុងប្រទេសអារ៉ាប់រួម។

ការសិក្សា ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសុខភាព
អាប៊ូដាប៊ី បានបង្ហាញថា ភាគច្រើននៃអ្នកឆ្លង បន្ទាប់ពីបញ្ចប់ការសិក្សា គឺមានអាការៈស្រាល និងមិនត្រូវការការព្យាបាលនៅក្នុងមន្ទីរពេទ្យទេ។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា វ៉ាក់សាំងនេះត្រូវបានកំណត់ថាមានប្រសិទ្ធភាព៩៣ភាគរយ ក្នុងការទប់ស្កាត់បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងប្រសិទ្ធភាព៩៥ភាគរយ ប្រឆាំងការបញ្ជូនទៅសង្គ្រោះបន្ទាន់។

អ្នកដែលទទួលបានវ៉ាក់សាំងគ្រប់ដូសហើយ គឺមិនស្ថិតនៅក្នុងស្ថានភាព ដែលអាចឈានដល់ការស្លាប់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបញ្ជាក់ថាតើការសិក្សានេះ ត្រូវបានធ្វើឡើងនៅពេលណា ឬចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរាប់បញ្ចូល ក្នុងការស្រាវជ្រាវនេះនោះទេ។

អ្នកស្រាវជ្រាវបានឱ្យដឹងថា អង់ទីគ័រប្រឆាំងមេរោគកូវីដ បានបញ្ចេញយ៉ាងល្អបំផុតតាមរយៈការចាក់វ៉ាក់សាំងនេះ និងតាមរយៈការប្រកាន់ខ្ជាប់នូវវិធានការបង្ការជាមុន៕