សណ្ឋាគារ SHG ដែលមាន​ប្រតិបត្តិការ​នៅ​កម្ពុជា​កា្ល​យ​ជា​ប្រតិបត្តិ​ករ​ធំជាងគេលំដាប់​ទី៤លើ​ពិភពលោក

ដោយៈ ម៉ា​ណេ​ត

បាងកកៈ ក្រម​ហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality (CH) ដែលជា​ម្ចាស់ និង​ប្រតិបត្តិ​ករ​នៃ​សណ្ឋាគារ Slumber Party Hostels (SHG) Path និង Socialtel បាន​ទទួលបាន​ជោគជ័យ ក្នុងការ​ទិញយក​ក្រុមហ៊ុន Bodega Hostels ដើម្បី​ក្លាយជា​ក្រុមហ៊ុន​សណ្ឋាគារ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​លំដាប់​ទី៤ លើ​ពិភពលោក ដោយមាន​សណ្ឋាគារ​ចំនួន២៥កន្លែង នៅ​ទូទាំងប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​កម្ពុជា។

លោក Edmund Lowman ស្ថាបនិក​នៃ​ស​ណ្ឋា​ការ SHG និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​ថ្លែងថា “ការ​ទិញយក​នេះ គឺជា​សកម្មភាព​យុទ្ធសាស្ត្រ​មួយ ដែលមាន​គោលបំណង​បង្កើន ចំណែក​ទីផ្សារ​របស់​យើង និង​ពង្រីក​កម្លាំង​ជំនាញ មកកាន់​ក្រុមហ៊ុន​របស់​យើង” ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

វិបត្តិ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ពិភពលោក ស្ថិតក្នុង​ភាពជាប់គាំង ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក ជួប​បញ្ហា​នេះ​អស់​ក្នុង​រយៈពេល១២ខែ​កន្លងមកនេះ។ ទោះយ៉ាងណា ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​រកឃើញ​នូវ​ការពង្រីក​ឱកាស​អាជីវកម្មសំខាន់ៗ អំឡុងពេល​វិបត្តិ​នេះ។

ក្រុមហ៊ុន​បាន​រំពឹងថា គំរូ​អាជីវកម្ម ដែល​ផ្តោតលើ​ភាពខ្លាំង និង​បទពិសោធន៍​របស់ខ្លួន​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួតប្រជែង នៅពេល​វិបត្តិ​កូ​វីដ១៩ ។

លោក Lowman បាន​មានប្រសាសន៍ថា “ការអនុវត្ត​គំរូ​អាជីវកម្ម​របស់​យើង​នឹង​បន្ថែម​តម្លៃ​ដល់​ទ្រព្យសម្បត្តិ​ដែល​ទទួលបានថ្មីៗ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម នៃ​ប្រាក់​ចំណូ ល​ការអភិវឌ្ឍ នៃ​វត្តមាន​យីហោ និង​ការគាំទ្រ​ជា​យុទ្ធសាស្ត្រ​កណ្តាល” ។ លោក​បាន​ថ្លែងថា “នៅពេល​ការចែក​ចាយ​វ៉ាក់សាំង​បាន​គ្រប់គ្រាន់ វិស័យ​ទេសចរណ៍​មានការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស” ។

សម្រាប់​ទ្វីបអាស៊ី ការ​ងើប​ឡើងវិញ​ជាបណ្តើរៗ និង​ការ​ត្រឡប់មក​សភាព​ដើម​វិញ ត្រូវបាន​រំពឹងថា នឹង​កើតឡើង​ក្នុង​រយៈពេល៣-៥ឆ្នាំ​ខាងមុខនេះ។

ទោះបីជា​សេដ្ឋកិច្ច​កំពុង​ជួប​ការលំបាក​ក៏ដោយ ក្រុមហ៊ុន SHG នៅតែ​អាច​បន្ត​រីកចម្រើន ដោយ​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវការ នូវ​ការបញ្ចប់​នូវ​ការបញ្ចប់​ការសាងសង់ នូវ​ស​ណ្ឋា​ការ Socialtel របស់ខ្លួន៕

ក្រុមហ៊ុន​លំដាប់​យក្ស​ជប៉ុន Honda កំណត់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ១០០ភាគរយ​នៅត្រឹម​ឆ្នាំ២០៤០

ដោយៈ​សុខុម

តូ​ក្យូៈ  ដូច​យើង​បានដឹង​រួចមកហើយ​ថា ក្រុមហ៊ុន Tesla របស់​កំពូល​មហាសេដ្ឋី Elon Musk ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​គួរឱ្យភ្ញាក់ផ្អើល នៅក្នុង​ការផលិត​លក់​រថយន្ត​អគ្គិសនី និង​មានឈ្មោះ​រន្ទឺ​ពាសពេញ​ពិភពលោក។

ភាពល្បីល្បាញ និង​ភាពជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក មួយ​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្តផ្សេងៗ និង​ជាពិសេស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក​ជ្រួលជ្រើម ហក់​ចូលប្រឡូក​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​អគ្គិសនី ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ ហើយ​ក្នុងនោះ​ក៏​រួមមាន​ទាំង​ក្រុមហ៊ុន Honda ផងដែរ។

Honda ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស​របស់​ជប៉ុន បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី២៣ មេសា​ថា ខ្លួន​បានកំណត់​គោលដៅ ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន១០០%សម្រាប់​លក់​នៅលើ​ទីផ្សារ នៅ​ទូទាំង​ពិភពលោក​នៅត្រឹម​ឆ្នាំ២០៤០ ដើម្បី​ចូលរួម​ចំ​ណែ ក​ជួយសង្គ្រោះ​បរិស្ថាន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

លោក Toshihiro Mibe ដែលជា​នាយក​ប្រតិបត្តិ​ទើប​តែងតាំង​ថ្មី របស់​ក្រុមហ៊ុន​នេះ​បាន​លើកឡើងថា គោលដៅ​នេះ​ពិតជា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ចង់ “កំណត់​គោលដៅ​ឱ្យ​ខ្ពស់” ។

ក្រុមហ៊ុន Honda និយាយថា ខ្លួន​ចង់​ផលិត​រថយន្ត​អគ្គិសនី លក់​នៅក្នុង​ទីផ្សារធំៗឱ្យបាន៤០ភាគរយ នៅត្រឹម​ឆ្នាំ២០៣០ និង៨០%នៅត្រឹម​ឆ្នាំ២០៣៥ ហើយ១០០%នៅ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ២០៤០ ។

ក្រុមហ៊ុន​នេះ​បាន​បោះទុន​រហូតដល់​ទៅ៥ទ្រី​លាន​យ៉េន (៤៦ពាន់​លាន​ដុល្លារ​អាមេរិក) វិនិយោគ​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​របស់ខ្លួន ដើម្បី​ឈានទៅដល់​គោលដៅ​ដែល​បានកំណត់។

ការប្រកាស​នេះ បាន​ធ្វើឡើង​មួយថ្ងៃ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ថ្លែងថា ប្រទេស​ជប៉ុន មានបំណង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ចូលទៅក្នុង​បរិយាកាស ឱ្យបាន៤៦%នៅត្រឹម​ឆ្នាំ២០៣០ ដោយ​ចំនួន​នេះ លើសពី​ការប្ដេជ្ញាចិត្ត​លើក​មុន ដែលមាន​ត្រឹម២៦%ពី​ឆ្នាំ២០១៣ដល់​ឆ្នាំ២០៣០ ។

ការប្ដេជ្ញាចិត្ត​នេះ​ធ្វើឡើង ស្របពេល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ជំនួប​កំពូល​មួយ ដើម្បី​ជំរុញឱ្យមាន​វិធានការ​កាន់តែ​ម៉ឺងម៉ាត់​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ឆ្ពោះទៅកាន់​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ឱ្យមក​នៅ​កម្រិត​សូន្យ​នៅ​ទីបំផុត៕

ទីក្រុង​រណប​ចំនួន៨នៅ​ក្រុងភ្នំពេញ​ណាខ្លះ​បាន​ប្តូរ​ឈ្មោះ និង​កំពុងមាន​ល្បឿនអភិវឌ្ឍន៍​ដូចម្តេច?

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ រាជធានី​ភ្នំពេញ​មាន​ទីក្រុង​រណប​ច្រើន ប៉ុន្តែ​យើង​សូម​លើក​យកតែ​ទីក្រុង​ចំនួន៧ប៉ុណ្ណោះ យកមក​បង្ហាញ​ខណៈ​ទីក្រុង​ខ្លះ​បាន​ប្តូរ​ឈ្មោះ ប្តូរ​ម្ចាស់ ប៉ុន្តែ​សកម្មភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង​ទាំងនោះ​កំពុង​ឆ្ពោះទៅមុខ និង​ខ្លះ​ជាប់គាំង។

តើ​គម្រោង​ទីក្រុង​រណបធំៗទាំង៨ ដែល​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងដំណើរការ​ដូចម្តេច និង​ក្រុង​ណាខ្លះ​បាន​ប្តូរ​ឈ្មោះ?

ទី១ ទីក្រុង​រណប CAMKO

នេះ​ជា​ម្ចាស់​គម្រោង​ទីក្រុង​រណប​ទី១នៅ​ក្រុងភ្នំពេញ ស្ថិតនៅ​បឹង​ពោង​ង​ពាយ ជា​តំបន់​លិច​ទឹក ដែល​បាន​ចាក់​ខ្សាច់​បំពេញ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​តំបន់​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​ទៅវិញ។

CAMKO CITY ដែល​បាន​វិនិយោគ​ក្រុមហ៊ុន WORLD CITY របស់​ប្រទេស​កូរ៉េខាងត្បូង គ្រោង​វិនិយោគ​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក មាន​ផ្ទៃក្រឡា​សាងសង់១១៩ហិកតា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍ បឹង​ពោងពាយ ខណ្ឌឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​រហូតមកទល់​ពេលនេះ​ទីក្រុង CAMKO CITY បាន​ជាប់គាំង ដោយសារ​ជម្លោះ។

ទី២ ទីក្រុង Grand International City

វា​ជា​គំរោង​ទីក្រុង​រណប​ដំបូង​គេ ដែល​បាន​ប្តូរ​ម្ចាស់ បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cambodia YNP និង​ដៃគូ​វិនិយោគ​ជនជាតិ​ឥណ្ឌូនេស៊ី បាន​លក់​ជូន​ក្រុមហ៊ុន​ជីប ម៉ុង​គ្រុប។

តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ​ដំបូង៦០០លាន​ដុល្លារ​អាមេរិក និង​មាន​ផ្ទៃក្រឡា​សាងសង់២៦០ហិកតា ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ។

រហូតមកដល់​ពេលនេះ ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​អភិវឌ្ឍ​សាងសង់​ជាច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួន​ទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោងនីមួយៗ ចំណាយ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក។

ទី៣ ទីក្រុង​រណប​កោះ​ពេជ្រ

វា​ជាទី​ក្រុង​ដែលមាន​ការអភិវឌ្ឍ​លឿន​ជាងគេ និង​បច្ចុប្បន្ន​ក្លាយជា​បណ្តុំ​លំនៅដ្ឋាន​សម្រាប់​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អាគារ​សហកម្ម​សិ​ទ្ឋ​ជាដើម។

ក្រុមហ៊ុន​វិនិយោគ​គំរោង​នេះ គឺ​ក្រុមហ៊ុន OCIC ដែលមាន អ្នកឧកញ៉ា ពុង ឃាវ​សែ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ១ពាន់​លាន​ដុល្លារ​អាមេរិក ផ្ទៃក្រឡា​សាងសង់​ជិត១០០ហិកតា ស្ថិតនៅតាម​បណ្តោយ​ទន្លេបាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។

បើតាម​លោក​ទូច សំ​ណា ង​អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​ផ្ទៃដី​លើ​ទីក្រុង​កោះ​ពេជ្រ​ទាំងមូល ទើប​ប្រើប្រាស់​បាន​អស់៥០ភាគរយ​ប៉ុណ្ណោះ ខណៈ​សំណង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត នឹង​សាងសង់​នៅលើ​ទីក្រុង​នេះ។

ទី៤ ទីក្រុង​រណប Phnom Penh City Center

ជា​អតីត​បឹង ដែលមាន​ទំហំ​ធំជាងគេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ Phnom Penh City Center បាននិងកំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក ជាមួយនឹង​ផ្សារ​បែប​សហគមន៍ សាល​ពិ​ព៌​ណ​រថយន្ត អាគារ​ខុន​ដូ និង​លំនៅដ្ឋាន​លេចឡើង​យ៉ាង​ស្រស់បំព្រង ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ក្នុង​កម្រិតស្តង់ដា​ជាង​មុន។

Phnom Penh City Center ជាក​ម្មសិ​ទ្ឋ​របស់លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ១៥០០លាន​ដុល្លារ​អាមេរិក ដែលមាន​ផ្ទៃក្រឡា​សាងសង់១១៤ហិកតា។


ទី៥ ទីក្រុង​រណប​ជ្រោយចង្វារ
ទីក្រុង​នៃ​អនាគត

ក្រុមហ៊ុន OCIC ជា​ក្រុមហ៊ុន​លំដាប់​យក្ស​ក្នុងស្រុក ដែល​បាននិងកំពុង​វិនិយោគ​ទីក្រុង​រណប​នេះ​ផងដែរ ដោយ​ទំហំ​ទុនវិនិយោគ​នឹង​កើន​ដល់៦០០០លាន​ដុល្លារ​អាមេរិក នាពេល​អនាគត។

អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ ជា​អ្នកឧកញ៉ា ពុង ឃាវ​សែ នៃ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់ទុន​វិនិយោគ​កម្ពុជា​ក្រៅប្រទេស។

គំរោង​នេះ​មាន​ទំហំ​ជាង១០០ហិកតា ស្ថិតនៅ​សង្កាត់​ទន្លេ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ទីក្រុង​រណប​នេះ កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មានការ​សាងសង់​អគារ​ពាណិជ្ជកម្មធំៗ ផ្សារ​ទំនើប លំនៅដ្ឋានប្រណីតៗ អគារ​ស្នាក់នៅ​រួម និង កន្លែង​កំសាន្តផ្សេងៗទៀត។ តាម​ការប៉ាន់ស្មាន នឹង​ប​ពា្ច​ប់​គម្រោង​សាងសង់​ក្នុង​ឆ្នាំ២០២៦ ។

លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីក្រុង​រណប​នេះ មាន​ទស្សនទាន​អភិវឌ្ឍន៍​ជាទី​ក្រុង​ឆ្លាត​វៃ ដោយ​ក្រុមហ៊ុន​បានរៀបចំ​នូ​វប្រ​ព័​ន្ឋ​បណ្តាញ​អគ្គិសនី បណ្តាញ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី នឹងមាន​ការបែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អូ​យ​ដាច់ពីគ្នា។

បច្ចុប្បន្ន​ស្ពាន​យោង​ដោយ​ខ្សែកាប​មួយ នឹង​សាងសង់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥ ទៅកាន់​ទីក្រុង​រណប ដែល​កំពុង​រីកចម្រើន​នេះ។

លោក​ទូច សំណាង​បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ​ទីក្រុង​ជ្រោយចង្វារ នឹងធ្វើ​ឡើងជា​តំបន់​ពាណិជ្ជកម្ម លំនៅដ្ឋាន ដែលមាន​ភាពស្រដៀងគ្នា​នឹង​តំបន់​ពាណិជ្ជកម្ម​លើ​មហាវិថី​ព្រះមុនីវង្ស។

 ទី៦ ទីក្រុង​រណប​តេ​ជោ​មរកត

វា​ជាទី​ក្រុង​ថ្មី​មួយ ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗជាច្រើន​ត​ភ្ជាប់ គឺ​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៦អា ដែល​បច្ចុប្បន្ន​គំរោង​នេះ​បាននិងកំពុង​មាន​សន្ទុះ​រីកចម្រើនបណ្តើរៗ តាមរយៈ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ ការសាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ការបញ្ចប់​នូវ​សួនសត្វ​សា​ហ្វា​រី វើ​ល​ដ៏ និង​សួន​ទឹក​ដ៏​ធំ ដែល​ជាប់​លំដាប់ថ្នាក់​ទី២ក្នុង​តំបន់​អាស៊ាន។

អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ក្រុមហ៊ុន LYP Group ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ ដែល​តម្លៃ​គម្រោង​ចុះបញ្ជី​ទុន​ដំបូង មាន​ទំហំ១៥០០លាន​ដុល្លារ​អាមេរិក​ផ្ទៃក្រឡា​សាងសង់​ជាង១០០០ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ទី៧ ទីក្រុង​រណប ING City

វា​ជាទី​ក្រុង​រណប​ដំបូង​គេ ដែល​បានប្រែក្លាយ​សក្តានុពល នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ទីក្រុង​រណប​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​មាន​បុរី​លំនៅដ្ឋាន​ជាច្រើន រួម​នឹង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ដូចជា AEON Mall3 ផ្សារ​ទំនើប​ជីប ម៉ុង ផ្សារ​ទំនើប Peng Huoth Diamond និង​គំរោង​លំនៅដ្ឋាន​សហកម្ម​សិ​ទ្ឋ​ជាច្រើន។

អ្នក​អភិវឌ្ឍន៍​គំរោង​នេះ គឺ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ING HOLDINGS។ តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ ២ពាន់​លាន​ដុល្លារ​អាមេរិក​ផ្ទៃក្រឡា​សាងសង់២៥៧២ហិកតា ស្ថិតនៅក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ។

គំរោង​ទីក្រុង​រណប​ធំជាងគេ​នេះ អភិវឌ្ឍន៍​ឡើងលើ​តំបន់ ដែល​ស្ថិតក្នុង​បឹង​ធម្មជាតិ​ចំនួន​ពីរ គឺ​បឹងទំពុន និង​បឹង​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​បាន​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក្រវាត់​ទីក្រុង​រណប​នេះ ដូចជា ផ្លូវ៦០ម៉ែត្រ​ឬ​មហា​វិធី​សម្តេច​តេ​ជោ​ហ៊ុន សែន មហាវិថី​សម្តេច​ហ៊ុន នាង និង​មហាវិថីធំៗជាច្រើន​ទៀត។

អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា ពួកគេ​មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​នឹង​ក្លាយ​ជាម​ជ្ឈ​ម​ណ្ធ​ល​ពាណិជ្ជកម្ម​ធំជាងគេ និង​រស​រវើក​ជាងគេ​នាពេល​អនាគត​ដោយសារ​វា​ជា​តំបន់​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា។


ទី៨ ទីក្រុង​រណប​កោះនរា

ទីក្រុង​រណប​នេះ ក៏​បាននិងកំពុង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន OCIC ផងដែរ ដែល​បច្ចុប្បន្ន​ទីក្រុង​នេះ មិនទាន់​លេចចេញ​ជា​រូបរាង​ច្បាស់​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ តាមរយៈ​ការចាក់​ថ្ម ចាក់​ខ្សាច់​បំពេញ ដែល​គ្រាន់តែ​ការចំណាយ​ប្រា​ក់លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងនេះ ចំណាយ​ប្រាក់​អស់​ប្រមាណ២០០០លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​ស្ពាន​ដ៏​ស្រស់ស្អាត​មួយ ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ខណៈ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​ទាំងមូល​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

បើតាម​លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​រណប ដែលមាន​ផ្ទៃដី១២៥ហិកតា​នេះ មាន​ទស្សនទាន​អភិវឌ្ឍន៍​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ។

លោក​បន្តថា “បច្ចុប្បន្ន​ម្ចាស់​ដី​មួយចំនួន ដែល​ស្ថិតនៅ​ក្បាលកោះ​ទល់មុខ​នឹង​ទីក្រុង​កោះ​ពេជ្រ អាច​សាងសង់​គម្រោង​របស់​ពួកគេ​បានបណ្តើរៗហើយ ដោយសារ​ការចាក់ដី​បំពេញបាន​បញ្ចប់” ។ លោក​បន្តថា “នៅ​ខែមិថុនា​ខាងមុខនេះ ក្រុមហ៊ុន​នឹង​ប្រកាស​គំរោង​ធំ​មួយ ដែល​នឹង​សាងសង់​លើ​ទីក្រុង​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​មិនទាន់​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​នេះ​នៅឡើយ​ទេ” ៕

តើ​វិនិយោគ​លើ​ដីធ្លី​យ៉ាងដូចម្តេច​ដើម្បី​ងាយ​លក់​ចេញ និង​ផ្តល់​ផលចំណេញ?

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគ​ដីធ្លី បើ​យើង​គ្មាន​មូលដ្ឋាន​ចំណេះដឹង​ច្បាស់លាស់​ទេ នឹង​ប្រឈម​នឹង​ការជាប់គាំង ហើយ​មិនអាច​មិន​ទទួលបាន​ផលចំណេញ​ផងដែរ ពិសេស​អាចមាន​រឿងក្តី​ក្តាំ បើសិនជា​មិនបាន​សិក្សា​ច្បាស់លាស់។

ទីប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា លោក​យិន លាង​គង់ ដែលជា​អ្នកវិនិយោគ​អចលនទ្រព្យ​មួយរូប​ផងដែរ និង​តែងតែ​តាមដាន​ការវិវត្ត​ក្នុង​វិស័យនេះ​បាន​ចែករំលែក​នូវ​គន្លឹះសំខាន់ៗចំនូ​ន៥ ដើម្បី​អ្នកអាន​អាច​យកទៅ​ពិចារណា និង​ប្រើប្រាស់​តា​មកា​រេះ​ជាក់ស្តែង។

ដី​មាន​រូបរាង​ច្បាស់លាស់

ការទិញ​ដី​ដែលមាន​រូបរាង​ច្បាស់លាស់ ពិសេស​ដី​ដែលមាន​ក្បាល​ជាប់​ផ្លួ​វ​មាន​ទំហំ​ធំ គឺជា​ប្រភេទ​ដី​ដែល​អ្នកវិនិយោគ​បន្ត ទោះបីជា​អ្នកវិនិយោគ​បន្ត​ជា​យកទៅ​ធ្វើ​អ្វី​ក៏ដោយ ក៏​ពួកគេ​ពេញចិត្ត​ដែរ។

ដី​ដែលមាន​រូបរាង​ជា​ចតុកោណ​កែវ ឬ​ការ៉េ​ត្រឹមត្រូវ​ត្រង់ មិន​វៀចវេ ដែលជា​រាង​មិន​ច្បាស់លាស់ ពិតជា​ពិបាក​រក​ម្ចាស់​ថ្មី​ណាស់ បើសិនជា​អ្នកទិញ​ដី​ប្រភេទ​នេះ ហេតុនេះ​អ្នកវិនិយោគ​ត្រូវតែ​សិក្សា និង​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ។

ដី​ជាប់​ផ្លូវធំ

ដី​ដែលមាន​ផ្លួ​វ​ទាល់ តែងតែ​ពិបាក​លក់ និង​មិន​ងាយ​បាន​ផលចំណេញ​នោះទេ ប៉ុន្តែ​ដី​នៅជាប់​ផ្លូវធំ ទោះជា​ដី​នោះ​នៅ​ជាយក្រុង ឬ​តំបន់​ជនបទ​ក្តី ក៏​វា​ជា​អចលនទ្រព្យ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​លឿន​បំផុត​ពី​អ្នកវិនិយោគ ព្រោះ​ដី​ជាប់​ផ្លូវធំ​ងាយ​មាន​សកម្មភាព​សេដ្ឋកិច្ច ការអភិវឌ្ឍ​ជាដើម។

ហេតុនេះ​ដី​ដែល​ស្ថិតនៅ​លើផ្លូវ​មេ ជាប់​ផ្លូវ​បន្ទាប់ពី​ផ្លូវ​មេ និង​មិនមែនជា​ផ្លូវ​ទាល់ គួរតែ​ជា​ដី​ដែល​គួរ​វិនិយោគ ព្រោះ​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល​ក្តី វិស័យ​ឯកជន​ក្តី​តែងតែ​ផ្តោត​លើដី​ដែល​ជាប់​ផ្លូវធំ ដោយសារ​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន ងាយស្រួល​ចេញចូល​យានយន្ត។

ដី​មាន​មនុស្ស​រស់នៅ​ច្រើន

តាម​ធម្មតា ទោះជា​ដី​នោះ​ល្អ​បែបណា​ក្តី តែបើ​នៅ​ជនបទ​រហោស្ថាន មិន​ងាយ​ទទួលបាន​ការអភិវឌ្ឍ និង​ដី​ឡើងថ្លៃ​ឡើយ ប៉ុន្តែ​នៅទីណា​ដែលមាន​មនុស្ស​រស់នៅ​ច្រើន តែងតែ​ងាយ​ឡើងថ្លៃ និង​មាន​តម្រូវការ​ច្រើន ទោះជា​ដី​តំបន់​នោះ​មានតម្លៃ​ហាក់​ខ្ពស់​បន្តិច​ក៏ដោយ។

តាម​ធម្មតា មនុស្ស​រស់នៅ​ទីណា​ច្រើន តែងតែ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នៅ​មូល ដ្ឋា​ន នៅពេល​មូលដ្ឋាន​ណាមួយ​មាន​សេដ្ឋកិច្ច​រស​រវើក តំបន់​នោះ​តែងតែមាន​មនុស្ស​រស់នៅ​ច្រើន ពិសេស​ត​ម្រួ​វ​ការ​ដីធ្លី​ក៏​កើនឡើង​ផងដែរ។

ដី​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍

តាម​ធម្មតា​នៅ​តំបន់​ណា ដែល​ស្ថិតនៅក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល តម្រូវការ​ដីធ្លី​តែងតែ​កើនឡើង ហើយ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ខ្ពស់​ផងដែរ បើសិនជា​តំបន់​នោះ​ស្ថិតក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន និង​រដ្ឋាភិបាល។

ជាក់ស្តែង​ដូចជា ខេត្តមណ្ឌលគិរី នៅពេល​រដ្ឋាភិបាល​ប្រកាស ផែនការ​អភិវឌ្ឍ​ដូចជា​សាងសង់​ព្រលានយន្តហោះ​ថ្មី កសាង​តំបន់​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​តម្លៃ​ដី​តំបន់​នោះ​កើនឡើង ស្របពេល​ចរន្ត​ទិញ​លក់​កើនឡើង​យ៉ាងគំហុក។

ជាមួយគ្នានេះ ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត មានការ​រីកចម្រើន​លឿន ដោយសារតែ​ក្រុង​ទាំងបី​នេះ ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​ជា​អាទិភាព ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ។

សិក្សា​លើ​ទិដ្ឋភាព​ច្បាប់

មូលដ្ឋាន​ច្បាប់ បទដ្ឋាន​គតិ​យុ​ទ្ឋ​នានា​ជា​រឿង​ចាំបាច់ ដែល​អ្នកវិនិយោគ​ដីធ្លី​ត្រូវ​សិក្សា ដើម្បី​កុំ​ឲ្យ​ទិញ​ដី​បាន​បញ្ហា ពិសេស​តំបន់​ដែលមាន​ការអភិវឌ្ឍ​លឿន មាន​ចរន្ត​ដោះដូរ​ដីធ្លី​ច្រើន។

ជាក់ស្តែង​ដូចជា​ខេត្តមណ្ឌលគិរី ដី​តំបន់​ខ្លះ​មាន​ការចេញ​ប្លង់​កម្ម​សិ​ទ្ឋ​ត្រួតគ្នា​លើសពី​មួយ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ដីធ្លី​អាច​ជួប​រឿង​ក្តីក្តាំ អស់​លុយ ខាត​ពេលវេលា និង​អាច​បាត់បង់​ទាំងពីរ​តែម្តង គឺ​ខាត​ទាំង​លុយ និង​ពេលវេលា៕

CEO ក្រុមហ៊ុន Basac Realty បង្ហាញ​វិធីសាស្ត្រ​ដើម្បី​ក្លាយជា​ភ្នាក់ងារអចលនវត្ថុ​ឲ្យ​បាន​ផល

ដោយៈ សហការី

ភ្នំពេញៈ វិធីសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ខ្លួន ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់ ដែលមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ខ្ពស់​មិនមែនជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​ការ​មានចំណេះដឹង ជំនាញ​ច្បាស់លាស់​ពិតជា​គន្លឹះ​សំខាន់។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Basac Realthy Co,. Ltd លោក នី ទី​ណាត ដែល​ទ​ទូល​បាន​ជោគជ័យ​លើ​វិស័យនេះ បាន​លើកយក​ពី​ចំណុចសំខាន់ៗមួយចំនួន ដែល​លោក​ធ្លាប់​អនុវត្ត និង​ទទួលបាន​លទ្ធផល​ល្អ​មក​បង្ហាញ​ដូចខាងក្រោម​នេះ។

លោក​បាន​មានប្រសាសន៍ថា វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​គឺមាន​ច្រើន ប៉ុន្តែ​អ្វីដែល​សំខាន់ និង​ចាំបាច់​បន្ថែម​ពីលើ​ចំណង់​ចំណូលចិត្ត ការព្យាយាម ការចេះ​រៀបចំខ្លួន និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ ទៅនឹង​វិស័យ​អចលនទ្រព្យ នៅមាន​ចំណុច​មួយចំនួនទៀត ដែល​លោក​ធ្លាប់បាន​អនុវត្តន៍។

លោក​នី ទី​ណាត​បញ្ជាក់ថា “ក្រៅពី​អ្វីដែល​ខ្ញុំ​រៀបរាប់​ខាងលើនេះ ភ្នាក់ងារ​ដែលមាន​ឱកាស​ជោគជ័យ គឺ​ត្រូវ​ចេះ​ជ្រើសរើស​អតិថិជន​ពិតប្រាកដ ដឹង​ពី​តម្រូវការ​ពិតប្រាកដរ​បស់​អតិថិជន យល់ដឹង​ពី​នីតិវិធី​ច្បាប់ និង​មាន​អចលនទ្រព្យ​ច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​ដល់​អ​តិ​ថិ​ជន” ។ លោក​បន្តថា “ជា​បទពិសោធន៍​របស់​ខ្ញុំ ស្ទើរតែ​គ្រប់​អតិថិជន​ដែល​មកជួប​យើង ភាគច្រើន​ពួកគាត់​ក៏​ធ្លាប់ ជួប​ជាមួយ​បណ្តា​ភ្នាក់ងារ នៃ​ក្រុមហ៊ុន​ដទៃទៀត ដែល​ប្រឡូក​នៅក្នុង​ទីផ្សារ​រួមជាមួយ​គ្នា” ។

ដូច្នេះ​នៅពេល​យើង​ដឹងថា ពួកគាត់​ធ្លាប់​ជួប​ជាមួយ​ភ្នាក់ងារមុនៗ យើង​គួរ​ស្វែង​យក​ពី​គោលបំណង​របស់​ភ្ញៀវ ហើយ​ជ្រើសរើស​ប្រភេទ​អចលនទ្រព្យ ដែល​ស្ថិតក្នុង​គោលបំណង​របស់​ពួកគាត់ ដោយ​អាចមាន​ចាប់ពី២-៣ប្រភេទ​ឡើងទៅ ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា។

លោក​ទី​ណាត​បាន​បន្តថា កុំ​ព្យាយាម​និយាយ​បង្អាប់​ភ្នាក់ងារមុនៗ ដែល​ពួកគាត់​បាន​ជួប ប៉ុន្តែ​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ជំនាញ ចំណេះដឹង និង​ភាពស្មោះត្រង់​ទៅកាន់​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​ស្គាល់​ពី​តម្លៃ និង​ផ្តល់​ទំនុក​កាន់តែខ្លាំង​មកលើ​យើង។ អ្វីដែល​សំខាន់ គឺ​ការចេះ​គ្រប់គ្រង​ពេលវេលា​ជាក់លាក់ ក្នុងការ​ណាត់ជួប​ជាមួយ​ភ្ញៀវ។ មុនពេល​កំណត់​ពេលណា​ត់​ជួប ឬ​សន្យា​ចេញ​ជួប​ភ្ញៀវ ចាំបាច់​បំផុត​ប្រាកដថា បាន​ត្រៀមខ្លួន​រួចរាល់ ដោយ​ក្នុងនោះ ត្រូវ​រាប់បញ្ចូល​ទាំង​ការរៀបចំ​ឯកសារ​ដែល​ពាក់ព័ន្ធ ការស្វែងយល់​បន្ថែម​ពី​ចរន្ត​អចលនទ្រព្យ ដែល​ស្ថិតនៅ​ជុំវិញ​ទីតាំង​គោលដៅ​របស់​ភ្ញៀវ ជៀសវាង​ការទទួលបាន​ដំណឹង​យឺត​ជាង​ភ្ញៀវ ឬ​ជា​ដំណឹង​លឿន​រហ័ស ប៉ុន្តែ​មិន​ច្បាស់​ការណ៍។

លោក​បន្តទៀតថា “ការរក្សាបាន​នូវ​ទំនាក់ទំនង​ល្អជា​មួយ​ភ្ញៀវ ក៏ដូចជា​ដៃគូ​សហការ ដែល​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា ក៏​ជា​ចំណុច​សំខាន់​ដែល​ភ្នាក់ងារ​ត្រូវតែ​ប្រកាន់ខ្ជាប់ រួម​ជាមួយនឹង​ការព្យាយាម​សិក្សា ស្វែងយល់​បន្ថែមទៀត​ពី​មនុស្ស ដែលមាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ” ៕

វិធានការណ៍​ក្តៅៈ​រដ្ឋបាល​រាជធានី​បិទ​ផ្សារ​ទាំងអស់​នៅ​ភ្នំពេញ​ហើយ ខណៈ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩កាន់តែ​ធ្ងន់ធ្ងរ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទូទាំង​រា​ធានី​ភ្នំពេញ រយៈពេល១៤ថ្ងៃ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដោយ​ផ្តោត​សំខាន់ ចំពោះ​អាជីវករ​តាម​បណ្តា​ផ្សារ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​ជា​បន្តបន្ទាប់ ក្នុង​អត្រា​ប្រឈម​ខ្ពស់ គួរឱ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ​ដើម្បី​ទប់ស្កាត់​ជាបន្ទាន់។

ដើម្បី​ថែរក្សា​អាយុជីវិត និង​ការពារ​សុខភាព​របស់​បងប្អូន​អាជីវករ ក្រុមគ្រួសារ-សាច់ញាតិ​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ​ទាំងមូល ឱ្យ​រួច​ចាក​ផុតពី​គ្រោះថ្នាក់​ដោយ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ក៏ដូចជា ដើម្បី​ឈានទៅ​កាត់ផ្តាច់​ប្រភព​ចម្លង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង “ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ” រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម។

សូម​តាមដាន​ព័ត៌មាន​ផ្លូវការ ពី​គ្រប់​បណ្តាញ​របស់ Freshnews ពាក់ព័ន្ធ​ដំណឹងភ្លាមៗពី​ស្ថានភាព Lockdown រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល៕

គម្រោងអភិវឌ្ឍន៍ធំៗទាំង៤នេះកំពុងរុញកម្ពុជាទៅកាន់កម្រិតថ្មីមួយនាពេលអនាគត

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងហេដ្ឋរចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗចំនួន៤ នឹងជួយលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាបន្ថែមទៀត ពិសេសវិស័យអចលនទ្រព្យក៏អាចទាញប្រ​យោ​​​ជន៍ពីម្រោងទាំងនេះផងដែរ។

គម្រោងទាំង៤ ដែលបាននិងកំពុងដំណើរសាសង់រួមមានៈ

ទី១) ក្រុមហ៊ុន OCIC បានឱ្យដឹងថា ការសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានរំពឹងថា នឹងសម្រេចបាន៥០ភាគរយ គិតត្រឹមចុងឆ្នាំ២០២១។ អាកាសយានដ្ឋាននេះ នឹងលាតសន្ធឹងលើផ្ទៃដី២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល នៅខាងត្បូងរាជធានីភ្នំពេញ ហើយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ ទាំងស្រុងនៅឆ្នាំ២០២៣។

គំរោងនេះជាការអភិវឌ្ឈរបស់រដ្ឋាភិបាល ដើម្បីពង្រីកមហិច្ឆតាតភ្ជាប់ផ្លូវអាកាសរបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីលើកកំពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងរុញសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត ពិសេសដើម្បីរុញកម្ពុជាចេញពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទី២) តំបន់បាក់ខែង បានក្លាយជាទីតាំងសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

ពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ការដំឡើងកៅអីចំនួន១២.០០០ ក្នុងចំណោ​មកៅអីចំនួន៤០.០០០ ហើយដំណើរការសាងសង់ នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។

វានឹងជាព្រឹត្តិការណ៍ប្រត្តិសាស្រ្តលើកដំបួង សម្រាប់កម្ពុជាដែលអាចរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលរំពឹងនឹងមានកីឡាករ កីឡាការិនីរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកទស្សនាព្រឹត្តិការណ៍នេះ។

ទី៣) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅតែបន្តដំណើរការសាងសង់ ទោះបីស្ថិតក្នុងវិបត្តិជំងឺរាតត្បាតកូវិដ១៩ ក៏ដោយ។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ការក្រាលកៅស៊ូលើផ្នែកគំរូនៃផ្លូវត្រូវបានបញ្ចប់ ខណៈគម្រោងសាងសង់សម្រេចបាន៤០%ហើយ​។ គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៣។

វាជាផ្លូវនៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត១ ផ្លូវ១របស់ប្រទេសចិន ដែលមានគោលដៅពង្រីកឥទ្ឋិពលសេដ្ឋកិច្ចនៅលើពិភពលោក ពិសេសជាគំរោងជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមទៅកាន់កម្រិតរីកចម្រើនថ្មីមួយ។

ទី៤) គម្រោងកាស៊ីណូ និងសណ្ឋាគារណាហ្គា៣ ត្រូវបានរាយការណ៍ថា បានបើកការដ្ឋាន ហើយបានចាប់ផ្តើមដំណើរការការងារសាសង់។ គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤ និងរួមមានកន្លែងកម្សាន្តចម្រុះ ខុនដូបែបសណ្ឋាគារ ឧទ្យានបែបឌីជីថល និងកន្លែងកម្សាន្តផ្សេងៗទៀត។

វាជាអាគារខ្ពស់ជាងគេ និងមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅតំបន់អាស៊ាន ដោយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍គម្រោងនេះ បានដំឡើងកំពស់អាគារមេNaga World3 ពី៦៩ជាន់ ឡើងដល់កំពស់៧៥ជាន់។

ក្រុមហ៊ុនNaga Cord ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះបានប្រកាសថា វានឹងក្លាយជាគំរោងខ្ពស់ជាងគេនៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសាងសង់។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ជាធម្មតា នៅពេលមានគម្រោ​ងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗ នឹងលើកកម្ពស់មុខមាត់ប្រទេស ពិសេសជួយបង្កើនតម្លៃអចលនទ្រព្យ នៅជុំវិញតំបន់អភិវឌ្ឍន៍ និងគម្រោ​ងហេ   ដ្ឋារចនាសម្ព័ន្ធនោះ៕

កិច្ចសម្ភាសន៍ៈតើអ្វីជាភាពលេចធ្លោ និងយូនិករបស់បុរីប៉េង ហួត?

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ នៅទីក្រុងភ្នំពេញ អ្នកណាក៏ធ្លាប់ស្គាល់និងលឺឈ្មោះបុរីប៉េង ហូតដែរ ប៉ុន្តែពួកគមិនបានដឹងពីភាពលេចធ្លោ យុទ្ឋសាស្រ្តនៃការអភិវឌ្ឍ និងភាពយូនិករបស់គំរោងនេះនោះទេ។

តើអ្នកអភិវឌ្ឍន៍បុរីនេះ មានទស្សនវិស័យ និងផែនការយុទ្ឋសាស្រ្តអភិវឌ្ឈន៍បែបណា យើងនឹងបង្ហាញជូននូវកិច្ចសម្ភាសន៍ពិសេសជាមួយ ដែលបានធ្វើឡើងរវាងលោកយិន លាងគង់ជាស្ថាបនិក និងអគ្គនាយកគេហទំព័រព៌តមានអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia ជាមួយលោកឧកញ៉ាថៃ ម៉េងលីអគ្គនាយកបុរីប៉េង ហួត ដើម្បីស្វែងពីទស្សនៈវិស័យនៃការអភិវឌ្ឍបុរីដ៏ល្បីល្បាញនេះ។

តើលោកឧកញ៉ាបានចាប់ផ្តើមវិនិយោគបុរីនេះយ៉ាងដូចម្តេច?

ខ្ញុំបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះ​នៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេសច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។

បន្ទាប់ពីសាងសង់ទីតាំងបុរីទី១ នៅផ្លូវលេខ៥៩៨ យើងបានចាប់ផ្តើមវិនិយោគបុរីបន្តមកកាន់ផ្លូវជាតិលេខ១ ដែលមានទំហំដីកើនឡើងដល់ជាង២០គីឡូ​ម៉ែត្រ និងបន្តវិនិយោគនៅគំរោង​ជាច្រើនទៀត។

ការឌីសាញបុរីនេះ បានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ។

តើរហតមកទល់ពេលនេះផ្ទះដែលបានសង់ចប់ និងលក់ចេញបានប៉ុន្មានហើ​យតាំងពីចាប់ផ្តើម?

គិតរហូតមកទល់ពេលនេះ មានផ្ទះជាង១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នគំរោងនេះបានរីកធំរហូតដល់ជាង៣០០ហិកតា។

អ្វីដែលប្រជាជនក្នុងស្រុក​ និងភ្ញៀវអន្តរជាតិចាប់អារម្មណ៍ គឺម៉ូតផ្ទះនិងហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងបុរីនេះ តើលោកឧកញ៉ាយកទស្សន នៃការរៀបចំបែបផែន​នគរូបនីយកម្មមកពីណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហូតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេ​សជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិ​ថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើង​ក៏អាច​សាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។

អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នក​មានជីវភាពលំដាប់ខ្ពស់។

អ្វីជាកត្តាកំណត់ស្នូលដែលធ្វើឲ្យបុរីប៉េង ហួតទទួលជោគជ័យរហូតមកទល់ពេលនេះ ក្រៅពីម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ?

អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។

ជាក់ស្តែង​យើ​ងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ សាងសង់យូរ៉ូ ផាក មជ្ឈមណ្ឌលសន្និបាត ព្រោះ​យើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំ​នើប សាលារៀនអន្តរជាតិជាដើម។

ងាកមកមើលស្ថានភាពទីផ្សារបុរី តើលោកឧកញ៉ាមើលឃើញដូចម្តេច?

ខ្ញុំគិតថា សម្រាប់បុរីប៉េង ហួតមិនមានបញ្ហាអ្វីនោះទេ វានឹងបន្តរីកចម្រើន​បន្តទៀត ព្រោះប្រទេសយើងកំពុងរីកចម្រើន ហេតុនេះយើងនឹងបន្តវិនិយោគបន្ថែមទៀត។ គិតរហូតមកទល់ពេលនេះ យើងបានចំណាយទុនច្រើនមកហើយ។

យើងមានទិសដៅ និងពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលអនាគត។

ក្រៅពីការវិនិយោគដោយជោគជ័យ តើក្រុមហ៊ុនបុរីប៉េង ហួតបានរួមចំណែកជួយដល់ការងារសង្គមយ៉ាងដូចម្តេច?

ក្រុមហ៊ុនបុរីរបស់យើង ក្រៅពីការរកស៊ីទទួលបានប្រាក់ចំណេញហើយ យើងក៏បាន​ផ្តល់ជំនួយមនុស្សធ៌ម ជួយដល់មន្ទីរពេទ្យគន្ឋបុប្ឆា កាកបាតក្រហម ជួយរដ្ឋាភិបាល​លើការប្រយុទ្ឋនឹងជំងឺកូវីដ១៩ និងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជា​សា​លារៀន កសាង​វត្តអារ៉ាម និងផ្លូវមួយចំនួនទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយ​រដ្ឋាភិបាលកម្ពុជា។

មានការលើកឡើងថា ឈ្មោះប៉េង ហួតជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគបុរីនេះ តើពិតទេលោកឧកញ៉ា?

បាទពិតហើយ ពាក្យប៉េងហួត គឺចេញពីឈ្មោះរបស់បងប្រុសខ្ញុំពីររូប ដែលជាស្ថាបនិកបុរីនេះ បងខ្ញុំម្នាក់ឈ្មោះប៉េង និងម្នាក់ទៀតឈ្មោះហួត។

លើសពីអ្វីជាផ្ទះនៅក្នុងបុរី បច្ចុប្បន្នក្រុមហ៊ុនបុរីប៉េង ហួតបានចាប់ផ្តើមវិនិ​យោគលើខុនដូសម្រាប់លក់ ដោយសារទីផ្សារខុនដូល្អប្រសើរឬយ៉ាងណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការ​របស់អតិថិជនជាតិ និងអន្តរជាតិ៕

ខេត្តចំនួន៣នៅជុំវិញរាជធានីភ្នំពេញកំពុងមានមានភាពទាក់ទាញលើទីផ្សារដីធ្លី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខេត្តចំនួន៣ផ្សេងគ្នាជុំវិញរាជធានីភ្នំពេញ កំពុងទាក់ទាញការវិនិយោគលើដីធ្លី សម្រាប់ធ្វើការអភិវឌ្ឍ និងលក់បន្តយកចំណេញនៅឆ្នាំបន្ទាប់ ប៉ុន្តែសកម្មភាពទាំងនោះហាក់ស្ងប់ស្ងាត់ ដោយសារវិបត្តិកូវីដ១៩។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បណ្តាខេត្តដែលមានប្រជាប្រិយភាពបន្ទាប់ពីរាជធានីភ្នំពេញ រួមមានចំនួន៣ ដែលស្ថិតនៅក្បែរតំប​ន់អភិវឌ្ឍន៍ធំៗ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ”។

លោកបានបន្តថា “ដីដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទិញទុកនៅពេលបច្ចុ​ ប្បន្ននេះ ភាគច្រើនគឺសុទ្ធតែស្ថិតនៅតំបន់ ដែលកំពុងមានការអភិវឌ្ឍ និងក្នុងតំបន់ដែលគ្រោងអភិវឌ្ឍក្នុងពេលឆាប់ខាងមុខនេះ”។

តំបន់ដែលមានភាពពេញនិយមពីអ្នកវិនិយោគ មានដូចជាតំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រៅពីនេះនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ រួមជាមួយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលអាចស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

អតីតនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្នុងអំឡុងពេលនេះ ភាគច្រើនអ្នកវិនិយោគ មិនចង់បញ្ចេញកញ្ចប់ថវិកាច្រើននោះទេ បើបញ្ចេញក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចក្រោមទំហំ១លានដុល្លារចុះក្រោយតែប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា “ពេលនេះអ្នកមានលុយ គេសម្លឹងមើលពីឱកាសទិញទុកវិនិយោគ នៅពេលណាមានដី ឬអចលនវត្ថុណាដែលមានតម្លៃក្រោមទីផ្សារ គឺគេទិញទុកភ្លាម ប៉ុន្តែទាំងអស់នេះ ក៏មានតែចំពោះអ្នកមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ បើចំពោះអ្នកមិនមានទុនគ្រប់គ្រាន់ ឬពឹងពាក់ទៅលើកម្ចីពីធនាគារ ក៏មិនមែនជាជម្រើសល្អនោះដែរ”៕

ប្រទេសថៃចំណាយប្រាក់២៣០០លានដុល្លារសាងសង់ផ្លូវដែកល្បឿនលឿនជាប់ព្រំដែនកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ប្រទេសថៃគ្រោងចំណាយប្រាក់២៣០០លានដុល្លារ ដើម្បីសាងសង់គម្រោងសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួន ដែលជាប់នឹងខេត្តចំនួន៤ របស់កម្ពុជាគ្រោងនឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ​។

គម្រោងនេះត្រូវបានរំពឹងថា នឹងចំណាយទឹកប្រាក់៣,២ ពាន់លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រAsia News Network។

ការពង្រីកខ្សែរថភ្លើង ដែលមានប្រវែង១៩០គីឡូម៉ែត្រ ពីរ៉ាក់យ៉ង-ចន្ថាបូរី-ត្រាត នេះ នឹងដំណើរការនៅជិតនឹងព្រំដែនប្រទេសកម្ពុជា។ ខេត្តចន្ថាបុរីមានព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងប៉ៃលិនរបស់ប្រទេសកម្ពុជា រីឯខេត្តត្រាតមានព្រំប្រទល់ប៉ៃលិន បាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

នាយដ្ឋានផ្លូវដែករដ្ឋរបស់ថៃ (SRT)) បានជួលអ្នកពិគ្រោះយោបល់ ដើម្បីធ្វើការសិក្សាលទ្ធភាព លើផែនការសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនដែលភ្ជាប់ព្រលានយន្តហោះអន្តរជាតិចំនួន៣នៅថៃ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគម្រោងពិសេស SRT លោក Sucheep Sooksawang។

លោកបន្តថា “គម្រោងដំណាក់កាលទី២នេះ គ្របដណ្តប់លើការពង្រីកផ្លូវដែក ១៩០គីឡូម៉ែត្ររ៉ៃយ៉ង់-ចន្ថាបូរី -ត្រាត”។

ការសាងសង់នេះក៏ធ្វើឡើងតាមជម្រើសផងដែរ ដោយគំរោងនេះមានការបែងចែកដូចជាជម្រើសទី១នៃការចេញថ្លៃ ក្រុមហ៊ុនឯកជននឹងវិនិយោគលើការសាងសង់ ប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT នឹងដោះស្រាយបញ្ហាដីធ្លី។

ជម្រើសទី២ ក្រុមហ៊ុនឯកជនមួយ នឹងវិនិយោគលើប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT ដោះស្រាយដីធ្លី និងទទួលខុសត្រូវលើការសាងសង់។

ជំរើសទី៣ ក្រុមហ៊ុនឯកជននឹងទទួលខុស ត្រូវលើប្រតិបត្តិការនិងថែទាំដោយអេស។ ធី។ ឌីថែរក្សានៅសល់៕