ដោយៈ គៀតឈូ
ប៉េកាំង: ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈខ្លួនកំពុងបង្កើនឥទ្ធិពលនៅក្នុងតំបន់នេះ ស្របពេលសហរដ្ឋអាមេរិកកំពុងជំរុញការពង្រឹងទំនាក់ទំនងជាមួយតំបន់នេះផងដែរ។
លោកវ៉ាង យីរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងប្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ប្រទេសថា ចិនបានប្រគល់វ៉ាក់សាំងចំនួន១០០លានដូសរួចហើយដល់បណ្តាប្រទេសអាស៊ាន រួមជាមួយជំនួយបច្ចេកទេស និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។
លោកវ៉ាង យីងបានប្រដូចបញ្ហាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចមុនការផ្ទុះឡើងនៃជំងឺ SARS ឆ្នាំ២០០៣ និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ឆ្នាំ២០០៤ ដោយនិយាយថា យើងទាំងអស់គ្នាត្រូវប្រឈមនឹង“ ស្ថានភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដូចជាបងប្អូន។
លោកបានប្រាប់ក្រុមរដ្ឋមន្រ្តី ដែលបានជួបប្រជុំគ្នានៅក្រុងឆុងឈីង នៃប្រទេសចិន ក្នុងកិច្ចប្រជុំ ដែលប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងផ្លូវការរវាងចិននិងអាស៊ានថា “នៅក្នុងដំណើរការនៃការរួមគ្នាជំនះនូវបញ្ហា យើងបានធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម”។
ទីក្រុងប៉េកាំង បាននិងកំពុងកសាងឥទ្ធិពលជាមួយអាស៊ាន ទោះបីមានការទាស់ទែងគ្នាជាមួយសមាជិកខ្លះជុំវិញជម្លោះទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ក៏ដោយការស្ថាបនាកោះរបស់ចិន និងប្រតិបត្តិការយោធារបស់ខ្លួននៅដែនសមុទ្រនេះបានធ្វើឱ្យមានការត្អូញត្អែរថា ក្រុងប៉េកាំងកំពុងរៀបចំយោធាតាមផ្លូវទឹក។
លោកវ៉ាង យីបាននិយាយកាលពីថ្ងៃអង្គារថា ភាគីទាំងអស់គួរតែស្វែងរកការបង្កើតក្រុមជំនាញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើដំណើរការវ៉ាក់សាំង ចាប់ពីការស្រាវជ្រាវរហូតដល់ប្រើប្រាស់ និងសាងសង់មជ្ឈមណ្ឌលផលិតកម្ម និងចែកចាយដើម្បីជួយធ្វើឱ្យវ៉ាក់សាំងមានតម្លៃសមរម្យ និងអាចរកបានទូលំទូលាយនៅក្នុងតំបន់។
លោកបាននិយាយថា “ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈចិន-អាស៊ាន បន្តគាំទ្រផ្នែកសម្ភារៈវេជ្ជសាស្ត្របន្ទាន់ និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់”។
លោកវ៉ាងបានមានប្រសាសន៍ថា “ចិននឹងធ្វើការជាមួយអាស៊ាន ដើម្បីយកឈ្នះការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់បំផុត”៕