ប្រជាពលរដ្ឋ និងអ្នកធុរកិច្ចនៅក្រុងប៉ោយប៉ែតសំណូមពរអ្នកឧកញ៉ាកុក អានរកវិធីសាស្រ្តផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

0

ដោយៈ គង់ សូរិយា

      ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់ធុរកិច្ចនានានៅក្រុងប៉ោយប៉ែត បានលើកជាសំណូមពរដល់អ្នកឧក​ញ៉ាកុក អានប្រធានក្រុមហ៊ុនអានកូ គ្រុប គិតគូរដល់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងនេះ ប្រើប្រាស់បានសមរម្យ។

បញ្ហាទឹកស្អាត និងបណ្តាញអគ្គិសនី បាននិងកំពុងក្លាយជាបញ្ហាធំមួយ របស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ដែលបច្ចុ​ប្បន្ននេះ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត កំពុងខ្វះទឹកស្អាតប្រើប្រា​ស់ និងទទួលការផ្គត់ផ្គង់ទឹក ដែលមិនឆ្លងកាត់ប្រព័ន្ឋប្រព្រឹ​ត្តកម្មឡើ់យ។

តាមរយៈការចុអអង្កេតផ្ទាល់កាលពីពេលថ្មីៗនេះ របស់អ្នកសារព័ត៌មានមួយក្រុ​មបានរកឃើញថា នៅស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់រស់នៅទីក្រុងនេះ មិនមានដាក់ប្រព័ន្ខចម្រោះឡើយ ពិសេសកង្វះទឹក បាននិងកំពុងក្លាយជាបញ្ហាធំមួយ ដោយសារកង្វះភ្លៀង និងខ្វះប្រភពទឹក សម្រាប់ចែកចាយដល់ប្រជាពល​រដ្ឋរស់នៅទីក្រុងនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទឹកស្អាត អានកូ ក្រុងប៉ោយប៉ែត បានជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ដោយសារតែឆ្នាំនេះ មានភាពរាំងស្ងួតអូសបន្លា​យ ជាហេតុធ្វើឲ្យមានការខ្វះទឹកឆៅ ដើម្បីផលិតទឹកស្អាត។

ហេតុដូចនេះក្រុមហ៊ុន នឹង​ផ្អាកការផ្តត់ផ្គង់ទឹកស្អាតនៅយប់ថ្ងៃទី១១ ខែ ​កញ្ញា​ ឆ្នាំ 2024 ចាប់ពីម៉ោង 09:00​ យប់ រហូតដល់ម៉ោង 05:00 ភ្លឺជាបណ្តោះ​អាសន្ន។

សេចក្តីជូនដំណឹងខាងលើបានបន្តថា អាស្រ័យហេតុដូចបានជូនដំណឹងខាងលើនេះ សូមអតិថិជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈទុកជាមុន។

ប្រភពពីមន្រ្តីសាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅទីក្រុងប៉ោយប៉ែត មិនមានប្រភពទឹកធំ សម្រាប់ផ្គត់ផ្គង់ទឹកដល់ទីក្រុងនេះទេ ប៉ុន្តែក្រុមហ៊ុនអានកូ អាចទាញប្រភពទឹកពីបឹងនៅជិតទីរួមខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ២២គីឡូម៉ែត្រប៉ុណ្ណោះ។ ការដាច់ទឹក ជាប្រភពបញ្ហាដ៏ធំរបស់ប្រជាពលរដ្ឋក្រុងនេះ ដែលពួកគាត់កំពុងជួបការលំបាកជាខ្លាំង ពិសេសប្រភពទឹកគ្មានអនាម័យ ដែលបាននិងកំពុងបង្កបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ។

មន្រ្តីដដែលបានបន្តថា ប្រជាណពលរដ្ឋជាច្រើនកើតរមាស់ រាករូស ដោយសារការផ្គត់ផ្គង់ទឹក គ្មានការទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)លោកយិន លាងគង់ ដែលបានចុះសិក្សាស្វែងយល់ពីសក្តានុពលក្រុងប៉ោយប៉ែត កាលពីចុងខែសីហា កន្លងមកនេះបានមានប្រសាសន៍ឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទីក្រុងប៉ោយប៉ែត ក៏ដូចជា ទីក្រុងធំៗដទៃទៀតនៅកម្ពុជា មានការរីកចម្រើ​នយ៉ាងឆាប់រហ័ស ដោយសារការដាក់ចេញគោលនយោបាយត្រឹមត្រូវ មានភាពបត់បែន ដែលទាក់ទាញបានវិនិយោគិនអន្តរជាតិជាច្រើនមកកាន់កម្ពុជា។

លោកបន្តថា “ទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ច កម្ពុជាក៏មានបញ្ហាប្រឈមផងដែរ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជា បញ្ហាកង្វះទឹកស្អាត តម្លៃអគ្គិសនីខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនផងដែរ”។

លោកយិន លាងគង់បានបន្តថា បញ្ហាធំបី ដែលប្រជាពលរដ្ឋសំណូមពរដល់សម្តេចធិបតីហ៊ុន ម៉ាណែតមេត្តាជួយអន្តរា​គមន៍ គឺ បញ្ហា​ទឹកស្អាត អគ្គិសនី និងផ្លូវនៅទីក្រុងប៉ោយប៉ែត ដែលកំពុងបង្កការលំបាក ដល់ប្រជាពលរដ្ឋ និងឧបសគ្គចម្បងដល់វិនិយោគិនអន្តរជាតិ។

លោកបន្តថា ការគិតគូរដោះស្រាយបញ្ហាទាំងបីនេះ នឹងធ្វើឲ្យទីក្រុងប៉ោយប៉ែត មានឱកាសរីកចម្រើនកាន់តែខ្លាំង  ដែលស្របតាមចក្ខុវិស័យ ដ៏មុតស្រួចរបស់សម្តេចធិបតី ក្នុងការនាំកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here