ដោយៈសុខុម
ភ្នំពេញ: Shangri-La Hotel គឺជាសណ្ឋាគារប្រណីតមួយ ដែលគ្រោងនឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែតើអ្នកដឹងទេថា នរណាជាម្ចាស់ម៉ាកយីហោ (Brand) សណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញនេះ និងមានប្រវត្តិបែបណា? បើចង់ជ្រាបច្បាស់ សូមឆ្លៀតពេលស្វែងយល់ទាំងអស់គ្នា!។
Shangri-La Hotels and Resorts គឺជាបុត្រសម្ព័ន្ធមួយរបស់ Shangri-La International Hotel Management Limited ជាក្រុមហ៊ុនបដិសណ្ឋារកិច្ចពហុជាតិសាសន៍មួយ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
បង្កើតឡើងដោយមហាសេដ្ឋីជនជាតិម៉ាឡេស៊ី ឈ្មោះ Robert Kuok ក្នុងឆ្នាំ១៩៧១ ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ មានសណ្ឋាគារ និងរមណីយដ្ឋានប្រណីតជាង១០០ទីតាំង ហើយបើគិតជាបន្ទប់សរុបជាង៤០.០០០បន្ទប់។
ក្រុមហ៊ុននេះ បានបើកដំណើរការដូចជានៅទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ទ្វីបអឺរ៉ុប តំបន់មជ្ឈិមបូព៌ា ទ្វីបអាមេរិកខាងជើង និងប្រទេសអូស្ត្រាលី។
ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្ដាលនៅអគារ Kerry Centre ក្នុងតំបន់ Quarry Bay ក្រុងហុងកុង។ Shangri-La មានម៉ាកយីហោចំនួន៥ នៅក្នុងចំណែកទីផ្សារខុសៗគ្នារួមមានម៉ាកយីហោ Shangri-La Hotels ម៉ាកយីហោ Shangri-La Resorts ម៉ាកយីហោ Traders Hotels ម៉ាកយីហោ Kerry Hotels និងម៉ាកយីហោ Hotel Jen។
*ប្រវត្តិក្រុមហ៊ុន
សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដំបូងបង្អស់របស់Shangri-La Hotels and Resorts Group គឺសណ្ឋាគារ Shangri-La Hotel Singapore ដែលបានបើកដំណើរការនៅក្នុងឆ្នាំ១៩៧១។ ឈ្មោះម៉ាកយីហោនេះ ត្រូវបានដាក់តាមកន្លែងមួយ ដែលមានឈ្មោះ Shangri-La នៅក្នុងរឿងប្រលោមលោកឆ្នាំ១៩៣៣ ក្រោមចំណងជើងថា Lost Horizon ដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ របស់ជនជាតិអង់គ្លេស ឈ្មោះ James Hilton។
បច្ចុប្បន្ន សណ្ឋាគារនេះមានប្រតិបត្តិការ នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោករួមមានប្រទេសកម្ពុជា ប្រទេសចិន ក្រុងហុងកុង ប្រទេសឥណ្ឌូនេស៊ី ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសដែនកោះម៉ាល់ឌីវ ម៉ុងហ្គោលី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា កោះតៃវ៉ាន់ ប្រទេសថៃ ប្រទេសបារាំង ប្រទេសអង់គ្លេស ប្រទេសតួកគី ប្រទេសអារ៉ាប់រួមអេមីរ៉ាត ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន ប្រទេសម៉ូរីស ប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេសលីបង់ និងប្រទេសអូម៉ង់។
*ម្ចាស់ម៉ាកយីហោ Shangri-La Hotels and Resorts ជានរណា?
លោក Robert Kuok Hock Nien ឬ Robert Kuok ប្រសូត្រនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩២៣ (អាយុ៩៨ឆ្នាំ)។ លោកគឺជាមហាសេដ្ឋីជំនួញ និងជាវិនិយោគិនម៉ាឡេស៊ី ដែលមានឈាមជ័រជាកូនកាត់ចិន ព្រោះឪពុករបស់លោកជាជនជាតិចិន ដែលភៀសខ្លួនពីខេត្តហ្វូជៀន (Fujian) ប្រទេសចិន ទៅរស់នៅប្រទេសម៉ាឡេស៊ី នៅដើមសតវត្សរ៍ទី២០។ ក្រោយមកឪពុករបស់លោក បានរៀបការជាមួយនារីជនជាតិម៉ាឡេស៊ី ហើយបង្កើតបានកូនប្រុស៣នាក់។ លោកគឺជាកូនពៅក្នុងចំណោមបងប្អូនទាំង៣នាក់។
យោងតាមទស្សាវដ្ដី Forbes ឱ្យដឹងថា លោកមានទ្រព្យសម្បត្តិប្រមាណ១២,៦ពាន់លានដុល្លារ គិតមកទល់នឹងខែមេសា ឆ្នាំ២០២១ ដែលធ្វើឱ្យលោកក្លាយមហាសេដ្ឋីលេខ១ ប្រចាំប្រទេសម៉ាឡេស៊ី និងជាមហាសេដ្ឋីលេខ១០៤ ក្នុងពិភពលោក។ ប៉ុន្តែបើយោងតាមទស្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០១៩ លោក Robert Kuok មានទ្រព្យសម្បត្តិចំនួន១៨,៤ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយ ជាមហាសេដ្ឋីលេខ៥៣ក្នុងពិភពលោក។
លោក Robert Kuok ជាមនុស្សដែលមិនសូវចូលចិត្តចេញមុខ ចេញមាត់តាមប្រព័ន្ធផ្សព្វផ្សាយឡើយ ហើយភាគច្រើននៃជំនួញរបស់លោ កគឺគ្រប់គ្រងដោយរូបលោកផ្ទាល់ ឬក្រុមគ្រួសាររបស់លោក។
អាណាចក្រជំនួញរបស់លោក មានចាប់ពីចម្ការអំពៅ រោងចក្រចម្រាញ់ស្ករស រោងចក្រកិនម្សៅ រោងចក្រផលិតចំណីសត្វ អាជីវកម្មប្រេង អាជីវកម្មរ៉ែ អាជីវកម្មហិរញ្ញវត្ថុ សណ្ឋាគារ អចលនទ្រព្យ ទំនិញ និងបោះពុម្ពផ្សាយ។
ប្រភពចំណូលធំបំផុតរបស់លោក បានពីភាគហ៊ុននៅក្នុងក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនជួញដូរដូងប្រេងធំបំផុតរបស់ពិភពលោក៕