វិស័យអចលនទ្រព្យនិងពាណិជ្ជកម្មរំពឹងមានកំណើនឡើងវិញក្នុងរង្វង់២,៦ភាគរយនៅឆ្នាំនេះ

0

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មកម្ពុជា ត្រូវបានរំពឹងថានឹងមានកំណើនឡើងវិញវិជ្ជមានក្នុងឆ្នាំ២០២១នេះ ខណៈឆ្នាំ២០២០កន្លងទៅ វិស័យដ៏សំខាន់នេះ បានធ្លាក់ចុះជាអវិជ្ជមានដល់ទៅ៥,១ភាគរយ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងរបាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា នៅមុនពេលមានវិបត្តិដោយសារតែជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះឆ្នាំ២០១៦ កំណើននៃវិស័យនេះសម្រេចបានក្នុងរង្វង់៩,៩ភាគរយ ក្នុងឆ្នាំ២០១៧សម្រេចបាន៨,៧ភាគរយ ឆ្នាំ២០១៨សម្រេចបាន ៨,៥ភាគរយ ឆ្នាំ២០១៩ សម្រេចបាន៧ភាគរយ ហើយសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិសកល វិស័យនេះបានធ្លាក់ចុះដល់-៥,១ភាគរយ ។

សម្រាប់ឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនិងពាណិជ្ជកម្មត្រូវបានរំពឹងនិងព្យាករថា អាចងើបឡើងវិញ ក្នុងនោះដែរ វិស័យសំណង់ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៣,៣ភាគរយ ខណៈឆ្នាំ២០២០វាបានធ្លាក់ចុះដល់ទៅ-៥,៣ភាគរយ។

ចំណែកការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ២០២០កន្លងទៅ ឃើញថា ដែកបានធ្លាក់ចុះដល់ទៅ-៤២,៣ភាគរយ ស៊ីម៉ង់ត៏ធ្លាក់ចុះ -០,៩ភាគរយ និងការនាំចូលឧបករណ៍សំណងបានធ្លាក់ចុះរហូតដល់ -៩,៧ភាគរយ តែសម្ភារៈទាំងនេះក៏បានរំពឹងថានឹងងើបឡើងវិញក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។

លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងផងដែរថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែមិនទាន់ស្រាកស្រានតែ យើងរំពឹងថា វិនិយោគិនបរទេសនឹងចូលកម្ពុជាវិញនាពេលឆាប់ៗនេះ ដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេសវិនិយោគិនចិននឹងត្រលប់មកកាន់កម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងវិស័យផ្សេងៗទៀត ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើន ហើយស្ថានភាពកូវីដ១៩នៅចិនក៏ឃើញថាមិនមានការឆ្លងរាលដាលថ្មីៗផងដែរ។

យ៉ាងណាក្ដី បើទោះជាពេលនេះកម្ពុជាមិនទាន់អាចទទួលវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យក្ដី តែវិនិយោគិនក្នុងស្រុកក៏បានដាក់ទុនវិនិយោគ លើវិស័យសំណង់និងអចលនទ្រព្យជាហូរហែក្នុងនោះវិស័យដីធ្លី សំណង់បុរីផ្ទះល្វែងនិងវីឡាជាដើម។ ដោយឡែកសកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងស្រុកក៏ត្រូវបានមើលឃើញថា មានសកម្មភាពជាហូរហែផងដែរ ទោះបីជាពេលកម្ពុជាមិនទាន់បញ្ចប់កូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here