IFC នឹងបញ្ចេញកញ្ចប់ទុន២០០លានដុល្លារដើម្បីជំរុញវិស័យSMEsនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាជិកធនាគារពិភពលោក បានស្នើបញ្ចេញទុនវិនិយោគរហូតដល់២០០លានដុល្លារអាមេរិកនៅក្នុងធនាគារអេស៊ីលី ដើម្បីពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និង SMEs គ្រប់គ្រងដោយស្ត្រី។ នេះបើយោងតាមការចេញផ្សាយមួយរបស់សារព័ត៌មាន DealStreetAsia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានថ្លែងប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា IFC កំពុងធ្វើកិច្ចការងារនេះ ហើយបន្តដំណើរការទៅមុខដោយរលូន ដើម្បីផ្គត់ផ្គង់ការរីកលូតលាស់នៅក្នុងវិស័យ SMEs។

លោកបានថ្លែងថា កម្មវិធីផ្តល់ប្រាក់កម្ចីដល់ SMEs និង SMEs គ្រប់គ្រងដោយស្ត្រីរបស់ IFC នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាល ឆ្នាំ២០២១ ហើយកម្មវិធីនេះក៏នឹងអនុវត្តនៅទូទាំងប្រទេស។

IFC ជាសមាជិករបស់សម្ព័ន្ធធនាគារពិភពលោក និងជាស្ថាប័នអភិវឌ្ឍសកលដ៏ធំបំផុត ដោយយកចិត្តទុកដាក់បំផុតលើវិស័យឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

IFC កំពុងសហការជាមួយ ២.០០០ស្ថាប័ន ទូទាំងពិភពលោក ដោយប្រើបទពិសោធន៍រយៈពេល ៦ទសវត្សរ៍របស់ខ្លួន ដើម្បីបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសដែលមានតម្រូវការខ្លាំង។

ការបង្កើនទុនវិនិយោគ បទពិសោធន៍ និងអនុភាព ដើម្បីជួយដល់វិស័យឯកជនឱ្យមានភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ៕

ចំណេះដឹង! តើ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ស្នើសុំ​លិខិត​សាងសង់?

ដោយ ម៉ាណេត

ភ្នំពេញ៖ វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ មានការ​រីកចម្រើន និង​រីកដុះដាល​ជាខ្លាំង ដោយសារ​កំណើន​វិនិយោគិន និង​កំណើនប្រជាជន​មានការ​កើនឡើង ដែល​ជំរុញ​ឱ្យ​វិស័យ​សំណង់​លំនៅដ្ឋាន ឬ​អគារផ្សេងៗបាន​នឹង​កំពុង​សាងសង់​យ៉ាង​ហូរហែ​ដើម្បី​បំពេញ​តាម​សេចក្ដីត្រូវការ​ស់​ប្រជាពលរដ្ឋ ក៏ដូចជា​វិនិយោគិន​បរទេស។

ទន្ទឹមនឹងនេះ ដើម្បី​ធានាថា​ការសាងសង់ និង​សំណង់​ទាំងនោះ ត្រូវបាន​ធ្វើឡើង​ស្របទៅតាម​បទដ្ឋាន​គតិយុត្ត ព្រមទាំង​មិន​បង្ក​នូវ​បញ្ហា ឬ​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ អ្នក​ដែលមាន​បំណង​ចង់​សាងសង់​នូវ​សំណង់​ថ្មី ត្រូវ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ជាមុនសិន ហើយ​លក្ខខណ្ឌ​នៃ​ការស្នើសុំ​លិខិត​នេះ​ទៀតសោត​ក៏​ត្រូវបាន​បញ្ញត្ត​យ៉ាង​ជាក់លាក់​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

យោងតាម​អនុក្រឹត្យ​ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា បានឱ្យដឹងថា សំណង់​ដែល​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​គឺ រាល់​ការសាងសង់​ថ្មី ឬ​សាងសង់​ឡើងវិញ​លើ​អគារ​ដែលមាន​ស្រាប់ (ក្នុងករណី​ដែល​ការសាងសង់​ឡើងវិញ​នោះ​ប្ដូរ​ទ្រង់ទ្រាយ ឬ​ទិដ្ឋភាព​នៃ​សំណង់) នៅក្នុង​ទីក្រុង និង​ទីប្រជុំជន។

មាត្រា៩ នៃ​អនុក្រឹត្យ ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ បានចែង​អំពី​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ដូចខាងក្រោម៖

១៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬ​លិខិត​កាន់កាប់​ដី​ជា​បណ្ដោះអាសន្ន

២៖ សលាក​ប​ត្រ​ដី​ឡូ​តិ៍ និង​ប្លង់​ទីតាំង​អគារ​នៅក្នុង​ដី​ឡូ​តិ៍

៣៖ ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម

៤៖ អត្តសញ្ញាណប័ណ្ណ​សម្គាល់​ជា​ជនជាតិខ្មែរ​របស់​អ្នកស្នើសុំ

៥៖ ពាក្យសុំ​លិខិតអនុញ្ញាត​សាងសង់​ដោយមាន​ហត្ថលេខា​របស់​ម្ចាស់​ដី និង​អ្នកធ្វើ​គម្រោង។ (សំណុំលិខិត​ពាក្យសុំ​លិខិតអនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើងជា​ភាសា​ខ្មែរ ហើយ​អត្ថបទ​ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​អាច​ផ្ដល់​ភ្ជាប់​ជាមួយនឹង​លិខិត​នេះ​បាន) ។

ចំណែកឯ​សំណង់​ជា​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ទីជនបទ ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ជាតិ ឬ​តំបន់​រក្សាទុក​ការពារ​វិញ​នោះ គឺ​មិន​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​នោះឡើយ។ លិខិតអនុញ្ញាត​សាងសង់ ត្រូវបាន​តម្រូវឱ្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង ឬ​អ្នកតំណាង​ស្របច្បាប់​របស់​ម្ចាស់​គម្រោង។ ជាក់ស្ដែង​នីតិវីធី​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​នេះ មិនមាន​លក្ខណៈ​ស្មុគស្មាញ​ដែល​អាច​បង្ក​ជា ការលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ៕

អាជីវកម្ម និង​ក្រុមហ៊ុនតូចៗ កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ព្រឹត្តិការណ៍ ២០ កុម្ភៈ យ៉ាងធ្ងន់ធ្ងរ

ដោយ វណ្ណា​រ៉ា

ភ្នំពេញ៖ នៅក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៃ​ការ​ផ្ទុះឡើង​នៃ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វិដ ១៩  បានធ្វើឱ្យ​អាជីវកម្ម​នានា​ទាំង​វិស័យសេដ្ឋកិច្ច  និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​បាន​នឹង​កំពុង​ទទួលរង​នូវ​ផល​ប៉ះ​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​អាជីវកម្ម និង​ក្រុមហ៊ុនតូចៗ ។

លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ Century 21 Advance បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០១ថា នៅក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទទួលរង​ផលប៉ះពាល់​ខ្លាំង​ជាង​ព្រឹត្តិការណ៍មុនៗ  ជាពិសេស​អាជីវកម្ម​តូច ៗ និង​ក្រុមហ៊ុនតូចៗ គឺ​បាត់​ចំណូល ដែល​មិនអាច​នឹង​ទ្រទ្រង់​ឱ្យ​រឹងមាំ​ង​បាន  ព្រោះ​មនុស្ស​មិនអាច​ចេញ​ក្រៅ​បាន និង​ច​ចារ​ក្នុង​ការទិញ​លក់។

លោក ឡុង គឹមសួគ៌​ថ្លែងថា  «ក្រុមហ៊ុនតូចៗនាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុង​ទទួលរង​ប៉ះពាល់​ខ្លាំង  ដែលមាន​ការលំបាក​ក្នុងការ​ឈរជើង ឬ​ទប់​ឱ្យ​ហ្នឹង  ហើយ​មិនដឹងថា វា​ឆ្លង​ផុតពី​ព្រឹត្តិការណ៍​នេះ​រួច ឬ​អត់​ទេ ព្រោះ យើង​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា» ។

បើតាម លោក គឺ​ម​សួគ៌ ស្របពេល​ជាមួយគ្នានេះ ទាំង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ក៏​មិន​ន​ការ​ព​ន្ធូ​បន្ថយ​ដែរ ឬ មានការ​ពន្យា​ពេល​ក្នុងការ​បង់ប្រាក់ ដែល​ធ្វើអោយ​ពួកគាត់​កាន់តែ​មាន​ស្ថានភាព​យ៉ាប់យឺន​ផងដែរ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​បែបនេះ លោក ឡុង គឹមសួគ៌ ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល គួរតែមាន​វិធានការ​សមស្រប​ណាមួយ​ឱ្យ អាជីវកម្ម ឬ ក្រុមហ៊ុនតូចៗ អាចឱ្យ​ពួកគាត់​ឈរជើង​នឹង​នៅក្នុង​អំឡុង​ពេលនេះ ប៉ុន្តែ​និយាយ​ជារួម​នៅក្នុង​អំឡុង​ពេលនេះ គឺមាន​ការប៉ះពាល់​ស្ទើរតែ​គ្រប់គ្នា។

ទោះជា​យ៉ាងណាក៏ដោយ លោក ឡុង គឹមសួគ៌ បញ្ជាក់ថា  ដើម្បីឱ្យ​អាជីវកម្ម​មួយ​អាចឈរជើង បាន​នៅក្នុង​អំឡុង​ពេលនេះ​គឺ​ត្រូវ​កាត់បន្ថយ​ការចំណាយ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅលើ​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន ព្រោះ​ក្នុងអំឡុង​ពេលនេះ ក៏​មិនសូវមាន​អ្នកទិញ​ដែរ ។ មួយទៀត​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន គួរ​តេ​ស្វះ​ស្វែងរក​ដើមទុន​បន្ថែម ដើម្បី​ទប់ និង​ចំណាយ​ទៅ​អ្វីដែល​មានការ​ចាំបាច់​បំផុត៕

រដ្ឋបាលខេត្ត​កែប​បាន​នឹង​កំពុង​ប្រែក្លាយ​តំបន់ឆ្នេរ​ទៅជា​ឋានសួគ៌​ក្នុង​ការដើរ​លម្ហែ

ដោយ រ៉ា​ណេ​ត

ខេត្ត​កែប៖ រដ្ឋបាលខេត្ត​កែប បាន​នឹង​កំពុងអភិវឌ្ឍន៍​តំបន់ឆ្នេរ​ឱ្យក្លាយ​ជា​ឋានសួគ៌ សម្រាប់​ដើរ​លម្ហែ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ខណៈពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​បាន​នឹង​កំពុង​រៀបចំ​ផែនទី និង​គម្រោង​ប្លង់​រៀបចំ​តំបន់ឆ្នេរ​ឱ្យបាន ៣០០០ ម៉ែត្រ​បន្ថែមទៀត  ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា ការរៀបចំ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ទៅជា​ឋានសួគ៌​នេះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរណ៍ មក​សម្រាក និង​មាន​សុវត្ថិភាព​ពេល​លេញ  និង​មាន​ការឆក់ប្លន់ ឬ បាត់បង់​អ្វីមួយ​នោះទេ ។ បញ្ហា​នេះ​ខេត្ត​កែប​បាន​នឹង​កំពុង​យកចិត្ត​ទុ​ដាក់​ខ្ពស់បំផុត ក្នុងការ​ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ  ។

លោក ថ្លែងថា «នៅពេលដែល​គេ​មកលេង​ផ្ទះ​យើង យើង​ចង់ឱ្យ​ផ្ទះ​ស្អាត  ម្ហូប​ឆ្ងាញ់ និង​ញញឹម​រោះ​រាយ​រាក់ទាក់ យើង​ធ្វើ​រៀបចំ​ឱ្យ​ដូចគ្នា​អីចឹង​ដែរ ។ ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាលខេត្ត​នឹង​ពង្រីក​សក្តានុពល​ទេសចរណ៍​ទាំង​នៅលើ​គោក នៅក្នុង​ទឹក តំបន់​កោះ និង​ព្រៃភ្នំ ខណៈ​តំបន់​ទាំងនេះ មិនទាន់​ប្រើប្រាស់​អស់​នៅឡើយ​ទេ » ។

បើតាម លោក សោម​ពិសិដ្ឋ  ឆ្នេរ​កម្សាន្ត​សាធារណៈ​របស់​ខេត្ត​កែប​នាពេល​បច្ចុប្បន្ននេះ មាន​ប្រវែង​ត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ដែលមាន​លក្ខណៈ​ខ្លី មិនទាន់​ឆ្លើយតប​នឹង កំណើន​នៃ​ភ្ញៀវទេសចរ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មកលេង​កម្សាន្ត​នៅទីនេះ ខណៈដែល​ខេត្ត​កែ​មាន​ឆ្នេរ​ប្រវែង​សរុប​ចំនួន​ជិត ២៧ គីឡូម៉ែត្រ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ថ្លែងថា ខេត្ត​កែប និង ខេត្តកំពត​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ក្នុង​អាណត្តិនីមួយៗរបស់​ថា្នក់​ដឹកនាំ​ខេត្ត ដោយ​ធ្វើយ៉ាងណា​កែលម្អ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​កំណើន​ភ្ញៀវទេសចរ។

បើតាម លោក ហូ វណ្ឌី  ខេត្ត​កែប បាន​នឹង​កំពុងមាន​ការទាក់ទាញ​ទេសចរណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ខេត្ត​ព្រះសីហនុ។ ទន្ទឹមគ្នានេះ ការរៀបចំ​ផែនការមេ ក្នុងការ​អភិវឌ្ឍន៍​ខេត្ត គឺ​មិនអាច​ខ្វះ​បាន​នោះទេ  ។ បើទោះបី​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ នេះ ក្តី  ការរៀបចំ​ផែនការមេ និង​ផែនទី​អភិវឌ្ឍន៍​តំបន់ឆ្នេរ ក៏​ជា​រឿង​ចាំបាច់​បំផុត​ក្នុងការ​ស្រោចស្រង​សេដ្ឋកិច្ចជាតិ។

លោក​ថ្លែងថា៖ « បើ​យើង​និយាយ​ពី​កែប គឺ​កែប​លំដាប់​លេខ​រៀង​ទី​ពីរ ហើយ​បងប្អូន​ជា​ទេសចរ ជ្រើសរើស​កែប ជា​តំបន់​ស្នាក់នៅ​បន្ទាប់ពី​ក្រុងព្រះសីហនុ  និង​តាម​បណ្តា​កោះផ្សេងៗទៀត​ច្រើនណាស់។ ការរៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍន៍​តំន​បន​ឆ​ឆ្នេរ គឺ​មិនអាច​ខ្វះ​បាន» ៕

រោងចក្រថ្មីចំនួន២០ផ្សេងទៀត ត្រៀមដំណើរការនៅខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ

ដោយ ៖រ៉ាណេត

កំពង់ស្ពឺ ៖ កំពង់ស្ពឺដែលជាខេត្តឈនៅលំដាប់ថ្នាក់កំពូលក្នុងការទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មប្រចាំនៅកម្ពុជា នៅតែបន្តមានគម្រោងថ្មីៗចូលមកជាបន្តបន្ទាប់។ ជាក់ស្ដែង បើទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងវិបត្តិជំងឺកូវីដក្នុងសហគមន៍ដែលកំពុងទប់ស្កាត់នៅពេលនេះ មានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីបន្ថែមចំនួន២០ ដែលគ្រោងនឹងដាក់ដំណើរនៅពេលឆាប់ៗខាងមុខនេះ។

DCIM100MEDIADJI_0007.JPG

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្ដកំពង់ស្ពឺមានរោងចក្រសហគ្រាសសរុបចំនួន ៧៥០០រោងចក្រសហគ្រាស ហើយរោងចក្រសហគ្រាសធំៗមានប្រមាណ៣៣៥ រោងចក្រ។

លោកបន្តថា ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ តម្រូវការកម្លាំងពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដកំពង់ស្ពឺចំនួន២០រោងចក្របន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

លោកបានបញ្ជាក់ថា “តាមរយៈមន្ទីរការងារ យើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន៧ពាន់នាក់ អ៊ីចឹងធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ដែលអ្នកវិនិយោគគ្រោងដាក់រោងចក្រ២០នៅទីនេះ ដែលត្រូវធានាកម្មករ។ អ៊ីចឹងមានតែខិតខំអំពាវនាវដល់ខេត្ដជុំវិញឱ្យយុវជនមកធ្វើការនៅទីនេះ។ នេះជាបញ្ហាប្រឈមអត់កម្លាំងពលកម្មរបំពេញការងារនៅតាមរោងចក្រ”។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្សមានភាពអត់ធ្មត់ ស្មោះត្រង់ និងព្យាយាមលើការងារ ដែលធ្វើឱ្យទាក់ទាញការវិនិយោគបានយ៉ាងច្រើន។ អ្វីដែលសំខាន់ គឺខេត្តមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ងាយស្រួលក្នុងការដឹកជញ្ជូនផលិតពាក់កណ្តាល និងសម្រេចចេញទៅទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ៕

គំរោងNaga3តម្លៃជិត៤០០០លានដុល្លារដ៏ឆើយឆាយកំពុងឆ្ពោះទៅមុខទោះកម្ពុជាជាប់ផុងក្នុងវិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជិត៤ពាន់លានដុល្លារបាននិងកំពុងសាងសង់យ៉ាងរលូន បើទោះបីជាកម្ពុជាកំពុងហែលឆ្លងវិបត្តិកូវីដ១៩ក្តី។

របាយ​ការណ៍​​របស់​ក្រុមហ៊ុន NagaCorp ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុនEconpileនេះ រួមមានការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ ដែលជាកិច្ចសន្យារងពីក្រុមហ៊ុនចិនMCC International Incorporation Ltd។

ក្រុមហ៊ុនម៉ាឡេស៊ី Econpile ​ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់លំដាប់អន្តរជាតិលើការងារខួងគ្រឹះ បានទ​ទួ​ល​​កិ​ច្ច​ស​ន្យា​រងនេះក្នុងត​ម្លៃ​​៨​៥,៧លានដុល្លារ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្លេះ។

យោងតាមសេចក្ដីប្រកាសរបស់ NagaCorp បានឲ្យដឹងថា គម្រោង Naga 3 នេះ នឹង​ត្រូវ​សាងសង់​លើ​ទឹកដី​អតីត​អគារប៊ូលឌីងចាស់​ ដែលរួមបញ្ចូលអគារកម្ពស់៦៥ជាន់ ចំនួន២អគារ អគារកម្ពស់៤៥ជាន់ចំនួន២អគារ ប៉ុន្តែក្រោយមកគំរោងនេះបានកែប្រែដោយមានអាគារត្រឹម៣ប៉ុណ្ណោះ ក្នុងនោះអាគារមេចំនួន១មានកំពស់៦៩ជាន់។

គំរោងដ៏ឆើតឆាយនេះ ផ្តោតលើសេវាកម្មចម្រុះ ដូចជា ខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល ស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប សណ្ឋាគារ និង​ក​ន្លែ​ង​ជា​ច្រើ​ន​ទៀ​ត។

NagaCorp ក៏បានបញ្ជាក់ទៀថា ប្រមាណជាង៩៣ភាគរយនៃផ្ទៃគម្រោង​ទាំងមូល នឹង​អភិវឌ្ឍ​ន៍ ជា​អគារ​កំសាន្ត​ចម្រុះ​មិន​មែន​កាស៊ីណូ​ ដែលជា​យុទ្ធ​សាស្រ្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​។ ក្រោយ​សាងសង់​រួច​ NagaWorld Complex ដែលរួមមានNaga ១ ទី២ និង៣ នឹង​ក្លាយទៅ​ជា​ក​ន្លែ​ង​ក​ម្សា​ន្ត​ច​ម្រុះ ​តាម​ដ​ង​ទ​ន្លេ​ដ៏​ធំ​បំ​ផុត​នៅ​លើ​ពិភ​​ពលោ​ក​៕

ខេត្តមណ្ឌលគីរី មានតំបន់ទាក់ទាញការវិនិយោគ៣៦ទីតាំងកំពុងរង់ចាំវិស័យឯកជនចូលរួមអភិវឌ្ឍន៍

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ក្រៅពីគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតំបន់ ដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងកំពុងទាក់ទាញការវិនិយោគនានា ដែលស្ថិតនៅក្បែ​រគម្រោង ខេត្តមណ្ឌលគីរីនៅមានតំបន់ទាក់ទាញការវិនិយោគ បម្រើដល់វិស័យទេស​ចរណ៍ចំនួន៣៦ទីតាំងផ្សេងទៀត ដែលកំពុងរង់ចាំវិស័យឯកជនចូលធ្វើការអភិវឌ្ឍបន្ថែម។

អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅថា នៅទូទាំងខេត្តមណ្ឌលគិរីមានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន៣៦កន្លែង ដែលបម្រើដល់វិស័យទេសចរណ៍ និងកំពុងរង់ចាំស្វាគមន៍វិស័យឯកជន ចូលធ្វើការអភិវឌ្ឍបន្ថែមពីលើអ្វី ដែលមានស្រាប់នាពេលបច្ចុប្បន្ន។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងវិនិយោគលើវិស័យទេសចរណ៍សរុបមានចំនួន១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា ទីតាំងផ្តល់សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តមានជាច្រើន ដែលក្នុងនោះមានសណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨បន្ទប់, ផ្ទះសំណាក់៥១កន្លែង ស្មើនឹង៧៣៥បន្ទប់, ម៉ូតែល២កន្លែង ស្មើនឹង៦៧បន្ទប់ បឹងកាឡូ១កន្លែង ស្មើនឹង៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៣៤កន្លែង ហើយក្រៅពីនេះនៅមានគម្រោង វិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា១០គម្រោង ដែនជម្រកសត្វព្រៃភ្នំណាមលៀរ២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។

លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Group ដែលជាអ្នកអភិវឌ្ឍន៍លំដ្ឋានបែបលំហែរបានមានប្រសាសន៍ថា ខេត្តមណ្ឌលគីរីមានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ប៉ុន្តែក៏អំណោយផលដល់វិស័យសំណង់ ដែលពាក់ព័ន្ធផងដែរថា ដូចជាការវិនិយោគ និងអភិវឌ្ឍសណ្ឋាគារ ផ្ទះសំណាក់ ជាពិសេសលំនៅដ្ឋានបែបលំហែរដែលកំពុងមានប្រជាប្រិយភាព។

លោកបញ្ជាក់ថា “ភាគច្រើនអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរ ដែលកំពុងបោះទុនចូលទៅក្នុងខេត្តមណ្ឌលគីរី គឺច្រើនមើលទៅលើទីតាំង ដែលស្ថិតនៅក្បែរតំបន់ភ្នំ ដោយសាងសង់ជាលំនៅដ្ឋានតម្លៃមធ្យម ចាប់ពី៥ម៉ឺនដុល្លារចុះក្រោយ ដែលជាប្រភេទលំនៅដ្ឋានមានទីផ្សារទូលាយ”។ លោកបន្តថា “ដោយឡែកសម្រាប់លំនៅដ្ឋានលំហែរ ដែលមានតម្លៃខ្ពស់ជាង១០ម៉ឺនដុល្លារមិនសូវមាននោះទេ ព្រោះពិបាករកអតិថិជនដែលជាទីផ្សារគោលដៅ”។

លោកបានបន្តឱ្យដឹងថា ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយយ នៅក្នុងខេត្តមណ្ឌលគីរីគឺមាន២ប្រភេទ ទី១ជាក្រុមអ្នកវិនិយោគ និងអភិវឌ្ឍន៍សម្រាប់លក់ចេញយកចំណេញ និងទី២ជាក្រុមអ្នកបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ទុកជួលឱ្យទេសចរសម្រា​កក្នុងរយៈពេលខ្លី ប៉ុន្តែការវិនិយោគប្រភេទនេះមានច្រើនគម្រោង៕

រដ្ឋាភិបាលថៃគ្រោងប្រកាសតភ្ជាប់ផ្លូវដែកជាមួយកម្ពុជា និងប្រទេសក្នុងតំបន់មេគង្គនៅចុងសប្ដាហ៍នេះ

ដោយៈ ប៊ី

ភ្នំពេញៈ ព័ត៌មានលម្អិតអំពីផ្លូវដែកពីរគន្លងពីទីក្រុង Mae Sot ខេត្ត Tak ទៅខេត្ត Kamphaeng Phet និងទីក្រុង Nakhon Sawan ក្នុងខេត្ត Nakhon Sawan នឹងត្រូវប្រកាសនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១៩ ខែមីនានៅសណ្ឋាគារ Wiang Tak ក្នុងស្រុកមឿង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ០២១។

គម្រោងនេះគឺជាផ្នែកដំបូង នៃផ្លូវដែកមានពីរគន្លង តាមបណ្តាញច្រកផ្លូវសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលនឹងគាំទ្រដល់ការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាង ដូចជាមីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសកម្ពុជា និងជួយក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងតំបន់។

ក្រមហ៊ុនផ្លូវដែករដ្ឋ (SRT) បានផ្ញើលិខិតអញ្ជើញតំណាងការិយាល័យរដ្ឋាភិបាលរដ្ឋបាលមូលដ្ឋាន និងសាធារណជនទូទៅ ឱ្យចូលរួមសិក្ខាសាលា ដែលនឹងត្រូវដឹកនាំដោយលោក Pongrat Piromrat អភិបាលខេត្តTak។

នៅក្នុងសិក្ខាសាលានេះតំណាងក្រុមហ៊ុន SRT នឹងពន្យល់លម្អិតអំពីគម្រោងនេះ។

នៅឆ្នាំ ២០២០ ក្រុមប្រឹក្សា SRT បានអនុម័តការជួលក្រុមហ៊ុន Tesco Co, សាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុន Design Concept Co ក្នុងតម្លៃ ១៦៨លានបាត ដើម្បីធ្វើការសិក្សាលើការរចនា រៀបចំដី និងវាយតម្លៃផលប៉ះពាល់បរិស្ថាន សម្រាប់ការសាងសង់ផ្លូវដែកប្រវែង២៥៦គីឡូរម៉ែត្រ ដែលមានគម្រោងចំណាយ៩៦ពាន់លានបាត។

ក្រុមការងារនេះត្រូវបានផ្តល់ឱ្យរយៈពេល៣៦០ថ្ងៃ ដើម្បីបញ្ចប់ការងារទាំងនេះ។ ប្រជាជននៅខេត្ត Mae Sot ជាទូទៅបានស្វាគមន៍ចំពោះផ្លូវដែក ដែលបានគ្រោងទុកសម្រាប់ការស្ថាបនានាពេលមុខ៕

តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញកំពុងមានតម្រូវការផ្សារទំនើប ខណៈដែលការផ្គត់ផ្គង់រួមកំពុងប្រឈមនឹងភាពលើស

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២១នេះប្រសិនបើការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបត្រូវបានដាក់បញ្ចូលបន្ថែមថ្មីដូចការគ្រោងទុក អ្នកជំនាញបានព្រមានថាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែទោះជាយ៉ាងណា នៅតាមបណ្តាទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ នៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែមស្របពេលដែលកំណើននៃចំនួនប្រជាជនដែលមានកម្រិតជីវភាពធូរធាមានកំណើនខ្ពស់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ប្រសិនបើនៅដំណាច់ឆ្នាំ២០២១នេះ កំណើនថ្មីនៃការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបគ្រប់កម្រិតត្រូវបានដាក់បញ្ចូលដូចការគ្រោងទុកនោះវានឹងកើនចំនួនសរុបរហូតដល់ជាង៦៨ម៉ឺនម៉ែត្រដែលអាចនឹងប្រឈមភាពលើសតម្រូវការយ៉ាងប្រាកដ។

លោកស្រីបន្តថា “បើយើងនិយាយពីចំនួនសរុបវាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញនៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែម។ ជាក់ស្ដែងដូចជានៅតំបន់ផ្លូវជាតិលេខ១ ផ្សារទំនើបក្នុងទ្រង់ទ្រាយធំនៅមិនទាន់មាននោះទេ ក្រៅតែពីគម្រោងរបស់ផ្សារប៉េងហួតដែលកំពុងបន្តការសាងសង់ ហើយក្រៅពីនេះឃើញមានប្រភេទផ្សារទំនើបបែបសហគមន៍តែប៉ុណ្ណោះ”។

លោកស្រីបន្តថា “ផ្សារទំនើបបែបសហគមន៍ដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ននេះអាចជាមិនមែនតម្រូវការពិតប្រាកដរបស់អ្នកដែលរស់នៅក្នុងតំបន់នេះទាំងស្រុងនោះទេ ព្រោះភាគច្រើនផ្តោតតែទៅលើការផ្តល់សេវាផ្នែកចំណីអាហារតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការផ្គត់ផ្គង់ទៅលើសម្ភារៈប្រើប្រាស់ទូទៅប្រចាំថ្ងៃដូចជាមិនសូវមាននោះទេក្រៅតែពីហាងលក់បែបទំនើបតែប៉ុណ្ណោះ”។

សម្រាប់ការផ្គត់ផ្គង់លើផ្នែកទីតាំងលក់រាយនៃផ្សារទំនើបបែបសហគមន៍នៅតំបន់ផ្លូវជាតិលេខ១ម្តុំបឹងស្នោរ គេឃើញមាន The PARK ដែលជាបណ្តុំនៃហាងអាហារបែបទំនើប រួមជាមួយនឹងគម្រោងផ្សារសហគមន៍ បឹងស្នោរ ហ្វូតផ្លាហ្សា ដែលនៅមិនទាន់បញ្ចប់សាងសង់ទាំងស្រុងនៅឡើយ ហើយក្រៅពីនេះជាប្រភេទផ្សារទំនើបខ្នាតតូចដែលស្ថិតនៅក្នុងគម្រោងបុរីប៉េងហួតតែប៉ុណ្ណោះ។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ភាគច្រើនអ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងបុរីផ្សេងៗទៀតក្នុងតំបន់ផ្លូវជាតលេខ១ក្នុងខណ្ឌច្បារអំពៅ ភាគច្រើនជាអ្នកមានកម្រិតជីវភាពធូរធា។ អ្នកដែលមានជីវភាពធូរធារ ភាគច្រើនតែងប្រាថ្នាការផ្តល់សេវាកម្ម និងការស្វែងរកផលិតផលប្រើប្រាស់ដែលមានគុណភាព ដូច្នេះ ប្រសិនមានផ្សារទំនើបដែលមានការផ្គត់ផ្គង់សេវាកម្មចម្រុះ នោះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ពួគគេ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងដំណាក់កាលនេះ សម្រាប់អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជៀសវាងទទួករងនូវការខាតបង់ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩៕

រដ្ឋាភិបាលនឹងដាក់ឱ្យដំណើរព្រលានយន្តហោះតារាសាគនាខែមិថុនាខាងមុខ ខណៈបច្ចុប្បន្នកំពុងធ្វើតេស្តសាកល្បង

ដោយ: គង់ សូរិយា

ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរប្រតិបត្តិការហោះហើរ នាខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្ននេះបានកំពុងធ្វើតេស្តសម្ភារៈឬឧបករណ៍ផ្សេងៗ ដើម្បីធានាថា នឹងដំណើរការដោយល្អប្រសើរនិងដោយរលូន។

លោកស៊ិន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ មិនានេះថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុនកំពុង ដំណើរការស្នើសុំវិញ្ញាបនបត្រពីក្រសួង ដើម្បីបើកប្រតិបត្តិការឱ្យយន្តហោះអាចចុះថតបាន។

លោកបន្តថា “បច្ចុប្បន្នអាកាសចរណ៍ស៊ីវិលកំពុងពិនិត្យ ដើម្បីផ្តល់វិញ្ញាបនបត្រត្តិការនេះ ដោយត្រូវការពេលវេលារយៈពេល៦ខែ ដើម្បីធានាថាក្រុមហ៊ុនបានធ្វើតេស្តស   ម្ភារៈ និងឧបករណ៍បានរលូនហើយ ទើបចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនដាក់ដំណើរការ នូវព្រលានយន្តហោះនេះ”។លោកបន្តថា “ហេតុនេះបើតាមពេលវេលាកំណត់ ការហោះហើរនឹងអាចចាប់ផ្តើមនៅខែមិថុនាខាងមុខនេះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា កាពិតការសាងសង់ព្រលាននេះ ត្រូវចប់ហើយប៉ុន្តែត្រូវធ្វើតេស្តសាកល្បង ហើយការដាក់ពាក្យស្នើសុំវិញ្ញាបណ្ណបត្រ មានរយៈពេល៦ខែ ចាប់ពីសាងសង់ឡើងទៅ អញ្ចឹងរយះពេលនឹងសាកល្បងផង ធ្វើតេស្តផង ដាក់ពាក្យស្នើសុំផងដល់ញ្ចឹងផ្សំគ្នាទំាងអស់។ លោកបន្តថា ការធ្វើតេស្តសាកល្បងធម្មតាទេ ត្រូវយកកប៉ាល់ហោះមកតេស្ត ត្រូវយកឧបករណ៍មកតេស្ត តេស្តឧបករណ៍ដែលបំពាក់ហើយ វាដើរស្រួលអត់ ហើយពាក់ព័ន្ធជាមួយកប៉ាល់ហោះ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានតម្លៃសរុបប្រមាណ៣៥០លានដុល្លារ ត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនចិនChinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ៕