គម្រោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនកំពុងលើកស្ទួយវិស័យអចលនទ្រព្យ នៅខេត្តសៀមរាបឡើងវិញ

0

ដោយៈ ម៉ាណេត

សៀមរាបៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗនៅខេត្តសៀមរាបកំពុងលើកស្ទួយសេដ្ឋកិច្ច និងអចលនទ្រព្យនៅខេត្តសៀមរាបឡើងវិញ ក្រោយពេលវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់នាពេលខាងមុខ។

ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ឋ ទាំង៣៨ខ្សែនៅក្រុងសៀមរាប និងការស្តារស្ទឹងពិសិដ្ឋសៀមរាបឡើងវិញ ការសាងសង់ព្រលានយន្តហោះអន្តរជាតិនៅស្រុកសូទ្រនិគម ដែលមានតម្លៃ៩០០លានដុល្លារ ដែលសម្រេចបានវឌ្ឍនភាពប្រមាណ៤០ភាគរយ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀតរបស់វិស័យឯកជន នឹងជម្រុញការលើកកំពស់ទីក្រុង និងខេត្តទេសចរណ៍ដ៏ល្បីល្បាញនេះមួយកម្រិតទៀតនាពេលអនាគត។

លើសពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក៏បានបញ្ចប់ការរៀបចំផែនការមេ លើខ្សែទស្សនកិច្ចនៅខេត្តសៀមរាប ពិសេសការកសាងទីក្រុងថ្មីGrand Siemreap City នៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងជម្រុញកំនើនវិស័យអចលនទ្រព្យក្នុងខេត្តនេះផងដែរ។

អ្នកជំនាញរំពឹងទុកថា វិស័យអចលនទ្រព្យនៅខេត្តសៀមរាប នឹងមានភាពប្រសើរឡើងវិញ នៅពេលវិបត្តិកូវីដ១៩ មានធូរស្រាល ខណៈរដ្ឋភិបាលបាននិងកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍មួយនេះ។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធីបានថ្លែងប្រាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋាភិបាលកំពុងយកចិត្តទុកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប និងការដាក់ចេញការស្តារវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលជាកត្តាជំរុញវិស័យអចលនទ្រព្យ នៅក្នុងខេត្តនេះឱ្យងើបឡើងវិញ។

លោកបានបន្តថា “នាពេលបច្ចុប្បន្ន យើងមិនទាន់មានតម្រូវការផ្នែកអចលនទ្រព្យ ច្រើនអ្វីនោះទេនៅក្នុងខេត្តសៀមរាប ដោយសារវិបត្តិកូវីដ១៩ ដែលបណ្តាលឱ្យមានភាពរាំងស្ទះដល់វិស័យអចលនទ្រព្យ និងប៉ះពាល់ដល់វិស័យអចលនទ្រព្យ”។លោកបានរំពឹងថា “នៅពេលស្ថានភាពកូវីដ១៩ មានធូរស្រាល ហើយកត្តាទាំងពីរនេះ (ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ចេញការស្តារវិស័យទេសចរណ៍) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅខេត្តងើបឡើងវិញលឿន”។

វិបត្តិនៃការឆ្លងរាលដាលជំងឺផ្តាសាយសកលកូវីដ១៩ បានធ្វើឱ្យតម្លៃដីធ្លីនៅក្រុងសៀមរាប ក្នុងឆ្នាំ២០២០ បង្ហាញសញ្ញាធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ចេញផ្សាយកាលពីថ្មីៗនេះ។

សិក្សាបានឱ្យដឹងថា ដីក្នុងក្រុងសៀមរាបមានតម្លៃ១៥២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ធ្លាក់៥,០ភាគរយពី១៦០០ដុល្លារ។

លោកសន សៀបបានថ្លែងថា ការធ្លាក់ចុះតម្លៃដីធ្លីនៅក្នុងក្រុងសៀមរាប គឺជាប់ទាក់ទងខ្លាំងនឹងការផ្ទុះឡើងជំងឺកូវីដ១៩ ដែលបានក្លាយជាឧបសគ្គ សម្រាប់ការធ្វើដំណើររបស់វិនិយោគិនបរទេស ពិសេសជនជាតិចិនមកកម្ពុជា។

លោកបានថ្លែងបន្តថា “ទោះយ៉ាងណាស្ថានភាពនេះ នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងធ្វើកិច្ចការជាច្រើន ដើម្បីត្រៀមទទួលយកកំណើនសេដ្ឋកិច្ច និងការវិនិយោគទាំងក្នុងស្រុក និងបរទេសឡើងវិញ”។

លោកថ្លែងថា តម្លៃដីធ្លីនៅកម្ពុជា នឹងមានកំណើនឡើងវិញនៅចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ខាងមុខ ព្រោះជាមួយនឹងកិច្ចសហប្រតិបត្តិការការទូត និងពាណិជ្ជកម្មល្អជាមួយប្រទេសធំ ពិសេសការបង្កើតបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេរភាគី (FTA) កម្ពុជា-ចិន វានឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំង ដែលមានសក្តានុពលក្នុងការទាក់ទាញវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើន បន្ទាប់ពីកូវីដ១៩ បញ្ចប់។

ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ រដ្ឋាភិបាលកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចេញថវិកាជាតិប្រមាណជិត៣០០លានដុល្លារ សម្រាប់កសាងផ្លូវចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយមានប្រវែងសរុប៨៤គីឡូម៉ែត្រ។

កាលពីថ្មីៗនេះ រដ្ឋាភិបាលបានរៀបចំឯកសារយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់ចំនួន២រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here