ក្រុមសេដ្ឋវិទូព្រមានៈកំនើនឥណទានថ្មីៗមិនប្រាកដថាផ្តល់ផលល្អសម្រាប់សេដ្ឋកិច្ច

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមសេដ្ឋវិទូកម្ពុជាបានព្រមានថា កំណើនឥណទាននៅក្នុងអំឡុងវិបត្តិកូវីដ១៩ មិនប្រាកដថាល្អសំរាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនោះទេ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានមានប្រសាសន៍ឲ្យដឹងថា ប្រាក់កម្ចីគឺជាអាវុធមុខពីរ ហើយប្រាក់កម្ចីកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ ជាពិសេសនៅក្នុងបរិបទកូវីដ១៩។ ប្រសិនបើកម្ចីនោះសម្រាប់ការប្រើប្រាស់ វានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពោលគឺស្មើនឹងលក់ទ្រព្យសម្បត្តិចាយ បើគាត់យកប្លង់ផ្ទះទៅដាក់បញ្ចាំដើម្បីបានប្រាក់កម្ចី។ លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើកម្ចីនោះសម្រាប់ផលិតកម្មនានា នោះទើបហៅថាកម្ចីល្អដែលអាចជួយដល់ការជំរុញសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា “តាមការសង្កេត ការកើនឡើងនូវកម្ចីភាគច្រើន ផ្តោតលើការទិញអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យរងវិបត្តិហើយ ត្រូវលក់វិញក្នុងតម្លៃធូរថ្លៃ។ ពេលនោះ មនុស្សមួយចំនួនដែលយល់ថាអាចទិញបាន ពួកគាត់នឹងខ្ចីលុយ ដើម្បីយកមកទិញអចលនទ្រព្យនោះ។

យោងតាមរបាយការណ៍សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន១,១១២ លានដុល្លា សម្រាប់អតិថិជន១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុ មានចំណែកអតិថិជន៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។

លោកគី សិរីវឌ្ឈន៍បានបន្តថា “វិស័យអចលនទ្រព្យគឺជាកត្តារារាំងដល់វិស័យផលិតកម្ម ព្រោះការលូតលាស់វិស័យអចលនទ្រព្យខ្លាំងពេក ធ្វើឱ្យមនុស្សមួយចំនួនតូចក្លាយជាអ្នកមាន”។លោកបន្តថា “ចំណែកផលិតកម្មនៅក្នុងស្រុកអត់មាន ធ្វើឱ្យយើងបាត់បង់ទម្លាប់នៃការផលិតហើយត្រូវទិញគេជារៀងរហូត”។

ស្ថាប័នអន្តរជាតិធំៗដូចជា ADB, IMF, World Bankជាដើមបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងមានកំនើន ក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ ។

សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកYasuhisa Ojimaបានព្រមានថា ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទាន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាឥណទានអតិថិជន របស់គ្រឹះស្ថានធនាគារកើនឡើង១៥% ដោយឥណទានទាំងនេះ បានផ្ដល់ទៅកាន់ វិស័យសេដ្ឋកិច្ចរួមមាន ការជួញដូររាយ ១៥,៥ភាគរយ ការជួញដូរដុំ ៩,៧ភាគរយ ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន១២,៨ភាគរយ សំណង់៩,២ភាគរយ និងការជួញដូរអចលនទ្រព្យ៨,៤ភាគរយ។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជាមួយរូបទៀត លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា កំនើនឥណទានខ្លាំងពេក ក៏មានហានិភ័យដល់សង្គមសេដ្ឋកិច្ចផងដែរ ព្រោះបើវាកើនលើសផលទុនជាតិសរុបខ្លាំងពេលវានឹងគ្រោះថ្នាក់។ លោកបន្តថា អ្វីៗក៏ដោយបើប្រើប្រាស់លើសកម្រិតខ្លាំងពេក វានឹងជាបញ្ហា។

លោកបន្តថា “ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស រាងកាយមនុស្សត្រូវការខ្លាញ់ ប៉ុន្តែមិនត្រូវការច្រើនពេកទេ ព្រោះបើខ្លាញ់ច្រើនពេក នឹងធ្វើឲ្យរាងកាយយើងមានបញ្ហា”៕

ដំណឹងល្អៈរដ្ឋបាលខេត្តកំពតបង្ហាញទីតាំងជាក់លាក់ដើម្បីសាងសង់អាគារ រដ្ឋបាលក្រុងបូកគោថ្មីហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តកំពត និងថ្នាក់ដឹកនាំក្រុមហ៊ុនSokha Hotel Groupបានសម្រេចជ្រើសរើសទីតាំង សម្រាប់សាងសង់អាគាររដ្ឋបាលក្រុងបូកគោថ្មីហើយ។

អភិបាលខេត្តកំពតលោក ជាវ តាយ និងអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ សំដៅកំណត់ជ្រើសរើសទីតាំង សម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel របស់អ្នកឧកញ៉ាសុខ គង់។

លោក ជាវ តាយ បានមានប្រសាសន៍ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពតនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ ZOOm របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំនេះដើម្បីធ្វើយ៉ាងណា ឱ្យរដ្ឋបាលខេត្តកំពត មានកិច្ចសហការ និងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ ក្នុងដំណើរការសាងសង់អគាររដ្ឋបាលរបស់ក្រុងកំពត រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។

ជាមួយគ្នានេះ លោកជាវ តាយ ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងកំពត បានលេចចេញជារូបរាងឡើងឆាប់ៗ នាថ្ងៃខាងមុខនេះ។

លោកអ្នកឧកញ៉ា សុខ គង់ ក៏បានសម្ដែងការស្វាគមន៍ និងចូលរួមកិច្ចសហការគាំទ្រ ចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោ ខេត្តកំពតនេះឲ្យបានឆាប់នៅពេលខាងមុខនេះដែរ ដោយអ្នកឧកញ៉ា សុខ គង់ បានបង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ។

លោកសក់ សេដ្ឋា រដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមការងារគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តការងារចំពោះមុខនេះ ដូចជាការរៀបចំសំណើរសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង ឲ្យមានចំនួនសមរម្យល្មមទៅទំហំការងារ ហើយជំហានដំបូងត្រូវផ្ដល់អាទិភាពដល់មន្ត្រី ដែលរស់នៅក្នុងមូលដ្ឋាននេះស្រាប់ និងរកពីកន្លែងបណ្ដោះអាសន្ន សម្រាប់ដំណើរការរដ្ឋបាលក្រុង។

ចំពោះទីតាំងសាងសង់អាគាររដ្ឋបាល គួរអនុវត្តន៍លើប្លង់គោលមេ មានការប្រមូលផ្ដុំការិយាល័យចំណុះ ក្នុងអាគាររដ្ឋបាលតែមួយ និងមានការគិតគូរទីតាំងទុកដីសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅពេលការអភិវឌ្ឍន៍ រីកចម្រើនខាងមុខបន្តទៀត។ ដោយឡែក ទីតាំងសម្រាប់អធិការដ្ឋាននគរបាលក្រុង ក៏គួរយកទីតាំងឱ្យបានសមរម្យដាច់ដោយឡែកពីសាលាក្រុង សម្រាប់បម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ៕

 

រដ្ឋមន្ត្រីក្រសួងសាធារណការចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិ២ខ្សែដើម្បីពង្រឹងគុណភាពផ្លូវ

ដោយៈម៉ាណេត

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៧៨ +១៦៥ ឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០។

ចំណែកផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥ ឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០ ប្រវែងសរុប៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២២។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។

លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិ ដែលអាចសាងសង់បានប្រវែង៥០០ម៉ែត្រក្នុងមួយថ្ងៃ និងកំរាស់២៦សង់ទីម៉ែត្រ និងពិនិត្យម៉ាស៊ីនតេស្តគុណភាពទ្រនាប់ផ្លូវផ្នែកខាងក្រោម( Bases Course)។ លោកទេសរដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ ១៤៦Bផងដែរ។

លោកស៊ុន ចាន់ថុល បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុន សាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និង ផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមាន ការខូចខាតផ្លូវមុនអាយុកាល ការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ៕

លោកស៊ុន ចាន់ថុលដកការងារពីរដ្ឋលេខាធិការម្នាក់ និងក្រុមហ៊ុនមូយពាក់ព័ន្ឋ គុណភាពផ្លូវជាតិលេខ៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានសម្រេចដកការងារពីរដ្ឋលេខាធិការក្រសួងម្នាក់ និងបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវជាតិលេខ៣ពី កំពតទៅ វាលរេញ ដែលមានប្រវែង ៥៤ គីឡូម៉ែត្រ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះ ខ្វះបច្ចេកទេសក្នុងការស្តារផ្លូវឱ្យរឹងមាំ។

មានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាព សាងសង់ផ្លូវជាតិលេខ៣ ចន្លោះខេត្តកំពត-វាលរេញនៅថ្ងៃទី៥ ខែ មិថុនាកន្លងមកនេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ទោះបីជាក្រុមហ៊ុនដេញថ្លៃ KCI បានស្តារ និងជួសជុលផ្លូវរួចហើយចំនួន៣០គីឡូវម៉ែត្រក្តី ក្នុងចំណោម៥៤គីឡូម៉ែត្រ ប៉ុន្តែលោកសង្កេតឃើញថា ផ្លូវមិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយទេ។

លោកបន្តថា “ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានការខូចខាត សង្កេតឃើញថា ផ្លូវដែលធ្វើរួចហើយខូចទៅវិញ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ”។លោកបន្តថា “ខ្ញុំសូមអភ័យទោសប្រជាពលរដ្ឋ ដែលបានធ្វើដំណើរលើផ្លូវនេះ ដែលធ្វើម្តងហើយម្តងទៀត នៅតែខូច”។

លោកស៊ុន ចាន់ថុលបានបន្តថា “ខ្ញុំបានផ្អាកងារងាររដ្ឋលេខាធិការក្រសួង ដែលបានគ្រប់គ្រងផ្លូវនេះ គាត់លែងឱ្យគាត់កាន់គម្រោងនេះតទៅទៀត និងបានអញ្ជើញ រដ្ឋលេខាធិការថ្មី មកជួយមើលបន្ថែមផ្លូវដែលត្រូវជួសជុលបន្ត”។

លោកបានបញ្ជាក់ថា ទោះបីក្រសួង សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនដែលកាន់គម្រោងនេះក្តី ប៉ុន្តែក្រុមហ៊ុននៅមានតួនាទីថែទាំផ្លូវ ដែលធ្វើរួចរាល់ចំនួន៣៤ គីឡូរយៈពេល៣ឆ្នាំបន្តទៀត។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ជាគម្រោងស្តារ ជួសជុល ថែរទាំ ដោយប្រើថវិការបស់ធនាគារពិភពលោក ដាក់ដេញថ្លៃទៅតាមគោលការណ៍ និង តម្រូវការរបស់ធនាគារពិភពលោក។

លោកបន្តថា ក្រុមហ៊ុនដាក់ដេញថ្លៃបាន តម្លៃជួសជុលថែរទាំ៣ ឆ្នាំ និងជួសជុល ២ ឆ្នាំ សរុបទៅ៥ឆ្នាំ តម្លៃ៨លានដុល្លារ។ ក្រោយពីបានចុះមកពិនិត្យច្រើនដងហើយ ឃើញថាកន្លែងមួយចំនួនត្រូវតែកែ អ៊ីចឹងយើងស្នើសុំទៅធនាគារពិភពលោក គេផ្តល់ថវិកា៨លាន អ៊ីចឹងសរុបទាំងអស់ផ្លូវនេះចំណាយអស់១៦លានដុល្លារ។

លោកបន្ថែមថា ផ្លូវដែលនៅសេសសល់ចំនួន២០គីឡូម៉ែត្រទៀត ត្រូវផ្ទេរមកក្រសួងជាអ្នកធ្វើបន្តជួសជុល ថែរទាំ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារ។

លោកស៊ុន ចាន់ថុលបានបន្តទៀតថា ផ្លូវ២០គីឡូម៉ែត្រនេះ យើងមិនធ្វើឡើងវិញទេ គ្រាន់តែចាក់មួយស្រទាប់បណ្តោះអាសន្ន ឱ្យឡានធ្វើដំណើរបានរហូតដល់ខែ១១ ឬ ១២ រង់ចាំសិក្សាឱ្យបានលម្អិត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងរកថវិកាបានគ្រប់គ្រាន់ ទើបយើងធ្វើបានល្អ៕

រដ្ឋមន្ត្រីទេសចរណ៍ៈតំបន់ទេសចរណ៍បែបធម្មជាតិនិងអេកូទេសចរណ៍កាន់តែមានភាពទាក់ទាញក្នុងបរិបទកូវីដនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គោលដៅទេសចរណ៍ ដូចជា រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ។

រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ “៣ កុំ” និង “៣ ការពារ” រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។

ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរ នៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

លោករដ្ឋមន្ត្រីទេចរណ៍បានឱ្យដឹងទៀតថា “គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះជាដើម”។

កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧៦,៦៩៨នាក់ នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ៧៥,៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩១២នាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៥-៦ ខែមិថុនា។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តក្រចេះ (១០,២២៥នាក់) ខេត្តបាត់ដំបង (៩,៤៧០នាក់) ខេត្តកំពត (៩,២៩២នាក់) ខេត្តព្រះសីហនុ (៨,៧៩០នាក់) ខេត្តសៀមរាប (៦,៩៧៩ នាក់ និងខេត្តកំពង់ស្ពឺ (៦,៧២៣នាក់)។

លោកបណ្ឌិតថោង ខុនបានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩%ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨%៕

តំបន់ទេសចរណ៍ប្រមាណ១០០កន្លែងនៅបន្ទាយស្រី នឹងត្រូវបញ្ចូលក្នុងApp ដើម្បីបង្កើនការផ្សព្វផ្សាយ

ដោយៈតារា

សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗរបស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនា ខណៈដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួន ប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលដ៍ធំជាងគេ នៅក្នុងចំណោមស្រុកទាំង១២ នៃខេត្ដសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានមានប្រសាសន៍អោយដឹងកាលពីចុងសប្តាហ៍មុននេះថា បច្ចុប្បន្ននេះ ស្រុកបន្ទាយស្រី មានរមណីយដ្ឋានទេសចរណ៍សំខាន់ៗប្រមាណ១០០កន្លែង ទាំងតំបន់ទេសចរណ៍បង្កើតថ្មី កន្លែងបែបផ្សងព្រេង ប្រាសាទបុរាណ ទេសចរណ៍វប្បធម៌ ព្រមទាំងទេសចរណ៍ទឹកធ្លាក់ជាដើម។

លោកបន្ដថា នាពេលនេះរដ្ឋបាលស្រុកបាន នឹងកំពុងកត់ត្រាតំបន់ទេសចរណ៍សំខាន់ទាំងអស់នោះបង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ទៅទស្សនា ជាពិសេ សលោកគ្រោងបង្កើតAppមួយ ដើម្បីយករូបភាពកន្លែងទេសចរណ៍នោះ ឲ្យប្រជាពលរដ្ឋដោនឡូត មើលឃើញពីតំបន់ទេសចរណ៍ទាំងនោះ មានភាពងាយស្រួលទៅទស្សនា ព្រោះនៅក្នុងAppនោះ ផ្ទុកដោយរមណីយដ្ឋានក្នុងស្រុកបន្ទាយស្រីទាំងអស់។

លោកបន្ថែមថា តំបន់ទេសចរណ៍ដែលទើបបង្កើតថ្មី ផលិតផលថ្មី បាននិងកំពុងទាក់ទាញអ្នកទេសចរណ៍ ទៅទស្សនាជារៀងរាល់ថ្ងៃ ដូចជា តំបន់ទេសភាពបឹងឈូក សួនផ្កាក្រអូប សួនផ្កាអូស្មូ ទឹកធ្លាក់ភ្នំគូលែនជាដើម។ ជាមួយគ្នានោះលោកក៏បាននឹងកំពុងធ្វើអោយមូលដ្ឋានរបស់ខ្លួន ប្រែក្លាយជាតំបន់ទេសរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២នៃខេត្ដ សៀមរាប ដោយសូម្បីតែការធ្វើកសិកម្មក៏អាចធ្វើឲ្យក្លាយជាកសិទេសចរណ៍ផងដែរ ក្នុងគោលបំណងទាក់ទាញអ្នកទេសចរទៅទស្សនា និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកឃឹម ហ្វីណង់បានឱ្យដឹងទៀតថា នៅភូមិដ្ឋានពលរដ្ឋមួយចំនួនទៀត ក៏ត្រូវប្រែក្លាយជាភូមិស្អាត បរិស្ថានល្អ និងកសិទេសចរណ៍ ដូចករណីភូមិព្រះដាក់ បើទោះបីនៅជនបទក្ដី តែជាភូមិមួយមានភាពស្រស់ស្អាត អនាម័យ និងបរិស្ថានល្អនៅក្នុងសហគមន៍របស់ខ្លួន ដូចជា ការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ តាមរយៈការបង្កើតសេវា”សហគមន៍ស្វ័យគ្រប់គ្រងសំរាម”ជាដើម។

លោកបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលបានរួមកំលាំងគ្នា រៀបចំជាសហគមន៍គំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍៕

កម្ពុជាស្នើក្រុមហ៊ុនយក្សកូរ៉េដើម្បីសហការវិនិយោគលើផ្នែកបច្ចេកវិទ្យាបែប ឆ្លាតវ័យនៅកម្ពុជា

ដោយៈ ប៊ី

កូរ៉េខាងត្បូងៈ អគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោកឡុង ឌីម៉ង់បានស្នើក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយ ក្រុមហ៊ុនផលិតម៉ូតូកង់បី Onion ដែលប្រើប្រាស់អគ្គិសនី ដំបូងបំផុតនៅកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូតកម្ពុជានៅកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍កន្លងមកនេះ។

ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូលនាពេលកន្លងទៅ នៅរោងចក្រផលិតរបស់ ក្រុមហ៊ុនLS Electric នាទីក្រុង Cheongju ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសេដ្ឋកិច្ច និងស្វែងយល់ដំណើរការផលិតគ្រឿងអេឡិកត្រូនិក នៃរោងចក្រវ័យឆ្លាត (Smart factory) ដែលអាចជំរុញល្បឿនចង្វាក់ផលិតកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឡុង ឌីម៉ង់បានយកឱកាសនោះជំរុញក្រុមហ៊ុន LS Electric នេះ ក្នុងការសហការជាមួយក្រុមហ៊ុន Onion ជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើប្រាស់អគ្គិសនីដំបូងបំផុតនៅកម្ពុជា ដែលកន្លងមកស្ថានទូតបានសម្របសម្រួលជាមួយស្ថាប័ននានានៅកម្ពុជា ដើម្បីសហការវិនិយោគលើផ្នែកបច្ចេកវិទ្យា និងការផលិតម៉ូតូកង់បី បែបឆ្លាតវ័យនៅកម្ពុជា។

ជាលទ្ធផលក្រុមហ៊ុនLS នឹងយកមកសំណើរនេះទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការសហការជាមួយស្ថានទូត ដើម្បីបាននាំយកបច្ចេកវិទ្យាផលិតដ៏ទំនើបនេះ ទៅបំពាក់នៅរោងចក្រផលិតនានានៅ កម្ពុជានាពេលអនាគតផងដែរ។

ក្រុមហ៊ុនLS Electric ជាក្រុមហ៊ុនធំលំដាប់ពិភពលោក មានរោងចក្រចំនួន៨ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន៤ ដៃគូ Subsidiaries ចំនួន១៣ និងមានសាខាចែកចាយចំនួន១៦ នៅទូទាំងពិភពលោក។ ផលិតផលសំខាន់ៗ របស់ LS Electric មានឧបករណ៍បំបែកសៀគ្វី និងកុងតាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ២.៦លានគ្រឿងឯណោះ។

ឧបករណ៍ទាំងនេះ អាចប្រើប្រាស់បានសម្រាប់ជាមុខងារ ប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជា ឧបករណ៍ដទៃទៀតដែលពឹងផ្អែក លើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម។

ក្នុងដំណើរទស្សនកិច្ចផងដែរ លោកប្រធានក្រុមហ៊ុនKoo Ja-kyun បានលើកឡើងថា ទាំងចំណេះដឹង និងបទពិសោធដ៏សំបូរបែបផ្នែកបច្ចេកវិទ្យា និងការវិនិយោគ របស់ LS Electric នៅលើពិភពលោក អាចបង្កើតភាពជាដៃគូជាមួយប្រទេសអាស៊ាន ដើម្បីបង្កើតតម្លៃថ្មី និងឱកាសប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មដ៏សំបូរបែប ជាពិសេ សអាចសហការលើការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម។

លោកប្រធានក្រុមហ៊ុន LS Electric ក៏បាននាំបណ្តាទូតអាស៊ាន ទៅពិនិត្យមើលទីតាំងផ្នែក G-sector ដែលជាផ្នែកសំខាន់នៃខ្សែផលិតកម្មវ័យឆ្លាតរបស់រោងចក្រ។ ទីតាំងផ្នែកG sector នេះមាននូវខែ្សផលិតកម្មវ័យឆ្លាត ដែលមានការធ្វើស្វ័យប្រវត្តិកម្មទាំងស្រុ ង ក្នុងការតម្លើងសម្ភារៈអេឡិកត្រូនិកនានា រួមទាំងការធ្វើតេស្ត និងវេចខ្ចប់ផងដែរ ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ២០ប៊ីលានវ៉ុន (១៨លានដុល្លារ) ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

តាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្ម ត្រូវបានកាត់បន្ថយដល់ពាក់ក ណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់ ៦០% រីឯការប្រើប្រាស់ថាមពលបានថយចុះ៦០% ហើយអត្រាផលិតផលដែលមានការខូចខាតក្នុងដំណើរការផលិតកាត់បន្ថយមកនៅត្រឹមតែ៧ឯកតាប៉ុណ្ណោះក្នុង១លានឯកតាផលិត៕

កន្លែងសម្រាកលម្ហែកាយនៅតំបន់ជាប់មាត់ព្រែកកំពតកើនឡើងជាង៤០០០បន្ទប់ជាមួយធម្មជាតិដ៏ទាក់ទាញ

ដោយៈតារា

កំពតៈ ជាមួយនឹងទឹកថ្លាខៀវស្រងាត់ អមដោយដើមចាកយោលយោគតាមខ្យល់ ពិសេសទេសភាពដ៏ទាក់ទាញ បានធ្វើឲ្យមាត់ព្រែកកំពតក្លាយជាកន្លែងសំរាកលំហែរកាយដ៏ពេញនិយមមួយសំរាប់ចុងសប្តាហ៍៍។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទោះឋិតក្នុងអំឡុងវិបត្តិកូវីដ-១៩ ប៉ុន្តែ កន្លែងសម្រាកលម្ហែនៅតំបន់ជាប់មាត់ព្រែក ត្រូវបានសាងសង់ក្នុងចំនួនកើនឡើង។ តាមការប៉ាន់ស្មានបន្ទប់ស្នាក់នៅអាចកើនពីជាងបួនពាន់បន្ទប់ នាពេលបច្ចុប្បន្ន ទៅជាងប្រាំពីរពាន់បន្ទប់ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។

លោកបានឱ្យដឹងថា “ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ខេត្តកំពតនៅតែទទួលបានភ្ញៀវច្រើន។ ចំណែកអ្នកវិនិយោគលើវិស័យទេសចរណ៍ជាច្រើន បាននឹងកំពុងរៀបចំកន្លែងផ្តល់សេវាទេសចរណ៍នានា ខ្លះជិតរួច ខ្លះរួចរាល់ហើយ ប៉ុន្តែមិនទាន់សុំលិខិតអនុញ្ញាតបើកធ្វើអាជីវកម្ម”។

លោកសយ ស៊ីណុលបានបញ្ជាក់ថា តំបន់អមសងខាងព្រែក នឹងមានរមណីយ ដ្ឋាន រីស៊ត បឹងហ្គាឡូ ភោជនីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗកាន់តែស្អាត កាន់តែធំ កាន់តែសម្បូរបែប ខណៈសកម្មភាពរៀបចំកែលម្អែ ការសាងសង់រីសត សណ្ឋាគារ បឹងហ្គាឡូ វីឡាថ្មីៗជាច្រើន នៅតែបន្តធ្វើ ជាពិសេសតំបន់ក្បែរៗ និងជាប់មាត់ព្រែកកំពត។

តាមការព្យាករ តំបន់នេះ នឹងក្លាយទៅជាបណ្តុំសម្រាកលម្ហែដ៏ពេញនិយម និងប្រកួតប្រជែងបំផុតរបស់ខេត្តកំពត។

ក្រុមអ្នកវិនិយោគបង្កើតទីតាំងសម្រាកលម្ហែ នៅតាមមាត់ព្រែកកំពត បានបញ្ជាក់ថា មាត់ព្រែកនេះ ជាទីកន្លែងមួយដ៏ស្រស់ស្អាត មានបរិយាកាសល្អ ខ្យល់បរិសុទ្ធបក់មកពីសមុទ្រ តំបន់ភ្នំបូកគោ និងភ្នំកំចាយ ដែលនៅក្បែរនោះ។ ព្រែកនេះ គឺចំណែកមួយដ៏សំខាន់បំផុតក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តកំពត។

ពួកគេបានបញ្ជាក់ទៀតថា ដោយសារការរៀបចំកែលម្អ និងច្នៃប្រឌិតកន្លែងស្នាក់នៅឲ្យប្លែកបែបធម្មជាតិ និងមានលក្ខណៈស្តង់ដាផង ទើបធ្វើឲ្យភ្ញៀវ និងអ្នកវិនិយោគជាច្រើន មិនអាចមើលរំលងតំបន់នេះ៕

NBC មិនទាន់ហ៊ានព្យាករណ៍៍ពីកំណើនឬការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅឆ្នាំនេះទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នវាយតម្លៃសេដ្ឋកិច្ចផងដែរនោះ នៅមិនទាន់ប្រាកដនៅឡើយថា តើវិស័យសំណង់និងអចលនទ្រព្យ នឹងវិវត្តន៍បែបណានៅឡើយទេនៅក្នុងឆ្នាំនេះ។

យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ទោះជាវិស័យសំណង់ និងអចលនទ្រព្យ ធ្លាប់ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញជាបណ្តើរៗ ក្នុងឆ្នាំ២០២១នេះយ៉ាងណាក្តី ប៉ុន្តែក្រោយព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ការព្យាករណ៍អាចប្រែប្រួល ហើយកំណើនគឺអាស្រ័យទាំងស្រុងថា តើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកចម្រើនកម្រិតណា។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានកើនឡើងត្រឹមតែ១ភាគរយប៉ុណ្ណោះ តម្លៃទុនវិនិយោគវិញ គឺធ្លាក់ចុះដល់ទៅ៣២,១ភាគរយ។

លើសពីនេះ ផ្ទៃគម្រោងសាងសង់សរុប ដែលបានអនុម័តក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះ២៦,៩ភាគរយផងដែរ (សល់ត្រឹម១៧ លានម៉ែត្រការ៉េ)។ កត្តានេះ បានធ្វើឱ្យវិស័យសំណង់ បង្អាក់កំណើនសេដ្ឋកិច្ច -០,២ភាគរយនៅឆ្នាំ ២០២០។

របាយការណ៍ដដែលបានបន្ថែមទៀតថា ការធ្លាក់ចុះនៅក្នុងវិស័យទាំង២ នេះ គឺដោយសារតែចំនួនការផ្អាកគម្រោង ការវិនិយោគថយចុះ និងការធ្លាក់ចុះនូវការនាំចូលសម្ភារៈសំណង់ ដែលភាគច្រើនបណ្ដាលមកពីវិបត្តិកូវីដ។

ដូច្នេះ សង្ឈឹមធំបំផុតរបស់វិស័យទាំង២នេះ គឺស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថាអាចគ្រប់គ្រងស្ថានភាពកូវីដបានកម្រិតណា។

របាយការណ៍ដដែលបានបន្ថែមទៀតថា ជាមួយកំណើនសេដ្ឋកិច្ចសកល និងក្នុងតំបន់ បូកនឹងការប្រសើរឡើងនៃទំនុកចិត្តទីផ្សារ នៅឆមាសទី២ នៃឆ្នាំ២០២១ កម្ពុជាអាចនឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសបន្ថែម ដែលនឹងធ្វើឱ្យវិស័យទាំង២នេះ រីកចម្រើនជាបណ្តើរៗផងដែរ៕

ហេតុផលសំខាន់ៗ ដែលធ្វើឲ្យតំបន់ជាយក្រុងភ្នំពេញទាក់ទាញគម្រោងអភវិឌ្ឍន៍លំនៅដ្ឋានលំដាប់ប្រណីតៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ទិសបាន និងកំពុងទទួលបានគម្រោងអភិវឌ្ឍន័លំនៅដ្ឋានប្រណីត ឬតម្លៃថ្លៃ ខណៈវិស័យលំនៅដ្ឋាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងនៅចុងសប្តាហ៍នេះថា ការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃប្រណីត បានផ្តើមបាញ់ឆ្ពោះទៅកាន់ជាយក្រុងរាជធានីភ្នំពេញ ដោយសារតែតម្លៃដីនៅក្បែរៗឬកណ្ដាលរាជធានី មានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។

លោកបានថ្លែងថា “ដូច្នេះពួកគេត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេ​ញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ”។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន”។

លោកបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋព្រោះថា វាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមួយរូប បានថ្លែងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានគ្រប់ប្រភេទ បាននិងកំពុងរីកសាយភាយ ទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចល​នទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋាន មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

តាមផែនការមេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលនឹងបន្តពង្រីកក្រុងភ្នំពេញបន្តទៀត ជាក់ស្ដែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ស្ពានអាកាស និងបណ្ដាញទឹកភ្លើងជាច្រើនទៀត ។

តាមការសង្កេតជាក់ស្ដែងនេះ គម្រោងលំនៅដ្ឋានតម្លៃខ្ពស់មួយចំនួន បានងាកចេញពីកណ្ដាល ឬក្បែរក្រុងទៅតំបន់អភិវឌ្ឍន៍ថ្មីមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ដែលមានបុរីលំនៅឋានតម្លៃ រហូតដល់កម្រិតលានដុល្លារអាមេរិក តំបន់ក្រាំងធ្នង់ដែលពីមុនគេចាត់ទុកជាវាលស្រែ ក៏មានការអភិវឌ្ឍលំនៅឋានតម្លៃ រាប់សិបម៉ឺនដុល្លារអាមេរិកផងដែរ៕