ហេតុផលសំខាន់ៗ ដែលធ្វើឲ្យតំបន់ជាយក្រុងភ្នំពេញទាក់ទាញគម្រោងអភវិឌ្ឍន៍លំនៅដ្ឋានលំដាប់ប្រណីតៗ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ទិសបាន និងកំពុងទទួលបានគម្រោងអភិវឌ្ឍន័លំនៅដ្ឋានប្រណីត ឬតម្លៃថ្លៃ ខណៈវិស័យលំនៅដ្ឋាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងនៅចុងសប្តាហ៍នេះថា ការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃប្រណីត បានផ្តើមបាញ់ឆ្ពោះទៅកាន់ជាយក្រុងរាជធានីភ្នំពេញ ដោយសារតែតម្លៃដីនៅក្បែរៗឬកណ្ដាលរាជធានី មានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។

លោកបានថ្លែងថា “ដូច្នេះពួកគេត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេ​ញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ”។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន”។

លោកបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋព្រោះថា វាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមួយរូប បានថ្លែងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានគ្រប់ប្រភេទ បាននិងកំពុងរីកសាយភាយ ទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចល​នទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋាន មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

តាមផែនការមេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលនឹងបន្តពង្រីកក្រុងភ្នំពេញបន្តទៀត ជាក់ស្ដែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ស្ពានអាកាស និងបណ្ដាញទឹកភ្លើងជាច្រើនទៀត ។

តាមការសង្កេតជាក់ស្ដែងនេះ គម្រោងលំនៅដ្ឋានតម្លៃខ្ពស់មួយចំនួន បានងាកចេញពីកណ្ដាល ឬក្បែរក្រុងទៅតំបន់អភិវឌ្ឍន៍ថ្មីមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ដែលមានបុរីលំនៅឋានតម្លៃ រហូតដល់កម្រិតលានដុល្លារអាមេរិក តំបន់ក្រាំងធ្នង់ដែលពីមុនគេចាត់ទុកជាវាលស្រែ ក៏មានការអភិវឌ្ឍលំនៅឋានតម្លៃ រាប់សិបម៉ឺនដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here