ក្រុមហ៊ុនអន្តជាតិកាន់តែច្រើននឹងចូលមកវិនិយោគនៅកម្ពុជាក្រោមការផ្តល់លក្ខខណ្ឌពិសេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការជួយសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាល និងការអនុវត្តច្បា​​ប់វិនិយោគថ្មី កម្ពុជានឹងកាន់តែទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាជនបរទេ​សនានាចូលមកវិនិយោគ បន្ថែមនៅកម្ពុជាកាន់តែច្រើនទៀត ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួន មិនបានការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ជនបរទេសនោះឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះថា ភាពទាក់ទាញលើការវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាមកកម្ពុជា នឹងកាន់តែមានកំណើនជាបន្តបន្ទាប់ ខណៈដែលទទួលបានការជួយសម្របសម្រួល និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជាបានធ្វើកំណែទម្រង់ និងដាក់ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់បណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាផងដែរ”។ លោកបន្តថា “នៅក្នុងប្រទេសកម្ពុជា ជនបរទេសអាចមានសិទ្ធិវិនិយោគផ្ទាល់១០០ភាគរយ ដោយមិនចាំបាច់សហការកម្មសិទ្ធិជាមួយអ្នកវិនិយោគក្នុងស្រុក(៥១%+៤៩%) ដូចជាបណ្តាប្រទេសជិតខាង ក្នុងតំបន់មួយចំនួននោះឡើយ មានន័យថា ជនបរទេសមានសិទ្ធិធ្វើជាម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនដោយឯកតោភាគី១០០ភាគរយ”។

អ្វីដែលកាន់តែពិសេស គឺកម្ពុជាបានក្លាយជាប្រទេសផ្តល់សេវាកម្ម ក្នុងនាមជាភ្នាក់​ងារចែកចាយទំនិញ ផលិតផលចម្រុះ ទៅកាន់ទៅផ្សារដ៏ធំរបស់ប្រទេសចិន ដែលជាង១៤០០លាននាក់ រួមជាមួយនឹងទីផ្សារនៃបណ្តាប្រទេសមួយចំនួនទៀត ដែលនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដូចជាប្រទេសកូរ៉េ ជប៉ុន ឥណ្ឌា ហុងកុង ជាដើម។ បន្ថែមពីនេះ ជនបរទេសក៏មានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុផងដែរ ដោយអាចទិញអាគារធ្វើជាកម្មសិទ្ធិចាប់ជាន់ទី១ឡើងទៅ។

ពាក់ព័ន្ធទៅនឹងការអនុគ្រោះដល់បណ្តាជនបរទេសមានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុនៅកម្ពុជា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKw Cambodia ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការផ្តល់សិទ្ធិដល់ជនបរទេសក្លាយជាម្ចាស់អចលនវត្ថុចាប់ពីជាន់ទី១ឡើង វាគឺជារឿងមួយដែលលើកទឹកចិត្តដល់ជនបរទេសដែលចូលមករស់នៅ និងប្រអាជីវកម្មនៅក្នុងកម្ពុជា។ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានបង្កើត និងបែងចែកទីតាំងនៅតំបន់ណាមួយ ដែលអាចអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យជាន់ផ្ទាល់ដី ធ្វើជាកម្មសិទ្ធិបានគឺកាន់តែល្អជាងនេះទៅទៀត។

លោកឧកញ៉ាបញ្ជាក់ថា “កម្ពុជាគួរបង្កើតតំបន់អចលនទ្រព្យពិសេស សម្រាប់ជនបរទេស។ នៅពេលដែលមានការបង្កើត តំបន់អចលនទ្រព្យពិសេសណាមួយ ដែលអនុ​ញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញដី និងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ វានឹងជះឥទ្ធិពលល្អដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់១០គីឡូម៉ែត្រជុំតំបន់អភិវឌ្ឍន៍នោះដែរ”។

លោកបន្តថា ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយគឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយ មានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោត គឺជាចលករមួយដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃ ដោយ​ស្វ័យប្រវត្តិ៕

ក្រុមហ៊ុនCentury21 Cambodia តំរង់ទិសចាប់យកទីផ្សារចិន ដើម្បីចាប់ចំណែកទីផ្សារអចលនទ្រព្យកាន់តែធំ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំ ដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នឹងល្អប្រសើរឡើងនៅឆ្នាំនេះ។

លោកGao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានមាន​ប្រសាសន៍ថា កម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិន ដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរ ដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជា ទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរ តភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី២ ទៅ៥ម៉ោងប៉ុណ្ណោះ នៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។

លោកបន្តថា “វិនិយោគិនចិននៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទង នឹងការរកទីតាំងវិនិយោគនិងការទិញដី សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម”។

លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុនCentury 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោក នឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។

ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏សមស្របតាមការលើកឡើងរបស់ ជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានអះអាងថាទីផ្សារក្នុងវិស័យនេះ កំពុងមានសញ្ញាវិជ្ជមានឡើងវិញ នៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺCovid19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាព ដែលជួយបង្កើនទំនុកចិត្តវិនិយោគិន ជាពិសេសក្នុងចំណោមពាណិជ្ជករចិន ដែលជាវិនិយោគិនសក្តានុពល។

អ្នកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជា នឹងស្ទុះឡើងប្រកប ដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់១លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។

អ្នកស្រីថ្លែងថា #ឆ្នាំ ២០២១លំហូរវិនិយោគិនចិននៅកម្ពុជា នឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជា ទទួលបានផលចំណេ ញ និងវិនិយោគដោយសុវត្ថិភាព”។

គិតមកទល់ពេលនេះ ក្រុមហ៊ុនCentury 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ២៣នៅភ្នំពេញ និង៣៨សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត៧០០នាក់៕

វិថីឆ្ពោះទៅកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានត្រៀមខ្លួនដូចម្តេច?

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

ភ្នំពេញៈ នៅសល់រយៈពេលជាង៩ខែទៀតប៉ុណ្ណោះ ឆ្នាំ​២០២២ នឹងចូល​មកដល់​ហើយ ហើយ​ប្រទេស​កម្ពុជា​ ក៏​នឹង​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣​។ តួនាទី​នេះ​អាច​ជា​មោទនភាព​ផង ហើយ​ក៏​អាច​ជា​សម្ពាធ​ផងដែរ​។

 

អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏សំខាន់​មួយ ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​។ ទោះបី​ជា​កម្ពុជា ជា​អ្នក​មក​យឺត​ក្នុង​កិច្ចការ​អាស៊ាន​ក្តី កម្ពុជា​តែងតែ​បាន​បង្ហាញថា ខ្លួន​ជា​អ្នកគាំទ្រ​ដ៏សកម្ម និង​មាន​លក្ខណៈ​ស្ថាបនា​ សម្រាប់​ការកសាង​សហគមន៍​អាស៊ាន​។ ភាពក្លាហាន​របស់​កម្ពុជា ​ក្នុង​ការទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ជាលើកដំបូង​ក្នុង​ឆ្នាំ​២០០២ បន្ទាប់ពី​ចូល​ជា​សមាជិក​បាន​រយៈពេល៣​ឆ្នាំ ​ទៅក្នុង​សមាគម​តំបន់​មួយ​នេះ​បានបង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏រឹងមាំ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ចំពោះ​សមាហរណកម្ម​តំបន់ និង​ពហុភាគី​និយម​។ ការប្តេជ្ញាចិត្ត​ទាំងនេះ​នៅតែ​ស្ថិតស្ថេរ​ជានិច្ច ហើយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។

យើង​មាន​មោទនភាព ​ដែល​បាន​ក្លាយ​ជា​តួអង្គ​សកម្ម​ម្នាក់​ នៅក្នុង​សហគមន៍​អាស៊ាន​ដែល​ជា​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ និង​ចូលរួម​ខ្លាំង​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ទោះបី​មាន​ការរិះគន់​ថា អាស៊ាន​គ្រាន់តែ​ជា​ “​វេទិកា​ព្រោក​ប្រាជ្ញ​” ក្តី ក៏​ប្រទេស​នៅក្រៅ​តំបន់​ជារឿយៗ​ តែងតែ​ចង់​ប្រើប្រាស់​វេទិកា​អាស៊ាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​នៅក្នុង​តំបន់ ​ស្វែងរក​គោលដៅ​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ផ្សេងទៀត​ដែល​វេទិកា​ពហុភាគី​និយម​អាច​ផ្តល់ជូន​។

ជា​ការពិត​ចំពោះមុខ ​នៃ​បញ្ហា​ប្រឈម​ពី​ការរីក​រាលដាល ​នៃ​ជំងឺ​កូវីដ១៩ អាស៊ាន​ប្រហែល​ជា​ស្ថាប័ន​តំបន់​ដែល​សកម្ម​បំផុត​មួយ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ ​ដែលមាន​ការច្នៃប្រឌិត និង​ជំរុញ​ការសម្របសម្រួល​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​។

ការបង្កើត​មូលនិធិ​អាស៊ាន​ សម្រាប់​ការឆ្លើយតប​ចំពោះ​កូវីដ​១៩ ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF), ក្របខ័ណ្ឌ​ការរៀបចំ​ច្រក​ធ្វើដំណើរ​អាស៊ាន (TCAF) និង​ការស្នើ​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​អាស៊ាន ​សម្រាប់​ភាពបន្ទាន់​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន (ACPHEED) និង​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្របសម្រួល​បន្ទាន់​ ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន (APHECS) ជាដើម គឺជា​ភ័ស្តុតាង​សំខាន់​ ដែល​បញ្ជាក់ពី​ការងារ​សម្របសម្រួល​គោលនយោបាយ​ ដែលមាន​លក្ខណៈ​បុរេ​សកម្ម​របស់​អាស៊ាន ហើយ​ដែល​សកម្មភាព​សម្របសម្រួល​ ជា​លក្ខណៈ​តំបន់​បែបនេះ យើង​ស្ទើរតែ​ពុំ​ឃើញ​មាន​ នៅក្នុង​តំបន់​ផ្សេងទៀត​ទូទាំង​ពិភពលោក​។

ក្នុង​នាម​ជា​ពលរដ្ឋ​អាស៊ាន យើង​គួរតែ​មាន​មោទនភាព​ចំពោះ​ស្នាដៃ​ទាំងនេះ ជា​ជាង​ការទទួល​យក​ការដាក់​ឈ្មោះថា “​អាស៊ាន​ជា​វេទិកា​ព្រោកប្រាជ្ញ​”​។

តើ​អ្វី​ទៅ​ដែល​នឹង​ក្លាយ​ជា​កិច្ចការ​សំខាន់​ សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២២?

ជាដំបូង និង​សំខាន់​ជាងគេ គឺ​យើង​ត្រូវ​កំណត់​និន្នាការ​សកល​សំខាន់ៗ (mega trends) ដែលមាន​ឥទ្ធិពល​លើ​តំបន់​។

បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩ នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​ សម្រាប់​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ដែល​កំពុងតែ​ស្វិតស្វាញ​ស្វែងរក​វិធីសាស្ត្រ​ស្តារ​សេដ្ឋកិច្ច និង​ធុរកិច្ច​ដែល​ស្ទើរតែ​ដួលរលំ​។ យើង​ដឹងថា លទ្ធភាព​នៃ​ការធ្វើដំណើរ​មក​ចូលរួម​ប្រជុំ​ ដោយផ្ទាល់​នៅ​កម្ពុជា ​នៅតែ​មាន​បញ្ហា​នៅឡើយ ទោះបី​ជា​កម្ពុជា​មានបំណង​រៀបចំ​កិច្ចប្រជុំ ​នៅក្នុង​ឆ្នាំ​ ២០២២ ដោយ​មាន​វត្តមាន​ផ្ទាល់​ក៏ដោយ​។

ការប្រកួតប្រជែង​រវាង​មហាអំណាច ​នឹង​នៅតែ​បន្ត​មាន​ភាពតានតឹង ​ហើយ​ការបែងចែក​ពិភពលោក​ជា​២ ទាំង​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម លម្ហ​ឌីជីថល និង​បច្ចេកវិទ្យា​គឺជា​សេចក្តី​កង្វល់​ដ៏ធំ​មួយ​។

នៅក្នុង​តំបន់​របស់​យើង សេចក្តី​កង្វល់​អំពី​សន្តិសុខ​ជា​ប្រពៃណី ដូចជា ការកើតមាន​នូវ​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ បញ្ហា​ដ៏ស្មុគស្មាញ​នៃ​ព្រំដែន​គោក និង​ព្រំដែន

សមុទ្រ​ជាដើម​នឹង​នៅតែ​បន្ត​មាន​។ ចំពោះ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី មានដូចជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការជួញដូរ​មនុស្ស​ ជនបាត់បង់​ទីលំនៅ​ក្នុងស្រុក​ ការផ្លាស់ប្តូរ​អាកាសធាតុ ជាដើម​នឹង​បន្ត​ក្លាយ​ជា​បញ្ហា​ប្រឈម​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​។

ជា​ការពិត​ប្រទេស​កម្ពុជា​មិនអាច​សម្តែង​ថា យើង​នឹង​មាន​លទ្ធភាព​ទទួលជោគ​ជ័​យ​ក្នុង​ការផ្លាស់ប្តូរ​របត់ ​សម្រាប់​និន្នាការ​សកល​ធំៗ​ទាំងនោះ​ទេ នៅពេល​ដែល​តួនាទី​ជា​ប្រធាន​របស់​យើង​នឹង​បញ្ចប់​។ យើង​ដឹង​ច្បាស់​ថា អ្វី​ទៅ​គឺជា​ការអនុវត្ត​ប្រកប​ដោយ​ភាពប្រាកដនិយម និង​សេចក្តី​ស្រមៃ​ដែល​យើង​ចង់បាន​។

កម្ពុជា​នឹង​បោះជំហាន​ឆ្ពោះ​ទៅរក​សេចក្តី​ស្រមៃ ​ប្រកបដោយ​ភាពប្រាកដ​និយម​

កម្ពុជា​ដឹងថា ភាពជា​ប្រធាន​អាស៊ាន​ប្តូរវេន​របស់​កម្ពុជា មិនមែន​ជា​ជោគជ័យឬ​បរា​ជ័យ ដាច់ដោយ​ឡែក​សម្រាប់​កម្ពុជា​នោះទេ​។ ភាពជា​ប្រធាន​របស់​កម្ពុជា គឺជា​ការប្តូរ​វេន​ជាមួយ​នឹង​ប្រធាន​មុនៗ ដូច្នេះ​រាល់​សមិទ្ធផល ឬ​វឌ្ឍនភាព​ទាំងឡាយ​គឺជា​ស្នាដៃ​រួម​របស់​សមាជិក​អាស៊ាន​ទាំង​១០​។

នេះ​គឺជា​សារៈសំខាន់​នៃ “​មាគ៌ា​អាស៊ាន​” ក្នុង​ការថែរក្សា​មជ្ឈភាព​អាស៊ាន និង​សារៈសំខាន់​របស់​អាស៊ាន នៅពេល​ប្រឈម​នឹង​និន្នាការ​សកល​ដែល​លំបាក​ និង​ប្រកប​ដោ​យ​​ការរើសអើង​បែងចែក​។

ការណ៍​ដែល​ស្ថាប័ន​អាស៊ាន ​នៅតែមាន​ភាពស្អិតល្មួត​ផ្ទៃក្នុង​មិន​ប្រេះឆា គឺ​ដោយ​សារ​តែ​យើង​រក្សា​បាន​នូវ​គោលការណ៍ ​ប្រតិបត្តិ​មូលដ្ឋាន​ដែលជា“​មាគ៌ា​អាស៊ាន​” ដែល​ផ្តល់​តម្លៃ​ ទៅលើ​ការ​ឯកភាព​គ្នា​នៅក្នុង​ភាពចម្រុះ​ ការគោរព​គោលការណ៍​កុង​សង់ស៊ីស​ ការខិតខំ​ជំរុញ​ការសន្ទនា និង​ពិគ្រោះ​យោបល់ ដែល​មាន​លក្ខណៈ​ស្ងាត់ស្ងៀម ​ដែល​គោរព​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​របស់​ប្រទេស​សមាជិក​នៅ​រាល់​ពេលដែល​យើង​ជួបប្រទះ​បញ្ហាលំបាក​ ពីព្រោះថាអាស៊ាន​តែងតែ​លើកកម្ពស់​ការឯកភាព​គ្នា​ដើម្បី​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ប៉ុន្តែ​អាស៊ាន​មិន​ជំរុញឱ្យ​មាន​ការឯកភាព​គ្នា ដើម្បី​ជំរុញ​ការប្រឈមមុខ​ដាក់គ្នា​នោះទេ​។

ជាមួយ​នឹង​និន្នាការ​សកល​ធំៗ​ខាងលើ ​អាទិភាព​សំខាន់បំផុត​របស់​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០២២ ​គឺ​យើង​ត្រូវ​បន្ត​រក្សា និង​គ្រប់គ្រង​ស្ថានភាព​/​បរិស្ថាន​ ដែល​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ដើម្បី​ទ្រទ្រង់​ការជំរុញ​វិបុលភាព​ក្នុង​តំបន់​។

ដូច​ប្រធាន​អាស៊ាន​ទាំងអស់​ផ្សេងទៀត​ដែរ កម្ពុជា​នឹង​ខិតខំ​ជំរុញ​របៀបវារៈ​ទាំង​ឡាយ​ណា ​ដែល​ចងភ្ជាប់​យើង​ទាំងអស់​គ្នា ជា​ជាង​បញ្ហា​ដែល​បែងចែក​យើង​ទាំងអស់​គ្នា​។ នេះ​មិនមែន​មានន័យថា អាស៊ាន​កំពុង​គេចវេះ​ពី​បញ្ហា​នោះទេ ប៉ុន្តែ​អាស៊ាន​តែងតែ​ប្រកាន់​ជំហរ​ជាក់ស្តែង​និយម ​នៅពេល​ដែល​យើង​ជួបប្រទះ ​នូវ​បញ្ហា​ប្រឈម​ណាមួយ​។ ​

ឧទាហរណ៍ ជាការ​អនុវត្ត​ជាក់ស្តែង អាស៊ាន​ពុំ​អាច​ធ្វើអ្វី​បាន​ច្រើន​ឡើយ ​ចំពោះ​បញ្ហា​ការប្រកួតប្រជែង​រវាង​មហាអំណាច​។

ដូច្នេះ ប្រសិន​បើ​មហាអំណាច​ទាំង​២អាច​ស្វែងរក ឬ​ជួយ​អាស៊ាន​ក្នុង​ការស្វែងរក​របៀបវារៈ​ទាំងឡាយណា ​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​ រវាង​មហាអំណាច​ទាំង​២ ជំនួស​ឱ្យ​ការចោទប្រកាន់​ និង​ការលាប​ពណ៌​ដាក់គ្នា​ឥត​ឈប់ឈរ នោះ​ប្រហែល​ជា​ប្រធា​ន​អាស៊ាន​ទាំងអស់ ​នឹងមាន​ភាពធូរស្រាល​ក្នុង​ចិត្ត​។ ប៉ុន្តែ​នេះ​ប្រហែល​បានត្រឹម​តែ​ជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ​។

អ្វីដែល​សំខាន់​ដែរនោះ គឺ​យើង​ត្រូវ​ព្យាយាម​លើក​កម្ពស់​ “​ភាព​ជាក់ស្តែង​”(tangibility) នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​។

នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សាមញ្ញ ប៉ុន្តែ ពិបា​ក​ឆ្លើយ​ចំពោះ​ពលរដ្ឋ​អាស៊ាន​ថា តើ​សហគមន៍​អាស៊ាន​មាន​ផលប្រយោជន៍​អ្វីខ្លះ ​សម្រាប់​ពួកគេ​?។

ក្នុងការ​កំណត់​អាទិភាព​ សម្រាប់​ការធ្វើជា​ប្រធាន​ឆ្នាំ​២០២២ ​យើង​ព្យាយាម​ផ្តោត​លើ​វិធីសាស្ត្រ​ ដែល​យើង​អាច​ផ្តល់នូវ​ផលប្រយោជន៍ ​ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​អាស៊ាន​។ ផលប្រយោជន៍​ដែល​អាច​ប៉ះ​បាន និង​អាច​ដឹងឮ​បាន ដើម្បីឱ្យ​យើង​អាច​ផ្តល់ឱ្យ​ពលរដ្ឋ​អាស៊ាន​នូវ​មោទនភាព និង​ក្តីសង្ឃឹម​សម្រាប់​អនាគត និង​ទំនុកចិត្ត​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ​របស់​អាស៊ាន ដោយ​គ្មាន​បោះបង់​នរណាម្នាក់​ឡើយ​។

ក្នុង​ស្មារតី​នេះ យើង​កំពុង​ព្យាយាម​ពិនិត្យមើល​វិធី ​ដែល​យើង​អាច​លើកកម្ពស់ “​ភាពជាក់ស្តែង​” នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន ​តាមរយៈ​សកម្មភាព​របស់​យើង​ទៅលើ​ជំងឺ​កូវីដ​១៩ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ​គ្រប់​ជ្រុងជ្រោយ​តំបន់(RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត​ ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​ សេដ្ឋ​​កិច្ច​ឌីជីថល​ ការពង្រឹង​ការការពារ​ពលករ​ចំណាកស្រុក​ ការពង្រឹងសមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ ការផ្លាស់ប្តូរ​អាកាសធាតុ​ ការតភ្ជាប់​ផ្លូវដែក​ ការតភ្ជាប់​រវាង​តំបន់ឧស្សា​ហកម្មជាដើម។

បន្ថែម​ទៅលើ​អត្ថប្រយោជន៍​ជាក់ស្តែង​ ដែល​កំពុងមាន​ស្រាប់ ដូចជា​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រវាង​សមាជិក​អាស៊ាន​ ការតភ្ជាប់​ផ្លូវ​ហាយវ៉េ​អាស៊ាន​ ឱកាស​ផ្លាស់ប្តូរ​យុវជន និង​អាហារូបករណ៍​ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​,​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ពី​ដៃគូជាដើម​។​ល​។

យើង​ក៏​ព្យាយាម​ធ្វើឱ្យ​មាន​តុល្យភាព​ផងដែរ ​រវាង​សសរស្តម្ភ​ទាំង​៣​របស់​អាស៊ាន នោះ​គឺ​សហគមន៍​សន្តិសុខ ​នយោបាយ​ សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​សង្គម​វប្បធម៌​។ ជា​ទិដ្ឋភាព​ក្នុងប្រទេស យើង​មាន​បំណង​ធានាថា យើង​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

ជា​ទិដ្ឋភាព​ក្នុង​តំបន់ យើង​ចង់​ធានាថា រាល់​អត្ថប្រយោជន៍​ទាំង​អស់ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ ក្នុង​ការកសាង​សហគមន៍ ​ត្រូវបាន​ចែករំលែក​ដល់​គ្រប់​កម្រិត និង​គ្រប់​វិស័យ និង​ជាពិសេស​បាន​ទៅ​ផ្ទាល់​ដល់​ប្រជាជន​អាស៊ាន ​ដែល​យើង​មាន​កាតព្វកិច្ច​បម្រើ​៕

 

តម្លៃអចលនទ្រព្យនៅរក្សាតម្លៃថេរ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថានៅតែរក្សាតម្លៃថេរ ទាំងដីធ្លី និងលំនៅឋាន បើទោះបីជាឆ្នាំ២០២០ និង២០២១នេះកម្ពុជានៅតែបន្តជួបវិបត្តិដោយសារតែកូវីដ១៩ និងមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មិនានេះថា ទោះ​បីជាកម្ពុជាយើងជួបវិបត្តិដោយសារតែកូវីដ១៩ក្នុងឆ្នាំ ២០២១នេះបន្តទៀតក្ដី តែតម្លៃដីធ្លី និងលំនៅឋាន ក្នុងខេត្តជាប់មាត់សមុទ្រដូចជាកំពត និងកែបជាទូទៅមិនមានការធ្លាក់ចុះនោះទេ គឺនៅរក្សាតម្លៃដដែល។ ដោយឡែក សម្រាប់ដីធ្លីមួយចំនួនដែលពលរដ្ឋ ប្រញ៉ាប់លុយដោះស្រាយជីវភាពនិងបញ្ហាហិរញ្ញវត្ថុ ក៏បានលក់ចេញក្រោមតម្លៃទីផ្សារបន្តិច។

លោកបន្តថា “ដីដែលល្អ ដីដែលមានសក្ដានុពល នៅតែលក់នៅក្នុងតម្លៃទីផ្សារ ដោយអត់មានការចុះថ្លៃនោះទេ ហើយទោះបីស្ថិតនៅក្នុងដំណាក់កាលនេះក្ដី ក៏មានភ្ញៀវជាច្រើនបានមកស្វែងរកដីធ្លីនៅកំពតនិងកែប និងមានការទិញលក់ជាហូរហែផងដែរ មិនស្ងប់ស្ងាត់នោះឡើយ”។លោកថា “អ្នកមានលុយ គឺមានឱកាសនៅក្នុងដំណាក់នេះ គឺឱកាសក្នុងការរកទីតាំងដីតំបន់ល្អៗ និងមានតម្លៃទាបជាងទីផ្សារផងដែរ បើសិនជាទិញប៉ះចំម្ចាស់ដីដែលមានបញ្ហាហិរញ្ញវត្ថុ”។

ចំណែកលោកងិន ភីរម្យ ជាភ្នាក់ងារអចលនទ្រព្យម្នាក់នៅខេត្តកែបក៏បានឱ្យដឹងផងដែរថាការទិញលក់ដីធ្លីតូចធំនៅតែមាន ជាក់ស្ដែងក្រុមលោកបានទទួលភ្ញៀវមកមើល​ដីនិងសម្រេចចិត្តទិញភ្លាមៗ ដោយរំពឹងថានឹងអភិវឌ្ឍជាគម្រោងសម្រាប់ វិស័យទេសច​រណ៍នៅពេលអនាគត ជាពិសេសក្រោយចប់វិបត្តិកូវីដ១៩ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា ជាទូទៅតម្លៃអចលនទ្រព្យមិនមានការចុះថ្លៃទេ នៅក្នុងពេលដែលកម្ពុជាមានវិបត្តិដោយសារជំងឺកូវីដ១៩ តែអចលនទ្រព្យមួយចំនួនក៏មានការថមថយ ដោយ​សារតែម្ចាស់អចលនទ្រព្យត្រូវការលក់បន្ទាន់ ដូច្នេះហើយទើបមានការធ្លាក់ចុះនៃតម្លៃ តែក៏មិនមែនធ្លាក់ចុះខ្លាំងនោះដែរ ៕

ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងអូសទាញការវិនិយោគវិស័យសំណង់

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកែប្រែមុខមាត់យ៉ាងប្រសើរជាមួយនឹងសន្ទុះនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មចំរុះយ៉ាង សម្បូរបែប ជាពិសេស គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ខ្ពស់ៗ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងតែមានសកម្មភាព។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យបណ្តាអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមសកម្មភាពបោះទុនវិនិយោគទៅលើវិស័យសំណង់ ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកំពុងតែមានសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់មានភាពល្អប្រសើរជាងមុន។

លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល វិស័យឧស្សាហកម្មបាន និងកំពុងតែដើរឈានមុខគេ ដោយចំនួនរោងចក្រ សហគ្រាសតូចធំសរុបច្រើនជាង ២៧០គម្រោង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារស្នើសុំដំណើរការក្នុងពេលខាងមុខនេះ ខណៈដែលគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងច្បារកំពុងបន្តដំណើរការដ្ឋានដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រៅពីគម្រោងទាំងនេះ នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងបង្កើតទីក្រុងវៃឆ្លាតលើដីទំហំ ១០០ហិកតា រួមជាមួយការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា លើដីទំហំ១២៦ហិកតា ក្នុងទឹកប្រាក់វិនិយោគប្រមាណ១០លានដុល្លារ ស្ថិតក្នុងស្រុកភ្នំស្រួច ដែលរហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០ភាគរយ”។

ងាកមកចាប់អារម្មណ៍ជាមួយនឹងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានវិញត្រូវបានគេកត់សម្គាល់ឃើញថា មានសកម្មភាពគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងក្រុងច្បារមន ដែលជាប្រភេទលំនៅដ្ឋានតម្លៃមធ្យមក្នុងចន្លោះចាប់ពី៥-១២ម៉ឺនដុល្លារ៕

ហ្វ្រី ហ្វ្រី ! ប្រា​សាក់ ផ្ដល់​សេវា​បញ្ចូល​កាត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន

ដោយ ប្រា​សាក់

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ទិញ​កាត​ទូរស័ព្ទ​ប្រព័ន្ធ​មិត្ត​ហ្វូ​ន ដោយ​អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់ ឬ ទូរស័ព្ទ​របស់​ញាតិមិត្ត​បាន​ដោយ ស្វ័យប្រវត្តិ​តាមរយៈ​សេវា​ធនាគារ​ចល័ត ( PRASAC Mobile Banking ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ PRASAC Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​អស់​កម្រៃ​សេវា។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ចំពោះ​ភាពជា​ដៃគូ​សម្រាប់​ការផ្តល់សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ ដែល​នឹង​នាំមក​នូវ​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់​យើង។ ឥឡូវនេះ អតិថិជន​មិនចាំបាច់​ធ្វើដំណើរ ឬ រក​តូប​លក់​កាត​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​នោះទេ។ ជាមួយនឹង​សេវា​ធនាគារ​ចល័ត (ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង) និង​អេ​ធី​អឹម​របស់​ប្រា​សាក់ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​កោស​កាត បាន​យ៉ាង​ងាយស្រួល​និង​លឿន​រហ័ស។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ​មិន​អស់​កម្រៃ​សេវា​នោះឡើយ»។

លោក សាយ សូ​នី បាន​បន្តទៀតថា នេះ​គឺជា​ភាពជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​នឹង​ផ្តល់នូវ​ដំណោះស្រាយ​បន្ថែម​លើ​សេវា​ធនាគារ​ដែល​ប្រកបដោយ​ភាពងាយស្រួល​និង​ច្នៃប្រឌិត​ថ្មី​សម្រាប់​អតិថិជន​ដែ​ប្រើ​ប្រព័ន្ធ Metfone ទាំងអស់។ ពួកគាត់​អាច​បើក​គណនី​សន្សំ​និង​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត​នៅតាម​សាខា​ណាមួយ​របស់​ប្រា​សាក់​នៅ​ទូទាំងប្រទេស។ ជាមួយ​សេវា​នេះ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដោយផ្ទាល់​ពី​គណនី​សន្សំ​របស់លោក​អ្នក​បាន​គ្រប់ពេលវេលា ដែល​ធានាថា​ទូរស័ព្ទ​លោកអ្នក​នឹងមិន​អស់​សមតុល្យ​ទឹកប្រាក់​នៅក្នុង​ទូរស័ព្ទ​ហើយ​ដើររក​ទិញ​កាត​ទូរស័ព្ទ​ទៀតឡើយ»។

សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​អតិថិជន​រួមមាន៖ សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​ប៊ា​ល​ប៊ែ​ង​ឃី​ង សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ឥណទាន ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង និង​រី​ធែ​ល​ផេ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា CSS (ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ជា​សមាជិក CSS)  និង​សេវាផ្សេងៗទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh ឬ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ៕

ក្រុមហ៊ុនធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់កម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩បានបញ្ចប់។ នេះបើយោងតាមលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ស្ថានទូតកម្ពុជាបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនសាជីវកម្មធំៗដូចជា BJC (ប្រតិបត្តិករផ្សារទំនើប BigC) ក្រុមហ៊ុន CP ALL (ប្រតិបត្តិករហាងលក់ទំនិញរាយ 7-Eleven) ក្រុមហ៊ុន KTIS Group (ប្រតិបត្តិកររោងចក្រស្ករសធំជាងគេលើពិភពលោក) ក្រុមហ៊ុន Betagro Group (ប្រតិបត្តិកររោងចក្រអាហារកែច្នៃធំទី២ បន្ទាប់ពីក្រុមហ៊ុន CP)។

ស្ថានទូតក៏បានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន P.P.J. Engineering (ប្រតិបត្តិកររោងចក្រម៉ាស៊ីនត្រជាក់ធំជាងគេ) ព្រមទាំងក្រុមហ៊ុនជាច្រើនទៀត ដើម្បីស្វែងយល់ពីប្រតិបត្តិការធុរកិច្ចទូទៅ និងផ្សព្វផ្សាយគោលនយោបាយវិនិយោគ កាលានុវត្តភាពធុរកិច្ច ព្រមទាំងសក្តានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ស្ថានទូតបានឱ្យដឹងថា “ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនសុទ្ធតែបានសន្យាពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់”។

នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២០ បើទោះបីជារងសម្ពាធពីវិបត្តិជំងឺកូវីដ១៩ ដែលបានកំពុងរាតត្បាតទូទាំងសាកលលោក ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រោមការដឹកនាំរបស់លោក អ៊ូក សោភ័ណជាឯកអគ្គរាជទូត បានធ្វើសកម្មភាពជាច្រើន ដោយសម្រេចបានលទ្ធផលធំៗគួរជាទីមោទនៈសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ស្ថានទូតបានទទួលជួបពិភាក្សា និងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកធុរកិច្ចឥតគិតថ្លៃ ជូនប្រតិភូធុរជនថៃ និងបរទេស ដោយក្នុងនោះបានជម្រាបជូនពីកំណើនសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពធុរកិច្ច គោលនយោបាយវិនិយោគ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនមិនត្រឹមតែកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ប៉ុន្តែសម្តែងការពេញចិត្តចំពោះទីផ្សាររបស់កម្ពុជា ព្រមទាំងកម្មវវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

មហាយក្សចិនដាក់ចេញចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រថ្មី ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត

ដោយៈ សុខុម

ប៉េកាំងៈ មហាយក្សចិន នៅថ្ងៃសុក្រ ទី៥ ខែមីនានេះ បានដំឡើងគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) សាជាថ្មី ក្រោយសេដ្ឋកិច្ចរបស់ខ្លួនចាប់ផ្ដើមងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ក្នុងថ្ងៃដដែល។

មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានកំណត់គោលដៅGDP លើស៦% ហើយបានសន្យាបង្កើតការងារបន្ថែមទៀតនៅក្នុងទីក្រុងនានាឱ្យបានច្រើនជាងឆ្នាំមុន ខណៈខ្លួនចាប់ផ្ដើមងើបពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជាបណ្ដើរៗ។

ក្នុងឆ្នាំ២០២០ ប្រទេសចិន បានបន្ទាបគោលដៅកំណើន GDP របស់ខ្លួននៅក្នុងរបាយការណ៍ការងាររបស់នាយករដ្ឋមន្រ្តីជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២មក ក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។

នាយករដ្ឋមន្ត្រីលី ខឹឈាង (Li Keqiang) បានលើកឡើងតាមរយៈរបាយការណ៍ការងារឆ្នាំ២០២១ របស់លោកថា “ជាគោលដៅទូទៅ អត្រាកំណើនរបស់ប្រទេសចិន ត្រូវបានកំណត់លើស៦% សម្រាប់ឆ្នាំនេះ។ នៅក្នុងការកំណត់គោលដៅនេះ យើងបានគិតគូរដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច”។

ជាការកត់សម្គាល់ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏ GDP របស់ប្រទេសចិន នៅតែអាចទទួលបានកំណើន២,៣% កាលពីឆ្នាំមុន ហើយចិនគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលទទួលបានកំណើន។

លោកលី ខឹឈាងបានថ្លែងក្នុងកិច្ចប្រជុំសភានៅឆ្នាំនេះថា ប្រទេសចិន នឹងកំណត់គោលដៅបង្កើតការងារថ្មីៗឱ្យបានជាង១១លានកន្លែងនៅក្នុងទីក្រុង បើធៀបនឹងគោលដៅបង្កើតការងារថ្មីៗជាង៩លាន់កន្លែងក្នុងឆ្នាំ២០២០។

ស្របនឹងការងើបឡើងនៃសេដ្ឋកិច្ច រដ្ឋាភិបាលចិន កំពុងកំណត់គោលដៅឱនភាពថវិកាសម្រាប់ឆ្នាំ២០២១ ប្រមាណ៣,២% នៃ GDP ដែលតិចជាងគោលដៅលើស៣,៦% កាលពីឆ្នាំមុន៕

ក្រុមហ៊ុនប៊ឺហ្គឺរអាមេរិកដ៏ធំមួយប្រកាសបន្តពង្រីកការវិនិយោគនៅទីផ្សារកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន The Habit Burger Grill ដែលមានបទពិសោធន៍ជាង៥០ឆ្នាំ លើប៊ឺហ្គឺររសជាតិឆ្ងាញ់បំផុតរបស់អាមេរិក នឹងបើកសាខាថ្មីបន្ថែមនៅអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ។

ក្រុមហ៊ុនភោជនីយដ្ឋាន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាល្បីឈ្មោះ បានប្រកាសថា នឹងបើកដំណើរការភោជនីយដ្ឋានទី៣របស់ខ្លួន នៅខេត្តកណ្តាល ដោយមានការដៃគូសហការជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុន The Habit Burger Grill ទទួលបានពានរង្វាន់ផ្តោតលើអាហារផ្សេងៗគ្នានៅសហរដ្ឋអាមេរិក។ The Habit បានបម្រើនូវប៊ឺហ្គឺររសជាតិឆ្ញាញ់បំផុតនៅអាមេរិកតាំងពីឆ្នាំ ១៩៦៩ ។

លោក Iwona Alter ប្រធានក្រុមហ៊ុន The Habit Burger Grill បានថ្លែងថា “យើងរីករាយនឹងបន្តការពង្រីកវត្តមាននៅទីផ្សារអន្ដរជាតិ ដោយចូលរួមសហការជាមួយដៃគូថ្មីរបស់យើងគឺក្រុមហ៊ុន Kampuchea Tela Company ដើម្បីពង្រីកទីតាំងរបស់យើងនៅកម្ពុជា”។

លោក បានបន្តថា “យើងទន្ទឹងរង់ចាំបង្កើតអ្នកគាំទ្រ Habit ថ្មីដោយអញ្ជើញពួកគេឱ្យរីករាយនឹងម្ហូបដែលធ្វើដោយដៃរបស់យើង និងទទួលបានបដិសណ្ឋារកិច្ចល្អបំផុត ហើយនិងប្រកបដោយបរិយាកាសស្វាគមន៍ដូចនៅកាលីហ្វ័រញ៉ាខាងត្បូង”។

The Habit កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Kampuchea Tela Company ដើម្បីអភិវឌ្ឍ និងដំណើរការភោជនីយដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុន Las Vegas Sands Corp នឹង​លក់​កាស៊ីណូ​របស់ខ្លួន​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ

ដោយ សុខុម

ញូវយ៉កៈ  ក្រុមហ៊ុន​រី​សត និង​កាស៊ីណូ​ដំ​ដាប់​ខ្ពស់ Las Vegas Sands Corp ដ៏​ធំ​មួយ​បាន​លក់​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី៣ មីនា។

ក្រុមហ៊ុន​គ្រប់គ្រង​មូលធន Apollo Global Management និង​ក្រុមហ៊ុន​អចលនទ្រព្យ Vici Properties កំពុង​ចាប់​ដៃគូ​សហការ ដើម្បី​ទិញយក​សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ The Venetian Las Vegas ដែលមាន ៧.០០០បន្ទប់ នៅតាម​បណ្ដា​យ​កំណាត់​មហាវិថី Las Vegas Strip ជិត​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត Sands Expo and Convention Center។

ក្រុមហ៊ុន Apollo នឹង​ចេញ​លុយ ២,២៥ពាន់​លាន​ដុល្លារ ទិញយក​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់​Venetian ហើយ​ក្រុមហ៊ុន Vici នឹង​ចំណាយលុយ ៤ពាន់​លាន​ដុល្លារ ដើម្បី​ទិញយក​ដី និង​ទ្រព្យសកម្មផ្សេង។

ក្រុមហ៊ុន Apollo និយាយថា ការទិញ​នេះ​គឺជា​ការប្រថុយប្រថាន​ដ៏​ធំ ខណៈ​ចំនួន​ភ្ញៀវទេសចរ និង​អាជីវកម្ម​សន្និបាត​នៅ​ឡាស​វេ​ហ្គាស បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមទៀតថា “ការវិនិយោគ​នេះ ក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​ការជឿជាក់​យ៉ាង​មុតមាំ​របស់​យើង​ថា សេដ្ឋកិច្ច​នៅ​ឡាស វេ​ហ្គាស នឹង​ងើប​ឡើងវិញ​ខ្លាំង ខណៈ​វ៉ាក់សាំង​ជំរុញ​ឱ្យ​វិស័យ​កម្សាន្ដ និង​ទេសចរណ៍​បើក​ដំណើរ​ឡើងវិញ នៅ​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក” ។

ក្រុមហ៊ុន Las Vegas Sands បាន​បង្រួម​ឈ្មោះ​របស់ខ្លួន​មក​នៅត្រឹម Sands ដោយសារ​ត្រូវ​ផ្លាស់​ចេញពី​ក្រុង​ឡាស វេ​ហ្គាស។ ក្រុមហ៊ុន​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ការផ្លាស់ប្តូរ​នេះ​គឺ “សប្បាយ​លាយ​ក្រៀមក្រំ” ហើយនឹង​ជួយ​ឱ្យ​ខ្លួន​ងាក​មក   ផ្តោតលើ​ទីផ្សារ ដែល​កំពុង​រីកចម្រើន​លឿន​ដូចជា​តំបន់​អាស៊ី​ជាដើម។

លោក Robert Goldstein នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sands បាន​លើកឡើងថា “Venetian បាន​ផ្លាស់ប្តូរ​មុខមាត់ នៃ​ការអភិវឌ្ឍ​កាស៊ីណូ​នាពេល​អនាគត ហើយនឹង​ពង្រឹង​កេរដំណែល​របស់លោក Sheldon Adelson ក្នុងនាម​ជា​បុគ្គល​ម្នាក់ ក្នុងចំណោម​បុគ្គល​មាន​ឥទ្ធិពល​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​ល្បែង និង​បដិសណ្ឋារកិច្ច។ សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ Venetian បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ១៩៩៩ ដែល​ជួយ​ជំរុញ​ឱ្យ Sands ក្លាយជា​ក្រុមហ៊ុន​កាស៊ីណូ​ធំ​បំផុត​ក្នុង​ពិភពលោក។

សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា កាលពី​នៅមាន​ជីវិត លោក Sheldon Adelson ធ្លាប់បាន​ពិចារណា​លក់​កាស៊ីណូ របស់លោក​នៅ​ឡាស វេ​ហ្គាស​ផងដែរ មុនពេល​លោក​ទទួលមរណភាព នៅ​ថ្ងៃទី១១ ខែមករា ដើមឆ្នាំ២០២១ នេះ​ក្នុង​វ័យ៨៧ ឆ្នាំ៕