IMF: សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ទុះ​ងើបឡើង​លឿន​ជាងគេ​នៅ​តំបន់​អាស៊ានក្នុង​រយៈពេល​មធ្យម​ខាង​មុខ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា កំណើន​ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់​កម្ពុជា​នឹង​កើនឡើង៤,២ភាគរយ​នៅ​ឆ្នាំនេះ និង​កើន​ដល់៦,០ភាគរយ​នៅ​ឆ្នាំ២០២២ ដែល​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​ឆ្នាំក្រោយ។

នៅក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក​របស់ IMF ដែល​បានចេញ​ផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ថ្ងៃ​ពុធ​នៅ​កម្ពុជា) IMF បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹងមាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស បំផុត​នៅក្នុង​តំបន់ រហូតដល់​ឆ្នាំ២០២៦ ។

ដោយសារ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ១៩ IMF បានឱ្យដឹងថា GDP របស់​កម្ពុជា​បាន​ធ្លាក់ចុះ៣,៥ភាគរយ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ​ការធ្លាក់ចុះ​របស់​កម្ពុជា មិន​ដាំ​ក្បាល​ចុះ​ខ្លាំង ដូច​GDP របស់​ហ្វីលីពីន​ធ្លាក់ចុះ៩,៥ភាគរយ ថៃ​ធ្លាក់ចុះ៦,១ភាគរយ ម៉ាឡេស៊ី​ធ្លាក់ចុះ៥,៦ភាគរយ និង​សិង្ហ​បុរី​ធ្លាក់ចុះ៥,៤ ភាគរយ។

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី ធ្លាក់ចុះ​តិចជាង២,១ភាគរ ខណៈ​សេដ្ឋកិច្ច​ឡាវ​ធ្លាក់ចុះ០.៤ ភាគរយ។

IMF បាន​និយាយថា “សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​ចំនួន​បី​ប៉ុណ្ណោះ មាន​កំណើន​កាលពី​ឆ្នាំមុន ដោយ​មី​យ៉ាន់​ម៉ា មាន​កំណើន៣,២ភាគរយ វៀតណាម​មាន​កំណើន២,៩ភាគរយ និង​ព្រុយ​ណេ​មាន​កំណើន១,២ភាគរយ” ។

សម្រាប់​ឆ្នាំ២០២១ ការព្យាករណ៍​កំណើន GDP កម្ពុជា​ខ្ពស់ជាង​ប្រទេស​ថៃ២,៦ ភាគរយ និង​ខ្ពស់ជាង​ព្រុយ​ណេ១,៦ភាគរយ ហើយ​ប្រៀបធៀប​ជាមួយ​ការព្យាករណ៍​សម្រាប់​ការធ្លាក់ចុះ​ដ៏​ខ្លាំង នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជាមួយនឹង​សេដ្ឋកិច្ច​របស់ខ្លួន​បាន​ធ្លាក់ចុះ៨,៩ភាគរយ។

សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​ចំនួន៦ ត្រូវបាន​ព្យាករណ៍​ថា​នឹង​ខ្ពស់ជាង​កម្ពុជា ដែល​ដឹកនាំ​ដោយ​ហ្វីលីពីន នឹងមាន​កំណើន៦,៩ ភាគរយ ម៉ាឡេស៊ី៦,៥ភាគរយ និង​វៀតណាម៦,៥ ភាគរយ សិង្ហ​បុរី៥,២ ភាគរយ ឡាវ៤,៦ ភាគរយ និង​ឥណ្ឌូណេស៊ី៤,៣ ភាគរយ។

ទោះយ៉ាងណា នៅ​ឆ្នាំ២០២២ កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​តំបន់ ដោយ​ស្ថិតនៅ​លំដាប់​ទី៣ ស្មើគ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​កំណើន៦.០ភាគរយ បន្ទាប់ពី​ប្រទេស​វៀតណាម​នឹងមាន​កំណើន៧,២ភាគរយ និង​ហ្វីលីពីន៦,៥ ភាគរយ។

កំណើនសេដ្ឋកិច្ច​ទាប ត្រូវបាន​ព្យាករណ៍​សម្រាប់​ឥណ្ឌូនេស៊ី ដែល​នឹងមាន​កំណើន៥,៨ភាគរយ ឡាវ និង​ថៃ​នឹងមាន​កំណើន៥,៦ ភាគរយ​ដូចគ្នា សិង្ហ​បុរី៣,២ភាគរយ ព្រុយ​ណេ២,៥ ភាគរយ និង​មី​យ៉ាន់​ម៉ា១,៤ភាគរយ។

តាម​ការព្យាករណ៍​រយៈ​ពេល​មធ្យម​របស់ខ្លួន IMF បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹងមាន​កំណើន​លឿន​បំផុត​ក្នុង​តំបន់ ដោយ​សេដ្ឋកិច្ច​នឹង​កើនឡើង៦,៨ភាគរយ នៅក្នុង​ឆ្នាំ២០២៦ ។

IMF ក៏បាន​ព្យាករ​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម រឹងមាំ​សម្រាប់​ប្រទេស​វៀតណាម ដែល​នឹង​កំណើន៦,៦ភាគរយ ហ្វីលីពីន៦,៥ ភាគរយ និង​ប្រទេស​ឡាវ៦,០ ភាគរយ។

កំណើនសេដ្ឋកិច្ច​ទាប ត្រូវបាន​ព្យាករ​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹងមាន​កំណើន៥,២ភាគរយ មី​យ៉ាន់​ម៉ា៥,១ ភាគរយ និង​ម៉ាឡេស៊ី៥ ភាគរយ ថៃ៣,៦ភាគរយ សិង្ហ​បុរី២,៥ ភាគរយ និង​ព្រុយ​ណេ២,០ ភាគរយ។

IMF បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​ព្យាករ​ថា នឹង​ស្ទុះ​ងើបឡើង​វិញ៦,០ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ធ្លាក់ចុះ៣,៣ភាគរយ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ចពិភពលោក ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កម្រិត​មធ្យម​ដល់៤,៤ភាគរយ នៅ​ឆ្នាំក្រោយ និង៣,៣ភាគរយ​នៅ​ឆ្នាំ២០២៦ ។

លោកស្រី​Gita Gopinath ប្រធាន​សេដ្ឋវិទូ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​មានប្រសាសន៍ថា “យើង​ព្យាករ​ថា នឹងមាន​ការ​ងើប​ឡើងវិញ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ២០២១ និង២០២២ សម្រាប់​សេដ្ឋកិច្ចពិភពលោក បើ​ប្រៀបធៀប​នឹង​ការ​ព្យាករ​ពីមុន​របស់​យើង” ។

លោកស្រី​បាន​ថ្លែងថា “ទោះយ៉ាងណា​ទស្សនវិស័យ បង្ហាញ​ពី​បញ្ហា​ប្រឈម ដែល​គួរឱ្យ​ព្រួយបារម្ភ ទាក់ទង​នឹង​ភាពផ្ទុយ​គ្នា​ក្នុង​ល្បឿន​នៃ​ការ​ងើប​ឡើងវិញ និង​សក្តានុពល​នៃ​ការខូចខាត​ខាង​សេដ្ឋកិច្ច​ពី​វិបត្តិ​នេះ” ។

នៅក្នុង​សន្និសីទកាសែត​លោកស្រី Gopinath បាន​និយាយថា ការធ្វើឱ្យ​ប្រសើរឡើង នៃ​កំណើនសេដ្ឋកិច្ច​សកល សម្រាប់​ឆ្នាំ២០២១ និង​ឆ្នាំ២០២២ភាគច្រើន គឺ​ដោយសារតែ​ការធ្វើឱ្យ​ប្រសើរឡើង សម្រាប់​សេដ្ឋកិច្ច​ជឿនលឿន ជាពិសេស​សហរដ្ឋអាមេរិក។

លោកស្រី​បាន​និយាយថា “នេះ​ធ្វើឱ្យ​សហរដ្ឋអាមេរិក ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​តែមួយគត់ ដែល​បាន​ព្យាករ​ថា​នឹង​កើន​លើស​កម្រិត​GDP ដែល​ខ្លួន​បាន​ព្យាករណ៍​ថា​សម្រាប់​ឆ្នាំ ២០២២ ក្នុងករណី​ដែល​គ្មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩” ។

លោកស្រី​បាន​ថ្លែងថា “ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ផ្សេងទៀត រួមទាំង​តំបន់​អឺរ៉ូ នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ តែ​ក្នុង​ល្បឿន​យឺត​ជាង​នេះ” ៕

ខណ្ឌ​កូនពៅ កំបូល កំពុង​ទាក់ទាញ​ការអភិវឌ្ឍ​លំនៅឋាន​និង​តំបន់ឧស្សាហកម្ម

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ជា​ខណ្ឌ​កូនពៅ កំបូល ដែល​កាត់​ចេញពី​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្ដាល និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណ្ឌ​នេះ​បាន និង​កំពុង​ទាក់ទាញ​ការវិនិយោគ​លំនៅឋាន ពី​សំនាក់​វិនិយោគិន​ក្នុងស្រុក​ជាច្រើន ដោយមាន​ក្រុមហ៊ុន និង​ម្ចាស់​បុរី​ជាច្រើន​បាន​បណ្ដាក់​ទុនវិនិយោគ ជា​បន្តបន្ទាប់​លើ​លំនៅឋាន សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​ដែលមាន​តម្រូវការ។

នៅក្នុង​ទឹកដី​ខណ្ឌ​មួយ​នេះ គេ​មាន​ឃើញ​គម្រោង​វិនិយោគ លើ​បុរី​របស់​មហាសេដ្ឋី​អចលនទ្រព្យ នៃ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​របស់​អ្នកឧកញ៉ា​ហុង​ពី​វ គម្រោង​អភិវឌ្ឍន៍​បុរី​របស់​អ្នកឧកញ៉ា​ពុង ឃាវ​សេ និង​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ឯកជន​ជាច្រើន​ទៀត​នៅក្នុង​ទឹកដី​នៃ​ខណ្ឌ​កំបូល។

បើទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩តាំងពី​ឆ្នាំ ២០២០មក​ក្ដី តែ​ការអភិវឌ្ឍ​លំនៅឋាន​នៅក្នុង​ទឹកដី​ខណ្ឌ​កំបូល ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ នៅតែ​ទទួលបាន​កំណើន​ជា​បន្តបន្ទាប់ ដោយ​មើលឃើញថា​ម្ចាស់​បុរី នៅតែ​បន្ត​សាងសង់​និង​ពង្រីក​គម្រោង​លំនៅឋាន​ជា​លំដាប់ និង​មាន​ការទិញ​ពី​សំណាក់​ពលរដ្ឋ ដែលមាន​តម្រូវការ​ជាក់ស្ដែង។

តាម​អ្នកជំនាញ នៃ​វិស័យ​អចលនទ្រព្យ​ជាច្រើន​បាន​លើកឡើងថា មាន​តម្រូវការ​ទើប​មានការ​ផ្គត់ផ្គង់ មានការ​ទិញ​ទើប​មានការ​លក់ ហើយ​ការអភិវឌ្ឍ​លំនៅឋាន​គឺ​ត្រូវ​មើលទៅ​លើ​ទិសដៅ​និង​ទិស​ខ្យល់ ដែល​វិនិយោគ​កំពុង​សម្លឹងមើល។ នៅ​តំបន់​ប៉ែក​ខាងលិច ក៏មាន​ការអភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង​ជាច្រើន​ផងដែរ។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​ឡាក់​គី រៀល​ធី បាន​លើកឡើងថា តំបន់​ដែលមាន​តម្លៃ​ដី​នៅ​ទាប វិនិយោគិន​អាច​ទិញ​ដើម្បី​អភិវឌ្ឍន៍ យកប្រាក់​ចំណេញ​នៅពេល​ខាងមុខ ។ ដីធ្លី​នៅ​តំបន់​ដែល​ឆ្ងាយ​ពី​ទីក្រុង ពី​កណ្ដាល​ក្រុង​អាចមាន​តម្លៃ​ទាប ហើយ​វា​ស័ក្តិសម​សម្រាប់​ការអភិវឌ្ឍ​ទៅលើ​លំនៅឋាន​ជា​ផ្ទះ​ជាប់​ដី​លក្ខណៈ​បុរី។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា បច្ចុប្បន្ន​វិនិយោគិន ដែល​ចង់​អភិវឌ្ឍន៍​លំនៅឋាន​ជា​ផ្ទះ​ជាប់​ដី មិនអាច​អភិវឌ្ឍ​នៅ​តំបន់​កណ្ដាល​ក្រុង​បានទេ ដោយសារតែ​ដី​នៅ​កណ្ដាល​ក្រុង​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដូច្នេះ​ពួកគេ​អាច​ទៅរក​តំបន់​នៅ​ជាយក្រុង​ដើម្បី​អភិវឌ្ឍ​វិញ។

ដោយឡែក​ដីធ្លី​តំបន់​កណ្ដាល​ក្រុង គឺ​សម្រាប់​ទុក​អភិវឌ្ឍ​ជា​អគារខ្ពស់ៗដូចជា​អគារ​ពាណិជ្ជកម្ម ខុន​ដូ អា​ផាត់​មិនជា​ដើម ដែល​អាច​រកចំណូលបាន​ច្រើន។

ប្រធាន​សមាគម អចលនទ្រព្យ​សក លោក​សំ សុខ​នឿន​បាន​និយាយថា​ការ​ផ្គត់​ផ្គត់​លំនៅឋាន​បច្ចុប្បន្ននេះ ដូចជា​ចង់​លើសពី​តម្រូវការ​ជាក់ស្ដែង ។

លោក​ថា “អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កាន់តែច្រើន តែ​សួរថា​អ្នក​ដែលមាន​លុយ​ទិញ​ផ្ទះ​ពិតប្រាកដ​មាន​ប៉ុន្មាន​នាក់” ៕

ការកសាង​ទីក្រុង​រណប​ច្រើន​នឹង​ជួយ​ជំរុញ​ជម្រុញ​ការរីកចម្រើន​អចលនទ្រព្យ និង​លំហូរ​មនុស្ស​ចូល​ទីក្រុង

ដោយៈ​សហការី

ភ្នំពេញៈ នៅ​រាជធានី​ភ្នំពេញ មាន​ក្រុង​រណប​ប្រមាណ១០ ដែល​បាននិងកំពុង​សាងសង់​និង​ក្រុង​រណប​មួយចំនួន​ហាក់​បាន​ជាប់គាំង ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផ្ទាល់ ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍ ក្រុង​រណប​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​លំហូ​តមនុស្ស​ចូល​ទីក្រុង។

អ្នកជំនាញ​បាន​អះអាងថា ការអភិវឌ្ឍន៍​ទីក្រុង​រណប​កាន់តែច្រើន នឹង​ជួយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច និង​រីកចំរើន​លើ​វិស័យ​សំណង់ នៅក្នុង​ប្រទេស ខណៈ​រដ្ឋាភិបាល បាននិងកំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប (Satellite City) ស្រម​តាម​ផែនការ និង​ប្លង់គោល​អភិវឌ្ឍន៍​ទីក្រុង​នាពេល​បច្ចុប្បន្ននេះ។

ប្រធាន​ក្រុមប្រឹក្សា​អភិបាល នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​ឃាង ពុ​ទ្ធី បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅតាម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​នេះ គឺ​គេ​បង្កើត​តំបន់​អភិវឌ្ឍ​ន៍័ថ្មីៗ ដែល​ហៅ​ទីក្រុង​រណប ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សំណង់​ឱ្យមាន​ការរីកចំរើន ។

លោក​បន្តថា “នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​រីកចំរើន និង​មាន​កំណើនប្រជាជន អីចឹង​ហើយ បាន​គេ​អភិវឌ្ឍន៍​ទីក្រុង​រណប​បន្ថែមទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​គម្រោង​ខុន​ដូ ផ្សារ​ទំនើប និង​អគារ​ផ្សេង​ទៅកាន់​ទីនោះ” ។ លោក​បន្ថែមថា “ម្យ៉ាងទៀត ការបង្កើតឱ្យមាន​ទីក្រុង​រណប​នេះ ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ សេដ្ឋកិច្ច និង​រស់នៅ” ។

លោក​បន្ថែមទៀតថា នៅពេលដែល​បង្កើតឱ្យមាន​តំបន់​អភិវឌ្ឍន៍ថ្មីៗបែបនេះ ក៏​នឹង​ជួយ​វិស័យ​អចលនទ្រព្យ ជាពិសេស​សំណង់​កើនឡើង ព្រោះថា​តំបន់​ថ្មី​ត្រូវ​ការសាងសង់​សំណង់ផ្សេងៗ ប៉ុន្តែ​បញ្ហា​តែមួយ​ប៉ុណ្ណោះ គឺ​រដ្ឋាភិបាល​មិនទាន់​បានកំណត់​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ការបែងចែក​តំបន់​អភិវឌ្ឍន៍ ដោយ​ពេលខ្លះ​អនុញ្ញាតឱ្យ​សាងសង់​រោងចក្រ ក្បែរ​នឹង​សណ្ឋាគារ​ជាដើម។

ចំណែក​លោក ឡុង គឹមសួគ៌ អគ្គ​នាយ​ក្រុមហ៊ុន Century21 Advance បានឱ្យដឹង​ដែរ​ថា ការអភិវឌ្ឍន៍​តំបន់​ទីក្រុង​រណប កាន់តែច្រើន​នឹង​ជួយ​ជំរុញ​កំណើត​សេដ្ឋកិច្ច តាមរយៈ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នានា ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ធ្វើឱ្យ​វិស័យ​កាន់តែ​មានតម្លៃ​ខ្ពស់​ផងដែរ។

លោក​បន្តថា “ជាពិសេស​នោះ នៅពេល​មានការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជុំវិញ​ក្រុង (តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប) បានធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ក្រុង មានការ​រីកចំរើន ជាមួយគ្នានេះ វិស័យ​សំណង់ និង​អចលនទ្រព្យ ក៏​នឹងមាន​ការកើនឡើង​ផងដែរ” ។

លោក​គឹមសួគ៌​បាន​បញ្ជាក់ថា “នៅពេល​ដែលមាន​តំបន់​ណាមួយ កំពុងមាន​ការអភិវឌ្ឍ​ន៍​ថ្មី​ដូចជា​តំបន់​ទីក្រុង​រណប​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ឡើងថ្លៃ ព្រោះថា មនុស្ស​ទាំងអស់​នឹង​ទៅ​ទិញ ឬ​ធ្វើ​អា​ជីក​ម្មផ្សេងៗ នៅក្នុង​តំបន់​នេះ” ។

អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC ធ្លាប់បាន​ឡើង​កាលពីពេលថ្មីៗនេះដែរ​ថា  គ្រាន់តែ​ការអភិវឌ្ឍន៍​ទីក្រុងរ​ណ​ប​ថ្មី​មួយ កោះនរា​នៅលើ​ទំហំ​ផ្ទៃដី១០០ហិកតា នឹងចូលរួម​បង្កើន​ចំណូល​ថវិកាជាតិ ប្រមាណ ២៥០លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា​ថ្លែងថា “គម្រោង​អភិវឌ្ឍន៍​កោះនរា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គមជាតិ និង​សេដ្ឋកិច្ចកម្ពុជា​យ៉ាងច្រើន ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​កំពុង​ជួប​វិបត្តិ​នាពេលនេះ ដែល​កម្ពុជា​កំពុង​ត្រូវការ​គម្រោង​វិនិយោគ​បន្ថែមទៀត ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ចជាតិ​ឱ្យបាន​រឹងមាំ” ។

លោក​ពុង ឃាវ​សែ​បន្តថា “តាមរយៈ​គម្រោង​មួយ​នេះ នឹង​អនុគ្រោះ​ដល់​មនុស្ស​រស់នៅ​ប្រមាណ៥ម៉ឺន​នាក់ ហើយ​អាច​នឹង​ចូលរួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក (GDP) ប្រមាណ២២៥លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ស្មើនឹង​ប្រមាណ០,៩ភាគរយ​នៃ​ចំនួន GDPនាពេល​បច្ចុប្បន្ននេះ” ។

រាជរដ្ឋាភិបាល​កាលពី​កន្លងមកនេះ បានដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ទីក្រុង​រណប តាមរយៈ​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ចូលរួម​អភិវឌ្ឍន៍ នៅតាម​ជាយ​រាជធានី​ភ្នំពេញ។ ជាក់ស្តែង ស្ទើរតែ​គ្រប់​ទិស​នៃ​រាជធានី​ភ្នំពេញ មានការ​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​រណប​ពិ​ក្រុមហ៊ុនផ្សេងៗជាច្រើន៕

តើ​តម្លៃ​លំនៅដ្ឋាន​នៅ​កម្ពុជា​ពិតជា​ខ្ពស់ជាង​ចំណូល​របស់​ប្រជាជន​នឹង​បង្កជា​វិបត្តិ​ឬទេ?

ដោយៈ ប៊ី

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ បាន​រកឃើញ​ថ​ថា តម្លៃ​អចលនទ្រព្យ បើ​ប្រៀបធៀប​នឹង​ប្រាក់ចំណូល គិត​ជា​មធ្យម​នៅ​កម្ពុជា និង​ទីក្រុង​ហុងកុង បាន​ធ្លាក់ចុះ​ច្រើនជាង​ប្រទេស​ដទៃទៀត ចាប់តាំងពី​មាន​វិបត្តិ​នៃ​ជំងឺ​រាតត្បាត។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Aetna ចេញផ្សាយ​កាលពីថ្មីៗនេះ។

តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ពី -៦.៥៨ ឬ​ថ្លៃ​ជាង៣៩.៨៩ដង ប្រៀបធៀប​នឹង​ប្រាក់ចំណូល ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ២០១៩ និង២០២០ ហើយ​នៅ​ហុងកុង​ធ្លាក់ចុះ៥,៨៦ ឬ​ស្មើនឹង៤៣.៥២ដឹង ខណៈ​ទីផ្សារ​អាស៊ី​ទាំងពីរ​នេះ​នៅតែមាន​តម្លៃ​ថ្លៃ​ជាងគេ​នៅលើ​ពិភពលោក។

តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្មើនឹង៤៦ដង បើ​ធៀប​នឹង​ប្រាក់ចំណូល​របស់​ប្រជាជន​ជា​មធ្យម នៅ​ឆ្នាំ២០១៩ ហើយ​ធ្លាក់ចុះ៦.៥៨ភាគរយ មក​នៅត្រឹម៣៩.៨៩ដង​នៅ​ឆ្នាំ២០២០ ។

តម្លៃ​អចលនទ្រព្យ ដែល​សំដៅ​ទៅលើ​លំនៅដ្ឋាន (ផ្ទះ) ធ្លាក់ចុះ​នេះ មានន័យថា លំនៅដ្ឋាន​មានតម្លៃ​ទាប ធៀប​នឹង​ចំណូល​របស់​ប្រជាជន។

គិត​ត្រឹម​ឆ្នាំ២០២១ ចំណូល​របស់​ប្រជាជនម្នាក់ៗ គិត​ជា​មធ្យម​មាន១..៦៨០,០២ដុល្លារ ខណៈ​តម្លៃ​លំនៅដ្ឋាន​គិត​ជាម​ធ​ម្យ​ម៧ម៉ឺន​ដុល្លារ នៅ​តំបន់​ជាយក្រុង និង​តម្លៃ​លំនៅដ្ឋាន​ទាប ឬ​ខ្ពស់​អាស្រ័យទៅលើ​ទីតាំង និង​គម្រោង​អភិវឌ្ឍន៍។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា ក្នុង​ឆ្នាំ២០២០កន្លងទៅ កម្ពុជា​ទទួលបាន​គម្រោង​សាងសង់​សំណង់​ទូទាំងប្រទេស​ចំនួន៤.៨៤១គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង២៩លាន​ម៉ែត្រក្រឡា និង​មានតម្លៃ​ប៉ាន់ស្មាន​ប្រមាណ៧,៧៥ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ៣២,២១ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។

អ្នកតាមដាន​ការ​វិត​វត្ត​ន៍​សេដ្ឋកិច្ច សង្គម និង​អចលនទ្រព្យ លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា មានការ​លើកឡើង​ពី​អ្នកជំនាញ​ជាច្រើន ពី​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​មានតម្លៃ​ទាប បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ឬ​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​ពួកគេ​មិនបាន​ធៀប​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា និង​ចំណូល​របស់​ប្រជាជន​ប្រទេសជិតខាង និង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ។

លោក​បន្តថា “ការកើនឡើង​តម្លៃ​ដីធ្លី ផ្ទះសម្បែង​ជា​រៀងរាល់ឆ្នាំ មិនអាច​បង្ក​ជា​វិបត្តិ​លំនៅដ្ឋាន​នោះទេ ដោយសារ​រដ្ឋាភិបាល​បាន​គិតគូរ​រួចហើយ ពី​ការលើកទឹកចិត្ត​អ្នកវិនិយោគ ឲ្យ​គិតពី​លំនៅដ្ឋាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម​និង​ក្រោម​មធ្យម” ។ លោក​បន្តថា”ការរីកចម្រើន​សេដ្ឋកិច្ច និង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍” ។

លោក​យិន លាង​គង់​បាន​បន្តថា ហេតុនេះ​កំនើន​តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន មិន​បង្ក​ជា​វិបត្តិ​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​មាន​ចំណូល​សមរម្យ ពិសេស​ពី​អចលនទ្រព្យ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ល​ទ្ឋ​ភាព​កាន់តែច្រើន ក្នុង​ការទិញ​លំនៅដ្ឋាន​សំរាប់​រស់នៅ និង​សាងសង់​លំនៅដ្ឋាន​លើដី​របស់​ពួកគេ” ។

លោក​បន្តថា “អ្នក​អភិវឌ្ឍន៍​បុរី លំនៅដ្ឋាន​នានា​នៅតែ​កើនឡើង ដោយសារ​ពួកគេ​បាន​សិក្សា​រួចហើយ ពី​តម្រូវការ ព្រោះ​បើ​គ្មាន​តម្រូវការ​ជា​មូលដ្ឋាន​ទេ មិនមាន​ការផ្គត់ផ្គង់​នោះឡើយ” ៕

ផ្សារ​ទំនើប​ថ្មី​ចំនួន៤ បានដាក់​ដំណើរការ​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ ខណៈដែល​តម្រូវ​ការជួល​កំពុង​ដាំ​ក្បាល​ចុះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​វិស័យ​ផ្សារ​ទំនើប​នៅ​កម្ពុជា កំពុងតែ​ជួបនឹង​បញ្ហា​ធ្លាក់ចុះ​តម្រូវការ​ស្ទើរ​គ្រប់​ទីតាំង ប៉ុន្តែ​នៅត្រឹម​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ វត្តមាន​ផ្សារ​ទំនើប​ចំនួន៤ផ្សេងទៀត រាប់ទាំង​ប្រភេទ​ផ្សារ​សហគមន៍​បានបញ្ចប់​ការសាងសង់ និង​ដាក់​ដំណើរការ​ជា​បន្តបន្ទាប់។

តាម​របាយការណ៍​សិក្សា​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បញ្ជាក់ថា ផ្សារ​ទំនើប​ចំនួន ដែល​ត្រូវ​បានដាក់​ដំណើរការ នៅក្នុង​ត្រីមាស​ដំបូង​ដើមឆ្នាំ២០២១នេះ រួមមាន​ផ្សារ TK Central មាន​ទំហំ៣៥៤០ម៉ែត្រការ៉េ រួម​ជា​មួ​នឹង​គម្រោង​ផ្សារ Boeung Snor Food Village គម្រោង The Green Avenue  និង​គម្រោង​ផ្សារ View Park Mall ដែលមាន​ទំហំ​សរុប​ចំនួន២៤,៣៤៩ ម៉ែត្រការ៉េ។

បើតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ដែល​សិក្សា និង​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន​ជំនាញ​ខាងលើនេះ​បាន​ព្យា​ការណ៍​ថា នៅក្នុង​ដំណាច់ឆ្នាំ២០២១នេះ បើ​មិនមាន​អ្វី​ប្រែប្រួល ឬ​ជា​ឧបសគ្គ​នោះទេ ផ្សា​រំ​នើ​ប​តូច ធំ រាប់ទាំង​ប្រភេទ​ផ្សារ​សហគមន៍​មាន​សរុប​រហូត​ប្រមាណ១៩គម្រោង ដែល​អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់ និង​ត្រៀម​ដាក់​ដំណើរការ។

ទោះជា​យ៉ាងណា ទំហំ​នៃ​ការផ្គត់ផ្គង់​នៅក្នុង​វិស័យ​ផ្សារ​ទំនើប ឆ្នាំ២០២១នេះ​អាច​នឹង​លើស​តម្រូវការ ខណៈ​គ្មាន​គម្រោង​ណាមួយ​ត្រូវ​អាក់ខាន ឬ​ពន្យា​ពេល​សាងសង់​បញ្ចប់​គម្រោង​នោះទេ។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​ការវាយតម្លៃ លោកស្រី​អាន សុធី​តា ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន ការដាក់បញ្ចូល​ទីតាំង​លក់រាយ នៅក្នុង​ផ្សារ​ទំនើប​នៅ​កម្ពុជា កំពុងតែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ប្រភេទ​ផ្សារ​ទំនើប​បែប​សហគមន៍ នៅតាម​តំបន់​ទីប្រជុំជន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅក្នុង​អគារ​ពាណិជ្ជកម្ម​ផងដែរ” ។

លោកស្រី​បន្តថា “កំ​ណើ​នៃ​ការដាក់បញ្ចូល​ថ្មី​បន្ថែម​ទាំងនេះ កំពុងតែ​ប្រឈម​ទៅនឹង​វិបត្តិ នៃ​ការផ្គត់ផ្គង់​លើសពី​តម្រូវការ ខណៈដែល​បច្ចុប្បន្ន​អតិថិជន​មួយចំនួន ដែល​និយម​ទិញ​សម្ភារៈប្រើប្រាស់ ឬ​ចំណីអាហារ​នៅតាម​បណ្តា​ផ្សារ​ទំនើប បាន​ផ្លាស់ប្ដូរ​បែបបទ និង​ទម្លាប់​របស់ខ្លួន​ដោយ​ការទិញ​តាម​អន​ឡាញ” ។ លោកស្រី​បន្តថា “ការទិញ​តាម​អន​ឡាញ មាន​សេវា​ដឹកជញ្ជូន​ដល់​លំនៅដ្ឋាន។ សកម្មភាព​ទាំងនេះ គឺជា​ចំណែក​មួយ​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន ដល់​វិស័យ​ផ្សារ​ទំនើប បន្ថែម​ពីលើ​អ្វីដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន” ។

លោកស្រី​អាន សុធី​តា​បាន​បញ្ជាក់ថា ផ្អែក​តាម​ស្ថានភាព ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យនេះ គួរតែមាន​ការសម្រេច​ចិត្ត​ជាថ្មី ក្នុងការ​ដាក់បញ្ចូល​ចំណែក​ថ្មី​នៃ​ទីតាំង​លក់រាយ ដែល​ស្ថិតនៅក្នុង​គម្រោង​របស់​ខ្លួន ជៀសវាង​ជួប​ហានិភ័យ ដែល​អាច​កើតមាន​ក្នុង​អត្រា​ខ្ពស់​នៅ​ចុងឆ្នាំ២០២១ ៕

ការរីកចម្រើន​នៃ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ជះ​ឥ​ទ្ឋិ​ពល​ដល់​បែបផែន​ជីវិត​យ៉ាងដូចម្តេច?

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ប្រមាណ​មួយ​ទសវត្ស​ចុងក្រោយ​នេះ។

អគារចាស់ៗមួយចំនួន ត្រូវបាន​កែលម្អ​និង​ជួល​សារជាថ្មី​ឡើងវិញ ខណៈដែល​អគារ​ខ្លះទៀត​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដើម្បី​ទុក​កន្លែង​ទំនេរថ្មី។

ប៉ុន្តែ​ទាំងនេះ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ក្នុងការ​រចនា​ម៉ូត​ស័ក្តិ​សមជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ទេ។

ខណៈដែល​ឥទ្ធិពល​របស់​បស្ចិមប្រទេស កំពុង​បញ្ចេញ​នូវ​ទស្សនវិជ្ជា​រចនា​លើ​គម្រោងថ្មីៗ ក៏បាន​មានការ​លេច​ទ្បើង​ទន្ទឹមគ្នា ដែលមាន​ការទាក់ទាញ និង​បំផុសគំនិត​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង​សំបូរបែប​របស់​ប្រទេស​កម្ពុជា ដែល​បាន​គេ​ឲ្យ​ឈ្មោះថា​ជា គឺ​ស្ថាបត្យកម្ម​បែប​ថ្មី។

ស្ថាបត្យកម្ម​បែប​ថ្មី​នេះ គឺជា​ទស្សនៈ​នៃ​ការ​រចនា​ដែល​បង្កើតឡើង​ដោយ​លោកស្រី Helen Grant Ross និង​លោក Darryl Leon Collins នៅក្នុង​សៀវភៅ​របស់​ពួកគាត់ “Building Cambodia: the New Khmer Architecture” ដែល​បាន​បោះពុម្ព​នៅ​ឆ្នាំ២០០២ ។

បំល្លាស់ប្តូរ​នេះ​ត្រូវបាន​ពិពណ៌នា​ថា ជាការ​រួមបញ្ចូល​គ្នា​នូវ​គោលការណ៍​ទំនើប ដែល​បាន​បង្កើតឡើង​នៅ​ភាគ​ខាងលិច ជាមួយនឹង​ការ​រចនា​បែប​បុរាណ​របស់​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល រហូតដល់​ស្ថាបត្យកម្ម​សម័យអង្គរ (ឧទាហរណ៍​ប្រាសាទអង្គរវត្ត) ។

ការចាប់ផ្ដើម​នៃ​ស្ថាបត្យកម្ម​បែប​ថ្មី

បើទោះបីជា​គំហើញ​នេះ មិនទាន់​ហៅ​ឈ្មោះ​ជា​ផ្លូវការ​ថា​ជា ស្ថាបត្យកម្ម​បែប​ថ្មី ក៏ដោយ ប៉ុន្តែ​វា​ត្រូវបាន​គេ​មើលឃើញថា បានចាប់ផ្ដើម​តាំងពី​កំឡុង​ឆ្នាំ១៩៥០មកម្ល៉េះ ក្រោយពេល​ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​បារាំង រហូតដល់​កំឡុង​ឆ្នាំ១៩៧០ មុនពេល​សង្គ្រាមស៊ីវិល​ចាប់ផ្ដើម។

ស្ថិតនៅក្រោម​ការឧបត្ថម្ភ និង​ចក្ខុវិស័យ​របស់​អតីត​សម្តេចព្រះ​នរោត្តម សីហនុ ដែល​បានចាប់ផ្តើម ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ១៩៥០ ។ បញ្ញវន្ត​ខ្មែរ​ជាច្រើន ជាពិសេស​អ្នក​ដែល​បាន​សិក្សា នៅ​បរទេស​បានមក​យក​បទពិសោធន៍ និង​ចំណេះដឹង​អំពី​បេតិកភណ្ឌ​ខ្មែរ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ជាពិសេស​ស្ថាបត្យករ បាន​ក្លាយជា​មនុស្ស​សំខាន់ ក្នុងការ​សម្រេច​ចក្ខុវិស័យ​របស់​ព្រះមហាក្សត្រ។

ចំនុច​នេះហើយ​ដែល​បាន​បញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ ជា​បុរស​ដែល​កំណត់ និង​រៀបចំ​ប្លង់​មេ នៃ​រាជធានី​ភ្នំពេញ សម្រាប់​ពាក់កណ្តាល​សតវត្ស​បន្ទាប់។

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សសរស្តម្ភ​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​ស្ថាបត្យកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ គាត់​ជា​បុគ្គល​មួយរូប​ដែល​លេចធ្លោ​បំផុត ក្នុងនាម​ជា​ស្ថាបត្យករ​រដ្ឋ​ក្រោម​ការ ដឹកនាំ​របស់​ព្រះមហាក្សត្រ។

លោក ម៉ូលីវណ្ណ បានរៀបចំ​ប្លង់​រចនា​សម្ព​ន្ធ័​ជាច្រើន​នៅក្នុង ប្រទេស​កម្ពុជា រួមមាន​អគារ​ពហុ​កីឡា​ជាតិ សាលសន្និសិទ​ចតុមុខ និង​វិមានឯករាជ្យ និង​ស្នាដៃ​សំណង់​ជាច្រើន​ទៀត រហូត​ទទួលបាន​ងារ​ជា​ស្ថាបត្យករ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា។

ស្ថាបត្យកម្ម​បែប​ថ្មី​នាបច្ចុប្បន្ន

យោងតាម​អត្ថបទ គម្រោង​លោក​វណ្ណ ម៉ូលីវណ្ណ ដែលជា​ឯកសារ និង​អត្ថបទ​សិក្សា​អំពី​ស្នាដៃ​របស់លោក​វណ្ណ​ម៉ូលីវណ្ណ និង​ស្ថាបត្យកម្ម​បែប​ទំនើប​ដទៃទៀត ស្ថាបត្យកម្ម​បែប​ថ្មី​អាច​ត្រូវបាន​កំណត់​លក្ខណៈ ដូចជា ការប្រើប្រាស់​បេតុង។ ឯកសារយោង​ទាក់ទង​ទៅនឹង បច្ចេកទេស​សំណង់​នៅ​កម្ពុជា​ដែលមាន​ស្រាប់។ ការបង្កើត​លំហូរ​ខ្យល់​ធម្មជាតិ និង​ការដាក់​ស្រមោល​ស្រប តាម​អាកាសធាតុ​ត្រូ​ពិ​ក​របស់​ប្រទេស​កម្ពុជា។ ការប្រើ​គ្រឿង​លំអ ដោយ​បំផុសគំនិត​នៃ​ការតុបតែង​បែប​ប្រាសាទ​អង្គរ។

បច្ចុប្បន្ននេះ ស្ថាបត្យកម្ម​បែប​ថ្មី​នេះ កំពុង​បង្ហាញខ្លួន​សារជាថ្មី​ម្ដងទៀត​នៅក្នុង​វិស័យ ស្ថាបត្យកម្ម និង​សំណង់​របស់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន The Room Design Studio ដែល​ត្រូវបាន​គែ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង ដែល​នាំយក​នូវ​គំនិត​នៃ​ការ​រចនា​ម៉ូដ​ឈានមុខ​គេ​និង​លក្ខណៈ​ទំនើប​មក​ប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​អាស៊ាន និង​ជា​អគ្គលេខាធិការរង​គណៈ​ស្ថាបត្យករ​ក​ម្ព​ជា​បាន​មានប្រសាសន៍ថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម បាន​ផ្លាស់ប្តូរ​បែបផែន​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ពិសេស​ការកើនឡើង​នូវ​កំដៅ​ផែនដី ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​អាកាសធាតុ បានធ្វើ​ឲ្យ​ស្ថាបត្យករ​ចាប់ផ្តើម​គិតគូ​ពី​លំនៅដ្ឋាន​បែប​បៃតង មានន័យថា​សាងសង់​លំនៅដ្ឋាន​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ។

លោក​បន្តថា “ការសាងសង់​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ជា​លំនៅដ្ឋាន​បែប​បៃតង កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី ជា​បែបផែន​នៃ​ស្ថាបត្យកម្ម​សម័យថ្មី និង​ជា​រស​និយម​ថ្មី​មួយ” ៕

លោក​ឡោ វិចិត្រ បង្ហើប​ពី​វិធីសាស្ត្រ​ក្នុង​ការលក់​អចលនទ្រព្យ​ក្នុងសម័យ​កូ​វីដ​ដល់​ភ្នាក់ងារ​ថ្មី​កំពុង​ជួប​ឧបសគ្គ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​សម័យកាល​កូ​វីដ ដែល​កំពុង​រាតត្បាត​គួរឱ្យ​ព្រួយបារម្ភ​នៅពេល​បច្ចុប្បន្ន បាន​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុងមាន​ភាពស្ងប់ស្ងាត់ ខណៈដែល​សកម្មភាពរ​បស់​មនុស្ស​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ​ត្រូវបាន​កាត់បន្ថយ។

 

អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​ប្រចាំរាជធានី​ភ្នំពេញ លោក​ឡោ វិចិត្រ ដែលជា​អ្នកមាន​ជំនាញ និង​បទពិសោធន៍ នៅក្នុង​ការជំរុញ​ការលក់​អចលនទ្រព្យ​បាន​ចែករំលែក​ថា មិន​ថា​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណានោះទេ សម្រាប់​អ្នកលក់​ដែល​ឆ្លាត​វៃ​នៅតែ​អាច​អាច​បាន ប្រៀប​ដូច​អ្នកជំនួញ​ដែល​ពូកែ ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក សេដ្ឋកិច្ច​ធ្លាក់ចុះ ក៏​គេ​នៅតែ​អាច​រកប្រាក់​ចំណេញ​បាន។

លោក​បន្តថា “យើង​ទទួលស្គាល់ថា នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់ទី​ផ្សា​រ​អចលនទ្រព្យ​ជាខ្លាំង” ។ លោក​បន្តថា “មាន​បងប្អូន​ខ្លះ​ដែលជា​ភ្នាក់ងារ​លក់​លើកឡើងថា ដោយសារតែ​មនុស្ស​ភាគ​ច្រើន មិនសូវ​ហ៊ាន​ចេញ​ដើរ​ក្រៅ​ច្រើន ទើប​ពិបាក​ណាត់​ភ្ញៀវ​ទៅ​មើល​គម្រោង បើទោះជា​ដឹងថា​ភ្ញៀវ​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​ដី ក៏​ភ្ញៀវ​មិនទាន់​ទៅ​មើល​ដល់ទី​តាំង ក៏ដូចជា​អ្នកលក់​ខុន​ដូ ក៏​ពិបាក​ក្នុងការ​ណាត់​ភ្ញៀវ​ដូចគ្នា” ។

លោក​ឡោ វិចិត្រ​បាន​បន្តថា ដើម្បីឱ្យ​យើង​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ពី​ការលក់ ដំបូង​ភ្នាក់ងារ​ដែលជា​អ្នកលក់ គប្បី​ស្វែងយល់​ពី​ប្រភេទ​អចលនទ្រព្យ ដែល​ខ្លួន​ទទួល​លក់​ឱ្យបាន​ច្បា​ស់សិន បន្ទាប់មក​ត្រូវ​ស្វែងរក​ដៃគូ ដែលមាន​បទពិសោធន៍​ច្បាស់ មានការ​យល់ដឹង​ពី​ទីផ្សារ​អចលនទ្រព្យ ដើម្បី​ជួយ​ជ្រោមជ្រែង និង​ជា​ជំនួយ​អាចឈាន​ទៅដល់​ការសម្រេច​ផែនការ​លក់​របស់ខ្លួន។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឡោ វិចិត្រ ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នក​ដែលមាន​បទពិសោធន៍ លើ​ការលក់​អចលនទ្រព្យ អាច​មិនសូវមាន​បញ្ហា​ចោទ​នោះទេ ប៉ុន្តែ​សម្រាប់​ភ្នាក់ងារ ដែល​ទើប​ចូលប្រឡូក​ក្នុង​វិស័យនេះ​ថ្មីថ្មោង គប្បី​មានការ​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​ទៅនឹង​របៀប និង​វិធីសាស្ត្រ​ជំរុញ​ការលក់ តាមរយៈ​ការអាន​សៀវភៅ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ ឬ​អាច​តាមរយៈ​ការចុះឈ្មោះ ចូលរៀន​នៅក្នុង​វគ្គ​បណ្តុះបណ្តាលផ្សេងៗជាច្រើន។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការលក់​អចលនទ្រព្យ នៅក្នុង​សម័យ​កូ​វីដ​នៅពេលនេះ លោក​ឡោ វិចិត្រ​បាន​មានប្រសាសន៍ថា ពេលនេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ ក្នុងការ​ស្វែងយល់​បន្ថែ​ម​ពី​ចំណេះដឹង​ពាក់ព័ន្ធ ជាពិសេស​ការចេះ​ប្រើ​បច្ចេកវិទ្យា​ជា​ជំនួញ ក្នុង​ការលក់។ លោក​បន្តថា មិន​ថា​ពេលនេះ ឬ​ពេល​បន្តិចទៀត​នោះទេ ការលក់​អចលនទ្រព្យ​អាចធ្វើ​ឡើង តាមរយៈ​បច្ចេកវិទ្យា​បែប​ទំនើប​ទាំងនេះ​បាន ដោយ​មិនចាំបាច់​អញ្ជើញ​ភ្ញៀវ​មកដល់​ទីតាំង​គម្រោង​ផ្ទាល់​ទៀត​នោះទេ។

ដូច្នេះ​បងប្អូន ត្រូវតែ​ធ្វើការ​ស្វែងយល់​ និងបង្កើន​ចំណេះដឹង​ផ្នែក​នេះ ជាក់ស្តែង​បច្ចុប្បន្ន​អ្នកលក់​ដែល​ជោគជ័យ ក្នុងសម័យ​កាល​នេះ​មួយចំនួន ក៏ត្រូវ​បាន​ជ្រើស​យក​ប្រព័ន្ធ​បច្ចេក​វិទ្យា​ធ្វើជា​ជំនួញ​នៃ​ការលក់​ដែរ៕

រដ្ឋាភិបាលគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចិនបន្ថែមដើម្បីពង្រឹកទំំហំពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ

អត្ថបទៈ រតនៈ

ភ្នំពេញៈ ខណៈដែលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជា ចិន នៅប្រទេសចិនមានជាង១០កន្លែងហើយនោះ កម្ពុជានៅតែមានគម្រោងបង្កើតបន្ថែម ដើម្បីបង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារនៅឆ្នាំ ២០២០ និងកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងនេះគឺជាការធ្វើសមាហរណកម្ម ទីផ្សារសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ទៅក្រៅប្រទេសជាពិសេសគឺប្រទេសចិន។

ចំនួនមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅប្រទេសចិនកើនដល់១១ទីតាំង ខណៈដែលបច្ចុប្បន្ន ទីតាំងចំនួន ៦ កំពុងដំណើរការ ដែលមានដូចជា  មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ ទីក្រុងហាយនីង មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងស៊ីអាន មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហុងកុង។

មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះ ជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វ​ផ្សាយរកទីផ្សារ សម្រាប់ផលិតផលសក្តានុពលកម្ពុជា ដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពីវិនិយោគ និងទេសចរណ៍។

រដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិន ដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)​ចូលជាធរមាននៅដើមឆ្នាំ២០២១។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល៕

ខុនដូតែលទស្សនទាននៃការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា និងចាប់ផ្តើមពេញនិយមឬ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខុនដូតែល គឺជាផ្នែកមួយនៅក្នុងវិស័យអចលនទ្រព្យ សម្រាប់ការស្នាក់នៅ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសេវាសណ្ឋាគារ ប៉ុន្តែស្ថិតនៅក្នុងអគារខុនដូ។ ទីផ្សារមួយនេះ សម្រាប់កម្ពុជាអាចនិយាយបានថា វាជាប្រភេទផលិតផលថ្មីក្នុងវិស័យអចលនទ្រព្យ ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃ វៀតណាម និងសិង្ហបុរីបានដើរមុនមួយជំហានរួចទៅហើយ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា ដែលកំពុងកាន់គម្រោងខុនដូជាច្រើន នៅក្នុងដៃបានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា ខុនដូតែល ជាប្រភេទផលិតផលថ្មី នៅក្នុងវិស័យអចលនទ្រព្យ ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងបន្ទប់សណ្ឋាគារ ប៉ុន្តែស្ថិតនៅក្នុងអគារខុនដូដែលមានម្ចាស់ច្រើន។

លោកបន្តថា “ទីផ្សារមួយនេះនៅតាមបណ្តាប្រទេសជិតខាង បានដើររួចទៅហើយ ដោយឡែកសម្រាប់តែកម្ពុជា អាចនិយាយបានថាជាទីផ្សារថ្មីមួយ ហើយទើបតែមានមួយរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ”។ លោកបន្តថា “បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុកមួយចំនួន ចាប់ផ្តើមចាប់អារម្មណ៍ នឹងការទិញចំណែកខុនដូយកជាខុនដូតែល ជាជាន់តែម្ដង”។

លោកបន្តថា Condotel គេធ្វើជាបន្ទប់តូចល្មម សម្រាប់ទុកវិនិយោគបន្តដោយការជួល ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសណ្ឋាគារដែរ។ ការវិនិយោគបែបនេះពួកគាត់អាចមានឱកាសចំណេញច្រើន ព្រោះបច្ចុប្បន្នទីផ្សារមួយនេះ នៅមិនទាន់ទូលាយនៅឡើយនោះទេ ហើយអ្វីដែលសំខាន់គឺពួកគាត់ អាចមានជម្រើសច្រើនក្នុងការទិញដែលទទួលបានតម្លៃល្អ ឬទាបជាងទីផ្សារ ខណៈដែលពេលនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បានផ្តល់នូវលក្ខខណ្ឌងាយស្រួលជាច្រើនដល់ពួក ដែលវាសុទ្ធតែជាឱកាសចំណេញលើការវិនិយោគ”។

នាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY លោកវន ចាន់ថនបានមានប្រសាសន៍ថា ការចាប់ផ្តើមវិនិយោគនៅក្នុងទីផ្សារខុនដូតែលនៅពេលនេះ វាអាចជាឱកា​សល្អ ព្រោះតែជាទីផ្សារថ្មី និងអាចមានការចាប់អារម្មណ៍។

លោកបន្តថា “នៅប្រទេសគេដូចជាប្រទេសថៃ សិង្ហបុរី ជាដើមគឺមានការពេញនិយម ដោយសារតែវាមានតម្លៃថោក ជាងការទិញខុនដូស្ទើរពាក់កណ្តាល”។ លោកបន្តថា “ខុនដូតែលវាមានលក្ខណៈស្រដៀងគ្នា ទៅនឹងបន្ទប់សណ្ឋាគារដែរ វាគ្មានបន្ទប់បាយ គ្មានបន្ទប់ទទួលភ្ញៀវ ដូចជា ខុនដូដែលអាចរស់នៅបែបជាលក្ខណៈគ្រួសារនោះទេ”។

លោកចាន់ថនបានបន្តថា “វាអាចជាជម្រើសល្អទាំងការទិញសម្រាប់រស់នៅ ល្អទាំងសម្រាប់អ្នកទិញទុកសម្រាប់ជួល។ ព្រោះវាមានទំហំតូចតម្លៃថោក មិនដូចខុនដូមានទំហំធំតម្លៃថ្លៃនោះទេ”។

ទីផ្សារបែបនេះភាគច្រើន មានតម្រូវការពីសំណាក់ភ្ញៀវបរទេស ដែលមិនមានគ្រួសាររស់នៅជាមួយ ហើយអាចជួលបន្តក្រោយពេលពួកចាកចេញទៅប្រទេសកំណើត ក្នុងរយៈពេលវែងណាមួយ ដោយប្រគល់ឱ្យអ្នកគ្រប់គ្រងអគាររកភ្ញៀវថ្មី ជំនួសពួកគេបាន ហើយពេលវិលត្រឡប់មកវិញ ក៏អាចស្នាក់នៅក្នុងនាមជាម្ចាសកម្មសិទ្ធិដូចដើម គ្រាន់តែត្រូវការជូនដំណឹងមុនមកកាន់អ្នកគ្រប់គ្រងអគារតែប៉ុណ្ណោះ៕

មហាសេដ្ឋីអចលនទ្រព្យចិនឈរនៅលំដាប់កំពូល ខណៈពេលទ្រព្យសម្បត្តិសរុបកើនឡើង១៥១ពាន់ពាន់លានដុល្លារ

ដោយៈសុខុម

អាមេរិក:  យោងតាមការដាក់ចំណាត់ថ្នាក់ មហាសេដ្ឋីពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិក ប្រចាំឆ្នាំ២០២១ បង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យទូទាំងពិភពលោក បានកើនឡើង១៥១ពាន់លានដុល្លារក្នុងឆ្នាំ២០២០។

ក្នុងនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅអាស៊ី កើនឡើងច្រើនជាងគេ ពិសេសមហាសេដ្ឋីអចលនទ្រព្យពាន់លានដុល្លារទាំង២១៥រូប មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាជាង៨០០ពាន់លានដុល្លារ ហើយមានតែ៣០រូបប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់ខ្លួនបានធ្លាក់ចុះក្នុងឆ្នាំកន្លងទៅ។

មហាសេដ្ឋីអចលនទ្រព្យមានទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតចំនួន៦រូបជាពលរដ្ឋចិនដីគោក ឬចិនហុងកុង ដោយក្នុងនោះរួមមានទាំងលោក Lee Shau-kee វ័យ៩៣ឆ្នាំមកពីក្រុងហុងកុង ដែលជាមហាសេដ្ឋីអចលនទ្រព្យ មានជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិ៣១,៧ពាន់លានដុល្លារផងដែរ។

លោក Lee Shau-kee ជាម្ចាស់ហ៊ុនអភិវឌ្ឍន៍ Henderson Land Development ដែលទទួលសាងសង់គម្រោងលំនៅដ្ឋាន និងគម្រោងពាណិជ្ជកម្មនានាដូចជាអគារមជ្ឈ​មណ្ឌលហិរញ្ញវត្ថុពិភពលោក (World Financial Center) នៅក្រុងប៉េកាំង និងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Centre) នៅក្រុងហុងកុង ជាដើម។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យចិនដីគោក លោក Zuo Hui បានកើនឡើងច្រើនបំផុតកាលពីឆ្នាំមុន ក្នុងចំនួន១៣,៣ពាន់លានដុល្លារ។ គាត់មានទ្រព្យសម្បត្តិសរុប១៥,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៦ ខែមីនា នៅពេលការចំណាត់ថ្នាក់ប្រចាំឆ្នាំត្រូវបានបញ្ចប់។

លោក Zuo Hui ជាប្រធានក្រុមហ៊ុន KE Holdings ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lianjia ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០០១ ហើយលោកបានបង្កើតក្រុមហ៊ុនកម្រៃជើងសារ អចលនទ្រព្យធំជាងគេបំផុតនៅប្រទេសចិន ដោយធ្វើប្រតិ​បត្តិការនៅក្នុងទីក្រុងចំនួន២៨ និងមានភ្នាក់ងារកម្រៃជើងសារអចលនទ្រព្យ (អ្នកគួកជេ) ជិត១៥០.០០០នាក់។

លោក Zuo Hui គឺឈានមុខគេក្នុងចំណោមមហាសេដ្ឋី អចលនទ្រព្យនៅអាស៊ី ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១៥ នៃចំណាត់ថ្នាក់កំពូលទាំង២០ នៅក្នុងការដាក់ចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes។

លោក Donald Bren ប្រធានក្រុមហ៊ុន Irvine Co. ស្ថិតក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យអាមេរិក២រូប ដែលជាប់ក្នុងចំណោមមហាសេដ្ឋី មានទ្រព្យច្រើនបំផុតទាំង២០ក្នុងវិស័យអចលនទ្រព្យ។ ទ្រព្យសម្បត្តិ១៥,៣ពាន់លានដុល្លាររបស់លោក Donald Bren បានខាតបង់២០០លានដុល្លារក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក មួយរូបទៀតគឺលោកSun Hongbin ដែលបានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ចិន Sunac China Holdings បានកើនឡើង១០០លានដុល្លារដល់៩,៣ពាន់លានដុល្លារ។

មហាសេដ្ឋីអចលនទ្រព្យអាល្លឺម៉ង់ Alexander Otto គឺជាមហាសេដ្ឋីលំដាប់កំពូលរបស់អឺរ៉ុប ដែលជាប់ចំណាត់ថ្នាក់លេខ២០។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជិត៧ពាន់លានដុល្លារកាលពីឆ្នាំមុន៕