ក្រសួងកសិកម្មស្នើដៃគូអភិវឌ្ឍន៍អនុម័តគម្រោងចំនួន២មានទំហំទឹកប្រាក់៨០លានអឺរ៉ូ ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ធ្វើការអនុម័តឲ្យបានឆាប់នូវគម្រោងពីរ ដែលកំពុងស្ថិតក្នុងធ្វើការវាយតម្លៃ ដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១ និងរជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

ការជំរុញនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងជំនួបប្រជុំមួយរវាងលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារ AFD ប្រចាំក្រកម្ពុជា។

យោងតាមក្រសួងកសិកម្មបានឱ្យដឹងថា មានគម្រោងពីរទៀត កំពុងធ្វើការវាយតម្លៃ ដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១ នេះ ដែលទីមួយ ជាគម្រោងកម្មវិធីស្តីពី “ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមាន កៅស៊ូ ដំណាំចំណីសត្វ និងបន្លែ” ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន៥០លានអ៊ឺរ៉ូ និងគម្រោងកម្មវិធីទីពីរ ដែលមានឈ្មោះថា “ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព” ដែលត្រូវចូលរួមសហហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន៣០លានអ៊ឺរ៉ូ។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីបានគាំទ្រ និងជំរុញឲ្យ AFD ធ្វើការអនុម័តឲ្យបានឆាប់ ដែលអាចធ្វើទៅបានដើម្បីអនុវត្តន៍ ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិតកម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

លោកស្រី Ophelie Bourhis បានឱ្យដឹងថា ដោយឡែកគម្រោងពីរទៀតនេះ មួយគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចធ្វើការអនុម័តក្នុងឆ្នាំ២០២១ នេះដែរ។

លោកស្រីសង្ឃឹម និងជឿជាក់ថា គម្រោងនឹងចូលរួមចំណែងធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែមទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួ​លអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍៕

ក្រសួងទេសចរណ៍ស្នើឲ្យមន្ទីរ រដ្ឋបាលរាជធានី ខេត្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ  ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋាន គោលដៅទេសចរណ៍ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ទី២០ ខែមេសា។

ការបិទរមណីដ្ឋាននិងគោលដៅទេសចរណ៍នេះ អនុវត្តតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំង ប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការ នេះឲ្យបានម៉ត់ចត់ដោយមិន ត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្ននេះ ជាដាច់ខាត៕

ជំងឺកូវីត១៩ និងការស្ងប់ស្ងាត់គម្រោងសង់ស្ពាន ធ្វើឲ្យតម្លៃដីនៅតំបន់អរិយក្ស ត្រហាក់នៅទ្រឹង

ដោយៈរតនៈ

ភ្នំពេញៈ អ្នកធ្វើការផ្នែកអចលនទ្រព្យអះអាងថា ការស្ងប់ស្ងាត់គម្រោងសង់ស្ពាន និងជំងឺកូវីត១៩ ធ្វើឲ្យតម្លៃដីនៅតំបន់អរិយក្សត្រ ហាក់នៅទ្រឹងបើទោះជាតំបន់់នោះអំ​ណោ​យផលក្នុងសាងសង់លំនៅឋានក្តី។

លោកស្រី តាំង ហួរ ក្រុមហ៊ុន អមតៈ ប្រូភើធីស៊ឺវីសមានប្រសាសន៍ថា តម្លៃដីនៅតំបន់អរិយក្សត្រមុនការវាយលុក ជំងឺកូវីតគឹតម្លៃគឺហាក់កើនឡើងលឿន តែស្របពេលដែលជំងឺកូវីត១៩វាយប្រហារ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ធ្វើឲ្យការអភិវឌ្ឍវិស័យអចលនទ្រព្យមានគម្រោងបុរី ផ្ទះល្វែង ខុនដូ ជាដើមបានផ្អាក ហើយក៏ធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះហាក់នៅទ្រឹងមិនឡើងថ្លៃទៀតទេ។

លោកស្រីបន្តថា “បន្ទាប់ពីកូវីត១៩បានវាយប្រហារហើយ បួករួមទាំងបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងអចលនទ្រព្យនីមួយៗ នៅតំបន់នោះផងធ្វើឲ្យតម្លៃដី ហាក់នៅទ្រឹងផងដែរ”។

លោកស្រី តាំង ហួរ បន្ថែមថាក្រៅ ពីបញ្ហាហិរញ្ញវត្ថុ និងបញ្ហារាតត្បាតជំងឺកូវីត១៩  ការស្ងាត់ ដំណឹងអំពីគម្រោងសាងសង់ស្ពាន ទៅកាន់តំបន់អរិយក្សត្រនេះ ក៏ជាមូលហេតុមួយធ្វើឲ្យតម្លៃដីហាក់នៅទ្រឹង និងមានអ្នកខ្លះលក់ក្នុងតម្លៃក្រោមទីផ្សារ ព្រោះត្រូវការលុយប្រញាប់។

បើតាមលោកស្រី តាំង ហួរ តម្លៃដីនៅតំបន់អរិយក្សត្រនៅពេលនេះអាចនៅត្រឹ៤០០ទៅ៥០០ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយម៉ែត្រការេសម្រាប់ដី ដែលមានទំហំធំ និង ដី ដែលមានទំហំតូចហើយក្បាលដីជាប់ថ្នល់កៅស៊ូ គឺអាចជិង១ពាន់ដុល្លាសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ លោក ម៉ម សេរីបញ្ញា នាយកប្រត្តិបត្តក្រុមហ៊ុន Easy Property Investment បានឲ្យដឹងថា ស្ថានភាពទិញលក់ដីធ្លីនៅតំបន់អរិយក្សត្រនេះ ហាក់មានភាពស្ងប់ស្ងាត់តែលោកថា ប្រសិនបើគម្រោងសាងសង់ស្ពានពីភ្នំពេញ ទៅតំបន់នោះចេញជារូបរាងមែន គឺតម្លៃដីធ្លីនៅនោះនឹងឡើងខ្លាំង ព្រោះតំបន់អរិយក្សត្រកៀកនឹងតំបន់អភិវឌ្ឍដូចជាកោះពេជ្យ និងកោះនរាជាដើម។

ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដា លគឺជាឃុំមួយមានទីតាំងទល់មុខនឹងទន្លេចតុមុខ ហើយក៏កៀកជាមួយទីក្រុងកោះពេជ្រ ក្នុងរាជ្យធានីភ្នំពេញផងដែរ។

កន្លងមករដ្ឋាភិបាលកម្ពុជាធ្លាប់ លើកពីគំរោងសាងសង់ស្ពានពីតំបន់ផ្លូវជាតិលេខ១ ក្តីតាកុយ ទៅកាន់តតំបន់អរិយក្សត្រ ប៉ុន្តែគំរោងនេះប្រហែលជាត្រូវដូរទីតាំងសាងសង់ចេញពីទីក្រុងកោះនរា ដែលកំពុងចាក់ខ្សាច់និងកសាងហេដ្ឋារចនាសម្ព័ន៕

ក្រុមហ៊ុនSP Groupសាងសង់អនុស្ថានីយអគ្គិសនីក្រោមដីខ្នាតយក្សដំបូង បង្អស់នៅអាស៊ីអាគ្នេយ៍

ដោយៈសុខុម

សិង្ហបុរី:  ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ភ្លើង និងហ្គាសSP Group ទឹកបានប្រកាសកាលពីថ្ងៃអង្គារ ទី៦ ខែមេសាកន្លងមកថា ខ្លួននឹងដំណើរការសាងសង់ អនុស្ថានីយអគ្គិសនីក្រោមដីខ្នាតយក្សដំបូងបង្អស់ប្រចាំអាស៊ីអាគ្នេយ៍ នៅតំបន់ការពារធម្មជាតិ Labrador Nature Reserve ក្នុងចំណាត់ការមួយ ដើម្បីសន្សំទីធ្លាទុកសម្រាប់ការអភិវឌ្ឍទីក្រុងនៅក្នុងសិង្ហបុរី ដែលក្សត់ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ជាមួយនឹងគម្រោងសាងសង់បញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៤ អនុស្ថានីយអគ្គិសនីក្រោមដីនេះ នឹងផ្គត់ផ្គង់តម្រូវការអគ្គិសនី ក្នុងតំបន់ក្បែរខាងជាច្រើន ដូចជា តំបន់ Alexandra តំបន់ Clementi តំបន់ Keppel តំបន់ Pasir Panjang និងសង្កាត់ Science Park ជាដើម។

ក្រុមហ៊ុន SP Group បានចេញសេចក្ដីប្រកាសព័ត៌មានថា ការសាងសង់អនុស្ថា​នីយអគ្គិសនីក្រោមដីនេះ នឹងចំណេញដីដែលមានហាងឆេងខ្ពស់ រហូតដល់ទៅ៣ហិកតា ដែលស្មើនឹងតារាងបាល់ទាត់ដល់ទៅ៤ឯណោះ។

លោក Stanley Huang នាយកប្រតិបត្តិក្រុមហ៊ុននេះ បានគូសបញ្ជាក់ថា នៅពីលើអនុស្ថានីយនេះ នឹងមានការសាងសង់អគារពាណិជ្ជកម្ម មួយកម្ពស់៣៤ជាន់ ដែលគ្រោងសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ដូចគ្នា។

លោកថ្លែងថា “ការអភិវឌ្ឍនេះ គឺស្របគ្នាទៅនឹងផែនការកែលម្អ ទីក្រុងរបស់ប្រទេសសិង្ហបុរី និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីធានាបាននូវការប្រើប្រាស់ “ថាមពលដែលអាចជឿទុកចិត្តបាន ប្រកបដោយនិរន្តរភាព និងទំនើបសម្រាប់គ្រប់គ្នា” និងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព”។

ក្រុមហ៊ុន SP Group និយាយថា អនុស្ថានីយអគ្គិសនី ជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលផ្គត់ផ្គង់ថាមពលដល់លំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និងសេវាកម្មសាធារណៈ។

ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា អនុស្ថានីយអគ្គិសនីក្រោមដីនេះ នឹងមានអគ្គិសនីកម្លាំង២៣០គីឡូវ៉ាត់ សម្រាប់ផ្គត់ផ្គង់ដល់តំបន់រហូតដល់ទៅ៨៕

វិភាគៈ តើសេរីភាព ជីវភាព និងអាយុជីវិត មួយណាមានសារៈសំខាន់ក្នុងកំឡុងវិបត្តិកូវីដ

          ដោយៈយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ មនុស្សចំនួន២២នាក់ហើយបានស្លាប់ដោយ​សារជំងឺកូវីដ១៩ និង៥នាក់ទៀតស្លាប់ដោយសារជំងឺពាក់ព័ន្ឋ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៩១៥នាក់នៅទូទាំងប្រទេស។

វិបត្តិនេះនឹងមិនបញ្ចប់នោះទេ បើសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ ម្ចាស់ប្រទេ​សនោះទេ បើទោះបីជារដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ។
ការចូលរួមជួយខ្លួនឯង

          ការចូលរួមពាក់ម៉ាស់ការពារ អនុវត្តន៍តាមវិធានណែនាំ របស់ក្រសួងសុខាភិបាល ដោយ៣កុំ និងបីការពារ ពិសេសកុំចេញពីផ្ទះ បើគ្មានការចាំបាច់ វានឹងពន្លត់វិបត្តិនេះមិនឲ្យអូសបន្លាយរយៈពេលវែងតទៅទៀត និងអាចបញ្ចប់ព្រឹត្តិការណ៍៍២០កុម្ភៈបានកាន់តែឆាប់កាន់តែល្អ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកដៃសំពញអង្វរក ម្តងហើយម្តងទៀត ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តន៍ នូវការណែនាំរបស់រដ្ឋាភិបាល ដោយស    ម្តេចលើកឡើងថា “ការអនុវត្តន៍នូវវិធានការណ៍៣កុំ ៣ការពារ និងតាមគោលការណ៍ណែ​នាំដទៃទៀត គឺដើម្បីប្រជាពលរដ្ឋខ្លួនឯង សម្តេចមិនចង់បានអ្វីនោះទេ”។

ផ្ទុយទៅវិញ ការមិនអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្មើនឹងការបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងបំផ្លាញប្រទេសជាតិ។

ការចាក់វ៉ាក់សាំង

          សម្រាប់ប្រជាជនស្ថិតនៅជួរមុខ ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួរតែរួសរាន់ទៅទទួលវ៉ាក់សាំង ដើម្បីការពារខ្លួននិងកាត់បន្ថយជំងឺនេះ ហើយជម្រុះចេញនូវការសង្ស័យណាមួយ ដែលថាវ៉ាក់សាំងរបស់ចិន ឬប្រទេសណាមួយ នឹងធ្វើឲ្យពិការឬគ្រោះថ្នាក់ដល់អាយុជីវិត។

គិតរហូតមកទល់ពេលនេះ មានប្រទេសមិនច្រើនជាង១០ឡើយ នៅលើពិភពលោក ដែលអាចផលិតវ៉ាក់សាំងបាន ខណៈមេដឹកនាំបណ្តាប្រទេសនានាកំពុងដណ្តើមវ៉ាក់សាំងគ្នា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់គេ។
អ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត ពួកគេជាមនុស្សមានក្រមសីលធ៌ម មានវិជ្ជាជីវៈ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ច្បាស់លាស់ណាស់ ត្រឹមត្រូវបំផុត ដើម្បីអាចផលិតវ៉ាក់សាំងបានយកមកបំរើផលប្រយោជន៍មនុស្សជាតិ ពិសេសពួកគេមានភស្តុតាងយ៉ាងត្រឹមត្រូវ និងរ៉ឹងមាំបំផុត ដើម្បីបង្ហាញដល់រដ្ឋាភិបាលរបស់ខ្លួន អាចអនុម័តយកមកចាក់ជូនពលរដ្ឋរបស់ពួកគេ និងចែកចាយទៅកាន់បណ្តាប្រទេសនានា។

ឈរលើគោលការណ៍មនុស្សជាតិ សីលធ៌ម និងវិជ្ជាជីវៈ គ្មានមេដឹកនាំប្រទេសណា​មួយលើពិភពលោក ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ទាំងបានដឹងថា វាមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរបស់ខ្លួនឡើយ។
ការរាលដាលនឹងបន្ត

          ប្រសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ ពិសេសអ្នកសង្ស័យខ្លួនឯងកើតជំងឺកូវីដ១៩ទេនោះ ព្រឹត្តិការណ៍២០កុម្ភៈនឹងមិនងាយបញ្ចប់បានឡើយ។

ជាក់ស្តែងគិតត្រឹមម៉ោង៧នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន១៨២៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន៥នាក់។

ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានគេធៀបនឹងពោះវៀនកង់រថយន្ត ដែលបានមុតធ្លាយសុះពាសពេញ ដែលពិបាកគក្នុងការគ្រប់គ្រង ដូចគ្នានឹងប្រទេសនេះដែរ ជំងឺនេះបានឆ្លងសាយភាយស្ទើរគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេសរួចទៅហើយ ដែលមនុស្សមានរោគសញ្ញា អ្នកសង្ស័យជំងឺនេះ ដែលជាប់ធ្វើចត្តាឡីស័កបានដើរហើរ ដោយគ្មានការទទួលខុសត្រូវ ដែលបណ្តាលឲ្យជំងឺនេះឆ្លងចូលសហគមន៍ស្ទើរទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ។

វិធានការណ៍ផាកពិន័យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែការដាក់ទោសពីរដ្ឋាភិបាលឲ្យ​បានធ្ងន់ធ្ងរ លើអ្នកបំពានទាំងនោះ ជាការអនុវត្តន៍ច្បាប់មួយ ដែលមនុស្សមិនគោរព ប៉ុន្តែរដ្ឋាភិបាលត្រូវតែចាប់ឲ្យគោរព។

ការពារពីជំងឺកូវីដ១៩ ជាការការពារឆ្នាំងបាយរបស់ខ្លួន

ស្ទើរគ្រប់អាជីវកម្មទូទាំងប្រទេស បានរងផលប៉ះពាល់រូចហើយ ដោយក្រុមហ៊ុនខ្លះបានបិទទ្វារ ក្រុមហ៊ុនខ្លះបានកាត់បន្ថយបុគ្គលិក និងក្រុមហ៊ុនខ្លះទៀតបានកាត់ប្រាក់ខែបុគ្គលិក ដើម្បីការពារកុំឲ្យក្រុមហ៊ុនរបស់ខ្លួនដួលរលំ។

ហេតុនេះមានតែការពារពារខ្លួនពីជំងឺនេះ ដោយអនុវត្តន៍៍តាម “ការណែនាំពីប្រមុខរដ្ឋាភិបាល ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលទេ” ទើបជំងឺនេះអាចគ្រប់គ្រងនិងឈានទៅកាត់បន្ថយការឆ្លងក្នុងសហគមន៍បាន។

ដោយមើលឃើញបញ្ហាដ៏លំបាក ដែលជំងឺនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព ប្រាក់ចំណូលរបស់ពលរដ្ឋ ទើបអង្គការក្រៅរដ្ឋាភិបាល សមាគមចំនួនជាង១០០បានស្នើ​រដ្ឋាភិបាលជម្រុញឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារជួយសម្រួលដោយផ្អាកការបង់ប្រាក់រយៈពេល៣ខែជាបណ្តោះអាសន្ន ដើម្បីជួយសម្រូលជីវភាព និងកាត់បន្ថយការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋពីសស្ថាប័នហិរញ្ញវត្ថុទាំងនោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីសមា​គមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិសេសពីប្រមុខរដ្ឋាភិបាលកម្ពុជានៅឡើយទេ។

ដូច្នេះការចូលរួមការពារខ្លួនពីជំងឺកូវីដ១៩ នឹងជាការចូលរួមការពារអាយុជីវិតខ្លួនឯងផង ការពារក្រុមគ្រួសាររបស់ខ្លួនផង លើកកំពស់សេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចជាតិរបស់យើងផង។

ពន្លឺថ្ងៃកំពុងទន់ទេរនៅកម្ពុជា យើងសង្ឃឹម និងពួតដៃទាំងអស់គ្នា ដើម្បីផាត់ពពកខ្មៅឲ្យចាកចេញ ហើយទទួលយកនូវពន្លឺនៃក្តីសង្ឃឹម និងស្នាមញញឹមឡើងវិញ តាមរយៈការចូលរួមពីយើងទាំងអស់គ្នា៕

ដំណឹងល្អៈចំណាយរយៈពេល៦ខែ គាស់ខ្មោចនាវាចម្បាំងសម័យសង្គ្រាមមកដល់គោកហើយ

          ដោយៈរតនៈ

កំពង់ចាមៈ បន្ទាប់ពីក្រុមការងារបានធ្វើប្រតិបត្តិការរយៈពេល៦ខែមក នាវាចម្បាំងដែលបានលិច អំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោកហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ពិធីស្រង់នាវាម៉ារីននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងភាគីពាក់ព័ន្ធ ។

នាយឧត្តមសេនីយ៍នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ  គឺជាស្នាដៃប្រវត្តិសាស្ត្រ មិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើ​យក៏បានបង្ហាញថា “កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវាជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា”។នាវាម៉ារីនដែលលិច ក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅ រហូតដល់២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។

ក្រោយពីបានស្រង់មកលើគោគ ស្ថានភាពនាវាចម្បាំងនោះឃើញថា មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែ ងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោក ជាបន្តបន្ទាប់ចេញពីនាវានេះ រយៈពេល៦ខែមក។

បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌ សរុបប្រមាណ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕

តម្លៃដីនៅតាមបណ្ដោយផ្លូវលេខ៦A បន្តឡើងថ្លៃខ្ពស់ ខណៈវត្តមានសំណង់បុរីធំៗបង្ហាញវត្តមាន

ដោយៈរតនៈ

ភ្នំពេញៈ អ្នកឃ្លាំមើលទីផ្សារអចលនទ្រព្យអះអាងថា តម្លៃដីនៅតាមបណ្ដោយផ្លូវជាតិ6A នៅតែបន្តឡើងថ្លៃខ្ពស់ ខណៈដែលគម្រោងសំណង់ធំៗ ពិសេសបុរី លំនៅដ្ឋាននៅបណ្ដោយផ្លូវមួយនេះកំពុងកើនឡើង។

លោកស្រី ហ្រ្គេស រចនី ហ្វុង នាយិកា ក្រុមហ៊ុនCentury21 Cambodia បានប្រាប់គេហទំព័រPropertyarea នាព្រឹកថ្ងៃទី៧ មេសានេះថា តាមបណ្ដោយផ្លូវជាតិលេខ6A នេះ នឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនកើតឡើង ជាពិសេសគឺគម្រោងបុរី និងសំណង់ធំៗ។លោកស្រីបន្តថា ផ្លវជាតិលេខ6A ក៏ជាផ្លូវជាតិសំខាន់មួយ ដែលតភ្ចាប់ទៅខេត្តជាច្រើនដូចជាកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ  ហើយក៏អាចភ្ចាប់មកផ្លូវជាតិលេខ៥វិញផងដែរនៅចំនុចថ្នល់កែងក្នុងស្រុកបាធាយមកដល់ស្ពានព្រែកក្ដាម។

លោកស្រីបន្តថា “បច្ចុប្បន្នដោយសារការកើនឡើងនូវវត្តមានបុរី ភាពអំណោយផលនៃលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋ និងខ្យល់អាកាសបរិសុទ្ឋ បាននិងកំពុងធ្វើឲ្យមានភាពទាក់ទាញគំរោងបុរីធំៗ ដែលភាគច្រើនជាលំនៅដ្ឋានប្រណីត”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group មានប្រសាសន៍ថា តាមបណ្ដោយផ្លូវជាតិលេខ6A គឺជាដីដែលអំណោយផលដល់ការសាងសង់លំនៅឋានព្រោះថា នៅសងខាងផ្លូវមួយនេះគឺមានទន្លេសងខាង ដែលផ្ដល់អាកាសធាតុត្រជាក់ចេញពីទឹកទន្លេ។

លោកបន្តថា “បើប្រៀបធៀបនឹង២ទៅ៣ឆ្នាំមុន គឺតម្លៃដីនៅតំបន់នេះ ហាក់ហក់ឡើងតាមតំបន់ចន្លោះពី ១៥០ភាគរយ ទៅ២០០ភាគរយ”។

ផ្លូវជាតិផ្លូវជាតិលេខ6A តភ្ជាប់ពីសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ចំណុចប្រសព្វ នៃស្រុកបាធាយខេត្តកំពង់ចាម។ កំណាត់ផ្លូវថ្មីនេះ ប្រើប្រាស់ប្រាក់ហិរញ្ញប្បទាន ដោយប្រាក់កម្ចី៧០លានដុល្លារពីប្រទេសចិន។

ការសាងសង់ផ្លូវនេះ បានចាប់ផ្តើមនៅខែមករា ឆ្នាំ២០១២ ដោយក្រុមហ៊ុនChinese Shanghai Group និងត្រួតពិនិត្យដោយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Guangzhou Wan Ann ៕

អភិបាលរាជធានីភ្នំពេញស្នើឲ្យភោជនីយដ្ឋាន ហាងកាហ្វនៅភ្នំពេញបម្រើសេវាដោយវេចខ្ចប់ជូនអតិថិជន

        ដោយៈសហការី

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកទឹកចិត្ត និងអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់នៅទូទាំងរាជធានីភ្នំពេញ គួរបម្រើសេវាដោយខ្ចប់ជូនអតិថិជន ប្រសើរជាការអង្គុយទទួលទាននៅក្នុងហាង។

លោកឃួង ស្រេងបានមានប្រសាសន៍ប្រាប់សារព៌តមានFreshnewsនាព្រឹកថ្ងៃទី៧ មេសានេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើន នៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការខ្ចប់

លោកឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។

បើតាមអភិបាលរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋាន ហាងកាហ្វេ នៅតែអនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

មន្ដ្រីសុខាភិបាលបានឲ្យដឹងផងដែរថា ករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញ នៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូបចុក ជួបជុំ នៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម។ លើសពីនេះទៅទៀត ក៏មានការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។

ជាក់ស្ដែងបុគ្គលិកធនាគារមួយ ពេលធ្វើការមានការពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្ចប់បាយផ្ទះទៅដើម្បីហូប ប៉ុន្ដែបែរជាត្រូវឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ៕

អាគារការិយាល័យថ្មីធំៗ២បញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំនេះ ខណៈ អត្រាជួលបង្ហាញសញ្ញាវិជ្ជមាន

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យការិយាល័យនៅកម្ពុជា រំពឹងទទួលបានការផ្គត់ផ្គង់បន្ថែមទំហំ២៧.៦០២ម៉ែត្រការ៉េ បន្ទាប់អាគារការិយាល័យថ្មីធំៗចំនួន២ បានបញ្ចប់ការសាងសង់ក្នុងទីផ្សារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

ដោយរួមបញ្ចូលជាមួយ នឹងការផ្គត់ផ្គង់ការិយាល័យសហកម្មសិទ្ធិ ការផ្គត់ផ្គង់ការិ​យាល័យរំពឹងថា នឹងកើនឡើងដល់ទំហំ១៩៧.៦០៨ម៉ែត្រការ៉េ ដោយសារគម្រោងការិយាល័យថ្មីៗបញ្ចប់ការសាងសង់នៅឆ្នាំនេះ។

ការបញ្ចប់សាងសង់អាគារការិយាល័យលំដាប់A  អគារស្ថាបនា មានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ បានបន្ថែមការផ្គត់ផ្គង់ទំហំ១៦,៣៥៧ម៉ែត្រការ៉េ ទៅក្នុងការផ្គត់ផ្គង់សរុប។ បន្ថែមលើនេះទៀត ការបញ្ចប់អាគារការិយាល័យលំដាប់C នៅខណ្ឌទួលគោកបានបន្ថែមការផ្គត់ផ្គង់ទំហំ១,៦៦៤ម៉ែត្រការ៉េ បន្ថែមទៀតទៅក្នុងទីផ្សារ។ការបញ្ចប់ការសាងសង់អាគារការិល័យនេះស្មើនឹង៦៥% នៃការផ្គត់ផ្គង់ការិយាល័យនៅកណ្តាលក្រុងសម្រាប់ឆ្នាំ២០២១។

អត្រាកាន់កាប់ការិយាល័យកណ្តាល មានត្រឹម៧៤,៧% នៅត្រីមាសទី១ ឆ្នាំ២០២១ ធ្លាក់ចុះ២,៣% បើធៀបនឹងត្រីមាសមុន ដោយសារតែលទ្ធផលនៃការកើនឡើងនៃការផ្គត់ផ្គង់។ ទោះយ៉ាងណា ទីផ្សារនឹងទទួលបានការបញ្ចប់ការសាងសង់ជាស្ថាពរនៃសហកម្មសិទ្ធកម្មសិទ្ធិថ្មីចំនួន៦គម្រោង នោះការកាន់កាប់ជាទូទៅ នៅក្នុងវិស័យការិយា​ល័យទំនងជានឹងធ្លាក់ចុះបន្ថែមទៀត ក្នុងកំឡុងឆ្នាំនេះ។

ទីផ្សារការិយាល័យទទួលបានកិច្ចព្រមព្រៀងជួលច្រើន ក្នុងត្រីមាសទី១ ឆ្នាំ២០២១ តែទោះយ៉ាងណារយៈពេលជួល មានរយៈពេលខ្លី បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០ និងត្រីមាសទី១ ឆ្នាំ២០២០។

អត្រានៃការជួលអាគារការិល័យលំដាប់B នៅតំបន់ទីប្រជុំជនមានសន្ទុះកើនឡើង ៣,៣% និង នៅក្រៅតំបន់ទីប្រជុំជនមានសន្ទុះកើនឡើង៣,៩%។

អត្រាជួលការិយាល័យលំដាប់C នៅតំបន់ទីប្រជុំជន កើនឡើងប្រហាក់ប្រហែល៣.៣% នៅត្រីមាសទី១ ឆ្នាំ២០២១ ទោះជាយ៉ាងណាក៏ដោយ អត្រាជួលការិយាល័យលំដាប់C នេះមានអត្រា០,៤% ទាបជាងត្រីមាសមុន។

ក្នុងត្រីមាសទី១ ឆ្នាំ២០២១ មិនមានអាគារការិយាល័យសហកម្មសិទ្ធិណាមួយបានបញ្ចប់នោះទេ តែតម្លៃអាគារការិយាល័យប្រភេទនេះ នៅតែរក្សាភាពខ្លាំង ដោយតម្លៃជាមធ្យមចំនួន២៦,៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕

គម្រោងហេដ្ឋរចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ធំៗចំនួន៥នឹងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងហេដ្ឋរចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗចំនួន៥ នឹងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈគម្រោងទាំង៥នេះបាន និងកំពុងដំណើរសាសង់ទៅតាមការគ្រោងទុក បើទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ។

តំបន់បាក់ខែង បានក្លាយជាទីតាំងសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីស្វា​គមន៍ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ការដំឡើងកៅអីចំនួន១២.០០០ ក្នុងចំណោមកៅអីចំនួន៤០.០០០ ហើយដំណើរការសាងសង់នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។

ផ្លូវ៣០ម៉ែត្រថ្មីក្នុងខណ្ឌសែនសុខ ដែលតភ្ជាប់ពីវិថីឈ្នះ-ឈ្នះ និងផ្លូវ Aeon Sen Sok បានទទួលជោគជ័យក្នុងការសាងសង់ ដោយនៅសល់តែការតុបតែងចុងក្រោយ និងភ្លើងបំភ្លឺតាមដងផ្លូវ។

ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នៅតែបន្តដំណើរការសាងសង់ ទោះបីស្ថិតក្នុងវិបត្តិជំងឺរាតត្បាតកូវិដ១៩ ក៏ដោយ។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ការក្រាលកៅស៊ូលើផ្នែកគំរូនៃផ្លូវត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់ សម្រេចបាន៤០%ហើយ។ គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៣។

គម្រោងកាស៊ីណូ និងសណ្ឋាគារណាហ្គា៣ ត្រូវបានរាយការណ៍ថា បានបើកការ   ​ដ្ឋាន ហើយបានចាប់ផ្តើមដំណើរការការងារសាសង់។

គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៤ និងរួមមានកន្លែងកម្សាន្តចម្រុះ ខុនដូបែបសណ្ឋាការ ឧទ្យានបែបឌីជីថល និងកន្លែងកម្សាន្តផ្សេងៗទៀត។

ក្រុមហ៊ុនOCIC បានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២១ ថា ការសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានរំពឹងថានឹងសម្រេចបាន៥០ភាគរយ គិតត្រឹមចុងឆ្នាំ២០២១។ អាកាសយានដ្ឋាននេះ នឹងលាតសន្ធឹងលើផ្ទៃដី២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល នៅខាងត្បូងរាជធានីភ្នំពេញហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៣។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ជាធម្មតា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗ នឹងលើកកម្ពស់មុខមាត់នៅតំបន់ ពិសេសជួយបង្កើនតម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះ៕