គេហំទំព័រPropertyarea សម្រេចបន្ថែមនូវមាតិកាសុខភាព និងអប់រំដើម្បីពង្រីកចំណេះដឹងដល់អ្នកអាន

ដោយ:គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំ នៃគេហទំព័រPropertyarea.asia និង Facebook Page ឈ្មោះ Property Area Asia បានសម្រចបន្ថែមនូវមាតិកាព័ត៌មានសុខភាព និងការអប់រំដល់អ្នកអានជាតិ និងអន្តរជាតិ ដើម្បីផ្តល់ជូននូវព័ត៌មានកាន់តែសម្បូរបែបដល់អ្នកអានជាតិ និងអន្តរជាតិ។

សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ មិនានេះថា សុខភាព និងការអប់់រំមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សហគមន៍មួយ ប្រទេសជាតិមួយ ព្រោះវិស័យទាំងពីរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងសង្គមមួយ ដែលមានអរិយធ៌មនោះទេ ។

លោកបន្តថា “សង្គម ដែលសម្បូរធនធានមនុស្សមានសុខភាពល្អ និងមានចំណេះដឹង ក្រមសីលធ៌ម ពិសេសគុណវុឌ្ឍិ នឹងជាសង្គមអរិយជន”។លោកបន្តថា “ការធ្វើពិពិធកម្មអត្ថបទរបស់យើង មិនមែន​មានន័យថា យើងកាត់បន្ថយនូវតម្លៃស្នូលរបស់យើងនោះទេ គឺយើងនៅតែបន្តរក្សាភាពខ្លាំងរបស់យើង ក្នុងការផ្សព្វផ្សាយព៌តមានផ្នែកព៌តមានអចលនទ្រព្យ ការអភិវឌ្ឍន៍ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា”។

“ព័ត៌មានសុខភាព និងការអប់រំ នឹងកាន់តែបន្ថែមនូវគុណតម្លៃរបស់យើង និងធ្វើឲ្យគេហទំព័រនេះ មានព័ត៌មានកាន់តែសម្បូរបែបសម្រាប់មិត្តអ្នកអាន”។ លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។

លោកបានបន្តថា ប្រទេសជាតិមួយរ៉ឹងមាំបាន និងអភិវឌ្ឍន៍បានលឿនអាស្រ័យលើកត្តាសំខាន់បំផុត គឺ “ធនធានមនុស្ស” ដែលធនធានមនុស្សពូកែ ត្រូវតែមានសុខភាពល្អ ធនធានមនុស្សមានចំណេះដឹង និងក្រមសីលធម៌ខ្ពង់ខ្ពស់។ ហេតុនេះការពង្រីកមូលដ្ឋាន ឬការធ្វើឲ្យគេហទំព័រនេះ កាន់តែមានព៌តមានកាន់តែសម្បូរបែប នឹងជាក្តីរីករាយមួយសម្រាប់ក្រុមការងាររបស់យើង ដែលអាចចែករំលែកព័ត៌មានដល់អតិថិជន ពិសេសអ្នកអានរបស់យើងនឹងទទួលបានព័ត៌មាន ចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងសុខភាព និងការអប់រំ ដែលជាតម្លៃស្នូលនៃមនុស្សជាតិ។

លោកលាងគង់បានបន្តថា ជាមួយនឹងការទទួលបានការគាំទ្រកើនឡើងជាប្រចាំ គេហទំព័រនេះ នឹងបន្តរក្សាការប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែលឿន រហ័ស អាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈជាចម្បង៕

អ្នកជំនាញៈព្រឹត្តិការណ៍២០កុម្ភៈមិនរុញច្រានឱ្យតម្លៃដីធ្លីធ្លាក់ចុះនោះទេ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើទោះបីព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ តម្លៃដីធ្លីមិនមានការធ្លាក់ចុះ ហើយមិនទាន់មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ ប្រកាសផ្អាកដំណើរការនោះទេ។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ជាថ្មី មិនមែនជាត្រឹមព្រឹត្តិការណ៍ ដែលកើតឡើ​ងលើកទី១នោះទេ ដោយមិនទាន់អាចវាយតម្លៃបានថា តើអាចប៉ះពាល់កម្រិតណាដល់វិស័យអចលនទ្រព្យប៉ុណ្ណានោះទេ។

ប៉ុន្តែលោកបានថ្លែងថា “រដ្ឋាភិបាលនឹងគ្រប់គ្រងព្រឹត្តិការណ៍នេះ ដូចទៅនឹងព្រឹត្តិ​ការណ៍មុនៗ ប៉ុន្តែទាមទារឱ្យមានការចូលរួម ពីប្រជាជនទាំងនៅកម្ពុជាយើង”។ លោកបន្តថា “ទោះបីព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ កើតឡើងក៏ដោយ ក៏មិនទាន់មានគម្រោងណាមួយ ដូចគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបុរី ប្រកាសផ្អាកឬបញ្ឈប់ដំណើរសាងសង់នៅឡើ​យទេ”។

លោកបានបន្តទៀតថា ទាក់ទងនឹងការទិញលក់ដីធ្លីវិញ នៅតែមានចរន្តធម្មតា ពិ​សេសនៅតំបន់ជាយក្រុង ដែលនៅតែមានសកម្មភផុលផុសរវាងអ្នកលក់ និងអ្នកទិញ។ មួយវិញទៀត តម្លៃដីធ្លីទាំងនៅក្នុងក្រុង និងជាយក្រុងមានទាន់សញ្ហាណាមួយ ដែលធ្លាក់ថ្លៃនោះទេ។

លោកឌឹត ចណ្ណាបានបន្តថា “កត្តាដែលធ្វើឱ្យតម្លៃដីធ្លីមិនធ្លាក់ចុះ និងគម្រោងអភិវឌ្ឍន៍នៅតែបន្តដំណើរការ ដោយសារការវិនិយោគដីធ្លី ជាការរយៈវិនិយោគរយៈធម្យម និងវែង ហើយគម្រោងអភិវឌ្ឍន៍គឺសម្រាប់រយៈពេលវែង ប៉ុន្តែព្រឹតិ្តការណ៍២០កុម្ភៈគឺរយៈពេលខ្លីប៉ុណ្ណោះ”។

ជាមួយគ្នានេះដែរ លោកបានថ្លែងទៀតថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ របស់កម្ពុជាគឺជាជំហានមួយដ៏ល្អសម្រាប់វិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះនៅពេលប្រជាជនទទួលបានវ៉ាក់សំាងគ្រប់គ្រាន់ ទាំងអ្នករកស៊ីទទួលបានក្នុងវិស័យអចលនទ្រព្យ និងអ្នកទេសចរណ៍ស្វែងរកអចលនទ្រព្យ សម្រាប់វិនិយោគចាប់ផ្តើមមានទំនុកចិត្ត ក្នុងការធ្វើប្រតិបត្តិការវិនិយោគរបស់ពួកគេឡើងវិញ។

ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញបានលើកឡើងថា វិនិយោគិនអច​លនទ្រព្យអាចទាញយកឱកាសនេះ ទៅជាការវិនិយោគសម្រាប់ ផលចំណេញនាពេលអនាគត ពិសេសការវិនិយោគលើដីធ្លី។

អ្នកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដបែបនេះ ការវិនិយោគអចលនទ្រព្យជាឱកាសល្អបំផុត ព្រោះអចលនទ្រព្យដែលត្រូវការលក់ប្រញាប់នាពេលនេះ មានតម្លៃក្រោមទីផ្សារប្រមាណ៣០ភាគរយ។

អ្នកស្រីបន្តថា “នេះជាករណីអចលនទ្រព្យលក់ប្រញាប់ មិនមែនអចលនទ្រព្យទាំងអស់នោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពទីផ្សារ វិលមករកភាពប្រក្រតីវិញនាពេលណា វាអាស្រ័យលើស្ថានភាពពិភពលោក”។

អ្នកស្រីបន្តទៀតថា “ទោះជាវិបត្តិកូវីដនៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏អ្នកវិនិយោគអន្តរជាតិ នៅតែមិនទាន់ចូលមកកម្ពុជានោះទេ ដោយសារពួកគេ មានអារម្មណ៍មិនទាន់មានសុវត្ថិភាព”៕

កាន់តែបារម្ភៈការបិទទីតាំងដើម្បីទប់ការរាតត្បាតជំងឺកូវីដ១៩កើនឡើងដល់២៩ទីតាំងនៅក្រុងព្រះសីហនុ

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន២៩ទីតាំងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នកន្លងទៅ សម្រាប់ប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

តើអាកាសយានដ្ឋានធំជាងគេបំផុតលើពិភពលោកស្ថិតក្នុងប្រទេសណា?

ដោយៈ ប៊ី

ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport  (KFIA) ដែលត្រូវបានស្គាល់ថាជា អាកាសយានដ្ឋានអន្តរជាតិKing Fahd Airport គឺជាអាកាសយានដ្ឋានអន្តរជាតិ ដែលបម្រើដល់ទីក្រុងDammam ប្រទេសអារ៉ាប៊ីសាអូឌីត និងអាកា​សយានដ្ឋានធំជាងបំផុតនៅលើពិភពលោក។

អាកាសយានដ្ឋាននេះ មានទីតាំងស្ថិតនៅចម្ងាយ៣១គីឡូម៉ែត្រ ភាគពាយព្យនៃទីប្រជុំជនទីក្រុង Dammam និងត្រូវបានដាក់ឈ្មោះ តាមអតីតស្តេចអារ៉ាប៊ីសាអូឌីត Fahd ibn Abdulaziz។ អាកាសយានដ្ឋាននេះ ក៏បម្រើឱ្យប្រជាជននៅតំបន់ភាគខាងកើតនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងជាអាកាសយានដ្ឋានអន្តរជាតិសំខាន់មួយ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅប្រទេសនេះ។

King Fahd Internationalជាអាកាសយានដ្ឋានធំជាងគេបំផុត នៅលើពិភពលោកគិតលើផ្ទៃដី ដែលមានទំហំប្រមាណជា៧៧៦គីឡូម៉ែត្រម៉ែត្រការ៉េ (៣០០ម៉ាយការ៉េ) ទោះបីជាសំណង់ និងផ្លូវរត់របស់អាកាសយានដ្ឋាននេះ មានត្រឹមតែ៣៦.៧៥គីឡូម៉ែត្រមែត្រការ៉េ (១៤.១៩ ម៉ែលការ៉េ)។

អាកាសយានដ្ឋានទំហំធំជាងគេលើពិភពលោកនេះ មានអ្នកដំណើរត្រឹមរជាង១០លាន ដែលនាក់ប្រើប្រាស់ព្រលានយន្តហោះនេះក្នុងឆ្នាំ ហើយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៧ ប្រតិបត្តិការជើងហោះហើរចេញ និងចូលតាមរយៈព្រលានយន្តហោះនេះ​។

អាកាសយានដ្ឋាននេះ បម្រើជាមជ្ឈមណ្ឌលមួយដល់ក្រុមហ៊ុន សាឌីអារ៉ាប៊ីសាអូឌីតអ៊ែរឡាញ និងFlynas។

ព្រលានយន្តហោះនេះ ត្រូវបានគ្រប់គ្រង និងប្រិត្តិការណ៍ដោយ ក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ ដែលប្រើវាមធ្យោបាយដឹកជញ្ជូននិយោជិកចូល និងចេញពីទីតាំងយុទ្ធសាស្ត្រ ដូចជាតំបន់ Yanbu តំបន់Tanajib and តំបន់ Shaybah។

អាកាសយានដ្ឋានត្រូវបានបម្រើដោយផ្លូវរត់ពីរ ប្រវែង៤គីឡូម៉ែត្រ (២,៥ ម៉ៃល) និងមានអគារស្ថានីយទទួលអ្នកដំណើរចំនួន៣ ក្នុងនោះមានស្ថានីយចំណតអ្នកដំណើរ ស្ថានីយ Aramco ត្រូវបានប្រើដោយបុគ្គលិកក្រុមហ៊ុន Aramco និងស្ថានីយបម្រុងទុកសម្រាប់ប្រើប្រាស់ដោយគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត៕

រដ្ឋបាលខេត្តកំពតចាប់ផ្តើមពង្រឹងការគ្រប់គ្រងតំបន់ឆ្នេរ ដើម្បីបញ្ចៀសការអភិវឌ្ឍខុសច្បាប់

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ជាច្រើន ពីវិស័យឯកជនដែលភាគច្រើន ជាការកែច្នៃបង្កើតតំបន់ទេសចរណ៍កម្សាន្តធម្មជាតិ កម្រិតខ្ពស់នៅតាមតំបន់ដៃព្រែក តំបន់ព្រៃកោងកាង និងតំបន់ឆ្នេរនានានៅក្នុងខេត្តកំពត អាជ្ញាធរបានយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងបន្ថែម ជៀសវាងមានការឆ្លៀតឱកាសពីជនខិលខូច បំពានដីតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិ ឬលក់បន្តដល់វិស័យឯកជនដោយខុសច្បាប់។

អាជ្ញាធរខេត្តកំពតក្រោមការដឹកនាំដោយលោកជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ  បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីធ្វើការត្រួតពិនិត្យទៅលើការងារគ្រប់គ្រងតំបន់សំខាន់ៗ ដែលជាដែនដីហាមឃាត់របស់រដ្ឋ ជាពិសេ​សផ្តោតសំខាន់ទៅលើតំបន់ឆ្នេរ តំបន់ដៃព្រែកមានព្រៃកោងកាង ដែលវិស័យឯកជនចង់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។

ក្រោមការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី រួមជាមួយនឹងមន្ត្រីជំនាញស្ថាប័នដែលពាក់ព័ន្ធ លោកជាវ តាយបានក្រើនរំលឹកឱ្យមានការបង្កើនកិច្ចយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើការគ្រប់គ្រងនៅតាមតំបន់ហាមឃាត់មួយចំនួន ជាពិសេ​សតំបន់ ដែលមានព្រៃកោងកាងនៃតំបន់តំបន់ឆ្នេរ ដែលជាទីតាំងគោលដៅរបស់វិស័យឯកជនអភិវឌ្ឍន៍ជាតំបន់កម្សាន្ត ដែលធ្វើយ៉ាងណាបញ្ចៀសបញ្ហាដែលប្រាសចាកពីច្បាប់ដែលបានកំណត់ ឬអាចខូចខាតដល់វិស័យឯកជន។

អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធ បានសម្រេចឯកភាពគ្នាទៅលើ ការប្រគល់ភារកិច្ច ជូនក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់ ព្រៃកោងកាងដែលនៅសល់ជាក់ស្តែង ដូចជា ការកំណត់បោះបង្គោលព្រំដែនតំបន់ព្រៃកោងកាង រៀបចំចុះបញ្ជីដីព្រៃកោងកាងជូនក្រសួង ស្ថាប័នណាមួយគ្រប់គ្រងឲ្យបានច្បាស់លាស់ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ដែលគ្រប់គ្រងដោយរដ្ឋបាលជលផល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដឹងច្បាស់ថាទីតាំងណាខ្លះដែលពាក់ព័ន្ធ ឬត្រួតស៊ីគ្នា។

មួយរយៈចុងក្រោយនេះ ខេត្តកំពត បានក្លាយជាគោលដៅវិនិយោគលើវិស័យទេសចរណ៍របស់វិនិយោគិន ក្នុងស្រុកជាច្រើនគម្រោង ដែលគោលដៅសំខាន់នៃគម្រោងអភិវឌ្ឍន៍មាននៅតាមតំបន់ដៃព្រែក តំបន់ឆ្នេរ តំបន់ព្រៃកោងកាង ដែលភាគច្រើនពាក់ព័ន្ធទៅនឹងដែនអភិរក្សរបស់រដ្ឋ។ ដូច្នេះការកំណត់ និងពង្រឹងការគ្រប់គ្រងខាងលើនេះ អាចថែរក្សាបានទាំងដីសម្បត្តិរបស់រដ្ឋ និងបញ្ចៀសការខាតបង់ផលប្រយោជន៍របស់វិស័យឯកជន ដែលអាចចាញ់បោកជនខិលខូច ក្រោយពេលទិញប៉ះចំដីហាមឃាត់៕

តើ​ឈរ​មូលដ្ឋាន​អ្វីខ្លះ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ចិន​ហក់​ឡើងដល់ ៩ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ប្រទេស​ជាច្រើន​នៅមាន​បញ្ហា

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកវិភាគ និង​ការព្យាករន៍​របស់​សេដ្ឋវិទូ​នានា​បាន​រកឃើញថា ការកើនឡើង​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស​ចិន​ដ៏​លឿន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងឿងឆ្ងល់ ខណៈ​ប្រទេស​ភាគច្រើន កំពុង​ជួប​វិបត្តិ​នៅឡើយ។

អ្នកវិភាគ​បាន​ពន្យល់ថា ការកើនឡើង​នៃ​សេដ្ឋកិច្ច របស់​មហា​យក្ស​ចិន​នៅ​ឆ្នាំ២០២១នេះ ដោយសារ​កត្តាសំខាន់ៗ​ជាច្រើន​រួមមាន ទី៣ អំណាច​នៃ​ការទិញ​ក្នុងស្រុក ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន មាន​រង្វង់៥ភាគរយ​នៅ​ចុង​ត្រីមាស​ទី៤កាលពី​ឆ្នាំមុន ទី២ កំនើន​នៃ​ការវិនិយោគ​ពី​បរទេស​មកកាន់​ប្រទេស​ចិន ទី៣ កំនើន​នៃ​ការនាំចេញ ពិសេស​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន ជាមួយ​បណ្តា​ប្រ​ទេ​ស្ថិតក្នុង​សហគមន៍​គឺ​រ៉ុ​ប បាន វ៉ា​ដាច់​សហរដ្ឋ​អាម​រិ​ក។

ទី៤ ការកើនឡើង​នូវ​កម្រិតជីវភាព​ររ​បស់​ប្រជាជន​ចិន ពោលគឺ​ជីវភាព​របស់​ប្រជាជន​ចិន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​ការដាក់ចេញ​គោលនយោបាយ​អាទិភាព ដោយ​ពង្រឹង និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងចំណោម​ប្រជាជន​ចិន និង​ទី៥ ការគ្រប់គ្រង​បានល្អ​បំផុត​នៃ​ជំងឺ​កូ​វីដ១៩ ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​មហា​យក្ស​ចិន​នឹង​កើនឡើង ក្នុង​រង្វង់​ជាង៨ភាគរយ​នៅ​ឆ្នាំ២០២១នេះ​ផងដែរ។

ជាមួយគ្នា​នឹង​ការកើនឡើង នូវ​ឥ​ទ្ឋិ​ពល​សេដ្ឋកិច្ច​របស់​ចិន​នៅលើ​ពិភពលោក សេដ្ឋវិទូ​នានា​ក៏បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ចិន នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០២៨ខាងមុខនេះ។

អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​មកពី Bank of America ដែលជា​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍ និង​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​បាន​លើកឡើងថា មហា​យក្ស​ចិន មានឱកាស​ដ៏​ល្អ ក្នុងការ​បង្កើន​ទំហំ​សេដ្ឋកិច្ច​របស់ខ្លួន​ទ្វេដង និង​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក។

ខណៈ​ប្រទេស​ចិន កំពុង​ព្យាយាម​ធ្វើយ៉ាងណា ឱ្យ​ក្លាយខ្លួនជា​ប្រទេស​ជឿនលឿន ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បានលើកឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ថា វា​អាចទៅរួច​ក្នុងការ​បង្កើន​ទ្វេដង នូវ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ចំណូល​ជា​មធ្យម​ក្នុង​មនុស្សម្នាក់ៗរបស់​ប្រទេស​ចិន នៅត្រឹម​ឆ្នាំ២០៣៥ ។

ការបង្កើន​ទំហំ​ទ្វេដង​នូវ GDP របស់​ប្រទេស​ចិន តម្រូវឱ្យ​សេដ្ឋកិច្ច​ទទួលបាន​កំនើន​ប្រចាំឆ្នាំ​ជា​មធ្យម ៤.៧% សម្រាប់​រយៈពេល ១៥ឆ្នាំ​ខាងមុខ ដែល​អ្នកសង្កេតការណ៍​មួយចំនួន​ជឿថា​ពិតជា​ពិបាក​សម្រេចបាន​ណាស់។

ទោះជា​យ៉ាងណា លោកស្រី Helen Qiao ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ច​អាស៊ី ប្រចាំ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ BofA Global Research ដែលជា​ផ្នែក​មួយ​របស់ Bank of America បាន​លើកឡើងថា វិធានការ​កែទម្រង់​មួយចំនួន នឹង​ជួយ​រុញច្រាន​ប្រទេស​ចិន​ឱ្យទៅដល់​ចំណុច​នោះ៕

ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី គ្រោង​នឹង​សម្រេច ៦៧ភាគរយ​នៅ​ចុងឆ្នាំ២០២១នេះ

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ផ្អែក​តាម​ផែនការ​នៃ​ការសាងសង់ ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​កំពុង​សម្រុក​ការសាងសង់​យ៉ាងសកម្ម នាពេល​បច្ចុប្បន្ននេះ​គ្រោង​នឹង​សម្រេច​ឱ្យបាន ប្រមាណ៦៧ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ២០២១ ។  នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកជំនាញ និង​ជា​ថ្នាក់ដឹកនាំ​ផ្នែក​ការដ្ឋាន​បានបញ្ជាក់​ថា សម្រាប់​ឆ្នាំ២០២១នេះ លទ្ធផល​នៃ​ការសាងសង់ នឹងត្រូវ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា ហើយ​មាន​ផ្នែក​ខ្លះ​សម្រេចបាន​ច្រើន ហើយ​ផ្នែក​ខ្លះទៀត​សម្រេចបាន​តិច ប៉ុន្តែ​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​ទាំងអស់។

ការសាងសង់​ស្ថានីយ​អ្នកដំណើរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៧៨ភាគរយ ការកសាង​តំបន់​ហោះហើរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៤៥ភាគរយ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយានដ្ឋាន គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៥០ភាគរយ។

ចាប់តាំងពី​ដំណើរការ​ការដ្ឋាន សាងសង់​ស្ថានីយ​អ្នកដំណើរ កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ២០២០ មកដល់​ចុងឆ្នាំ២០២០ គឺ​សម្រេចបាន ១៥ភាគរយ។ ចំណែក​ការសាងសង់​តំបន់​ហោះហើរ ដែល​ចាប់ផ្តើម​ការដ្ឋាន​នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបាន​ប្រមាណ១០ភាគរយ។

ព្រលានយន្តហោះ​នេះ មាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណត​យន្តហោះ  និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ៍ អ្នកដំណើរ​ជាង៨ម៉ឺន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧លាន​នាក់។

ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​ថ្មី គ្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ៩០០លាន​ដុល្លារ​អាមេរិក។ ព្រលានយន្តហោះ​នេះ ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប មាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៧០០ហិកតា បានចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២០ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ៕

ការពង្រីក​ផ្លូវជាតិ​លេខ៤៨ ជា​បួន​គន្លង​រថយន្ត​នឹង​ចាប់់ផ្តើម​នៅ​ខែ​មិនា​នេះ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្ត​កោះកុង លោកស្រី​មិថុនា ភូ​ថង បាន​មានប្រសាសន៍ថា ការពង្រីក​ផ្លូវជាតិ​លេខ៤៨ ជា​បួន​គន្លង ក្រោម​ជំនួយ​របស់​សាធារណៈរដ្ឋ​កូរ៉េ នឹង​ចាប់ផ្តើម​នៅ​ខែ​មិនា​នេះ បើសិនជា​គ្មាន​ការប្រែប្រួល​អ្វី​ទេនោះ។

លោកស្រី​បាន​មានប្រសាសន៍ប្រាប់​ស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុក​មួយ​កាលពី​សប្តាហ៍​មុន​ថា ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ដេញថ្លៃ​ក្រុមហ៊ុន ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​រួចហើយ ដោយ​ការពង្រីក​ផ្លូវ​នេះ​នឹងធ្វើ​នៅក្នុង​ខែ​មិនា​នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោកស្រី​មិន​បញ្ជាក់ថា ក្រុមហ៊ុន​ណា​ជា​អ្នកឈ្នះ​ការដេញថ្លៃ សាងសង់​និង​ពង្រីក​ផ្លូវ​ដ៏​សំខាន់​នេះ​នៅឡើយ​ទេ។

លោកស្រី​បន្តថា “ការពង្រីក​ផ្លូវជាតិ​លេខ៤៨នេះ នឹងធ្វើ​ឲ្យ​ខេត្តកោះកុង​កាន់តែ​រីកចម្រើន និង​មាន​សក្តានុពល​ថែមទៀត ខណៈ​ក្រុមហ៊ុន​កាន់តែច្រើន​បានមក​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ” ។ លោកស្រី​បន្តថា “នៅ​ឆ្នាំ២០២០កន្លងមក បណ្តា​ខេត្ត​នានា​មានការ​វិនិយោគ​ធ្លាក់ចុះ តែ​ការវិនិយោគ​លើ​សេវាកម្ម​បដិសណ្ឋារកិច្ច​មានការ​កើនឡើង” ។

ការពង្រីក​ផ្លូវជាតិ​លេខ៤៨ ត្រូវបាន​ប្រកាស​ដោ​យស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំឡុងពេល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កម្មវិធី​បុណ្យ​សមុទ្រ​កាលពី​ឆ្នាំ២០១៩ ដែល​បាន​ប្រារ​ព​ធ្វើ​នៅ​ទី​រួម​ខេត្តកោះកុង។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា លោក​មិន​បានទទួល​របាយការណ៍​ពី​ការពង្រីក​ផ្លូវ​នេះ​ទេ ដោយ​លោក​អះអាងថា​មិន​បានទទួល​របាយការណ៍​នោះទេ ព្រោះ​លោក​ជាប់រវល់​ការងារ​បណ្តុះបណ្តាល​ច្រើនជាង។

លោក​សូរិយា​បាន​រុញ​ឲ្យ​សួរ​ទៅកាន់ លោក​សូ វិក​ទ័​រ ដែលជា​អ្នកទទួលបន្ទុក​ការងារ​ស្ថាបនា​និង​ពង្រីក​ផ្លូវ​នេះ៕

ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ ១០០លានដុល្លារ​អាមេរិក

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល​បាន​បង្ហើប​ឲ្យ​ដឹងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន ខេត្តមណ្ឌលគិរី គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក។

លោក​ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី១ មិនា​កន្លងមក​ថា បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស និង​ក្រុមហ៊ុន Power China Group កំពុង​សិក្សា​រួមគ្នា មុន​ឈានដល់​ការចុះ កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ដើម្បី​អាច​ចាប់ផ្តើម​សាងសង់​គំរោង​នេះ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០២២ខាងមុខ។

លោក​បន្តថា “ផែនការ​នេះ​មិនមាន​ការប្រែប្រួល​នោះទេ ការសាងសង់​នឹង​ដំណើរការ​តាម​ការគ្រោងទុក ដោយ​ទុនវិនិយោគ​ព្រលាន​នេះ អាចមាន​ទំហំ​ទឹកប្រាក់​កើន​ដល់១០០លាន​ដុល្លារ” ។

នៅពេល​លើកឡើង​ពី​ភាពជោគជ័យ របស់​អាកាសយានដ្ឋាន​នេះ លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​ជំរុញ​ឲ្យ​ពិនិត្យមើល​ផែនការ អភិវឌ្ឍន៍​របស់​ក្រសួងទេសចរណ៍ ដែល​គ្រោង​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់កសិឧស្សាហកម្ម ផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​បន្លែ បង្កា​ទៅកាន់​មូលដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ក៏ដូចជា ការលើក​កំពស់​វិស័យ​អេកូ​ទេសចរណ៍។

ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​ផែនការមេ​របស់ខ្លួន ដោយ​គ្រោង​ប្រែក្លាយ​ខេត្តមណ្ឌលគិរី​ជា​តំបន់់​សេដ្ឋកិច្ច​ពហុ​បំណង គ្រោង​ប្រែក្លាយ​តំបន់​ជុំវិញ​ព្រលានយន្តហោះ​ជា​តំបន់ឧស្សាហកម្ម និង​គ្រោង​ប្រែក្លាយ​តំបន់​ធម្មជាតិ​ក្នុង​ខេត្ត ជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំហែរ​កាយ​កម្រិត​ខ្ពស់​មួយ។

រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន Power China Group វិនិយោគ​សាងសង់​គំរោង​នេះ តាមបែប BOT ហើយ​កាលពីពេលថ្មីៗនេះ សម្តេច​តេ​ជោ​បាន​បង្កើត​គណកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​សហការ​ជាមួយ​ក្រុមហ៊ុន​ខាងលើ ក្នុង​គោលដៅ​ព​ន្លឿ​ន​ការសាងសង់​ព្រលានយន្តហោះ​នេះ៕

អ្នកជំនាញ៖ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​ងើប​ឡើងវិញ​ប្រមាណ ៧០ភាគរយនៅ​ចុង​ឆ្នាំនេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រ​ទេ​កស​ម្ពុ​ជា បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការបញ្ជាទិញ និង​វិនិយោគ​មកពី​ក្រៅប្រទេស ដែល​បង្កឡើង​ដោយ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩  រហូត​ម​ដល់​បច្ចុប្បន្ន ប៉ុន្តែ​អ្នកជំនាញ​មើលឃើញថា  វិស័យនេះ​នឹង​ងើបឡើង​វិញ ប្រមាណ​ពី៦០ ទៅ៧០ភាគរយ​នៅ​ចុងឆ្នាំ​នេះ។

លោកស្រី Grace Rachny Fong អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បាន​ទទួលស្គាល់ថា  វិស័យ​អ​លន​ទ្រព្យ ពិតជា​ទទួលរង​នូវ​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ១៩ ដូច​ទៅនឹង​វិ​ស័​ផ្សេងទៀត ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ​នឹង​ប្រសើរ​ឡើងវិញ បន្ទាប់ពី​កម្ពុជា​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស និង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​ក៏បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ដែរ។

លោកស្រី​បន្តថា “ខ្ញុំ​រំពឹងថា​នៅ​ចុង​ឆ្នាំនេះ គឺ​នៅក្នុង​ខែ១១ ឬ​ខែ១២ អ្នកធ្វើដំណើរ​នៅតាម​បណ្តា​ប្រទេសជិតខាង​របស់​យើង​សឹង្ហ​បុរី មា​ឡេ​ស៊ី និង​ប្រទេស​ជប៉ុន។ គាត់​នឹងមាន​ទំនុកចិត្ត​កាន់តែខ្លាំង ហើយ​ធ្វើការ​ហោះហើរ​ពី​ប្រទេស​គាត់ មក​ប្រទេស​យើង ដោយសារ​ប្រទេស​ទាំងសងខាង​មាន​វ៉ាក់សាំង​ការពារ” ។

បើតាម​លោកស្រី  Grace Rachny Fong វិស័យ​អ​លន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នឹងមាន​ភាពល្អ​ប្រសើរឡើង​ចន្លោះ​ពី៦០ ទៅ៧០ ភាគរយ​នៅ​ចុងឆ្នាំ២០២១ នេះ ព្រោះ​ប្រទេស​ទាំង​នៅ​កម្ពុជា និង​តំបន់​បានទទួល​ការចាក់​វ៉ា​ក់​ជំងឺ​កូ​វីដ១៩ ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជួប​បញ្ហា​ប្រឈម​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​ភា​ប្រឈម​នេះ មិនអាច​រាំងខ្ទប់​មិនឱ្យ​វិស័យនេះ មិន​ឲ្យ​មានការ​រីកចំរើន​ទេ។

លោក​បន្តថា “បញ្ហា​ប្រឈម​នេះ ត្រូវបាន​ពិភពលោក​ដោះស្រាយ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ ។ ជាមួយគ្នានេះ វិស័យ​អចលនទ្រព្យ ក៏បាន​ពឹងពាក់​បច្ចេកវិទ្យា​នេះ ក្នុង​ការទិញ​លក់​វិស័យ​អ​លន​ទ្រព្យ​ទាំង នៅក្នុង​ប្រទេស​កម្ពុជា តំបន់​អាស៊ាន និង​ពិភពលោក​ទាំងមូល” ។

លោក​សុខ​នី​ម​បាន​ថ្លែងថា ជារួម​យើង​មើលឃើញថា ប្រទេស​កម្ពុជា ជា​ប្រទេស​សំណាង​មួយ ដែលមាន​ការគ្រប់គ្រង​បានល្អ​លើ​ជំងឺ​កូ​វីដ១៩ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​ជោ​ហ៊ុន សែន បាន​ដោះស្រាយ​ទៅ​វិបត្តិ​នេះ ក្នុង​រយៈពេល២ដង​រួចមកហើយ។

ទោះជា​យ៉ាង លោក​ច្រឹ​ក សុខ​នី​ម​ថា នៅក្នុង​វិបត្តិ​នេះ ក៏​ជា​ឱកាស​សម្រាប់ធ្វើ​ការវិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ បើទោះបី​មិនមាន​វិនិយោគ​មកពី​ក្រៅប្រទេស ប៉ុន្តែ សម្រាប់​វិនិយោគិន​នៅក្នុង​ស្រុក នៅតែ​បន្ត​ចាប់យក​ឱកាស​នេះ ដើម្បី​ធ្វើការ​វិនិយោគ​បន្ត ហើយ​វិស័យនេះ នៅតែ​បន្ត​ឆ្ពោះទៅមុខ៕