អ្នកជំនាញៈ សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ផ្នែកកំពុងជួយជម្រុញវិស័យនេះឆ្ពោះទៅមុខ

ដោយៈរ៉ាណេត

ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងបរិបថ ដែលកំពុងប្រឆាំងជាមួយនឹងព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ន គេសង្កេតឃើញថាសកម្មភាពនៃការទិញលក់លំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសគម្រោងដីឡូតិ៍នៅតែបន្តមាន ដែលជាចរន្តមួយជួយទ្រទ្រង់ និងជំរុញឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែបន្តភាពរឹងមាំ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅរសៀថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ថា គ្រប់សកម្មភាពទិញលក់ជួលនៃផ្នែកណាមួយក្នុងទីផ្សារអចលនទ្រព្យ សុទ្ធតែជាចំណុចល្អ ដែលជួយធ្វើឱ្យវិស័យមួយនេះមានភាពរឹងមាំ ជាពិសេសចូលរួមជួយទ្រទ្រង់ទីផ្សារអចលនទ្រព្យ ដែលកំពុងប្រឈមនឹងវិបត្តិនាពេលបច្ចុប្បន្ន។

លោកបន្តថា “ទោះស្ថិតនៅក្នុងវិបត្តិនឹងជំងឺកូវីដ១៩ ក៏វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិនការធ្លាក់ចុះមកនៅក្នុងកម្រិតសូន្យនោះទេ ពោលវាបាននឹងកំពុងមានដំណើរការទៅមុខ និងមានការគាំទ្រពីប្រជាពលរដ្ឋ”។លោកបន្ថែមថា “វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់យ៉ាង ខ្លាំងចាប់តាំពីដើមឆ្នាំ២០២០នេះ(ការរីករាលដាលនៃជំងឺកូវីដ១៩) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ប៉ុន្តែមិនធ្លាក់ថ្លៃ ហើយបច្ចុ​ប្បន្ននេះវិនិយោគិន ក្នុងវិស័យនេះក្នុងស្រុកនៅតែបន្តសកម្មភាពដដែល”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកច្រឹក សុខនីម បានបញ្ជាក់ថា សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ជាពិសេសដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដីធ្លី និងមួយទៀត ការគាំទ្រពីធនគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់គេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា ការចូលរួមទិញ និងវិនិយោគគ្រប់រូបភាព នៅក្នុងវិស័យអចលនទ្រព្យ ពីសំណាក់ប្រជាពលរដ្ឋ ដូចជា ទិញផ្ទះល្វែង ខុនដូ ទិញដីឡូតិ៍ និងដីធ្លីសម្រាប់បម្រើដល់ឧស្សាហកម្ម ក្នុងតម្លៃណាមួយនោះនឹងធ្វើឱ្យវិស័យនេះនៅតែឆ្ពោះទៅមុខ។

លោកបណ្ឌិតបន្តថា “ជាទូទៅយើងមើលឃើញថា តម្លៃអចលនទ្រព្យគ្រប់ប្រភេទនៅក្នុងដំណាក់កាលនេះ ហាក់មិនឡើងថ្លៃនោះទេ  ឬមានអ្នកខ្លះដែលបន្ទាន់លុយអាចលក់ក្នុងតម្លៃមួយក្រោមទីផ្សារ”។លោកបន្តថា “ដូច្នេះកាលណាតម្លៃអចលនទ្រព្យមិនទាន់បានឡើង និងមិនទាន់មានសន្ទុះឡើងលឿន ដោយសារកត្តាបែបនេះ(កូវីដ១៩) វាក៏ជាឱកាសសម្រាប់អ្នករកស៊ីក្នុងវិស័យនេះ ដែលមានលុយគ្រប់គ្រាន់ទិញទុកលក់បន្តយកចំណេញ ក្រោយពេលដែលវិបត្តិត្រូវបានបញ្ចប់”។

លោកបន្តថា ក្រោយពេលបញ្ហាត្រូវបានបញ្ចប់ទាំងស្រុង លោកជឿជាក់ថា១០០ភាគរយ តម្លៃអចលនទ្រព្យនឹងឡើងថ្លៃខ្ពស់ ដូច្នេះការទិញលក់អចលនទ្រព្យ នៅក្នុងរដូវកាលនេះ គឺជាឱកាសចំណេញនៅថ្ងៃក្រោយ៕

ចំណេះដឹងអចលនទ្រព្យៈ មុនចេញធ្វើជំនួញវិស័យអចលនទ្រព្យ តើអ្នកត្រូវចេះវិជ្ជាគុនអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានអ្នកកំពុងធ្វើជំនួញ ក្នុងវិស័យនេះកាន់តែច្រើនឡើងៗ ហើយក៏មានអ្នកទទួលបានជោគជ័យជាច្រើនផងដែរ ហើយក៏មានអ្នកជំនួញថ្មីៗបន្តបន្ទាប់ ចាប់ផ្ដើមធ្វើជំនួញក្នុងវិស័យអច​លនទ្រព្យនេះដែរ។

ប៉ុន្តែការប្រឡូកក្នុងវិស័យនេះ មិនប្រាកដជោគជ័យគ្រប់គ្នានោះទេ ដូច្នេះមុនចេញធ្វើជំនួញវិស័យអចលនទ្រព្យគួរមានចំណេះដឹងអ្វីខ្លះ?។

យោងសារគេហទំព័រហិរញ្ញវត្ថុបានឱ្យដឹងថា មុនចេញនឹងរកស៊ីលើវិស័យអចលនទ្រព្យ អ្នកគួរតែយល់ដឹងនូវចំណុចមួយចំនួនសិនដូចជា

១ ចំណេះដឹងទីផ្សារក្នុងវិស័យអចលនទ្រព្យ

ចំណេះដឹងទីផ្សារ ក្នុងវិស័យអចលនទ្រព្យភាពខុសប្លែក ពីទីផ្សារផលិតកម្ម សេវាកម្ម ក្នុងវិស័យផ្សេងទៀត។ ចំណេះដឹងទីផ្សារអចលនទ្រព្យ គឺសំដៅលើការចេះជ្រើសរើសទីតាំងរបៀបរង្វាយតម្លៃអចលនទ្រព្យ និងគោលដៅនៃការបញ្ចុះទុន។ ការជ្រើសរើសទីតាំងពិតជាមានសារសំខាន់ខ្លាំង ព្រោះទាំងការទិញ ទុកជួល ឬលក់បើសិនជាគ្មានតម្រូវការនឹងត្រូវកប់ដើម។

របៀបរង្វាយតម្លៃអចលនទ្រព្យ ក៏ត្រូវមានបច្ចេកទេសខ្ពស់ បទពិសោធន៍ និងជំនា​ញ ។ អ្នកត្រូវដឹងពីតម្រូវការទីផ្សារ ស្ថានភាពសេដ្ឋកិច្ច កត្តារុញច្រើនឱ្យមានតម្រូវការនិងហាងឆេង ទើបការរង្វាយតម្លៃនោះមានប្រសិទ្ធភាព។

ចំណែកគោលដៅនៃការដាក់ទុនៈ មុននឹងសម្រេចចិត្តរកស៊ី ក្នុងវិស័យនេះ សាម៉ីខ្លួន ត្រូវដឹងថាខ្លួនចង់ធ្វើអ្វី ជាឈ្មួញកណ្ដាលជាភ្នាក់ងារ ឬជាអ្នកវិនិយោគ។

២ ច្បាប់ភូមិបាលនិងនីតិវិធី

មុនចេញរកស៊ី ក៏ត្រូវដឹងពីចំណុចនេះជាមុនសិន ព្រោះបើមិនបានយល់ដឹងពីនីតិវិធីនេះ អ្នករកស៊ីអាចពិបាកក្នុងការសុំសិទ្ធិទំនាក់ទំនង និងអាចជួបប្រទះនឹងវិវាទដីធ្លី ។ ការសុំសិទ្ធិ នឹងអាជ្ញាប័ណ្ណពាក់ព័ន្ធក៏សំខាន់ដែរ ទោះបីជាភ្នាក់ងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យ ក៏ត្រូវសុំអាជ្ញាប័ណ្ណទទួលស្គាល់ពីសមាគមអចលនទ្រព្យងដែរ ។

៣ ការគ្រប់គ្រងលំហូរសាច់ប្រាក់

សម្រាប់វិស័យអចលនទ្រព្យ ការរៀបចំប្រតិបត្តិការហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវពិតសំខាន់ណាស់ ព្រោះអ្នករកស៊ីអចលនទ្រព្យ ត្រូវការសាច់ប្រាក់ច្រើន ក្នុងប្រតិបត្តិការនីមួយៗ។ ដូច្នេះកាលណាអ្នកអាចគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុរបស់ ការរកស៊ីបានល្អនោះវាធ្វើឱ្យអ្នកមានស្ថេរភាពក្នុងវិស័យនេះ។

ការបណ្ដាក់ទុនក្នុងវិស័យ ក្នុងវិស័យអចលនទ្រព្យគឺមានចំនួនច្រើន ដូច្នេះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់កម្ចី ឬការប្រាក់ត្រូវមានតុល្យភាពជាមួយនឹងចំណូល។

៤ ចេះជ្រើសរើសដៃគូសហការ

ការចាប់ដៃគូរសហការពិតជាមានលំបាក ដោយសារគ្រប់គ្នាអាចមើលឃើញភាពខុសគ្នាក្នុងការរកស៊ី ។ មុននឹងចេញរកស៊ីក្នុងវិស័យនេះ ត្រូវស្វែងយល់និងសិក្សាលម្អិត វាមិនអាស្រ័យទៅលើដើមទុនតែមួយនោះទេ ។

យ៉ាងណាចំណុចទាំង៤ខាងលើនេះ គ្រាន់តែជាចំណុចមួយចំនួនជាគ្រឹះសម្រាប់សហគ្រិនមុននឹងចេញធ្វើជំនួញ ក្នុងការវិនិយោគនិងដាក់ទុនក្នុងវិស័យនេះ ។ មានបុគ្គលជោគជ័យជាច្រើនទៀត ក៏បានយកទ្រឹស្តីផ្សេងមកអនុវត្តន៍ សម្រាប់ជំនួញរបស់ខ្លួនផងដែរ៕

ក្រុមហ៊ុនអាមេរិកដ៏ធំមួយទិញភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ដែលកម្ពុជាទើបទទួលបានក្នុងតម្លៃ១ពាន់លានដុល្លារ

ដោយៈ ប៊ី

អន្តរជាតិៈ ក្រុមហ៊ុន AstraZeneca Plc បានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Moderna Inc ក្នុងតម្លៃជាង១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Modernaនេះ បានកើនឡើងខ្លាំង ដោយសារការគាំទ្រាំដោយការផលិតវ៉ាក់សាំងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ទោះបីជាយ៉ាងក៏ដោយ មិនច្បាស់ទេថា តើពេលណា និងរយៈពេលប៉ុន្មាន ដែលក្រុមហ៊ុន AstraZeneca នឹងលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង ទៅឱ្យក្រុមហ៊ុន Moderna នោះទេ។

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសព័ត៌មានផ្លូវការកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនAstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

អង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នៅក្នុងករណីបន្ទាន់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA កាល ព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការអនុម័តខាងលើនេះ ត្រូវបានគេមើលឃើញថា នឹងបើកទូលាយកាន់តែខ្លាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការដឹកជញ្ជូន។

ជុំវិញការសម្រេចចិត្តនេះ ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម បានលើកឡើងថា “ឥឡូវនេះយើងមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ប៉ុន្តែយើងត្រូវតែបង្កើនផលិតកម្មជាមុនសិន”។

លោកបានបន្តថា យើងនឹងបន្តអំពាវនាវ ឲ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងជំងឺកូវីដ១៩ បញ្ជូនវ៉ាក់សាំងរបស់ពួកគេមកកាន់ WHO នៅអំឡុងពេលដូចគ្នាដែលពួកគេ ត្រូវបញ្ជូនវ៉ាក់សាំងទាំងនោះ ទៅកាន់ប្រទេសអ្នកមានៗដែរ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែល WHO ទើបបានអនុម័តនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនអង់គ្លេស AstraZenecaដែលបានប្រគល់សិទ្ធិផលិតបន្ត ទៅដល់ក្រុមហ៊ុនអ៊ែ​សខេបាយអូ (SKBio) នៃប្រទេសកូរ៉េខាងត្បូង និងវិទ្យាស្ថានស៊ឺរឹម (Serum) នៃប្រទេសឥណ្ឌា។

ការអនុម័តត្រូវបានធ្វើឡើង ក្រោយក្រុមជំនាញ WHO បានធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ ចំពោះសុវត្ថិភាព ប្រសិទ្ធភាព និងហានិភ័យ។ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ អង្គការ WHO រំពឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុននានាសរុប ៣០០លានដូស ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសចំនួន ១៤៥ តាមរយៈកម្មវិធី COVAX៕

បណ្តាខេត្តជាប់តំបន់ឆ្នេរកំពុងពង្រីកមូលដ្ឋានទាក់ទាញទេសចរណ៍តាមផ្លូវទឹក

ដោយ:គង់ សូរិយា

ភ្នំពេញៈ បណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជា ឬតំបន់K4 បាននិងកំពុងពង្រីកមូលដ្ឋានទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញទេសចរណ៍តាមផ្លូវទឹក ជាមួយបណ្តាប្រទេសជិតខាង។

ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតជប៉ុនបានចុះហត្ថលេខា ដើម្បីទទួលជំនួយជាង១១លានដុល្លារអាមេរិក ដើម្បីទទួលជំនួយពីភាគីជប៉ុន ដែលជំនួយនេះ នឹងផ្តោតលើការអភិវឌ្ឍនាវាទេសចរណ៍ នៅខេត្តដ៏ល្បីល្បាញ ​និងជាខេត្តដែលមានការរីកចម្រើនយ៉ាងលឿននេះ។

កំពង់ផែស្វ័យត្ន ខេត្តព្រះសីហនុ ក៏បានកែលំអរដើម្បីជួយលើកកំពស់ និងសម្រូល​ការចូលចតនាវាទេសចរណ៍ធំៗពីអន្តរជាតិផងដែរ។

ខេត្តកំពត

ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណៈការបាននិងកំពុងជម្រុញការសាងសង់កំពង់ផែ ដ៏ស្រស់ស្អាតដើម្បីទាក់ទាញកប៉ាល់តេសចរណ៍ពី​ប្រទេសវៀតណាម ប្រទេសថៃ ដើម្បីចូលចតផងដែរ។ កំពង់ផែដែលមានរាងដូចត្របកផ្កាឈូកនេះ បាននិងកំពុងសាងសង់ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំនេះ។

KhmerKeyboard_NiDA_V1.0

ខេត្តកែប

ខេត្តតូចច្រឡឹងនេះ ក៏បាននិងកំពុងសាងសង់កំពង់ផែ ដែលមានរូបរាងដូចក្តាមថ្ម របស់ខ្លួនផងដែរ ដែលកំពង់ផែនេះ មានទីតាំងស្ថិតនៅក្បែរកំពង់ផែឆ្លង ទៅកាន់កោះទន្សាយសព្វថ្ងៃនេះ។

កំពង់ផែនេះបាននិងកំពុងសាងសង់ ដើម្បីជួយសម្រួលការតភ្ជាប់ជាមួយនឹងកំពង់ផែខេត្តកំពត ក៏ដូចជាលើកកំពស់បរិស្ថាន សោភ័ណភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងកំពង់ផែនានាផងដែរ។

ខេត្តកោះកុង

បើតាមអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងសាធារណៈការបានចុះសិក្សាពិនិត្យលទ្ឋភាព ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅក្រុងខេមរភូមិន្ទ ក្នុងទីរួមខេត្តកោះកុងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាលោកស្រីមិនបញ្ជាក់ឲ្យដឹងថា កំពង់ផែទេសចរណ៍ក្នុងខេត្តដែលធ្លាប់ដាច់ស្រយាលនេះ នឹងសាងសង់នាពេលណានោះទេ៕

អភិបាខេត្តកោះកុងៈព្រលានយន្តហោះតារាសាគរនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងបើកដំណើរការនៅចុងត្រីមាសទី៤ឆ្នាំនេះ ដែលនឹងធ្វើឲ្យខេត្តនេះទាក់ទាញទេសចរណ៍ និងលំហូរទុនវិនិយោគកាន់តែច្រើនថែមទៀត។

អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ផ្តល់ព៌តមានឲ្យយើងដឹង គឺព្រលាននេះនឹងដំណើរការនៅចុងត្រីមាសទី៤ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ព្រោះរហូតមកទល់ពេលនេះ ផ្លូវរត់ព្រលាននេះបានបញ្ចប់ការសាងសង់ហើយ នៅសល់តែបញ្ជរទទួលអ្នកដំណើរប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់ពេលនេះការសាងសង់ស្ថានីយ៍ទទួលអ្នកដំណើរសម្រេចបានប្រមាណ៨០ភាគរយផងដែរ។

លោកស្រីបន្តថា “ខេត្តកោះកុងពីមុនមានភាពដាច់ស្រយាល ប៉ុន្តែនៅពេលព្រលាន​យន្តហោះនេះបើកដំណើរការ ខេត្តនេះលែងឆ្ងាយទៀតហើយ”។លោកស្រីបន្ថែមថា “ព្រលានយន្តហោះនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើន ខណៈឆ្នាំមុន ខេត្តទទួលបានគំរោងវិនិយោគកើនឡើងទាំងផ្ទះសំណាក់ និងសណ្ឋាគារ”។

ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជាអណុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មិនានេះថា ព្រលានយន្តហោះនេះនឹងដំណើរការតាមការគ្រោងទុកពិតមែន ដោ​យបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសកំពុងរៀបចំតាមនិតិវិធី ដើម្បីដំណើរការព្រលានយន្តហោះនេះតាមការគ្រោងទុក។

លោកបន្តថា “ព្រលានយន្តហោះខ្នាត4Eនេះ មានទំហំសមល្មមមិនធំពេក មិនតូចពេក ដែលវានឹងបំរើឲ្យតំបន់វិស្សមកាលនៅតារាសាគរ ដែលមានផ្ទៃដីទំហំរហូតដល់៤៥០០០ហិកតា”។លោកបន្តថា “គំរោងនេះមានអ្វីៗទាំងអស់ សម្រាប់បំរើភ្ញៀវទេសចរ ណ៍នៅតំបន់នេះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តទៀតថា ព្រលាននេះ មិនប្រកួតប្រជែងជាមួយព្រលានយន្តហោះក្រុងព្រះសីហនុនោះទេ តែវាបំរើឲ្យគម្រោងតារាសាគរច្រើនជាង ប៉ុន្តែវាក៏អាចទទួលការចុះចតរបស់ក្រុមហ៊ុនអាកាសចរណ៍ដទៃផងដែរ៕

រយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នករកស៊ីដីធ្លីចំនួន៧រូបត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

ដោយគង់ សូរិយា

ភ្នំពេញៈ រយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នករកស៊ីផ្នែកដីធ្លី និងអចលនទ្រព្យផ្សេងៗចំនួន៧រូប ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា តាមសំណើររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកដែលត្រូវបានតែងតែងជាឧកញ៉ាភាគច្រើន ផ្តើមចេញពីគ្រួសារក្រីក្ររហូតទទួលបានជោគជ័យ និងក្លាយជាបុគ្គលជោគជ័យនៅក្នុងសង្គម ពិសេសបានរួមចំណែក​បរិច្ចាកធនធាន និងចំណេះដឹងជួយដល់សង្គមជាតិជាច្រើន។

បុគ្គលដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងា រួមមាន ឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia ដែលជាអ្នកទទួលបានជោគជ័យក្នុងវិស័យដីធ្លី និងអចលនទ្រព្យដទៃទៀត។

លោកជំទាវគង់ សំណាងនាយិកាក្រុមហ៊ុនKW Cambodia និងជាឧត្តមភរិយាលោកឧកញ៉ាគីម ហ៊ាង។

លោកកាង សុធីអគ្គនាយកក្រុមហ៊ុនCentury21 Land Station ជាអ្នកមានឈ្មោះ​បោះសម្លេង និងជាអ្នកជំនាញផ្នែកវិនិយោគលើផ្នែកដីធ្លីមួយរូប មុនពេលលោកទិញFranchiseរបស់ក្រុមហ៊ុនCentury21 Cambodia។

លោកម៉ន សុខាអគ្គនាយកក្រុមហ៊ុនUTRUST Real Estate Group និងជាប្រធានសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា។លោក ជាកូនប្រជាកសិករមួយរូប ដោយឆ្លងកាត់ការលំបាកសព្វបែបយ៉ាង មុនពេលលោកទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ។

លោកសឿ សុវណ្ណស្ថាបនិក និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​ក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និងឃុន សឿ​ គ្រុប ខូអិលធីឌី ជាកូនអ្នកមានជីវភាពលំបាកផងដែរ ប៉ុន្តែការតស៊ូមិនបោះបង់របស់លោក បានធ្វើឲ្យលោកទទួលបានជោគជ័យបន្តបន្ទាប់។

លោកផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ជាកូនកសិករនៅខេត្តព្រៃវែង ធ្លាប់បួសជាសង្ឃ មានចំណេះដឹងជ្រៅជ្រះផ្នែកពុទ្ឋសាសនា។

លោកបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចសេនាវិបុលភក្តីសាយ ឈុំ ប្រធានព្រឹទ្ឋសភាកម្ពុជា។

លោកឃាង ពុទ្ឋីអគ្គនាយកក្រុមហ៊ុនស្លឹករឹត រៀលធី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាជាដើម៕

ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិកគ្រោងពង្រីកមូលដ្ឋានវិនិយោគនៅកម្ពុជា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ​ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម Chevron មាន​មូលដ្ឋាន​នៅ​អាមេរិក​ បានបង្ហាញពីផែនការពង្រីក​មូលដ្ឋានចែកចាយប្រេងកាន់តែ​ច្រើននៅកម្ពុជា។

ក្រុមហ៊ុននេះកំពុងដំណើរការស្ថានីយ៍ប្រេងCaltex នៅកម្ពុជា ពិសេសក្រុងភ្នំពេញ ដែលមានស្ថានីយ៍ច្រើនជាងគេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ លោក ជៀប សួ បាន​ប្រាប់កាសែតក្នុងស្រុកមួយ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈកន្លងមក​ថា ក្នុងជំនួប​រវាង លោ​កស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​លោកPongtorn Tangma-nuswong ប្រធាន​ក្រុមហ៊ុន Chevronប្រចាំ​​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្រុមហ៊ុន Chevron បានឱ្យ​ដឹងថា ខ្លួន​មាន​ផែនការ​ពង្រីក​ស្ថានីយ​ឱ្យ​បាន​ដល់​១០០ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ប្រទេស​កម្ពុជា​។

ទោះយ៉ាងណាលោក​អះអាង​ថា ក្រុមហ៊ុន​មិនបាន​បញ្ជាក់​នូវ​ពេលវេលា​ជាក់លាក់​ថា តើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះទេ​។

លោក​បាន​បន្តថា​ “​នេះ​គ្រាន់តែ​ជា​ផែនការ​ប៉ុណ្ណោះ ដោយ​គាត់​មិនបាន​បញ្ជាក់ថា ១០០ ​ស្ថានីយ​នោះ​នឹង​សាងសង់​ក្នុង​ឆ្នាំ​នេះ​ទេ ខណៈ​បច្ចុប្បន្នក្រុមហ៊ុននេះ​ទើបតែ​មាន៣៥​ស្ថានី​យ៍នៅកម្ពុជា”។លោកបន្តថា “​រដ្ឋាភិបាល ​ស្វាគមន៍​រាល់​ការពង្រីក​អាជីវកម្ម​រប​ស់​ក្រុមហ៊ុន បើ​ទីតាំង​ដែល​ក្រុមហ៊ុន​ស្នើសុំ ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ហើយ​ការរៀបចំ​បច្ចេកទេស​របស់​គាត់​ស្រប តាម​សារាចរ​របស់​យើង​ ដែល​បានកំណត់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​”។

លោក​បន្ថែម​ទៀត​ថា ​សម្រាប់​ការពង្រីក​ស្ថានីយ​នេះ ​ក្រុមហ៊ុន​ត្រូវដាក់​ពាក្យស្នើសុំ​ម្តង​មួយៗ​ ដោយ​វា​ទាមទារ​ឱ្យ​យើង​ត្រូវ​ត្រួត​ពិនិត្យមើល​ទីតាំង និង​សុវត្ថិភាព​នៃ​ការរៀបចំ​។ អាជីវកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ គឺ​ខុសពី​អាជីវកម្ម​ផ្សេងៗ ​ដោយសារ​វា​តម្រូវឱ្យ​យើង​ចុះទៅ​អង្កេត និង​វាយតម្លៃ​លើ​ផែនការ​សុវត្ថិភាព និង​ទីតាំង​ជាក់ស្តែង​​។

កម្ពុជា​បាន​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​ទី​៨ ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ឡាវ និង​សិង្ហបុរី​) ​បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បាន​ទាញយក​តំណក់​ប្រេង​លើកដំបូង​នៅ​ប្លុកA​៕

ឥឡូវនេះ អតិថិជននៅខេត្តស្វាយរៀងអាចទូទាត់វិក្កយបត្រអគ្គិសនីដោយមិនអស់កម្រៃសេវាតាមសេវាធនាគារចល័តប្រាសាក់

ដោយ ៖ សហការី

ស្វាយរៀង ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាមានសេចក្តីរីករាយសូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ឥឡូវនេះលោកអ្នកអាចទូទាត់វិក្កយបត្រ អគ្គិសនីខេត្តស្វាយរៀង ក្រុងបាវិត ជីភូ និងស្រុកកំពង់រោទ៍ តាមរយៈសេវាធនាគារចល័តប្រាសាក់ (ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ PRASAC Mobile Banking ឬ PRASAC Internet Banking) យ៉ាងលឿនរហ័ស និងងាយស្រួលបានគ្រប់ទីកន្លែងគ្រប់ពេលវេលា និងមិនអស់កម្រៃសេវា។


លោកសាយ សូ នី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ថា « នេះជាដំណឹងល្អ សម្រាប់អតិថិជនរស់នៅខេត្តស្វាយរៀង ព្រោះពួកគាត់នឹងមានភាពងាយស្រួលជាងមុន និងចំណេញពេលវេលា ដោយមិនបាច់ត្រូវទៅបង់ប្រាក់ដោយផ្ទាល់នៅកន្លែងបញ្ជរទូទាត់លើថ្លៃប្រើប្រាស់ចរន្តអគ្គិសនី។ ជាងនេះទៅទៀតគឺ អតិថិជនអាចរីករាយជាមួយការផ្តល់ជូនដ៏ពិសេសក្នុងការទូទាត់ វិក្កយបត្រ អគ្គិសនីដោយមិនគិតកម្រៃសេវាតាមរយៈ PRASAC Mobile Banking ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ដែលមាននៅក្នុងទូរស័ព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
លោកសាយ សូ នី បានបន្តថា សូមអតិថិជនអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការប្រើសេវាធនាគារចល័តប្រាសាក់ ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ដើម្បីទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល។
បច្ចុប្បន្ននេះ ប្រាសាក់បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្រអគ្គិសនីតាមបណ្តាទីតាំងប្រតិបត្តិការរបស់អគ្គិសនីកម្ពុជាជាច្រើន រួមមាន៖ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តក្រចេះ ស្រុកស្នួល ខេត្តរតនគិរី ស្រុកវើនសៃ ស្រុកលំផាត់ ស្រុកតាវែង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែក ខេត្តស្វាយរៀង ក្រុងបាវិត ជីភូ និងស្រុកកំពង់រោទ៍។

ស្រ្តីខ្មែរដ៏មានសំណាងម្នាក់បានស្វាមីជាសេដ្ឋី និងក្លាយជាម្ចាស់ប្រាសាទនៅប្រទេសលុចហ្សំបួរ

ដោយៈ គង់ សូរិយា

លុចហ្សំបួរៈ ស្រ្តីខ្មែរដ៏មានសំណាងម្នាក់ បានក្លាយជាម្ចាស់ប្រាសាទល្បីល្បាញមួយ នៅប្រទេសលុចហ្សំបួរ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយសេដ្ឋី ដែលជាម្ចាស់ប្រាសាទ  Brandenbourg (Château-fort de Brandenbourg)។

ស្រ្តីឈ្មោះម៉ៅ ម៉ានិច្ចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពី​ចុងសប្តាហ៍មុនថា នាងខ្ញុំឈ្មោះ ម៉ៅ  ម៉ានិច្ច  ជាកូនខ្មែរ និងជាកូន អ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍  ខេត្តកំពង់ធំ  បានរៀបការចូលក្នុងវង្សត្រកូលអភិជន លោកខាងលិច (សហព័ន្ធអុឺរ៉ុប)  ដែលត្រូវជាម្ចាស់ប្រាសាទ  Brandenbourg (Château-fort de Brandenbourg) នៃប្រទេសលុចសាំប៊ួរ។ ប្រាសាទនេះបានសាងឡើងនាសតវត្សរ៍ទី11 (មានអាយុកាលប្រហាក់ប្រហែល នឹងប្រាសាទអង្គរវត្តរបស់ខ្មែរយើងដែរ)។

ស្រ្តីរូបនេះបានឲ្យដឹងទៀតថា ប្រាសាទនេះ សង់ឡើងដោយគ្រួសារស្វាមីខ្ញុំ ធ្វើជាគេហដ្ឋានរស់នៅ របស់អ្នកអភិជននាសម័យនោះ  គ្រួសារគាត់(ប្តី) មានប្រសាទចំនួន2កន្លែង  តែនៅឆ្នាំ 1972 ម្តាយក្មេកខ្ញុំបានប្រគល់ប្រាសាទមួយ ជូនទៅរដ្ឋប្រទេសលុចសាំប៊ួរ។  ប្រសាទនោះឈ្មោះ Bourscheid Castle  (Château de Bourscheid) ទុកជាអនុស្សាវរីយ៍។ ចំនែកឯប្រាសាទ Branderbourg ដែលនៅក្នុងរូបភាពនេះ ពួកយើងរក្សាទុកជាកេរ្តិ៍មរតកសំរាប់កូនចៅជំនាន់ក្រោយ។

អ្នកស្រីម៉ៅ ម៉ានិច្ចបានបន្តថា “ដូច្នេះប្រសិនបើបង ប្អូនមានឱកាសមកដំណើរកំសាន្តប្រទេសលុចសាំប៊ួរ ដែលមានព្រំប្រទល់ខាងត្បូង ជាប់ប្រទេសបារាំង  ខាងជើងជាប់ប្រទេសអាល្លឺម៉ង់ និងខាងលិចប្រទេសប៊ែលស្សិក សូមកុំភ្លេចអញ្ជើញចូលទស្សនាដោយសេរី  រឺអាច inbox មក Facebook ខ្ញុំផ្ទាល់បាននាងខ្ញុំនឹងធ្វើជា guide ជូនទស្សនាដោយក្តីរីករាយ”៕

អ្នកជំនួញផ្នែកដីធ្លីមួយរូបទៀតត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនួញផ្នែកដីធ្លីមួយរូបទៀត គឺលោក សឿ​ សុវណ្ណ ស្ថាបនិក និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និងឃុន សឿ​ គ្រុប ខូអិលធីឌី ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរ​មងារ ជា​ឧកញ៉ា​ហើយ កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១។

លោក​ឧកញ៉ា សឿ សុវណ្ណ ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​ម្នាក់ ដោយ​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ដូច​ជា  ក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី ដែល​រក​ស៊ី​ លើ​គម្រោង​ឡូតិ៍ និងផ្ទះ​ល្វែង។  ឃុន សឿ​ គ្រុប ខូអិលធីឌី និង ក្រុម​ហ៊ុន​សាងសង់ យូនីប៊ីល ខនស្រ្តាក់សិន  ដែល​ទទួល​ម៉ៅការ​សាងសង់​ នៅ​គម្រោង​អាគារ​គ្រប់​ប្រភេទ។ ក្រៅ​ពី​​ក្រុមហ៊ុន​ទាំង​២​នេះ តាម​ប្រភព​ដដែល​បាន​ទម្លាយ​ថា លោក​ឧកញ៉ា នៅ​មាន​មុខ​ជំនួញ​ជា​ច្រើន​ទៀតផង​ដែរ។

ក្រៅ​ពី​ជំនាញ​ខាង​អចលនទ្រព្យ លោកឧកញ៉ា ដែល​​មាន​កំណើត​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​រូប​នេះ  ក៏​ជា​​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរ​ព​​ស្រលាញ់​លោក​ជា​ខ្លាំង។

ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ាបែប​នេះ៕