ដោយបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញៈកម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាននៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៩៩។
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ានបានលើកឡើងនូវកត្តាចម្បង៤ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១)- កត្តាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់ សម្រាប់ការពារអធិបតេយ្យនៃរដ្ឋជាសមាជិក (២)- កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេចចិត្តរបស់អាស៊ាន ផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិនគិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ។

(៣)- កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម និង (៤)- អាស៊ានជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។
-->
រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាននិយាយជារួម និងការកសាងសហគមន៍នយោបាយសន្តិសុខអាស៊ាននិយាយដោយឡែក។
ចាប់តាំងពីពេលដែលកម្ពុជា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជា ធ្លាប់បានធ្វើជាប្រធានអាស៊ានចំនួន២លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ ២០០២ និងលើកទី២ នៅឆ្នាំ ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វីជាឱកាសសម្រាប់កម្ពុជា ក្នុងដំណើរការកសាងសហគមន៍នយោបាយសន្តិសុខអាស៊ាន?
តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?
ជាការពិតណាស់ តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។
ក៏ប៉ុន្តែជាបឋម អ្វីដែលជាឱកាសសម្រាប់កម្ពុជានៅពេលនេះ គឺជាពេលវេលាដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ពហុភាគីនិយម។
ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ វាជាឱកាសដែលកម្ពុជា អាចបង្ហាញពីសមត្ថភាពខាងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។ ប៉ុន្តែសន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាគឺជារឿងដែលមិនអាចមើលរំលងបាន។
ប្រសិនបើកម្ពុជាស្ថិតក្នុងចលាចលខាងនយោបាយ និងការហែកហួរដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួលភារកិច្ចដ៏ធំបែបនេះបាននោះទេ។ ព្រឹត្តិការណ៍នេះនឹងជួយឱ្យកម្ពុជាលើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ។
នៅក្នុងតំបន់ក៏ដូចជា ពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុងកើតឡើងដូចជា ការប្រកួតប្រជែងរវាងមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាការប្រើប្រាស់ទឹកនៅក្នុងតំបន់មេគង្គ ការរីករាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាការទូតវ៉ាក់សាំង ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ។ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត,ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជនបាត់បង់លំនៅក្នុងស្រុក ពលករចំណាកស្រុក ការផ្លាស់ប្តូរអាកាសធាតុជាដើម នឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។
បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែន ឬជាការទទួលខុសត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួម របស់សហគមន៍អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញខាងលើ។
កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជា “កោះសន្តិភាព” និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុង១ឆ្នាំៗ។
កម្ពុជាដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវនេះបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានបូរណភាពទឹកដីពេញលេញ។
ទាំងនេះជាមេរៀន និងបទពិសោធនៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជា អាចចែករំលែកជាមួយសមាជិកអាស៊ានដទៃទៀតក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។
ការជំរុញដំណើរសមាហរណកម្ម តំបន់ពេញលេញរបស់អាស៊ាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោតការយកចិត្តទុកដាក់។ ដូច្នេះឆ្នាំ២០២២ ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការយល់ព្រម លើសមាជិកភាពរបស់ប្រទេសទីម័រខាងកើត ជាសមាជិកទី ១១ របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។
ទន្ទឹមនឹងនោះដែរ ចុងក្រោយជាឱកាសដែលកម្ពុជា អាចបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។
ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបាន ក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ ២០២២ ខាងមុខនេះ។ ប៉ុន្តែសំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?។
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀមលក្ខណៈទាំងខាងក្នុង និងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផង និងទប់ទល់នឹងបញ្ហាប្រឈមផង។ ខាងក្រោមនេះ ជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន។
ពិតហើយ កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋណាមួយដាច់ដោយឡែកនោះទេ។ ភាពជោគជ័យ ឬបរាជ័យរបស់កម្ពុជាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា រាប់ទាំងប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។
ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុងគឺត្រូវធានាថា មានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ាន ជាប្រវត្តិសាស្ត្រនេះឱ្យទទួលបានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស សម្ភារ ថវិកា បច្ចេកទេស សន្តិសុខ, ការងារពិធីការ និងបដិសណ្ឋារកិច្ច ជាពិសេសការងារឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលជាការងារដ៏មានសារៈសំខាន់បំផុត សម្រាប់ព្រឹតិ្តការណ៍នេះ។
ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានា គួរតែមានជំហររួមទៅលើគោលបំណង និងអាទិភាពគោលនយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផលប្រយោជន៍ដ៏លើសលប់ ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ជូនទៅដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស។
អង្គការសង្គមស៊ីវិលនានា ក៏ត្រូវរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ ក្នុងន័យស្ថាបនាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជាក៏មានចំណែកក្នុងភាពជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួនជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវជាពលរដ្ឋប្រកបដោយពុទ្ធិ និងជាពលរដ្ឋដែលសកម្ម។
ជាទិដ្ឋភាពខាងក្រៅតំបន់ និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗតួយ៉ាង ការប្រកួតប្រជែងនៃពួកមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នា រវាងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative -BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។ ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀម និងការពិគ្រោះយោបល់ ដើម្បីស្វែងរកមូលដ្ឋានរួម សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ដើម្បីកុំឱ្យសមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាមេរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗខ្លួន។
ពោលគឺជំរុញរបៀបវារៈទាំងឡាយណា ដែលចងភ្ជាប់អាស៊ានជាជាងបញ្ហា ដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេសគឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ក្នុងការគ្រប់គ្រង ការប្រកួតប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរក្សា និងគ្រប់គ្រងស្ថានភាព ឬបរិស្ថានដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។
លើសពីនេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈ ដែលអាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីឱ្យពលរដ្ឋអាស៊ានមានមោទនភាព និងក្តីស ង្ឃឹមសម្រាប់អនាគត និងមានទំនុកចិត្តសម្រាប់សុខុមាលភាព របស់មនុស្សជំនាន់ក្រោយ និងព្យាយាមធ្វើឱ្យមានតុល្យភាពផងដែរ រវាងសសរស្តម្ភទាំង៣របស់អាស៊ាន រួមមាន សហគមន៍នយោបាយសន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌។
ក្នុងឱកាសដ៏ពិសេសនោះកម្ពុជា គួរផ្តួចផ្តើមគំនិតបង្កើត “ក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្របសម្រួលអាស៊ាន” មួយដែលដើរតួនាទីជាស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍ និងលិខិតូបករណ៍នានារបស់អាស៊ាន ព្រោះអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់មិនអស់ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ដូចជា នៅមានកម្រិតនៅឡើយ ហើយអាស៊ានមិនទាន់មានយន្តការអចិន្រៃ្តយ៍ និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។
ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះនឹងដើរតួនាទីជាយន្តការ សម្រាប់សម្របសម្រួល ឬដោះស្រាយវិបត្តិផ្ទៃក្នុងនៃរដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយ ដើម្បីធ្វើការជាមួយបណ្តាគូជម្លោះ នៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែកមេរៀន និងបទពិសោធនៃការកសាងសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាព ជួយដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសជាសមាជិកអាស៊ានដូចគ្នា។
ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែជាការបង្ហាញសាមគ្គីភាពអាស៊ាន និងការជួយគ្នាទៅវិញទៅមកដោយឈរ លើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
កម្ពុជាត្រូវបន្តលើកកម្ពស់តួនាទី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀត នូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះ ដោយសារមីនទៅជាប្រទេស ដែលមានសកម្មភាពលេចធ្លោ ក្នុងការបោសសម្អាតមីន ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជា ការលើកកម្ពស់នូវការគោរព និងការការពារសេរីភាព សិទ្ធិមនុស្ស និងការលើកកម្ពស់យុត្តិធម៌សង្គមជាដើម ដើម្បីកសាងមុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
កម្ពុជាចាំបាច់ ត្រូវធ្វើសកម្មភាពចាប់ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រខាងកើតទៅក្នុងអាស៊ាន។
ទីម័រខាងកើតជារដ្ឋមួយដូចកម្ពុជាដែរ ដែលបានឆ្លងកាត់ជម្លោះ និងអំពើប្រល័យពូជសាសន៍ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់ នៃការចូលរបស់ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។
ដូច្នេះវាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រ និងជួយដល់ទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ាន មានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីក ដៃគូសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ដើម្បីផលប្រយោជន៍អាស៊ានផង និងដើម្បីតុល្យភាពផង។
កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូត ជាយុទ្ធសាស្ត្រគាំទ្រគោលការណ៍ពហុភាគីនិយមរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនា និងការចរចា។
ប្រទេសកម្ពុជា ត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះ និងអធិបតេ យ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួជាមេអណ្តើក ក្នុងការសម្របសម្រួលបន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូងផងដែរ។
ចុងក្រោយ ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួររៀបចំវេទិកាធុរកិច្ច និងវិនិយោគដើម្បីបង្ហាញសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។
ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅជាក់ស្តែង និងមានប្រសិទ្ធភាពទៅលើស្ថាប័នរបស់រដ្ឋ បន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលអាចកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់អគ្គិសនី និងទឹកក្នុងតម្លៃទាប កាត់បន្ថយ ឬលុបបំបាត់ការិយាធិបតេយ្យក្នុងនីតិវិធីវិនិយោគ និងចុងក្រោយគឺពង្រឹងអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញសម្រាប់បំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។
ជារួមទៅក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើនក្នុងការបង្ហាញមុខមាត់ និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។

ប៉ុន្តែភាពជោគជ័យ ឬបរាជ័យរបស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ និងការចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅដែលម្នាក់ៗ សុទ្ធតែមានចំណែកចំពោះភាពជោគជ័យ ឬបរាជ័យនៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាប្រធានអាស៊ាននេះ៕