គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៨នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំចំនួន៨ នឹងត្រូវចាប់ផ្តើមសាងសង់ និងដាក់ឱ្យ​ដំណើរការនៅក្នុងឆ្នាំ ២០២១នេះ ខណៈគម្រោងទាំងនេះ ស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរាជរដ្ឋាភិបាល និងរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ ។

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រងឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយជាសាធារណៈបង្ហាញថា បើទោះបីកម្ពុជាប្រឈមទៅនឹងវិបត្តិ និងភាពមិនប្រកដប្រជានៃជំងឺកូវីដ១៩យ៉ាងណាក្តី  វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗនៅកម្ពុជាចំនួន៨ នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២១ ខាងមុនេះ។

១) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣១

គម្រោងផ្លូវនេះ ត្រូវបានសិក្សា និងដាក់ចូលផែនការសម្រាប់ស្តារ និងធ្វើឱ្យប្រសើរឡើង ។ ផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ គឺបែកគូសកំពង់ត្រាច ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣៣។

២)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣

គម្រោងផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខលេខ៣ គីឡូម៉ែត្រ១៤៨+ ១០០-ព្រំប្រទល់ កម្ពុជា-វៀតណាម  ស្របពេលដែលរាជដ្ឋាភិបាល បានដាក់ចេញនូវផែនការព្រំដែនទៅតំបន់សហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ។

៣)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១

គម្រោងផ្លូវនេះ កំពុងមានសក្តានុពលខ្ពស់លើវិនិយោគ លើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច និងជាតំបន់រោងចក្រសហគ្រាសសំខាន់ៗទៅកាន់ទីនេះ ដោយផ្លូវនេះតភ្ជាប់ពីថ្នល់ទទឹង ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ៣ គម ១២៦+៧៥៥។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រចបាននូវគម្រោង៣ ដោយសុំខ្ចីលុយពីចិន សាងសង់ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅកំពត ទី២ផ្លូវជាតិលេខ៣១នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពត។

សម្ដេច បានមានប្រសាសន៍បញ្ជាក់ថា គម្រោងទាំងបីនេះ បានឯកភាពគ្នាហើយ និងបានប្រថាប់ត្រារួចហើយ ។

៤) គម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ ត្រូវបានអ្នកជំនាញសិក្សាសមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់ និងកំពុងបន្តនីតិវិធី ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលចិន និងត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។

៥)គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ (ស្គន់ -កំពង់ចាម)

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ជំហាន។

៦)គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ បានណងអៀន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងថៃ ក៏ដូចជាមួយបណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ។

ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

៧)គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប

រាជរដ្ឋាភិបាលកម្ពុជាបានសិក្សា បញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាប ឬផ្លូវវាងក្រុងដ៏ធំមួយនៅផ្នែកខាងត្បូងក្រុងសៀមរាប ដើម្បីកាត់បន្ថយលំហូចរាចរណ៍នៅក្នុងក្រុង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ណ៍ ព្រមជាមួយនឹងការសម្រួលដល់ការដឹកជញ្ជូន។

៨ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពក្នុងការជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោកMoon Jae In ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា៕

ក្រុមហ៊ុនអន្តរជាតិធំៗចំនួន៤បោះទីតាំងវិនិយោគនៅកម្ពុជាមួយនឹងទុនរាប់ពាន់លានដុល្លារក្នុងខែកុម្ភៈ

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងវិនិយោគអន្តរជាតិធំៗចំនួន៤ បានបោះទីតាំងវិនិយោគ និងប្រ​កាសទុនវិនិយោគ រាប់ពាន់លានដុល្លារនៅកម្ពុជា ទោះបីជាស្ថិតវិបត្តិកូវីដ១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

គម្រោងវិនិយោគអន្តរជាតិធំៗទាំង៤នេះរួមមានៈ

ទី១) គម្រោងអភិវឌ្ឍន៍ទីក្រុងរាមថ្មី

ក្រុមហ៊ុន Canopy Sands Development សមាជិកនៃក្រុមហ៊ុន Prince Holding Group បានអនុម័តប្លង់មេសម្រាប់ទីក្រុងរាមថ្មី ដែលនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Canopy Sands Development នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោងទីក្រុងរាមថ្មីនេះ នឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៨៣៤ហិកតា ដែលមានទុនវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារ ហើយនឹងត្រូវអភិវឌ្ឍលើតំបន់ ដែលចំណាយពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

ទី២) គម្រោងអភិវឌ្ឍន៍វីឡារបស់ក្រុមហ៊ុនចិន

ក្រុមហ៊ុនវិនិយោគទុនមកពីប្រទេសចិនចំនួនពីរ  កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរួមគ្នាបង្កើតគម្រោងអភិវឌ្ឍន៍វីឡាមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារក្នុងប្រទេសកម្ពុជា ខណៈជំនាញលើកឡើងថា ការផ្គត់ផ្គង់លំនៅឋានក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។

ការបង្កើតផ្ទះវីឡារួមគ្នា រវាងក្រុមហ៊ុនMorgan Group និងក្រុមហ៊ុនJavan Group និងការបង្កើតគម្រោងនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ដើម្បីសម្រេចនូវក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ទាំងប្រជាជនកម្ពុជា និងប្រជាជនបរទេសរស់នៅក្នុងប្រទេ​សកម្ពុជាផងដែរ។

គម្រោងដែលនឹងបង្កើត នៅក្នុងប្រទេសកម្ពុជានេះមានឈ្មោះថា Morgan Park Villa ស្ថិតនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ និងស្ថិតនៅតំបន់មាត់ទឹក នៃដងទន្លេមេគង្គដែលជាតំបន់ពេញនិយម សម្រាប់អភិវឌ្ឍន៍លំនៅឋានទំនើប។

ទី៣) សណ្ឋាគារលំដាប់ផ្កាយ៥នៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជាក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចដ៏ធំលើពិភពលោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសបើកដំណើ​រការសណ្ឋាគារលំដាប់ផ្កាយ៥របស់ខ្លួននៅក្រុងព្រះសីហនុ។

ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុសណ្ឋាគារ និងផ្តល់សេវាកម្ម គ្រប់គ្រងសណ្ឋាគារធំជាងគេបំផុតលើពិភពលោក និងមានសណ្ឋាគារចំនួន៨៩០០កន្លែង នៅទូទាំងប្រទេសចំនួន៩៥នៅទ្វីបចំនួន៦ ។

ក្រុមហ៊ុននេះ បានបើកដំណើរសណ្ឋាគារដំបូងរបស់ខ្លួន (Howard Johnson Plaza by Blue Bay Sihanoukville) នៅប្រទេសកម្ពុជា។

សណ្ឋាគារ Wyndham Blue Bay Sihanoukville ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ មានកម្ពស់៣៦ជាន់ និងមានបន្ទប់៣២២ ដែលមានទីតាំងយ៉ាងល្អឥតខ្ចោះនៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ទី៤) គម្រោងផលិតវត្ថុធាតុដើមរបស់កាណាដា

ក្រុមហ៊ុន AREV Cambodia Brands Inc ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា AREV Nanotec Brand បានចាប់ផ្តើមដំណាក់កាលដំបូង នៃប្រតិបត្តិការផលិតវត្ថុធាតុដើម ដើម្បីគាំទ្រដល់ការផលិតអាហារបំប៉នរបស់ខ្លួន នៅជិតរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោងនេះ នឹងប្រតិបត្តិការលើផ្ទៃដីទំហំ២០ហិកតា ដែលជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍវត្ថុធាតុដើម សម្រាប់ការច្នៃប្រឌិតផលិតផល អាហារបំប៉នរបស់ខ្លួន ដែលមានលើទីផ្សារនៅក្នុងត្រីមាសទី៣ឆ្នាំនេះ៕

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋក្នុងប្រទេសចិនកើនដល់ទំហំទឹកប្រាក់ជិត៣០ពាន់លានដុល្លារក្នុងខែមករាដើមឆ្នាំនេះ

ដោយៈសុខុម

ប្រទេសចិនៈ យោងតាមទិន្នន័យផ្លូវការចេញ កាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនក្នុងប្រទេសចិន ទទួលបានកំណើនខ្ពស់គួរឱ្យភ្ញាក់ផ្អើលក្នុងខែមករា ដើមឆ្នាំ២០២១ នេះ ស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងងើបឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times។

ក្រសួងដឹកជញ្ជូនចិនបានលើកឡើងថា នៅក្នុងខែមករា ទំហំវិនិយោគលើអចលនទ្រព្យផ្នែកផ្លូវដឹកជញ្ជូន មានទំហំរហូតដល់២៩.៥៦ពាន់លានដុល្លារ កើនឡើង៤២,១% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង១៣,៨% ធៀបនឹងខែមករា ឆ្នាំ២០១៩។

ជាពិសេសការវិនិយោគលើផ្លូវហាយវ៉េ និងផ្លូវទឹកមានចំនួន២២ពាន់លានដុល្លារ ពោលគឺកើនឡើង៥២,៣% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង១១,៨% ធៀបនឹងខែមករា ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០២០កន្លងមកនេះ ដោយស្ថិតក្រោមសម្ពាធពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ការវិនិយោគលើអចលនទ្រព្យទូទាំងប្រទេស ពិសេសផ្នែកផ្លូវហាយវ៉េ និងផ្លូវទឹកបានឈានដល់៤០០ពាន់លានដុល្លារ គឺកើនឡើង ៤៣,៨% ធៀបនឹងឆ្នាំ២០១៩ ដែលស្មើនឹង១៤៣,៨% នៃការវិនិយោគប្រចាំឆ្នាំដែលបានគ្រោងទុក។

លោក Sun Wenjian អ្នកនាំពាក្យក្រសួងដឹកជញ្ជូន​ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យការងារ និងផលិតកម្មដំណើរការឡើងវិញ។

អ្នកនាំពាក្យរូបនេះបានបន្តថា គម្រោងសំខាន់ៗក្នុងឆ្នាំ២០២១ នេះរួមមានផ្លូវទឹកជម្រៅ៦ម៉ែត្រពីទីក្រុងវូហាន (Wuhan) ក្នុងខេត្តហ៊ូប៉ី (Hubei) ទៅកាន់ក្រុងអានឈីង (Anqing) ក្នុងខេត្តអានហួយ (Anhui) កាត់ទន្លេយ៉ាងចឺ (Yangtze River) ស្ពានស៊ឹនជិន-ចុងសាន (Shenzhen-Zhongshan Bridge) និងផ្លូវរថភ្លើងល្បឿនលឿនគ័ងចូវ-ចានជាំង (Guangzhou-Zhanjiang High-speed Railway) កាត់ខេត្តគ័ងតុង (Guangdong) ក្រុងហុងកុង និងម៉ាកាវ។

ទន្ទឹមនេះក៏មានគម្រោងផ្សេងៗទៀតផងដែរ រួមមាន គម្រោងពង្រីកដំណាក់កាលទី៣ លើអាកាសយានដ្ឋានគួយយ៉ាង (Guiyang Airport) ក្នុងខេត្តគួយចូវ (Guizhou) និងផ្លូវល្បឿនលឿនអ៊ូយូមឈី-យូលី (Urumqi-Yuli Expressway) ក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ទីដែលពួកជនជាតិភាគតិចវីហ្គួ (Uygur) រស់នៅ។

គម្រោងទាំងនេះកសាងឡើង ស្របនឹងផែនការដាក់ចេញផែនការប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលចិន ខណៈប្រទេសនេះ មានមហិច្ឆតាកសាងផ្លូវដែកឱ្យបានប្រវែង២០០.០០០គីឡូម៉ែត្រ ផ្លូវហាយវ៉េប្រវែង៤៦០.០០០គីឡូម៉ែត្រ និងផ្លូវសមុទ្រទឹកជ្រៅប្រវែង២៥.០០០ គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០៣៥៕

ក្រុមការងារបច្ចេកទេសកម្ពុជា កូរ៉េចាប់ផ្តើមពិភាក្សាពីគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ទៅកាន់តំបន់ស្វាយជ្រុំ

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីបានទទួលសញ្ញាភ្លើងខៀវ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េកាលពីពេលកន្លង ទៅលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ពេលនេះមន្ត្រីជំនាញដែលពាក់ព័ន្ធ រវាងប្រទេសទាំង២កំពុងបន្តកិច្ចសិក្សា និងពិភាក្សាគ្នាទៅលើបច្ចេកទេសនៃការសាងសង់។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយា បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងសាងសង់ស្ពានឆ្លងកាតទន្លេមេគង្គដែលតភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលមួយនេះ នៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើម សាងសង់ជាក់លាក់នៅឡើយនោះទេ ព្រោះដំណាក់កាលនេះកំពុងស្ថិតនៅក្នុងការពិភាក្សាអំពីបច្ចេកទេសនៅឡើយ។

លោកបញ្ជាក់ថា “រហូតមកដល់ពេលបច្ចុប្បន្ននេះព័ត៌មានលម្អិត និងជាក់លាក់ណាមួយគឺនៅមិនទាន់មាននោះទេ ព្រោះមន្ត្រីជំនាញរវាងប្រទេសទាំង២ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នា ទាក់ទងទៅនឹងបច្ចេកទេសនៅឡើយ”។ លោកបានបន្តថា “រហូតមកដលពេលនេះកិច្ចពិភាក្សា និងការសិក្សាពីបញ្ហាបច្ចេកទេស នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដូច្នេះទាំងពេលវេលា ទាំងខ្ទង់ចំណាយទៅលើការសាងសង់ ជាពិសេ​សទីតាំងនៃគម្រោងស្ពាន ក៏មិនទាន់បានកំណត់ច្បាស់នៅឡើយនោះដែរ”។

លោកបន្តថា  អ្វីៗអាចរង់ចាំរហូតដល់កិច្ចពិភាក្សា ពីបញ្ហាបច្ចេកទេសត្រូវបានបញ្ចប់ ទើបចាប់បន្តសិក្សាពីគម្រោងសាងសង់ពាក់ព័ន្ធទៅនឹងទីតាំង ផលប៉ះពាល់ និងខ្ទង់ចំណាយពិតប្រាកដ។

អ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះបានបញ្ជាក់ថា ទោះជាយ៉ាងណា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ មិនមែនជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២១ ឬឆ្នាំ២០២២នោះទេ ព្រោះគម្រោងអាទិភាពដែលត្រូវស្ថាបនា និងសាងសង់ស្ពាន ក៏ដូចជាផ្លូវជាតិក្នុងឆ្នាំ២០២១ ត្រូវបានកំណត់រួចរាល់អស់ហើយ ដូច្នេះគម្រោងស្ពានមួយនេះ អាចនឹងត្រូវជាគម្រោងអាទិភាពនៅឆ្នាំក្រោយៗទៀត។

លោកទេសរដ្ឋន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះថា បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ទៅលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ពីតំបន់ជ្រោយចង្វា​រទៅតំបន់ស្វាយជ្រុំ មន្ត្រីជំនាញបច្ចេកទេសរបស់ប្រទេសកូរ៉េ បានធ្វើការចុះមកសិក្សាពីទំហំនៃការចំណាយលើការចំណាយ និងទំហំនៃផលប៉ះពាល់ផងដែរ។

លោកបន្តថា “កាលពីពេលកន្លងទៅ ក្រុមអ្នកជំនាញបច្ចេកទេសកូរ៉េ KOICA ធ្លាប់បានចុះមកធ្វើសិក្សាជាជំហានដំបូងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រចជារបាយការណ៍នៅឡើយទេ”។ លោកបានបន្តទៀតថា “ប្រសិនបើសាងសង់ ត្រឹមតែជាស្ពាសម្រាប់ឆ្លងធម្មតាដូចស្ពានមួយចំនួនទៀតនោះ ទំហំនៃការចំណាយអាចស្ថិតនៅក្នុងរង្វង់៥០លានដុល្លារតែប៉ុណ្ណោះ”។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ប៉ុន្តែដោយសារតែខាងកូរ៉េ គេចង់សាងសង់ស្ពានថ្មី និងលើកដំបូងនៅកម្ពុជា (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ) ឱ្យមានគុណភាពខ្ពស់ និងមានភាពទាក់ទាញខ្លាំង ដូច្នេះខ្ទង់ចំណាយអាចនឹងកើនឡើងជិត១០០លានដុល្លារ៕

អ្នកជំនាញអន្តរជាតិៈ ការវ៉ាក់សាំងកូវីដ១៩បង្ហាញសញ្ញាទីបញ្ចប់នៃវិបត្តិនិងក្តីសង្ឃឹមរបស់វិស័យអចលនទ្រព្យ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអចលនទ្រព្យអន្តរជាតិ បានលើកឡើងថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ បង្ហាញថាជាសញ្ញាដំបូង នៃទីបញ្ចប់នៃវិបត្តិកូវិដ១៩ និងជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីជំរុញឱ្យផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច មានកំណើនសារជាថ្មីនៅ ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាគឺជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីធ្វើឱ្យផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច មានកំណើនសារជាថ្មី ជាពិសេសអ្នកដែលពឹងផ្អែកលើអាជីវកម្ម និងការធ្វើដំណើរកម្សាន្ត។

លោកបានថ្លែងថា “ទោះយ៉ាងណាក៏ដោយ កម្រិតនៃការទទួលវ៉ាក់សាំងចាំបាច់ត្រូវឈានដល់ចំនួនមួយសមស្រប នៃចំនួនប្រជាជន ដើម្បីចាប់ផ្តើមកាត់បន្ថយហានិភ័យនៃការរំខានបន្ថែមទៀតតាមរយៈការឆ្លងចូលសហគមន៍”។ លោកបន្តថា “តាមវិធីណាក៏ដោយ ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ហាញថាជាជំហានមួយ ដែលអាចមើលឃើញយ៉ាងច្បាស់នូវការបញ្ចប់នៃវិបត្តិកូវីដ១៩ ហើយវានឹងលើកទឹកចិត្តដល់ទំនុកចិត្តរបស់វិនិយោគិន”។

ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ មិនទាន់របាយការណ៍ណាមួយ ដែលបង្ហាញពីទំហំនៃផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យនៅកម្ពុជាទៅឡើយទេ ខណៈអ្នកជំនាញជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីប្រជាជន។

លោក James Hodge បានថ្លែងថា វាលឿនពេកក្នុងការប្រាប់ថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ នឹងប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែនៅពេលការឆ្លងចូលសហគមន៍នេះត្រូវបានគ្រប់គ្រង យើងរំពឹងថា សកម្មភាពអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ។

ការចាប់អារម្មណ៍របស់អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា មិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះ ដោយសារព្រឹត្តិការណ៍ថ្មីៗទេ។ ដូច្នេះយើងគួររំពឹងថាការធ្វើដំណើរនឹងវិលត្រឡប់ទៅកម្រិតមុន ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈវិញយ៉ាងឆាប់រហ័ស។ បរិមាណដើមទុនបរទេសកាន់តែច្រើន នឹងចាប់ផ្តើមហូរចូលប្រទេសកម្ពុជាកាន់តែច្រើន នៅពេលដែលការចាក់វ៉ាក់សាំងឈានដល់កម្រិតមួយសមស្រប។

អ្នកវិនិយោគ មិនត្រឹមតែអំឡុងពេលនេះទេ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់ គួរតែគិតឱ្យបានល្អិតល្អន់ អំពីពេលវេលាត្រឹមត្រូវនៃការវិនិយោគរបស់ពួកគេ និងធានាថា ពួកគេមានផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីទទួលបានប្រាក់ចំណេញពីគម្រោងរបស់ពួកគេ។

លោក James Hodge បានថ្លែងថា អ្នកវិនិយោគ ក៏អាចពិនិត្យមើលផ្នែកណាមួយ នៃវិស័យអចលនទ្រព្យ ដែលមិនទាន់មានការវិនិយោគគ្រប់គ្រាន់ ដើម្បីទាញយកផលចំណេញ ឬបន្ថែមលក្ខណៈពិសេសៗ របស់គម្រោងរបស់ពួកគាត់ឱ្យមានភាពខុសប្លែកពីគម្រោងរបស់អ្នកដទៃ ដើម្បីបង្កើនភាពទាក់ទាញ។

លោកបានបន្តទៀតថា“ការធ្វើពិពិធកម្មនៅក្នុងវិស័យអចលនទ្រព្យ អាចជួយជំរុញកំណើន តាមរយៈការបើកឱកាសសម្រាប់វិស័យថ្មីៗ និងជំរុxញឱ្យទីផ្សារអចលនទ្រព្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅកម្ពុជា”៕

ជប៉ុនផ្តល់ជំនួយឥតសំណងជិត១១លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវានៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ សម្រេចអនុម័តផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ១០,៨លានដុល្លារ ដើ​ម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ការចុះហត្ថលេខាងលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ ត្រូវបានធ្វើឡើងដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃ១ ខែមីនា ឆ្នាំ២០២១នេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលបជ៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ ការផ្ទុះឡើងនៃការឆ្លងជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពិរងធ្វើការចុះហត្ថលេខា លើលិខិតប្តូរសារនេះ នៅទីកន្លែងរៀងៗខ្លួន។មន្ត្រី

ជាន់ខ្ពស់របស់កម្ពុជាលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុ​នកើតឡើងតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ រហូតមកដល់ឆ្នាំ២០១៣កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។

ជប៉ុនបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញនូវហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពា​ណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម។

វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង២៧៩២លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ ដោយបានចូលរួមចំ​ណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់កាលចុងសប្តាហ៍កន្លងមកនេះ វិនិយោគិនជប៉ុន ជាមធម្មតា ទាមទារនៅលក្ខខណ្ឌចំនួនមួយ ក្នុងទី១ គឺតម្លាភាព និងទី២គឺភាពច្បាសលាស់លើច្បាប់វិនិយោគផ្សេង។

លោកបានឱ្យដឹងទៀតថា “នៅពេលវិនិយោគិនជប៉ុនកើនឡើងនៅកម្ពុជា វាអាចបង្កើតជាអត្តសញ្ញាណមួយល្អ សម្រាប់វិនិយោគបរទេសដទៃទៀត មានទំនុកចិត្ត ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ព្រោះប្រជាជនលើពិភពលោក”។លោកបន្តថា“គេទទួលស្គាល់ហើយថា នៅពេលវិនិយោគិនជប៉ុន វិនិយោគក្នុងប្រទេសណាមួយ នោះជាសញ្ញាណមួយ ក្នុងការទាក់ទាញវិនិយោគិនបរទេសដទៃទៀត”៕

រដ្ឋាភិបាលបោះទុន២លានដុល្លារសាងសង់ផ្សារនៅតំបន់ព្រែកចាក ព្រំប្រទល់កម្ពុជា វៀតណាម

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់២លានដុល្លារ ដើម្បីសាងសង់ផ្សារមួយ នៅតំបន់ព្រែកចាក ជាប់ព្រំប្រទល់ប្រទេសកម្ពុជា វៀតណាម ដែលគំរោងនេះបាននិងកំពុងដំណើរការ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជាវ តាយអភិបាលខេត្តកំពតបានចុះចុះពិនិត្យទីតាំង សាងសង់ផ្សារគំរូ ព្រំដែន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកាលពីចុងសប្តាហ៍មុន។

ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែននេះគឺស្ថិតនៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ ហ.ត ជាជំហានដំបូង តាមគម្រោងផែនការគឺក្នុងទំហំផ្ទៃដីសរុប៥០ ហ.ត។ គម្រោងនេះទៀតសោត គឺជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្ត ត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។

នៅក្នុងជំហានដំបូងនេះដែរ គម្រោងនេះអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា វៀតណាម អគារផ្សារកម្ពស់២ជាន់រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ និងអាចសាងសង់បញ្ចប់នៅដើមឆ្នាំ ឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនោះក៏បាន ស្នើដល់ អភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលនិងសហការបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការគម្រោងសាងសង់នេះ បានសម្រេចលទ្ធផលជោគជ័យឆាប់រហ័ស តាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។

លោកជាវ តាយ អភិបាលខេត្ត បានសំដែងការអបអរសាទរ និងគាំទ្រ សហការ ព្រមទាំងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើ   ឱ្យការដោះដូរទំនិញតាមព្រំដែន មានលក្ខណៈកាន់តែល្អប្រសើរថែមទៀត នឹងធ្វើឲ្យជីវ​ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងមួយកំរឹតទៀត៕

ចំណេះដឹង! តើអ្នកអភិវឌ្ឍអចលនទ្រព្យត្រូវដាក់ប្រាក់តម្កល់ប៉ុន្មានភាគរយ?

ដោយៈរ៉ាណេត

ភ្នំពេញៈ អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តណាមួយដូចខាងក្រោម។

ក. តម្កល់ជាសាច់ប្រាក់ ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ។

ខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់ បានចាប់ពី៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើន ដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬគម្រោងមុនសាងសង់បាន៥០%(ហាសិប)ភាគរយឡើង។

ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែង នៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញ បានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជ្ជនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕

អ្នកជំនាញដីធ្លីម្នាក់ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងទីផ្សារដីធ្លី និងអចលនទ្រព្យនៅកម្ពុជាម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Land Station ដែលគេស្គាល់ថាជាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»តាមរយៈព្រះរាជក្រឹត្យដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ៕

តោះ​ទៅ​មើល​តំបន់ «រាម​សា» នៅ​ខេត្តស្ទឹងត្រែង​ដែលមាន​សម្រស់​ស្អាត​ដូច​ឋានសួគ៌

ដោយ​គង់ សូរិយា

ស្ទឹងត្រែងៈ តំបន់ «រាម​សា» ខេត្តស្ទឹងត្រែង ជា​តំបន់ដីសើម ដែល​ពោរពេញ​ដោយ​ជីវចម្រុះ ដែល​វា​បាននិងកំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

ស្ទឹងត្រែង​ពិតជា​ស្អាត​ដូច​ឋានសួគ៌ នៅ​រដូវ​ទឹកសម្រក ដែលមាន​ឆ្នេរ​ខ្សាច់​ប្រែប្រួល​តាមរ​ដូច​កាល ដោយសារ​កំសួល​ទឹក​ហូរ មាន​ដើមឈើ​ដែលមាន​ឬ​ស​កែវ ពត់ពេន​តាម​ខ្សែទឹក​ហូរ និង​ជា​តំបន់​ដែលមាន​ផ្ទាំងសិលា ទឹក​ហូរតិចៗ ងាយស្រួល​អុំទូក​កា​យ៉ាក់​លំហែរ​កាយ ពេល​វិស្សមកាល។

ស្ទឹងត្រែង​មាន​ចំណុច​ពិសេស​ជាច្រើន ដោយមាន​ទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង និង​ទន្លេស្រែពក ប៉ុន្តែ​ដោយសារ​ការធ្វើដំណើរ​ឆ្ងាយ ពិសេស​មិនសូវមាន​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​តំបន់​នេះ បានធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង ជា​ខេត្ត​ដែល​គេ​បំភ្លេច និង​ជា​ខេត្ត​ដែល​គ្រាន់តែ​គេ​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ។

លោក​ថោង អូន​ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ ដែលមាន​ទីតាំងនៅ​ជិត​ទី​រួម​ខេត្តស្ទឹងត្រែង​ធ្លាប់បាន​មានប្រសាសន៍ថា ការពិត​ស្ទឹងត្រែង​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំងណាស់ ព្រោះ​តំបន់​ទន្លេមេគង្គ មាន​ធនធាន​ទេសចរណ៍​ដ៏​សម្បូរបែប ដែល​មិនអាច​កាត់ថ្លៃ​បាន ពិសេស​មាន​សត្វ​ស្លាប មាន​ផ្ទាំងសិលា មាន​តំបន់​រាម​សា មាន​ត្រីធំៗ ដែលមាន​រសជាតិ ពិសេស​មាន​កោះតូចៗនៅលើ​ដង​ទន្លេមេគង្គ ដែល​អាច​សម្រាកលំហែរ​កាយ​បាន​នៅពេល​រាត្រី។

លោក​បន្តថា “អ្នក​បាន​ទៅ​ទស្សនា​តំបន់​ទាំងនេះ មិន​ចង់​ត្រលប់​មកវិញ​ឡើយ ពិសេស​ជនបរទេស ពួកគេ​និយម​ទៅ​បោះតង់​លើ​កោះតូចៗ ដែល​ផ្តល់នូវ​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក​សម្រាប់​ពួកគេ” ៕