សម្តេចតេជោដាក់ចេញនូវសារាចរណែនាំចំនួន៦ចំណុចពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែ​នាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

យោងតាមសារាចររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេសត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់នូវសារាចរណែនាំ ដែលចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបណ្ដាវិធានការលម្អិតបន្ថែម ដូចជា

ទី១ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោ​មតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរ​ណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចជា ទី២ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ជៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ទី៣ ជៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ឬចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធ

ទី៤ ជៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និងទី៥ អនុវត្តវិធានការ «៣ ការពារ» និង «៣ កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា​។

ទី៦ រាជរដ្ឋាភិបាលសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ក្នុងសារាចរថា ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជនត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

រដ្ឋាភិបាលព្យាករណ៍ៈ វិស័យសំណង់នឹងងើបឡើងវិញក្នុងរង្វង់ជិត៣ភាគរយនៅឆ្នាំនេះ

ដោយ: គង់ សូរិយា

ភ្នំពេញ: ជាមួយការរំពឹងពីលំហូរទុនវិនិយោគពីក្រៅប្រទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក អនុវិស័យសំណង់នឹងងើបឡើងវិញ ក្នុងអត្រាកំណើនទាបក្នុងរង្វង់២,៩ភាគរយ ក្នុងឆ្នាំ២០២១ និង៧,៨ភាគរយក្នុងឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបា​យហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២បានឲ្យដឹងងថា បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើអនុវិស័យសំណង់បានឲ្យដឹងថា ការងើបឡើងវិញក្នុងវិស័យខាងលើនេះ ដោយសារការរំពឹងទុកនូវការត្រឡប់មកវិញ នៃរំហូរទុនវិនិយោគពីបរទេស ការងើបឡើងវិញនូវតម្រូវការក្នុងស្រុក និងការបន្តរីកធំនៃឥណទានផ្តល់ទៅអនុវិស័យនេះ ដែលអាចជួយប៉ះប៉ូវមួយផ្នែកតូច ពីការរំពឹងទុកនូវការរឹតត្បិតរំហូរទុនវិនិយោគពីប្រទេសចិន តាមរយៈការកើនឡើងនូវហិរញ្ញប្បទានក្នុងស្រុក។

ជុំវិញបញ្ហានេះ ពាក់ព័ន្ធក្របខណ្ឌសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើនទាបប្រមាណ ៤,០ភាគរយ ខណៈក្នុងឆ្នាំ២០២០ មានអត្រាកំណើនអវិជ្ជមាន-៣,១ភាគរយ ក្រោមបរិបទ នៃការអូសបន្លាយនៃជំងឺកូវីដ-១៩ ដោយរំពឹងទុកនូវការងើបឡើងវិញ ក្នុងកម្រិតយឺតនៃតម្រូវការសកល។

ដោយឡែកនៅឆ្នាំ ២០២២ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៧ភាគរយ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងសកល ទាំងសកម្មភាពផលិតកម្ម តម្រូវការ ការវិនិយោគ និងរំហូរមនុស្ស ដែលនឹងជំរុញដល់ការងើបឡើងវិញ នូវអនុវិស័យជំរុញកំណើនសំខាន់ៗ ដូចជាអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន អនុវិស័យកាត់ដេរ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យគាំទ្រផ្សេងទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា វិស័យសំណង់កម្ពុជា ពិសេសក្នុងវិបត្តិកូវីដ១៩ ការអភិវឌ្ឍន៍វិស័យសំណង់ទាំងគម្រោងតូច-ធំ គឺនៅដំណើរការជាធម្មតា ដោយសង្កេតឃើញថា ដូចជាមិនមានគម្រោងណាជាប់គាំង បើមានគឺតិចតូចប៉ុណ្ណោះ។ ចំពោះការទិញលក់ក្នុងវិស័យសំណង់វិញ មានការធ្លាក់ចុះច្រើន ហើយដំណើការនេះបើបន្តអូសបន្លាយយូរ ដែលអាចប្រឈមបញ្ហាខ្លះៗផងដែរ៕

 

វិភាគៈប្រជាជនភូមាជាកូនសោគន្លឹះដើម្បីដោះស្រាយបញ្ហាប្រទេសរបស់ខ្លួន មិនមែនបរទេសនោះទេ

ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

        ភ្នំពេញៈ ព្រះអាទិត្យកំពុងលិចនៅប្រទេសភូមា រដ្ឋដែលកំពុងចលាចលនេះ កំពុងស្ថិតក្នុងភាពងងឹត និងរកច្រកចេញមិនទាន់រួចនៅឡើយ។

តើអ្នកណាជាអ្នកដោះស្រាយបញ្ហារបស់ប្រទេសនេះបាន? តើពេលពេលវិបត្តិនេះនឹងបញ្ចប់? ហើយឈាមលែងហូរចេញពីប្រជាជាតិ ដែលតាំងខ្លួនឯងជាអ្នកគោរពពុទ្ឋសាសនានេះ។

 

ដំណោះស្រាយពីអន្តរជាតិ

        ដំណោះស្រាយជាអន្តរជាតិលើវិបត្តិភូមា ដែលបានអូសបន្លាយរហូតមកទល់ពេលនេះមានរយៈពេលពីរខែហើយ មិនឃើញមានអ្វីក្រៅពីការដាក់ទ័ណ្ឌកម្មពីមហាអំណាចនានា ពិសេសសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ឋមិត្តរបស់ពួកគេឡើយ ប៉ុន្តែជាលទ្ឋផលនៃការដាក់ទ័ណ្ឌកម្ម គឺធ្វើឲ្យប្រជាជនភូមារងគ្រោះកាន់តែខ្លាំង ប្រជាជនភូមាឈឺចាប់កាន់តែខ្លាំងទៅវិញទេ។

បណ្តាទ័ណ្ឌកម្ម ដែលបានដាក់ចេញដោយមហាអំណាច ដែលតែងតែលើកយក  លទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្សមកធ្វើជាខែល ប៉ុន្តែមិនបានធ្វើឲ្យមេទ័ពភូមា ឬមីយ៉ាន់ម៉ាខ្លាចញញើត ឬរាថយនោះឡើយ។

ស្ថានភាពបច្ចុប្បន្ន ប្រជាជនភូមាកាន់តែច្រើនកំពុងរងទុក្ខ និងស្លាប់បាត់បង់ជីវិត ហើយស្ថានភាពនេះ នឹងបន្តអូសបន្លាញរយៈពេលវែង បើសិនជាប្រជាជាតិនេះនៅតែស្រែករកជំនួយ ជាជាងដោះស្រាយបញ្ហានេះដោយខ្លួនឯង។

អង្គការសហប្រជាជាតិ

        អង្គការកំពូលពិភពលោកនេះ បាននិងកំពុងវិវត្តន៍ជា “ខ្លាក្រដាស” ដោយសារមិនអាចធ្វើអ្វីបាន និងកំពុងជ្រកក្រោមឥទ្ឋិពល របស់មហាអំណាចមួយលើពិភពលោក ជាជាងបាន និងកំពុងដើរតួនាទទីឯករាជ្យពេញលេញ ដើម្បីផលប្រយោជន៍មនុស្សជាតិដូចដែលបេសកកម្ម ឬចក្ខុវិស័យស្នូល ដែលបានចែងនៅពេលបង្កើតអង្គការនេះពីដំបូងឡើយ។

ទោះជាយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំស្តីវិបត្តិនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រោយការបង្ក្រាបបាតុកម្មដ៏សាហាវនៅមីយ៉ាន់់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឲ្យបាតុករជាង១០០នាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ​។

សម័យប្រជុំបិទទ្វារនៃប្រទេសជាសមាជិកUNSC ទាំង១៥ខាងលើនេះ ត្រូវបាន រៀបចំឡើង តបតាមការអំពាវនាវរបស់ចក្រភពអង់គ្លេស។

លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) តំណាងពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ាបានអះអាងថា “កិច្ចប្រជុំខាងលើនេះ ក៏នឹងធ្វើការរៀបរាប់សង្ខេប អំពីស្ថានការណ៍ដែលបាននិងកំពុងកើតឡើងផងដែរ”។

ទោះជាយ៉ាងណា ក្រុមអ្នកតាមអន្តរជាតិមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមប្រឹក្សាសន្តិសុខUN អាចចេញនូវសេចក្តីថ្លែងការណ៍រួមមួយ នៅក្រោយបញ្ចប់កិច្ចប្រជុំដែរ ឬមួយក៏យ៉ាងណានោះ ព្រោះវានឹងតម្រូវឲ្យការឯកភាពគ្នាទាំងស្រុង រវាងប្រទេសជាសមាជិកទាំង១៥។

កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសធ្ងន់ៗជាលើកដំបូងផងដែរ ចំពោះការបង្ក្រាបដោយហិង្សាពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករដែលគ្មានអាវុធក្នុងដៃ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ។

បើប្រជាជនភូមាពឹងផ្អែកសម្លេងអំពាវនាវ ទ័ណ្ឌកម្មពីអន្តរជាតិ គឺបានត្រឹមតែអស់     សង្ឃឹមប៉ុណ្ណោះ មិនអាចដោះស្រាយអ្វីបានឡើយ។ នេះជាយុទ្ឋសាស្រ្តនិងសមរភូមិកាទូតអន្តរជាតិ។

ភូមិសាស្រ្តនយោបាយ

        បញ្ហាភូមិសាស្រ្តនយោបាយ បានក្លាយជារឿងដ៏ក្តៅគគុក ក្នុងពិភពលោកនាសតវត្សរ៍ទី២១នេះ ដោយសារតែការរះឡើងដ៏ចែងចាំងរបស់ចិន ធ្វើឲ្យលោកខាងលិចភ័យស្លន់ស្លោ ហើយព្យាយាមចងសម្ព័ន្ឋមិត្តជាមួយបណ្តាប្រទេសនានា ដើម្បីដាក់គំនាបលើមហាមិត្តចិន។

តើរដ្ឋប្រហារនៅប្រទេសភូមា នាថ្ងៃទី១ កុម្ភៈ ដែលបានធ្វើឲ្យពិភពលោកស្រឡាំ​ងកាំងនេះ មានជាប់ទាក់ទងយ៉ាងដូចម្តេច នឹងបញ្ហាភូមិសាស្រ្តនយោបាយ? តើវាជាសង្រ្គា​មចិត្តសាស្រ្តមួយ របស់មហាអំណាចពិភពលោកទាំងពីរ ឬជាការធ្វើតេស្តរបស់មហាមិត្តចិន លើនយោបាយការបរទេសរបស់រដ្ឋបាលលោកJoe Biden?

ចម្លើយ? ជាការធ្វើតេស្ត ឬមិនមែនជាការធ្វើតេស្ត។ បើជាការធ្វើតេស្ត គឺអាចដោយសារ ទី១ ប្រទេសចិនអាចសាកល្បងធ្វើតេស្ត រដ្ឋបាលលោកJoe Bidenថា មានដំណោះស្រាយដូចម្តេចលើបញ្ហានេះ និងលោកJoe Biden មានកម្រិតវិជ្ជាជីវៈប៉ុណ្ណា​ក្នុងការដោះស្រាយបញ្ហាលើវិបត្តិនេះ?។

ទី២ តើសម្ព័ន្ឋមិត្តេរបស់អាមេរិក មានដំណោះស្រាយអ្វីលើបញ្ហាភូមា ក្រៅពីការដាក់ទ័ណ្ឌកម្ម? ទី៣ តើនយោបាយការបរទេស និងភាពចាស់ទុំខាងនយោបាយរបស់Joe Biden ពិតជាមានភាពឆ្លៀវឆ្លាត ឬបានត្រឹមតែទុកឲ្យបញ្ហានេះកាន់តែទុំជោរ ហើយអ្នករងនូវសោកនាដកម្មពិតប្រាកដជាប្រជាជនភូមាទៅវិញ។

មិនមែនជាការធ្វើតេស្ត

        ផ្ទុយទៅវិញវិបត្តិនៅភូមា អាចមិនមែនជាការធ្វើតេស្តរបស់មហាយក្សចិននោះទេ ដោយសារទី១ មហាយក្សចិនហាក់មិនចំណេញអ្វីពីវិបត្តិនេះច្រើនឡើយ ប៉ុន្តែជាការខាតបង់ទៅវិញទេ ដោយសារអាចជាការបាក់មុខមាត់របស់ចិន និងធ្វើឲ្យលំហូរពាណិជ្ជកម្មរវាងចិន និងភូមាជាប់គាំង ទី២ អាចជាបញ្ហាផ្ទៃក្នុងរបស់ភូមាច្រើនជាង ព្រោះវាជាការដណ្តើមអំណាចផ្ទៃក្នុងរវាងមេដឹកនាំយោធាភូមា ដែលមានចេតនាដឹកនាំប្រទេសតាមបែបយោធាឡើងវិញ ជាជាងឲ្យរដ្ឋបាលស៊ីវិលដឹកនាំប្រទេស ដែលកំពុងស៊ីរូងប្រជាប្រិយភាពរបស់យោធាភូមា និងធ្វើឲ្យឥទ្ឋិពលយោធាភូមាកាន់តែថមថយពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រជាជនភូមាខ្លួនឯងជាអ្នកបញ្ចប់វិបត្តិនេះ

        ប្រជាជនភូមា ដែលគោរពលទ្ឋិព្រះពុទ្ឋសាសនាដ៏ជ្រាលជ្រៅនេះ (លទ្ឋិអញនិយម) បានស្រែកដង្ហោយហៅអន្តរជាតិ ឲ្យជួយរកដំណោះស្រាយសម្រាប់ប្រទេសរបស់ខ្លួន ជាជាងរកវិធីសាស្រ្តដោះស្រាយបញ្ហាប្រទេសរបស់ខ្លួនដោយខ្លួនឯង។

ការបន្តបាតុកម្ម កុបកម្ម និងមានការវាយប្រហារគ្នារវាងយោធាការ៉ែន និងពួកយោធាភូមា បានធ្វើឲ្យមនុស្សរាប់រយនាក់បាត់បងជីវិតនេះ មិនមែនជាដំណោះស្រាយនោះទេ ហើយក៏គ្មានប្រទេសណាមួយ ហ៊ានលូកដៃជ្រៅចូលក្នុងប្រទេសរបស់ខ្លួននោះទេ ក្រៅពីការអំពាវនាវ ការថ្កោលទោស និងការដាក់ទ័ណ្ឌកម្ម ហើយសហគមន៍អាស៊ាន ក៏មិនអាចជួយអ្វីបាននោះទេ ព្រោះរដ្ឋធម្មនុញ្ញាអាស៊ាន គឺមិនលូកលាន់ចូលកិច្ចការផ្ទៃក្នងរបស់ប្រទេសណាមួយទេ មានតែការសម្របសម្រួលប៉ុណ្ណោះ។

ការបន្តបាតុកម្ម កុបកម្ម មានតែការបង្ហូរឈាម និងការស្លាប់ប៉ុណ្ណោះ វាមិនបានចំណេញអ្វីដល់ប្រជាជាតិនេះនេះទេ ក្រៅតែពីការរងទុក្ខវេទនា និរាសព្រាត់ប្រាស់សាច់ញាតិ និងសារលោហិតរបស់ខ្លួន។

ការវិលទៅផ្ទះវិញ ហើយចូលបំពេញការងារនៅតាមស្ថាប័នរបស់ខ្លួនធ្វើការ នឹង    ផ្តល់ឲ្យប្រជាជនភូមា នូវដំណោះស្រាយល្អៗជាច្រើន ដូចជា ទី១ អាចធ្វើឲ្យជីវភាពរបស់ខ្លួនវិលមករកភាពប្រសើរឡើងវិញ ទី២ អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនដំណើរការឡើងវិញ ទោះមិនបានល្អប្រសើរតាមខ្លួនចង់បានក្តី ទី៣ អាចចូលរួមបោះឆ្នោតឡើងវិញ ដោយមេដឹកនាំយោធា សន្យាប្រគល់អំណាចឲ្យអ្នកឈ្នះ។

ផ្ទុយទៅវិញប្រសិនជាយោធាមិនព្រមប្រគល់អំណាច ហើយចង់ដឹកនាំប្រទេសឡើងវិញ ក៏ជាការល្អជាជាងទុកស្ថានភាពប្រទេស ក្នុងវិបត្តិកលយុគបែបនេះដែរ ទី៤ មេដឹកនាំភូមា  ដែលជាប់ឆ្នោតក្រោយ អាចនឹងអនុវត្តន៍គោលនយោបាយបើកចំហសេដ្ឋកិច្ច និងនយោបាយឡើងវិញ(ដូចជំនាន់រដ្ឋបាលលោកថេន សេន)។

ហេតុនេះប្រជាជនភូមា ជាកូនសោគន្លឹះ ជាអ្នកបើកជើងមេឃថ្មីសម្រាប់ខ្លួនឯង និងផ្តល់សេរីភាពឲ្យខ្លួនឯង ដើម្បីធ្វើឲ្យព្រះអាទិត្យ នៅប្រទេសរបស់ខ្លួនរះឡើងវវិញ៕

 

 

 

តើអ្នកជំនាញព្យាករណ៍ពីទីផ្សារអចលនទ្រព្យយ៉ាងដូចម្តេចក្រោយរដ្ឋាភិបាលបង្កើនល្បឿននៃការចាក់វ៉ាក់សាំង

ដោយៈរ៉ាណេត

ភ្នំពេញៈ  ជាមួយនឹងយុទ្ធនាការនៃចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកម្ពុជាឱ្យបានចំនួ១លានដូសក្នុងរយៈពេល១ ខែរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យបណ្តាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យបង្ហាញពីការគាំទ្រប្រកបដោយភាពសុទិដ្ឋិនិយម ដោយរំពឹងថាសេដ្ឋកិច្ច និងទីផ្សារអចល​នទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ នៅក្នុងឆមាសទី២ឆ្នាំ២០២១នេះ។

លោកបណ្ឌិតឆេង គឹងឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា ដំណើរនៃការនៃការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងកូវីដ១៩ នៅពេលបច្ចុប្បន្នត្រូវបានអនុវត្តន៍ នៅតាមបណ្តាប្រទេសនានាមួយចំនួនក្នុងដំ​ណាក់កាលដំបូងដែលក្នុងនោះរាប់ទាំងកម្ពុជាផងដែរ។

លោកបណ្ឌិតបន្តថា “ប្រសិនបើដំណើរការនៃការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងត្រូវបានអនុវត្តទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នោះសេដ្ឋកិច្ចពិភពលោក នឹងចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្ដើ”រ។ លោកបន្តថា “ដោយឡែកសម្រាប់តែប្រទេសកម្ពុជា ដែលកំពុងមានការរាតត្បាតនៃជំងឺឆ្លងក្នុងសហគមន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន”។

ប៉ុន្តែប្រសិនបើការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងកាន់តែទូលាយ និងកាត់បន្ថយការចម្លងបានកម្រិតខ្ពស់ នោះវានឹងបង្កើនទំនុកចិត្តដល់វិស័យឯកជន ដែលជាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក្នុងស្រុ។ វាអាចក្រោយពាក់កណ្តាលឆ្នាំ២០២១នេះ ដែលសកម្មភាពវិនិយោគក្នុងស្រុក នឹងចាប់មានសកម្មភាពឡើងវិញជាបណ្តើរៗ ហើយក៏អាចមានអ្នកវិនិយោគក្រៅស្រុកចូលមកផងដែរ ដូចជាប្រទេសចិនជាដើម ព្រោះនៅក្នុងប្រទេ​សចិនក៏មានភាពស្រាកស្រាននៃជំងឺឆ្លងនេះក្រោយការចាក់វ៉ាក់សាំង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជារឿងល្អសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានខិតខំនាំយកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ថែមពីលើការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ ក៏ត្រូវតែបន្តការរក្សាបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដដែលទើបហានីភ័យមួយនេះអាចផុតរលត់ក្នុងពេលដ៏ខ្លី។

លោកបញ្ជាក់ថា “ប្រសិនបើបញ្ហាត្រូវបានកាត់បន្ថយបានល្អប្រសើរ នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះកំណើនទីផ្សារអចលនទ្រព្យកម្ពុជា អាចនឹងចាប់ផ្តើមដំណើរការល្អឡើងវិញនៅត្រឹមចុងឆ្នាំ ឬដើមឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីស្ថានភាពនៃបណ្តាប្រទេសជាដៃគូវិនិយោគជាមួយកម្ពុជា មានភាពល្អប្រសើរឡើងវិញ ហើយកំណើនសេដ្ឋកិច្ចរបស់ពួកគេក៏ចាប់ផ្តើមមានកំណើនឡើងវិញ”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងទីផ្សារនៃវិស័យដទៃទៀតរាប់ទាំងអចលនទ្រព្យផងដែរ អាចនឹងមានភាពល្អប្រសើរឡើងវិញ ឬយ៉ាងណាអាស្រ័យទៅលើ ស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ១៩។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងនេះ ទាំងការដាក់ចេញនូវវិធានការទាំងការដាក់បំរាម ជាពិសេសការនាំយកវ៉ាក់សាំងការពារជំងឺឆ្លងមកចាក់ជូនប្រជាជន គឺក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាជន រកសុខសន្តិភាពជូនប្រទេសជាតិរួមជាមួយនឹងការអភិវឌ្ឍផងដែរ”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្តថា យើងហើយថានៅក្នុងមួយរយៈពេលខ្លីនៃការឆ្លងក្នុងសហគមន៍ គឺទាំងប្រជាជនទូទៅ ទាំងអ្នករកស៊ីគ្រប់វិស័យគ្រប់ទ្រង់ទ្រាយ ជាពិសេ​សរាជរដ្ឋាភិបាលគឺជួបផលលំបាកណាស់ ដូច្នេះដើម្បីជួយប្រទេសមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ប្រជាជនទាំអអស់គ្នាត្រូវតែចូលរួមឱ្យបានសកម្មជាមួយ  រដ្ឋាភិបាល និងអនុវត្តឱ្យបាន៣កុំ ៣ការពារ ជាពិសេសត្រូវទៅទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាកុំខកខាន៕

តើអ្នកមានចំណូលចាប់ពីប៉ុណ្ណាឡើងអាចវិនិយោគលើដីធ្លីបាន?

     ដោយៈ រតនៈ

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអះអាងថា អ្នកមានចំណូលចាប់ពី៣០០ដុល្លារឡើងទៅអាចបង់រំលស់ដីបាន និងអាចទាញចំនូលវិញពីការទិញបង់រំលស់នេះ ដោយមិនចាំបាច់ចំណាយកម្លាំង។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុនPREMIUM Group បានប្រាប់គេហទំព័រPropertyarea.asia នាព្រឹកថ្ងៃទី៣១ មិនានេះថា ចរន្តនៃការទិញពុះដីឡូត៍លក់នៅពេលនេះមានច្រើនកន្លែង ហើយក្នុងតម្លៃមួយសមរម្យ ដែលអាចឲ្យអ្នកដែលមានចំណូលចាប់ពី៣រយដុល្លារសហរដ្ឋអាមេរិក អាចទិញដីឡូត៍បានដោយបង់រំលោះបាន។

លោកបន្តថា “ប្រសិនបើអ្នកមានចំណូឡត្រឹម៣០០ដុល្លារ គឺគាត់អាចបង់១៥០ដុល្លា និងទុក១៥០ដុល្លាផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”។

លើសពីនេះលោកច័ន្ទឌីបានពន្យល់​ថា ដីឡូត៍ដែលអ្នកទិញទាំងនោះ អាចបង្កើនចំណូលផងដែរ ព្រោះថា ប្រសិន​​បើគាត់ទិញដីចំកន្លែងដែលអភិវឌ្ឍន៍លឿន គឺតម្លៃដីក៏ឡើងលឿអនដូចគ្នាផងដែរ ប្រាក់ចំណេញពីការបង់រំលស់នោះក៏ចំនេញច្រើន ដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងចំណាយកម្លាំងទៅរកស៊ីនោះទេ ។

តែទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យរូបនេះអះអាងថា មុននឹងសម្រេចចិត្តបង់រំលស់ដីធ្លីនៅតំបន់ណាមួយនោះ  គឺត្រូវសិក្សាពីឯកសារច្បាប់ឲ្យបានច្បាស់​លាស់សិន ជៀសវាងការទិញដីហើយ មានបញ្ហាទៅថ្ងៃក្រោយ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងប្រាក់កាក់៕

 

រដ្ឋាភិបាលជម្រុញឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតពង្រឹងគុណភាពនិងបង្កើន ល្បឿនបម្រើជូនសាធារណៈ

ល្បឿនបម្រើជូនសាធារណៈ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិ​ទ្ធភាព នៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជា សេវាអ៊ីនធឺណេត រដ្ឋាភិបាលបានតម្រូវឱ្យក្រុមហ៊ុន ក៏ដូចជានិយ័តកត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងបង្កើនគុណភាពរបស់ខ្លួនឱ្យបានប្រសើរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា ទៅដល់បណ្តាក្រុមហ៊ុន ក៏ដូចជា នីយ័តកទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញបាន និងកំពុងខិតខំបញ្ចប់ការរៀប​ចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលមិនគោរពច្បាប់ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកប​ដោយគុណភាព។

ទន្ទឹមនឹងនេះ ក.ប.ទបាននិងកំពុងវាស់ស្ទង់គុណភាព សេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង។ បន្ថែមលើនេះ ក.ប.ទ នឹងតម្រូវឱ្យប្រតិបត្តិករទូរគមនា​គមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដោយក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យទូរគមនាគមន៍របស់ក្រសួង។

ជាមួយគ្នានេះ ប្រតិបត្តិករទូរគមនាគមន៍ត្រូវគោរពច្បាប់ស្តីពី ទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានខ្ជាប់ខ្លួន ត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពផែនការសាងសង់ស្ថានីយអង់តែន ឆ្លើយតបនឹងការប្រើប្រាស់ ចំនួនអ្នកប្រើប្រាស់ និងទីតាំងភូមិសាស្ត្រ ដោយត្រូវផ្តល់ផែនការនេះ មកនិយ័តករទូរគមនាគមន៍កម្ពុជា មុនសាងសង់ស្ថានីយអង់តែន និងបណ្តាញទូរគមនាគមន៍ ស្របតាមមាត្រា១៤ និង១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ រួមជាមួយនឹងការគោរព និងអនុវត្តឱ្យស្របទៅនឹងបទបញ្ញត្តិដែលបានចែង។

ដោយឡែក ក្នុងនាមជាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ត្រូវសហការរាយការណ៍ពីបាតុភាពនានាពាក់ព័ន្ធនឹង គុណភាពសេវា មានជាអាទិ៍ ភាពមិនគ្រប់គ្រាន់នៃវិសាលភាពគ្របដណ្តប់ភាពយឺតនល្បឿនអឺនធឺណិត ឬភាពរអាក់រអួលនៃការហៅចេញ និងការទទួលទូរសព្ទនៅតាមទីតាំងនានា ទៅកាន់ភ្នាក់ងារបម្រើ សេវាអតិថិជនរបស់បណ្តាប្រតិ​បត្តិករទូរគមនាគមន៍ តាមរយៈលេខទូរសព្ទដូចមានក្នុងបញ្ជីជូនភ្ជាប់ជាមួយ។

សម្រាប់ព័ត៌មានបន្ថែម អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ អាចទាក់ទងមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខ១២៧២ នៅរៀងរាល់ម៉ោងធ្វើការដោយឥតគិត  ថ្លៃ។

ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញភាគច្រើន បានរអ៊ូរទាំពីសេវាកម្មរបស់ក្រុមហ៊ុនInternetនៅកម្ពុជា ដែលភាគច្រើនសេវាកម្មរបស់ពួកគេមិនបានគោរពស្តង់ដាវិជ្ជាជីវៈ និងខសេវាអ៊ីនធើណេតមានភាពយឺតយ៉ាវ ដែលពិបាកក្នុងការប្រើប្រាស់លើអាជីវកម្មរបស់ពួកគេ៕

ក្រុមហ៊ុនកូរ៉េបោះទុន២០លានដុល្លារលើរោងចក្រដំឡើងរោងងចក្រផលិត ម៉ូតូកង់បីនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ បន្ទាប់ពីក្រុមហ៊ុន Onion Mobility Co., Ltd បោះទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក បង្កើតរោងចក្រដំឡើងកង់បីអគ្គិសនី នៅក្នុងខេត្ដកណ្ដាល កង់បីអគ្គិសនី ONiON ដែលរចនាបង្កើតឡើងនៅកូរ៉េ បានបង្ហាញរូបរាងជាផ្លូវការហើយនៅក្នុងទីផ្សារកម្ពុជាហើយកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Khmerinkorea កាលពីថ្មីៗនេះ។

ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនីONiON នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួន ជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។

កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

លោក Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយមធ្យោបាយកក់ការធ្វើដំណើរ TADA។

ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។

លោកនាយកប្រតិបត្តិបានបន្តទៀតថា “ការបង្ហាញរូងរាងកង់បីអគ្គិសនីOnion ជាផ្លូវការនៅលើទីផ្សារកម្ពុជា នឹងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់អ្នកបើកបរ បង្កើតការធ្វើដំណើរដោយផាសុកភាព សម្រាប់អ្នកដំណើរ បង្កើតការងារក៏ដូចជាគុណភាពក្នុងការរស់នៅរបស់សហគមន៍ទាំងមូល”។ លោកបន្តថា “ពួកយើងនឹងព្យាយាមក្លាយខ្លួនជាយានជំនិះ ដែលអាចជួយអ្នកទាំងអស់គ្នា កំឡុងពេលនៃការរាតត្បាតសកលនៃមេរោគ Covid19 នេះ”។

កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ចំនុចដែលគួរឱ្យចាប់អារម្មណ៍អំពីកង់បីអគ្គិសនី ONiON ម៉ូតថ្មីក្នុងទីផ្សារកម្ពុជានេះ គឺវាត្រូវបានរចនាឡើង និងបញ្ចេញគំនិតឡើង (Develop) នៅប្រទេសកូរ៉េ។ លើសពីនេះទៀត ដោយប្រើប្រាស់អគ្គិសនី កង់បីនេះអាចធ្វើដំណើរបានដល់១០០ គីឡូម៉ែត្រសម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង ដែលតម្រូវការចំណាយប្រៀបទៅនឹងប្រភេទកង់បីប្រើប្រាស់ហ្គាស LPG គឺចំណេញជាងដល់ទៅ២០%ឯណោះ។

បើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ការចំណាយលើការធ្វើដំណើរដល់១០០គីឡូម៉ែត្រ គឺត្រឹមតែ២ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនផ្តល់ការធានារហូតដល់៨ម៉ឺនគីឡូ​ម៉ែត្រ ឬរយៈពេល៣ឆ្នាំទៀតផង។

កង់បីអគ្គិសនី ONiON នេះជាផលិតផលរបស់ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធមួយជាមួយ នឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់យានជំនិះ ធ្វើដំណើរនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ជាផ្នែកមួយនៃក្រុមហ៊ុន MVLLABS Pte Ltd (MVL) របស់ប្រទេសសិង្ហបុរី៕

អាគារការិយាល័យចំនួន៤ទៀតនឹងដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អាគារការិយាល័យចំនួន៤ទៀត នឹងដាក់ចូលទីផ្សារនៅក្រុងភ្នំពេញនាដំណាច់ឆ្នាំនេះ ដែលធ្វើឲ្យទំហំការិយាល័យរួម នៅក្នុងទីផ្សារកើនជិតដល់៨០ម៉ឺនម៉ែត្រការ៉េ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ជាមួយនឹងការឈានទៅបញ្ចប់ត្រីមាសទី១ឆ្នាំនេះ យើងសង្កេតឃើញថា ទីផ្សារការិយាល័យមានភាពល្អប្រសើរ បើធៀបនឹងចុងត្រីមាសទី៤ឆ្នាំមុន។ ជាមួយនឹងទំហំការិយាល័យសរុបកើនដល់៦០ម៉ឺនម៉ែតត្រការ៉េ គិតត្រឹមដំណាច់ឆ្នាំមុន ទំហំការិយាល័យជិត២០ម៉ឺនម៉ែត្រការ៉េទៀត នឹងដាក់ដំណើរការនៅឆ្នាំនេះ។

លោកស្រីបន្តថា “អាគារការិយាល័យដែលនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ រួមមានអាគារការិយាល័យធនាគារស្ថាបនា អាគារGIA TOWER, Platiron TowerនិងអាគារCEO Kt Pacific”។ លោកស្រីបន្តថា “ទោះជាមានភាពប្រសើរឡើងក្តី ប៉ុន្តែតម្លៃជួលការិយាល័​យរួមនៅក្នុងទីផ្សារបានថយចុះចន្លោះពី៥ទៅ១០ភាគរយ”។

បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានអាគារការិយាល័យសរុបចំនួន៧៨កំពុងដំណើរការនៅលើទីផ្សារជួល ដែលចំនួននេះរួមបញ្ចូលនូវអាគារការិយាល័យកម្រិតA កម្រិតB និងការិ​យាល័យកម្រិតC ប៉ុន្តែក្នុងចំណោមអាគារការិយាល័យទាំងនោះ អាគារការិ​យាល័យកម្រិតBមានចំនួនច្រើនជាងគេ ដោយសារការិយាល័យកម្រិតB មានតម្លៃសមរម្យ និងសមស្របនឹងលក្ខខ័ណ្ឌចំណាយរបស់ក្រុមហ៊ុនថ្មិៗ។

អ្នកជំនាញបាននិយាយថា ការជួលការិយាល័យ នៅតាមអាគារការិយាល័យផ្សេងៗ បានផ្តល់នូវភាពល្អប្រសើរសម្រាប់ក្រុមហ៊ុននិមួយៗ ដោយពួកគេអាចកសាងបណ្តាញជាមួយក្រុមហ៊ុន នៅក្នុងអាគាររួមដើម្បីពង្រីកឬទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ហេតុនេះទើបនិន្នាការជួលការិយាល័យនៅតាមផ្ទះល្វែង និងវីឡាបានថយចុះនៅកម្ពុជា៕

 

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​យក្ស​របស់​ចិន Xiaomi គ្រោង​វិនិយោគ​ជាង ១០ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី

ដោយៈ​សុខុម

សៀង​ហៃ:  ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យក្ស​របស់​ចិន Xiaomi បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី៣០ មីនា​ថា ខ្លួន​បាន​ចូលប្រឡូក​ក្នុង​ឧស្សាហកម្ម ផលិត​រថយន្ត​អគ្គិសនី (EV) ជា​ផ្លូវការ​ហើយ​នៅពេលនេះ ជាមួយនឹង​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CAN ។

ជាដំបូង​ក្រុមហ៊ុន​នេះ នឹង​បោះទុន​វិនិយោគ​ចំនួន១០ពាន់​លាន​យ័ន (១,៥២ ពាន់​លាន​ដុល្លារ​អាមេរិក) នៅក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ ដែល​ខ្លួន​កាន់កាប់​ទាំងស្រុង ជាមួយនឹង​គោលដៅ​វិនិយោគ​សរុប១០ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​រយៈពេល១០ឆ្នាំក្រោយ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា លោក Lei Jun ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xiaomi ក៏​នឹង​កាន់តំណែង​ជានា​យក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នេះ​ផងដែរ។ ចំណាត់ការ​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ការ​ហក់​ចូលប្រឡូក ក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ធ្វើឡើង​ក្រោយ ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្សផ្សេងៗទៀត ទាំង​នៅ​ប្រទេស​ចិន និង​ក្រៅប្រទេស សម្រុកចូល​ប្រឡូក​ក្នុង​ឧស្សាហ​កម្មនេះ​ជា​បន្តបន្ទាប់។

នៅ​ខែមករា ដើមឆ្នាំ២០២១ ក្រុមហ៊ុន​ស្រាវជ្រាវ​ខ្នាត​យក្ស​របស់​ចិន Baidu បានប្រកាសថា ខ្លួន​នឹង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី តាមរយៈ​ភាពជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត ក្នុងស្រុក Geely Automobile Holdings។

នៅ​ខែកុម្ភៈ ដើមឆ្នាំ២០២១ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​ស្មា​ត​ហ្វូ​ន ខ្នាត​យក្ស​របស់​ចិន Huawei Technologies កំពុង​ចរចា ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​គ្រប់គ្រង​ដោយ​រដ្ឋ Changan Automobile និង​ក្រុមហ៊ុនផ្សេងៗទៀត​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី។

យោងតាម​សារព័ត៌មាន​ចុះផ្សាយ​ឱ្យដឹងថា ក្រុមហ៊ុន​យក្ស​របស់​សហរដ្ឋអាមេរិក Apple ក៏​បាននិងកំពុង​រៀប​ចំ​ផែនការ​ចូលប្រឡូក ក្នុង​ទីផ្សារ​ផលិត​រថយន្ត​អគ្គិសនី​ដែរ។

កាលពី​សប្តាហ៍​មុន ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Xiaomi កំពុង​ចរចា​ចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Great Wall Motor Co សម្រាប់​ការជួយជ្រោមជ្រែង នៅក្នុង​ការផលិត​រថ​យន្ត​អគ្គិសនី។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Xiaomi បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ព័ត៌មាន​ចុះផ្សាយ​នេះ ចំណែកឯ​ក្រុមហ៊ុន Great Wall បាន​ប្រាប់ថា ខ្លួន​មិនបាន​ចរចា​ចាប់​ដៃគូ​សហការ​បែបនេះ ជាមួយ​ក្រុមហ៊ុន Xiaomi នោះឡើយ៕

ADB តំបន់​អាស៊ាន​ប្រឈម​កង្វះខាត​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង ១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ  តំបន់​អាស៊ីអាគ្នេយ៍ កំពុង​ប្រឈមមុខ​នឹង​កង្វះខាត ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ស្ថានភាព​នេះ​អាច​នឹង​ពិបាក​ជាង​នេះ ខណៈពេលដែល​មានការ​រីក​រាលដាល​នៃ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។

ជាមួយគ្នានេះដែរ​ADBបានឱ្យដឹងថា មូលនិធិ​ហិរញ្ញវត្ថុ​បៃតង ជា​ចលករ​សម្រាប់​អាស៊ាន (ASEAN Catalytic Green Finance Facility ឬ​ACGF) អាច​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយជ្រោមជ្រែង​មូលនិធិ ដែល​ត្រូវការ​យ៉ាងច្រើន​ពី​មូលធន​ឯកជន ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​បៃតង ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព បរិស្ថាន​កាបូន​កម្រិត​ទាប ភាព​ធន់​នឹង​អាកាសធាតុ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន។

មូលនិធិ ACGF ជា​គំនិត​ផ្តួចផ្តើម​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​អាស៊ីអាគ្នេយ៍​របស់ ADB ។ វា​ជួយ​រដ្ឋាភិបាល​អាស៊ីអាគ្នេយ៍​រៀបចំ និង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា លើកកម្ពស់​និរន្តរភាព​បរិស្ថាន និង​រួមចំណែក​ដល់​គោលដៅ​បំរែបំរួល​អាកាសធាតុ។

មូលនិធិ ACGF ផ្តល់ឱ្យ​បណ្តា​ប្រទេស​អាស៊ាន នូវ​ការទទួលបាន​ប្រាក់កម្ចី​ជាង១,៤ពាន់​លាន​ដុល្លារ រួមជាមួយ​ជំនួយ​បច្ចេកទេស ដែល​ជួយ​ពង្រឹង​បរិយាកាស​បទ​ប្បញ្ញត្តិ និង​បង្កើន​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង។ មូលនិធិ ACGF ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​វិនិយោគ​បៃតង ដែល​បាន​បោះ ផ្សាយ​របស់ខ្លួន រួមបញ្ចូល​គ្នា​រវាង​សូចនាករ​អាកាសធាតុ និង​បរិស្ថាន សូចនាករ​ភាព​ហិរញ្ញវត្ថុ​ហិរញ្ញវត្ថុ និង​ផែនទី​បង្ហាញផ្លូវ សម្រាប់​ទាក់ទាញ​ការវិនិយោគ​មូលធន​ឯកជន៕