លោក​ចូ បៃ​ឌិន កំពុង​ដើរ​តាម​គន្លង​ចិន​ដោយ​ស្នើឱ្យ​ប្រទេស​ស​ម្ព័​ន្ឋ​មិត្ត​បង្កើត​ផែនការស្រដៀង “ខ្សែក្រវាត់១ ផ្លូវ១” របស់​ចិន

ដោយៈ​ឧ​ត្ត​ម

អាមេរិកៈ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យធំៗ គួរតែមាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រដៀង​គ្នា​មួយ ដើម្បី​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់១ ផ្លូវ១” (Belt and Road Initiative) ហៅ​កាត់ BRI របស់​មហា​យក្ស​ចិន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera។

លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​ថា “ខ្ញុំ​បានស្នើ​ឡើង​ថា បណ្ដា​រដ្ឋ​ប្រជាធិបតេយ្យ​របស់​យើង គួរតែ​មានគំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​មួយ ដើម្បី​ជួយ​ដល់​សហគមន៍​នានា​ទូទាំង​ពិភពលោក​ដែល​ត្រូវការ​ជំនួយ” ។

គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​មហា​យក្ស​ចិន គឺ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សកល​មួយ ជាមួយនឹង​ទំហំ​វិនិយោគ​ជាច្រើន​ទ្រី​លាន​ដុល្លារ ដែល​ប្រធានាធិបតី​ស៊ី ជីន​ភីង បានដាក់​ចេញ​ក្នុង​ឆ្នាំ២០១៣ ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុងប្រទេស​ជាង១០០ទូទាំង​ពិភពលោក ចាប់ពី​អាស៊ី​បូព៌ា ដល់​ទ្វីបអឺរ៉ុប។

គម្រោង​ដ៏​ធំ​មហិមា​នេះ នឹង​ជួយ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន កាន់តែ​ធំ ដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង។

ការលើកឡើង​បែបនេះ​របស់លោក ចូ បៃ​ឌិន បានធ្វើ​ឡើង ក្រោយពី​លោក​បានប្រកាស​ជំហរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មីនា ថា លោក​នឹង​រារាំង​ប្រទេស​ចិន មិនឱ្យ​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ដ៏​ឥទ្ធិពល​បំផុត លើ​ពិភពលោក​បានជា​ដាច់ខាត។ លោក​បាន​សន្យាថា នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ធានាថា សហរដ្ឋអាមេរិក នឹង​ទទួល​ជ័យជម្នះ​នៅក្នុង​ការប្រកួតប្រជែង​កាន់តែខ្លាំង រវាង​ប្រទេស​ទាំង២ ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក។

លោក​ចូ បៃ​ឌិន គ្រោង​នឹង​បង្ហាញ​ផែនការ ដែលមាន​ទឹកប្រាក់​ជាច្រើន​ទ្រី​លាន​ដុល្លារ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ។ លោក​បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​ថា នៅក្នុង​ផែនការ​នេះ​នឹង​ធានា​បង្កើន​ការ​និ​យោគ​របស់​សហរដ្ឋអាមេរិក លើ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាថ្មីៗ ដូច​បច្ចេកវិទ្យា Quantum Computing បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ជីវៈ​ជាដើម។

ខណៈ​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន និង​កំពុង​ព្យាយាម​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការវិនិយោគ​លើ​គម្រោង​នានា​នៅក្រៅ​ប្រទេស ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនទាន់មាន​លទ្ធភាព​បញ្ចុះបញ្ចូល​ប្រទេស​នានា​ឱ្យ​ជឿជាក់ថា ខ្លួន​អាច​ផ្តល់​ជម្រើស​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់លាក់​មួយ ដែល​អាច​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន បាន​នៅឡើយ​ទេ។

ជា​លទ្ធផល​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ប្រទេស​ជាង១០០បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហា​យក្ស​ចិន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង​នានា ដូចជា​ផ្លូវដែក កំពង់ផែ ផ្លូវ​ហាយវ៉េ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

យោងតាម Refinitiv ដែលជា​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យទីផ្សារ​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក​ឱ្យដឹងថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២០ គម្រោង​ជាង ២.៦០០ក្នុង​ទំហំ​វិនិយោគ សរុប​រហូតដល់៣.៧ទ្រី​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ត្រូវបាន​ចុះហត្ថលេខា។

ទោះជា​យ៉ាងណា​ប្រទេស​ចិន បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ប្រហែលជា២០% នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ៕

គម្រោង​ផ្សារ​ទំនើប AEON3 នៅ​ផ្លូវ ៦០ម៉ែត្រ បន្ត​ការសាងសង់​យ៉ាងសកម្ម និង​ឈានទៅ​សម្រេច​ដំណាក់​ដំបូង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ​ម្រា​ង​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ AEON3 ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ កំពុងតែបន្ត​ការសាងសង់​យ៉ាងសកម្ម ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបុក​គ្រឹះ និង​ឈានទៅដល់​ដំណាក់កាល​បន្ទាប់​នៃ​ការចាប់​ក្រវាត់​នៃ​សរសរ​គ្រឹះ។

ផ្អែក​តាម​ការ​ឱ្យដឹងពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​គម្រោង​សាងសង់​ផ្សារ​ទំនើប​ជប៉ុន AEON3 ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុន សែន មិនបាន​បង្អាក់ ឬ​ផ្អាក់​ប្រតិបត្តិការ​របស់ខ្លួន​ឡើយ ផ្ទុយទៅវិញ​គម្រោង​មួយ​នេះ​កំពុងតែ​មមាញឹក​ក្នុងការ​បុកគ្រឹះ​សាងសង់​គ្រោង​សំណង់​របស់ខ្លួន ដោយ​គ្មាន​ការរាំងស្ទះ​នោះទេ។

ប្រភព​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ទៀតថា បច្ចុប្បន្ននេះ​បើទោះជា​មាន​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩ ប៉ុន្តែ​ផែនការ​នៃ​គម្រោង​មិន​ប៉ះពាល់​នោះទេ។ ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ទុនបម្រុង​រួចជាស្រេច និង​គ្រប់គ្រាន់​មិន​ពឹងផ្អែក ទៅលើ​ទុន​ខាងក្រៅ​នោះទេ គេ​ដើរ​តាម​ផែនការ​នៃ​ការអភិវឌ្ឍន៍ ដូច្នេះ​បើទោះជា​មាន​បញ្ហា ដែល​កំពុង​កើតមាន​នៅពេលនេះ ក៏​មិន​ជះឥទ្ធិពល​ទៅលើ​គម្រោង​នោះដែរ។

គម្រោង​របស់​ក្រុមហ៊ុន គឺ​ត្រូវ​ប​ណ្ច​ប់​នៅត្រឹម​ឆ្នាំ២០២៣ ដូច្នេះ​ពេលនេះ​បើទោះជា​មាន​បញ្ហា​សេដ្ឋកិច្ច​ផ្ទៃក្នុង ប៉ុន្តែ​មិន​ជះឥទ្ធិពល​ដល់​គម្រោង​នោះទេ ពួកគេ​នៅតែ​បន្ត និង​ជំរុញ​ការសាងសង់ លុះ​នៅពេល​ចប់​វិបត្តិ គម្រោង​ទាំងមូល​ក៏ត្រូវ​បញ្ចប់ ដូច្នេះ​ទីផ្សារ​ដែល​អាច​ទទួលយក​បាន គឺមាន​វិសាលភាព​ធំ​ទូលាយ​ជាង​ពេលបច្ចុប្បន្ន​ជាក់​ជាមិនខាន។

គម្រោង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ AEON3 ត្រូវបាន​ធ្វើឡើង​នៅលើ​ផ្ទៃដី​ទំហំ​ជាង១៧ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្បែរ​ស្ពានថ្ម ជិត​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ទំនើប និង​ប្រណីតភាព​របស់​បុរី​ប៉េង​ហួត ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី នៃ​រាជធានី​ភ្នំពេញ ដោយមាន​ផ្ទៃក្រឡា​សរុប​រហូតដល់​ទៅ១៧៤,០០០ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប AEON 2 ខណ្ឌ​សែន​សុខ (១០០០០០ ម៉ែត្រការ៉េ)។

ជាមួយនឹង​វត្តមាន​របស់​ផ្សារ​ទំនើប AEON3 គេ​ជឿជាក់ថា នឹងមាន​ភាពល្អប្រសើរ​ច្រើនជាង​បញ្ហា​ប្រឈម ដោយសារតែ​ផ្សារ​ទំនើប​AEON បាន​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​កម្រិត​មធ្យម ដែ​អាច​ប្រមូល​ចំណែក​ទីផ្សារ មកពី​តំបន់​ជិតខាង​បន្ថែមទៀត ដែល​ខុសប្លែក​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​មួយចំនួនទៀត ដែល​នឹង​បង្ហាញខ្លួន​ជិតគ្នា​បានជ្រើសរើស​អតិថិជន​កម្រិត​ខ្ពស់ ឬ​កម្រិត​អភិជន៕

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​មាន​ចំណុច​ពិសេស ខណៈ​ការសាងសង់​សម្រេចបាន​ជិត៥០ភាគរយ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​សម្រេចបាន៤៣,៤៦ភាគរយ​ហើយ គិត​ត្រឹម​ថ្ងៃទី២៦ មិនា​កន្លងមកនេះ ខណៈ​ល្បឿន​នៃ​ការសាងសង់​បាននិងកំពុង​ធ្វើ​យ៉ាងសកម្ម។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី៣១ មិនា​កន្លងមក​ថា ល្បឿន​នៃ​ការសាងសង់​ផ្លូវ​នេះ​នឹង​បញ្ចប់​តាម​ផែនការ​នៅក្នុង​កំឡុង​ខែកញ្ញា ឆ្នាំ២០២២ ដោយ​បច្ចុប្បន្ន​ក្នុង​មួយ​សប្តាហ៍​យើង​សម្រេចបាន១គីឡូម៉ែត្រ ហេតុនេះ​យើង​មិន​ចង់​លឿន​ជាង​ផែនការ​ទេ តែបើ​សម្រេចបាន​តាម​ផែនការ​ជាការ​ប្រសើរ​ណាស់។

លោក​បន្តថា “ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​តាម​លក្ខណៈ​បច្ចេកទេស គឺមាន​ភាព​ធន់ និង​មាំ​ក្នុង​កម្រិតស្តង់ដា​អន្តរជាតិ​ឬ​កម្រិត​ល្អ​បំផុត” ។ លោក​បន្ថែមថា “នៅពេល​យើង​មាន​លុយ​ច្រើន យើង​ធ្វើបាន​ល្អប្រសើរ​ហើយ” ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​កម្ពុជា និយាយ​ដោយឡែក ប៉ុន្តែ​និយាយ​ជារួម​វា​ជា​ផ្លូវ​តំណាង​ឲ្យ​មិត្តភាព​រ៉ឹង​មាំ​ដូច​ដែកថែប នៃ​ចំណងមិត្តភាព​កម្ពុ​ជា និង​មហាមិត្ត​ចិន។ ការកសាង​ផ្លូវ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​គំរោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ ផ្លូវ១របស់​មហា​យក្ស​ចិន​ផងដែរ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​តម្លៃ១៩០០លាន​ដុល្លារ​អាមេរិក​នេះ នៅ​ថ្ងៃទី២២ មិនា​ឆ្នាំ២០១៩ ។

ចំណុច​ពិសេស​នៃ​ផ្លូវ​នេះ

លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ផ្លូវ​នេះ​ពិត​ជាមាន​ចំណុច​ពិសេស​មួយចំនួន ខុសពី​ផ្លូវ​ធម្មតា ដូច​ជាទី១ ផ្លូវ​នេះ​មាន​ចំណត​ឈប់សំរាក​ចំនួន៣កន្លែង ទី២ មាន​ស្ពាន​តូច៥កន្លែង និង​ស្ពាន​ធំ​ចំនួន៨០កន្លែង មាន​ប្រវែង​សរុប៦០១៥ម៉ែត្រ ទី៣ មាន​ស្ពាន​អាកាស​ដែលមាន​សណ្ឋាន ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ៦កន្លែង និង​សា​គួរ១កន្លែង ទី៤ ការសាងសង់​ផ្លូវ​នេះ​នឹងធ្វើ​របង​បិទ​ជិត មិន​ឲ្យ​សត្វពាហនៈ ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ឆ្លងកាត់​បាន​នោះទេ។

ទី៥ មាន​មណ្ឌល​ប្រតិបត្តិការ​ថែ​រទាំ យានយន្ត​ចំនួន១កន្លែង  ពិសេស​កន្លែង​បង់លុយ​ពី​រថយន្ត​ឆ្លងកាត់ ទី៦ ផ្លូវ​នេះ​មាន​ចម្ងាយ​ខ្លី ធៀប​ជាមួយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ចម្ងាយ២២៤គីឡូម៉ែត្រ តែ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង១៩០គីឡូម៉ែត្រ​បន្តិច​ប៉ុណ្ណោះ និង​ទី៧ ផ្លូវ​នេះ​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត​បើកបរ ក្នុង​ល្បឿន៩០ទៅ១៦០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង៕

លំនៅឋាន​បែប​ធម្មជាតិ​រចនាបទ​បែប​ខ្មែរ-អឺរ៉ុប​នឹង​លេច​រូបរាង​ក្នុង​ខេត្តសៀមរាបឆាប់ៗនេះ

ដោយ KHB News

ភ្នំពេញ៖ គម្រោង​លំនៅឋាន​លំហែកាយ​បែប​ធម្មជាតិ​ដំបូង​គេ​បង្អស់​នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ខេត្តសៀមរាប​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដែល​វា​នឹងចូលរួម​ចំណែក​លើកស្ទួយ​មុខមាត់​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប ដោយ​សំណង់​រួមបញ្ចូល​រចនាបទ​ស្ថាបត្យកម្ម​បែប​ខ្មែរ​និង​អឺរ៉ុប។

គម្រោង​លំនៅឋាន​លំហែកាយ​បែប​ធម្មជាតិ​នេះ អភិវឌ្ឍ​ដោយ ក្រុមហ៊ុន​វ្យា​ធ​បុ​រៈ​អភិវឌ្ឍន៍ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ឈានមុខ​គេ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានផ្សេងៗទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

គម្រោង​នេះ​នឹង​រួមបញ្ចូល​រចនាបទ​ខ្មែរ និង​អឺរ៉ុប ដោយ​ក្នុងនោះ​រួមមាន៖ វីឡា​ទោល  បឹង​ហ្គា​ឡូ​បែប​អឺរ៉ុប វីឡា​កូនកាត់​បែប​ខ្មែរ វីឡា​ភ្លោះ២ជាន់​បែប​ជប៉ុន និង​ផ្ទះល្វែង​បែប​ទំនើប​បែប​ខុន​ដូ។ នេះ​បើ​យោងតាម លោក សែម សុខ​ខូ​យ អគ្គនាយក​ក្រុមហ៊ុន​វ្យា​ធ​បុ​រៈ​អភិវឌ្ឍន៍។

លោក សុខ​ខូ​យ បាន​ថ្លែងថា គម្រោង​នេះ​គឺ​ផ្តោត​ខ្លាំង​ទៅលើ​ធម្មជាតិ ពីព្រោះ​រាល់​ការ​រចនា​ប្លង់​និង​ម៉ូត​ផ្ទះ​ត្រូវបាន​គិតគូ​យ៉ាង​ហ្មត់ចត់​អំពី​ភាព​បៃតង និង​ខ្យល់​ធម្មជាតិ។ លោក​បន្តថា៖«នៅក្នុង​ផ្ទះ យើង​រក្សាទុក​នូវ​ចន្លោះ​សម្រាប់​ប​ន្សុ​ត​ខ្យល់​ចេញចូល រីឯ​បរិវេន​ខាងក្រៅ​ផ្ទះ​យើង​រក្សាទុក​លំហរ​សម្រាប់​ដាំ​ដើមឈើ» លោក​បន្តថា គ្រប់​សំណង់​គេហដ្ឋាន​ក៏ត្រូវ​បាន​បញ្ចូល​នូវ​គំនិត​ស្ថាបត្យកម្ម​ច្របាច់​បញ្ចូល​គ្នា រវាង​ស្ថាបត្យកម្ម​ខ្មែរ និង​អឺរ៉ុប។

លោក​បន្ថែមថា៖ «និយាយ​ជារួម​គំនិត​បញ្ចូល​ស្ថាបត្យកម្ម​ខ្មែរ និង​អឺរ៉ុប​នេះ គឺជា​គោល​គំនិត​របស់​ក្រុមហ៊ុន ពីព្រោះ​ថាបើ​យើង​វិនិយោគ​លើ​វិស័យ​អចល​ន្រ​ទ្យ​គឺ​យើង​គិត​មុនគេ​លើ​ធម្មជាតិ ហើយ​និង​រចនាបទ​របស់​យើង​ខុសប្លែក​ពី​គេ ដោយសារ​យើង​យក​រចនាបថ​បុរាណ​ប្រែ​ទៅជា​រចនា​មួយ​ដែល​ទាន់សម័យ» ។

លោក​អគ្គនាយក​ក្រុមហ៊ុន បាន​គូសបញ្ជាក់ថា គម្រោង​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដោយសារ​ចំនុច​ពិសេស​នៅក្នុង​គម្រោង​នេះ បានផ្តល់​នូវ​ការរស់នៅ​មួយ​ផ្សាភ្ជាប់​យ៉ាង​ជិតស្និត​រវាង មនុស្ស និង​ធម្មជាតិ  ព្រមជាមួយ​នឹង​ម៉ូត​ផ្ទះ​រចនាបទ​ស្ថាបត្យកម្ម​ខ្មែរ​និង​អឺរ៉ុប។

លោក សុខ​ខូ​យ​ថ្លែងថា៖ «ម៉ូត​បច្ចុប្បន្ន​មានការ​ចាប់អារម្មណ៍​ច្រើន ជាពិសេស​អតិថិជន​ចាប់ពី​កម្រិត​មធ្យម ទៅ​កម្រិត​ខ្ពស់ ពួកគាត់​ចាប់អារម្មណ៍​លើ​ការ​ឌី​ហ្សា​ញ មិន​ថា​អតិថិជន​ក្នុងស្រុក​ទេ ប៉ុន្តែ​អតិថិជន​ក្រៅប្រទេស​ក៏​ចាប់អារម្មណ៍​ដែរ» លោក​បន្តថា អតិថិជន​របស់លោក​ប្រមាណ​ពី៣០ទៅ៤០ភាគរយ​គឺជា​អតិថិជន​ក្រៅ​ស្រុក។

ក្រៅតែពី​គម្រោង​លំនៅឋាន​បែប​ធម្មជាតិ ក្រុមហ៊ុន​វ្យា​ធ​បុ​រៈ​អភិវឌ្ឍន៍​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ក៏មាន​ម​ហិ​ច្ច​តា​ប្រែក្លាយ​គម្រោង​របស់ខ្លួន​ឱ្យទៅជា​ទីក្រុង​ទេសចរណ៍​តាមបែប​ធម្មជាតិ​ធំ​មួយនា​ពេលអនាគត​ផងដែរ។

លោក អគ្គនាយក​ក្រុមហ៊ុន​វ្យា​ធ​បុ​រៈ​អភិវឌ្ឍន៍​បញ្ជាក់ថា៖«ក្រុមហ៊ុន​ចង់​បង្កើត​សហគមន៍​រស់នៅ ដែល​ផ្សាភ្ជាប់​យ៉ាង​ជិតស្និត​ជាមួយ​ធម្មជាតិ រាប់​ចាប់ពី គម្រោង​តូច​មួយ ភូមិ​មួយ ក្រុង​រណប​មួយ​រហូត​ក្លាយទៅជា​ទីក្រុង​ទេសចរណ៍ធម្មជាតិ​ថ្មី​នា​ដែនដី​អង្គរ​យើង​នេះ ដោយ​គម្រោង​ទៀតសោធ នឹង​ដាំ​ដើមឈើ​ដែល​ល្អ មាន​ផ្កា​ល្អ និង​ប្រភេទ​ឈើ​ព្រៃ​ដែលមាន​ក្លិនក្រអូប ពោលគឺ​ប្រភេទ​ឈើ​ចម្រុះ។

លោក គង់ វិ​តាណៈ អភិបាលរង​ខេត្តសៀមរាប ក៏បាន​សរសើរ និង​សាទរ​ខ្ពស់​នូវ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ខេត្តសៀមរាប​ដែល​បាន​រចនា​ម៉ូត​តាមបែប​ខ្មែរ និង​គិតគូរ​ពី​ធម្មជាតិ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា«៖ ខ្ញុំ​គិតថា​វា​ល្អ ហើយ​អាជ្ញាធរ​ក៏​អបអរសាទរ​ចំពោះ​ការវិនិយោគ​ប្រភេទ​បែបនេះ​ដែរ​ទាំង​ផ្នែក​ឯកជន និង​ផ្នែក​រដ្ឋ » ។

លោក​វិ​តាណៈ មានប្រសាសន៍ថា«៖ បច្ចុប្បន្ននេះ​ខេត្ត​មានតែ​គម្រោង​អភិវឌ្ឍន៍​ឯកជន​មួយចំនួន​កំពុងដំណើរការ ដែលជា​គម្រោង​នៅ​សេសសល់​ពី​ឆ្នាំ​កន្លងទៅ តែបើ​ក្នុងឆ្នាំនេះ​វិញ​មិនទាន់មាន​គម្រោង​ណាមួយ​ចូលមក​នៅឡើយ​ទេ គ្រាន់​តែមាន​ផែនការ​តែប៉ុណ្ណោះ»។

 

ដោយឡែក លោកស្រី អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​លើកឡើងថា ក្នុង​រយៈពេល៣ឆ្នាំ​ចុង​ក្រោយនេះ ការវិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​ក្នុង​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​ខ្លាំង​ប្រមាណ​ជាង៨០ភាគរយ ជាពិសេស​ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីដ១៩ ហើយ​ស្ថានភាព​នេះ នឹងត្រូវ​ការ​ពេលវេលា​រហូតដល់​ឆ្នាំ២០២៣។

លោកស្រី សុធី​តា ក៏បាន​បន្តថា នាពេល​បច្ចុប្បន្ននេះ ក្រៅតែពី​ការវិនិយោគ​លើ​វិស័យ​សណ្ឋាគារ ខេត្តសៀមរាប​ក៏មាន​ការវិនិយោគ​លើ​វិស័យ​ផ្សារ​ទំនើប ខុន​ដូ លំនៅឋាន និង​ផ្ទះ​បែប​លំហែរ​កាយ​ផងដែរ។ លោកស្រី​បន្តថា៖«ទីផ្សារ​មួយ​ដែល​រីកចម្រើន មិនអាច​ពឹង​អាស្រ័យទៅលើ​វិស័យ​តែមួយ​នោះទេ គឺ​ត្រូវ​អភិវឌ្ឍន៍​ចម្រុះ»  លោកស្រី សុធី​តា ថ្លែង​ដូច្នេះ​ថា៖ ខ្ញុំ​ឃើញថា​អ្នក​ដែល​គាត់​មាន​ដី និង​អ្នកវិនិយោគ​ភាគច្រើន​ពីមុន​គាត់​វិនិយោគ​លើ​សណ្ឋាគារ បដិសណ្ឋារកិច្ច ក៏ប៉ុន្តែ​ឥឡូវ ពួកគាត់​បាន​ងាក​មក​វិនិយោគ​លើ​វិស័យ ផ្ទៈ​លំនៅឋាន​បែប​លំហែរ​កាយ ក៏ដូចជា​អេកូ​រី​សត​ជាដើម ហើយក៏​ខ្ញុំ​គិតថា​ការវិនិយោគ​គម្រោង​លំនៅឋានា​ន និង​ប្រភេទ​ផ្ទះ​អេកូ​រី​សត​នេះ នឹង​អាច​រីកចម្រើន​នៅក្នុង​រយៈពេល៣ ទៅ៥ឆ្នាំ​ខាងមុខ​ទៀត»៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន វ្យា​ធ​បុ​រៈ​តាមរយៈ​លីង​ខាងក្រោម៖

https://www.facebook.com/vyeartakborak/

រាជរដ្ឋាភិបាលនឹងដាក់គេហទំព័រជំនាន់ថ្មីនៃសេវាការងារសាធារណៈនៅសប្ដាហ៍ក្រោយ

ដោយ៖រតនៈ

ភ្នំពេញ ៖ គេហទំព័រជំនាន់ថ្មីនៃសេវាការងារសាធារណៈរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលមានអាស័យដ្ឋាន www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្ដាហ៍ក្រោយនេះដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានការងារ ក៏ដូចជាទីផ្សារការងារផងដែរ។

គេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចុះផ្សាយនៅថ្ងៃទី៣១ ខែមីនានេះឲ្យដឹងថា គេហទំព័រដែលរួមគ្នាអភិវឌ្ឍក្រោមជំនួយបច្ចេកទេសរបស់សាធារណៈរដ្ឋកូរ៉េ នឹងផ្តល់សេវាជូនតាមប្រព័ន្ធអ៊ីនធើណេត នៅត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១សប្ដាហ៍ក្រោយនេះ ដែលកាន់តែងាយស្រួលកាន់តែឆាប់រហ័ស និងកាន់តែចំណេញពេលក្នុងការស្វែងរកការងារធ្វើ ជ្រើសរើសកម្លាំងពលកម្ម ទទួលព័ត៌មានអំពីការអប់រំបណ្ដុះបណ្ដាលដែលទីផ្សារកំពុងត្រូវការប្រឹក្សាយោបល់អំពីអាជីព និងការងារ និងសំំភាសន៍ការងារអនឡាញជាដើម។

គេហទំព័រ www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាមជ្ឈមណ្ឌលការងារថ្មីនេះមួយ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យបានកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយដល់ប្រជាពលរដ្ឋឱ្យទទួលបានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលកាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ការគាំទ្រនិងការទទួលបានការជួយផ្គូរផ្គងអ្នកស្វែងរកការងារតាមតម្រូវការ ក៏ដូចជាការរីកចម្រើនផ្នែកអាជីវកម្ម និងធុរកិច្ចគ្រប់វិស័យ។ លើសពីនេះ តាមរយៈមជ្ឈមណ្ឌលការងារនេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ក៏អាចធ្វើការផ្សព្វផ្សាយរាល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងទូលំទូលាយ។
បច្ចុប្បន្ន www.nea.gov.kh នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំប្រឹងប្រែងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈបង្កើតមជ្ឈមណ្ឌលការងារ បានកើនឡើងដល់ចំនួន១៣កន្លែងនៅទូទាំងប្រទេស និងមជ្ឈមណ្ឌលការងារចល័តចំនួន១កំពុងរង់ចាំផ្តល់ និងនាំយកសេវាការងារទៅដល់គ្រប់ច្រកល្ហកយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ៕

អ្នកឧកញ៉ាលី ហួរបង្ហើបពីការចាប់យកឳកាសក្នុងការវិនិយោគល្អៗដែល អ្នកជំនួញត្រូវគិត

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាប្រធានអគ្គនាយកក្រុមហ៊ុន​លី ហួរគ្រុប អ្នកឧកញ៉ាលី ហួរបានចែករំលែកចំណេះដឹងល្អៗ ដល់អ្នកជំនួញ ក្នុងការចាប់យកឳកាសវិនិយោគ ឬធ្វើជំនួញអ្វីមួយ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ មិនានេះថា បើមានលុយឬធនធានក្នុងដៃនាពេលនេះ វាជាឳកាសល្អ ដែលគួរវិនិយោគក្នុងកំឡុងពេលនេះ ប៉ុន្តែបើវិនិយោគបែបប្រថុយប្រថានមិនត្រូវធ្វើនោះទេ ព្រោះការប្រថុយប្រថាន វាប្រឈមនឹងបញ្ហាហេង ស៊យច្រើន។

អ្នកឧកញ៉ាបានបន្តថា “ធ្វើអ្វីមួយគិតហើយសឹមគូ គឺដូចស្ថានភាពប្រទេសរបស់យើង និងពិភពលោក បើស្ថានភាពវិវត្តន៍មករកភាពប្រសើរ យើងដើរបានមុនគេ យើងអាចជោគជ័យធំ”។អ្នកឧកញ៉ាបានបន្តថា “ធ្វើអ្វីមួយ យើងកុំរត់តាមគេ បើរត់តាមគេធ្វើម៉េចយើងអាចជោគជ័យទៅកើត”។

អ្នកឧកញ៉ាលី ហួរបានបន្ថែមថា បើយើងសិក្សាបានច្បាស់លាស់ហើយ ឳកា​សមកដល់ យើងចេញដំណើរបានយើងជោគជ័យហើយ ប៉ុន្តែត្រូវចាំធ្វើអ្វីមួយ ក៏ត្រូវរៀបចំផែនការដែរ ប៉ុន្តែបើយើងគ្មានផែនការទោះជាឳកាសមកដល់ ក៏យើងមិនទទួល​បានជោគជ័យដែរ។

អ្នកឧកញ៉ាបានបន្តថា នៅក្នុងវិស័យអចលនទ្រព្យក្តី ទេសចរណ៍ក្តី សុទ្ឋតែប្រឈមបញ្ហាជាច្រើន ហេតុនេះអ្នកវិនិយោគត្រូវគិតឲ្យច្បាស់លាស់ឲ្យហើយ មុនយើងគូរ ព្រោះបើគូរលុប គូរលុប យើងមិនមានឳកាសជោគជ័យទេ”៕

បណ្តាក្រុមអាជីវករនៅតាមបណ្តាផ្សារទំនើបកំពុងប្រឈមនឹងការខាតបង់ច្រើន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារលក់រាយនៅតាមបណ្តាទំនើបនៅកម្ពុជា ដែលកំពុងទទួលរងនូវ ផលប៉ះពាល់ពីវិបត្តិកូវីដ១៩ នៅពេលបច្ចុប្បន្នបានជះឥទ្ធិពលបន្ត ទៅដល់បណ្តាអាជីករដែលជួលទីតាំងលក់រាយ រហូតមានអ្នកខ្លះបានសម្រេចចិត្តបិទទ្វារ ផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារមិនអាចទប់ទល់នឹងការខាតបង់ជាប់ជាប្រចាំបាន។

អ្នកនា កែវ រស្មី ដែលជាម្ចាស់ក្រុមហ៊ុននាំចូលសម្លៀកបំពាក់ម៉ាក់ល្បីផ្តាច់មុខមកពីប្រទេសសិង្ហបុរី និងកំពុងជួលស្តង់ទីតាំងលក់រាយនៅផ្សារទំនើបចំនួន៤ ក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា បញ្ហានៃវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់ដល់បណ្តាអាជីវកម្មលក់ដូរ ស្ទើរគ្រប់ប្រភេទនៅក្នុងផ្សរទំនើប ដោយសារតែមនុស្សភាគច្រើនបាត់បង់ចំណូល និងមិនសូវចេញដើរច្រើនដូចពេលមុន។

អ្នកនាងបានបន្តថា “វិបត្តិកូវីដ១៩កាលពីឆ្នាំ២០២០ ហាក់មានភាពធូរស្រាលជាងនេះដែលយ៉ាងហោចណាស់ ក៏អាចលក់បានដើមទុនខ្លះគ្រាន់បង្វិល និងចំណាយថ្លៃជួលបុគ្គលិក”។អ្នកនាងបន្តថា “ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២១ ជាពិសេសនៅត្រឹមពាក់ក ណ្តាលខែកុម្ភៈ ការលក់បានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យតែម្ដង”។

អ្នកនាងបន្តថា “ខ្ញុំមានស្ដង់លក់នៅក្នុងផ្សារទំនើបចំនួន៤ មាននៅក្នុងផ្សារទំនើប AEON1 ផ្សារAEON2 ផ្សារ OLYMPIA និងផ្សារ PANCIAL ប៉ុន្តែបើបូកចំណូលពីការលក់ទាំង៤ ទីតាំងបញ្ចូលគ្នាស្ទើរមិនស្មើចំណូល១ ទីតាំងកាលពីមិនទាន់ផ្ទុះកូវីដនោះផង”។

អ្នកនាង រស្មី បានបញ្ជាក់ ពេលនេះមានផ្សារខ្លះ គាត់បានផ្អាកមិនយកថ្លៃជួលស្តង់នោះទេ ហើយផ្សារខ្លះគាត់បញ្ចុះតម្លៃជួល៣០ភាគរយ ប៉ុន្តែទោះជាយកថ្លៃជួលស្ដង់ក៏នៅតែខាងបង់ជាប់ជាប្រចាំដែរ ព្រោះយ៉ាងហោចណាស់ ក៏ត្រូវចំណាយទៅលើថ្លៃប្រាក់ខែបុគ្គលិកដែលប្រចាំការលក់នៅស្ដង់ ការចំណាយទៅលើថ្លៃភ្លើង និងការចំណាយទៅលើថ្លៃអនាម័យជាដើម ហើយសម្លៀកបំពាក់ទៀតសោតក៏ហួសសម័យកាល ដែលជាទូទៅទីផ្សារលក់ត្រូវផ្លាស់ប្ដូរយ៉ាងយូរ៣ខែម្ដង ដូច្នេះវាជាការខាតបង់ផ្ទួនៗលើគ្នាតែម្ដង។

ពាក់ព័ន្ធទៅនឹងស្ថានការណ៍ដែលកំពុងប្រឈម និងការផ្គត់ផ្គង់ផ្សារទំនើបនៅពេ​លបច្ចុប្បន្ននេះ អ្នកជំនាញបានអះអាងថា ផ្សារទំនើបនៅពេលនេះកំពុងតែជួបនឹងភាពលើស ហើយតម្រូវការជាក់ស្ដែងមានឱនភាព។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍បង្ហាញពីក្ដីបារម្ភថា ប្រសិនបើស្ថានភាពនៅតែបន្តដូចពេលបច្ចុ​ប្បន្ន ហើយបន្ថែមថ្មីនូវចំណែកទីតាំងលក់រាយ រហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ នាដំណាច់ឆ្នាំ២០២១ នោះការផ្គត់ផ្គង់នៅក្នុងវិស័យមួយនេះនឹងលើសតម្រូវការ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះការដាក់បញ្ចូលទីតាំងលក់រាយ នៅក្នុងផ្សារទំនើបនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រភេទផ្សារទំនើបបែបសហគមន៍ នៅតាមតំបន់ទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងអគារពាណិជ្ជកម្មផងដែរ”។ លោកស្រីបន្តថា “កំណើននៃការដាក់បញ្ចូលថ្មីបន្ថែមទាំងនេះកំពុងតែប្រឈមទៅនឹងវិបត្តិ នៃការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈដែលបច្ចុប្បន្នអតិថិជនមួយចំនួន ដែលនិយមទិញសម្ភារៈប្រើប្រាស់ ឬចំណីអាហារនៅតាមបណ្តាផ្សារទំនើបបានផ្លាស់ប្ដូរបែបបទ និងទម្លាប់របស់ខ្លួនដោយការទិញតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់លំនៅដ្ឋានវិញម្ដងនៅក្នុងដំណាក់កាលនេះ”៕

អ្នកជំនាញកូរ៉េនិងកម្ពុជាកំពុងធ្វើការរួមគ្នាលើគំរោងសាងសង់ស្ពាននៅតំបន់ ជ្រោយចង្វារ ស្វាយជ្រុំ

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមអ្នកជំនាញការកូរ៉េបានមកដល់កម្ពុជាហើយ និងកំពុងធ្វើការរួមគ្នាជាមួយភាគីកម្ពុជា លើគំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣១ មិនានេះថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កំពុងធ្វើការរួមគ្នាលើបញ្ហានេះ ប៉ុន្តែការវិវត្តន៍ដល់កម្រិតណា និងមានភាពអំលិតកម្រិតណា លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះព៌តមានលំអិតពីគម្រោងនេះ នឹងដឹងនៅពេលធ្វើសិក្ខាសាលាអន្តរក្រសួង នាពេលខាងមុខ។

លោកបន្តថា “រហូតមកទល់ពេលនេះ ដំណើរការងារបច្ចេកទេសឈានដល់កម្រិតណា លោកមិនទាន់ដឹងនៅឡើយទេ ហើយការសាងសង់ស្ថិតនៅតំបន់ណា ក៏មិនទាន់មានការបញ្ជាក់នោះទេ”។ លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយ លើការចាប់ផ្តើមសាងសង់ស្ពាននេះនៅឡើយទេ”។

ប្រធានាធិបតីកូរ៉េលោកម៉ូន ជេអ៊ីនធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងឆ្នាំមុនកំឡុងពេលលោកចូលរួមកិច្ចប្រជុំ នៅប្រទេសវៀតណាមកាលពីចុងឆ្នាំមុនថា រដ្ឋាភិ​បាលកូរ៉េជួយនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនៅទីក្រុងភ្នំពេញនាពេលខាងមុខនេះ ដែលវាជាជំនួយសម្រាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងកំឡុងបំពេញទស្សនកិច្ចលើកចុងក្រោយនៅប្រទេសកូរ៉េបានស្នើសុំភាគីកូរ៉េជួយសាងសង់ស្ពានមួយ សម្រាប់ជាចំណងដៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈជប៉ុន និងមហាមិត្តចិនបានជួយសាងសង់ស្ពានសម្រាប់ចំណងមិត្តភាពជាមួយកម្ពុជារួចហើយ៕

ខេត្តកោះកុងនឹងមានកំពង់ផែថ្មីមួយទៀតបម្រើឱ្យការដឹកជញ្ចូននិងវិស័យ ទេសចរណ៍នាឆ្នាំ២០២២

ដោយៈ ប៊ី

កោះកុងៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានលើកឡើងថា ប្រជាពលរដ្ឋ និងពាណិជ្ជករនឹងទទួលបានប្រយោជន៍ជាច្រើន ពីគម្រោងសាងសង់កំពង់ផែសមុទ្រថ្មី មួយទៀតនៅក្រុងខេមរភូមិន្ទ ខណៈកំពង់ផែទល់មុខសាខាពន្ធដារខេត្តមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

លោកអន ដាវុធប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុងបានថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់កំពង់ផែថ្មីមួយនេះ ប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

គម្រោងអភិវឌ្ឍន៍ស្ថាបនា ផែសមុទ្រថ្មីស្រឡាងនេះដែរ គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំធ្វើយ៉ាងណាឱ្យបញ្ចប់ នៅឆ្នាំ២០២២ខាង​មុខ។

លោកប្រធានមន្ទីរសាធារណការខេត្តកោះកុង បានអះអាងថា មែនទែនទៅបើកុំតែបញ្ហារីករាលដាលជំងឺកូវីដ១៩ ម្ល៉េះគម្រោងកំពង់ផែថ្មីចាប់អនុវត្តទៅដោយរលូនហើយ។ កំពង់ផែខ្នាតមធ្យមថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ពោលគឺប្រើប្រាស់បានជាលក្ខណៈពហុវិស័យ ជំនួសឱ្យផែថ្មីចាស់រក្សាទុកនៅកន្លែងដដែល គ្រាមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។

កោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខេត្តកោះកុងមានក្រុងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងខេត្តកោះកុង មានក្រុងចំនួនេត្តកោះកុងមានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន២៦ និងដែលបានបែងចែកជា១១៩ភូមិ និងមានផ្ទៃដីសរុប និងមានផ្ទៃដីសរុបCag១០,០៤៥ គីឡូម៉ែត្រ ជាមួយនឹងធនធានធម្មជាតិ ធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប ខេត្តកោះកុងមានឆ្នេរសមុទ្រសរុបប្រវែង២១៥គីឡូម៉ែត្រ ស្មើនឹងជាង៥០ភាគរយនៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល៕

តៃវ៉ានអះអាងថា សង្គ្រាមពាណិជ្ជកម្មកំពុងរុញច្រានចិនលួចយកបច្ចេកវិទ្យារបស់ខ្លួន

ដោយៈ ប៊ី

តៃប៉ិៈ មេដឹកនាំកោះតៃវ៉ាន់ បានអះអាងនៅថ្ងៃពុធនេះថា សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក កំពុងជំរុញឱ្យទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលួចយកបច្ចេកវិទ្យា និងទេពកោសល្យពីកោះតៃវ៉ាន់ ដើម្បីជំរុញការផលិតផលិតផលឧស្សាហកម្មអេឡិចត្រូនិក ពាក់កណ្តាលសម្រេចរបស់ខ្លួនឱ្យបានគ្រប់គ្រាន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធ លើឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងអំឡុងពេលមានជម្លោះពាណិជ្ជកម្មដ៏ជូរចត់ ដោយដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននានា រួមទាំងឧបករណ៍បច្ចេកវិទ្យាទូរគមនាគមន៍យក្សHuawei Technologies ដោយនិយាយថា ក្រុមហ៊ុនទាំងនេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលបង្កើតឡើងដោយទីក្រុងប៉េកាំង។

កោះតៃវ៉ាន់ គឺជាកន្លែងផលិតឧស្សាហកម្មបន្ទះឈីប ដែលរីកចម្រើន និងឈានមុខគេលើពិភពលោក ហើយរដ្ឋាភិបាលមានការព្រួយបារម្ភជាយូរមកហើយ អំពីការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការចម្លងភាពជោគជ័យនេះ តាមរយៈមធ្យោបាយផ្សេង​ៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាស្តីពី វិធីឆ្លើយតបទៅនឹង“ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌ក្រហម” ដែលយោងទៅលើពណ៌របស់គណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន រដ្ឋមន្រ្តីសេដ្ឋកិច្ចតៃវ៉ាន់លោកស្រី Wang Mei-hua បាននិយាយថា សង្គ្រាមពាណិជ្ជកម្មបានបង្កើតហានិភ័យថ្មី។

លោកស្រីបាននិយាយថា “ជាមួយការរងផលប៉ះពាល់ ដោយសង្គ្រាមបច្ចេកវិទ្យាអាមេរិក-ចិន ការអភិវឌ្ឍឧស្សាហកម្ម អេឡិចត្រូនិកចិនដីគោកត្រូវបានរាំងស្ទះ ប៉ុន្តែពួកគេនៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍឧស្សាហកម្មនេះ”។

លោកស្រីបានបន្ថែមថា “ដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ ដោយខ្លួនឯងនៅក្នុងបណ្តាញផ្គត់ផ្គង់ ការប្រមាញ់ និងការជ្រៀតចូលគឺជាមធ្យោបាយលឿនបំផុតសម្រាប់ចិនដីគោកដើម្បីធ្វើរឿងនេះ”។

លោកស្រីបានបន្ថែមថា “អ្នកធ្វើការលើបន្ទះឈីបរបស់តៃវ៉ាន់មានបទពិសោធន៍ស៊ីជម្រៅ និងនិយាយភាសាដូចគ្នា ដែលមានន័យថា ពួកគេជាគោលដៅសម្រាប់ប្រមាញ់ របស់ចិន”។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Hu Mu-yuan អនុប្រធានការិយាល័យសន្តិសុខជាតិ កោះតៃវ៉ាន់បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ចិន គឺជាការគំរាមកំហែងមិនត្រឹមតែកោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលកំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម និងការប្រកួតប្រជែងជាសកល។

លោកបានបន្ថែមថា “ពួកកុម្មុយនិស្តចិន កំពុងតែលួចកម្មសិទ្ធិបញ្ញារបស់ប្រទេសដទៃទៀត ដើម្បីបង្កើនអំណាចរបស់ពួកគេ”។

កោះតៃវ៉ាន់មានច្បាប់តឹងរឹងក្នុងការព្យាយាម និងបង្ការកុំឲ្យរឿងនេះកើតឡើង ប៉ុន្តែក្រុមមន្រ្តីបានព្រមានថា ចិនព្យាយាមបង្កើតក្រុមហ៊ុនជួរមុខនៅលើកោះនេះ ដោយប្រើក្បាលម៉ាស៊ីនតៃវ៉ាន់ និងវិធីសាស្ត្រផ្សេងទៀត។

លោក Hu បានមានប្រសាសន៍ថា “ការការពារបច្ចេកវិទ្យា និងបុគ្គលិកបច្ចេកវិទ្យាខ្ពស់របស់តៃវ៉ាន់ ពីការជ្រៀតចូលដោយខ្សែសង្វាក់ផ្គត់ផ្គង់ក្រហម បានក្លាយជាភារកិច្ចដ៏សំខាន់មួយ ដើម្បីការពារភាពប្រកួតប្រជែង ក្នុងឧស្សាហកម្មរបស់យើង និងធានាបាននូវសន្តិសុខសេដ្ឋកិច្ចរបស់យើង”៕