តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីបន្តហក់ឡើង បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះ បង្ហាញសញ្ញារើបឡើងវិញ

ដោយៈ ប៊ី

សិង្ហបុរីៈ យោងតាមការប៉ាន់ស្មានជាផ្លូវការ ដែលចេញផ្សាយដោយអាជ្ញាធរអភិ​វ   ឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែមេសាបានបង្ហាញថា តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរី បានកើនឡើង២,៩ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ បន្ទាប់សេដ្ឋកិច្ចប្រទេសមួយនេះបង្ហាញសញ្ញាងើបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងទៀតថា តម្លៃលំនៅដ្ឋានបានកើនឡើង២,១ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំមុន ខណៈតម្លៃលំនៅដ្ឋានឯកជន សម្រាប់រយៈពេលពេញមួយឆ្នាំមុន មានកំណើន២,២ភាគរយ ដោយសារវិបត្តិកូវីដ១៩។

សន្ទស្សន៍លំនៅដ្ឋានឯកជន នៅត្រីមាសទី១ឆ្នាំនេះ បានកើនឡើងដល់១៦១,៦ពិន្ទុកើនឡើង ពី៤,៦ពិន្ទុ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

លោក Lee Sze Teck នាយកស្រាវជ្រាវប្រចាំក្រុមហ៊ុនHuttons Asia បានមានប្រសាសន៍ថា “កំណើននេះកើតឡើង ដោយសារការផ្គត់ផ្គង់មានកម្រិតនៅលើទីផ្សារ”។

លោកបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ថ្មីមួយចំនួនដូចជា Normanton Park និង The Reef នៅតំបន់King’s Dock បានឃើញលទ្ធផលនៃការលក់ល្អ នៅថ្ងៃចាប់ផ្តើមលក់ដំបូងរបស់ពួកគេ ហើយប្រតិបត្តិការលក់បន្តក៏កើនឡើងផងដែរ នៅក្នុងខែមករា និងកុម្ភៈ។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៃក្រុមហ៊ុន OrangeTee & Tieបានថ្លែងថា ការកើនឡើងនៃតម្លៃលំនៅដ្ឋានឯកជន នៅសិង្ហបុរីគឺស្របពេលសេដ្ឋកិច្ចនៅទូទាំងពិភពលោក បានចាប់ផ្តើមមានកំណើនឡើងវិញ។

លោកស្រីបាននិយាយថា“តម្រូវការដែលត្រូវបានជំរុញ ដោយកញ្ចប់សង្រ្គោះសេដ្ឋ​កិច្ចដ៏ធំរបស់អាមេរិក និងអត្រាប្រាក់ទាប បានធ្វើឱ្យតម្លៃផ្ទះនៅទូទាំងពិភពលោកកើនឡើង”។

លោកស្រីបានបន្ថែមថា អត្រាការប្រាក់ទាបអាចជួយកាត់បន្ថយ ផលប៉ះពាល់នៃការឡើងថ្លៃលំនៅដ្ឋាន ខណៈពេលដែលការស្ទុះងើបខ្លាំង នៃសេដ្ឋកិច្ចសិង្ហបុរីនឹងជួយជំរុញ និងលើកទឹកចិត្តដល់អ្នកទិញ”៕

អ្នកអភិវឌ្ឍន៍ៈក្រុងពោធិ៍សាត់តូច តែមានសក្ដានុពលអចលនទ្រព្យមិនចាញ់ខេត្តធំៗ

ដោយ៖ រតនៈ

ពោធិសាត់ៈ អ្នកវិនិយោគផ្នែកអចលនទ្រព្យអះអាងថា ខេត្តពោធិ៍សាត់ មានទំហំតូចមែន ប៉ុន្តែខេត្តមួយនេះមានសក្ដានុពលមិនចាញ់ខេត្តធំៗផ្សេង នៃក្នុងប្រទេសលើវិស័យអចលនទ្រព្យ បើទោះជាស្ថិតក្នុងស្ថានភាព រីករាលដាលជំងឺកូវីតក្ដី ។

អគ្គនាយកក្រុមហ៊ុនភូ ពុយ អ៊ិនវេសមិន ខូអិលធីឌី គឺលោកឧកញ៉ាភូ ពុយ បានប្រាប់គេហទំព័រPropertyarea នាព្រឹកថ្ងៃទី១ មេសានេះថា  វិស័យអចលនទ្រព្យនៅខេត្តពោធិ៍សាត់ បាននិងកំពុងរីកលូតលាស់ ខណៈខេត្តមួយនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ ។លោកបន្តថា សម្រាប់វិស័យសំណង់បុរី និងផ្ទះល្វែងគឺឃើញមានលូតលាស់ នៅក្នុងក្រុងពោធិ៍សាត់ ដោយមានការសង់សង់ជាបន្តបន្ទាប់ ហើយក៏មានអតិថិជន ត្រូវការច្រើនព្រោះថានៅពេលដែលប្រជាពលរដ្ឋ នៅក្នុងខេត្តមានគូស្រករ​ ឬគ្រួសារគឺគាត់ត្រូវការលំនៅឋានផ្ទាល់ខ្លួន​ បែកចេញពីឪពុក ម្ដាយ ។

លោកឧកញ៉ាបានបន្តថា “ការទិញ​ លក់ អចលនទ្រព្យដើម្បីចំនេញ នៅក្នុងខេត្តភាគខាងលិចមួយនេះ ​ហាក់ថយចុះខ្លះប៉ុន្តែការទិញសម្រាប់ស្នាក់នៅតែម្ដង គឹមិនប៉ះពាល់អ្វីទេ”។ លោកបន្តថា “បើទោះជាស្ថិតក្នុងគ្រា ដែលជំងឹកូវីតកំពុងវាយប្រហារ ហើយប៉ះពាល់ដល់ចំនួនប្រជាពលរដ្ឋក្តី”។

សម្រាប់ការ ទិញ លក់ដីធ្លីវិញ លោក​ភូ ពុយ មើលឃើញថា ​មានការរីកចម្រើនខ្លាំងនៅក្នុងស្រុកចំនួន២គឺស្រុកវាលវែង ដោយសារស្រុកដែលនៅជាប់ព្រំប្រទល់ជាមួយប្រ​ទេ​សថៃមួយនេះ មានសក្ដានុពលលើការដាំដុះដំណាំ និងទេសចរណ៍​ ឯស្រុកមួយទៀត គឺស្រុកក្រគរ ព្រោះនៅទីនោះ​មានរោងចក្រ សហគ្រាសជាច្រើនបានកើនឡើងជាបន្តប   ន្ទាប់។ ដោយឡែកស្រុកដទៃទៀត ក៏នឹងមានសក្ដានុពលផងដែរ អាស្រ័យតាមតំបន់ដែលកំពុងអភិ​វឌ្ឍន៍។

ខេត្តពោធិ៍សាត់​មានផ្ទៃដីទំហំ១២៦៩២ គីឡូម៉ែត្រការ៉េ បែងចែកជា៦ស្រុក និងក្រុង១ មានក្រុងពោធិ៍សាត់ ស្រុកក្រគរ ស្រុកកណ្តៀង  ស្រុកបាកាន ស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ  និងស្រុកវាលវែង។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តពោធិសាត់ ក៏ដូចជាបណ្តាខេត្តភាគពាយ័ព្យប្រទេសដទៃទៀត មានសក្តានុពលលើវិស័យអចលនទ្រព្យ ហេតុនេះទើបCentury21 បានពង្រីកមូលដ្ឋានទៅកាន់បណ្តាខេត្តទាំងនេះ ដើម្បីផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត និងជួយពង្រឹងទីផ្សារឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។

លោកស្រីបន្តថា “ខេត្តពោធិសាត់មានសក្តានុពលនៅមានកម្រិត ប៉ុន្តែខេត្តនេះនឹងមានភាពរីកចម្រើននាពេលខាងមុខ ជាមួយនឹងទំនុកទីផ្សារកាន់តែមានភាពប្រសើរឡើង”៕

 

 

តើអ្នកចេញចូលក្រុងព្រះសីហនុត្រូវបំពេញកាតព្វកិច្ចដូចម្តេច?

ដោយគង់ សូរិយា

        ព្រះសីហនុៈ ជាមួយនឹងការបិទ ឬរឹតបន្តឹងការចេញចូលក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តបានអនុវត្តន៍នូវវិធានការណ៍មួយចំនួន ទាក់ទងនឹងការចេញចូលរបស់ប្រជាពលរដ្ឋ។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការរចេញចូលរបស់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ គឺតម្រូវតែលើភាពចាំបាច់ ដូចជាការព្យាបាលជំងឺ ប៉ុន្តែបើមិនមានភាពចាំបាច់ យើងមិនចង់ឲ្យគាត់ចេញចូលននោះទេ ប៉ុន្តែលើកលែងតែគាត់ត្រូវចេញពិនិត្យជម្ងឺ ទើបយើងឲ្យគាត់ចេញបាន។

លោកបន្តថា “បើគាត់ទៅពិនិត្យជម្ងឺ ឬចូលមកកាន់ខេត្តវិញ គាត់ត្រួវបង្ហាញវេជ្ជបញ្ជាពេទ្យទៅសមត្ថកិច្ចគោលដៅ”។ លោកបន្តថា “បើប្រជាពលរដ្ឋចង់ចាកចេញ ត្រូវដាក់លិខិតមករដ្ឋបាលខេត្ត ហើយឯកឧត្តមអភិបាលខេត្តលោកនឹងពិនិត្យ បើមានការចាំបាច់ទើបលោកអនុញ្ញាត្ត ប៉ុន្តែបើមិនចាំបាច់ទេ រដ្ឋបាលខេត្តមិនអនុញ្ញាត្តនោះទេ”។

លោកឃាង ភារម្យបានបន្តថា មានករណីអ្នកជិះម៉ូតូ២នាក់ចេញពីខេត្ត ដោយជិះផ្លូវវាង ដើម្បីគេចពីសមត្ថកិច្ច ប៉ុន្តែពេលមកដល់រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកបន្តថា “នេះជាវិធានការណ៍៍របស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ហេតុនេះសូមប្រជាពលរដ្ឋមេត្តាចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះក្នុងសហគមន៍”៕

ដំណឹងរីករាយៈរដ្ឋាភិបាលចាប់ផ្តើមយុទ្ឋនាការចាក់វ៉ាក់សាំងទូទាំងប្រទេសហើយ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៅថ្ងៃនេះ ដោយប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ក្រោយពី​វ៉ាក់សាំង​ចំនួន​ ១,៥លានដូស ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ ពី​ចិន​បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​មុន​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​សុខាភិបាល​បានកំណត់​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ ៧៤៥ ០០០ ​នាក់ ​សម្រាប់​ចំនួន​ដូស​ទី​១ នៃ​ការចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ ដើម្បី​ការពារ​ខ្លួនឯង​ផ្ទាល់ ការពារ​ក្រុមគ្រួសារ​ខ្លួនឯង និង​ការពារ​សហគមន៍​ទាំងមូល​។

លោកស្រីបន្តថា “​វ៉ាក់សាំង​កូវីដ​១៩ ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធានការ​សុខាភិបាល​ដែលមាន​ស្រាប់ សម្រាប់​ទប់ស្កាត់​ការរីករាលដាល និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​ជួយ​បុគ្គល​មិនឱ្យ​ឈឺធ្ងន់ធ្ងរ​នៅពេល​ឆ្លង​ជំងឺ​នេះ និង​កាត់បន្ថយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​”។លោកស្រីបន្តថា “វ៉ាក់សាំង​កូវីដ​ ១៩ ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​ជា​វ៉ាក់សាំង​ដែល​បាន​ធ្វើ​តេស្ត​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ហ្មត់ចត់ និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ ដែល​បណ្តា​ប្រទេស​មួយចំនួន​បាននិង​កំពុង​តែ​ដំណើរការ​ចាក់​បាន​រាប់សិប​លាន​នាក់​រួចទៅហើយ​ដែរ”។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បាន​ឱ្យដឹងថា នៅក្នុង​ការទប់

ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ការបញ្ជាទិញ ​វ៉ាក់សាំង ស៊ីណូវ៉ាក់​ជំហាន​ដំបូង​ក្នុង​ចំនួន១,៥ លានដូស​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​កម្ពុជា​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៦ ខែ​ មីនា ឆ្នាំ​ ២០២១ បន្ទាប់ពី​ទទួលបាន​ជំនួយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នូវ​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopham) ចំនួន ១ ​លានដូស ​ដែល​កន្លងមក​កម្ពុជា​ទទួលបាន​ចំនួន៦០ ​ម៉ឺនដូស​រួចហើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បានឱ្យ​ដឹងថា ក្រុមមនុស្ស​ដែល​មិនទាន់បាន​ចាក់​ពីមុន​ និង​ដល់​វេន​ចាក់​វ៉ាក់សាំង​នៅពេលនេះ​មាន ក្រុមគ្រូពេទ្យ បុគ្គលិក និង​មន្ត្រី​សុខាភិបាល​ជួរមុខ ទាំង​សេវា​រដ្ឋ​ និង​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ រដ្ឋសភា ព្រឹទ្ធ​សភា​ និង​ក្រុមគ្រួសារ អ្នកសារព័ត៌មាន កងកម្លាំង និង​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​មន្ត្រីរាជការ​ស៊ីវិល រួមទាំង​បុគ្គលិក​កិច្ចសន្យា​ទាំងអស់​នៅ​គ្រប់​ក្រសួង ស្ថាប័ន នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមទាំង​សាស្ត្រាចារ្យ និង​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ទូទាំង​ប្រទេស​មន្ត្រី​បុគ្គលិក​បម្រើការ​នៃ​អគ្គិសនី​កម្ពុជា​ទូទាំង​ប្រទេស អាជ្ញាធរ​ជាតិ គណៈ​មេធាវី សាលាក្តី​ខ្មែរក្រហម រដ្ឋាលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កាណាឌីយ៉ា​គ្រុប និង​កម្មករ-កម្មការិនី​នៅតាម​រោងចក្រ​មួយចំនួន​មាន​បញ្ជី​ឈ្មោះ​ ត្រឹមត្រូវ​ដែល​ពុំទាន់​បាន​ចាក់​ពីមុន​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន​ថា ជំនួយ​ឥតសំណង​របស់​ភាគី​ចិន ​ជា​វ៉ាក់សាំង​កូវីដ​ជំហាន​ទី​២ ​ដែលមាន​ចំនួន​៧០​ម៉ឺនដូស​នឹង​មកដល់​ប្រទេស​កម្ពុជា​នា​ថ្ងៃទី​ ៣១ ខែ​មីនា​។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃកម្ពុជា និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​ទទួល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

លោកស្រី​ឱ វណ្ណឌីន ថា រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រួមគ្នា​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កំពុង​ខិតខំ​ស្វះស្វែង​រក​ការទិញ​វ៉ាក់សាំង​បន្ថែមទៀត ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ផែនការ​១០លាន​នាក់​៕

 

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចផ្អាកការចរាចរនិងការប្រមូលផ្តុំនានាចាប់ពី ម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺរយៈពេល២សប្តាហ៍

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។

នេះបើតាមសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា “ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១”៕

 

មហាយក្សចិនចាប់ផ្តើមដំណើរការផ្លូវរថភ្លើងតភ្ជាប់ជាមួយបណ្តាប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន

ដោយៈ ប៊ី

ភ្នំពេញៈ សេវាកម្មរថភ្លើងដឹកទំនិញថ្មីមួយ ភ្ជាប់ពីខេត្តហ៊ូណានភាគកណ្តាលប្រទេ​សចិន និងតំបន់អាស៊ាន ត្រូវបានដាក់ដំណើរការកាលពីម្សិលមិញ ដោយរំពឹងថា ការតភ្ជាប់នេះ​ នឹងជំរុញពាណិជ្ជរវាងចិន និងអាស៊ានបន្ថែម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន Xinhua។

រថភ្លើងដឹកទំនិញដែលប្រតិបត្តិការ ដោយក្រុមហ៊ុនផ្លូវដែកចិន China Railway Guangzhou Group Co., Ltd ផ្ទុកដោយផលិតផលឧស្សាហកម្ម ដូចជាផលិតផលស៊ីលីកុនឌីអុកស៊ីត និងដងដែក បានចាកចេញពីខេត្តហ៊ូណានកាលពីរព្រឹកថ្ងៃដដែលនោះ។

រថភ្លើងដឹកទំនិញនេះ នឹងទៅដល់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក្នុង    រយៈពេលប្រហែល៧ថ្ងៃ តាមរយៈតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិនភាគខាងត្បូង។

ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងធ្វើប្រតិបត្តិការប្រចាំសប្តាហ៍ បន្ទាប់ពីការសាកល្បងរយៈពេល៣ខែ។ គេក៏រំពឹងថា វានឹងជំរុញពាណិជ្ជកម្មរវាងបណ្តាប្រទេសនៅអាស៊ាន និងខេត្តហ៊ូណានបន្ថែមទៀត។

អាស៊ាន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហា​ញ​ថា នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០ និងខេត្តហ៊ូណានបានឈានដល់តម្លៃ៨១,០៣ពាន់លានយន់ (ប្រហែល១២,៣៥ពាន់លានដុល្លារអាមេរិក​) ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៣០,៩ភាគរយ និងមានចំនួន១៦,៦ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ខេត្តហ៊ូណាន។

ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ខេត្តហ៊ូណាន បានកើនឡើងបន្ថែមទៀត៨៦,៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់តម្លៃ១០,១៥ពាន់លានយន់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១នេះ៕

AMROអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញរង្វង់៤,៧ភាគរយនៅឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) បានព្យាករកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា សេដ្ឋកិច្ចកម្ពុជានឹងរើបឡើងវិញនៅឆ្នាំនេះ បើទោះបីជាវិបត្តិកូវីដ១៩ មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។

យោងតាមរបាយការណ៍ស្តីពី ស្ថានភាពរួមនៃចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់ប្រជាជាតិអាស៊ាន+៣ នៃការិយាល័យAMROបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំនើន​ឡើងវិញ ក្នុងវង្វង់៤,៧ភាគរយ នៅឆ្នាំ២០២១នេះ ហើយនឹងបន្តកើនឡើងដល់៦,១ភាគរយនៅឆ្នាំក្រោយ។

ការិយាល័យAMRO ក៏បានព្យាករដែរថា សេដ្ឋកិច្ចអាស៊ាន នឹងមានកំណើនងើបឡើងវិញ៤,៩ភាគរយនៅឆ្នាំ២០២១នេះ ហើយនឹងបន្តកើនឡើងដល់៥,៧ភាគរយនៅឆ្នាំក្រោយ។

ប្រធានសេដ្ឋវិទូ AMRO លោក Hoe Ee Khor មានប្រសាសន៍ថា “រដ្ឋាភិបាលមានបទពិសោធន៍ច្រើន ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត ហើយវិធានការ ដែលមានប្រសិទ្ធិភាព នឹងជួយឱ្យសេដ្ឋកិច្ចមានសកម្មភាព”។

ជាមួយគ្នានេះដែរ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយរបស់ធនាគារពិភព (World Bank) ក៏បានឱ្យដឹងដែរថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញក្នុងរង្វង់៤ភាគរយក្នុងឆ្នាំ២០២១នេះ ហើយនឹងបន្តរីកលូតលាស់បានប្រមាណ៥,២ភាគរយ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១៕

សូចនា​ករៈ កត្តា​ចលករ​ស្នូលសំខាន់ៗចំនួន៥ នៅ​ពីក្រោយ​ការឡើង​ថ្លៃ​ដីធ្លី​នៅ​កម្ពុជា

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ តម្លៃ​ដី​មិនមែន​កើតមាន​គ្រប់​ទីកន្លែង​នោះទេ ទោះបី​សេដ្ឋកិច្ច​រីកចម្រើន​ក៏ដោយ ប៉ុន្តែ​វា​ឡើងថ្លៃ​លឿន ឬ​យឺត​អាស្រ័យ​លើក​ត្តាសំខាន់ៗមួយចំនួន ដែល​អ្នកវិភាគ​លើ​ទិដ្ឋភាព​អចលនទ្រព្យ​បង្ហាញ​ជា​ចំណេះដឹង​ដល់​លោក អ្នក។

កត្តា​សុខសន្តិភាព

មាន​សុខា​សន្តិភាព ទើប​មានការ​អភិវឌ្ឍ នេះ​ជា​កត្តា​សម​ហេតុផល​បំផុត ប៉ុន្តែ​កំឡុង​សន្តិភាព ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ទើប​អាចធ្វើ​ឲ្យ​ដី​ឡើងថ្លៃ ដែល​អាច​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ចូលរួម​វិនិយោគ អភិវឌ្ឍន៍​គម្រោង​នានា ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម​នេះហើយ ជា​មូលដ្ឋាន​រ៉ឹង​មាំ​សំរាប់​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បញ្ចេញ​លុយ និង​ចូលមក​វិនិយោគ​នៅ​ប្រទេស​ណាមួយ។

កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ

ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​ទាក់ទាញ​ការវិនិយោគ ទាំង​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ចូល​ម​កម្ពុជា ពិសេស​ក្រុមហ៊ុនធំៗពី​ក្រៅប្រទេស​ចូលមក ព្រោះ​ក្រុមហ៊ុន​នានា​ធ្វើ​អាជីវកម្ម ពួកគេ​តែងតែ​ស្វែងរក​ប្រាក់ចំណេញ ប៉ុន្តែ​បើ​ប្រទេស​នោះ​ក្រីក្រ ពួកគេ​នឹងមិន​ទៅ​វិនិយោគ​នោះទេ ដោយសារ​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​ក្នុងប្រទេស​នោះ​មិន​កើនឡើង។

ជាក់ស្តែង​ដូច​ក្រុមហ៊ុន AEON MALL Group មុន​ពួកគេ​សម្រេចចិត្ត​បើក​ផ្សារ​ទី១ ពួកគេ​បានមក​សិក្សា និង​តាមដាន​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា​រយៈពេល​ជាង១០ឆ្នាំ ទើប​ពួកគេ​សម្រេចចិត្ត​បើក​ផ្សារ​ទំនើប​នេះ ហើយ​ពេល​ពួកគេ​សម្រេចចិត្ត​នោះ ដោយសារ​ពួកគេ​មើលឃើញថា ជីវភាព​ប្រជាជន​កម្ពុជា​បានល្អ​ប្រសើរ ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប។

ការរីកចម្រើន​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា​មានកា​រ​រីកចម្រើន​លឿន ដោយ​សម្រេចបាន​កំនើន ក្នុង​រង្វង់​ជាង៧ភាគរយ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រទេស១ ក្នុងចំណោម​ប្រទេស​ចំនូ​ន១០លើ​ពិភពលោក ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ។

ការរីកចម្រើន​សេដ្ឋកិច្ច គួបផ្សំ​នឹង​កត្តា​សុខសន្តិភាព ដែល​បានលើកឡើង​ខាងលើ​នេះហើយ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​លឿន និង​ទាក់ទាញ​បាន​លំហូរ​វិនិយោគ​ផ្ទាល់​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។

ការរីកចម្រើន​សេដ្ឋកិច្ច​នេះហើយ ដែល​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ស្ទើរ​គ្រប់កន្លែង តម្លៃ​ដីធ្លី​ហក់​ឡើង​មិន​ធ្លាប់មាន ទីតាំង​ធ្លា​បើ់ជា​វាលស្រែ បឹង បាន​ក្លាយជា​បុរី​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា។

កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ រដ្ឋាភិបាល​បាន​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទៅគ្រប់​ទីកន្លែង​នៅ​ស្ទើរ​ទូទាំងប្រទេស។ ជាល​ទ្ឋ​ផល យើង​សង្កេតឃើញថា នៅពេល​រដ្ឋាភិបាល កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​ណាមួយ ដីធ្លី​តែងតែ​ឡើងថ្លៃ​នៅ​តំបន់​នោះ ហើយ​សកម្មភាព​សេដ្ឋកិច្ច​បាន​រីកចម្រើន​នៅ​តំបន់​នោះ។

ជាក់ស្តែង​ដួច​ជា​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ទី៤ និង​ផ្លូវជាតិ​នានា នៅពេល​ស្ថាបនា​ពង្រីក​រួច តម្លៃ​ដី​បាន​ហក់​ឡើង​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​មូលដ្ឋាន​បានទទួល​ផល​និង​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស។

កត្តា​ប្រជាសាស្ត្រ​និង​នគរូបនីយកម្ម

យ៉ាងណាក៏ដោយ តម្លៃ​ដីធ្លី នឹងមិន​កើនឡើង​នៅ​តំបន់​វាល​រហោស្ថាន និង​បឹង​ល្វឹងល្វើយ ដែល​គ្មាន​មនុស្ស​រស់នៅ​ឡើយ។

ប៉ុន្តែ​ផ្ទុយទៅវិញ ដីធ្លី​តែងតែ​មានតម្លៃ​និង​ឡើងថ្លៃ​ខ្ពស់ នៅ​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន ព្រោះ​កន្លែង​ណា​មាន​មនុស្ស​រស់នៅ​ច្រើន ជា​កន្លែង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ​ក​យ​ចរន្ត​សាច់ប្រាក់​រស​រវើក។

កត្តា​មនុស្ស​ឬ​កត្តា​ប្រជាសាស្ត្រ និង​នគរូបនីយកម្ម​តែងតែ​ដើរ​ទន្ទឹមគ្នា ព្រោះ​កត្តា​ទាំងពីរ​នេះ​តែងតែ​គាំ​ាំ​ទ្រ និង​ពឹងពាក់​គ្នា​ទៅវិញទៅមក។ នៅពេល​មាន​មនុស្ស​រស់នៅ នគរូបនីយកម្ម​នឹង​រីកចម្រើន៕

ទីក្រុង​ឌូ​បៃ​អនុម័ត​កញ្ចប់​ថវិកា ១៥,៥ពាន់​លាន​ដុល្លារ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ

ដោយៈ​វ​ឌ្ឈ​នៈ

ឌូ​បៃ:  ក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានអនុម័ត​កញ្ចប់​ថ​វិកា​រហូតដល់​ទៅ ៥៧,១ពាន់​លាន Dirham (១៥,៥៥ ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​ឆ្នាំ២០២១ នៅពេល​ឃើញ​សញ្ញា​ថា​សេដ្ឋកិច្ច នឹង​ងើបឡើង​ពី​ការធ្លាក់ចុះ​នៅ​ឆ្នាំនេះ។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មេដឹកនាំ​ក្រុង​នេះ​កាលពីពេលថ្មីៗនេះ ។

សេចក្ដីថ្លែងការណ៍​នេះ មិនបាន​ផ្ដល់​ការប្រៀបធៀប​គ្នា ទៅនឹង​ការចំណាយ​ជាក់ស្ដែង​ក្នុង​ឆ្នាំ២០២០នោះទេ ប៉ុន្តែ​បង្ហាញថា វា​ខ្ពស់ជាង​តិចតួច​បើ​ធៀប​នឹង​តួលេខ​ចំណាយ៥៦,១៦ ពាន់​លាន Dirham ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​កាលពី​ខែសីហា។

ទោះជា​យ៉ាងណា ទំហំ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០២១ នេះ​ទាប​ជាង១៤% បើ​ធៀប​ទៅនឹង​កញ្ចប់​ថវិកា ៦៦,៤ពាន់​លាន Dirhams ដែល​រដ្ឋាភិបាល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ២០២០ ។ ភ្លាមៗក្រុមមន្ត្រី​ក្រុង​ឌូ​បៃ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​រឿងនេះ។

កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំនេះ បានរួម​បញ្ចូល​ទាំង​ភាគលាភ​សេដ្ឋកិច្ច (economic dividend) ដែល​បាន​ពី​ពិព័រណ៍​ក្រុង​ឌូ​បៃ ឆ្នាំ២០២០ (Expo 2020 Dubai) ជា​ព្រឹត្តិការណ៍​រយៈពេល៦ខែ ដែល​គ្រោង​ចាប់ផ្តើម​ក្នុង​ខែតុលា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​មួយឆ្នាំ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ២០២១ ដែល​ត្រូវ​បានអនុម័ត​ដោយ​មេដឹកនាំ​ក្រុង​ឌូ​បៃ Sheikh Mohammed bin Rashid Al Maktoum នេះ​បាន​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ឆ្នាំសារពើពន្ធ២០២០ និង​ផលវិបាក​នៃ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដែល​ជះ​មកលើ​សេដ្ឋកិច្ច​សកលលោក។

ក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សម្បូរបែប និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និ​យ បាន​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​វិធាន​ការហាម​ពលរដ្ឋ​មិនឱ្យ​ចេញ​ក្រៅ និង​ការផ្អាក​ជើងហោះហើរ​កាល​ពី​ដើម​ឆ្នាំនេះ។  សេដ្ឋកិច្ច​ប្រទេស​នេះ ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ៦,២% ក្នុង​ឆ្នាំ២០២០ មុននឹង​ទទួលបាន​កំណើន៤% ក្នុង​ឆ្នាំ២០២១ ដោយសារតែ​ការបន្ត​ងើបឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​នានា៕

លោក​ចូ បៃ​ឌិន កំពុង​ដើរ​តាម​គន្លង​ចិន​ដោយ​ស្នើឱ្យ​ប្រទេស​ស​ម្ព័​ន្ឋ​មិត្ត​បង្កើត​ផែនការស្រដៀង “ខ្សែក្រវាត់១ ផ្លូវ១” របស់​ចិន

ដោយៈ​ឧ​ត្ត​ម

អាមេរិកៈ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យធំៗ គួរតែមាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រដៀង​គ្នា​មួយ ដើម្បី​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់១ ផ្លូវ១” (Belt and Road Initiative) ហៅ​កាត់ BRI របស់​មហា​យក្ស​ចិន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera។

លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​ថា “ខ្ញុំ​បានស្នើ​ឡើង​ថា បណ្ដា​រដ្ឋ​ប្រជាធិបតេយ្យ​របស់​យើង គួរតែ​មានគំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​មួយ ដើម្បី​ជួយ​ដល់​សហគមន៍​នានា​ទូទាំង​ពិភពលោក​ដែល​ត្រូវការ​ជំនួយ” ។

គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​មហា​យក្ស​ចិន គឺ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សកល​មួយ ជាមួយនឹង​ទំហំ​វិនិយោគ​ជាច្រើន​ទ្រី​លាន​ដុល្លារ ដែល​ប្រធានាធិបតី​ស៊ី ជីន​ភីង បានដាក់​ចេញ​ក្នុង​ឆ្នាំ២០១៣ ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុងប្រទេស​ជាង១០០ទូទាំង​ពិភពលោក ចាប់ពី​អាស៊ី​បូព៌ា ដល់​ទ្វីបអឺរ៉ុប។

គម្រោង​ដ៏​ធំ​មហិមា​នេះ នឹង​ជួយ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន កាន់តែ​ធំ ដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង។

ការលើកឡើង​បែបនេះ​របស់លោក ចូ បៃ​ឌិន បានធ្វើ​ឡើង ក្រោយពី​លោក​បានប្រកាស​ជំហរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មីនា ថា លោក​នឹង​រារាំង​ប្រទេស​ចិន មិនឱ្យ​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ដ៏​ឥទ្ធិពល​បំផុត លើ​ពិភពលោក​បានជា​ដាច់ខាត។ លោក​បាន​សន្យាថា នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ធានាថា សហរដ្ឋអាមេរិក នឹង​ទទួល​ជ័យជម្នះ​នៅក្នុង​ការប្រកួតប្រជែង​កាន់តែខ្លាំង រវាង​ប្រទេស​ទាំង២ ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក។

លោក​ចូ បៃ​ឌិន គ្រោង​នឹង​បង្ហាញ​ផែនការ ដែលមាន​ទឹកប្រាក់​ជាច្រើន​ទ្រី​លាន​ដុល្លារ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ។ លោក​បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​ថា នៅក្នុង​ផែនការ​នេះ​នឹង​ធានា​បង្កើន​ការ​និ​យោគ​របស់​សហរដ្ឋអាមេរិក លើ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាថ្មីៗ ដូច​បច្ចេកវិទ្យា Quantum Computing បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ជីវៈ​ជាដើម។

ខណៈ​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន និង​កំពុង​ព្យាយាម​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការវិនិយោគ​លើ​គម្រោង​នានា​នៅក្រៅ​ប្រទេស ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនទាន់មាន​លទ្ធភាព​បញ្ចុះបញ្ចូល​ប្រទេស​នានា​ឱ្យ​ជឿជាក់ថា ខ្លួន​អាច​ផ្តល់​ជម្រើស​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់លាក់​មួយ ដែល​អាច​ប្រកួតប្រជែង​នឹង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” របស់​ចិន បាន​នៅឡើយ​ទេ។

ជា​លទ្ធផល​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ប្រទេស​ជាង១០០បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហា​យក្ស​ចិន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង​នានា ដូចជា​ផ្លូវដែក កំពង់ផែ ផ្លូវ​ហាយវ៉េ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

យោងតាម Refinitiv ដែលជា​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យទីផ្សារ​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក​ឱ្យដឹងថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២០ គម្រោង​ជាង ២.៦០០ក្នុង​ទំហំ​វិនិយោគ សរុប​រហូតដល់៣.៧ទ្រី​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ត្រូវបាន​ចុះហត្ថលេខា។

ទោះជា​យ៉ាងណា​ប្រទេស​ចិន បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ប្រហែលជា២០% នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ៕