ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ការវិនិយោគផ្នែកដីធ្លីនៅតែមានឱកាសចំណេញខ្ពស់ ធៀបជាមួយការវិនិយោគផ្នែកដទៃទៀតក្នុយងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកសន សៀបស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estateបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីធ្លីនៅតែមានសញ្ញាល្អប្រសើរ សម្រាប់ការវិនិយោគ ដោយសារកំនើន នៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងលំហូរទុនវិនិយោគពីបរទេស ជាក់ស្តែងដីធ្លីនៅតែមានឱកាសចំណេញ ហើយមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដច្រើននោះទេ ពិសេសដីធ្លីនៅតំបន់អភិវឌ្ឍន៍ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ជាដើម ដីធ្លីមិនបានចុះថ្លៃនោះទេ ផ្ទុយទៅវិញដីធ្លីនៅតំបន់នេះនៅតែឡើងថ្លៃ ទោះស្ថិតក្នុងវិបត្តិក្តី។
លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណាដីធ្លីនៅខេត្តព្រះសីហនុបានថយតម្លៃ១០ភាគរយ តែនៅក្រុងភ្នំពេញតម្លៃបានកើនឡើងក្នុងរង្វង់ជិត២ភាគរយ ចន្លោះពីដើមឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០កន្លងមកនេះ ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំ២០២១នេះ តម្លៃដីធ្លីនៅតំបន់ភាគច្រើននៅទ្រឹង។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីធ្លី មានភាពសកម្មជាងគេក្នុងអំឡុងវិបត្តិកូវីដ១៩ បើទោះបីជាផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យបានរងផលប៉ះពាល់ក្តី ដោយសារការវិនិយោគដីធ្លី ភាគច្រើនធ្វើដោយអ្នកវិនិយោគក្នុងស្រុក និងកំនើនលំហូរទុនវិនិយោគពីបរទេសបានធ្វើឲ្យតម្លៃដីកើនឡើង និងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។
លោកបន្តថា “ខ្ញុំគិតថាដីធ្លីនឹងបន្តឡើងថ្លៃរយៈពេល១០ឆ្នាំទៅមុខទៀត ដោយសារទីក្រុងកាន់តែរីកធំ ចំនួនប្រជាជនមានជីវភាពប្រសើរកើនឡើង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំណើនវិនិយោគពីបរទេស ពិសេសដីធ្លីនៅកម្ពុជាមានតម្លៃទាបធៀបជាមួយនឹងប្រទេសក្នុងតំបន់”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែកំនើនអាចមានកម្រិតខ្ពស់ឬទាបជាងនេះអាស្រ័យលើតំបន់ និងលក្ខខ័ណ្ឌអំណោយផលមួយចំនួនផងដែរ៕