អ្នកជំនាញៈ ចរន្តទិញលក់ដីធ្លីនៅកម្ពុជាចាប់ផ្តើមមានភាពប្រសើរឡើងវិញហើយ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា  វិស័យដីធ្លីនៅកម្ពុជា ចាប់ផ្តើម​មានការងើបឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ដែលអាចធ្វើឱ្យប្រជាជនធ្វើដំណើរជាបណ្តើរៗ ខណៈស្ថានភាពនៃជំងឺកូវីដ១៩នៅ ហាក់មានភាពប្រសើរឡើងវិញ និងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជូនប្រជាជនមានចំនួនច្រើន។

លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុន CPL បានថ្លែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងលើចរន្ដទិញលក់ ហើយប៉ះពាល់ត្រង់ថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យមានការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅមួយរយៈពេល។

លោកឧកញ៉ាបានឱ្យដឹងថា “ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ការទិញលក់ដីធ្លី ត្រូវមានការប្រស្រ័យទាក់ទងគ្នា ដូច្នេះការបិទក្រុងភ្នំពេញ និងតាខ្មៅនៅអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យប៉ះពាល់លើការទិញលក់អចលនវត្ថុ”។លោកឧកញ៉ាបន្ថែមថា “ទោះជាមានបញ្ហានៃការប្រឈម នៃវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ប៉ុន្ដែវិស័យដីធ្លីនៅតែមានដំណើរទិញដូរ ក្នុងអំឡុងពេលនៃការបិទខ្ទប់ មានការជាប់គាំងក៏ពិតមែន តែពេលលែងបិទខ្ទប់ ភ្លាមដំណើរការនៃការទិញ-ដូរនេះ ចាប់ផ្ដើមមានឡើងវិញជាហូរហែរ”។

ជាមួយគ្នានេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិកូវីដ១៩នេះ វិស័យដីធ្លីមានការថមថយបន្ដិចបន្ដួច ប៉ុន្ដែបន្ទាប់ពីគ្រប់គ្រងបានឡើងវិញ វិស័យដីធ្លីនឹងមានកំណើនលើសការរំពឹងទុក មានន័យថា អាចមានកំណើនខ្លាំងជាងល្អជាង១០ឆ្នាំកន្លងមកនេះ។

ដោយឡែក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានឲ្យដឹងថា សម្រាប់វិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២ នឹងមានសក្ដានុពល និងកំណើនឡើងវិញ ដោយសារតែនៅពេលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង នៅក្នុងថ្នាក់ជាតិ ពិភពលោក និងតំបន់ ដូច្នេះចរន្ដនៃការធ្វើដំណើរ របស់ប្រជាជនកម្ពុជា នឹងចាប់ផ្ដើមមានច្រើន ហើយការរៀបចំចាត់ចែង លើការធ្វើជំនួញនឹងចាប់ផ្ដើមឡើងវិញ។

លោកបានបន្ថែមថា ប្រសិនបើការផុសផុលនៃកំណើន ការធ្វើវិនិយោគពាណិជ្ជកម្ម វិនិយោគលើវិស័យអចលនទ្រព្យ ពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវតែមានកំណើនខ្ពស់ជាងមុន ដោយសារតែលទ្ធភាពនៃការដោះដូរ ពីមួយឆ្នាំទៅមួយឆ្នាំចេះតែលូតលាស់ឡើងៗ ដូច្នេះទំហំនៃការវិនិយោគទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយមានការចូលមកវិនិយោគ ពីសំណាក់ជនបរទេស មកកាន់ប្រទេសកម្ពុជា អ្នកវិនិយោគទាំងនោះនឹងមើលឃើញពីទំនុកចិត្ត ឱកាសក្នុងការវិនិយោគ នឹងរីកចម្រើនខ្ពស់ជាងមុនផងដែរ។

លោកបន្ថែមថា ក្នុងទស្សនវិស័យនៃការវិនិយោគរបស់ប្រជាជនចិន ក្នុងទីផ្សារតំបន់អាស៊ាន ពិសេសការវិនិយោគនៅកម្ពុជា វិនិយោគិនចិន តែងប្រែតំបន់ណាមួយឲ្យទៅជាតំបន់ពាណិជ្ជកម្ម ឬតំបន់ដែលប្រមូលផ្ដុំ ដោយសហគមន៍ជនជាតិចិន ពិសេសក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

លោកបន្តថា “ដូច្នេះការហុចសក្ដានុពល ក្នុងការវិនិយោគ យើងនឹងមើលឃើញក្នុងឱកាសនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here