លោកស៊ុន ចាន់ថុលៈការតិះដៀលគ្នាទៅវិញទៅមក មិននាំចំណេញដល់ជាតិទេ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងថា ការតិះដៀលគ្នាទៅវិញទៅមក មិននាំចំណេញដល់ជាតិនោះទេ ហើយសំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ទៅកាន់ក្រុមនិស្សិត ដែលសិក្សាជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ឋជាលើកដំបូង នៅក្នុងវិទ្យាស្ថានសម្តេចតេជោហ៊ុន សែនកាលពី​សប្តាហ៍មុនថា ជីដូនជីតាយើងអាចកសាងប្រាសាទជាច្រើន ស្ពានបុរាណ រាប់ពាន់ឆ្នាំដែលកំពុងដំណើរការដល់សព្វថ្ងៃនេះ ដូច្នេះយុវជនជំនាន់ក្រោយរបស់យើង ក៏អាចមានលទ្ធភាព សមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយខ្លួនឯងបានដែរ។

លោកបន្តថា ប៉ុន្តែដើម្បីអាចមានសមត្ថភាពអាចធ្វើទៅបាន លុះត្រាតែយើងមានចំណេះវិជ្ជាជាមុនសិន។ ដើម្បីកសាង អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន យើងត្រូវតែមានប្រព័ន្ធភស្តុភាកម្មល្អ មានតម្លៃប្រកួតប្រជែង ដែលអាចទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងអាចយកកសិផលទៅលក់នៅបរទេសបាន។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ដើម្បីកសាងប្រទេសជាតិយើងបាន យើងត្រូវតែមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ រយៈពេល៣០ ឆ្នាំក្រោយមកអ្វីដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនោះគឺពិតជាត្រឹមត្រូវ។

លោកបន្តថា “ហេតុដូច្នេះហើយទើបក្រសួងបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីអភិ​វ ឌ្ឍធនធានមនុស្សរបស់យើងឱ្យចេះធ្វើផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ”។

វិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ចំណេះខាងបច្ចេក​ទេស និងចំណេះទូទៅឱ្យបានច្រើនដល់និស្សិតរបស់យើង ដើម្បីក្លាយខ្លួនជា អ្នកចេះដឹងពិតប្រាកដ ចេះទាំងទ្រឹស្ដី ទទួលបានទាំងបទពិសោធន៍ មានគុណធម៌ សីលធម៌ អាចរស់នៅ ក្នុងសង្គមបាន អាចដឹកនាំ និងចូលរួមជាមួយអ្នកដទៃបានផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និស្សិតឱ្យខិតខំប្រឹងប្រែង រៀនសូត្ររៀន ឱ្យចេះ ខំរៀនឱ្យចប់ ចេញទៅធ្វើការបាន កុំធ្វើឱ្យខូចយីហោរបស់វិទ្យាស្ថាន អាចរកការងារបានធ្វើ ជាពលរដ្ឋល្អក្នុងសង្គម ចេះជួយគ្នាទៅវិញទៅមក ចេះបណ្ដុះបណ្ដាលបន្ត ស្របតាមសេចក្តីប៉ងប្រាថ្នា និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួង។ ក្រសួងអាចផ្តល់សា  ស្ត្រាចារ្យដែលបទពិសោធន៍ល្អៗបាន ប៉ុន្តែបើយើងជានិស្សិតគ្មានឆន្ទៈក្នុងការរៀនសូត្រ ក៏ក្រសួងមិនអាចជួយបានដែរ ដូចពាក្យស្លោកមួយឃ្លាលើកឡើងថា៖ “អ្នកអាចនាំសេះទៅស្រះទឹកបាន ប៉ុន្តែអ្នកមិនអាចបង្ខំសេះនោះឱ្យផឹកទឹកបានទេ លុះត្រាតែ សេះនោះចង់ផឹកទឹក ដោយខ្លួនវា”។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា “ការតិះដៀលគ្នាទៅវិញទៅមកមិននាំ ចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អ”។ លោកបន្តថា “យើងមិនអាចរស់នៅក្នុងកោះមួយដែល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភហ៊ំព័ទ្ធ ដោយសមុទ្រក្រីក្របានទេ ប៉ុន្តែយើងត្រូវជួយពង្រីកកោះដែលមានទ្យព្យសម្បត្តិស្ដុកស្ដម្ភឱ្យធំ ហើយបង្រួមសមុទ្រក្រីក្រឱ្យតូច៕

អ្នកជំនាញៈក្រុមហ៊ុនអភិវឌ្ឍន៍និងម្ចាស់អគារគួរតែប្រើសេវាគ្រប់គ្រងអចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងមានការប្រឈមខ្លាំងទៅនឹងការចម្លង នៅក្នុងសហគមន៍នៃជំងឺកូវីដ១៩ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានជំរុញ និងលើកទឹកចិត្តម្ចាស់គម្រោង ម្ចាស់អគារពាណិជ្ជកម្ម ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា គម្បីប្រើសប្រាស់សេវាគ្រប់គ្រងអចលនទ្រព្យ ដើម្បីសុវត្ថិភាព និងបង្កើនទំនុកចិត្តចំពោះអតិថិជន ដែលប្រើប្រាស់អគាររួមក៏ដូចជាលើកតម្លៃនៃអគារផងដែរ។

អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញាគឹម គិនកេសា បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា សេវាគ្រប់គ្រងអចលនទ្រព្យ គឺពិតជាមានសារសំខាន់ និងមានគុណតម្លៃសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ បណ្តាម្ចាស់គម្រោងសំណង់ ជាពិសេសម្ចាស់អាគារពាណិជ្ជកម្មបនានា ដែលកំពុងដំណើរនៅក្នុងទីផ្សារ។

កញ្ញាបានបញ្ចាក់ថា “ការផ្តល់សេវាគ្រប់គ្រងអគារ នៅតាមបណ្តាប្រទេសជឿនលឿនគឺមានការពេញនិយមបំផុត ប៉ុន្តែសម្រាប់កម្ពុជាអាចនិយាយបានថា ជាសេវាថ្មីនៅក្នុងទីផ្សារអចលនទ្រព្យ ហើយនៅមិនទាន់មានភាពទូលំទូលាយនោះទេ”។ កញ្ញាបាន​បន្តថា “មានក្រុមហ៊ុនផ្តល់សេវាជាច្រើនចូលមកកាន់កម្ពុជា ប៉ុន្តែទីផ្សារមួយនេះហាក់ត្រូវបានគេមើលរំលង ប៉ុន្តែទើបតែថ្មីៗនេះប៉ុណ្ណោះដែលផ្តើមមានតម្រូវការ ជាពិសេសក្រោយពេលផ្ទុះឡើងនូវការរាលដាលជំងឺឆ្លង”។

ដែលក្រៅពីត្រូវការសេវាថែទាំតួអគារ នៅមានការផ្តោតសំខាន់ទីលើការរៀបចំផ្នែកអនាម័យទូទៅ ផ្នែកសន្តិសុខសុវត្ថិភាពយាមតឹងរឹង ដែលធ្វើយ៉ាងណាអាចបង្កើនទំនុកចិត្តអតិថិជនប្រើប្រាស់អគាររួម និងប្រើជណ្ដើរយន្តរួមគ្នា។

កញ្ញាគឹម កិនកេសាបានបន្តថា មែនទែនទៅ ការទទួលប្រើសេវាគ្រប់គ្រងអគារ(Property Management) មិនសំដៅចំពោះតែការធ្វើអនាម័យ សន្តិសុខសុវត្ថិភាពក្នុងពេលប្រឈមនេះនោះទេ ព្រោះសេវាទាំង២នេះគ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះ ប៉ុន្តែ Property Management នៅមានសារសំខាន់ជាច្រើន នៅក្នុងប្រតិបត្តិការនៃសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន និងផ្សារទំនើបដែលមានមនុស្សចេញចូលច្រើនជាប្រចាំ។ សេវា property management ត្រូវបានរាប់បញ្ចូលចាប់តាំងពីគម្រោងអភិវឌ្ឍន៍ចាប់ផ្តើមលើកដំបូង ដែលក្នុងនោះមានទាំងការផ្តល់ប្រឹក្សា ការរៀបចំផែនការក្នុងដំណើរការរបស់គម្រោង ការគ្រប់គ្រងសកម្មភាពសាងសង់ រហូតការមើលថែទាំ និងគ្រប់គ្រងគុណភាពសំណង់ឱ្យនៅតែមានសោភ័ណភាព ដូច្នេះវាជាសេវាមួយដែលមានភាពចាំបាច់បំផុត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជំនាញលើការគ្រប់គ្រង់អចលនវត្ថុ ឬគ្រប់គ្រងអគារធំៗនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ ហើយក៏មិនសូវសម្បូរក្រុមហ៊ុនវិនិយោគនោះទេ ខណៈដែលផ្នែកមួយនេះមានសារសំខាន់។

លោកបន្តថា “មិនថាអគារពាណិជ្ជកម្ម ខុនដូ អាផាត សណ្ឋាគារ ឬលំនៅដ្ឋានគ្រប់ប្រភេទនោះទេ សុទ្ធតែត្រូវការប្រើប្រាស់នូវសេវា Property Management ទាំងអស់ ដើម្បីអាចរក្សាបាននូវសោភ័ណភាព និងគុណភាពនៃសំណង់បានយូរអង្វែង”។លោក​បន្តថា “ការប្រើប្រាស់សេវាកម្មនេះ ម្ចាស់សំណង់មិនចាំបាច់ព្រួយបារម្ភក្នុងការថែទាំដោយខ្លួនឯងនោះទេ។ បច្ចុប្បន្នការផ្តល់សេវាកម្មមួយនេះនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ ខណៈដែលទីផ្សារអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អាគារជាច្រើន បាន និងកំពុងរីកដុះស្អេកស្កះនៅកម្ពុជា”៕

វិភាគៈពេលវេលាដែលត្រូវសង តើពេលណាកូវីដ១៩ចប់ពីកម្ពុជា?

        ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

        ភ្នំពេញៈ អោបមនុស្សជាទីស្រលាញ់ក៏មិនបាន ជួបមុខលើកចុងក្រោយក៏គ្មានឳកាស ជួបកូនបានត្រឹមនិយាយគ្នាតាមទូរស័ព្ទ មិនមានពេលថ្នាក់ថ្នមបុត្រធីតាដូចមុន បាននិងកំពុងក្លាយជាទិដ្ឋភាព នៃសោកនាដកម្មផ្លូវចិត្តធ្ងន់ធ្ងរមួយ ដែលគ្មានអ្នកណាលួងលោមក្រៅពីទឹកភ្នែកឡើយ។

តើពេលណាសោកនាដកម្មនេះចប់? បើមើលចំណងជើង និងសំណួរនៃអត្ថបទនេះ យើងមិនអាចឆ្លើយឲ្យប្រាកដថា ជំងឺកូវីដ១៩ នឹងបញ្ចប់នាពេលណានោះទេ ប៉ុន្តែយើងអាចទប់ស្កាត់និងអាចកាត់បន្ថយបាន ដោយចាប់ផ្តើមពីយើងខ្លួនឯង។

ពេលវេលាត្រូវសង

ពិភពលោកកំពុងច្របូកច្របល់ បញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍   ផ្នែកសេដ្ឋកិច្ច ដែលបាននិងកំពុងមានឥទ្ឋិពល លើការរីករាលដាលជំងឺនេះ។ ហេតុនេះការបញ្ចប់ព្រឹត្តិការណ៍នៃវិបត្តិជំងឺកូវីដ១៩ ដ៏គួរឲ្យរន្ឋត់នេះ ពិតជាត្រូវការពេលវេលាមួយ ដែលជាពេលវេលាត្រូវសងត្រលប់ទៅកាន់ផែនដីវិញ។

មនុស្សកាន់តែកើននូវភាពអាត្មានិយមក្នុងចិត្ត និងសកម្មភាព ដែលបានបង្ហាញឲ្យឃើញច្បាស់ថា ពិភពលោកកំពុងបែកបាក់គ្នា ដែលជាលទ្ឋផលនឹងនាំមកនូវគ្រោះមហន្តរាយ ជាពេលវេលាដែលត្រូវហែលឆ្លងវិបត្តិទាំងអស់គ្នា។

ការស្រោចស្រង់នូវសាកលភាវូបនីយកម្ម ការស្រោចស្រង់នូវក្តីសង្រ្គោះ ដោយអ្នក”ត្រូវស្រលាញ់មនុស្សជុំវិញខ្លួន ឲ្យដូចអ្នកស្រលាញ់ខ្លួនឯង” ជាដំណោះស្រាយមួយ ដែលនាំមកនូវភាពសុខដុមសម្រាប់សាកលលោក និងជាពេលវេលាត្រូវសងនូវរាល់ការឈឺចាប់ ទឹកភ្នែក ការខាតបង់ និងសោកនាដកម្ម ដែលមនុស្សជាតិបានបោះបង់ចោលនាពេលកន្លងមក ដើម្បីនាំមនុស្សជាតិមកកាន់ពិភពលោកមួយ ដែលមានក្តីស្រលាញ់ចំពោះគ្នា និងពិភពលោកមួយដែលពោរពេញ ដោយព៌ណសម្បុរនៃសេចក្តីស្រលាញ់ និងការសង្រ្គោះចំពោះគ្នា។

ជំងឺកូវីដ១៩នៅកម្ពុជា

        ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា កើតឡើងដោយកត្តាសំខាន់ៗជាច្រើន ទី១ ការមិនគោរពខ្លួនឯង ទី២ ការគ្មានទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ទី៣ ការមិនចូលរួម និងមើលស្រាលជំងឺនេះ និងការមិនបានត្រៀមខ្លួនជាមុនរបស់រដ្ឋាភិបាល។

ការនិយាយពីរដ្ឋាភិបាលមិនបានត្រៀមខ្លួនមុន អាចត្រូវបានរិះគន់ឬពេបជ្រាយ ប៉ុន្តែពិតណាស់ យើងមិនអាចបន្ទោសរដ្ឋាភិបាលបានទេ ព្រោះអ្វីៗវាបានកើតឡើងឆាប់រហ័សពេក ដោយសារករណីបុគ្គលមួយចំនួន ដែលបានបង្កការឆ្លងរាលដាលជំងឺនេះ។

ការដែលកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងមនុស្ស ពីជំងឺរាតត្បាតនេះ ដោយសារជំងឺនេះរីករាលដាលលឿនពេក ពិសេសការឆ្លងជំងឺនេះចូលសហគមន៍ មានសណ្ឋានដូចជាពោះវៀនម៉ូតូ ឬឡាន ដែលបានធ្លាយគ្រប់កន្លែងទៅហើយ។

ហេតុនផលទាំងនេះ ការមិនចូលរួមរបស់ប្រជាពលរដ្ឋមួយចំនួន នឹងបង្កសោកនាដកម្មដល់អ្នកដទៃ ហើយបង្កភាពមហន្តរាយដល់សេដ្ឋកិច្ចនិងសង្គម ដែលកំពុងមានភាពផុយស្រួយនាពេលនេះ។

វិបត្តិកំពុងរីករាលដាល

        ការទទួលបានវ៉ាក់សាំងនៅមានកម្រិត ការមិនដើរតាមការអំពាវនាវរបស់រដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍តាមវវិធានបីកុំ និងបីការពារ នឹងធ្វើឲ្យការរីករាលដាលជំងឺនេះ កាន់តែអូសបន្លាយរយៈពេលវែង និងធ្ងន់ធ្ងរថែមទៀត។

ខណៈអាជីវកម្មស្ទើរតែទាំងអស់ កំពុងរងផលប៉ះពាល់ ទឹកភ្នែកបានហូរបណ្តើរៗពីការបាត់បង់សាច់សារលោហិត ការព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ ការមិនបានឃើញមុខគ្នាជាលើកចុងក្រោយ បាននិងកំពុងបង្ហាញសោកនាដកម្មនៅលើពិភពលោក និងកម្ពុជា។

មនុស្សនៅលើពិភពលោកត្រូវកប់ក្នុងផ្នូររួម ដូចសម័យកម្ពុជាប្រជាធិបតេយ្យ តើសោកនាកដកម្មនេះនឹងបញ្ចប់នាពេលណា? ការរួបរួមគ្នា ការស្តាប់តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ស្តាប់តាមការណែនាំពីមន្រ្តីជំនាញសុខាភិបាល “មិនចាំបាច់ កុំចេញក្រៅផ្ទះ” ដេកផ្ទះឈ្នះកូវីដ១៩ គួរតែត្រូវបានអនុវត្តន៍ទាំងអស់គ្នា ពិសេសអ្នកមានការសង្ស័យខ្លួនឯងកើតជំងឺនេះ សូមមេត្តាកុំបន្តដើរហើរ ដើម្បីកុំឲ្យជំងឺនេះបន្តរាលដាលតទៅទៀត។

រហូតមកទល់ពេលនេះ មនុស្ស៤នាក់ហើយបានលាទៅ ដោយគ្មានពេលត្រលប់ ។​ទឹកភ្នែកបានហូរគួរឲ្យសោកសង្រេង ព្រោះការបែកគ្នាដោយសារជំងឺនេះ មានសភាពក្រៀមក្រំហួសបរិយាយ សូម្បីតែមុខអ្នកលាទៅ ក៏សាច់ញាតិមិនបានប៉ះ មិនបានឃើញ និងមិនបានអោបរឹត ជាការលាគ្នាចុងក្រោយផង។

រហូតមកទល់ថ្ងៃនេះ ស្ថានភាពនៃការឬិករាលដាលជំងឺនេះ ហាក់មិនបង្ហាញសញ្ញាថមថយគួរឲ្យកត់សម្គាល់នៅឡើយ ស្របពេលអ្នកឆ្លងជំងឺនេះបានកើនឡើង និងធ្លាក់ចុះ​មិនទៀងទាត់។

ការចូលរួម

ការចូលរួម និងមានស្មារតីភ្ញាក់រលឹកដោយខ្លួនឯង ពិសេស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នឹងធ្វើឲ្យវិបត្តិនេះឆាប់ចប់នៅកម្ពុជា ។ហេតុនេះមានតែការចូលរួមទាំងអស់គ្នាទេ ទើបយើងអាចបញ្ចប់សោកនាដកម្មនេះបាន ព្រោះអ្វីៗពេលនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនរដ្ឋាភិបាលអាចធ្វើម្នាក់ឯងបានដោយជោគជ័យនោះទេ។

ការចូលរួមប្រយុទ្ឋជំងឺកូវីដ១៩នាពេលនេះ ពិតជាមានតម្លៃស្មើនឹងការការពារអាយុជីវិតខ្លួនឯង ស្មើនឹងការការពារអាយុជីវិតជនរួមជាតិរបស់យើង និងស្មើនឹងបុគ្គលស្នេហាជាតិ ដែលបានចូលរួមជាមួយជាតិរបស់យើង ពិសេសប្រមុខរដ្ឋាភិបាល ដែលលោកកំពុងហត់នឿយលើបញ្ហានេះ និងកំពុងរិះរកគ្រប់មធម្យោបាយ ដើម្បីអាចគ្រប់គ្រងឈានទៅកាត់បន្ថយ និងបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈដ៏អសោចនេះ។

ការប្តេជ្ញាចិត្ត

        ការខិតខំរបស់ប្រមុខរដ្ឋាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រួពេទ្យដែលជាប់កាតព្វកិច្ចដទៃទៀត ពិសេសលោកបណ្ឌិតហ៊ុន ម៉ាណេត និងលោកជំទាវពេជ្រ ច័ន្ទមុនី ដែលមិនមានពេលមើលថែរបុត្រធីតា ប៉ុន្តែបានចំណាយពេលវេលាទាំងចិត្ត ទាំងកាយនិងសមត្ថភាព ដើម្បីចូលរួមថែរទាំព្យាបាលជំងឺនេះ បាននិងកំពុងធ្វើឲ្យគេមើលឃើញថា អ្នកជំងឺមិនឯកានោះទេ។

អ្នកជំងឺកូវីដ១៩ទាំងឡាយ! មានតែការពង្រឹងខ្លួនឯង ចូលរួមថែររក្សាសុខភាព ហាត់ប្រាណ និងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ទេ ទើបមច្ចុរាជមិនមកដណ្តើមអ្នកចេញពីឳពុកម្តាយ មាមីង បងប្អូនរបស់អ្នកបាន។

តាមរយៈការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលនាពេលនេះ និងពេលកន្លងមក យើងរំពឹងជឿជាក់ថា “ប្រជាពលរដ្ឋកម្ពុជា នឹងបន្តមានស្មារតីភ្ញាក់រលឹក និងសហការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីក​រាលដាលជំងឺនេះ កាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍បាន ដើម្បីយើងអាចចាប់ផ្តើមប្រកបមុខរបរ អាជីវកម្មប្រចាំថ្ងៃបានរសរវើក និងជោគជ័យឡើងវិញ ជាមួយស្នាមញញឹម។

សូមបងប្អូនប្រជាជាតិខ្មែរ ជ្រើសរើសស្នាមញញឹមពីការរួបរួមគ្នា ក្នុងការប្រយុទ្ឋជំងឺនេះ ជាជាងមើលឃើញទឹកភ្នែកបន្តហូររយៈពេលវែង ក្នុងសហគមន៍របស់យើង”៕

 

 

តើអ្វីជាគោលបំណងស្នូលនៃការសាងសង់ផ្លូវល្បឿនលឿនរបស់រដ្ឋាភិបាល

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា ដែលបាននិងកំពុងសាងសង់ផ្តើមស្ថាបនាល្បឿនលឿនភ្នំពេញ ភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ ដែលជាផ្លូវដ៏សំខាន់ក្នុងការសម្រួលការដឹកជញ្ជូន និងសមាហរណកម្មផ្ទៃក្នុងកម្ពុជា។

តើអ្វីជាគោលដៅនៃការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា យោងតាមឯកសាររបស់ក្រសួងសាធារណៈការ និងដឹក្ជញ្ជូនបានឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី ទី១ សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​។ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូ​នកម្ពុជាឲ្យសមស្រប ទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។

ទី២ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។

ទី៣ ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជាៈ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗ បម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានា ដែលចរាចរតាមផ្លូវជាតិ។ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។

គម្រោងផ្លូវល្បឿនលឿនអាទិភាពសម្រាប់កម្ពុជា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។

ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៤៨ខែ។

គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿនរាជធានី​ភ្នំពេញ -ខេត្ត​​ព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកលី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន៕

ការស្ថាបនាមហាវិថីថ្មីមួយនៅប៉ែកខាងជើងរាជធានីភ្នំពេញសម្រេចបានប្រមាណ៩០ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងស្ថាបនាមហាវិថីថ្មីមួយខ្សែ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញដែលមានប្រវែងជិត៦០០០ម៉ែត្រ តភ្ជាប់ពីផ្លូវ១០០៣ក្បែរផ្សារទំនើប AEON2 រហូតដល់មហាវិថីឈ្នះឈ្នះ សម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយ ដែលគអាចនឹងបញ្ចប់ការសាងសង់ទាំងស្រុង ស្របតាមផែនការដែលបានគ្រោងទុក។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ការដ្ឋានស្ថាបនាមហាវិថីថ្មីចាប់ពីផ្លូវ១០០៣ កាត់តាមហ្គ្រេនភ្នំពេញ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌឫស្សីកែវ សម្រេចបាន៩០ភាគរយហើយ ដោយពេលនេះក្រុមការងារកំពុងមមាញឹក ក្នុងការតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាលទ្រូងផ្លូវ។

លោកបន្តថា “មហាវិថីថ្មីនេះមានទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដែលជាសមិទ្ធផលថ្មីមួយទៀត នៅរាជធានីភ្នំពេញ នឹងជួយសម្រួលចដល់រាចរណ៍ដ៏សំខាន់ជូនប្រជាពលរដ្ឋ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ”។

លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ពេលនេះក្រុមការងារជំនាញ កំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង៣០ម៉ែត្រ ចាប់ពីបុរីអង្គរដល់ផ្លូវមុខហ្គ្រេនភ្នំពេញ ចំនួន១០០បង្គោលសិន នឹងបន្តទៅទៀតនៅពេលផ្លូវស្ថាបនារួច ចំណែកសួនច្បារនៅចំកណ្តាលផ្លូវក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ។

ការដ្ឋានស្ថាបនាផ្លូវថ្មីមួយនេះ បានចាប់ផ្តើមការសាងសង់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រភេទផ្លូវភ្លោះ មានប្រវែង៥ ៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអារមេកម្រាស់ ២០សង់ទីម៉ែត្រ ក្នុងនោះផ្លូវសងខាង១២ម៉ែត្រ សួនកណ្តាល២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ។ ផ្លូវទ្វេទិ​សមាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១ ៧២០ម៉ែត្រ ព្រមទាំងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែង។

មហាវិថីថ្មីនេះ ត្រូវបានស្ថាបនាឡើងជា២ជំហាន គឺជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ(Grand Phnom Penh) និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់មហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅចំកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ៕

សកម្មភាពអ្នកវិនិយោគអចលនទ្រព្យក្នុងស្រុកជាចលករយ៉ាងសំខាន់ក្នុងការ ជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាក្នុងកំឡុងពេលមានវិបត្តិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មិនថាស្ថិតនៅក្នុងកាលទេសៈបែបណានោះទេ សកម្មភាពរបស់បណ្តាអ្នកវិនិយោគ រួមជាមួយនឹងអ្នកអភិវឌ្ឍន៍ នៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុក ជាចលករដ៏សំខាន់បំផុត នៅក្នុងការចូលរួមជួយពង្រឹងសេដ្ឋកិច្ចជាតិ ខណៈដែលការបង្ហូរទុនវិនិយោគមកពីក្រៅស្រុកត្រូវបានរាំងខ្ទប់។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋាន បានមានប្រសាសន៍ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះថា រាល់សកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុក គ្រប់ទ្រង់ទ្រាយទាំងអស់ សុទ្ធតែជាកម្លាំងស្នូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងបរិបទដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ខណៈដែលលំហូរទុនវិនិយោគពីក្រៅស្រុក ត្រូវបានរាំងខ្ទប់ ដោយសារវិបត្តិនៃជំងឺឆ្លងជាសាកលដែលកំពុងបន្តគំរាមកំហែង។

លោកឧកញ៉ាបន្តថា “ទាំងការវិនិយោគក្នុងទីផ្សារដីធ្លី ទាំងការទិញលក់ក្នុងទីផ្សារលំនៅដ្ឋាន ឬជាការអភិវឌ្ឍន៍នៅក្នុងផ្នែកណាមួយ នៃវិស័យអចលនទ្រព្យគឺសុទ្ធតែជាសកម្មភាពដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិទាំងអស់”។ លោកបន្តថា “ខ្ញុំលើកឧទាហរហ៍ថា បើខ្ញុំទិញដី ហើយធ្វើការអភិវឌ្ឍលំនៅ  ដ្ឋាន សម្រាប់ដាក់លក់ទៅវិញមានន័យថា បានបង្កើតប្រយជន៍ចំនួន៣ព្រមគ្នាក្នុងពេលតែ១”។

លោកបន្តដោយពន្យល់ថា ទីមួយនៅពេលខ្ញុំទិញដី នឹងកើតជាចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធរបស់ម្ចាស់ដី។ ទី២ ខ្ញុំធ្វើការអភិវឌ្ឍលំនៅដ្ឋាននឹងបង្កើតការងារជូនកម្លាំងជំនាញកម្មករសំណង់ ហើយទី៣នៅពេលដែលខ្ញុំលក់លំនៅដ្ឋានចេញ ខ្ញុំក៏ទទួលបានចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍ ហើយខ្ញុំក៏បានបង្កើតការងារដល់បុគ្គលិកក្រុមហ៊ុនរបស់ខ្ញុំ។ ទាំងនេះគ្រាន់តែជាលើកឡើងត្រួសៗតែប៉ុណ្ណោះ ខណៈដែលមានចំណុចល្អជាច្រើនទៀត ដែលកើតចេញពីសកម្មភាពនៃការវិនិយោគនៅក្នុងស្រុកនេះ”។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានមានប្រសាសន៍ថា វិស័យឯកជនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់រប​ស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាទៅទូទាំងប្រទេស ជាពិសេសការអភិវឌ្ឍនៅក្នុងវិស័យលំនៅដ្ឋាន ដូចជាបុរី និងបណ្តុំលំនៅដ្ឋានដែលមានជាង៣០០គម្រោង។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ ដល់អ្នកអភិវឌ្ឍន៍បុរីលំនៅស្ថានដែលបានកែច្នៃគម្រោងនីមួយៗ ឱ្យមានសោភណ្ឌភាព និងរឹងមាំ ដែលអាចចូលរួមលើកកំពស់បរិស្ថាន ដោយបានរួមចំណែកបង្កើតផ្ទៃបៃតង សំដៅទប់ស្កាត់បំរែបំរួលអាកាសធាតុ។ នៅក្នុងបុរីនីមួយៗយ៉ាងហោចណាស់ ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង៥ទៅ៦គីឡូម៉ែត្រ បើមិនមានការស្ថាបនាផ្លូវ លូ ឬភ្លើងបំភ្លឺទេនោះគឺមិនអាចងាយស្រួលលក់ដូរសម្រួលដល់ការរស់នៅរបស់អតិថិជននោះឡើយ។

លោកជា សុផារ៉ាបានបញ្ជាក់ថា “យើងបានទទួលស្គាល់ថា ទីណាដែលមានបុរី គឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយ ដែលប្រជាពលរដ្ឋមានទុនដើម្បីទិញលំនៅស្ថានក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុងការឆ្លើយតបជាមួយនឹងអតិថិជនរបស់ខ្លួន”។លោកបន្តថា “សន្តិសុខនៅទីនោះត្រូវបានធានា ដែលនេះ ក៏អាចនិយាយបានថាជាការរួមចំណែក នៅក្នុងការអភិវឌ្ឍភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបាននូវក្តីកង្វល់  ឬការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ”។

ក្រៅពីនេះក៏យើងវាយតំលៃខ្ពស់ថា ដោយសារការអភិវឌ្ឍបែបនេះ ហើយទើបយុវជនមានការងារធ្វើ បន្ថែមពីនេះចំពោះការអភិវឌ្ឍលំនៅស្ថានរបស់ម្ចាស់បុរី ហាក់ដូចជាបានជួយរកការងារធ្វើអោយវិស្វករស្ថាបត្យករ អ្នកសិក្សាគំរោងប្លង់ផងដែរ”៕

ការសិក្សារបស់គេហទំព័រ propertyarea.asia បង្ហាញថាប្រជាជនភាគច្រើនមានទំនោរលើការវិនិយោគដីធ្លីច្រើនជាងផ្ទះ

ដោយៈ ប៊ី

ភ្នំពេញៈ យោងតាមការសិក្សារបស់គេហទំព័រ Propertyarea.asia និង Cambodiafinancialtimes បានរកឃើញថា ប្រជាជនកម្ពុជាភាគច្រើនមានទំនោរទៅលើការវិនិយោគនៅក្នុងវិស័យដីធ្លីច្រើនជាងការវិនិយោគផ្ទះសម្បែង ក្រោមហេតុផលថា ការវិនិយោគលើដីធ្លីមានភាពងាយស្រួលជាងការលក់ផ្ទះ ហើយអាចទទួលបានចំណេញច្រើនក្នុងពេលដ៏ខ្លី។

មិនថាចចំពោះការទិញផ្ទះ ឬទិញដីនោះទេ គឺសុទ្ធតែមានសារៈប្រយោជន៍របស់វារៀងៗខ្លួន តែអ្វីដែលសំខាន់គឺគោលបំណងរបស់អ្នក ថាតើទិញក្នុងគោលបំណងអ្វី? អ្នកត្រូវបែងចែកឱ្យច្បាស់ថាអ្នកទិញទុកសម្រាប់វិនិយោគ ឬទិញសម្រាប់រស់នៅ?

មនុស្សចំនួន២១នាក់ ក្នុងចំណោម៣០នាក់ ដែលបានឆ្លើយតបនឹងសំនួររបស់គេទំហំព័រ Propertyarea.asia បង្ហាញចំណាប់អារម្មណ៍ថា ការវិនិយោគលើដីធ្លីនឹងបង្កើតផលចំណេញបានលឿនជាងផ្ទះ ហើយមានភាពងាយស្រួលលក់ជាងផ្ទះ។

អ្នកឆ្លើយតបម្នាក់បានឱ្យដឹងថា គាត់ទិញដីទុក ហើយសុខចិត្តជួលផ្ទះនៅ ព្រោះស្រលាញ់ដីណាស់ ខណៈដែលអ្នកឆ្លើយតបម្នាក់ទៀតបានឱ្យដឹងថា គាត់ទិញដីទុកដើម្បីជាទុនដំបូង និងឈានទៅដល់ការទិញផ្ទះជាជំហានបន្ទាប់។

ការបញ្ចេញមតិនានាទាក់ទងនឹងការទិញផ្ទះ និងដី៖
អ្នកជំនាញនៅក្នុងវិស័យនេះបានលើកឡើងថា បើអ្នកមិនទាន់មានផ្ទះជាកម្មសិទ្ធិរបស់ខ្លួនទេ ការទិញផ្ទះសម្រាប់រស់នៅ គឺជារឿងដំបូងដែលអ្នកត្រូវតែធ្វើ និងស័ក្ដិសមបំផុតសម្រាប់អ្នក ព្រោះអ្នកទិញហើយ អ្នកអាចចូលរស់នៅបានភ្លាមៗ ឬចំណុចពិសេសមួយទៀតនោះ បើអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ អ្នកគួរទិញផ្ទះដោយការបង់រំ ព្រោះអ្នកត្រូវចំណាយប្រាក់សម្រាប់បង់រំលស់ប្រចាំខែ ដោយប្រាក់មួយចំណែក ហើយអ្នកអាចចំណេញពីប្រាក់ដែលអ្នកធ្លាប់បង់ថ្លៃផ្ទះជួលរាល់ខែ។

ដោយឡែក បើអ្នកចង់ទិញដីសម្រាប់សាងសង់ផ្ទះខ្លួនឯង អ្នកត្រូវចំណាយពេលសម្រាប់ការសាងសង់ ហើយកំឡុងពេលសាងសង់អ្នកនៅតែចំណាយថ្លៃជួលផ្ទះនៅបណ្ដេះអាសន្ន ទម្រាំផ្ទះរបស់អ្នកសាងសង់រួច។ មួយវិញទៀតបើអ្នកមានបំណងចង់ទិញបង់រំលស់ទៀតនោះ នឹងធ្វើឱ្យអ្នកចំណាយពេលយូរ ព្រោះទម្រាំអ្នកបង់រំលស់ដីដាច់ អ្នកត្រូវមានប្រាក់សម្រាប់សាងសង់ផ្ទះទៀត នោះធ្វើឱ្យអ្នកត្រូវសន្សំប្រាក់យូរសម្រាប់ផ្ទះមួយ។

ការវិនិយោគលើអចលនទ្រព្យទាំងពីរប្រភេទនេះសុទ្ធសឹងតែផ្ដល់ផលចំណេញនៅពេលក្រោយ។ ជាក់ស្ដែង បើអ្នកវិនិយោគលើការទិញដី អ្នកអាចចំណេញបានលឿនជាងផ្ទះ ប៉ុន្ដែក្នុងរូបរាងជាតម្លៃ និងហាងឆេងដីតែប៉ុណ្ណោះ។ លុះត្រាតែអ្នកលក់ដីមួយកន្លែងនោះចេញ ទើបឃើញថ្លៃចំណេញបន្ទាប់ពីរយៈពេលទិញទុកជាសាច់ប្រាក់សុទ្ធ៕

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំងព្រមានប្រជាពលរដ្ឋប្រយ័ត្នទិញដីឡូតិ៍ដែលគ្មានលិខិតស្នាមត្រឹមត្រូវ

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង ៖ ដោយមើលឃើញពីសកម្មភាពប្រាសចាកពីច្បាប់មួយចំនួនទៅលើការប្រកាសដាក់លក់ដីឡូតិ៍គ្មានច្បាប់ដែលកំពុងកើតមាននៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំតាមរយៈមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទិញគម្រោងដីឡូតិ៍ត្រូវពិនិត្យមើលរាល់ឯកសារដែលពាក់ព័ន្ធស្របច្បាប់ជាមុនជៀសវាងចាញ់បោកជនខិលខូច។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបាន ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយច្បាប់បន្ទាប់ឃើញមានការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមពីគម្រោងលក់ដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលមិនមានច្បាប់អនុញ្ញាតនៅឡើយ។

តាមរយៈសេចក្ដីប្រកាសដដែលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះមានករណីបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” ជាបន្តបន្ទាប់អំពីគម្រោងដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តាមការពិនិត្យលើវីដេអូផ្សព្វផ្សាយនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនថាៈ

-គំរោងដីឡូ ឬការអភិវឌ្ឍដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំមានសុំលិខិតអនុញ្ញាតត្រឹមត្រូវស្របតាមប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះទេ។
-ទីតាំងដីឡូតិ៍ដែលបានផ្សព្វផ្សាយធ្វើអាជីវកម្មក្នុងបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ទេ។
-ទីតាំងនេះស្ថិតក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មានកុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់។

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍គម្រោងដីឡូតិ៍នៅក្នុងខេត្តកំពង់បច្ចុប្បន្នកំពុងមានភាពផុសផុល ដែលក្នុងនោះមានគម្រោងខ្លះអនុវត្តស្របតាមច្បាប់កំណត់ត្រឹមត្រូវ ប៉ុន្តែក៏មានឈ្មួញខិលខូចខ្លះប្រកាសលក់ដីខ្យល់ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។ ដូច្នេះ ដើម្បីបង្ការនូវភាពខាតបង់ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ សម្រាប់គម្រោងដីឡូតិ៍គឺត្រូវស្នើសុំលិខិតអនុញ្ញាធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដោយឡែកសម្រាប់អ្នកទិញក៏ត្រូវពិនិត្យទៅលើឯកសារពាក់ព័ន្ធនឹងផ្លូវច្បាប់នៃគម្រោងឱ្យបានរួចរាល់មុនពេលសម្រេចចិត្តទិញ៕

គម្រោងNaga3ដែលគ្រោងចាយទុន៣,៥ពាន់លានដុល្លារនឹងក្លាយអាគារខ្ពស់ជាងគេនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អះអាងថា គម្រោងNaga3 ដែលគ្រោងចំណាយទុនវិនិយោគប្រាក់៣,៥ពាន់លានដុល្លារនឹងក្លាយអាគារខ្ពស់ជាងគេនៅកម្ពុជា ខណៈការដ្ឋានសាងសង់មជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំនេះបានចាប់ផ្តើមជាផ្លូវការហើយ។

យោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះកាលពីថ្មីៗនេះបានឱ្យដឹងថា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះនៅក្នុងខែមករា។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានបញ្ជាក់ថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។
គម្រោង ដែលមានទំហំគិតជាទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់ ៥២ ជាន់ ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារ ចំនួន ១៧ ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដី ចំនួន ៤ជាន់ សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោង មានចំនួន ៥០០ ០០០ ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ។

ការរចនាកំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺក្រុមហ៊ុន Steelman & Partners និងក្រុមហ៊ុន Skidmore, Ownings & Merrill LLP (SOM) ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន SOM បានឲ្យដឹងថា “ណាហ្គា ៣ នឹងក្លាយជាទីតាំងសម្គាល់ ដែលលិចធ្លោរបំផុត សម្រាប់ទីក្រុងភ្នំពេញ នាពេលអនាគត។ ជាមួយនឹងចំណុចខ្ពស់បំផុតនៃប៉មប៉ែកខាងជើង អាចឲ្យឃើញនូវទិដ្ឋភាព ដែលគ្មានគូប្រៀបនៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញនេះ”៕

ក្រុមហ៊ុន​លំដាប់​យក្ស​របស់​កាណាដា​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិកក្នុងតម្លៃ ២៥ពាន់​លាន​ដុល្លារ

ដោយៈ ឧ​ត្ត​ម

កាណាដាៈ ក្រុមហ៊ុន​ផ្លូវដែក​លំដាប់​យក្ស​ប្រទេស​កាណាដា ឈ្មោះ Canadian Pacific Railway Ltd បានប្រកាស​កាលពី​ថ្ងៃអាទិត្យ ទី២១ មីនា​ថា ខ្លួន​បាន​ព្រមព្រៀង​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​របស់​សហរដ្ឋអាមេរិក Kansas City Southern ក្នុងតម្លៃ​រហូតដល់​ទៅ២៥ពាន់​លាន​ដុល្លារ។

ក្នុង​កិច្ចព្រមព្រៀង​ទិញ​លក់ នឹង​ទូទាត់​ជា​សាច់ប្រាក់ និង​ភាគហ៊ុន ដើម្បី​បង្កើត​បណ្តាញ​ផ្លូវដែក​ដំបូងបង្អស់ ដែល​ភ្ជាប់​សហរដ្ឋអាមេរិក ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ប្រទេស​កាណាដា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ក្រុមហ៊ុន​ទាំង២បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ថា ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Canadian Pacific Railway Ltd នឹង​ទទួលបាន​ភាគហ៊ុន​ដែលមាន​តម្លៃ ០,៤៨៩ ក្នុង​មួយ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Canadian Pacific Railway Ltd និង​សាច់ប្រាក់៩០ដុល្លារ សម្រាប់​ភាគហ៊ុននីមួយៗ ដែល​ខ្លួន​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​ដដែល​នេះ។

កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ចំពេល​មានការ​រំពឹងទុក​ថា ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹងមាន​សន្ទុះ​កើនឡើង ក្រោយ​លោក​ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ជំនួស​លោក ដូ​ណា​ល់ ត្រាំ។

ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Kansas City Southern បានអនុម័ត​ការដេញថ្លៃ​នេះ​រួចហើយ ខណៈ​ក្រុមហ៊ុន២ក៏បាន​ជូនដំណឹង​ជា​ផ្លូវការ ដល់​ក្រុមប្រឹក្សា​ដឹកជញ្ជូន (STB) នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក រួចហើយ​ដែរ ដែល​រង់ចាំតែ​ការអនុម័ត​របស់​ក្រុមប្រឹក្សា​ដឹកជញ្ជូន​លើ​កិច្ចព្រមព្រៀង​នេះ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Canadian Pacific Railway Ltd គឺជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្លូវដែក​ធំ​បំផុត​ទី២ របស់​ប្រទេស​កាណាដា ចំណែកឯ​ក្រុមហ៊ុន​ធំ​បំផុត​ទី១ គឺ​ក្រុមហ៊ុន​ផ្លូវ Canadian National Railway Co Ltd ដែលមាន​តម្លៃ​ទីផ្សារ​រហូតដល់​ទៅ ៥០,៦ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​នេះ​កាន់កាប់ និង​ធ្វើ​ប្រតិបត្តិការ​ផ្លូវដែក​ដឹកទំនិញ​ឆ្លង​ទ្វីប ក្នុងប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ ការដឹកជញ្ជូន​ទំនិញ​គ្រាប់​ធញ្ញជាតិ រកចំណូលបាន​រហូត​ដល់​ទៅ​ប្រមាណ២៤% នៃ​ប្រាក់ចំណូល​ដឹកទំនិញ​សរុប​របស់​ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំ២០២។

ក្រុមហ៊ុន Kansas City Southern មាន​ប្រតិបត្តិការ​ផ្លូវដែក​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​នៅ​ទ្វីបអាមេរិក​ខាងជើង ដោយ​ផ្តោតលើ​ច្រករបៀង​ដឹកទំនិញ​ភាគ​ខាងជើង និង​ភាគខាងត្បូង ភ្ជាប់​ទីផ្សារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​កណ្តាល​សហរដ្ឋអាមេរិក ជាមួយ​ទីក្រុង​ឧស្សាហកម្ម​នានា​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក។

ការប៉ុនប៉ង​លើកចុងក្រោយ​នេះ របស់​ក្រុមហ៊ុន Canadian Pacific Railway Ltd ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​អាមេរិក ធ្វើឡើង​ក្រោយ​ខ្លួន​ទម្លាក់ចោល​ការដេញថ្លៃ​យក​ក្រុមហ៊ុន​ផ្លូវដែក សហរដ្ឋអាមេរិក Norfolk Southern Corp ក្នុងតម្លៃ ២៨,៤ ពាន់​លាន​ដុល្លារ នៅ​ខែមេសា ឆ្នាំ២០១៦ ។

ការចរចា​ច្របាច់​បញ្ចូល​គ្នា របស់​ក្រុមហ៊ុន Canadian Pacific Railway Ltd ជាមួយ​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិក CSX Corp ដែល​កាន់កាប់​បណ្ដាញ​ផ្លូវដែក​មួយ​ភាគ​ធំ​នៅ​សហរដ្ឋអាមេរិក ភាគ​ខាងកើត​បាន​បរាជ័យ​ក្នុង​ឆ្នាំ២០១៤ ។

ការដេញថ្លៃ​របស់​ក្រុមហ៊ុន​ផ្លូវដែក Canadian National Railway Co ដើម្បី​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិក Burlington Northern Santa Fe របស់​កំពូល​មហាសេដ្ឋី Warren Buffett ក៏ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋអាមេរិក រារាំង​ផងដែរ​ក្នុង​ឆ្នាំ១៩៩៩ និង​ឆ្នាំ២០០០ ៕