អាជ្ញាធរខេត្តមណ្ឌលគីរីចាប់ផ្តើមស្រាវជ្រាវប្រមូលដីដែលត្រូវបំពានខុសច្បាប់មកធ្វើជាកម្មសិទ្ឋរបស់រដ្ឋវិញ

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ខណៈដែលគម្រោងសាងសង់ព្រលានយន្ដហោះ ខ្នាតតំបន់ខេត្តមណ្ឌគីរី កំពុងត្រូវបានក្រុមហ៊ុនជំនាញចិនពន្លឿនការសិក្សាលម្អិត និងឈានទៅរកការចាប់ផ្តើមបង្កើតម្លង់មេនៃគម្រោងនៅគេសង្កេតឃើញថា សកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងមានភាពមមាញឹក ហើយក្នុងនោះក៏មានករណីបំពានដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ គណៈកម្មការខេត្តមណ្ឌលគិរីក្រោមការវត្តមានរបស់លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរីបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំអូររាំង ស្រុកសែនមនោរម្យ ក្រុងសែនមនោរម្យ ពីជនខិលខូចប្រគល់ជូនក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌីគ្រប់គ្រងវិញ។

លោកជាក់ ម៉េងហ៊ាង បានលើកឡើងថា ទីតាំងដីដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំជាង៤៧២ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា បន្ទាប់ពីមានគោលការណ៍ណែនាំពីលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាព បំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។

លោកបន្តថា បន្ទាប់ពីក្រុមការងារចម្រុះបានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួន មានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។

ដោយឡែកនៅក្នុងកិច្ចសន្យា ប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្តបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដីដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើ​ញក្រុមហ៊ុនចូលរួម ដែលមានលោកចាន់ ប៊ុនថុល តំណាងឲ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុនបានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានាកើតឡើង៕

ដំណឹងល្អៈស្ពានតភ្ជាប់ស្រុកស្ទឹងត្រង់ និងក្រូចឆ្មារដាក់ឲ្យដំណើរការ បណ្តោះអាសន្នហើយ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ស្ពានតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ត្រូវបានក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ប     ណ្តោះអាសន្ន​នូវ​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ដែល​ឆ្លង​កាត់​ទន្លេមេគង្គ ចាប់​ពី​ថ្ងៃ​នេះ​តទៅហើយ។

ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​មីនា​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ថា “ពេល​យើង​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​នឹង​មាន​ការ​កកស្ទះ (ឆ្លង​ស្រឡាង) យើង​មិន​ចង់​ឱ្យ​គាត់​ប្រើ​ស្រឡាង​ទៀត​ទេ គឺ​ពលរដ្ឋ​អាច​ប្រើ​ស្ពាន​នេះ ​បាន​អ៊ីចឹង​សម្តេច​តេជោ​លោក​បាន​ឯកភាព​ថា ​ឱ្យ​បើក​ស្ពាន​នេះ ​ធ្វើដំណើរ​បណ្តោះអាសន្ន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ”។

លោក​ឱ្យ​ដឹង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​នេះ នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ។

បើតាម​លោក ស៊ុន ចាន់ថុល តាម​គម្រោង​ស្ពាន​នេះ​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ពន្លឿន​ការ​សាងសង់​ បាន​បញ្ចប់​មុន​កាល​កំណត់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់ ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប១១៣១ ម៉ែត្រ និង​ទទឹង១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​មេ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧៕

សូចនា​កា​រៈ​អចលនទ្រព្យ៦ប្រភេទ​កំពុងមាន​សកម្មភាព​ច្រើន​នៅពេល​បច្ចុប្បន្ន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អចលនវត្ថុ​ដែល​កំពុង​តែមាន​សកម្ម​ភាព និង​ដំណើរការ​ទូទាំងប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្ន ត្រូវបាន​គេ​បែង​ចែកចេញជា​ប្រភេទផ្សេងៗពីគ្នា ដោយ​ក្នុងនោះ ហើយ​ប្រភេទនីមួយៗ នៅតែមាន​តម្រូវការ​ជាក់ស្ដែង បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​កំពុង​រាតត្បាត​ដោយ​ជំងឺឆ្លង​ក៏ដោយ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ​ថា អចលនវត្ថុ​ដែល​កំពុងមាន​សកម្មភាព នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​បែង​ចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយ​សម្រាប់​តម្រូវការ និង​តម្លៃ​ដែល​ត្រូវបាន​ដាក់លក់ ជួល នៅលើ​ទីផ្សារ​ក៏មាន​កម្រិត​ខុសគ្នា​ផងដែរ។

លោក​បាន​ពន្យល់ថា “អចលនវត្ថុ​ទាំង៦ប្រភេទ ដែល​ត្រូវបាន​បែងចែក​ដូច​ការលើកឡើង​ខាងលើនេះ​រួមមាន​ដូចជា ទី១ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ទី២ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន ឬ​ផ្ទះ​អាជីវកម្ម ទី៣ អចលនវត្ថុ​បម្រើ​ផ្នែក​ទីតាំង​ជួល ឬ​លក់រាយ ទី៤ អចលនវត្ថុ​បម្រើ​ផ្នែក​ឧស្សាហកម្ម ទី៥ អចលនវត្ថុ​បម្រើ​ផ្នែក​កសិកម្ម និង​ទី៦ អចលនវត្ថុ​បម្រើ​ផ្នែក​សេវាកម្មផ្សេងៗ ដូចជា​ការិយាល័យ​ជួល និង​ទេសចរណ៍។

-ទី១ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ

អចលនវត្ថុ​ប្រភេទ​នេះ គឺមាន​តម្រូវការ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ន ហើយនឹង​នៅ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ខណៈដែល​តម្រូវការ​ទីផ្សារ​នៅមាន ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា។ អចលនវត្ថុ​ប្រភេទ​នេះ រួមមាន​ផ្ទះល្វែង ផ្ទះ​វីឡា ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី ក៏ដូចជា​ផ្ទះ​សហកម្មសិទ្ធិ ឬ​ជា​ប្រភេទ​ខុន​ដូ។

-ទី២ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន ឬ​ផ្ទះ​អាជីវកម្ម

សម្រាប់​អចលនវត្ថុ​ប្រភេទ​នេះ​គឺមាន​តម្លៃ​ថ្លៃ និង​ច្រើន​ស្ថិត​នៅជាប់​ផ្លូវធំ ជួរមុខ ដែល​ក្រៅពី​សម្រាប់​ស្នាក់នៅ ក៏មាន​ភាពងាយស្រួល ក្នុងការ​ប្រកប​អាជីវកម្មផ្សេងៗ មិនជា​ការ​បើ​ហាង​អាហា​រដ្ឋា​ន ហាង​កាហ្វេ ឬ​ជា​អាជីវកម្ម​ប្រចាំ​គ្រួសារ​ជាច្រើន​ប្រភេទ​ទៀត។

-ទី៣ អចលនវត្ថុ​បម្រើ​ផ្នែក​ទីតាំង​ជួល ឬ​លក់រាយ

អចលនវត្ថុ​ប្រភេទ​នេះ គឺ​បម្រើ​ដល់​ការជួល ឬ​ទីតាំង​លក់រាយ​នៅក្នុង Super Market, Mall , Shopping Mall  ឬ Mart ជាដើម។

-ទី៤ អចលនវត្ថុ​បម្រើ​ផ្នែក​ឧស្សាហកម្ម

សម្រាប់​បម្រើ​ជាទី​តាំង​សាងសង់​រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ស្ថិតនៅក្នុង​វិស័យ​ឧស្សាហកម្ម។

-ទី៥ អចលនវត្ថុ​បម្រើ​ផ្នែក​កសិកម្ម

សម្រាប់​បម្រើ​ដល់​ការដាំដុះ ការ​បង្កបង្កើនផល អាច​ប្រភេទ​កសិដ្ឋាន​លក្ខណៈ​គ្រួសារ ឬ​សហគមន៍ ក៏ដូចជា​កសិដ្ឋាន​កម្រិត​ខ្ពស់​សម្រាប់ធ្វើ​ការនាំចេញ។

-ទី៦ អចលនវត្ថុ​បម្រើ​ផ្នែក​សេវាកម្មផ្សេងៗ

អចលនវត្ថុ​ប្រភេទ​នេះ រួមមាន​ដូចជា​ការិយាល័យ​ជួល សណ្ឋាគារ​ដែល​បម្រើ​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ក៏ដូចជា​តំបន់​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ជាដើម។

គ្រប់​ប្រភេទ​អចលនវត្ថុ​ទាំងអស់ ដូច​បាន​រៀបរាប់​ខាងលើនេះ បច្ចុប្បន្ន​គឺ​សុទ្ធ​តែមាន​សកម្មភាព និង​តម្រូវការ​ទីផ្សារ​ទាំងអស់ ហើយ​មាន​កម្រិត​តម្លៃផ្សេងៗពីគ្នា អាស្រ័យ​ទៅតាម​ទីតាំង និង​ភាព​មាន​តម្រូវ​ការចាំបាច់​ជាក់ស្ដែង៕

អ្នកជំនាញ​ថា​តម្លៃ​ដី​នៅ​តំបន់​ភ្នំពេញ​ថ្មី​បាន​ឈានដល់​តំណាក់កាល​ទ្រឹង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​ភ្នំពេញ​ថ្មី​នៃ​ខណ្ឌ​សែន​សុខ ដែល​ធ្លាប់តែ​ជា​តំបន់​មាន​ប្រជាប្រិយភាព​ក្នុង​ការទិញ​លក់ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​លើ​មធ្យម​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ពេលនេះ​បាន​ឈានដល់​ដំណាក់កាល​ទ្រឹង ខណៈដែល​តម្លៃ​បាន​ឡើង​ខ្ពស់​ដល់​កម្រិត​មួយ​រួចទៅហើយ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ​ថា ភ្នំពេញ​ថ្មី​នៅពេល​បច្ចុប្បន្ននេះ បាន​ផ្លាស់ប្ដូរ​មុខមាត់​ពី​តំបន់​ជាយក្រុង មកជា​តំបន់​ដែលមាន​ការ​អភិ​វ  ឌ្ឍ​ក្នុង​វិស័យ​លំនៅដ្ឋាន និង​កំពុង​បន្ត​ឈានទៅ​បង្កើត ជា​តំបន់​ពាណិជ្ជកម្ម​កម្រិត​មធ្យម​បន្ទាប់​តំបន់​ទួលគោក។

លោក​បាន​បន្តថា “ភ្នំពេញ​ថ្មី​មាន​វិសាលភាព​ធំ​ទូលាយ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនជាង​តំបន់​ដទៃ ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​រួមគ្នា ក្នុងនោះ​ក៏បាន​ចាក់​បំពេញ​ទៅដោយ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន កម្រិត​មធ្យម​រួចជាស្រេច​ទៅហើយ” ។ លោក​បន្តថា “បច្ចុប្បន្ន​ក៏​មិន​ស័ក្ដិសម ទៅនឹង​គម្រោង​លំនៅដ្ឋាន ដែលមាន​តម្លៃ​ជាង ១០ម៉ឺ​ដុល្លារ​ក្នុង​មួយ​ខ្នង​នោះ​ទៀត​ដែរ” ។

លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​បន្តថា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម ឬ​ក្រោម ១០ម៉ឺន​ដុល្លារ អាចធ្វើ​បាន​ចំពោះ​តំបន់ ដែលមាន​តម្លៃ​ដី​ក្រោម៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​គិត​ត្រឹមតែ​នៅ​តំបន់​ជាយ​ភ្នំពេញ​ថ្មី ទាប​បំផុត​ក៏ ៣៥០-៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ហើយ​តំបន់​ដែលមាន​ប្រជាប្រិយភាព​អាច​ស្ថិតក្នុង​ចន្លោះ២០០០-២៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ តម្លៃ​ដី​នេះ​បាន​ឈានដល់​ចំណុច​មួយ​ខ្ពស់​រួចទៅហើយ ដែល​អាច​និយាយបានថា ឈានដល់​ដំណាក់កាល​ទ្រឹង ដែល​អាច​ត្រូវការ​រយៈពេល​យូរ​បន្តិច​ទើប​អាចមាន​កំណើន​កើនឡើង​បន្ថែមទៀត។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ ធ្លាប់បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​មុននេះ​ថា បើទោះជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​ក៏ដោយ ក៏មាន​ភ្ញៀវ​មួយចំនួន​ស្វែងរក​ដី សម្រាប់​សាងសង់​ជា​លំនៅដ្ឋាន​លក្ខណៈ​ឯកជន​ដាច់ដោយឡែក ឬ​សម្រាប់​សាងសង់​ឃ្លាំង ដែល​ស្ថិតនៅតាម​តំបន់​ជាយក្រុង ប៉ុន្តែ​ពិបាក​រក​ព្រោះ​តម្លៃ​ដី​រាង​ខ្ពស់​បន្តិច។

លោកស្រី​បន្តថា “ជាធម្មតា​សម្រាប់​ដី​សាងសង់​លំនៅដ្ឋាន រាង​ថ្លៃ​បន្តិច​ក៏​នៅតែមាន​អ្នកត្រូវការ​ដែរ ព្រោះ​ស្ថិតនៅ​តំបន់​ទីប្រជុំជន ឬ​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ស្រាប់ ប៉ុន្តែ​សម្រាប់​ដី​សាងសង់​ឃ្លាំង​ទុក​ជួល បើ​ឡើង​ខ្ពស់​ពេក​គេ​ពិបាក​ទិញយក ព្រោះ​ត្រូវ​សាងសង់​ជាឃ្លាំង​ហើយ រង់ចាំ​ទទួលយក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​ត្រឡប់មកវិញ” ៕

ក្រុង​សៀមរាប​ទាក់ទាញ​គំរោង​វិនិយោគ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​កាន់តែច្រើន

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ខេត្តសៀមរាប​បាន និង​កំពុង​ត្រៀម​ចាប់ផ្តើម​បញ្ចេញ​ពន្លឺ​ជាថ្មី តាមរយៈ​ការប្តេជ្ញាចិត្ត​វិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​ការវិនិយោគ​ពី​វិស័យ​ឯកជន ដែល​បាននិងកំពុង​សម្លឹង​ឃើញ​សក្តានុពល​របស់​ខេត្ត​នេះ។

ដូចជា​វិនិយោគ​ដទៃទៀត ម្ចាស់​គម្រោង Angkor Grace Resort បាន​បង្កើតឡើង​នូវ​គំរោង​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ដែល​អាច​ទុកចិត្តបាន និង​មាន​ប្រវត្តិ​ស្នាដៃ​ល្អ ទំនុកចិត្ត និង​ផាសុកភាព​សម្រាប់​អ្នកវិនិយោគ និង​អនាគត​អ្នក​ជួល​នឹងត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ។

គម្រោង Angkor Grace Resort ដែល​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេលឆាប់ៗនេះ។ កត្តា​សំខាន់​សម្រាប់​ទំនុកចិត្ត និង​ផាសុកភាព​នេះ​កើតឡើង ដោយសារ​អ្នកផ្តើមគំនិត​សាងសង់​នូវ​គម្រោង ដែល​គិតគូរ​ពី​បរិស្ថាន (eco-friendly project) គឺ​មិនមែន​អ្នកណា​ផ្សេង ក្រៅពី​អ្នក​អភិវឌ្ឍន៍​គម្រោង 240 Phnom Penh និង The Peninsula Private Residences ដែល​ធ្លាប់​ទទួលបាន​ភាពជោគជ័យ និង​ទទួល​ពានរង្វាន់​ជាច្រើន។

សំរាប់​គម្រោង Angkor Grace Resort សំណង់​នៃ​គម្រោង 70% ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដែល​បាន​ប្រើប្រាស់ សម្ភារ​ដែលមាន​គុណភាព​ខ្ពស់ ដូចជា បង្អួច​នាំចូល​ពី​ប្រទេស​បែលហ្ស៊ិក ដែលមាន​គុណភាព​ភ្លឺ​ស្អាត ស្រដៀង​ទៅនឹង​សម្ភារ​ដែល​ប្រើប្រាស់​សម្រាប់​គម្រោង​ខុន​ដូ 240 Phnom Penh ដែរ។ គម្រោង Angkor Grace Resort បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ដោយ​ក្រុមហ៊ុន​នេះ​ធ្លាប់បាន​សាងសង់​នូវ​គម្រោងធំៗជាច្រើន​ដូចជា អាកាសយានដ្ឋាន​សៀមរាប សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ 5 ដូចជា Anantara Angkor Resort & Spa និង​រមណីយដ្ឋាន​លំដាប់​ផ្កាយ5ផ្សេងៗ ដូចជា Alila Villas នៅ​កោះ​ឫស្សី នោះ​គឺ​ក្រុមហ៊ុន​សំណង់ BSN ដែល​ទទួលខុសត្រូវ​ក្នុងការ​សាងសង់​គម្រោង Angkor Grace Resort នេះ​ផងដែរ។

ដើម្បី​ចូលរួម​អបអរ​នៃ​ការបង្កើត​គំរោង​នេះ​ឡើង អ្នក​អភិវឌ្ឍន​គំរោង​បាន​សាងសង់​នូវ​វិចិត្រសាល​តូច​មួយ (Mini Gallery) ដែលមាន​ទីតាំង​ទល់មុខ ហាង​កាហ្វេ Enso Café និង ខុន​ដូ 240 Phnom Penh។ វិចិត្រសាល​តូច​មួយ​នេះ បង្កើតឡើង​ដើម្បី​តាំង​បង្ហាញ​អំពីរ​លក្ខណៈពិសេស នៃ​គំរោង​ក៏ដូចជា​ភាព​ពិសេស​ពិសាល នៃ​តំបន់​អង្គរ​នៃ​ក្រុង​សៀមរាប​រាជធានី​បុរាណ​ដ៏​ល្បីល្បាញ​របស់​យើង។

ជាមួយនឹង​ការសាងសង់​យ៉ាង​មមាញឹក នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង៣៨ខ្សែ ការកែលំអរ​ស្ទឹង​សៀមរាប ឲ្យ​មាន​សោភ័ណភាព ខេត្តសៀមរាប​បាននិងកំពុង​ទាក់ទាញ​គម្រោង​វិនិយោគធំៗជាច្រើន ដូចជា គំរោង​បោះទុន ៣៥០លាន​ដុល្លារ​របស់​ក្រុមហ៊ុន Naga Corp, ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ កំពុងអភិវឌ្ឍន៍​រម​ណី​យ​ដ្ឋា​ន​កៅ​ក្បែរ​ប្រាសាទបន្ទាយស្រី ក្រុមហ៊ុន​យូ​ណាន​របស់​ចិន​កំពុង​សាងសង់ ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី និង​គំរោង​ជាច្រើន​ទៀត ដែល​នឹង​បង្ហាញខ្លួន​នាពេលខាងមុខ និង​គំរោង​វិនិយោគ​បុរី​ដ៏​ធំ​របស់​សហគ្រាស​កាណាឌីយ៉ា​លើ​បុរី​ទេសចរណ៍​ជាដើម៕

តោះ​សិក្សា​ចំណុចពិសេសៗនៃ​ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​កោះនរា

ដោយ​គង់ សូរិយា

ភ្នំពេញៈ ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​ពេជ្រ និង​កោះនរា និង​ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​កោះនរា​និង​ផ្លូវជាតិ​លេខ១បាននិងកំពុង​សាងសង់​យ៉ាងសកម្ម តើ​ស្ពាន​នេះ​មាន​លក្ខណៈពិសេស​ដូចម្តេច?។

យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ដែល​បានបង្ហាញ​កាលពី​រសៀល​ថ្ងៃទី២៥ តុលា​កន្លងមក​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ១ មាន​បែង​ចែង​លើ​ចំណុចសំខាន់ៗមួយចំនួន រួមមាន ទី១-អំពី​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា មាន​ប្រវែង​សរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ។

ស្ពាន​នេះ​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង៤៨៣ម៉ែត្រ។ សសរស្ពាន​មាន​គម្លាត ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ ។ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន ត្រើយ​ខាង​កោះ​ពេជ្រ​ប្រវែង២៤៩ម៉ែត្រ។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង៩២ម៉ែត្រ ។ ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២ទៅ និង​គន្លង​ចំនួន២មក ដែល១គន្លង​មាន​ទទឹង៣.២៥ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន១ទៅ និង​គន្លង​ចំនួន១មក ដែលមាន​ទទឹង១.២៥ម៉ែត្រ​សងខាង។

អំពី​ល្បឿន​ចរាចរណ៍

ល្បឿន​សុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាល​ទទឹង​ស្ពាន ២% ។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០ម៉ែត្រ គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស។ សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាននីមួយៗប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨ដើម មាន​ទំហំ​អង្កត់ផ្ចិត ២ម៉ែត្រ គ្រឹះ​ខួង​សសរ​ទី១មាន​ជម្រៅ ៥៩.៤០ម៉ែត្រ និង​សសរ​ទី២មាន​ជម្រៅ៧៣.៤០ម៉ែត្រ។ ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣ ។ ជើងតាង​ស្ពាន​មាន​ទំហំ២៤.៣ម៉ែត្រ​x១៧.៧ម៉ែត្រ​x៤.៥ម៉ែត្រ។

កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨ម៉ែត្រ​នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨ម៉ែត្រ នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត។ គម្លាត​ពីស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង១៨០ម៉ែត្រ។ សសរស្ពាន​ខ្សែកាបនីមួយៗមាន​ខ្សែកាប​ចំនួន១ជួរ១៦ដើម​សងខាង ក្នុង១ដើម​មានភ្ជាប់​ខ្សែកាបតូចៗពី២៧ដើម ទៅ៣១ដើម ដែលមាន​អង្កត់​ផ្ចឹ​ត ១៥.២មី​លី​ម៉ែត្រ។

រចនាបទ​ខ្មែរ

សសរស្ពាន​ខ្សែកាប​ទាំង២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ។  មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ព្ពា​ន រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ។

គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០ដុល្លា​អាមេរិក។ រយៈពេល​សាងសង់ ៣៥ខែ។ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC ។

២-អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អា​មេ ត​ភ្ជាប់​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ១ បណ្តោយ​ស្ពាន​សរុប​ប្រវែង៦០ម៉ែត្រ ទទឹង​ស្ពាន២១ម៉ែត្រ បណ្តោយ​ស្ពានបេតុង៤៥ម៉ែត្រ ផ្លូវ​គល់ស្ពាន​សងខាង១៥ម៉ែត្រ និង​ចំណាយ​រយៈពេល​សាងសង់១២ខែ ៕

ទីផ្សារ​អចលនទ្រព្យ​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង ត្រូវការ​ពេលវេលា​បន្ថែមទៀត ខណៈ​ជប៉ុន​សិក្សា​រកឃើញថា

ដោយៈ រ៉ា​ណេ​ត 

កំពង់ឆ្នាំងៈ ខុសគ្នា​ពី​បណ្តា​ខេត្ត​មួយចំនួន ដែលមាន​ព​ញ​រំ​ប្រទល់​ជាប់​គ្នា​ដូចជា​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់​ដែល​ទីផ្សារ​អ​លន​ទ្រព្យ នៅក្នុង​ទីប្រជុំជន​នៃ​ខេត្ត​មាន​សកម្មភាព​ទិញ​លក់​ជា​បន្តបន្ទាប់​នោះ សម្រាប់​ខេត្តកំពង់ឆ្នាំង​នៅតែមាន​សភាព​ស្ងប់ស្ងាត់ ខណៈដែល​កំណើន​ប្រជាសាស្ត្រ និង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​នៅមានកម្រិត​នៅឡើយ។

លោក លី សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា សកម្មភាព​នៃ​ការទិញ-លក់​អ​ល​ចនទ្រ​ព្យ ក៏ដូចជា​ដីធ្លី​នៅក្នុង​ខេត្តកំពង់ឆ្នាំង បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខេត្ត​ដទៃ ដែល​ស្ថិត​នៅជាប់​គ្នា​គឺ​មិនសូវមាន​សន្ទុះ​ខ្លាំង​ទេ ពោលគឺ​មាន​ដែរ​តែ​មិន​មមាញឹក  ហើយ​ស្ថិតក្នុង​ទ្រង់ទ្រាយ​តូច​នៅឡើយ ដែល​អាច​កើ​ចេញពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ច្រើនជាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មកពី​តំបន់​ក្រុង។

លោក​បន្តថា “បើ​យើង​ពិនិត្យ​មើលទៅ​យើង​ឃើញ មាន​សកម្មភាព​អភិវឌ្ឍន៍​តិចតួច​នៅតាម​តំបន់​មួយចំនួន​ក្នុង​ក្រុង ឬ​ទី​រួម​ខេត្ត ក៏ដូចជា​ស្រុក​មួយចំនួន​ប៉ុណ្ណោះ” ។ លោក​បន្តថា “បើ​មាន​ក្រុមហ៊ុន​ណា ឬ​ម្ចាស់​គម្រោង​ណាមួយ​និយាយ​ខុសពី​ការពិត ឬ​ប្រកាស​លក់​គម្រោង​ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ មន្ទីរ​តែងតែ​ជូនដំណឹង កុំឱ្យ​មានការ​ខាតបង់​ប្រយោជន៍​ដល់​អតិថិជន ឬ​ធុរកិច្ច” ។

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូបនេះ​បាន​បញ្ជាក់ថា សម្រាប់​អ្នកវិនិយោគ​ដែល​មក​ស្វែងរក​ទិញ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ គឺ​នៅ​មិនទាន់មាន​នោះទេ មានតែ​ឈ្មួញ​ដើរ​ទិញ​ដី​ដែលមាន​តម្លៃទាបៗ ដូចជា ប្រភេទ​ដីស្រែ និង​ដីចំការ​ជាដើម ប៉ុន្តែ​បើ​ទិញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ធំៗនៅ​មិនទាន់​ឃើញ​មាន​ច្រើន​នោះទេ។

លោក​ឧកញ៉ា​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ថ្លែងថា​លោក សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ពី​ទីផ្សារ​អ​ល​ចនទ្រ​ព្យ​កម្ពុជា​នៅក្នុង​ដំណាក់កាល​ពេលនេះ ព្រោះ​ជា​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំ​ងឹ​កូ​វីដ១៩ ដែល​តម្រូវឱ្យ​មានការ​ចូលរួម​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ទាំងអស់គ្នា​ដែលជា​រឿង​ចាំបាច់​បំផុត។

កន្លងមក​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ធ្លាប់បាន​សិក្សា​និង​រកឃើញថា ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ជា​Hubមួយ សម្រាប់​ជា​មូលដ្ឋាន​ចែកចាយ និង​ស្តុក​ទំនិញ​នាពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សក្តានុពល​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ប៉ុន្តែ​ខេត្ត​នេះ​មិនទាន់មាន​ភាព​ទាក់ទាញ​ការវិនិយោគ​នៅឡើយ ដោយសារ​កត្តា​ជាច្រើន។

ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ៩០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ជា​ខេត្ត​មាន​ព្រលានយន្តហោះ ដែល​បាន​សាងសង់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ៕

រដ្ឋាភិបាល​ស្នើ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យធំៗ សម្រួល​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះ និង​ខុន​ដូ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ នៅ​កម្ពុជា​ឲ្យ​ធ្វើការ​បន្ធូរបន្ថយ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ និង​ខុន​ដូ ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ពី​បញ្ហា​ប្រឈម នៃ​វិស័យ​អចលនវត្ថុ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ និង​វិធានការ​អនុគ្រោះផ្សេងៗ ដល់​អ្នកទិញ​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា។

សេ​ចក​ក្តី​ប្រកាស​ព៌​ត​មាន​ដដែល​បាន​បន្តថា ក្នុងស្ថានភាព​បច្ចុប្បន្ន នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែល​បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​សម្ពោធ​ហិរញ្ញវត្ថុ របស់​ប្រជាពលរដ្ឋ ជា​អ្នកទិញ​អចលនវត្ថុ នៅតាម​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពាវនាវ និង​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់​ចំនួន៤ចំ ណុ​ច​រួមមាន ទី១ ពិនិត្យ​ពី​លទ្ធភាព​បន្ធូរបន្ថយ លក្ខខណ្ឌ​បង់​រំលស់ ទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន។

ទី២ លើកលែង​ការផាកពិន័យ ចំពោះ​អ្នកទិញ​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា ក្នុងករណី​ដែល​អ្នកទិញ​យឺតយ៉ាវ មិនបាន​បង់ប្រាក់​តាម​កាលកំណត់។ ទី៣ មិន​ត្រូវមាន​បន្ទុក​ការប្រាក់ ឬ​ជាប់​ការពិន័យ​បន្ថែម ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​បង់ប្រាក់​រំលស់។ ទី៤ ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​នានា ដល់​អតិថិជន​របស់​ខ្លួន លើ​ការបង់​រំលស់​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា និង​ទី៥ អនុវត្ត​វិធានការ​ទាំងនេះ ឲ្យ​មាន​ប្រសិទ្ធភាព រហូតដល់​ដំណាច់​ខែមីនា ឆ្នាំ២០២២ ។

ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​បន្ត​តាមដាន​ការវិវត្ត​សភាពការណ៍ថ្មីៗបន្តទៀត ព្រមទាំង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងការ​អនុវត្ត​វិធានការ​ខាងលើ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់៕

រដ្ឋាភិបាលកំពុងរៀបចំយុទ្ឋសាស្រ្តអាជីវកម្មប្រកបដោយបរិយាប័ន្នឆ្លើយតប នឹងប្រជាជន១,៧លាននាក់

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ  រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ស្តីពី ​ការជំរុញ​អាជីវកម្ម​បរិយាប័ន្ន​កម្ពុជា​ ​ដែល​គ្រោង​នឹង​អនុម័ត​ជា​ផ្លូវការ​ នៅពេល​ឆាប់ៗ​ដោយ​គេ​រំពឹងថា គំរូ​អាជីវកម្ម​បរិយាប័ន្ន ​នឹង​អាចឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ក្រីក្រ និង​អ្នកមាន​ចំណូល​ទាប​ចំនួន១,៧​លាន​នាក់​ត្រឹម​ឆ្នាំ​២០២៣​។

កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អន្តរក្រសួង ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សមាគម​អាជីវកម្ម ក្រុមហ៊ុន​អាជីវកម្ម​បរិយាប័ន្ន វិនិយោគិន អ្នកសម្របសម្រួល​ និង​ជំរុញ​ធុរកិច្ច ពិសេស​លេខាធិការដ្ឋាន​អាស៊ាន​ ក្នុង​គណៈកម្មាធិការ​សម្របសម្រួល​អាស៊ាន ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​មីក្រូ​ធុន​តូច និង​មធ្យម (ACCMSME)​។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បាន​និយាយថា អាជីវកម្ម​បរិយាប័ន្ន (Inclusive Business IB) ​គឺជា​បណ្តាញ​អាជីវកម្ម​ប្រកប​ដោយ​លក្ខណពិសេស​ ឈរលើ​គោលការណ៍​បែប​ពាណិជ្ជកម្ម ហើយ​ពោរពេញ​ដោយ​ភាពច្នៃប្រឌិត នវានុវត្តន៍ និង​មាន​ចំណូល​គួរឱ្យកត់សម្គាល់​។

លោក​បន្ថែមថា “អាជីវកម្ម​បរិយាប័ន្ន​ បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់ ​ក្នុង​ការផ្តល់​ដំណោះស្រាយ​លើ​ការផ្តល់​ចំណូល និង​លើកកម្ពស់​ជីវភាព​ របស់​បណ្តា​ប្រជាជន​ក្រីក្រ និង​អ្នកមាន​ចំណូល​ទាប​ ដែលមាន​លក្ខណៈ​ប្រព័ន្ធ និង​ចីរភាព​”។

លោកចម ប្រសិទ្ឋបាន​ថ្លែងបន្តថា ​មូលហេតុ​នេះហើយ ​បាន​ជា​យើង​ចាំបាច់​ត្រូវការ​ជំរុញ​លើកទឹកចិត្ត​ ដល់​បណ្តា​ក្រុមហ៊ុន​ប្រភេទ​អាជីវកម្ម​បរិយាប័ន្ន ដើម្បី​រួមចំណែក​សម្រេ​ចបាន​ទស្សនៈ​រដ្ឋាភិបាល​ ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០។

លោក​ឱ្យដឹងថា គំនិត​ក្នុង​ការជំរុញ​អាជីវកម្ម​បរិយាប័ន្ន​នៅ​កម្ពុជា (IBeeC)​បាន​ផ្តួចផ្តើម​អភិវឌ្ឍ​ន៍នៅ​ឆ្នាំ​ ២០១៩-២០២០​។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍លោក ហេង សុខគង់បានមានប្រសាសន៍​ឱ្យដឹងថា យុទ្ធសាស្ត្រ​នេះ​ផ្តោតជាសំខាន់​ចំនួន៩ ចំណុ​ច រួមមាន​ ការគាំទ្រ​សម្រាប់​ស្ថាប័ន​ជំរុញ​អាជីវកម្ម​បរិយាប័ន្ន ការលើកកម្ពស់​ការយល់ដឹង ការវាយតម្លៃ​ទទួលស្គាល់​អាជីវកម្ម​បរិយាប័ន្ន ការផ្តល់​ការបណ្តុះបណ្តាល​ជំរុញ​ទៅដល់​បណ្តា​អាជីវកម្ម​បរិយាប័ន្ន​សក្តានុពល និង​មូលនិធិ​កាត់បន្ថយ​ហានិភ័យ ធានា​ដល់​វិនិយោគិន​ក្នុង​ការបណ្តាក់ទុន​លើ​អាជីវកម្ម​បរិយាប័ន្ន​។

លោក​បន្ថែមថា “យុទ្ធសាស្ត្រ​នេះ ​ក៏​ផ្តោតទៅលើ​ការផ្តល់​ការលើក​ទឹកចិត្ត ការផ្តល់​អាទិភាព​ ដល់​ក្រុមហ៊ុន​អាជីវកម្ម​បរិយាប័ន្ន និង​សហគ្រាស​សង្គម ​ក្នុង​លទ្ធកម្ម​សាធារណៈ ការ​តាមដាន ត្រួតពិនិត្យ និង​រាយការណ៍​ពី​ការជះឥទ្ធិពល​សង្គម កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ដើម្បី​ពង្រឹង​របៀបវារៈ​អាជីវកម្ម​បរិយាប័ន្ន នៅក្នុង​តំបន់”​៕

ក្រុងដូនកែវ ខេត្តតាកែវនឹងមានផ្សារណាត់ពាក់កណ្តាលទំនើបជាលើកដំបូង

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុងដូនកែវ ខេត្តតាកែវនឹងមានផ្សារពាក់កណ្តាលទំនើបជាលើកដំបូង ដែលជាគម្រោងវិនិយោគ ដោយវិនិយោគិនក្នុងស្រុក។

ផ្សារណាត់នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងខេត្តតាកែវ ត្រូវបានសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ផ្សារនេះមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងលោកស្រី បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានបុកគ្រឹះសាងសង់ផ្សារណាត់ថ្មីឡើងវិញ ដោយមានការចូលរួមពីលោក ឡោ ជំនិត និងភរិយាជាវិនិយោគិនផ្សារណាត់។

លោកអភិបាលក្រុងដូនកែវ ខេត្តតាកែវបានបញ្ចាក់ឲ្យដឹងថា ផ្អែកតាមការឲ្យដឹងពីប្រធានវិនិយោគផ្សារណាត់ ផ្សារនេះមានកម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដែលនឹងត្រូវចំណាយពេលសាងសង់ជាងមួយឆ្នាំ ពោលគឺនឹងរួចរាល់ក្នុងឆ្នាំ២០២២​។ សមិទ្ធិផលថ្មីមួយនេះ និងលើកកម្ពស់ជីវភាពបងប្អូនអាជីវកដែលធ្លាប់លក់ដូរនៅកន្លែងចាស់ឲ្យប្រសើឡើង ព្រោះមានតូបមានប្លង់ត្រឹមត្រូវសម្រាប់លក់ដូរតកូនតចៅ។

ទោះបីប្រទេសកម្ពុជាយើងកំពុងរងការរាតត្បាត ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនរំខានដល់ការអភិវឌ្ឍលើគ្រប់វិស័យននោះទេ ដោយសារបច្ចុប្បន្ននេះកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ៕