កំណើនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា អាចកម្រើកឡើងវិញនៅចុងឆមាសី២ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងអំឡុងចុងឆមាសទី២ ឬដើមឆ្នាំ២០២២ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងទទួលបានប្រសិទ្ធភាពខ្ពស់ជាសាកល។

តាមការព្យាករណ៍របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា កាលបីពេលថ្មីៗនេះបានឱ្យដឹងថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូតដល់ចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំក្រោយទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។

លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “សកម្មភាពសាងសង់នៅពេលបច្ចុប្បន្នភាគច្រើនជាគម្រោងដែលបន្សល់ទុកតាំងពីឆ្នាំចាស់ ហើយមួយចំណែកទៀតជាគម្រោងដែលផ្តួចផ្តើមឡើងដោយអ្នកអភិវឌ្ឍន៍ក្នុងស្រុកប៉ុណ្ណោះ ដោយឡែកគម្រោងថ្មីមកពីក្រៅស្រុកបន្ថែមដូចជានៅមិនទាន់មាននៅឡើយនោះទេ។ សម្រាប់ទុនវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយណាស់បើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ និងបន្តមកដល់ឆ្នាំ២០២១នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។

លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ ដោយការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំបន្ទាប់”៕

គម្រោង “ភូមិកីឡា” ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបម្រើដល់អត្តពលិករាប់ពាន់នាក់នៅស៊ីហ្គេមឆ្នាំ២០២៣

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងសាងសង់ភូមិកីឡា ដែលត្រូវសាងសង់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី រាបពាន់នាក់ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣។

ភូមិកីឡា ឬដែលគេនិយមហៅថា បុរីកីឡា ជាតម្រូវការក្នុងការសាងសង់ក្នុងកីឡដ្ឋានជាតិមរតកតេជោ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅលើទំព័រ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការជាមួយក្រុមហ៊ុនឯកជន World Bridge Sport Village ដោយនៅក្នុងគម្រោងសាងសង់ភូមិកីឡានេះ ឃើញថាមានសោភ័ណ្ឌភាព រចនាបទល្អ និងគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។

ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។

ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣០០០នាក់ទៀត សរុបប្រមាណ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ពហុកីឡដ្ឋានមរតកតេជោនឹងបញ្ចប់ការបំពាក់កៅអីអង្គុយទស្សនានៅត្រឹម ខែមេសាខាងមុខនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការពន្លឿនល្បឿននៃការសាងសង់ ដើម្បីអាចបញ្ចប់ទៅតាមការគ្រោងទុក និងត្រៀមស្វាគមន៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ពេលខាងមុខនេះ។

ពហុកីឡដ្ឋានមរតកតេជោដ៏ធំប្រចាំប្រទេស ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ក្នុង​បរិវេណទីក្រុងរណបលីយ៉ុងផាត់ បច្ចុប្បន្នកំពុងរៀបចំ និងបំពាក់សម្ភារៈអង្គុយទស្សនាដែលរួមមានកៅអីសុវត្ថិភាពជាដើម គ្រោងនឹងបញ្ចប់ការបំពាក់នៅត្រឹមអំឡុងខែមេសាខាងមុខនេះ ខណៈដែលគម្រោងទាំងអស់សម្រេចបានជាង៩០ភាគរយ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ការបំពាក់កៅអីសម្រេចបានចំនួន១២០០០កៅអី ខណៈកៅអៅអង្គុយសម្រាប់កីឡដ្ឋានធំ(Main Stadium) គឺនៅសល់ ៤០.០០០កៅអីទៀត ដោយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ហើយការបំពាក់កៅអីនេះ នឹងអាចហើយរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១។

អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពហុកីឡដ្ឋានដ៏ទំនើបនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្ម អមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឱ្យបានឆាប់រហ័សផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យបានឆាប់រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡ​   ដ្ឋានធំនេះ ស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំ នៅទៅនោះដែរ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន។

កីឡដ្ឋាននេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ធនាគារ ហត្ថា អនុវត្តវិធានការការពារជំងឺកូវីដ១៩ យ៉ាងម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាពអតិថិជន និងបុគ្គលិក

ក្នុងនាមជា​ស្ថាប័នមួយ​ដែល​តែង​តែផ្តោត​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​សុខុមាលភាព​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន ធនាគារ ហត្ថា បាន​ធ្វើការ​អនុវត្ត​វិធានការ​ការពារជំងឺកូវីដ១៩ ​តាម​អនុសាសន៍​របស់​រាជ​រដ្ឋាភិបាល ក៏​ដូចជា​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត។ ការ​អនុវត្ត​វិធានការនេះ​គឺមិន​មែន​ទើប​តែចាប់ផ្តើម​ធ្វើ​នោះទេ ធនាគារ​ ហត្ថា​បាន​អនុវត្ត​ចាប់​តាំងពីមានការរក​ឃើញវត្តមានជំងឺកូវីដ១៩ ដំបូង​នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ។

ជាការ​ឆ្លើយ​តបទៅនឹង​ការ​ឆ្លង​ចូល​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​២០កុម្ភៈ ដែល​ការ​ចម្លង​ហាក់​ដូចជាមាន​សភាព​ធ្ងន់​ធ្ងរ​ជាង​ព្រឹត្តិការណ៍​មុនៗ ធនាគារ ហត្ថា បាន​ចាត់​វិធាន​ការ​ភ្លាមៗ ដើម្បី​ការពារ​សុវត្ថិភាព​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន ដែល​សកម្មភាព​ទាំងនោះ​រួម​មាន៖

១. ធ្វើការ​ផ្សព្វផ្សាយវិធានការ​ការពារ ៣កុំ និង៣ការពារ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទៅកាន់​បុគ្គលិក​ទាំង​អស់ ព្រម​ទាំង​អតិថិជន​។

២. បិទ​ QR code​ “ទប់ស្កាត់កូវីដ១៩-Stop COVID-19” នៅ​គ្រប់​ការិយាល័យ​សាខា​ទាំង​អស់ និង​តម្រូវ​ឱ្យ​អតិថិជន ព្រម​ទាំង​បុគ្គលិក​ទាំង​អស់​ធ្វើ​ការ​ស្កេន រាល់​ពេល​ចូល​ការិយាល័យ​នីមួយៗ។

៣. ធ្វើការ​វាស់​កំដៅ​ និង​បាញ់​អាកុលបុគ្គលិក​មុន​ពេល​ចូល​ការិយាល័យម្តងៗ (ពេលព្រឹក និងពេល​ថ្ងៃ) និង​តម្រូវ​ឱ្យ​បុគ្គលិកពាក់ម៉ាស់ និង​របាំង​មុខ​ជាប់​ជានិច្ច​នៅ​ក្នុងបរិវេណ​ការិយាល័យ​ធានាគារ។

៤. ​អតិថិជន​ដែល​ចូល​ការិយាល័យ​ត្រូវ​ធ្វើការ​វាស់​កំដៅ និង​បាញ់​អាកុលជាមុន​ ព្រម​ទាំង​​តម្រូវ​ឱ្យ​ពាក់​ម៉ាស់។​​

៥. កំណត់​គម្លាតដល់​អតិថិជនដែល​ត្រូវ​អង្គុយ​ចាំធ្វើ​ប្រតិបត្តិការ​បាន​ត្រឹម​ត្រូវ។

៦. ផ្លាស់​ប្តូរ​ការ​ប្រជុំ និង​វគ្គបណ្តុះ​បណ្តាល​ផ្សេងៗ​ពី​ការ​ជួប​ផ្ទាល់​ទៅ​ជា​អនឡាញ (Online)​ វិញ។

៧. រៀបចំចាត់ចែងបុគ្គលិក​មួយ​ចំនួន​ឱ្យធ្វើការ​ពីផ្ទះ ដើម្បីកាត់បន្ថយការ​ជួបផ្ទាល់​​ និង​រក្សាគម្លាតសង្គម​ឱ្យបាន​ល្អ​ក្នុង​ការិយាល័យ។

៨. បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងការិយាល័យជា​ទៀង​ទាត់។

សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យក​ចិត្តទុក​ដាក់​ចូលរួម​ទប់​ស្កាត់​ការរីក​រាល​ដាលជំងឺកូវីដ​១៩ នៅ​ប្រទេសកម្ពុជា។ បន្ថែម​ពីលើ​នេះ​ ធនាគារ ហត្ថា​ក៏ធ្លាប់​បាន​បរិច្ចាគ​ថវិការ​ចំនួន​២០០,០០០,០០០​រៀលដើម្បី​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ទិញ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ។

ការចូលរួម​​ទប់ស្កាត់ជំងឺកូវីដ១៩ គឺជា​ការ​ជួយ​ខ្លួនឯង ជួយ​ក្រុម​គ្រួសារ និង​ជួយ​សង្គមជាតិ​យើង​ទាំងមូល​។ ទាំងអស់គ្នា​អនុវត្ត ​៣កុំ និង​៣ការពារ ដើម្បី​កម្ពុជា​ជៀស​ផុត​ពីការ​ចម្លងជំងឺកូវីដ។

Le Condé BKK1 ចូលរួមអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖

ក្នុងឱកាសប្រារព្វទិវាពញរៃឈើអន្តរជាតិ ២១មីនា ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធទូទាំងសកលលោក ក្រុមការងារ Le Condé BKK1 បានចូលរួមផងដែរតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗនៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែមក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ ដែលអាចគាំពារ និងធ្វើឲ្យយើងគ្រប់គ្នារស់នៅប្រកបដោយនិរន្តរភាព។

តំណាងក្រុមការងារ Le Condé BKK1 បានប្រាប់ឱ្យដឹងថា ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗទៀត ដូចនេះយើងត្រូវរួបរួមគ្នាស្រឡាញ់ និងការពារធនធានធម្មជាតិដែលយើងមានឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

ប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រសើរឡើងមួយកម្រិត។ វត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមានការកើនឡើង នេះក៏ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។
ចំនុចវិជ្ជមានទាំងនេះ កើតឡោះងដោយសារតែមានការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិ។

កាលពីឆ្នាំមុន ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមនៅក្នុងសកម្មភាពអបអរសាទរទិវាព្រៃឈើអន្តរជាតិផងដែរ តាមរយៈការរប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់រាជធានីភ្នំពេញ រួមជាមួយនឹងសកម្មភាព ដាំដើមឈើនៅតាមសហគមន៍នានាដែលអាចចុះទៅដល់ ហើយក៏មានការចែកអំណោយដល់ប្រជាជនដែលក្រីក្រផងដែរ។

មួយវិញទៀត ក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដោយមើលឃើញពីតម្រូវការពិតប្រាកដនៃពិភពបៃតងនេះ គម្រោងអភិវឌ្ឍន៍ Le Condé BKK1 ក៏បានរចនាជាមួយសួនច្បារបៃតងនៅជាន់ទី៣២ ដែលមានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េ ដើម្បីផ្គត់ផ្គង់តម្រូវការនេះដល់អ្នករស់នៅទាំងអស់ប្រកបដោយភាពស្រស់ស្រាយបែបធម្មជាតិ។

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគត ដែលទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានទាំងសុខភាព និងសោភ័ណភាព ព្រមទាំងបរិស្ថានទាំងអស់ដែលនៅជុំវិញខ្លួន។ សូមរួបរួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍ និងមនុស្សជំនាន់ក្រោយ!

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគតយើង។ ទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានដល់យើងផងដែរទាំងសុខភាព សោភ័ណ្ឌភាព ព្រមទាំងបរិស្ថានទាំងអស់នៅជុំវិញយើងផងដែរ។

រួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍យើង និងមនុស្សជំនាន់ក្រោយ!

ប្រតិបត្តិករ ៖ ទីផ្សារដីធ្លីតំបន់ផ្លូវជាតិលេខ៥១ និង៤១ ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្នុងដំណាក់កាលនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនខុសគ្នាពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀតនោះឡើយ សម្រាប់សកម្មភាពទិញលក់ដីធ្លីនៅសងខាងផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ដែលធ្លាប់តែមានភាពផុសផុលនោះពេលនេះកំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ មានតែអ្នកចង់លក់ ប៉ុន្តែគ្មានអ្នកចង់ទិញ ខណៈដែលតម្លៃបានឡើងថ្លៃខ្ពស់រួចទៅហើយ។

លោកសុខ ចន្ថានាយកគ្រប់គ្រងទីផ្សារ និងផ្នែកលក់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Cham Roen Realty ដែលមានគម្រោងដីឡូតិ៍ចំនួន៣ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ការទិញលក់នៅក្នុងទីផ្សារដីធ្លីគឺមានភាពស្ងប់ស្ងាត់រហូតមិនអាចលក់ចេញសូម្បីមួយឡូតិ៍ ខុសប្លែកកាលពីដើមខែមករា ដែលក្នុងមួយខែអាចលក់បានមិនក្រោម១០ -១៥ឡូតិ៍។

លោកបញ្ជាក់ថា “ខ្ញុំជឿថា មិនមែនមានតែផ្លូវ៤១ ដែលខ្ញុំកំពុងកាន់គម្រោងលក់នេះទេដែលស្ងាត់ នៅតំបន់ផ្សេងទៀតក៏ស្ងាត់ដូចគ្នា ព្រោះក្នុងដំណាក់នេះគេមិនសូវចេញដើរក្រៅនោះទេ គេបារម្ភពីសុវត្ថិភាព។ ការឆ្លងលើកនេះ ខ្លាំងជាងពេលមុនៗ ដូច្នេះមិនសូវមានភ្ញៀវមកមើលគម្រោងទេ ដែលសូម្បីតែបុគ្គលិកខ្ញុំមួយចំនួនក៏ធ្វើការផ្សព្វផ្សាយតាមអនឡាញដែរ ទាល់តែមានភ្ញៀវណាត់ជួបទើបជូនមកមើល ប៉ុន្តែជាងមួយខែនេះស្ទើរតែគ្មានភ្ញៀវនោះទេ”។

យ៉ាងណាក៏ដោយលោកសុខ ចន្ថាបានបញ្ជាក់ថា ទោះជាមិនមានភ្ញៀវ និងលក់មានការធ្លាក់ចុះ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះ ជាក់ស្ដែងដីឡូតិ៍ដែលលោកកំពុងកាន់លក់នៅពេលបច្ចុប្បន្នស្ថិតនៅក្បែរស្ពានគុណគ្រូ ក្បែរផ្លូវជាតិ៤១តែម្ដង នៅតែរក្សាតម្លៃចាប់ពី១៦០០០-២០០០០ដុល្លារក្នុងមួយឡូតិ៍ដដែល ហើយគម្រោងដីឡូតិ៍ដែលចុះពីផ្លូវជាតិ៤១ចូលទៅក្នុងភូមិចម្ងាយជាង៧០០ម៉ែត្រក៏ត្រូវដាក់លក់ជាង៩០០០-១២០០០ដុល្លារក្នុងមួយឡូតិ៍ដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ មិនមានសកម្មភាពរស់រវើកដូចឆ្នាំ២០១៩នោះទេ។

លោកបានបន្តថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ២០២០ដូច្នោះដែរ”។

លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។

លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”៕

លោកបណ្ឌិតគីម ហ៊ាងលើកឡើងពីការប្រកាសរបស់រដ្ឋាភិបាលអំពាវនាវឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជួយសម្រួលលក្ខខ័ណ្ឌបង់ប្រាក់ដល់អតិថិជន

ដោយៈលក្ខិណា

ភ្នំពេញៈ កាលពីថ្ងៃទី២២មីនា ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសរួមស្ដីពីលទ្ធផលកិច្ចប្រជុំ លើបញ្ហាអចលនវត្ថុនៅកម្ពុជា ដោយបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា បន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ និងការលើកលែងមួយចំនួនទៀត។

នៅព្រឹកថ្ងៃទី២៣ មីនា ២០២១ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបប្រធានKW Cambodia បានសរសេរលើបណ្ដាញសង្គមរបស់លោក ពាក់ព័ន្ធនឹងបញ្ហាដោយលើកឡើងក្នុងនាមជាអ្នកទិញផង អ្នកអភិវឌ្ឍន៍ផង ជាម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ផង។

លោកបណ្ឌិត គីមហ៊ាងបានបន្តថា ក្នុងនាមអ្នកទិញផ្ទះ និងខុនដូ គឺពិតជាគាំទ្រ ១០០% តែបើក្នុងនាមអ្នកអភិវឌ្ឍន៌បុរីឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសា​រលុយសម្រាប់សាងសង់អោយចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួនខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហានោះ ម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់តាមការកំណត់ទេ។

លោកឧកញ៉ាបណ្ឌិតបន្តថា  ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ ពិតជាមានការព្រួយបារម្មខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រលប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើអោយចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កំលាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ ។

លោកបន្ថែម ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេស យកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃCovid19 ។

លោកគីម ហ៊ាងបញ្ជាក់ថា ក្នុងនាមលោកជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋជាតិជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង។

ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលជារលកទី៣នៅក្នុងប្រទេសកម្ពុជាបានបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ ដោយរកឃើញអ្នកឆ្លងរៀងរាល់ថ្ងៃ និងមានចំនួនច្រើន ព្រមទាំងមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ៕

អ្នកជំនាញ ៖ យ៉ាងយូរ៥ឆ្នាំទៀតតំបន់ផ្លូវក្រវាត់ក្រុងទី៣ក្នុងខេត្តកណ្តាល និងវិវឌ្ឍន៍ស្រដៀងតំបន់មួយចំនួនក្នុងខណ្ឌដង្កោរ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ផ្លូវក្រវាត់ក្រុងទី៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យជាច្រើនអះអាងថា ជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍យ៉ាងសកម្មពីសំណាក់វិស័យឯកជនខណៈមានការព្យាករថាយ៉ាងយូរនៅក្នុងចន្លោះ៣-៥ឆ្នាំខាងមុខទៀត តំបន់ខាងលើនេះអាចនឹងអភិវឌ្ឍន៍ប្រែរូបរាងស្រដៀងគ្នាទៅនឹងតំបន់ផ្លូវក្រវាត់ក្រុងទី៣ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ Chailin Sear Realty Co.,Ltd លោកស៊ា ឆៃលីន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងបរិបទដូចពេលបច្ចុប្បន្ន ប៉ុន្តែការទិញលក់ដីធ្លីនៅតំបន់ផ្លូវក្រវាត់ក្រុទី៣ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនៅតែបន្តមាន ដែលក្នុងនោះការទិញលក់ត្រូវបានបែងចែកចេញជា២ប្រភេទ គឺប្រភេទដីទំហំធំសម្រាប់អភិវឌ្ឍន៍ និងដីទំហំតូចសម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

លោកបានបន្តទៀតថា “បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែបន្តការសកម្មភាពសាងសង់ និងពង្រីកផ្លូវ ហើយសម្រាប់វិស័យឯកជនក៏កំពុងស្វែងរកទីតាំងសម្រាប់អនុវត្តគម្រោងរបស់ពួកគេ ដែលក្នុងនោះអ្នកខ្លះរកដីទំហំសម្រាប់អភិវឌ្ឍន៍ជាឃ្លាំង ឬសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មដូចជារោងចក្រ សហគ្រាសជាដើម ប៉ុន្តែមិនសូវពុះកញ្ជ្រោលដូចកាលពី១ឆ្នាំ ឬ២ឆ្នាំមុននោះទេ។ ដោយឡែកសម្រាប់ការស្វែងរកទិញដីទំហំតូចល្មមសម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជនក៏មានដែរ ហើយពាក់ព័ន្ធទៅនឹងតម្លៃទីផ្សារគឺវាអាស្រ័យទៅតាមតំបន់ដែលមានប្រជាជនរស់នៅស្រាប់ និងតំបន់ដែលមិនមានអ្នករស់នៅ”។

លោកបញ្ជាក់ថា “ផ្អែកតាមល្បឿននៃការអភិវឌ្ឍន៍ និងកំណើនប្រជាជនជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ខ្ញុំគិតថាយ៉ាងយូរអាចចំណាយពេលប្រមាណចន្លោះ ពី៣-៥ឆ្នាំ នៅតំបន់ផ្លូវក្រវាត់ក្រុងទីនេះក្នុងខេត្តកណ្តាលនេះ នឹងមានការវិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់ផ្លូវក្រវាត់ក្រុងទី៣ស្ថិតនៅក្នុងខណ្ឌដង្កោរ ហើយតម្លៃអចលនវត្ថុទៀតសោតក៏បន្តកើនឡើងបន្ថែមទៀត”។

លោកសៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance (CEA) Co.,Ltd បានទទួលស្គាល់នូវសកម្មភាពទិញលក់ដីធ្លីនៅតំបន់ផ្លូវក្រវាត់ទី៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃត្រូវបានលោកអះអាងថា បច្ចុប្បន្នដីនៅតំបន់ខ្លះបានឡើងខ្ពស់រហូតដល់ជាង៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានដីនៅទីតាំងខ្លះស្ថិតនៅចន្លោះពី៥០-៦០ដុល្លារក៏មានដែរ។ ថ្វីត្បិតស្ថិតនៅជាប់ផ្លូវក្រវាត់ក្រុងទី៣ដូចគ្នា ប៉ុន្តែតម្លៃមិនដូចគ្នានោះទេ ដែលវាអាស្រ័យទៅតាមតំបន់ដែលមានការអភិវឌ្ឍស្រាប់ និងតំបន់ដែលទើបតែចាប់ផ្តើមមានគម្រោងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា “ចាប់ពីចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខត្រង់ចំណុចភូមិស្រែអំពិល បើគិជាមធ្យមតម្លៃដីស្ថិតនៅក្នុងរង្វង់៣០០ដុល្លារ ឬលើសនេះតិចតួច ព្រោះជាតំបន់ដែលមានប្រជុំជនរស់នៅច្រើនស្រាប់ មានផ្សារក្នុងតំបន់ដែលអាចប្រកបអាជីវកម្មបាន ប៉ុន្តែបើស្ថិតនៅត្រង់ចំណុចផ្លូវបំបែករង្វង់មូល តម្លៃដីគិតជាមធ្យមធ្លាក់មកនៅត្រឹម២០០ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃទាំងនេះសម្រាប់ប្រភេទដីទំហំតូចក្រោម១ហិកតា ប៉ុន្តែបើដីទំហំធំជាងនេះតម្លៃដីធ្លាក់ចុះមកត្រឹម១៥០ ឬក្រោមនេះបន្តិច”។

លោកបន្តថា “ដោយឡែកសម្រាប់ដីដែលស្ថិតនៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដែលស្ថិតនៅខាងក្នុងតម្លៃដីអាចស្ថិតនៅត្រឹម៥៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃទាំងនេះនឹងបន្តឡើងថ្លៃក្រោយពេលគម្រោងអភិវឌ្ឍន៍នានាត្រូវបានចាប់ផ្តើមលេចចេញជារូបរាងកាន់តែច្បាស់ ជាពិសេសការបង្កើត និងសាងសង់ផ្លូវបន្ថែមក្នុងតំបន់ដែលមានទំហំ១៥ម៉ែត្រ និង៣០ម៉ែត្រជាដើម” ៕

“យីហោសណ្ឋាគារលំដាប់កំពូលពីរ” នៅលើពិភពលោកត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនណាហ្គាខប (NagaCorp) បានប្រកាសជើសរើសយីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោក រួមមានក្រុមហ៊ុន JW Marriott និង Grand Hyatt ដើម្បីគ្រប់គ្រងសណ្ឋាគាររនៅក្នុងគម្រោងណាហ្គា៣ ដែលបានចាប់ផ្តើមសាងសង់ជាផ្លូវការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនណាហ្គាខបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថាទៀតថា យីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោក គឺ JW Marriott និង Grand Hyatt ត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងប៉មមួយចំនួន។ ក្រុមហ៊ុន Moody’s Investors Service Inc និង S&P Global Ratings Inc ដែលជាភ្នាក់ងារវាយតម្លៃឈានមុខគេពីរនៅលើពិភពលោក បានយល់ព្រមគាំទ្រគម្រោងនេះរួចហើយ។

ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។
កាលពីក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើមបុកគ្រឹះសម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានថ្លែងឲ្យដឹងថា “គម្រោងនេះនឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់។ គម្រោងមានទំហំ គិតជាទឹកប្រាក់ចំនួន៣.៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ ចំនួនពីរផងដែរ”។

នៅក្នុងបរិវេណនោះនឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនូនសម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គាខប ដែលជាម្ចាស់កម្មសិទ្ធិណាហ្គា១ និងណាហ្គា២ បានដើរឈានមុខគេក្នុងការលើកស្ទួយមុខមាត់អន្តរជាតិរបស់ប្រទេសកម្ពុជាបង្កើតការងារជាច្រើន និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ក្នុងតំបន់។

នៅឆ្នាំ២០១៩ ណាហ្គាខបបានចូលរួមចំណែកប្រហែល២៧ភាគរយនៃកំណើនទេសចរណ៍ក្នុងស្រុកនិងប្រមាណ១,២ភាគរយ នៃផលិតផលក្នុងស្រុកនៅកម្ពុជា បើយោងតាមតួលេខដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិកម្ពុជា៕

ប្រធានសមាគមចំនួនពីរអះអាងថា វិស័យអចលនទ្រព្យនឹងមានភាពប្រសើរឡើងវិញបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍មួយរយៈពេលខ្លីនាពេលខាងមុខដ៏ខ្លី។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា ព្រឹត្តិការណ៍២០ កុម្ភៈ កូវីដ១៩ឆ្លងចូលចូលសហគមន៍គឺព្រឹត្តិការណ៍មួយរយៈពេលខ្លី ដែលយើងធ្លាប់មានបទពិសោធន៍ ក្នុងការគ្រប់គ្រងបាននាពេលកន្លងមក តែទាមទារឱ្យប្រជាជន និងស្ថាប័នអស់ទាំងអស់រួមគ្នា ទប់ស្កាត់វិបត្តិមួយនេះ ដើម្បីឈានដល់ការបិទព្រឹត្តិការណ៍ក្នុងពេលខាងមុខដ៏ឆាប់។

លោកបានថ្លែងថា “ខ្ញុំគិតថាព្រឹត្តិការណ៍២០ កុម្ភៈ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ហើ យសម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ ឆ្លងចូលសហគមន៍មួយនេះ”។

លោកបានថ្លែង បន្ទាប់ពីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះ អ្នករកស៊ីទទួលទានក្នុងអចលនទ្រព្យនឹងចាប់ផ្តើមសកម្មភាពវិនិយោគ ឬទិញលក់ឡើងវិញ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលធ្លាប់បានលើកឡើងថា អ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹម ក្រោយពីកម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែជាអកុសល ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះឡើងដែលអាចបង្កជាផលប៉ះពាល់ធំ សម្រាប់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រោះអ្នកទិញ-លក់ អចលនទ្រព្យគឺតែងរំពឹងថានឹងមានផលចំណេញអ្វីមួយ ក្រោយពីការទិញអចលនទ្រព្យ។

លោកបន្តថា “ពេលនេះ ពួកគាត់កំពុងព្រួយបារម្ភថា តើព្រឹត្តិការណ៍នាពេលនេះ នឹងប៉ះពាល់សេដ្ឋកិច្ចបែបណា ដែលធ្វើឲ្យពួកគាត់មានការស្ទាក់ស្ទើរក្នុងការទិញ”។

លោកសំ សុខនឿនបានថ្លែងទៀតថា ព្រឹត្តិការណ៍សហគមន៍នាពេលនេះ មិនបង្កផលប៉ះពាល់រយៈពេលវែង ទៅលើអ្នកវិនិយោគចិន ដែលវិនិយោគលើអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុឡើង ខណៈរដ្ឋាភិបាលនឹងអាចគ្រប់គ្រងកូវីដ១៩បាន ដោយមានការចូលរួមពីប្រជាជនទាំងអស់៕