សេដ្ឋវិទូៈ វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ងើបឡើងវិញ​បាន​ឆាប់រហ័ស

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​សំណង់ និង​អចលនទ្រព្យ នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ខណៈ​ក្នុងមួយឆ្នាំៗ វិស័យនេះ​បាន​ស្រូប​ទាញ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាជន។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​ថ្លែងប្រាប់​កាល​ចុង​សប្តាហ៍​កន្លងមកនេះ​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ រួមជាមួយ​នឹង​វិស័យសំខាន់ៗជាច្រើន នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស។

លោក​បាន​ឱ្យដឹងទៀតថា ជាមួយគ្នានេះដែរ វិស័យ​ទេសចរណ៍​នៅតែ​បន្ត​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដែល​មិនទាន់​អាច​ចូលរួមចំណែក ជួយ​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​វិស័យ​ដែល​យើង​រំពឹងទុក​ថា នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យ​សំណង់​និង​អចលនទ្រព្យ ព្រោះថា​វិស័យ​ទាំងអស់នេះ មិនសូវ​ជា​រង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​ទេ។

ទាក់ទង​នឹង​ការទម្លាក់​កញ្ចប់​ថវិកា ៨០០លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ លោក​បណ្ឌិត​បាន​ថ្លែងថា កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​នេះ គឺ​ផ្នែក​មួយ​ដែល​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែម ប៉ុន្តែ​ត្រូវ​ផ្តោតលើ​ការជំរុញ​វិស័យ​អទិភាព​ដូចជា វិស័យ​សំណង់​និង​អចលនទ្រព្យ វិស័យ​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ជាដើម។

ប្រទេស​កម្ពុជា​នៅតែ​ជាទី​កន្លែង ដែល​ស្រូប​ទាញ​ការវិនិយោគ​ច្រើន ក្នុង​វិស័យ​សំណង់ ដោយ​ទុនវិនិយោគ​ប្រមាណ ៧៧០០លាន​ដុល្លារ ត្រូវបាន​អនុម័ត​ដោយ​ក្រសួង​រៀបចំ​ដែនដី​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា ក្នុង​ឆ្នាំ២០២០កន្លងទៅ កម្ពុជា​ទទួលបាន​គម្រោង​សាងសង់ សំណង់​ទូទាំងប្រទេស​ចំនួន៤.៨៤១គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង២៩លាន​ម៉ែត្រក្រឡា និង​មានតម្លៃ​ប៉ាន់ស្មាន៧,៧៥ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ៣២,២១ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។

លោក​វ​ង្សី វិស្សុត ​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​កាលពីដើម​ឆ្នាំនេះ​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ត្រូវបាន​ចាត់ទុកជា ចន្ទល់​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

លោក​បាន​ថ្លែងថា “ខ្ញុំ​គិតថា​មកដល់ពេលនេះ វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ ដែលមាន​ភាពរឹងមាំ​គួរសម ដែល​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​យឺត” ។ លោក​បន្ថែមថា “សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់​ជាង​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ធ្លាក់ចុះ​ត្រឹម-៣.១ភាគរយ​ប៉ុណ្ណោះ។ ចំពោះ​វិស័យ​សំណង់​ធ្លាក់ចុះ​ពី-១៣ភាគរយ មក​ត្រឹម-២.៤៥ភាគរយ ហើយ​អ​ច​នល​ទ្រព្យ​ងើបឡើង​វិញ​ពី-៥ភាគរយ មក​ត្រឹម-៤ភាគរយ” ។

លោក​បាន​បន្ដថា “ជា​គោល​យោ​បាយ​ត្រូវ​ថែទាំ​វិស័យនេះ ដោយសារតែ​វិស័យ​ទាំង២នេះ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ​នៅពេល​មាន​វិបត្តិ។ រដ្ឋ​ក៏មាន​គោលនយោបាយ​មិន​យកពន្ធ ចំពោះ​អចលនទ្រព្យ​ក្រោម៧ម៉ឺន​ដុល្លារ ដូច្នេះ​ការលក់ដូរ​អចលនទ្រព្យ តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ​កើនឡើង ចំណែកឯ​វិស័យ​ខុន​ដូ និង​ផ្ទះ​មានតម្លៃ​ថ្លៃ​ធ្លាក់ចុះ” ៕

ការ​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល ជា​មូលដ្ឋានគ្រឹះ​សំខាន់​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច​លើកឡើងថា ការ​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​សារៈសំខាន់ ដើម្បី​បង្កើត​ឲ្យ​មាន​ទំនុកចិត្ដដ​ល់​បុគ្គលម្នាក់ៗ ក្នុងការ​ទាក់ទាញ​វិនិយោគ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ផ្ដល់​ការចាក់​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាជ​ជន។

លោក​បណ្ឌិត​ឆេង គីម​ឡុង នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍ ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​បាន​ថ្លែង​កាលពីថ្មីៗនេះ​ថា ការផ្ដល់​នេះ​ពិតជា​ត្រឹមត្រូវ និង​មាន​សារៈសំខាន់ ក្នុងការ​បង្កើត​ឲ្យ​មាន​ទំនុក​ចិ​ត្ដ សម្រាប់​បុគ្គលម្នាក់ៗ ក្នុងការ​ទាក់ទាញ​វិនិយោគ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

លោក​បាន​ថែ្ល​ង​ថា “ការចាក់​វ៉ាក់សាំង គឺជា​ការទប់ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ-១៩ ដែលមាន​សារៈសំខាន់ ក្នុងការ​ផ្ដល់នូវ​ប្រព័ន្ធ​ការពារ​រាងកាយ ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា” ។

តាម​បទ​អន្ដរាគមន៍​របស់​ប្រមុខ​ដឹកនាំ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ជនបរទេស​រស់នៅ​កម្ពុជា ក៏​អាច​ទទួលបាន​នូវ​វ៉ាក់សាំង​ដែរ ដូច្នេះ បញ្ជាក់​អំពី​ការចូលរួម​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ មិន​គ្រាន់តែ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ការពារ ដល់​ជនបរទេស​នៅ​កម្ពុជា​ផងដែរ។

លោក​បណ្ឌិត​ឆេង គីម​ឡុង​បាន​ថ្លែងថា “វ៉ាក់សាំង គឺជា​ការធានា​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ទាំង​ដល់​សហគមន៍ ទាំង​ដល់​បុគ្គលម្នាក់ៗ ក្នុងន័យ​ការពារ និង​រក្សា​នូវ​សន្ដិសុខ សុខភាព​សាធារណៈ​របស់​ប្រជាជន” ។

លោក​បណ្ឌិត​បាន​បន្តថា តាមរយៈ​ការផ្ដល់​នូវ​វ៉ាក់សាំង ដល់​ប្រជាជន គឺ​បង្កើត​ឲ្យ​មាន​ទំនុក​ចិ​ត្ដ សម្រាប់​បុគ្គលម្នាក់ៗ ទំនុក​ចិ​ត្ដរបស់​ប្រជាជន​ទូទៅ។ ទំនុក​ចិ​ត្ដ​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះថា​នៅពេលដែល​ប្រជាជន មាន​ទំនុក​ចិ​ត្ដ គាត់​អាចមាន​ទំនុក​ចិ​ត្ដ ក្នុងការ​ប្រកបមុខរប​រ​អាជីវកម្ម​ឡើងវិញ។

លោក​បានឱ្យដឹងថា ក្នុងដំណាក់កាល​រាជរដ្ឋាភិបាល អាច​គ្រប់គ្រង នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩បាន ប្រទេសជាតិ អាច​បើក​នូវ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ដែល​ស្ថិតនៅក្នុង​កម្រិត​គន្លង​ថ្មី។

លោក​ឆេង គឹម​ឡុង​បាន​ថ្លែងថា ពេលនោះ​មិន​គ្រាន់តែ​ទំនុក​ចិ​ត្ដ របស់​ប្រជាជន​នោះទេ វា​ផ្ដល់​ទំនុក​ចិ​ត្ដរបស់​វិស័យ​ឯកជន​ទូទៅ ទំនុក​ចិ​ត្ដរបស់​ស្ថាប័ន​សាធារណៈ ដែល​បង្ក​នូវ​មូលដ្ឋាន គ្រឹះ​សំខាន់ ដល់​សកម្មភាព​សង្គម សកម្មភាព​វប្បធម៌ សកម្មភាព​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ទូទៅ​ឲ្យ​ងើប​ឡើងវិញ។

ការ​ងើប​ឡើងវិញ ដែល​ជំរុញ​ដោយ​ទំនុក​ចិ​ត្ដរបស់​ប្រជាជន ទំនុក​ចិ​ត្ដរបស់​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ គឺជា​ការធានា ឲ្យ​មាន​សកម្មភាព ពាណិជ្ជកម្ម​សេដ្ឋកិច្ច ងើបឡើង​វិញ ដែល​នេះ​ជា​ចលករ ក្នុងការ​ជំរុញ​នូវ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច។

លោក​បណ្ឌិត​ឆេង គីម​ឡុង​បានឱ្យដឹងថា នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន បាន​ប្រមាណ៧០ភាគរយ ក្នុងចំណោម​នៃ​ប្រជាជន​សរុប​នោះ ប្រព័ន្ធ​ការពារ ជា​សហគមន៍​របស់​ក​ម្ពុ​ជា នឹង​សម្រេចបាន ហើយ​ការសម្រេចបាន​នេះ នឹង​កាត់បន្ថយ​បាន​ច្រើន នូវ​លទ្ធភាព​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

លោក​រំពឹងថា កម្ពុជា​នឹង​សម្រេចបាន​នៅ​ដំណាច់ឆ្នាំ២០២២ ក្នុង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន។ នៅពេលដែល​កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ បាន​ច្រើន​ហើយ​នោះ លោក​គិតថា ទាំង​ទេសចរណ៍​អន្ដរជាតិ ទាំង​ទេសចរណ៍​ក្នុងស្រុក នឹង​ឈានដល់​ចំណុច​មួយ មាន​សន្ទុះ​កើនឡើង ទាំង​លំហូ​ចូល​ធុរកិច្ច​អ្នក​វិនិយោគិន ពី​ក្រៅ​ស្រុក ក៏​នឹង​អាចធ្វើ​ដំណើរ​មកវិញ​ផងដែរ។

ការផ្ដល់​វ៉ាក់សាំង នៅ​ព្រម​ពេល​គ្នា លើ​ប្រទេស​ជុំវិញ​ពិភពលោក នឹង​ជា​ចំណុច​ល្អ​មួយ សម្រាប់​ការស្ដារ​សេដ្ឋកិច្ច នៅក្នុង​ពិភពលោក ដែល​សេដ្ឋកិច្ចពិភពលោក នៅក្នុង​តំបន់ ក៏​នឹង​ជួយ​សេដ្ឋកិច្ច​ក្នុងស្រុក​ដែរ។

លោក​ឆេង គឹម​ឡុង​បាន​បន្តថា “ការផ្ដល់​វ៉ាក់សាំង​ក្នុងស្រុក និង​ការផ្ដល់​វ៉ាក់សាំង របស់​រដ្ឋាភិបាល​ប្រទេសផ្សេងៗ ដល់​ប្រជាជន​នៅក្នុង​ប្រទេសវៀងៗខ្លួន គឺជា​មូលដ្ឋានគ្រឹះ សម្រាប់​ធានា​នូវ​សន្ដិសុខ ប្រជាជន សន្ដិសុខ​សាធារណៈ និង​ជំរុញ​ការស្ដារ នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ពិភពលោក” ៕

តើ​លំនៅដ្ឋាន​ខ្មែរ​សាងសង់ឡើង​ត្រូវ​ប្រកាន់​គោលការណ៍​អ្វីខ្លះ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការសាងសង់​លំនៅដ្ឋាន​របស់​ខ្មែរ ពិត​ជាមាន​ក្បូន​ខ្នាត​ត្រឹមត្រូវ និង​ច្បាស់លាស់ ព្រោះ​ការសាងសង់​មិន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត មិន​ត្រឹមតែ​គ្មាន​សោភ័ណភាព​នោះទេ តែ​ក៏​អាច​នាំ​គ្រោះ​ដល់​ម្ចាស់ផ្ទះ​ផងដែរ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន អគ្គលេខាធិការរង​នៃ​គណ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ពី​ដើម​ដូនតា​ខ្មែរ​យើង​សង់ផ្ទះ មាន​តំណម​បី​សំខាន់ ការសង់​ផ្ទះ​បែរ​ទិស​ផ្ទះ​ទៅតាម​រាសី​ម្ចាស់ផ្ទះ ការប្រើប្រាស់​គ្រឿង​ឈើ យកមក​សង់ អោយ​ត្រូវ​រៀប​តាម​ក្បួនខ្នាត កា​រៀប​ប្លង់​បាត​អោយ​ត្រូវ​កន្លែង​ទីតាំង តំណម។

លោក​បន្តថា ក្រៅពី​តំណម​តាម​ក្បួន ជាង​ក៏ត្រូវ​សិក្សា​ផ្ចិតផ្ចង់​យកចិត្តទុកដាក់​បន្ថែម​ទៀត ទាំង​សោ​ភ​ណ៌​ភាព​ផ្ទះ រួមទាំង​ការ​ស្គាល់ និង​ចេះ​ជ្រើស​យក​សម្ភា​រះ​សំណង់​ណា មានគុណ​ភាព ជាពិសេស​ត្រូវ​ដឹង​ពី​ជំងឺ​របស់​ផ្ទះ ជៀសវាង​ការជួស​ជុស​រំខាន​ជា​ញឹកញាប់។

ជាមួយគ្នានេះ លោក​ក៏បាន​ចែករំលែក​ទាក់ទង​នឹង​ទិស​ផ្ទះ​ផងដែរ ដែលជា​ទិស​ផ្តល់​សិរី​ល្អ​ដល់​ការរស់នៅ​ផងដែរ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន បាន​បន្តថា ទិស​ដែល​ខ្មែរ​និយម​ជាងគេ​គឺ​ទិសខាងកើត ទិស​ខាងត្បូង និង​ទិស​ខាងជើង។ ចំណែក​ទិស​ខាងលិច គេ​មិនសូវ​និយម​នោះទេ ដោយសារ​ខ្មែរ​មានជំនឿថា ជា ”ទិស​លិច” ឬ​ជា​ទិស​ថ្ងៃ​លិច ប៉ុន្តែ​ទិសខាងកើត​ជា​ទិស​ព្រះអាទិត្យ​រះ ដែល​តែងតែ​ទទួល​ពន្លឺព្រះអាទិត្យ​ស្ទើរ​ពេញ​មួយ​ព្រឹក ដែល​អ្នកមាន​ជំនឿ​គិតថា​វា​ជា​ទិស​នៃ​សិរី​ល្អ។

រីឯ​ទិស​ខាងត្បូង និង​ខាងជើង​ក៏​ជា​ទិស​ល្អ ដែ​ផ្តល់​ឲ្យ​ការរស់នៅ​មាន​សិរី​ល្អ និង​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និយម​ជ្រើសរើស​សម្រាប់​ការរស់នៅ​ផងដែរ៕

ការសិក្សា​ថ្មីៈ គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅ​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ​បាននិងកំពុង​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ​បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ បាន​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Groupជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ ដែល​មកពី​សាធារណៈរ​ដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម។

បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន មិន​ត្រឹមតែ​ជា​ដៃគូ​ផ្តល់ជំនួយ​ឥត​សំំ​ណង និង​កម្ចី​សប្បទាន​ធំជាងគេ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិន​ក៏​ជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ដូចជា​វិស័យ​ឧស្សាហកម្ម​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង វិ​ស័ង​សំណង់​និង​អចលនទ្រព្យ វិស័យ​គមនាគមន៍ វិស័យ​ថាមពល​អគ្គិសនី​ជាដើម។

លោក​យិន លាង​គង់ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyareaបាន​មានប្រសាសន៍ថា ចំណងមិត្តភាប​ដូច​ដែកថែប​រវាង​ប្រមុខ​រដ្ឋាភិបាល​ចិន ជាមួយ​អតីត​សម្តេចព្រះ​បរម​រតន​កោដិ នាពេល​កន្លងមក និង​ការត្រួសត្រាយ​ផ្លូវ​ជាថ្មី​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​និង​ចិន​ក្លាយជា​មិត្ត​ដែកថែប ដែល​មិនអាច​កាត់ផ្តាច់​បាន តាមរយៈ​ការដាក់ចេញ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​ការកសាង​បង្កើត​សហគមន៍​ពីរ វាសនា​តែមួយ។

លោក​បន្តថា “វត្តមាន​ចិន ជាការ​នាំ​មក​នូវ​វិបុលភាព​កម្ពុជា និង​ជាការ​ជំរុញ​ឲ្យ​កម្ពុជា​ឆ្ពោះទៅមុខ ការរិះគន់​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា ជា​ទង្វើ​របស់​ពួក​មនុស្ស​អគតិ​ប៉ុណ្ណោះ” ៕

ដំណឹង​ល្អៈ ក្រុមហ៊ុន OCIC នឹង​រៀបចំ​ផ្លូវ​ថ្មើរជើង និង​ផ្សារ​រាត្រី​ជុំវិញ​ទីក្រុង​កោះ​ពេជ្រ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន OCIC បាននិងកំពុង​រៀបចំ​តំបន់​កំសាន្ត​ពេល​រាត្រី និង​ផ្លូវ​ថ្មើ​ជើង​នៅ​ជុំវិញ​ទៅ​ក្រុង​រណប​កោះ​ពេជ្រ ដែល​កំពុង​រីកចម្រើន​និង​បង្ហាញ​នូវ​វត្តមាន​អាគារខ្ពស់ៗកាន់តែច្រើន។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ទីក្រុង​កោះ​ពេជ្រ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន ហើយ​យើង​កំពុង​រៀបចំ​តំបន់​កំសាន្ត​នាពេល​រាត្រី និង​ផ្លូវ​ថ្មើ​ជើង​នៅ​ជុំវិញ​ទីក្រុង​នេះ ព្រោះ​ក្នុង​ផែនការមេ​អភិវឌ្ឍន៍ គឺ​ទីក្រុង​នេះ​នឹងមាន​ផ្លូវ​ថ្មើ​ជើង​និង​ផ្សារ​រាត្រី​ព័​ទ្ឋ​ជុំវិញ។

លោក​បន្តថា “បច្ចុប្បន្ន​ការអភិវឌ្ឍ​ផ្ទៃដី​លើ​ទីក្រុង​ទាំងមូល ទើប​សម្រេចបាន​ប្រមាណ៥០ភាគរយ​ប៉ុណ្ណោះ ខណៈ​សាលសន្និសីទ​ដែលមាន​ពេល​បច្ចុប្បន្ននេះ នឹង​ផ្លាស់ប្តូរ​ទៅ​តំបន់​ទីក្រុង​រណប​ជ្រោយចង្វារ​នាពេល​អនាគត” ។

លោក​ទូច សំណាង បាន​បន្តថា យ៉ាងណាក៏ដោយ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង​នេះ កំពុង​ដើរ​តាម​លំ​អាន​ត្រឹមត្រូវ​ហើយ ដោយ​បច្ចុប្បន្ន​មាន​ផ្នែក​ជាច្រើន​បាន និង​កំពុង​បញ្ចប់​ការរៀបចំ​ផ្លូវ​ថ្មើ​ជើង និង​មាន​ភោជនីយដ្ឋាន​ចម្រុះ​ដែល​បំរើ​ឲ្យ​ការកំសាន្ត​នាពេល​រាត្រី។

តំបន់​កោះ​ពេជ្រ និង​ជុំវិញ​បាននិងកំពុង​ប្រែ​មុខមាត់ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់់​អន្តរជាតិ ដោយ​បច្ចុប្បន្ន​វត្តមាន​អាគារ​ពាណិជ្ជកម្មធំៗកំពុង​រីកដុះដាល ព្រោងព្រាត ដែល​នឹងធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ដើរ​ទិញ​ទំនិញ​មួយ នាពេល​អនាគត។

បច្ចុប្បន្ន​ផ្សារ​ទំនើប​ជាច្រើន​បាន​និង​កំ ពុង​ពង្រីក​វត្ត​មាននៅ​តំបន់​នេះ ដូចជា ផ្សារ​ក្នុង​អាគារ The Bridge, AEON MALL1, ផ្សារ One Mall, ផ្សារ The Capital ស្ថិតក្នុង​គំរោង The PeAk ជាដើម៕

គម្រោងបុរីលំនៅដ្ឋានទំនើបទាន់សម័យ កៀនស្វាយផាក ប្រកាសបើកលក់ជាផ្លូវការ និងអបអរសាទរខួប៦ឆ្នាំនៃក្រុមហ៊ុនអចលនទ្រព្យ KFA

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បុរីកៀនស្វាយផាក ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបប្រកបដោយប្រណីតភាពគួរជាទីទាក់ទាញ ជាមួយនឹងតម្លៃក្រោម៦ម៉ឺនដុល្លារស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាតំបន់ជាយក្រុងកំពុងមានពីសក្ដានុពល ក្រោមកាបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal សរុបប្រមាណ១០លាដុល្លារបានប្រកាសដាក់លក់ជាផ្លូវការហើយ។

នៅក្នុងឱកាសនៃការប្រាកាសលក់ជាផ្លូវការ និងជាការអបអរសាទរខួបឆ្នាំទី៦របស់ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ក្រុមហ៊ុនបានផ្តល់ជូនកាន់តែពិសេស ដោយគ្រប់អតិថិទាំងអស់នឹងទទួលបានផលចំណេញកាន់តែច្រើន ដែលក្រៅពីទទួលបានការបញ្ចុះតម្លៃពិសេសភ្លាមៗ និងសម្ភារៈតុបតែងលម្អ ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលរៀបចំរួចជាស្រេចនៅក្នុងលំនៅដ្ឋានហើយនោះ ថែមទាំងមានភាពងាយស្រួលក្នុងការក្លាយជា ម្ចាស់លំនៅដ្ឋាននៅក្នុងបុរីមួយនេះដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូងតែប៉ុណ្ណោះក៏អាចចូលរស់នៅបានយ៉ាងពេញសិទ្ធិ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងនេះដោយផ្ទាល់បានមានប្រសាសន៍នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា លំនៅដ្ឋាននេះ គឺមានលក្ខណៈល្អប្រសើរក្នុងការរស់នៅ ដោយសារតែវាជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង។ ដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើងគោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវ ខាងក្នុងមានទំហំ៨ម៉ែត្រ នៅសល់ខាងមុខផ្ទះទំហំ៤ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពក្នុងការទុកដាក់យាន្តជំនិះ។

 

លោកឧកញ៉ាបន្តទៀតថា “នៅក្នុងគម្រោងអភិវឌ្ឍន៍បុរី កៀនស្វាយ ផាក ត្រូវសាងសង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យសរុបជិត២០០ខ្នង ស្ថិតនៅតំបន់ដែលមានសក្ដានុពលជាប់ផ្លូវក្រវាត់ទី៣ និងបញ្ជប់ការសាងសង់ទាំងស្រុងត្រឹមរយៈពេល២៤ខែតែប៉ុណ្ណោះ ដោយផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើនចំពោះអតិថិជនដែលចង់ក្លាយម្ចាស់លំនៅដ្ឋានជាមួយនឹវិធីសាស្ត្រនៃការទិញដោយបង់រំលស់ផងដែរ ដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូង អាចចូលរស់នៅក្នុងលំនៅដ្ឋានដ៏ទាន់សម័យនេះបានបន្ទាប់ពីសាងសង់រួចរាល់ ហើយនៅសល់៩០ភាគរយទៀត អតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនទៅតាមដំណាក់កាល ឬជាមួយធនាគារដៃគូរហូតដល់២០ឆ្នាំក្នុងអត្រាការប្រាក់ដ៏សមរម្យ ដោយមានការកាត់ឈ្មោះប្រគល់ជូនប្លងរឹងស្របច្បាប់យ៉ាងត្រឹមត្រូវ”។

បច្ចុប្បន្ននេះគម្រោងបុរីលំនៅដ្ឋានទាន់សម័យ និងទំនើបតម្លៃសមរម្យ កៀនស្វាយផាក កំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការសាងសង់ដើម្បីបញ្ចប់តាមផែនការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលការលក់គិតត្រឹមខែមីនា ឆ្នាំ២០២១នេះ ទទួលបានប្រមាណ៦០ភាគរយនៃគម្រោងក្នុងដំណាក់កាលដំបូង។ ដោយឡែកសម្រាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ផ្លូវថ្នល់ បណ្តាញទឹកស្អាតបណ្តាញអគ្គិសនី និងបណ្តាញបង្ហូរទឹកស្របតាមបទដ្ឋានដែលក្រសួងបានកំណត់ត្រូវបានរៀបចំរួចរាល់។

សម្រាប់អតិថិជនដែលទិញ ដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុននឹងទទួលបានការបញ្ចុះតម្លៃកាន់តែច្រើនពីក្រុមហ៊ុនភ្លាមៗ រួមជាមួយនឹងការទទួលបានកាដូពិសេសផងដែរដូចជា ទូរតាំង១ឈុត ទូរដាក់ទូរសទស្សន៍ដ៏ស្រស់ស្អាត១ឈុត ទូចង្ក្រានបាយ១ឈុត និងទូរសម្លៀកបំពាក់ចំនួន១ឈុត ដែលមានតម្លៃសរុបជាង៦០០០ដុល្លារផងដែរ។

ផ្អែកតាមការអះអាងរបស់អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យបានលើកឡើងថា តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុង ដែលមានចម្ងាយប្រមាណ២០–៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញគឺសុទ្ធតែមានសក្ដានុពល ជាពិសេសស្ថិតនៅតំបន់ក្រវាត់ក្រុងទី៣តភ្ជាប់ផ្លូវជាតិលេខ១ ដែលនឹងមានភាពលេចធ្លោក្នុងពេលដ៏ខ្លី ដោយសារតែវាមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ហើយជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច។

នៅតំបន់នេះមានហ៊ុមព័ទ្ធទៅដោយមណ្ឌលពាណិជ្ជកម្មជាច្រើន ដូចជាកំពង់ផែភ្នំពេញ តំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្ត The Prince Maner Resort តំបន់ឧស្សាហកម្មក្រុមហ៊ុនវឌ្ឍនៈ កន្លែងវាយហ្គោល (Vattanac Golf Course) ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា និងមានផ្លូវជាច្រើនខ្សែងាយស្រួលឆ្ពោះទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីទៀតផង។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងអាចទាក់ទងបានតាមទូរស័ព្ទលេខ ៖ ០៧៧ ៩៩ ៧៨ ៨៨ / ០១៧ ៧៩ ៦៦ ៣៣ .

ក្រុមហ៊ុនអចលនទ្រព្យនៅHollywood បោះទុនពង្រីកស្ទូឌីយោថតកុនតម្លៃ៥០០លានដុល្លាររបស់ខ្លួននៅអង់គ្លេស

ដោយៈសុខុម

ក្រុងឡុងដ៍:  ក្រុមហ៊ុនអចលនទ្រព្យ ដែលជួយគាំទ្រដល់ផលិតកម្មភាពយន្ត ហូលីវូដ (Hollywood) ដ៏ល្បីរន្ទឺរបស់សហរដ្ឋអាមេរិក បានប្រកាសថា ពេលនេះខ្លួនកំពុងប្រមូលទុនឱ្យបាន៧០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកគម្រោងស្ទូឌីយោកុនតម្លៃ ៥០០លានដុល្លាររបស់ខ្លួននៅក្រុងឡុងដ៍ ភាគខាងកើតប្រទេសអង់គ្លេស។ នេះបើយោងតាមគេហទំព័រ Cityam ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ មីនា។

ក្រុមហ៊ុន Hackman Capital Partners (HCP) ដែលស្ទូឌីយោរបស់ខ្លួនបានផលិតស្នាដៃខ្សែភាពយន្តជាច្រើន រួមទាំងរឿង Citizen Kane និងរឿង Gone With the Wind ជាដើមខាងលើនេះ បានដំណើរការសាងសង់ស្ទូឌីយោ Eastbrook Studios ជាមជ្ឈ​មណ្ឌលខ្សែភាពយន្ត និងទូរទស្សន៍ថ្មីមួយរបស់ខ្លួន ដែលគ្រោងនឹងបើកដំណើរការនៅតំបន់ Dagenham ក្នុងទីក្រុងឡុងដ៍។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយកាលពីម្សិលមិញថា ខ្លួនបានព្រមព្រៀងជា​មួយក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីជួលឃ្លាំងចំនួន២រយៈពេល១០ឆ្នាំ ហើយនឹងប្រែក្លាយឃ្លាំងទាំងនោះទៅជាស្ទូឌីយោបន្ថែមទៀត។

ការបង្កើនស្ទូឌីយោពីចំនួន១២ ដល់១៨នេះ នឹងធ្វើឱ្យចំនួនសរុបនៃការវិនិយោគលើគម្រោងទាំងមូលឡើង កើនដល់ប្រមាណ៥០០លានដុល្លារអាមេរិក។

តាមការរំពឹងទុក ស្ទូឌីយោទាំងនេះ នឹងបើកនៅទល់មុខស្ទូឌីយោធំ Eastbrook Studios នឹងត្រៀមរួចរាល់សម្រាប់ការថតភាពយន្ត នៅដើមរដូវស្លឹកឈើជ្រុះឆ្នាំនេះ។

គម្រោងពង្រីកបន្ថែម ដែលនឹងក្លាយជាស្ទូឌីយោធំបំផុត នៅទីក្រុងឡុងដ៍ នេះត្រូវបានរំពឹងថានឹងចូលរួមចំណែក ដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានយ៉ាងតិច ក៏ប្រមាណ៥០លានដុល្លារដែរក្នុងមួយឆ្នាំៗ ហើយនឹងជួយបង្កើតការងារបានជាង១.៨០០ កន្លែង៕

ប្រទេសG7 ប្រកាសគាំទ្រIMFដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍

ដោយៈ ប៊ី
ភ្នំពេញៈ ប្រទេសអង់គ្លេសបានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនធំជាងគេទាំង៧របស់ពិភពលោក (G7) បានយល់ព្រមគាំទ្រការពង្រីកទុនបំរុងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៩។
ការគាំទ្ររបស់ប្រទេសG7 គឺជាជំហានមួយជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
អង់គ្លេស ដែលជាប្រធានដឹកនាំកិច្ចប្រជុំG7នៅឆ្នាំនេះបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុG7 បានយល់ព្រមក្នុងការគាំទ្រ ដល់ការបង្កើនទំហំទ្រព្យបម្រុងអន្តរជាតិ (SDRs) ដែលជារូបិយប័ណ្ណផ្ទៃក្នុងដែលប្រើប្រាស់ដោយIMF។

លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងដ៏សំខាន់នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមប្រទេសG7 បានត្រួសត្រាយផ្លូវសម្រាប់សកម្មភាពសំខាន់ និងរួមគ្នា ដើម្បីគាំទ្រដល់ប្រទេស ដែលមានប្រាក់ចំណូលទាបនៅលើពិភពលោក ដោយធានាថា ប្រទេសនានានឹងទទួលបានប្រយោជន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក”។
ដំណឹងនេះ ត្រូវបានស្វាគមន៍ដោយលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិ IMF ដែលបាននិយាយថា កិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 គឺ “មានផ្លែផ្កាល្អ” ។
កាលពីឆ្នាំមុនIMF បាននិយាយថា ខ្លួនចង់ឱ្យមានការដាក់ចេញSDRs ដែលមានទំហំកើនឡើង៥០០ពាន់លានដុល្លារ ពី២៩៣ពាន់លានដុល្លារ ដែលបានព្រមព្រៀងនៅពេលនៃការពង្រីកចុងក្រោយក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក។
ការពង្រីកនោះត្រូវបានជំទាស់ ដោយពេលនោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ កាលពីខែមុនរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកJanet Yellen បាននិយាយថា លោកចង់បានការពង្រីកមួយនេះ ប៉ុន្តែចង់បានតម្លាភាពកាន់តែខ្លាំង អំពីរបៀបដែលSDRs នឹងត្រូវបានប្រើប្រាស់ និងជួញដូរ។
ប្រភពនៅសហរដ្ឋអាមេរិក ដែលច្បាស់ពីកិច្ចពិភាក្សាG7 បាននិយាយថា ការបង្កើនទុនបម្រុង ប្រហែល៦៥០ពាន់លានដុល្លារអាមេរិកកំពុងត្រូវបានពិភាក្សា៕

តើ​អ្វី​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការវិនិយោគ​លើ​អចលនទ្រព្យ?

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ ជា​វិស័យ​មួយ ដែលមាន​ការរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។ ការវិនិយោគ​ក្នុង​វិស័យនេះ មានដូចជា ការវិនិយោគ​ទៅលើផ្ទះ សម្បែង ដីធ្លី ជាដើម ហើយ​វា​ផ្តល់​ផលចំណេញ​មកវិញ​ខ្ពស់​គួរសម ។

យ៉ាងណាក្ដី​វិស័យនេះ​ក៏មាន​ហានិភ័យ​ដែរ បើសិនជា​ការវិនិយោគ​មិនបាន​គិតគូរ​ច្បាស់លាស់។ ហានិភ័យ​នៅក្នុង​វិស័យនេះ​រួមមាន ការប៉ាន់ស្មាន​ខុស វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​នឹង​កើតមាន ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ ខ្វះខាត​សាច់ប្រាក់​ក្នុង ករណី​ខ្ចី​ធនាគារ​មក​ទិញ ឬ​យកទៅ​វិនិយោគ​អ្វី​ផ្សេងទៀត ព្រោះ​អចលនទ្រព្យ​មិន​ងាយ​លក់ ចេញ​ប្តូរ​ជា​ប្រាក់ (Lack of liquidity)។

ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនអាច​លក់​ចេញ ឬ​មានការ​ធ្លាក់ចុះ​នូវ​តម្លៃ​អចលនទ្រព្យ អ្នកមាន​ជម្រើស ក្នុងការ​ដាក់​ជួល​ទ្រព្យ​នោះ​ជា​បណ្តោះអាសន្ន ព្រោះ​នៅពេលដែល​អ្នកវិនិយោគ​អ្នក​បាន​ទិញ​ទ្រព្យ​ទាំងនោះ ទុកជា​កម្មសិទ្ធិ​របស់​អ្នក​រួចហើយ។

ជា​សង្ខេប ការវិនិយោគ​ជៀស​មិន​ផុតពី​ការប្រថុយប្រថាន​នោះទេ តែ​កម្រិត​នៃ​ការ ប្រថុយ​នេះ​អាច​កាត់បន្ថយ​បាន​ច្រើន ប្រសិនបើ​អ្នកមានចំណេះដឹង​ផ្នែក​ហរិញ្ញវត្ថុ ជា ពិសេស​ទៅលើ​ផ្នែក​វិនិយោគ​នេះ។ ទោះជា​យ៉ាងណា វិនិយោគិន​គួរតែ​គិតគូរ​ឲ្យ​បាន​ច្បាស់ លាស់ និង​ត្រូវមាន​ចិត្ត​នឹងនរ​នៅពេលដែល​ប្រឈមមុខ​នឹង​បញ្ហា​ផងដែរ ។

នៅក្នុង​វិបត្តិ​កូ​វីដ១៩ មាន​វិនិយោគិន​ជាច្រើន បាន​បង្វែរ​ការវិនិយោគ​ពី​វិស័យ​ផ្សេង​មករក​វិស័យ​អចលនទ្រព្យ ដែល​ធ្វើឱ្យ​សកម្មភាព​ទិញ​លក់​លើ​វិស័យនេះ ជាពិសេស​ដីធ្លី​កាន់តែច្រើន។

លោក​ធួន ស៊ីណាន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ហ្វិ​ក​កម្ពុជា បាន​លើកឡើងថា ក្នុងពេល​វិស័យ​ទេសចរណ៍ មានការ​ប៉ះពាល់​ខ្លាំង ដោយសារតែ​កូ​វីដ១៩ ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​ជាច្រើន បាន​ងាក​ទៅ​វិនិយោគ​លើ​ដីធ្លី​វិញ ប៉ុន្តែ​ពួកគេ​មិនបាន​គិតពី​ហានិភ័យ​ដែល​នឹង​កើតមាន។ បើសិនជា​មនុស្ស​ជាច្រើន គិតតែ​វិនិយោគ​លើ​អចលនទ្រព្យ តើ​ក្នុងពេល​មាន​វិបត្តិ​បែបនេះ អ្នកមាន​លុយ​ទិញ​អចលនទ្រព្យ​មាន​ប៉ុន្មាន ។ យើង​គួរ​វិនិយោគ​អ្វី ដែលជា​តម្រូវការ​នៅពេល​វិបត្តិ​វិញ ដើម្បី​រកប្រាក់​ចំណេញ ។

អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើន បានលើកឡើង​ស្រដៀង​គ្នា​ថា ការវិនិយោគ​អ្វី​សុទ្ធ​តែមាន​ហានិភ័យ តែ​បើសិនជា​យើង​ចេះ​គិតគូរ​ច្បាស់លាស់ យើង​នឹង​អាច​កាត់បន្ថយ​ហានិភ័យ នៅ​កាន់តែ​តិច​ហើយ​ឱកាស​នៃ​ចំណេញ​នឹង​ឡើង​ខ្ពស់ ៕

ឆ្នាំ២០២២ ផ្សារ​ទំនើប​ចំនួន២ តម្លៃ​ជាង ២៤០លាន​ដុល្លារ​នឹង​បង្ហាញ​រូបរាងនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​កំណើន​ផ្សារ​ទំនើប​បែប​សហគមន៍​ជាច្រើន បាននិងកំពុង​តែ​រីកដុះដាល​ជា​បន្តបន្ទាប់ នៅក្នុង​រាជ​ធា​នៅ​ភ្នំពេញ និង​នៅតាម​តំបន់​ជាយក្រុង នៅត្រឹម​ឆ្នាំ២០២២ខាងមុខនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិធំៗចំនួន២ទៀត នឹង​បង្ហាញ​វត្តមាន​ដ៏​អស្ចារ្យ​នៅ​ស្រប​វិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ៦០ម៉ែត្រ។

ខណៈ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​កំពុង​កើតមាន និង​បន្ត​រាតត្បាត​នៅក្នុង​សហគមន៍​នា បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​គំរោង​សាងសង់​ផ្សារ​ទាំងពីរ​នេះ ហាក់​បន្ថយល្បឿន ប៉ុន្តែ​វា​មិនមែនជា​ឧបសគ្គ​ចម្បង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​កម្រិត​អន្តរជាតិ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ចំនួន២ ស្ថិតនៅតាម​ដង​វិថី​សម្ដេច​តេ​ជោ​នោះទេ។

បើតាម​គម្រោង និង​ផែន​ការដែល​បានគ្រោង​ទុក នៅក្នុង​ឆ្នាំ២០២២ខាងមុខនេះ គម្រោង​សាងសង់​ផ្សារ​ទំនើប​ទាំងពីរ​ខាងលើនេះ រួមមាន ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place ដែលមាន​ទុនវិនិយោគ​ប្រមាណ ៦០លាន​ដុល្លារ និង​មណ្ឌល​ផ្សារ​ទំនើប ជីបម៉ុង មេ​ហ្គា​ម៉​ល មាន​ទុនវិនិយោគ​ប្រមាណ ១៨០លាន​ដុល្លារ នឹង​បង្ហាញ​វត្តមាន​ដាក់ចូល​ទៅក្នុង​ទៅ​ទីផ្សារ​រួម​ជាមិនខាន។

– គម្រោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place

ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី៦ហិកតា ស្ថិតនៅក្នុង​គម្រោង​បុរី ប៉េង​ហួត ដឹ ស្តា ដាយ​មិន ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន​ឬ​ផ្លូវ៦០ម៉ែត្រ​នោះ ដែល​សព្វថ្ងៃនេះ ក្រុមការងារ​របស់​ប៉េង ហួត សំណង់ កំពុងតែបន្ត​ការសាងសង់ ដើម្បី​បញ្ចប់​ឱ្យ​រួចរាល់​ក្នុង​ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ៦០លាន​ដុល្លារ ដែលជា​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ប៉េង​ហួត គ្រុប និង​ទទួលខុសត្រូវ​ដោយ​ប៉េង​ហួត រី​ថែ​ល។

ផ្សារ​ទំនើប​មួយ​នេះ​មាន​កម្ពស់៥ជាន់ និង​មាន​ផ្ទៃក្រឡា​សម្រាប់​ជួល​ប្រមាណ ៤០,០០០ ម៉ែត្រការ៉េ មាន​ប្រមូលផ្តុំ​ទៅដោយ​ហាងល្បីៗជាង២០០ហាង ថែមទាំង​មាន​វិសាលភាព ទី​ចំណត​ធំ​ទូលាយ​អាច​ចត​រថយន្ត និង​ម៉ូតូ​បាន២០០០គ្រឿង។ រឹតតែ​ពិសេស គម្រោង​ផ្សារ​ទំនើប​នេះ ក៏បាន​ទទួល​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម លក់រាយ​ល្អ​ជាងគេ (Best Retail Architectural Design) ពី​កម្មវិធី Cambodia Property Award ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Property Guru ផងដែរ។

គម្រោង​មណ្ឌល​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ជីបម៉ុង ២៧១មេ​ហ្គា​ម៉​ល

ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា ឆ្នាំ២០១៨ កន្លងទៅ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ២០២២ខាងមុខ។  វត្តមាន​នៃ​គម្រោង​មណ្ឌល​ផ្សារ​ទំនើប លំដាប់​អន្តរជាតិ​មួយ​នេះ គឺជា​ផ្នែក​មួយ​ជួយ​ធ្វើ​ទំនើបកម្ម​ឧស្សា​កម្ម លក់រាយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាពរ​សរ​វើក ។

រហូតមកដល់​ពេលនេះ មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ប្រមាណ១៨០លាន​ដុល្លារ​នេះ ក៏​កំពុង​បន្តដំណើរ​ការសាងសង់​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​គម្រោង​អភិវឌ្ឍន៍​អចល​ទ្រព្យ លើ​ផ្ទៃដី​ទំហំ៤៣ហិកតា នៃ​គម្រោង លែ​ន​ម៉ាក២៧១ របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​ដ៏៕