អ្នក​សេដ្ឋ​កិ​ច្ចៈ​ទោះជា​មានការ​រំខាន​ដោយ​កូ​វីដ១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល​បន្ត​ជំរុញការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​មានការ​រំខាន​ដោយ​បញ្ហា​រាលដាល នៃ​ការឆ្លង​ជំងឺ​កូ​វីដ​នៅក្នុង​សហគមន៍ ប៉ុន្តែ​គម្រោងធំៗដែលជា​យុទ្ធវិធី​នៃ​ការជំរុញ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុងការ​អនុវត្ត​ដើម្បី​ធ្វើ​យ៉ាង​អាច​សម្រេចបាន ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។

ស្ថិតនៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍន៍ធំៗជាច្រើន បាននិងកំពុង​ដំណើរកា​រយ៉ា​ងរ​លូន ដែល​ក្នុងនោះ រួមមាន ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទូទាំងប្រទេស​ដូចជា​ផ្លូវជាតិសំខាន់ៗ គម្រោង​សាងសង់​អាកាសយានដ្ឋាន​ទាំង៣ ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រួម​ជាមួយនឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

អ្នកវិភាគ​និង​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត​ហុង វណ្ណៈ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ថា គ្រប់​គម្រោង​ទាំងអស់​ដូច ដែល​បានលើកឡើង​ខាងលើនេះ គឺជា​យុទ្ធវិធី​យ៉ាងសំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បង្កើតឡើង និង​កំពុង​អនុវត្ត​ទៅតាម​ជំហាន ដែល​គ្រោងទុក​ក្នុង​គោលបំណង​កែប្រែ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ។

លោក​បាន​បញ្ជាក់ថា “ដូចដែល​យើង​បានឃើញ​ហើយ​ថា នៅក្នុង​យុទ្ធវិធី ក៏ដូចជា​វិធីសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើយ៉ាងណា​អាច​បង្ក​ភាពងាយស្រួល ដល់​បណ្តា​វិនិយោគិន​ទាំងអស់ ដែល​មានបំណង​ចងសម្ព័ន្ធ វិនិយោគ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា តាមរយៈ​ការយកចិត្តទុកដាក់ លើ​ការសម្រួល​ដល់​ច្បាប់​វិនិយោគ​ថ្មី។ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ធ្វើដំណើរ និង​ដឹកជញ្ជូន ការ​ចងសម្ព័ន្ធ​ជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​បណ្តា​ប្រទេស​នា​ន​នៅក្នុង​តំបន់ ក៏ដូចជា​នៅលើ​សាកលលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី” ។

លោក​បន្តថា នៅក្នុង​ឆ្នាំ២០២១នេះ ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន ដូចជា មហាអំណាច​សេដ្ឋកិច្ច​ចិន កូរ៉េ ជប៉ុន ឥ​ណ្ឌ ក៏ដូចជា​ចក្រភព​អង់​គ្លេ​ង ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​គ្រប់​ជ្រុងជ្រោយ (RCEP) ដែលជា​ទីផ្សារ​ដ៏​ធំ​ជា​សាកល រាជរដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់ លើ​ការស្ថាបនា​ផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ១០ ផ្លូវជាតិ​លេខ៤៨ ផ្លូវជាតិ​លេខ៣៣ លេខ៤១ លេខ២ ក៏ដូចជា​ផ្លូវ៣៨ខ្សែ​នៅ​ក្រុង​សៀម និង​ស្ពាន​ជាដើម។

បន្ថែម​ពីនេះ​នៅមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ -ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត រួម​ជាមួយនឹង​ផ្លូវដែក​ឆ្លង​ប្រទេស​ផងដែរ។

លោក​បណ្ឌិត​ហុង វណ្ណៈ បានបញ្ជាក់​ឱ្យដឹងទៀតថា ក្រៅពី​គម្រោង​ខាងលើនេះ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏​កំពុងអភិវឌ្ឍន៍​ពង្រីក​វិសាលភាព​របស់ខ្លួន តាមរយៈ​ការអភិវឌ្ឍ​គម្រោង​អាកាសយានដ្ឋាន​ជាច្រើន​ទីតាំង រួមមាន​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ថ្មី អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ការពង្រីក​វិសាលភាព និង​លទ្ធភាព​អាកាសយានដ្ឋាន​កងកេង​ក្រុងព្រះសីហនុ គម្រោង​អាកាសយានដ្ឋាន​ចំនួន២ នៅ​ខេត្តកោះកុង គម្រោង​អាកាសយា​ដ្ឋា​ន​នៅ​ខេត្តបាត់ដំបង រួម​ជាមួយនឹង​គម្រោង​អាកាសយានដ្ឋាន​ក្នុង​តំបន់​ខេត្ត​មណ្ឌល​គី​រី ដែល​កំពុង​ទទួល​សិទ្ធិ​សិក្សា ដោយ​ក្រុមហ៊ុន​ចិន​នាពេល​បច្ចុប្បន្ន។

លោក​បន្តថា “គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​ទាំងអស់នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន” ៕

ក្រុមហ៊ុន​អាកាសចរណ៍ British Airways គ្រោង​លក់​អគារ​ការិយាល័យ​កណ្ដាលរបស់ខ្លួន​ដោយសារ​វិបត្តិ​កូ​វីដ-១៩

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៍: ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស British Airways បានប្រកាស​ឱ្យដឹងថា ពេលនេះ​ខ្លួន​កំពុង​ពិចារណា លក់​អគារ​ការិយាល័យ​កណ្តាល​របស់ខ្លួន ដោយសារតែ​បុគ្គលិក​ប្តូរ​ទៅធ្វើ​ការ​ពី​ផ្ទះ​ច្រើន អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១៩ មីនា។

គម្រោង​លក់​អគារ​ការិយាល័យ​កណ្ដាល ដែល​ត្រូវបាន​សារព័ត៌មាន Financial Times ចុះផ្សាយ​ដំបូង​គេ​នេះ អាចជួយ​ស្រោចស្រង់​បាន​ខ្លះ ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វីដ-១៩ ។ អគារ​ការិយាល័យ​កណ្ដា​ល​នេះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ១៩៩៨ ដោយ​ចំណាយ​ដើមទុន​អស់ ២៧៩លាន​ដុល្លារ​អាមេរិក។

ការផ្លាស់ប្តូរ​រប​ស់បុ​គ្គ​លិ​ក​ទៅធ្វើ​ការងារ​ពី​ផ្ទះ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន ក្នុងចំណោម​ក្រុមហ៊ុនធំៗ បំផុត​របស់​ប្រទេស​អង់គ្លេស កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួន​ឱ្យបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន។

តួយ៉ាង​ធនាគារ​ដ៏​ធំ Lloyds បាន​និយាយថា ខ្លួន​នឹង​កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួន​ចំនួន២០% ក្នុង​រយៈពេល៣ឆ្នាំ ហើយ​ធនាគារ HSBC មានបំណង​កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួនរ​ហូត​ដល់​ទៅ ៤០%ផងដែរ។

អគារ​ការិយាល័យ​កណ្ដា​ល​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​អាកាសយានដ្ឋាន Heathrow នា​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍។

ក្រុមហ៊ុន​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​ថា បុគ្គលិក​ជាច្រើន​របស់ខ្លួន ចូលចិត្ត​ធ្វើការ​ងារ​ពី​ផ្ទះ​ច្រើនជាង អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​គោលការណ៍​របស់​ក្រុមហ៊ុន​សម្រាប់​ថ្ងៃ​អនាគត ទំនងជា​តម្រូវឱ្យ​បុគ្គលិក​ធ្វើការ​ងារ​ពី​ផ្ទះ​ខ្លះ និង​ធ្វើការ​នៅ​ការិយាល័យ​ខ្លះ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “យើង​បានរៀបចំ​រចនាសម្ព័ន្ធ អាជីវកម្ម​របស់​យើង​ឡើងវិញ ដើម្បី​ងើប​ឱ្យ​ផុតពី​វិបត្តិ​នេះ ហើយ​កំពុង​ពិចារណា​ថា តើ​យើង​នៅតែ​ត្រូវការ​អគារ​ការិយាល័យ កណ្ដាល​ធំ​បែបនេះ​ទៀត ឬ​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ” ។

ដើម្បី​រក្សា​ដំណើរការ​អាជីវកម្ម ឱ្យ​ឆ្លង​ផុត​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក្រុមហ៊ុន​នេះ បាន​កាត់បន្ថយ​ការចំណាយ​ច្រើន​ក្នុង​ឆ្នាំ២០២០ ដែល​រួមមាន​ទាំង​ការ​ជម្រុះ​បុគ្គលិក​ចោល​រហូតដល់​ជាង១០.០០០នាក់​ផងដែរ ដោយ​ទុក​តែ​ប្រហែល៣ម៉ឺន​នាក់​ប៉ុណ្ណោះ។

ដោយសារ​បញ្ហា​ខ្វះខាត​ហិរញ្ញវត្ថុ ក្រុមហ៊ុន​នេះ​ក៏បាន​ប្រកាស​លក់​ស្នាដៃ វត្ថុ​សិល្បៈល្បីៗជាច្រើន ដែល​ធ្លាប់​ព្យួរ​តាំ​ក្នុង​បន្ទប់​រង់ចាំ​ចេញដំណើរ សម្រាប់​ភ្ញៀវ VIP របស់ខ្លួន​ផងដែរ៕

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត​បញ្ចប់​ការសិក្សា និង​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​តម្លៃ​គម្រោង​និង​ប្រភព​ថវិកា

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​បានបញ្ចប់​ការសិក្សា​សមិទ្ធិ​ល​ទ្ឋ ភាព និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង និង​ប្រភព​ថវិកា។នេះ​បើក​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន។

យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹ​ងា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត ក៏​ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង​ដូច​ផ្លូវ​ល្បឿ​លឿន​ភ្នំពេញ ព្រះសីហនុ​ផងដែរ ដែលមាន​ប្រវែង​សរុប​ប្រហែល ១៣៥ គ.ម។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា៤គន្លង តួ​ផ្លូវ​មាន​ទទឹង ២៥,៥ ម៉ែត្រ។ ខ្សែ​ផ្លូវ​នេះ នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី៣ កាត់​តាម​ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅ​ក្រុង​បាវិត ព្រំដែន​កម្ពុជា-វៀតណាម។

យោងតាម​របាយការណ៍​សិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ផ្លូវ​ល្បឿន​លឿន​នេះ ជា​ប្រភេទ​ផ្លូវ​លើ​អាកាស (Viaduct) ប្រវែង​ប្រហែល១២ គ.ម មាន​លូ​ប្រអប់ (Box Culvert) ប្រវែង​ប្រហែល ២៨,៤ គ.ម និង​ជា​ប្រភេទ ផ្លូវ​លើកកម្ពស់ (Embankment) ប្រវែង​ប្រហែល ៨៥,៨ គ.ម។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ចំនួន៧កន្លែង កន្លែង​ឈប់សម្រាក៦កន្លែង និង​ច្រកទ្វារ ព្រំដែន​ថ្មី​ចំនួន១ផងដែរ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ការជំរុញ​ការសិក្សា និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុក​បៃ រួចរាល់​ផងដែរ។

តើ​អ្វី​ជា​គោលបំណង នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា មានដូចជា ទី​ដើម្បី​សមាហរណកម្ម​ក្នុង​តំបន់ (ទាំង​ក្នុង​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ) ក៏ដូចជា​ពិភពលោក​ទាំងមូល ជួយ​ត​ភា្ជ​ប់​បណ្តាញ​ដឹកជញ្ជូន​ក្នុង​តំបន់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​កម្ពុជា​ឲ្យ​សមស្រប ទៅតាម​ការអភិវឌ្ឍ​បែប​សាកលភាវូបនីយកម្ម។

ទី២ បង្កើន​តុល្យភាព​នៃ​ការអភិវឌ្ឍ​ដែនដី ដោយ​ផ្សារភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយនឹង​ទី​រួម​ខេត្ត​នានា និង​ជា​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក ៖ បង្កើន​សមត្ថភាព​ដឹកជញ្ជូន​និង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្នែក​ភស្តុភារ​នៅក្នុង​ប្រទេស​ពិសេស ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា ដើម្បី​ធ្វើ​ឲ្យ​នៅតាម​ខេត្ត​មាន​ភាព​រីកចម្រើន​បាន​ឆាប់រហ័ស។

ទី៣ ពង្រឹង​និង​កែលម្អ​ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា៖ផ្លូវ​ល្បឿន​លឿន​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទទួលបន្ទុក​យា​ន​យន្តធ្ងន់ៗបម្រើ​សេវាកម្ម​បានល្អ​និង​អាច​ទាក់ទាញ​យានយន្ត​នានា​ដែល​ចរាចរ​តាមផ្លូវ​ជាតិ កត្តា​នេះ​នឹង​ជួយ​សម្រាល​ការខូចខាត ហើយ​កាត់បន្ថយ​ស្ថានភាព​មមាញឹក​នៅតាម​ផ្លូវ​ជាតិ​ទៀតផង៕

សំណង់អគារថ្មីនៃក្រសួងព័ត៌មានសាងសង់សម្រេចបានជាង៦៥ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អគារថ្មីនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រួមនឹងអគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន សម្រេចសាងសង់បាន ៦៥ ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានដំណើរការសាងសង់អគារថ្មីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា អគារថ្មីនេះក្រោយពេលបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមឆ្នាំ២០២២ខាងមុខនេះ នឹងជួយសម្រួលដល់ការបំពេញកិច្ចការងារដល់មន្ត្រីនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPបានយ៉ាងប្រសើរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារសាងសង់ទាំងអស់ធ្វើយ៉ាងណាប្រឹងប្រែងកសាងអគារថ្មីទាំង២នេះ ឱ្យស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេសនៃសំណង់អគារឱ្យបានត្រឹមត្រូវ រឹងមាំ ដើម្បីប្រើបាស់បានយូរអង្វែង។

លោកបន្តថា តាមរយៈអគារថ្មីនេះនឹងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទាំងពីរកាន់តែល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើន ដែលត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និង សោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន វិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន។

បើតាមការបញ្ជាក់របស់គណៈកម្មការសាងសង់បានឱ្យដឹងថា អគារថ្មីនេះមានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង៣០០បន្ទប់។ អគារនេះសាងសង់ដោយក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុប សហការជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោងហើយរួចរាល់ក្នុងរយៈពេល២៤ខែ បន្ទាប់ពីបានចាប់ដំណើរការបើកការដ្ឋានសាងសង់កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ៕

ក្រុមហ៊ុនតៃវ៉ាន់Foxconnគ្រោងសហការវិនយោគជាមួយក្រុមហ៊ុនវៀតណាមលើការផលិតរថយន្តអគ្គិសនី

ដោយៈ សុខុម

តៃប៉ិ/ហាណូយ: ប្រភពពីរបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ កំពុងចរចាជាមួយក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ដើម្បីចាប់ដៃសហការផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៩ មីនា។

ប្រភពស្និទ្ធនឹងរឿងនេះបាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដូច្នេះថា ក្រុមហ៊ុន Foxconn បានស្នើសុំទិញសង្វាក់ផលិតកម្មរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន VinFast។

ទោះជាយ៉ាងណា ក្រុមហ៊ុន VinFast បុត្រសម្ព័ន្ធរបស់ Vingroup JSC ដែលជាក្រុមហ៊ុនធំបំផុតនៅប្រទេសវៀតណាម ចង់ចាប់ដៃគូសហការជាជាងការលក់ ព្រោះចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹងថា ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយណាមួយក៏ចង់រក្សាអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។

ទាក់ទិនបញ្ហានេះ ក្រុមហ៊ុន Foxconn បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយ។ ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Vingroup បាននិយាយថា ក្រុមហ៊ុនគ្មានព័ត៌មានអំពីបញ្ហានេះទេ។
ក្រុមហ៊ុន Foxconn គឺក្រុមហ៊ុនម៉ៅការផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុក្នុងពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Apple Inc ដែលផលិតទូរស័ព្ទ iPhone ដ៏ល្បីរន្ទឺផងដែរ។

ក្រុមហ៊ុននេះបានដាក់ចេញនូវផែនការដើម្បីក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដ៏ធំមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ហើយក្រោយឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយក្រុមហ៊ុន VinFast ក្រុមហ៊ុន Foxconn នឹងចរចាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Fiat Chrysler និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទើបតែចាប់ផ្ដើមថ្មីៗតាមក្រោយទៀត។

ក្រុមហ៊ុនអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា មហិច្ឆិតាដ៏ធំរបស់ក្រុមហ៊ុនតៃវ៉ាន់ មួយនេះគំរាមធ្វើឱ្យកក្រើកឧស្សាហកម្មផលិតរថយន្តអគ្គិសនី៕

ក្រុមហ៊ុនជប៉ុនធំមួយគ្រោងវិនិយោគបុរីធំមួយនៅតាមបណ្តោយផ្លូវជាតិលេខ៣

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ គ្រោងបោះទុនវិនិយោគរាប់លានដុល្លារ ដើម្បីសាងសង់បុរីធំមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលគម្រោងនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខ។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនជប៉ុននេះ បានបើកការិយាល័យនៅទីក្រុងភ្នំពេញរួចហើយ និងកំពុងត្រៀមសាងសង់គំរោងរបស់ខ្លួននៅលើផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។លោកបន្តថា ក្រុមហ៊ុននេះជាក្រុមហ៊ុនធំ និងមានកេរ្ត៍ឈ្មោះល្បី នៅប្រទេសជប៉ុន ដែលមានជំនាញផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសផ្នែកលំនៅដ្ឋាន។

លោកបន្តថា “ទោះជាយ៉ាងណាយើងមិនអាចប្រាប់ពីឈ្មោះបុរីនេះ នៅឡើយទេ ដោយសារវាជាគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន”។

បច្ចុប្បន្នមានក្រុមហ៊ុនបរទេសជាច្រើន បានចាប់យកចំណែកទីផ្សារលំនៅដ្ឋាននៅកម្ពុជា ដោយសារផ្នែកលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ និងមានផលចំណេញច្រើននៅក្នុងទីផ្សារនេះ។ បច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េ BOOYOUNG Group ក្រុមហ៊ុនជប៉ុនARAKAWA, ក្រុមហ៊ុនGREED ក្រុមហ៊ុនMorganជាដើម សុទ្ឋតែបានចាប់ផ្តើមវិនិយោគលើបុរី លំនៅដ្ឋាននៅកម្ពុជា។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធ្វើការជិតស្និទ្ឋជាមួយក្រុមហ៊ុនជប៉ុនជាច្រើនបានមានប្រសាសន៍ថា ជប៉ុនបាននិងកំពុងក្រាលមូលដ្ឋាន ដើម្បីវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ តាមរយៈគំរោងវិនិយោគជាច្រើនដូចជាមន្ទីរពេទ្យ ខុនដូ អាផាតម៉ិន ទីលានវាយកូនហ្គោល និងការហោះហើរត្រង់របស់ក្រុមហ៊ុនANA Airway បានធ្វើឲ្យអ្នកវិនិយោគជប៉ុនកាន់តែមានទំនុកចិត្តលើទីផ្សារកម្ពុជា។

លោកបន្តថា “ជប៉ុនមុនវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែវិនិយោគរយៈពេលវែង ប៉ុន្តែមុនពួកគេទៅវិនិយោគនៅប្រទេសណាមួយ ពួកគេបានសិក្សារយៈពេលយូរណាស់ មុនសម្រេចចិត្តចូលប្រទេសណាមួយ ហើយនៅពេលពួកគេចូលវិនិយោគ ពួកគេមិនងាយចាកចេញនោះទេ”។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៣នឹងត្រូវបញ្ចប់ការស្ថាបនានាខែកញ្ញាខាងមុខនេះ ខណៈការស្ថាបនាពង្រីកផ្លូវនេះពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតសម្រេចបានប្រមាណជាង៨០ភាគរយរួចហើយ។

ផ្លូវជាតិលេខ៣ ត្រូវពង្រីកជាបួនគន្លងរថយន្តចាប់ពីរង្វង់មូលចោមចៅ រហូតដល់តំបន់បែកគូស (ចំណុចផ្លូវបំបែកកំពត កែប) និងចាប់ពីតំបន់បែកគូសដល់ខេត្តកំពត ត្រូវបានពង្រីកក្នុងទំហំ១២ម៉ែត្រ សម្រាប់រថយន្តទៅមក ដោយមិនមានសួនច្បារកណ្តាល ដូចពីតំបន់បែកគូស ចូលមកកាន់រាជធានីភ្នំពេញនោះទេ៕

មុនឆ្នាំ២០២២ កម្ពុជានឹងទទួលបានអគ្គិសនីអនុភាពរហូតដល់៤៥០មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អនុវត្តទៅតាមផែនការមេ និងការកៀងគរឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជនទៅលើវិស័យថាមពលនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅត្រឹមអំឡុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងអាចមានលទ្ធភាពក្នុងការទទួលបានថាមពលអគ្គិសនីដែលមានអនុភាពសរុបមិនតិចជាង៤៥០មេហ្គាវ៉ាត់នោះទេសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ និងចែកចាយទូទាំងប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោកកែវ រតនៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាក្នុងការបង្កើនល្បាយថាមពលកកើតឡើងវិញ ជាថាមពលស្អាត ដែលផលិតចេញពីពន្លឺព្រះអាទិត្យឱ្យមានភាគរយកាន់តែច្រើន មានអនុភាពយ៉ាងតិច៤៥០មេហ្កាវ៉ាត់ មុនដាច់ឆ្នាំ២០២២ ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផែនការអនាគតរបស់យើង គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើនក្នុងប្រព័ន្ធបណ្តាញជាតិ។លោកបានបន្តថា ជាមួយគ្នានឹងការព្យាយាមពង្រីកវិសាលភាព និងសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីនេះ ជាលក្ខណៈសង្គម ក៏នឹងបានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ជាក់ស្ដែងដូចជាស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ស្ថិតនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដាក់ឱ្យដំណើរការដោយភ្ជាប់ទៅក្នុងបណ្តាញជាតិ ជាមួយនឹងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០/១១៥គីឡូវ៉ុល តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ប្រវែងប្រមាណ ២០គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយផលិតថាមពលនេះផ្ទាល់។
លោកបញ្ជាក់ថា “ស្ថានីយផលិតថាមពល ៦០មេហ្កាវ៉ាត់ថ្មីនេះ គឺជាផ្នែកមួយនៃផែនការក្នុងចំនួនសរុបប្រមាណ ៤៥០មេហ្កាវ៉ាត់ នៃការផលិតចេញពីពន្លឺព្រះអាទិត្យ ដែលជាថាមពលស្អាត ត្រូវតភ្ជាប់ទៅក្នុងបណ្តាញជាតិនៅក្នុងឆ្នាំ២០២២ ដែលមកដល់ពេលនេះបានដាក់ឲ្យដំណើការប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ”។

លោកបន្តថា “ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកផលិតថាមពលប៉ុណ្ណោះទេ គឺបានបញ្ជូនប្រភពផ្គត់ផ្គង់ទៅជិតតំបន់ប្រើប្រាស់ ដែលរួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនជុំវិញផងដែរ ដែលអាចបង្កើននិរន្តរភាព និងគុណភាពនៃការផ្គត់ផ្គង់នឹងបានល្អជាងមុន ដែលបច្ចុប្បន្នកំពុងយកប្រភពពីកន្លែងឆ្ងាយ”៕

ទីផ្សារសេវាកម្មគ្រប់គ្រងអគារកំពុងមានកំណើនខណៈដែលផ្នែកដទៃក្នុងវិស័យ អចលនទ្រព្យជួបភាពប្រឈម

ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណៈពេលដែលចំណែកខ្លះ នៃទីផ្សារអចលនទ្រព្យកំពុងជួបភាពប្រឈម និងមានការធ្លាក់ចុះដោយសារតែបញ្ហានៃវិបត្តិកូវីដ១៩ កំពុងញាំញីគួរឱ្យព្រួយបារម្ភនោះ សម្រាប់តែតម្រូវការនៃសាវាថែទាំអចលនទ្រព្យ ឬProperty Management មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុន។

មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញាគឹម គិនកេសាបានប្រាប់ឱ្យដឹង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា សម្រាប់តម្រូវការនៃការផ្តល់សេវាកម្មគ្រប់គ្រង និងថែទាំអចលនទ្រព្យនៅពេលបច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានការកើនឡើង ជាពិសេសប្រភេទអចលនទ្រព្យដែលមានម្ចាស់ច្រើន ក៏ដូចជាអគារដែលមានមនុស្សចេញចូលច្រើន ដូចជា ខុនដូ អាផាតម៉ិន អគារពាណិជ្ជកម្ម និងសណ្ឋាគារជាដើម។

កញ្ញាបានបន្តថា “កាលពីឆ្នាំមុនៗបន្តិច ព្រោះបច្ចុប្បន្នយើងឃើញមានតម្រូវការផ្នែកសេវាថែទាំអចលនទ្រព្យ ឬProperty management ពីសំណាក់ម្ចាស់អគារច្រើនជាងមុន ដោយសារតែពួកគាត់មានការបារម្ភ ទៅលើសុវត្ថិទូទៅនៅក្នុងអគាររបស់ពួកគាត់ ហើយក្នុងនោះម្ចាស់បុរីខ្លះក៏កំពុងផ្តោតចំណាប់អារម្មណ៍ផងដែរ”។

កញ្ញាបានបន្តថា “ពួកគាត់ចំណាយលុយ ដើម្បីទទួលបានសេវាកម្មផ្នែកថែទាំ ប៉ុន្តែផលប្រយោជន៍ ដែលពួកគាត់ទទួលយកត្រឡប់ទៅវិញក៏មានច្រើន ដែលក្រៅពីអាចថែរក្សានូវគុណភាព និងសោភ័ណភាពសំណង់បានយូរ និងកើនតម្លៃ ពួកគាត់ថែមទាំងមានភាពងាយស្រួលក្នុងការរៀបចំនូវប្រព័ន្ធសុវត្ថិអគារ ក៏ដូចជា សុវត្ថិភាពអ្នករស់នៅ និងចេញចូលក្នុងអគារជាប្រចាំផងដែរ”។

លោកបន្តថា “បច្ចុប្បន្នចំពោះម្ចាស់អចលនទ្រព្យដែលកំពុងផ្តោតអារម្មណ៍ និងមានតម្រូវការគឺប្រភេទដូចជាសំណង់សណ្ឋាគារ ខុនដូ អាផាតម៉ិន ផ្សារទំនើប ជាពិសេសអាគារពាណិជ្ជកម្មជាដើម ដែលធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់អគាររបស់ពួកគាត់បានខ្ពស់”។

កញ្ញាគឹម គិនកេសាបានបញ្ជាក់ឱ្យថា នៅពេលដែលម្ចាស់អគារទទួលយកសេវាថែទាំអចលនទ្រព្យ ក្រៅពីផ្តោតសំខាន់ទៅលើគុណភាព សោភ័ណភាពអគារ ពួកគាត់ក៏មានភាពងាយស្រួលក្នុងការស្វែងរកសេវាបន្ថែម ដូចជាផ្នែកសន្តិសុខ និងអនាម័យដែលជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីឃ្លាតឆ្ងាយពីបញ្ហាចម្លងជំងឺកូវីដ១៩ផងដែរក្រោមកការជួយសម្របសម្រួល ពីសំណាក់ក្រុមហ៊ុនផ្តល់សេវាថែទាំអចលនទ្រព្យ ឬ Property Management នេះដែរ៕

វិភាគៈភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងសហភាពអឺរ៉ុប កំពុងស្ថិតលើមាគ៌ាថ្មីឆ្ពោះទៅរកទំនាក់ទំនងកាន់តែល្អប្រសើរ

ដោយៈសុខុម
អន្តរជាតិៈ អំឡុងពេលអាល្លឺម៉ង់ ជាប្រធានឆ្លាស់វេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្រុងព្រុសសែល (ប្រទេសបែលហ្ស៊ិក) បានរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ាន ដោយបានឯកភាពគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ។

បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសជាសមាជិកអាស៊ាន មួយចំនួននិងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងតំបន់ និងតំបន់។

ក្នុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយនេះ អាស៊ាន បានពង្រឹងជំហរនៅកណ្ដាលរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ បច្ចុប្បន្នអាស៊ាន មានប្រជាជនសរុបចំនួន៦៥៤លាននាក់ ដែលធ្វើឱ្យតំបន់នេះក្លាយជាទីផ្សារដ៏ទាក់ទាញ សម្រាប់មហាអំណាចពិភពលោកនានា។

ក្នុងរយៈពេល២០ឆ្នាំមកនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ាន បានកើនឡើងពី៦០០ពាន់លានដុល្លារ ដល់៣.០០០ពាន់លានដុល្លារ។ ប្រសិនបើនិន្នាការនេះនៅតែបន្ត កំណើនដ៏ឆាប់រហ័សរបស់វា នឹងបង្កើនអំណាចទិញរបស់អាស៊ាន ដែលនឹងធ្វើឱ្យរំហូរពាណិជ្ជកម្មកើនឡើងយ៉ាងគំហុក។

គិតត្រឹមពេលបច្ចុប្បន្ន ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងសហភាពអឺរ៉ុប និងអាស៊ាន ក្នុងមួយឆ្នាំៗ មានទំហំរហូតដល់ទៅជាង២០០ពាន់លានដុល្លារ ដែលអាចបញ្ជាក់បានថា នេះជានិន្នាការវិជ្ជមានដ៏រឹងមាំមួយ។

កំណើនសេដ្ឋកិច្ចរបស់អាស៊ាន បានបង្កើនសារៈសំខាន់របស់ខ្លួន ក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលមិនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មហាយក្សចិន និងសហរដ្ឋអាមេរិក ផងដែរ។ ទោះជាយ៉ាងណា អាស៊ានមានសារៈសំខាន់កាន់តែខ្លាំងឡើងក៏ដោយសារភូមិសាស្ត្រនយោបាយផងដែរ។

ភ័ស្តុតាងយ៉ាងច្បាស់ដែលមិនអាចប្រកែកបាន គឺការចុះហត្ថលេខាថ្មីៗនេះលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីអាស៊ាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ដោយបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក។

តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEP អាស៊ានបានពង្រឹងជំហរចរចារបស់ខ្លួន ឆ្ពោះទៅរកអំណាចពិភពលោក ពង្រឹងគោលការណ៍ពហុភាគីនិយមជាសកល ព្រមទាំងសណ្តាប់ធ្នាប់ និងពាណិជ្ជកម្មដែលផ្អែកលើច្បាប់។
នៅរដ្ឋធានីវ៉ាស៊ីនតោន ឯណោះវិញ ការបោះឆ្នោតជ្រើសរើសលោកចូ បៃឌិន ជាប្រធានាធិបតីទំនងជានាំឱ្យមានការពង្រឹង ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដើម្បីប្រឆាំងទប់ទល់ការពង្រីក ឥទ្ធិពលរបស់មហាយក្សចិននៅក្នុងតំបន់។

ប្រសិនបើបែបនោះមែន សហភាពអឺរ៉ុប សុទ្ធតែទទួលបានផលប្រយោជន៍ នៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបង្កើនភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ាន។

អំឡុងពេលអាល្លឺម៉ង់ ជាប្រធានឆ្លាស់វេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប សហភាពអឺរ៉ុប បានផ្ដោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ នៅខែធ្នូ ឆ្នាំ២០២០ សហភាពអឺរ៉ុប និងអាស៊ាន បានក្លាយជាដៃគូយុទ្ធសាស្រ្តដោយផ្អែកលើគោលការណ៍ពហុភាគីនិយម និងពាណិជ្ជកម្មសេរីដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន។

លើសពីនេះ យើងមិនអាចបំភ្លេចបានឡើយដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចូលជាធរមាននាពេលថ្មីៗនេះ ដោយបានលុបចោលការយកពន្ធលើទំនិញស្ទើរតែទាំងអស់ ដែលត្រូវបានជួញដូររវាងភាគីទាំងពីរ។

ប្រធានឆ្លាស់វេនរបស់ព័រទុយហ្គាល់ នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នាពេលបច្ចុប្បន្នក៏កំពុងជំរុញមហិច្ឆតា “អឺរ៉ុប ជាសកល” (Global Europe) ដោយប្តេជ្ញាគោរពតាម “គោលការណ៍ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការកំណត់ទីតាំងភូមិសាស្ត្រនយោបាយរបស់សហភាពអឺរ៉ុប ជាដៃគូសហការឈានមុខគេជាសកល”។

អនុលោមតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្រោយព្រមព្រៀងជាគោលការណ៍លើកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយ រវាងសហភាពអឺរ៉ុប-ចិន (CAI) សភាអឺរ៉ុប បានអនុម័ត អំឡុងសម័យប្រជុំពេញអង្គខែមករា នូវសេចក្ដីសម្រេចលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ី និងគាំទ្រឱ្យមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងអាស៊ាន”។

គំនិតចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងតំបន់រវាងសហភាពអឺរ៉ុប និងអាស៊ាន មិនមែនជារឿងថ្មីឡើយ សម្រាប់គណៈកម្មការសហភាពអឺរ៉ុប ដែលបានចាប់ផ្តើមការចរចាតាំងពីឆ្នាំ២០០៧។

ទោះជាយ៉ាងណា ការចរចាត្រូវបានផ្អាកក្នុងឆ្នាំ២០០៩ ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។

ដោយផ្អែកលើការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សហភាពអឺរ៉ុប មានគោលបំណងអភិវឌ្ឍន៍ របៀបវារៈគោលនយោបាយការបរទេសរបស់ខ្លួន ដោយក្លាយជាដៃគូដែលអាចពឹងផ្អែកបាន និងទាក់ទាញសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយប្រើប្រាស់អំណាចដ៏ទន់ភ្លន់របស់ខ្លួន ដើម្បីទទួលបានឥទ្ធិពលនៅក្នុងតំបន់។

ដូច្នេះការជំរុញកិច្ចចរចាពាណិជ្ជកម្ម ជាមួយឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ ការណ៍នេះ ក៏អាចជួយត្រួសត្រាយផ្លូវ សម្រាប់ការបើកការចរចាជាមួយប្រទេសដទៃទៀតផងដែរ។

នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក ទាំងសហភាពអឺរ៉ុប និងអាស៊ាន នឹងសុទ្ធតែទទួលបានអត្ថប្រយោជន៍ ពីការកើនឡើងលំហូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព និងបៃតង ពង្រីកគោលការណ៍ពហុភាគីនិយមផ្អែកលើច្បាប់ ដែលនឹងនាំមកនូវស្ថានភាពឈ្នះឈ្នះដែលគ្រប់គ្នាចង់បានយ៉ាងខ្លាំង៕

សម្តេចពិជ័យសេនាទៀ បាញ់ៈកងទ័ពដែលបានចាក់វ៉ាក់សាំងរួច ទោះបីឆ្លងជំងឺកូវីដ តែមានសុខភាពធម្មតា

ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា ចំពោះកងទ័ពដែលបានចាក់វ៉ាក់សាំងរួចហើយ ទាំងចាក់បាន១លើក និងបាន២លើក ដែលបានឆ្លងជំងឺកូវីដ១៩នោះ គឺមានសុខភាពធម្មតាទេ មិនមានការធ្វើទុក្ខអ្វីនោះទេ ដែលអាចបញ្ជាក់បានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ បានបំពេញភារកិច្ចវាមួយចំណែកធំហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ។

សម្តេចបានថ្លែងថា “វ៉ាក់សាំងនេះពេលទទួលបានវ៉ាក់សាំងនឹងហើយ មិនមានការអះអាងថាមិនឆ្លងនោះទេ គឺនៅមានការឆ្លងហើយ ពិតប្រាកដចឹងហ្មង ខ្ញុំបានតាមដានប៉ុន្មាននាក់ ជាទូទៅខ្ញុំមិនហ៊ាននិយាយទេ”។

សម្តេចបន្តថា “ចំពោះទ័ពប៉ុន្មាននាក់ដែលបានឆ្លងប៉ុន្មាននាក់ គឺបានតាមដានអស់ហើយ គឺអ្នកដែលទទួលបានវ៉ាក់សាំងហើយទាំងអស់ទាំងពី១ម្ជុលទៅ២ម្ជុល ដូចនេះខ្ញុំតាមដានយ៉ាងជាប់អត់អី សុខភាពនៅធម្មតា ឥឡូវនេះចូលដល់កន្លែងព្យាបាលនៅសណ្ឋាគារ THE GREAT DUKE គឺសុខភាពធម្មតា ពេលមានកំដៅឡើង ឥលូវនេះគឺចុះទាំងអស់បានន័យថា វ៉ាក់សាំងនេះបានបំពេញភារកិច្ចវា មួយចំណែកធំហើយ”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងទៀតថា បើយើងបានចាក់វ៉ាក់សាំងរួចហើយជំងឺកូវីដ១៩នេះ ពេលមកក្នុងខ្លួនក៏មិនអាចធ្វើអីឱ្យយើង ធ្លាក់ក្នុងសភាពឈឺ ដោយធ្ងន់ធ្ងរនោះទេ ដែលជាក់ស្តែងកងទ័ព ដែលដែលចាក់វាក់សាំងរួចហើយ ទាំងបានមួយម្ជុល និងបាន២ម្ជុលទាំង៥នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ មានសុខភាពធម្មតា និងមានខ្លះបានជាសះស្បើយរួចហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែថា ជាជំហានដំបូងគឺអាចសន្និដ្ឋានបានថា អ្នកដែលទទួលបានវ៉ាក់នេះរួចហើយ ជំងឺកូវីដ១៩វាមិនអាចធ្វើឱ្យសុខភាពរបស់យើង ទ្រុធទ្រោមធ្ងន់ធ្ងន់នោះទេ ក៏ប៉ុន្តែវានៅតែអាចចម្លងទៅកាន់អ្នកដទៃបានដែរ ដូចនេះហើយសូមកុំក្រអឺតក្រទបនឹងជំងឺនេះ នៅពេលបានចាក់រួចហើយក៏ដោយ។

គិតមកដល់ពេលនេះក្នុងជួរកងទ័ព មានអ្នកឆ្លងជំងឺកូវី១៩ ចំនួន៥នាក់ដែលមានអ្នកឆ្លងចុងក្រោយឈ្មោះ តារា កុសល ដែលជាសិក្ខាកាម នៅក្នុងសកលវិទ្យាល័យការពារជាតិ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕