ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់អន្តរជាតិ នៅខេត្តកំពង់ស្ពឺនៅតែបន្តដំណើរការ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្អាកដំំណើរការនោះទេ។
គំរោងដ៏ប្រណីតនេះ វិនិយោគដោយក្រុមហ៊ុន Jor Grand Eco Investment Co., Ltd. សម្រេចបោះទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១០ ឧសភានេះថា តាមព៌តមានលោកទទួលបានបច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ កំពុងរត់ការលើផែនការវិនិយោគ ប្លង់មេ ការចុះបញ្ជីរដីធ្លី ដែលក្រុមហ៊ុនប្រមូលទិញបាន១៩០ហិកតា។លោកបន្តថា តាមផែនការក្រុមហ៊ុននេះ នឹងបន្តការអភិវឌ្ឍរបស់ខ្លួនឆ្ពោះទៅមុខ ដោយសារក្រុមហ៊ុនអភិវឌ្ឍគំរោងនេះ ជាក្រុមហ៊ុនធំដែលមកពីទីក្រុងហុងកុង សឹង្ហបុរីនិងមកពីប្រទេស្វីស។
គម្រោងដ៏ធំនេះនៃមជ្ឈមណ្ឌលកម្សាន្តមួយនេះ នឹងអាចជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរាប់ពាន់កន្លែង។
លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺធ្លាប់តែគេមើលរំលងទៅហួស មកហួស និងត្រូវគេមើលងាយពីមុនមក លែងជាខេត្តដែលគេមើលរំលងទៀតហើយ ដោយខេត្តនេះទទួលបានគំរោងអភិវឌ្ឍន៍៍ជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ៕