តើការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា?

ដោយៈសហការី
ភ្នំពេញៈ អ្នកជំនាញភាគច្រើនបានយល់ស្របគ្នាថា វិបត្តិជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍៍២០កុម្ភៈ បាននិងកំពុងជះឥទ្ឋិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ាផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាប្រធានគណៈកម្មការសម្របសម្រួលនិងសិក្សាវិវាទ នៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះជាសកល ដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចសង្គម ដោយហេតុថា ប្រជាពលរដ្ឋមានការភ័យខ្លាច និងទុកលុយដើម្បីបំរុងក្នុងសម័យកាលកូវីដនេះដែរ។

លោកបន្តថា “បើប៉ះពាល់ដល់ប្រជាពលរដ្ឋហើយ ប្រាដកជាប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាក់ជាមិនខានឡើយ”។

លោកឧកញ៉ាបានបន្ថែមថា វិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញ ព្រោះប្រទេសកម្ពុជាកំពុងធ្វើការអភិវឌ្ឍលើវិស័យនេះ ហើយព្រឹត្តិការណ៍២០កុម្ភៈ គ្រាន់មកបង្អាក់ នៃដំណើរការអភិវឌ្ឍអចលនទ្រព្យមួយពេលតែប៉ុណ្ណោះ។

លោកបន្តទៀតថា ក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ យ៉ាងណាមិញប្រជាពលរដ្ឋប្រាកដជាយល់ដឹងច្បាស់អំពីតម្លៃអចលនទ្រព្យ។

និយាយបែបនេះ ពីព្រោះ អ្នកជំនួញ និងពាណិជ្ជករទាំងឡាយ គឺត្រូវការដីជាបឋមក្នុងការចាប់ផ្តើមអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោកឧកញ៉ាសឿ សុវណ្ណ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃុន សឿរៀលធី និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានលើកឡើងថា ការទិញលក់ជួលអចលនទ្រព្យទូទាំងប្រទេស មានសកម្មភាពថយចុះខ្លាំង ដោយសារមានការបារម្ភពីការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្នុងតំបន់ខេត្តមួយចំនួននៅតែមានសកម្មភាពល្អប្រសើរ ដូចជា ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងខេត្តសៀមរាបជាដើម។

លោកបន្តថា “មនុស្សជាច្រើនគិតពីសុខុមាលភាពហិរញ្ញវត្ថុបម្រុង និងមិនហ៊ានជួបគ្នាផ្ទាល់ ខណៈជំងឺបានរីករាលដាលខ្លាំងឡើងៗ ដោយពុំទាន់មានសញ្ញាវិជ្ជមានល្អនៅឡើយ ជាហេតុធ្វើអោយការទិញលក់ ឬជួលអចលនទ្រព្យ មានការថមថយខ្លាំង”។លោកបន្តថា “ទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។

ដោយសារតែជម្ងឺ កូវីដ១៩ ជាជម្ងឺរាតត្បាតជាសាកល ហេតុដូចនេះចរន្តរបស់អ្នកវិនិយោគបរទេសខាងក្រៅលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយ ជាហេតុធ្វើអោយយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍក្នុងស្រុកខ្លាំងនាពេលបច្ចុប្បន្ននេះ៕

 

មេដឹកនាំជាន់ខ្ពស់អាមេរិកប៉ះសម្តីជាមួយមេដឹកនាំចិនក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងនៃរដ្ឋបាលលោកJoe Biden

ដោយៈគង់ សូរិយា
ភ្នំពេញៈ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្អាក់ដំណើរឆ្ពោះទៅមុខរបស់ចិន មេដឹកនាំជាន់ខ្ពស់មហាអំណាចទាំងពីរបានជួបគ្នាជាលើកដំបូង ក្នុងរដ្ឋបាលថ្មីរបស់លោកJoe Biden ហើយការប៉ះពាល់ពាក្យសម្តីបានកើតឡើង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងកិច្ចប្រជុំ កម្រិតខ្ពស់ជាមួយសមភាគីចិន ក្នុងទីក្រុងAnchorage នៃរដ្ឋអាឡាស្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)ដោយបានចាប់ផ្តើមដោយប្រកាន់មកដៃគូជំនួបរបស់ខ្លួនភ្លាមៗថា សកម្មភាពរបស់ចិនកំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។

លោក Antony Blinken បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមានទាំងតំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ និងបានបង្ហាញភស្តុយ៉ាងច្រើន ទៅដល់អន្តរជាតិវិញរួចទៅហើយនោះ។

ប្រមុខការទូតអាមេរិកបន្ថែមថា សំណុំរឿងទីក្រុងហុងកុង តៃវ៉ាន់ ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក ការគំរាមកំហែងផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។

ជាការឆ្លើយតប លោក Yang Jiechi បានលើកឡើងថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។

លោកបន្តថា “សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ”។

កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិនក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះ ហើយនេះជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោកJoe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោកJoe Biden លោក Jake Sullivan ជាមួយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យីផងដែរ៕

 

តើអ្នកជំនាញសេដ្ឋកិច្ចស្រាវជ្រាវពីស្ថានភាពអចលនទ្រព្យនៅក្រុងព្រះសីហនុ រកឃើញសភាពបែបណា?

ដោយៈ រ៉ាណេត
ព្រះសីហនុៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានចុះសិក្សាស្រាវជ្រាវពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាពិសេសសម្រាប់ទីផ្សារនៃការជួល ដែលកំពុងមានភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដែលអាចធ្វើឱ្យម្ចាស់អគារទទួលការខាតបង់។

ផ្អែកតាមការស្រាវជ្រាវថ្មីរបស់មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យកម្ពុជាដែលបង្ហាញលទ្ធផល នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ភាពស្ងប់ស្ងាត់នៃចរន្តទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ក្រោយការចាកចេញពីសំណាក់ជនជាតិចិន ចាប់តាំងពីដើមឆ្នាំ២០២០ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញ រួមជាមួយនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យអ្នកជំនួញនៅក្នុងទីផ្សារអចលនទ្រព្យមួយចំនួនខាតបង់ ប៉ុន្តែការខាតបង់ទាំងនេះភាគច្រើន កើតមានតែចំពោះតែម្ចាស់អគារតូចៗ ឬអ្នកដែលចាប់ផ្តើមវិនិយោគត្រឹមដើមឆ្នាំ២០២០តែប៉ុណ្ណោះ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីការចាកចេញរបស់ជនជាតិចិន ហើយបន្ថែមពីនេះវិបត្តិ ដែលកើតមានដោយសារជំងឺកូវីដ១៩ ក៏ជាមូលហេតុដែលសំខាន់ក្នុងការរួមចំណែកផងដែរ។

លោកបញ្ជាក់ថា “ជាធម្មតានៅពេលទីផ្សារវិស័យណាមួយ មានការធ្លាក់ចុះគឺតែងជះឥទ្ធិពលអាក្រក់ដល់អ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគតែម្ដង”។ លោកបន្តថា “ជាក់ស្ដែងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលមានកំណើនទីផ្សារខ្ពស់ហួសពីការរំពឹងទុកកាលពីឆ្នាំ២០១៨-២០១៩ ដែលជំរុញឱ្យតម្លៃឡើខ្ពស់ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកវិញដោយសារតែបាត់បង់តម្រូវការ”។

លោកបណ្ឌិតបានលើកឡើងថា តាមការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យកម្រិតមធ្យម មួយចំនួនបានជួបការខាតបង់ ដែលក្នុងនោះមានប្រមាណ៤៥ភាគរយ កំពុងជាប់បំណុលធនាគារឯកជន ដោយសារខ្ចីលុយយកមកធ្វើជាដើមទុនសាងសង់អគារ ក្នុងគោលបំណងជួលឱ្យជនជាតិចិន។ ប៉ុន្តែបំណងនេះត្រូវបានបរាជ័យ ក្រោយការចាកចេញរបស់ជនជាតិចិនយ៉ាងឆាប់រហ័ស កាលពីដើមឆ្នាំ២០២០។

លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ភាគច្រើនអ្នកដែលខាតបង់ គឺអ្នកទើបតែចាប់វិនិយោគ និងអភិវឌ្ឍន៍សំណង់នៅដើមឆ្នាំ២០២០ ដែលមានទ្រង់ទ្រាយតូច និងមធ្យម ប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់គម្រោងអគារធំៗ និងបានវិនិយោគតាំងពីមុនឆ្នាំ២០១៩ ភាគច្រើននៅមិនទាន់ទទួលរងនូវការខាតបង់នោះទេ ក្រោមហេតុផលថា អគារធំៗដែលជួលឱ្យក្រុមហ៊ុនវិនិយោគបន្តភាគច្រើន មានកុងត្រាជួលក្នុងរយៈពេលយូរចាប់ពី១៥ឆ្នាំ ឬ២០ឆ្នាំ ឬយូរជាងនេះ ដោយមានការកក់ប្រាក់ចាប់ពូ៣ឆ្នាំ ឬ៥ឆ្នាំមុនក៏មាន ដូច្នេះនៅក្នុងវិបត្តិប្រមាណ១ឆ្នាំកន្លងកមនេះ ពួកគេនៅមិនមានការខាតប្រយោជន៍នោះទេ។

លោកបន្តថា ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ នៃតម្រូវការជួលអគារទាំងនេះអាចនៅបន្ត ឬមានតម្រូវការឡើងវិញនៅពេលណានោះ នៅមិនអាចកំណត់បាននោះទេ ដែលវាអាស្រ័យទៅលើស្ថានការជាក់ស្ដែង នៃការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងមានប្រសិទ្ធភាពបានកម្រិតណា ខណៈដែលការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសលើសាកលចាប់ផ្តើមអនុវត្តជាបណ្តើរៗទៅហើយនោះ៕

អ្នកជំនាញៈការជំរុញបច្ចេកវិទ្យាឌីជីថលនឹងជួយបង្កើនការទិញលក់អចលនទ្រព្យ ក្នុងបរិបទកូវីដ១៩

ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យ គួរជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម ដើម្បីជំរុញប្រត្តិបត្តិការទិញលក់ក្នុងវិស័យនេះ អំឡុងពេលវិបត្តិកូវី ខណៈការប្រើបាស់បច្ចេកវិទ្យាឌីជីថល ជួយកាត់ពេលវេលា និងហានិភ័យឆ្លងជំងឺរាតត្បាតនេះ មុនឈានដល់សម្រេចទិញលក់ដោយផ្ទាល់។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអេស្ទេតបានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ទីផ្សារអចលនទ្រព្យ កំពុងធ្វើដំណើរទៅកាន់ការប្រើប្រាស់ប្រព័ន្ធឌីជីថល អំឡុងវិបត្តិកូវីដ១៩ ដែលអូសបន្លាយពេលជាងមួយឆ្នាំកន្លងមកនេះ ហើយវិស័យបាននិងកំពុងរៀបចំកិច្ចការងារនេះ ដើម្បីឆ្លើយតបនឹងស្ថានភាពនាបច្ចុប្បន្ន។

លោកបានថ្លែងថា “ការទិញលក់តាមប្រព័ន្ធឌីជីថល គ្រាន់តែសម្រួលប្រតិបត្តិការការងាររបស់យើង កាន់តែចំណាយពេលតិច ហើយការកាត់បន្ថយការជួបជុំគ្នា តាមរយៈការប្រើប្រាស់ទំរង់ប្រព័ន្ធឌីជីថល។ ឧទាហរណ៍ យើងអាចធ្វើបទបង្ហាញពីគម្រោងរបស់យើង តាមរយៈវីដេអូខល ឬប្រព័ន្ធឌីជីថលជាដើម”។

លោកបានបន្តទៀតថា បច្ចេកវិទ្យាឌីជីថល នឹងជួយជំរុញដល់ការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បន្ន ក្នុងសម័យកូវីដ១៩ ព្រោះការប្រាស្រ័យទាក់ទងគា្នតាមរយៈវីដេអូខល និងប្រព័ន្ធឌីជីថលផ្សេងនឹងកាត់បន្ថយពេលវេលា និងការជួបជុំផ្ទាល់ ប៉ុន្តែការពេលចាំបាច់មួយ ដូចការសម្រេចទិញចុងក្រោយតម្រូវការអ្នកទិញ អ្នកលក់ជួបគ្នាដោយផ្ទាល់ ដើម្បីសម្រេចបាននូវការទិញលក់នេះ។

ទោះបីជាយ៉ាងក៏ដោយ លោកបានលើកឡើងថា ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះលក្ខខណ្ឌមួយចំនួននៅមានកម្រិត។ ប្រត្តិបត្តិការទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថលនេះ នៅតែទាមទារធនធានមនុស្សច្រើន ប៉ុន្តែភ្នាក់ងារអចលនទ្រព្យ និងអ្នកទិញបាន និងកំពុងសម្របខ្លួនទៅតាមស្ថានភាពបច្ចុប្បន្ន ដោយបត់បែនទៅរកការប្រើប្រាស់ប្រព័ន្ធ ដើម្បីជំរុញអាជីវកម្មអចលនទ្រព្យរបស់ពួកគេ។

ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជានឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យ ដែលធ្វើឱ្យមានដំណើរការដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុនដើម្បីលើកទឹកចិត្ត ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិនឹងផ្លាស់ប្តូរ វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។
ការធ្វើទំនើបកម្មឌីជីថល អនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាម Internet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេជាមួយ នឹងការិយាល័យសុរិយោដី ដែលអាចដើរតួជា ច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ៕

ទីក្រុងកោះពេជ្រកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈអាគារកប់ពពកចំនួនពីរទៀតត្រៀមបង្ហាញខ្លួន

ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីក្រុងកោះពេជ្របាន និងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈការសាងសង់អាគារពាណិជ្ជកម្ម ខុនដូបាននិងកំពុងកើនឡើង ស្របពេលគំរោងអភិវឌ្ឍន៍៍ធំៗរបស់ទីក្រុងនេះកំពុងបន្ត។

បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនOCIC លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុននេះបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវវឌ្ឍទីក្រុងកោះពេជ្រដែលមានផ្ទៃដីជាង៨០ហិកតា កំពុងដើរតាមផែនការមេរបស់ខ្លួន ដោយបច្ចុប្បន្នទីក្រុងនេះកំពុងរៀបចំផ្លូវដើរព័ទ្ឋជុំវិញ មានផ្សាររាត្រី និងគំរោងអភិវឌ្ឍន៍ជាច្រើនកំពុងសាងសង់។លោកបន្តថា “បច្ចុប្បន្នការប្រើប្រាស់ដីលើទីក្រុងនេះ ទើបសម្រេចបាន៥០ភាគរយ ខណៈសំណង់អាគារដែលសាងសង់លើទីក្រុងនេះ ទើបសម្រេចបានប្រមាណ២៥ភាគរយប៉ុណ្ណោះ”។លោកបន្តថា “ទីក្រុងនេះកំពុងមានភាពរីកចម្រើន ហើយដើរតាមផែនការមេដែលបានគ្រោងទុក”។

បច្ចុប្បន្នគំរោងធំៗចំនួន៤បាន និងកំពុងសាងសង់រួចមាន The Morgan Tower, Mesong Tower, The D.I RIVIERA និងគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុនចិន ដែលគ្រោងសាងសង់អាគារមេរបស់ខ្លួនកំពស់៤០០ម៉ែត្រ ស្ថិតនៅអតីតទីតាំងផ្សាររាត្រី ដែលបានផ្លាស់ប្តូរទៅកាន់ទីក្រុងរណបជ្រោយចង្វារ។

បច្ចុប្បន្នគំរោងអាគារខ្ពស់ៗ ដែលបានសាងសង់ចប់នៅលើទីក្រុងនេះ រួមមាន គម្រោងDiamond Twin Tower, Casa Meridian ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនយក្សPrince Real Estate Group និងគំរោងThe Elysee កំពុងត្រៀមបញ្ចប់ការសាងសង់ផងដែរ។

សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asiaដែលជាគេហទំព័រឈានមុខគេ លើការផ្សព្វផ្សាយព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាបានមានប្រសាសន៍ថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត បានធ្វើឲ្យទីក្រុងនេះ ជាគ្រាប់ពេជ្រមួយ ដូចគ្នានឹងឈ្មោះទីក្រុងនេះ ដែលអ្នកវិនិយោគជាតិ អន្តរជាតិតែងតែសម្លឹងមើល និងចង់ចូលមកវិនិយោគ ដោយសារទីក្រុងនេះមានទន្លេព័ទ្ឋជុំវិញ ដែលផ្តល់បរិយាកាសល្អក្នុងការរស់នៅ មានខ្យល់អាកាសបរិសុទ្ឋ និងជាទីតាំងមានហុងស៊ុយខ្ពស់ បើតាមជំនឿរបស់ជនជាតិចិន។

លោកបន្តថា“ទីក្រុងនេះ និងតំបន់ជុំវិញនឹងក្លាយជាមជ្ឈមណ្ឌល ពាណិជ្ជកម្មលំដាប់អន្តរជាតិនាពេលអនាគត ហើយវាគួរតែជាតំបន់ថ្មើជើងមួយ សម្រាប់ភ្ញៀវទេសចរណ៍ ដើរទស្សនាកម្សាន្តនិងទិញទំនិញនាពេលអនាគត”។លោកបន្តថា “តំបន់នេះនឹងមានផ្សារទំនើបយ៉ាងតិចណាស់ចំនួន៤ នាពេលអនាគត ហេតុនេះបើសិនអ្នកអភិវឌ្ឍន៍លើកោះនេះ និងតំបន់ជុំវិញរៀបចំបានល្អ តំបន់នេះនឹងក្លាយជាកន្លែងដើរទិញទំនិញ និងកំសាន្តដ៏រសរវើក”។
ព័ទ្ឋជុំវិញតំបន់នេះ យើងឃើញមានគំរោងជាច្រើនបានសាងសង់ ដាក់ឲ្យដំណើរការ និងត្រៀមដាក់ដំណើរការនាពេលឆាប់ៗខាងមុខ ដូចជា ផ្សារទំនើបលំដាប់អន្តរជាតិAEON Mall1, The Bridge, The Peak, Naga World 1, Naga World2, Naga World3 ដែលជាមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅក្នុងតំបន់ សម្រាប់ពេលអនាគត។

លោកយិន លាងគង់បានបន្តថា ការប្រសូត្រថ្មីនៃទីក្រុងរណបកោះនរា ដែលបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋយ៉ាងសកម្ម នឹងជម្រុញធ្វើឲ្យទីក្រុងកោះពេជ្រកាន់តែមានភាពរសរវើក និងមានការអភិវឌ្ឍន៍កាន់តែលឿនបន្ថែមទៀតនាពេលអនាគត ខណៈស្ពានតភ្ជាប់ទីក្រុងទាំងពីរនេះបាន និងកំពុងដំណើរការសាងសង់ និងសមិទ្ឋផលជាច្រើនទៀតត្រៀមនឹងបង្ហាញខ្លួនលើទីក្រុងកោះពេជ្រ៕

រដ្ឋាភិបាលដាក់ចេញវិធានការ និងរៀបចំផែនការសំខាន់ៗដើម្បីគ្រប់គ្រងជំងឺកូវីដឲ្យមានប្រសិទ្ធភាពខ្ពស់

ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការវិវឌ្ឍកើនឡើងនូវចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែច្រើនគួរឱ្យព្រួយបារម្ភ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានដាក់ចេញនូវវិធានការ និងផែនការសំខាន់ៗ ដើម្បីធ្វើយ៉ាងណាអាចទប់ស្កាត់ការរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះបានជំរុញ និងដាក់ចេញនូវវិធានការចាំបាច់ និងសំខាន់ៗមួយចំនួន ដូចជា ការរៀបចំមន្ទីរពេទ្យនគរទេព ជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ការរៀបចំឱ្យមានទីតាំងមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងផ្តល់លទ្ធភាព ដល់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅគ្រប់ទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ការបញ្ជាទិញវ៉ាក់សាំងពីមហាមិត្តចិនបន្ថែមចំនួន១,៥លានដុស ការចេញអនុក្រឹត្យស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការជំរុញយុទ្ធនាការបន្តការចាក់វ៉ាក់សាំង ដល់ពលរដ្ឋទូទៅក្រោយពេលវ៉ាក់សាំង Sinovac និង Sinopharm បានបញ្ជូនមកដល់កម្ពុជានៅសប្ដាហ៍ក្រោយនេះ។

-ការរៀបចំមន្ទីរពេទ្យនគរទេពជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ២៥ ០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អ ដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

មន្ទីរពេទ្យនគរទេពអាចដាក់គ្រែ សម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗ ដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះ ក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ។

-ការរៀបចំឱ្យមានទីតាំងមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងផ្តល់លទ្ធភាពដល់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅ១៤ខណ្ឌនៃរាជធានីភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែននាព្រឹកថ្ងៃទី១៩ មិនានេះបានស្នើឲ្យលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ។
ជាមួយនឹងដំណើរការ នៃការបើកយុទ្ធនាការរយៈពេល១៥ថ្ងៃនេះ សម្ដេចក៏បានស្នើនៅតាមមន្ទីរពេទ្យទាំងអស់ ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដុសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ។

-ការបញ្ជាទិញវ៉ាក់សាំង Sinovac ពីមហាមិត្តចិនចំនួន១,៥លានដុស
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងបន្ថែម ពីលើជំនួយពីមហាមិត្តចិនប្រភេទSinovac ចំនួន១,៥លានដុស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ ហើយបើមិនមានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងនេះនឹងនាំមកដល់ប្រទេសកម្ពុជានៅត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ក្នុងសប្ដាហ៍ក្រោយនេះ។ ក្រៅពីនេះ នៅមានការនាំយកវ៉ាក់សាំងប្រភេទ Sinopharm ដែលជាជំនួយរបស់មហាមនិត្តចិនចំនួន៤០ម៉ឺនដុសបន្ថែមទៀតផងដែរ។
-ការចេញស្ដីអនុក្រឹត្យស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជំរុញឱ្យមានការចូលរួមអនុវត្តនូវអនាម័យដើម្បីបង្ការខ្លួនពីជំងឺកូវីដ១៩
សម្ដេចតេជោ ហ៊ុន សែន បានទទូចស្នើសុំឱ្យប្រជាជនទាំងអស់ចូលរួមអនុវត្តន៍តាមវិធានការណ៍ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការអនុវត្ត៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ។
បន្ថែមពីនេះរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមានការពិន័យ និងដាក់ទោសទៅលើជនណាទាំងឡាយណា ដែលមិនអនុវត្តតាមការណែនាំ និងប្រាសចាកពីច្បាប់ដែលបានចែងជាកំហិតផងដែរ៕

អ្នកឧកញ៉ាលី ហួរៈលំនៅដ្ឋានតម្លៃសមរម្យចាប់យកចំណែកទីផ្សារក្នុងស្រុកបានច្រើនជាងគេ

ដោយៈប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នៅតែមានភាពពេញនិយម និងចាប់យកចំណែកទីផ្សារក្នុងស្រុក នៅដើមឆ្នាំ២០២១នេះ ខណៈគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ បាននិងកំពុងពង្រីកខ្លួនទៅគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ។
លោកស្រីអាន សុធីតានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលថ្មីៗនេះថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យបាន និងកំពុងពង្រីកទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ។

លោកស្រីបានថ្លែងថា “តម្រូវការលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ ជាតម្លៃសមរម្យមួយ សម្រាប់ប្រជាជនអាចមានលទ្ធភាពវិនិយោគ ឬទិញសម្រាប់រស់នៅនៅតែមានកំណើន ធៀបនឹងលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០ម៉ឺនឡើងទៅ”។
លោកស្រីសុធីតាបាននិយាយថា ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

លោកស្រីបានរំពឹងថា ទីផ្សារអចលនទ្រព្យត្រូវការ រយៈពេលពី៦ដល់៩ខែទៀត ទើបវិស័យនេះ អាចវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ព្រោះវាទាមទារឱ្យមានទំនុកចិត្តវិនិយោគឡើងវិញពីទាំងក្នុង និងក្រៅស្រុក។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍កាលពីដើមឆ្នាំនេះថា នៅដើមឆ្នាំ២០២១គឺជាពេលវេលាដ៏ល្អ សម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានប្រភេទកម្រិតមធ្យម សម្រាប់ដាក់លក់នៅលើទីផ្សារនាចុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋាន ចាប់ផ្តើមឡើងខ្ពស់វិញ។

អ្នកឧកញ៉ាបន្តថា “ខ្ញុំគិតថាយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនឹងកើនឡើងវិញខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកនៅមានច្រើន ដូច្នេះទីផ្សារមួយនេះ នឹងងើបឡើងជាក់ជាមិនខាន។ នេះបើតាមការមើលឃើញរបស់ខ្ញុំ”៕

តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ កើន​ដល់​ចន្លោះ ៩០ដល់​ជាង ៤០០ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ តម្លៃ​ដី​ជាប់​ផ្លូវជាតិ​លេខ៥១បាន​កើនឡើង​ក្នុង​កម្រិត១គុណ​នឹង១០ឬ​លើសពីនេះ ដោយសារតែ​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​មុន​ថា តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ ពិតជា​មានការ​កើនឡើង​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បច្ចុប្បន្ន​តម្លៃ​ដី​នៅលើ​ផ្លូវ​នេះ មានតម្លៃ​ចន្លោះ​ពី៩០ ទៅ​ជាង៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​មាន​ភាពប្រែប្រួល​អាស្រ័យ​លើ​ទីតាំង តំបន់​ទីប្រជុំជន​និង​តំបន់​មិនសូវមាន​មនុស្ស​រស់នៅ។

លោក​បន្តថា “ការ​កើន​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ ដោយសារ​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ពិសេស​លំហូរ​ចូល​របស់់​ផ្នែក​ឯកជន ដែល​វិនិយោគ​រោងចក្រ សហគ្រាស​និង​លំនៅដ្ឋាន​នៅ​តំបន់​នេះ” ។

លោក​សុខ​នី​ម​បាន​បន្តថា ចំណែក​ផ្លូវខាងក្នុងៗ ជា​ប្រ​ភេ​ព​ផ្លូវលំ​និង​មាន​ចម្ងាយ​ពីរ​ឬ​បី​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥១ ក៏មាន​តម្លៃ​ចន្លោះ​ពី៤០ ទៅ៦០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ប៉ុន្តែ​នៅពេល​សួរថា​តើ​តំបន់​នេះ នឹងមាន​ការកើនឡើង​តម្លៃ​ដីធ្លី​បន្ថែមទៀត​ឬ​យ៉ាងណា លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា ការកើនឡើង​តម្លៃ​ខ្ពស់​នាពេលនេះ តំបន់​ខ្លះ​បាន​កើល​តម្លៃ​រួចទៅហើយ ប៉ុន្តែ​តំបន់​ខ្លះ​នៅមាន​ល​ទ្ឋ​ភាព ឡើងថ្លៃ​បន្ថែមទៀត​នាពេល​អនាគត អាស្រ័យ​លើ​ការរីកចម្រើន​សេដ្ឋកិច្ច ការដាក់ចេញ​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល និង​ការវិនិយោគ​ពី​វិស័យ​ឯកជន។

ក្នុង​ដើម​ត្រីមាស​ទី១ឆ្នាំនេះ ខេត្ត​ដែលមាន​សកម្មភាព​ដោះដូរ​ដីធ្លី​ច្រើនជាងគេ គឺ​ស្ថិតក្នុង​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត មណ្ឌលគិរី និង​ផ្នែក​ខ្លះ​នៃ​ខេត្តសៀមរាប។

ទោះជា​យ៉ាងណា​វិបត្តិ​ជំងឺ​កូ​វីដ ដែល​រាលដាល​ពី​ព្រឹត្តិការណ៍២០កុម្ភៈ​កន្លងមកនេះ បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ស្ថិតក្នុង​សភាព​ទ្រឹង​ផងដែរ ដោយ​តម្លៃ​មិន​ហក់​ឡើង​នោះទេ ប៉ុន្តែ​ក៏​មិន​ចុះថ្លៃ​គំហុក​នោះទេ ការចុះ​តម្លៃ​ខ្លះ​អាស្រ័យ​លើ​ស្ថានភាព របស់​ម្ចាស់​អចលនទ្រព្យ​និមួយៗប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថា តម្លៃ​ដីធ្លី​បាន​ថមថយ​ប្រមាណ៣០ភាគរយ សម្រាប់​ម្ចាស់​អចលនទ្រព្យ​ដែលមាន​បញ្ហា​បំណុល ហើយ​ព្យាយាម​បង្ខំ​លក់​ចេញ។

លោកស្រី​បន្តថា “ក្នុងស្ថានភាព​វិបត្តិ​បែបនេះ អ្នកមាន​ធនធាន​ច្រើន​កំពុង​ប្រមូល​ទិញ ព្រោះ​វា​ជា​ពេលដែល​ជ្រើសរើស​អចលនទ្រព្យ​បានល្អ និង​តម្លៃ​សមរម្យ” ៕

ក្រុមហ៊ុន Google គ្រោង​បោះទុន​ជាង ៧ពាន់​លាន​ដុល្លា​វិនិយោគ​ការិយាល័យ និង​មណ្ឌល​រក្សាទុក​ទិន្នន័យ

ដោយៈ​សុខុម

វ៉ាស៊ីនតោន:  ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ Alphabet Inc របស់​សហរដ្ឋអាមេរិក បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៨ ខែមីនា ថា ខ្លួន​គ្រោង​បោះទុន រហូតដល់​ទៅជា​ង៧ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​ការិយាល័យ និង​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​ទូទាំង​សហរដ្ឋអាមេរិក។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNA ដែល​បាន​ដកស្រង់​ប្រភព​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា ការប្រកាស​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ធ្វើឡើង នៅពេល​ចរាចរ​អ៊ីនធឺណិត (internet traffic) ឬ​លំហូរ​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងមូល របស់​ក្រុមហ៊ុន​នេះ​កើនឡើង​ខ្លាំង ក្រោយ​វិធានការ​រឹតបន្តឹង​នានា ដើម្បី​ទប់ស្កាត់​ការឆ្លង​រា​ត្បា​ត​វីរុស​កូ​វីដ-១៩ បានធ្វើ​មាន​អ្នកប្រើប្រាស់ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​កាន់តែច្រើន។

រយៈពេល​ប៉ុន្មាន​ឆ្នាំជាប់ៗគ្នា​នេះ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​បោះទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​វិនិយោគ​លើ​ការិយាល័យ និង​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ នៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​ឆ្នាំ២០២០ បាន​បោះទុន​ជាង១០ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០១៩ បាន​បោះទុន​ជាង ១៣ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ថា ការវិនិយោគ​ចុងក្រោយ​នេះ រួមបញ្ចូល​ទាំង​ផែនការ​ពង្រីក មជ្ឈមណ្ឌល​រក្សា​ទុន​ទិន្នន័យ នៅ​រដ្ឋ​ណេ​ប្រា​ស្កា (Nebraska) រដ្ឋ​សៅ ខា​រ៉ូ​ឡាយ​ណា (South Carolina) និង​រដ្ឋ​តិច​សាស​ផងដែរ។

ក្រុមហ៊ុន Google ក៏​គ្រោង​បោះទុន​វិនិយោគ​ចំនួន១ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែលជា​មូលដ្ឋាន​ដើម​របស់ខ្លួន​ផងដែរ។

គម្រោង​បោះទុន​វិនិយោគ​បន្ថែម​នេះ​ធ្វើឡើង នៅពេលដែល​ក្រុមហ៊ុន​ជាច្រើន​នឹង​ចាក​ចេញពី​តំបន់ Silicon Valley ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បន្ទាប់ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​បង្ខំ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន ត្រូវ​ប្ដូរ​ទៅធ្វើ​ការងារ​ពី​ផ្ទះ។ ចំណុច​កាន់តែ​សំខាន់​ជាងនេះទៀត ដោយសារ​ចំណាយ​ប្រតិបត្តិការ និង​ការបង់ពន្ធ​នៅក្នុង​រដ្ឋ​នេះ​ខ្ពស់​ជាងគេ។

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet Inc និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Googleបាន​គូសបញ្ជាក់ថា ការវិនិយោគ​នេះ នឹង​ជួយ​បង្កើត​ការងារ​ពេញ​ម៉ោងថ្មីៗយ៉ាងតិច​ក៏ ១០.០០០កន្លែង​ដែរ៕

គម្រោង​សាងសង់​ផ្លូវ​ទាំង ៣៨ខ្សែ​នៅ​ក្រុង​សៀមរាប​សម្រេចបាន​ប្រមាណ ៣០ភាគរយ​ហើយ

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ បើទោះជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម និង​ប្រឆាំង​ទៅនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍ ប៉ុន្តែ​សកម្មភាព​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទាំង ៣៨ខ្សែ​នៅ​ទូទាំង​ក្រុង​សៀមរាប មិនបាន​ផ្អាក​នោះឡើយ ដោយ​ជា​លទ្ធផល​រហូតមកដល់​ពេលនេះ សម្រេចបាន​ប្រមាណ ៣០ភាគរយ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលក្រុង​សៀមរាប។

លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប​បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា គិត​ត្រឹម​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ជា​លទ្ធផល​នៃ​ការស្ថាបនា​ផ្លូវថ្នល់​នៅ​ទូទាំង​ក្រុង​សៀមរាប សម្រេចបាន​ប្រមាណ៣០ភាគរយ ដោយ​ក្នុងនោះ​រួម​មានការ​ឈូសឆាយ​ពង្រីក​ផ្លូវ​ចាស់​ឱ្យ​ធំ ការដាក់​បណ្តាញទឹក និង​បង្កប់​បណ្ដាញ​លូបង្ហូរទឹក​នៅតាម​ផ្លូវសំខាន់ៗក្នុង​ជំហាន​ដំបូង។

លោក​បាន​បញ្ជាក់ថា “ជារឿងៗថ្នាក់ដឹកនាំ​មន្ត្រី​ជំនាញ ដែលមាន​លោក​ទេស​រដ្ឋ   មន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ចុះ​ត្រួតពិនិត្យ​ក្នុង​គោលបំណង​តាមដាន និង​វាយតម្លៃ​បញ្ហា​បច្ចេកទេស​សាងសង់ ដើម្បី​ក្រើនរំលឹក​ឱ្យ​អង្គភាព​សាងសង់​ទាំងអស់​អនុវត្តន៍ ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​បច្ចេកទេស ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​ខ្ពស់​ផងដែរ” ។

គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង៣៨នេះ ដោយ​ចំណាយពេល​សាងសង់​ចំនួន១៣ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ។

គម្រោង​នេះ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេលថ្មីៗកន្លងទៅនេះ។

គម្រោង​នេះ​អនុវត្តន៍ ដោយ​អង្គភាព​សាងសង់​ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្ម​លេខ១៧៨ស្ពាន-ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់ និង​ការ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​បច្ចេកទេស​ធានា បាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្កើត​អគ្គនាយកដ្ឋាន​ប្រព័ន្ធ ចម្រោះ​ទឹក កខ្វក់​ដែល​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម ទឹក​កខ្វក់ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សុវត្ថិភាព សុខ ភាព​សាធារណៈ និង​ការអភិរក្ស​ជីវចម្រុះ៕