ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន៤២ភាគរយនិងត្រៀមស្វាគមន៍អ្នកដំណើរតាមការគ្រោងទុក

0

ដោយៈ ប៊ី

ភ្នំពេញៈ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅតែដំណើរការជាធម្មតា ដោយសម្រេចបាន៤២ភាគរយ បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ។

លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ត្រូវបានដកស្រង់សម្តីចេញពីសារព័ត៌មានរដ្ឋនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកបានលើកឡើថាថា បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាបនៅតែដំណើរការជាធម្មតា។

លោកបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ។

លោកបានបន្តថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន(AIAI) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤០ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន សង់សំណង់អគារ សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន ។

លោកបានថ្លែងថា “ព្រលានយន្តហោះខេត្តសៀមរាបគិតមកដល់ក្នុងបំណាច់ខែ៤នេះ គឺអនុវត្តបាន៤២ភាគរយហើយក្នុងគម្រោងរួម ហើយថាតើមានផលប៉ះពាល់អ្វីអត់? សម្រាប់ដំណើរការនេះគឺប្រាកដជាមាន ដោយសារតែការឆ្លងនៅក្នុងសហគមន៍នេះ មានការបិទការធ្វើដំណើរតាមខេត្តគឺមានការយឺតយ៉ាវមួយចំនួនតូចដែរ ប៉ុន្តែមិនទាំងស្រុងទេ ដោយយឺតយ៉ាវទៅលើការផ្លាស់ប្ដូរធនធានមនុស្ស ការធ្វើដំណើររបស់ជំនាញការមានការយឺតយ៉ាវខ្លះ អ៊ីចឹងគឺមិនយឺតយ៉ាវខ្លាំងក្លានោះទេ ហើយសម្រាប់ការអនុវត្តគម្រោងការនេះ គឺនៅតែអនុវត្តជាបណ្ដើរៗរហូត ដោយមិនមានការប៉ះពាល់អ្វីធំដុំនោះទេ”។

លោកបានបន្តទៀតថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here