មហាវិថី​ព្រះសីហនុ​ជាប់​ឈ្មោះ​ជា​ផ្លូវ​មេ​អាជីវកម្ម ក្នុងចំណោម​ផ្លូវសំខាន់ៗនៅ​រាជធានី​ភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មហាវិថី​ព្រះសីហនុ ដែល​គិត​ចាប់ពី​ត្រឹម​ម្តុំ​អាងទឹក​អូឡាំពិក រហូតមកដល់​ចំណុច​បំបែក​ផ្លូវ​សុធារស់ ត្រូវបាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់ថា គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ និង​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់ មិន​ចាញ់​មហាវិថី​អាជីវកម្ម​ចម្រុះ​ដទៃទៀត នៅក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ ហើយ​មានផ្ទះ​ល្វែង​ខ្លះ អាចមាន​តម្លៃ​រហូតដល់​ជាង១លាន​ដុល្លារ​ក៏មានដែរ។

នៅក្នុង​រាជធានី​ភ្នំពេញ ចំពោះ​មហាវិថី និង​ផ្លូវសំខាន់ៗមួយចំនួន​ដែល​ត្រូវបាន​អ្នកជំនាញ ក៏ដូចជា​បណ្តា​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចាត់ទុកថា​ជា​ផ្លូវ​មេ​ផ្នែក​អាជីវកម្ម​រួមមាន​ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ម៉ៅ​សេទុង មហាវិថី​ព្រះ​នរោត្តម រួមជាមួយ​នឹង​ផ្លូវ​ហ្សា​ឌឺ​ហ្គោល​នោះ សម្រាប់​មហាវិថី​ព្រះសីហនុ ក៏​ជា​ផ្លូវ​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ផ្លូវសំខាន់ៗទាំងអស់​ខាងលើនេះ​ផងដែរ។

នាយិកា​ក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា មហាវិថី​ព្រះសីហនុ ក៏ត្រូវ​បាន​ចាត់ជា​ផ្លូវ ដែលមាន​សក្ដានុពល ក្នុងការ​ប្រកប​អាជីវកម្ម​ចម្រុះ​ផងដែរ ហើយ​នៅតាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​មិនសូវមាន​ដីធំៗ និង​ទំនេរ សម្រាប់ធ្វើ​ការអភិវឌ្ឍ​ជា​មជ្ឍមណ្ឌល​ពាណិជ្ជ​ដែលមាន​ទំហំ​ធំ​នោះដែរ។

លោកស្រី​បន្តថា “ភាគច្រើន​នៅតាម​បណ្តោយ​ផ្លូវ​នេះ ជា​ប្រភេទ​ផ្ទះល្វែង​ទាំងអស់ ហើយក៏​សុទ្ធ​តែមាន​បើក​អាជីវកម្ម​ទាំងអស់។ ដោយសារតែ​តំបន់​នេះ មិនសូវមាន​ផ្ទៃដី​ទំនេរ ហើយ​ជាទី​តាំង​អំណោយផល​ដល់ ការប្រកប​មុខ​ជំនួញ​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ” ។

អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា តម្លៃ​អចលនទ្រព្យ ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មួយ​នេះ គឺ​មិន​ស្មើគ្នា​នោះទេ ដែល​វា​ក៏​អាស្រ័យ​ទៅ​តាំ​ម​ទីតាំង តំបន់ ជាពិសេស​គឺ​ទំហំ និង​ប្រវែង។ ចំពោះ​ផ្ទះល្វែង​ខ្លះ​ដែលមាន​ប្រវែង​ខ្លី និង​មាន​ជាន់​តិច អាច​លក់​ក្នុង​ចន្លោះ​ក្រោម​មួយ​លាន ប៉ុន្តែ​ផ្ទះ​ខ្លះ​មាន​ប្រវែង (Eo, E1, E2) អាច​លក់បាន​ជាង១លាន​ដុល្លារ ឬ​អាច​លើសពីនេះ ប្រសិនបើជា​ប្រភេទ​លំនៅដ្ឋាន​ដែលមាន​ម្ចាស់​ច្រើន​គ្នា។

យ៉ាងណាក៏ដោយ នាយិកា​ក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​តម្លៃ​ទាំងនេះ នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៅឡើយ​នោះទេ ដែល​វា​នៅមាន​ឱកាស​ឡើង​ខ្ពស់ជាង​នេះ​បន្តិចទៀត​នៅ​ឆ្នាំ​បន្ទាប់។

ចំណែក​លោក​វ៉ា វីរៈ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ Century21 Fortuna Investment បាន​មានប្រសាសន៍​ឱ្យដឹង តាមរយៈ​ទូរស័ព្ទ​ផងដែរ​ថា មហាវិថី​ព្រះសីហនុ គឺ​ត្រូវបាន​បែង​ចែកចេញ​តំបន់​ផ្សេងគ្នា ដូចជា​ចាប់ពី​ចំណុច​ស្តុ​ប​មន្ទីរពេទ្យ​ចិន (ស្តុ​ប​អាគារ៤២ជាន់) រហូតមកដល់​ចំណុច​ម្ដុំ​រង្វង់​មូល​វិមានឯករាជ្យ ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេង គឺមាន​តម្លៃ​ថ្លៃ។

លោក​បន្តថា ទីតាំង​ខ្លះ​អាច​ថ្លៃ​លើស​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង១(ផ្លូវ​ខាងក្នុង) ថែម​ទៀតផង ដោយសារតែ​វា​ស្ថិតនៅលើ​មហាវិថី ដែល​អាច​ក្នុងតម្លៃ​ជាង ៦,០០០ ដុល្លារ ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។

ដោយឡែក​ចាប់ពី​ចំណុច​ខាងក្រោយ វិទ្យាល័យ​ព្រះ​យុគន្ធរ រហូតដល់​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា អាចមាន​តម្លៃ​ទាប អាច​ក្នុង​ចន្លោះ ៤,៥០០ ទៅ៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ព្រោះ​នៅ​តំបន់​នេះ​ភាគច្រើន​លំនៅដ្ឋាន ដែលមាន​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ច្រើន។ ប៉ុន្តែ​ចាប់ពី​ស្តុ​ប​វត្ត​មហាមន្ត្រី​រហូតដល់​តំបន់​ស្តុ​ប​អាង​ទឹកអូរ​ឡាំ​ពិ​ក ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក អាចមាន​តម្លៃ​ថ្លៃ​បន្តិច​ឡើងវិញ៕

ចំណោះ​ដឹង​វិ​និ​យោ​គៈ តើ​ការទិញ​ដី​ឡូ​តិ៍ ឬ​លំនៅឋាន​ទុកចោល​ជាប់ពន្ធ​ដែរ​ទេ?

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ឆ្លើយតប​ទៅនឹង​ចម្ងល់​របស់​ពលរដ្ឋ ដែល​បាន​ទិញ​ដី​ឡូ​តិ៍ ឬ​លំនៅឋាន​ទុកចោល ដោយ​មិនបាន​រស់នៅ ឬ​មិនមាន​ការអភិវឌ្ឍន៍ ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ត្រូវបាន​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​អះអាងថា  បើជា​ប្រភេទ​ដី ឬ​លំនៅឋាន​ដែល​ជាប់ពន្ធ ត្រូវតែ​ប្រកាស​បង់ពន្ធ តែបើ​មិន​ជាប់ពន្ធ​គឺ​មិនត្រូវ​បង់​នោះទេ។

ប្រធានការិយាល័យ​ពន្ធ​អចលនទ្រព្យ​កម្ពុជា នៃ​អគ្គនាយកដ្ឋាន លោក រស់ សារ៉ាក់  នៅក្នុង​កម្មវិធី​ឆ្លើយ​សំនួរ​ស្តីពី​ពន្ធដារ​កម្ពុជា កាលពី​កន្លងមកនេះ​ពន្យល់ថា ចំពោះ​ការទិញ​ដីឡូត៍ ឬ​លំនៅឋាន​ទុកចោល​នេះ អាច​នឹង​ជាប់ពន្ធ​ក្នុង​កម្មវត្ថុ ទៅលើ​ដី​មិន​ប្រើប្រាស់  ដែល​ម្ចាស់​ទិញ​ហើយ មិន​អភិវឌ្ឍន៍ ឬ​ការបង្កើត​កម្លាំង​សេដ្ឋកិច្ច ដែល​ជំរុញឱ្យមាន​ពលកម្ម។

លោក​ពន្យល់ថា “ចំពោះ​រដ្ឋ​ដែល​ប្រមូល​ពន្ធ​លើដី មិនបាន​ប្រើប្រាស់​នេះ គឺ​ដើម្បី​ជំ​រុញឱ្យ​ម្ចាស់​ដី​ទាំងអស់ ធ្វើការ​អភិវឌ្ឍ​ដើម្បី​បង្កើន​សេដ្ឋកិច្ច និង​ពលកម្ម​ដល់​ពលរដ្ឋ​កម្ពុជា។ ជាពិសេស​ការទិញ​ដី​ឬ លំនៅឋាន​នេះ​ក៏​ជា​កម្មវត្ថុ​នៃ​ការ​ជាប់ពន្ធ​ផងដែរ ដោយសារ​បើសិនជា​តម្លៃ​អ​លន​ទ្រព្យ​ទាំងនោះ​លើស ១០០ លាន​រៀល” ។

យោ​តាមច្បាប់​ពន្ធដារ​កម្ពុជា​បង្ហាញថា ពន្ធ​នេះ​កំណត់​លើដី​ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់​បោះ បង់​ស្ថិតក្នុង​ទីក្រុង​នានា និង​ក្នុង​តំបន់​ទាំង ឡាយ​ដែល​កំណត់ដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់។ ពន្ធ​ដីធ្លី​លើដី​មិនបាន​ប្រើប្រាស់​ត្រូវ​បង់​ដោយ​កម្មសិទ្ធិករ។

មូលដ្ឋាន​កំណត់​ពន្ធ គឺជា​ថ្លៃ​ដី​គិត​តាម​ថ្លៃ​ទីផ្សារ​តាម​ទីក្រុង និង​តាម​តំបន់នីមួយៗដែល​វាយតម្លៃ​ទៅតាម​តម្លៃ​គិត ក្នុង​មួយ​ម៉ែត្រក្រឡា​កំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់​យ៉ាង​យឺត​បំផុត នៅ​ថ្ងៃទី៣០ខែមិថុនា នៃ​ឆ្នាំ​ប្រមូល​ពន្ធ។

ពន្ធ​នេះ​ត្រូវ​កំណត់​តាម​អត្រា២% លើ​មូលដ្ឋាន​កំណត់​ពន្ធ ដែល​បានចែង​ក្នុង​មាត្រា៣។

កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធ​មាន​ភារកិច្ច ត្រូវ​គណនា​ប្រាក់​ពន្ធ​តាម​គំរូ​លិខិត​ប្រកាស​ផ្តល់​ដោយ​អង្គការ​ពន្ធ និង​ត្រូវ​បង់ យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី៣០ ខែកញ្ញា នៃ​ឆ្នាំនីមួយៗជូនទៅ​ផ្នែក​ពន្ធ​នៅ​កន្លែង ដែល​ដីធ្លី​ជាប់ពន្ធ​ស្ថិតនៅ។ ដីធ្លី​ជាប់ពន្ធ នីមួយៗត្រូវធ្វើ​លិខិត​ប្រកាស១ច្បាប់៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើកទឹកចិត្តឱ្យស្ថាបត្យករភ្ជាប់រចនាបថខ្មែរទៅក្នុងគ្រប់ប្លង់គំរូនៃសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញ និងលើកទឹកចិត្តទៅដល់បណ្តាក្រុមហ៊ុន ជាពិសេសស្ថាបត្យករដែលមានជំនាញក្នុងការគូរប្លង់គំរូសំណង់ផ្សេងៗ គួរបញ្ចូល និងភ្ជាប់ជាមួយរចនាបថខ្មែរ ដើម្បីជាការចូលរួមគាំទ្រដល់អត្តសញ្ញាណជាតិ ក៏ដូចជាលើកកម្ពស់ប្រពៃណី និងវប្បធម៌ខ្មែរផងដែរ ជាក់ស្ដែងដូចស្ថាបត្យកម្មសំណង់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីដែលទើបបើកដំណើរការប្រើប្រាស់បណ្តោះអាសន្នកាលពីដើមសប្ដាហ៍កន្លងទៅនេះ។

ស្ថាបត្យកម្មសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្ហាញពីភាពរីកចម្រើន និងគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករជំនាញដោយមានរួមបញ្ចូលនូវការស្រមើលស្រមៃទៅតាមក្បួនខ្នាតយ៉ាងត្រឹមត្រូវ ដើម្បីបង្កើតបានគម្រោងសំណង់អគារនានាដែលមានភាពល្អឥតខ្ចោះ និងធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលវែង។


លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញពីការកោតសរសើរ និងគាំទ្រទៅលើភាពរីកចម្រើននៃគំនិតច្នៃប្រឌិតរបស់បណ្តាស្ថាបត្យករខ្មែរជំនាន់ក្រោយ ដោយក្នុងនោះលោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការភ្ជាប់រចនាបថខ្មែរទៅនឹងស្ថាបត្រកម្ម ក្នុងគោលបំណងចូលរួមគាំទ្របង្ហាញអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ។


លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបញ្ជូនរចនាបថខ្មែរជាមួយនឹង អគារសម័យទំនើបនេះ គឺនឹងធ្វើឱ្យអគារនោះកាន់តែមានសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ ហើយជួយថែរក្សាតម្លៃវប្បធម៌ខ្មែរថែមទៀតផង។

លោកបានបញ្ជាក់ថា “យើងចង់បានឱ្យមានការផ្សារភ្ជាប់នូវអត្តសញ្ញាណជាតិរបស់យើង មានន័យថា ទាំងអ្នកគូរ ទាំងអ្នកត្រួតពិនិត្យ សូមអំពាវនាវជួយបំពាក់ខ្លះៗ មិនមែនទាំងស្រុងទេ ។ ក៏ប៉ុន្ដែអ្វីដែលជាផលប្រយោជន៍ គឺគាំទ្រទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់វិស័យរបស់យើង កើតនៅក្នុងដីព្រះរាជាណាចក្រកម្ពុជា គឺផ្សារភ្ជាប់នូវអត្តសញ្ញាណណាមួយក៏បានដែរ មិនមែនទាំងស្រុង នឹងឱ្យមានការផ្សារភ្ជាប់ខ្លះ កុំឱ្យមើលទៅវាមិនមែនស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។


លោកឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹក ចំពោះវិស្វករទាំងអស់ នៅពេលបើកការដ្ឋានសាងសង់អគារ បញ្ហាចំបងត្រូវគិតគូរ គឺរឿងប្រព័ន្ធបង្ហូរទឹកកខ្វក់ សម្លាប់មេរោគ មុននឹងបង្ហូរចូលលូសាធារណៈ កុំឱ្យមានជាតិពុល ជាពិសេស ការពារបរិស្ថាន ដើម្បីសុខភាពប្រជាជន។ គ្រប់ការដ្ឋានសំណង់ទំាងអស់ ត្រូវមានវិស្វករប្រចាំការចំនួន២នាក់ក្នុងមួយការដ្ឋាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងប្រឈមការចុះបិទភ្លាមៗ ព្រោះតាមច្បាប់នៃវិស័យសំណង់ គឺត្រូវធានានូវសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាង់សង ដែលធានាផលប្រយោជន៍ជាបុគ្គល ធានាផលប្រយោជន៍សាធារណៈ៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងសម្រុកពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំង១៤ខណ្ឌ

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ឆ្លៀតនៅក្នុងឱកាសដែលមានការកាត់បន្ថយការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរាតដាលនៃជំងឺឆ្លងកូវីដក្នុងសហគមន៍នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំង១៤ខណ្ឌ ឱ្យមានភាពល្អប្រសើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកសោភ័ណភាពក្រុង។

រដ្ឋបាលរាជធានីភ្នំពេញថាបានបញ្ជាក់ឱ្យដឹងថានៅក្នុងរដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការជួសជុល និងស្ដារផ្លូវនានានៅតាមខណ្ឌទាំង១៤ រួមមានការឈូសឆាយ អ៊ុតកៅស៊ូ លុបជង្ហុកសំបុកមាន់ នៅតាមបណ្ដាមហាវិថីតូចធំនានា ក៏ដូចជាផ្លូវថ្នល់នៅតាមមូលដ្ឋាន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការឆ្លងជំងឺ ប្រជាពលរដ្ឋ អ្នកជំនួញ ក៏ដូចជាមន្ត្រីរាជការភាគច្រើនបានកាត់បន្ថយការចាកចេញក្រៅ ដោយបំពេញការងារពីផ្ទះ ដូច្នេះសកម្មភាពចរាចរណ៍នៅតាមផ្លូវថ្នល់មួយចំនួនមានភាពស្ងប់ស្ងាត់ ផ្តល់ភាពងាយស្រួលដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការកែលម្អផ្លូវថ្នល់។ ជាក់ស្ដែង នៅពេលនេះក្រុមការងារ បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពីក្រោយព្រះបរមរាជវាំងរហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី)មានទទឹងចន្លោះពី១១ម៉ែត្រ ទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។

ដោយឡែកផ្លូវកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់ ៥សង់ទីម៉ែត្រ ទៅ ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ក្រៅពីនេះនៅមានការអ៊ុតកៅស៊ូ AC កម្រាស់០.៥ និងលើកំណាត់ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រងផងដែរ។ ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះ ធ្វើឡើងក្រោយពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

សម្រាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទACចំនួន ១៦ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដែលត្រូវជួសជុល និងអ៊ុតកៅស៊ូឡើងវិញ។ គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោមគំនិតផ្ដួចផ្ដើមរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕

តើអ្វីជាយុទ្ឋសាស្រ្តចំនួន៩នៃផែនការមេអភិវឌ្ឍន៍ខេត្តកែប ដើម្បីប្រែក្លាយជាតំបន់លំហែរកាយកម្រិតខ្ពស់

ដោយៈគង់ សូរិយា

          ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានបញ្ចប់ផែន​ការមេអភិវឌ្ឍន៍ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ នៅខេត្តកែបរួចហើយ ដោយដាក់ចេញយុទ្ឋសាស្រ្តសំខាន់ៗចំនួន៩។

តើអ្វីជាយុទ្ឋសាស្រ្តសំខាន់ៗទាំងនោះ? យោងតាមលទ្ឋផលនៃកិច្ចប្រជុំរបស់​ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះបានឲ្យដឹងថា យុទ្ឋសាស្ត្រគោលចំនួន៩ នៅក្នុងឯកសារព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប រួមមានទី១ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ទី២ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប ទី៣ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍ ទី៤ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ទី៥ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប។

ទី៦ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ទី៧ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្ម ក្នុងវិស័យទេសចរណ៍ខេត្តកែប ទី៨ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប និងទី៩ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា “គោលដៅទេសចរណ៍ធម្មជាតិ សម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់” ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានបន្តថា “ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ផងដែរ”៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភរថយន្ដបោសសំរាម ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីបរិស្ថាន និងទីក្រុងស្អាត


ជីវិតមួយដែលរស់នៅដោយមានន័យ គឺនៅពេលលោកអ្នកទទួលបានជោគជ័យហើយមិនភ្លេចពីកំណើត និងសង្គមជុំវិញខ្លួន។ ការចែករំលែក ទោះតិចក្តីច្រើនក្តីក្នុងគ្រាលំបាក ​គឺជាគុណធម៌មួយដែលមិនអាចកាត់ថ្លៃបាន។​ ហេតុនេះហើយ បានជាគេសង្កេតឃើញក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមចូលរួមក្នុងការងារសង្គម។ ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលមានឈ្មោះល្បីខាងអភិវឌ្ឍលំនៅឋានប្រណិត ដែលមានបរិស្ថានរស់នៅល្អជាមួយសួនស្រស់ស្អាត និងដើមឈើបៃតងស្រស់ធំៗម្លប់ត្រឈឹងត្រឈៃនោះ ក៏បានចូលរួមយ៉ាងសកម្មជាមួយកិច្ចការសង្គមតាមការចែករំលែកក្នុងរូបភាពផ្សេងៗ។

តួយ៉ាង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុបបានឧបត្ថម្ភរថយន្តសម្អាតផ្លូវចំនួន ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ ខណៈក្រុមហ៊ុនទើបបានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិកជូនសម្តេចតេជោ ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

កន្លងមកដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្រុមហ៊ុនបានបរិច្ចាគជាថវិកាជាង ៦លានដុល្លារ ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភរថយន្តផ្ទុកទឹក និងរថយន្តបោសសំរាមជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មូលនិធីត្រីចក្រយានកម្ពុជា គ្រឿង​ឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ការសាងសង់អគារសកលវិទ្យាល័យទួនហ្វាដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងការបន្តប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុត នៅតាមសហគមន៍ ជនបទនានា អោយទាន់ពេលវេលា និងតាមតម្រូវការចាំបាច់។ល។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ ” ការចូលរួមនូវរាល់សកម្មភាពសប្បុរសធម៌ និងការចែករំលែក តបស្នងដល់សង្គមគឺជាគុណតំលៃរបស់ស្ថាបនិកក្រុមហ៊ុន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលលោកមិនដែលភ្លេចនូវកំណើត ឬប្រភពរបស់ខ្លួន។ ការងារសង្គមដែលក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មកន្លងមក មានការងារ​អប់រំ ការងារបរិស្ថាន ការងារវប្បធម៌ប្រពៃណី ការងារសុខុមាលភាពសង្គម។ល។ ក្រុមហ៊ុនតែងតែលើកទឹកចិត្តដល់បុគ្គលិកគ្រប់រូបឲ្យចូលរួមការងារសង្គមតាមដែលអាចធ្វើទៅបានផងដែរ”​ ៕

អភិបាលខេត្តៈគំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ កំពតរបស់ក្រុមហ៊ុនចិនកំពុងធ្វើនៅឡើយ

 ដោយៈគង់ សូរិយា

          ភ្នំពេញៈ អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងថា បច្ចុ​ប្បន្ននេះ គំរោងសិក្សាដើម្បីសាងសង់ខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ កំពតនៅបន្តសិក្សាដោយក្រុមហ៊ុនចិននៅឡើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា គំរោងនេះមិនបានលុបចោលនោះទេ ក្រុមហ៊ុនចិនកំពុងសិក្សានៅឡើយ ប៉ុន្តែការបញ្ចប់នាពេលណា លោកមិនទាន់ដឹងនៅឡើយទេ។ លោកបន្តថា ផែនការអភិវឌ្ឍន៍នេះ នឹងបន្តទៅមុខ ព្រោះការសិក្សាលំអិតបាននិងកំពុងធ្វើឡើង ប៉ុន្តែការចំណាយទុនវិនិយោគប៉ុន្មាន និងធ្វើជាលក្ខណៈបែបណា យើងមិនអាចបញ្ជាក់បាននៅឡើយទេ។

កន្លងមកក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងបង្កើតទីក្រុងពាណិជ្ជកម្មធំមួយនៅខេត្តកំពត និងគ្រោងសាងសង់ព្រលានយន្តហោះផងដែរ ប៉ុន្តែការសិក្សារហូតមកទល់ពេលនេះ នឹង​បញ្ចប់នៅពេលណាមិនទាន់ច្បាស់លាស់នៅឡើយទេ។

លោកជាវ តាយបានបន្តថា ទោះមានជំងឺកូវីដ១៩ កំពុងរីករាលដាលក្តី ប៉ុន្តែគំរោងអភិវឌ្ឍន៍ធំៗក្នុងខខេត្តមិនបានផ្អាកសកម្មភាពនោះទេ ហើយអ្នកវិនិយោគតូច ធំ នៅតែបន្តហូរចូលទៅវិនិយោគក្នុងខេត្ត ស្របពេលខេត្តត្រៀមកាត់ឃុំចំនួន៤ ពីស្រុកទឹកឈូរចូលមកក្នុងដែនរដ្ឋបាលក្រុងកំពត។

លោកបន្តថា “ខេត្តនឹងមានអាគារខ្ពស់ៗកំពស់១៨ ទៅ៤៥ជាន់ច្រើននាពេលខាងមុខ ខណៈគំរោងវិនិយោគទាំងនោះបានអនុម័តដោយរដ្ឋាភិបាលរួចហើយ”។

 

 

រដ្ឋាភិបាលៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំនើនជាង៣,៥ភាគរយនៅឆ្នាំនេះទោះស្ថិតវិបត្តិកូវីដ-១៩

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានអះអាងជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងងើបឡើងវិញ ក្នុងរង្វង់៣,៥ភាគរយនៅឆ្នាំ២០២១  ទោះបីជាព្រឹត្តិការណ៍២០កុម្ភៈ នៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែបន្តនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យការងារគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា កំណើននេះ គឺផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោក បានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមានប្រទេសមួយចំនួន កំពុងអនុវត្តន៍អំពីការចាក់វ៉ាក់សាំងបង្ការ ជាពិសេសប្រទេសនៅបែកអឺរ៉ុប។

លោកបានថ្លែងថា “រដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២១ នេះ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងនឹងងើបឡើងវិញ ខណៈនៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចធ្លាក់ចុះរង្វង់-៣,១ភាគរយ”។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា រាជរដ្ឋាភិបាលរំពឹងថា នឹងងើបឡើងវិញនោះ ដោយអាស្រ័យផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោក បានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ក្នុងនោះប្រទេសមួយចំនួនកំពុងអនុវត្តន៍ ការចាក់វ៉ាក់សាំងបង្ការនេះ ជាពិសេសប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសនៅបែក អឺរ៉ុបមួយចំនួនទៀត បន្ទាប់ពីការអនុវត្តការចាក់វ៉ាក់សាំងបង្ការនេះ យើងសង្កេតឃើញថា អត្រាឆ្លង និងអត្រានៃការស្លាប់ បានធ្លាក់ចុះជាបណ្តើរៗ ដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុក។

លោកបណ្ឌិតឆេង គីមឡុងអ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជានឹងមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ច៤ភាគរយ នៅឆ្នាំ២០២១ទេ ប្រសិនបើការផ្ទុះឡើង នៅក្នុងសហគមន៍ជាលើកទី៣ នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះមិនបញ្ចប់ ហើយនៅអូសបន្លាយយូរនោះ។

លោកថ្លែងបន្តថា “កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់៤ភាគរយ ដូចដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ព្រោះថាប្រ​សិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ”។លោកបន្តថា “បើចំនួនឆ្លងមិនធូរស្បើយ ដែលធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើននៃការរំពឹងទុក៤ភាគរយនេះ វាអាចកើនត្រឹម៣ភាគរយវិញ”។

លោកថ្លែងបន្តទៀតថា មួយវិញទៀត វាអាចធ្លាក់ចុះជាងនេះ ប្រសិនបើព្រឹត្តិការ​ណ៍នេះ បន្តទៅពាក់កណ្ដាលឆ្នាំនេះ ហើយធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង មានន័យថា ឥទ្ធិពលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មានទំហំធំ និងស្មុគស្មាញធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ មានកម្រិតតិចជាងការរំពឹងទុក របស់រាជរដ្ឋាភិបាលផងដែរ។

លោកឆេង គឹមឡុងបានបញ្ជាក់ថា “ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន មានន័យថា ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ”។

លោកបញ្ជាក់បន្តថា កត្តាទាំងអស់នេះហើយ ជាសកម្មភាពដែលអាចជួយជំរុញ និងជាកិច្ចការងារធំបំផុត ព្រោះការគ្រប់គ្រងនូវការឆ្លង នៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺវាផ្ដល់ជាមូលដ្ឋាន និងផ្ដល់ជាកម្លាំងជំរុញ ដល់សេដ្ឋកិច្ចទាំងមូលបាន។ ដូច្នេះការចូលរួមពីប្រជាជន គឺសំខាន់ ហើយប្រជាជនគួរតែអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសនោះ គឺដាច់ខាតត្រូវអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមក គឺ៣កុំ និង៣ការពារ៕

ភ្នាក់ងារលក់អចលនទ្រព្យគួរធ្វើបែបណាដើម្បីបញ្ចៀសកំហុងឆ្គងក្នុងការ លក់តាមអនឡាញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការផ្សព្វផ្សាយលក់អចលនវត្ថុតាមរយៈបណ្តាញសង្គម ឬតាមអនឡាញនាពេលបច្ចុប្បន្នបានក្លាយជាវិធីសាស្ត្រមួយ ដ៏មានប្រជាប្រិយភាពបំផុត ជាពិសេសក្នុងបរិបទនៃវិបត្តិកូវីដនេះតែម្ដង ហើយក្នុងនោះមានអ្នកខ្លះ ទទួលបានលទ្ធផលល្អពីការផ្សព្វ​ផ្សាយ ហើយអ្នកខ្លះទៀតជួបភាពបរាជ័យ ដោយសារតែកំហុសឆ្គងមួយចំនួនដែលធ្វើឡើងដោយមិនដឹងខ្លួន។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា ការជ្រើសយកបច្ចេកវិទ្យា ធ្វើជាវិធីសាស្ត្រក្នុងផ្សព្វផ្សាយ ដើម្បីជំរុញការលក់អចលវត្ថុជាជម្រើសមួយដ៏ល្អបំផុត ជាពិសេសស្ថិតនៅក្នុងបរិបទ ដែលកំពុងរាតត្បាតដោយជំងឺឆ្លងកូវីដ១៩។

លោកស្រីបានបន្តថា “បច្ចេកវិទ្យាដែលត្រូវបានគេយកមក ធ្វើជាមធ្យោបាយផ្សព្វ​ផ្សាយលក់អចលនវត្ថុ ត្រូវបានធ្វើឡើងច្រើនរូបភាព ក្នុងនោះមានដូចជាបណ្តាញទំនាក់ទំនងសង្គម facebook, line, linkedin, Telegram ជាដើម ប៉ុន្តែរាល់ការផ្សព្វផ្សាយទាំងនោះក៏ត្រូវធ្វើឡើងឱ្យត្រូវតាមក្បួន មានភាពឆ្លាតវៃស្គាល់ និងចេះពីការប្រើប្រាស់”។លោកស្រីបន្តថា “លើសពីនេះគឺការយល់ដឹងពីវិធីសាស្ត្រ នៃការបញ្ជូនទិន្នន័យ ក៏ដូចជាព័ត៌មានលម្អិតដែលពាក់ព័ន្ធរបស់ ដែលចង់លក់ទៅដល់អតិថិជនគោលដៅ ទើបអាចមានអត្រាជោគជ័យក្នុងការលក់”។

លោកស្រីអាន សុធីតា បានមានប្រសាសន៍បញ្ជាក់ថា ភាពជោគជ័យដែលទទួលបានពីការផ្សព្វផ្សាយតាមបច្ចេកវិទ្យា មានចំណុចគួបផ្សំជាមួយគ្នា ត្រូវមានទាំងចំណេះ​ដឹង ចំណេះធ្វើ និងភាពឆ្លាតវៃ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សាយ តាមបែបបច្ចេកវិទ្យាទាំងនេះ។ អ្នកខ្លះគាត់បានយល់ ស្គាល់ និងចេះពីរបៀបប្រើប្រាស់ ប៉ុន្តែបែរជាមានកំហុសឆ្គងទៅលើការផ្តល់ព័ត៌មានលម្អិតពីអ្វីដែលខ្លួនចង់លក់។ ត្រូវបង្ហាញពីលក្ខណៈពិសេសរបស់គម្រោង ភាពលេចធ្លោខុសពីគម្រោងដទៃ ជាពិសេសបង្ហាញពីអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្រោយពេលសម្រេចចិត្តទិញគម្រោង។

ឧទាហរណ៍ គាត់ចង់លក់គម្រោងខុនដូ គាត់បានថតរូបភាពខុនដូ និងភាពប្រណីត និងលេចធ្លារបស់គម្រោងបង្ហោះផ្សព្វផ្សាយ ប៉ុន្តែបែរជាសរសេរជាអក្សរអង់គ្លេស នៅពេ​លដែលប្រភេទខុនដូ ដែលគាត់កំពុងដាក់លក់ ត្រូវបានផ្តោតសំខាន់ទៅលើជនជាតិខ្មែរ។ យើងដឹងថា ភាគច្រើនប្រជាជនខ្មែរដែលមានលទ្ធភាពទិញ និងចង់រស់នៅក្នុងខុនដូភាគច្រើនក៏មានចំណេះដឹងផ្នែកភាសា ប៉ុន្តែវាអាចជាចំណុចចន្លោះប្រហោងមួយ ដែលយើងគិតមិនដល់។

លោកស្រីអាន សុធីតាបានបន្តថា មិនប្រាកដថា គាត់ដែលជាភ្នាក់ងារសរសេរមិនលម្អិតពីគម្រោង ឬក៏អតិថិជនគោលដៅគាត់មិនយល់ច្បាស់ពីអ្វី ដែលភ្នាក់ងារបានសរសេរ។ ដូច្នេះជាជម្រើសល្អ គួរតែមានការបែងចែក និងការបញ្ជូនព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ទៅកាន់អតិថិជនគោលដៅរបស់ខ្លួន បើជាជនជាតិខ្មែរគួរសរសេរជាភាសាខ្មែរ សំដីអតិថិជនជាជនបរទេស គួរសរសេរជាភាសាបរទេស ព្រោះចំណុចនេះក៏អាចជាកំហុសឆ្គងមួយដែលធ្វើឡើងដោយមិនដឹងខ្លួន។

ដូច្នេះនិយាយជារួម គម្បីមានភាពវៃឆ្លាតក្នុងការបញ្ជ្រាបព័ត៌មានលម្អិត ពីគម្រោងទៅដល់អតិថិជនគោលដៅ និងស្គាល់ពីចំណុចពិសេសរបស់គម្រោង ឱ្យបានច្បាស់មុនពេលទទួលយក និងប្រកាសលក់៕

ធនាគារហត្ថាផ្តល់រង្វាន់យ៉ាងច្រើនមហាសាល និងអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនបើកគណនីចរន្ត

ដោយៈ សហការី
ភ្នំពេញៈ កាន់តែអស្ចារ្យជាមួយនឹងកម្មវិធី “បើកគណនីចរន្តបានរង្វាន់មហាសាល” របស់ធនាគារហត្ថា ដែលផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ​ជូនដល់​អតិថិជនគណនី​ចរន្ត។

រង្វាន់ដែលផ្តល់ជូនអតិថិជនទាំងនោះ ​រួមមាន៖ iPhone 12 Pro Max ចំនួន១០រង្វាន់ម៉ូតូ​ម៉ាក​ Honda PCX ចំនួន៣រង្វាន់ និងរង្វាន់ធំរថយន្ត​ម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។​ គួររម្លឹកផងដែរថា កម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល”​ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឈ្នះរង្វាន់កាន់តែច្រើន ជូនអតិថិជនទាំងអស់ដែលបានបើកគណនីចរន្តជាមួយធនាគារហត្ថា។ ​

ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅរៀងរាល់​៤ខែម្តង ហើយ​ការ​ចាប់​រង្វាន់​លើក​ទី​១ នឹង​ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ ប្រញាប់បើក​គណនី​ចរន្ត​ឥឡូវនេះ​ដើម្បី​មាន​ឱកាស​មុន​គេ​ក្នុង​ការ​ឈ្នះ​រង្វាន់ ហើយបើ​ប័ណ្ណ​ផ្សង​សំណាង​របស់​អ្នក​មិន​មាន​សំណាង​ក្នុង​ការ​ចាប់​លើក​ទី១ទេ នោះ​ក្រុមហ៊ុននឹង​រក្សាទុក​ សម្រាប់​ការ​ចាប់​លើក​ក្រោយ​ៗទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត ក្រៅពីការចាប់រង្វាន់ អតិថិជនគណនីចរន្តទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួល​បាន​អត្រាការប្រាក់ពី​គណនី​ចរន្ត​រហូតដល់ ២.២៥% ក្នុងមួយឆ្នាំ ព្រម​ទាំង​ទទួល​បាន​សៀវភៅមូលប្បទាន ប្រើប្រាស់កម្មវិធី Hattha Mobile ប្រើប្រាស់កាតអេធីអឹមដោយឥតគិតថ្លៃ និងអាច​ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងៗទៀតជាមួយ​ធនាគារ ហត្ថា បាន​យ៉ាង​ងាយ​ស្រួល ។ ​

សំណាង​មើល​មិន​ឃើញ ដាក់​ប្រាក់​មាន​សុវត្ថិភាពហើយ​ ទទួល​បាន​អត្ថប្រយោជន៍ជាច្រើន ព្រម​ទាំង​​មាន​ឱកាស​ឈ្នះរង្វាន់​ទៀត។ កុំ​បង្អង់​យូរទំនាក់ទំនងក្រុមការងារធនា​គារ ហត្ថា​ឥឡូវនេះ តាម​រយៈ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ០២៣ ៩៩៩ ២៦៦។

អំពីធនាគារហត្ថា
ធនាគារហត្ថា មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេ​សកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោង សន្តិសុខ ស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នធនាគារ ហត្ថា មាន​ដើម​ទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជាចំនួន១១៥លានដុល្លារអាមេរិកមា​ន​ការិយាល័យសាខាចំនួន១៧៧ ជាមួយនឹងម៉ាស៊ីន​អេធីអឹមចំនួន១៣៧ ទូទាំងប្រទេ​ស បាន​និងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជន ដូចជា សេវាឥណទាន សេវាប្រាក់​បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារ​ណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឱ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។

បច្ចុប្បន្នធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពា​ណិ​ជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ​ធំជាងគេបំផុតនៅ​ប្រទេស​​ជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ​លើ​​សកលលោក៕