ក្រុមហ៊ុនយក្សMicrosoftកំពុងចូលរួមចំណែកលើកកម្ពស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ដោយៈប៊ី
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនMicrosoft បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីបង្កើនសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ នេះយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងចេញផ្សាយកាលពីម្សិលមិញ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់នេះ ត្រូវបានធ្វើងរវាងលោកជា វ៉ាន់ដេត រដ្ឋក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី ដែលមានលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូ។

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។


លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

លោកបន្តទៀតថា “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យសិស្ស-និស្សិត ពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤”។

លោកបានឱ្យដឹងទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា៕

ការព្យាករណ៍ៈសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករំពឹងនឹងហក់់ឡើងខ្ពស់ជាងការព្យាករណ៍

ដោយៈសុខុម
វ៉ាស៊ីនតោន: ធនាគារកណ្តាលសហរដ្ឋអាមេរិក Federal Reserve រំពឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១ នេះនឹងទទួលកំណើនខ្លាំងជាងការរំពឹងទុកឆ្ងាយ ខណៈអត្រាចាក់វ៉ាក់សាំងកូវីដ-១៩កើនឡើង ហើយជំនួយសង្គ្រោះរបស់រដ្ឋាភិបាលចាប់ផ្ដើមហូរចូលក្នុងសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៨ មីនា នេះឱ្យដឹងថា ធនាគារកណ្តាលមួយនេះព្យាករថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ នឹងទទួលបានកំនើនជាមធ្យម៦,៥% ដោយកើនឡើងពីកំណើន៤,២% ដែលខ្លួនបានព្យាករកាលពីខែធ្នូ ចុងឆ្នាំ២០២០។

ធនាគារនេះបញ្ជាក់ថា ទស្សនវិស័យសម្រាប់ការងើបឡើងវិញ ក្នុងទីផ្សារការងារក៏ចាប់ផ្ដើមមានពន្លឺល្អដែរ។ ទោះបីស្ថានភាពសេដ្ឋកិច្ច ចាប់ផ្ដើមប្រែជាល្អប្រសើរបណ្ដើរៗបែបនេះក្ដី ក៏ក្រុមមន្រ្តីធនាគារកណ្ដាលមិនបានដំឡើងអត្រាការប្រាក់នោះដែរ។

យោងតាមការព្យាករណ៍ ដែលធនាគារកណ្ដាលបានចេញផ្សាយ ក្រោយកិច្ចប្រជុំជាទៀងទាត់របស់ខ្លួនបង្ហាញថា សមាជិកភាគច្រើនរំពឹងថា នឹងបន្តរក្សាអត្រាការប្រាក់ឱ្យនៅជិតសូន្យ% រហូតដល់ក្រោយឆ្នាំ២០២៣។


ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Jerome Powell ទេសាភិបាលនៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លើកឡើងថា “សេដ្ឋកិច្ចបានងើបឡើងវិញលឿនជាងការរំពឹងទុក។ ទន្ទឹងនឹងយើងស្វាគមន៍ការរីកចម្រើនជាវិជ្ជមានទាំងនេះ យើងក៏មិនគួរសប្បាយចិត្តភ្លេចខ្លួននោះដែរ”។

ការកែលម្អចក្ខុវិស័យនេះរួមបញ្ចូលទាំងការព្យាករថា អតិផរណាអាចនឹងកើនឡើងនៅឆ្នាំនេះ ពោលគឺកើនឡើងដល់២,៤% បើធៀបនឹងការកំណត់២% ជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្ដាល។

ទោះជាយ៉ាងណា លោក Jerome Powell បានបញ្ជាក់ថា ការកើនឡើងអតិផរណានោះទំនងជាកើតឡើងតែ “មួយរយៈពេលខ្លី” ប៉ុណ្ណោះ។ ក្រោយការប្រកាសរបស់លោកបែបនេះ តម្លៃភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក៏បានហក់ឡើងគួរឱ្យសាទរ៕

គំរោងD.I REVIERAបាននិងកំពុងផ្លាស់ប្តូរផែនការមេអភិវឌ្ឍន៍របស់ខ្លួន

ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងD.I REVIERA ដែលគ្រោងវិនិយោគ៧០០លានដុល្លារអាមេរិក ស្ថិតនៅលើទីក្រុងកោះពេជ្រ បាននិងកំពុងផ្លាស់ប្តូរផែនការមេអភិវឌ្ឍន៍របស់ខ្លួនហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុនបាននិងកំពុងផ្លាស់ប្តូរផែនការមេ លើការអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ដែលបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់ឡើងវិញ នាពេលបច្ចុប្បន្ននេះ។ លោកបន្តថា អាគារមេក្នុងគំរោងនេះ ដែលដើមឡើយមានចំនួនបី និងគ្រោងសាងសង់អាងទឹកនៅពីខាងលើ ប្រវែងប្រមាណ២០០ម៉ែត្រ នឹងត្រូវផ្លាស់់ប្តូរ ដោយមិនមានការសាងសង់អាងទឹកពីលើអាគារនេះនោះទេ។

លោកបន្តថា “ជាមួយគ្នានេះ គម្រោងអាគារកំពស់៣៨ជាន់ នៅផ្នែកខាងក្រោយចំនួនបីនឹងលុបចោលមួយអាគារ ហើយយក្រុមហ៊ុននឹងបន្តការសាងសង់ តែអាគារចំនួនពីរប៉ុណ្ណោះ”។ លោកបន្តថា “ក្រុមហ៊ុនសហគ្រាសកាណាឌីយ៉ា បានយកគំរោងនេះ ត្រលប់មកវិញពីអ្នកវិនិយោគ ដោយសារពួកគេមានបញ្ហាទុនវិនិយោគ និងធ្វើឲ្យគំរោងនេះជាប់គាំង ហេតុនេះទើបយើងទទួលយកគំរោងនេះមកអភិវឌ្ឍន៍ឡើងវិញ”។

ដើមឡើយក្រុមហ៊ុនGreenland Groupដែលមានមូលដ្ឋាននៅប្រទេសចិន គ្រោងដាក់ទុន៧០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើគម្រោងនេះ ដែលរួមមានអាផាតម៉ិន សណ្ឋាគារផ្កាយ៥ ខុនដូ ផ្សារទំនើប។

លោកទូច សំណាងបានបន្តឲ្យដឹងទៀតថា ការសាងសង់គំរោងនេះកំពុងដំណើរការរលូនឆ្ពោះទៅមុខ ខណៈការលក់ខុនដូក្នុងគំរោងនេះកំពុងបន្តផងដែរ ដោយយើងរំពឹងថា ការលក់នឹងទទួលបានជោគជ័យ ដោយសារគំរោងនេះស្ថិតនៅលើទីក្រុងកោះពេជ្រ ដែលមានទន្លេព័ទ្ឋជុំវិញ ផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុខភាព ពិសេសជាតំបន់ប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមាន ផ្សារទំនើប សណ្ឋាគារ ការិយាល័យ ក៏ដូចជាកាស៊ីណូផងដែរ៕

អ្នកជំនាញប្រាប់ពីតំបន់អាទិភាពដែលគួរវិនិយោគអាចទទួលបានផលចំណេញ

ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្រប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យទាំងអស់ សុទ្ធតែអាចមានឱកាសទទួលបានចំណេញ ប្រសិនបើការសម្រេចចិត្ត ស្ថិតនៅក្នុងកាលទេសៈត្រឹមត្រូវ និងចេះជ្រើសរើសប្រភេទអចលនទ្រព្យ រួមជាមួយនឹងទីតាំងដែលមានសក្ដានុពលល្អ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជាបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា ជាទូទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងគ្នា និងមានទិសដៅខុសពីគ្នា ដោយអ្នកខ្លះចូលចិត្តវិនិយោគ ហើយអាចទទួលបានចំណេញត្រឡប់មកវិញ ក្នុងរយៈពេលដខ្លីនបើទោះជាមានចំនួនតិចក៏ព្រមទទួលយក ប៉ុន្តែអ្នកវិនិយោគមួយប្រភេទទៀត គឺប្រាថ្នាផលចំណេញក្នុងទ្រង់ទ្រាយច្រើន ដែលតម្រូវឱ្យមានការប្រើពេលវេលាយូរ។

លោកបានបន្តថា “យើងអាចនិយាយបានថាការវិនិយោគ មាន២ប្រភេទសំខាន់ៗ គឺទី១ ការវិនិយោគក្នុងរយៈពេលយូរ និងទី២ វិនិយោគនៅក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលត្រូវសិក្សាមុនពេលសម្រេចចិត្ត បណ្តាក់ទុនវិនិយោគ គឺត្រូវកត្តាភូមិសា ស្ត្រ ឬអាចនិយាយបានតំបន់ដែលគួរវិនិយោគ”។ លោកបញ្ជាក់ថា “អ្នកខ្លះនិយាយថា ចង់ទិញដីទុកវិនិយោគត្រូវទិញនៅជាយក្រុង យើងអាចសួរថាតើជាយក្រុងនៅប៉ែកខាងណាឱ្យប្រាកដ? សម្រាប់ទស្សនៈរបស់ខ្ញុំ គឺស្ថិតនៅតំបន់ភាគខាងលិចឈៀងខាងជើង និងតំបន់ភាគខាងត្បូងក្រុង ព្រោះតំបន់ទាំង២នេះកំពុងមានសក្តានុពលខ្ពស់ ហើយនឹងបន្តទៅថ្ងៃខាងមុខទៀត”។

លោកសុខនីមបានពន្យល់ថា នៅតំបន់ទាំងនេះ នឹងមានការអភិវឌ្ឍន៍លឿន ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានកសាងឡើងស្រាប់ ពីសំណាក់រាជរដ្ឋាភិបាលហើយនៅមានដីទំហំធំៗ ដែលអាចអនុញ្ញាតឱ្យវិនិយោគិន ឬអ្នកអភិវឌ្ឍន៍ប្រភេទបណ្តុំលំនៅដ្ឋាន និងបុរីបានយ៉ាងគ្រប់គ្រាន់។

បន្ថែមពីនេះ នៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ក៏មានការអភិវឌ្ឍន៍ និងរីកចម្រើនលឿន ដោយសារមានគម្រោងធំបានទៅកាន់តំបន់នេះ ដូចមានគម្រោងជាច្រើនបាននឹងកំពុងមានវត្តមាននៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។ ដូច្នេះ នៅពេលខាងមុខដ៏ខ្លី តំបន់ទាំង២នេះនឹងក្លាយទៅជាបណ្តុំទីប្រជុំជន ដែលវាមិនខុសគ្នាពីតំបន់ខណ្ឌសែនសុខ កាលពីប៉ុន្មានឆ្នាំមុននោះទេ៕

ដំណឹងល្អ ៖ក្រុមហ៊ុនកូរ៉េជាច្រើនកំពុងសិក្សាលទ្ធភាពចូលមកវិនិយោគលើវិស័យធំៗចំនួន៣នៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើក្រុមហ៊ុនដែលមានស្រាប់ និងកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននៅមានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍របស់កូរ៉េជាច្រើនវិស័យបាននិងកំពុងសិក្សាលម្អិតពីឱកាស និងពេលវេលាជាក់លាក់ក្នុងការជ្រើសយកម្ពុជាធ្វើជាគោលដៅរបស់ខ្លួន ដែលក្នុងនោះមានវិស័យចំនួន៣ឈានមុខរួមមាន វិស័យកសិ-ឧស្សាហកម្ម វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា វាគឺជាដំណឹងល្អសម្រាប់កម្ពុជា ហើយវានឹងពិតជាអាចធ្វើទៅបានក្រោយពេលដែលកម្ពុជា-កូរ៉េបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ជាផ្លូវការ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនដែលទើបចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅនេះ។

លោកឧកញ៉ាបានបន្តថា “កូរ៉េគាត់មានការចាប់អារម្មណ៍ខ្លាំងមកលើកម្ពុជាដោយសារតែបន្តិចទៀតយើងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ដែលបានបង្កភាពងាយស្រួលដល់បណ្តាក្រុមហ៊ុនផលិត និងធ្វើការនាំចេញ ហើយអ្វីដែលល្អបន្ថែមពីលើនេះ កម្ពុជាបានក្លាយជាគោលដៅភ្នាក់ងារក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិដូចជាទីផ្សារអង់គ្លេស ជាពិសេសទីផ្សារចិនដែលមានរហូតដល់ប្រមាណ១៤០០លាននាក់ ហើយក៏មានទីផ្សារនៅតាមណ្តាប្រទេសផ្សេងមួយចំនួនទៀតដោយរួចពន្ធមួយចំនួនធំ”។

លោកឧកញ៉ាថា “មានវិស័យចំនួន៣សំខាន់ៗដែលកូរ៉េនឹងចូលមកវិនិយោគ រួមមានវិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តជាចម្បង ដូច្នេះជាមួយនឹងសកម្មភាពថ្មីនៃការចូលមកវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនកូរ៉េគឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពេលបញ្ចប់វិបត្តិកូវីដ”។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា នៅពេលដែលមានការវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់ក្រុមហ៊ុនអន្តរជាតិតែងនាំមកនូវផលល្អសំខាន់ចំនួន៣ព្រមគ្នា ដែលក្នុងនោះរួមមានប្រយោជន៍ជាថវិកាសម្រាប់ជាតិ ចំណេះដឹងផ្នែកបច្ចេកទេស និងការផ្តល់ឱកាសការងារជូនដល់ពលរដ្ឋក្នុងស្រុក។

លោកឧកញ៉ាបានបន្តថា “កូរ៉េក៏ជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗដទៃទៀតដែលបានជួយជ្រោមជ្រែងកម្ពុជាតាមរយៈការវិនិយោគ និងអភិវឌ្ឍន៍គម្រោងធំៗនៅកម្ពុជា ជាក់ស្ដែងយើងឃើញមានដូចជាគម្រោងទីក្រុងរណបកាំកូស៊ីធី គម្រោង ប៊ូយ៉ុងថោន និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យផ្សេងៗជាច្រើនទៀត ហើយក្នុងនោះក៏មានវិស័យសុខាភិបាល និងវិធនាគារផងដែរ”។

លោកឧកញ៉ាបន្តថា “រាល់ការបណ្តាក់ទុនចូលមកវិនិយោគទាំងអស់ដែលមានកន្លងមក ក៏ដូចជាគម្រោងថ្មីដែលនឹងចូលមកបន្ថែមខាងមុខនេះក៏ព្រោះពួកគេបានសម្លឹងឃើញច្បាស់ពីកត្តាសន្តិសុខផ្នែកនយោបាយ កម្ពុជាមានសន្ដិភាព ជាពិសេសការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដែលកាន់តែផ្តល់ឱកាសល្អដល់ការវិនិយោគរបស់ពួកគេ។ ដូច្នេះខ្ញុំគិតថា បន្តិចទៀតកម្ពុជានឹងក្លាយជាគោលដៅវិនិយោគយ៉ាងសំខាន់របស់ក្រុមហ៊ុនអន្តរជាតិ ដែលក្រៅពីកូរ៉េក៏មានបណ្តាក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ”៕

សញ្ញាវិជ្ជមាន! ការនាំចេញរបស់កម្ពុជាទៅទីផ្សាកូរ៉េបន្តហក់ឡើងពីរខែជាប់ៗគ្នា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងបន្តងើបឡើងវិញនៅឆ្នាំ២០២១ ដោយមានការកើនឡើងពីរខែជាប់គ្នា នៅដើមឆ្នាំនេះ។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ កម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រមាណ៦៤លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង កើនឡើងជាង២,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលរយៈពីរខែនេះដែរ ទិន្នន័យបានបង្ហាញថា កម្ពុជាបាននាំចូលទំនិញតម្លៃប្រមាណ៩៣លានដុល្លារ ពីកូរ៉េខាងត្បូង ធ្លាក់ចុះ៣,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានទំហំទឹកប្រាក់១៥៨លានដុល្លារ ថយចុះ១,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ”។

លោកប៉ាន សូរស័ក្តិបានថ្លែងថា តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត។

លោកបន្ថែមថា “វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ”៕

បច្ចុប្បន្នភាពៈ ចុង​ត្រីមាស​ទី១ឆ្នាំ២០២១ ទីផ្សារ​ទិញ​លក់​ដីធ្លី​មានការ​ធ្លាក់ចុះ​ខ្លាំង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​ចុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ ខុសប្លែក​ពី​ទីផ្សារ​លំនៅដ្ឋាន​កម្រិត​ម​ធ្យ​ម ដែល​នៅតែ​បន្ត​ភាព​វិជ្ជមាន​នៅ​ទីផ្សារ​ទាំង​ការទិញ ទាំង​ការសាងសង់​នោះ សម្រាប់តែ​ទីផ្សារ​ដីធ្លី​ស្ទើរតែ​គ្រប់​តំបន់ តាម​បណ្តា​ខេត្ត​ក្រុង​មានការ​ស្ងប់ស្ងាត់ ក្រោ​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍២០កុម្ភៈ ដែល​កំពុង​បន្ត​រា​ត្បា​ត​ក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate លោ​កវិន ឈុន​ហ៊ា​ត ដែល​កំពុងកាន់​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ នៅ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត បាន​មានប្រសាសន៍ប្រាប់​នៅ​ល្ងាច​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ស្ថានភាព​នៃ​ទីផ្សារ​ដីធ្លី ជាពិសេស​ប្រភេទ​ដី​ឡូ​តិ៍​នៅ​ចុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ គឺមាន​ភាពស្ងប់ស្ងាត់​ខ្លាំង ដោយសារតែ​បញ្ហា​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដដែល​កំពុង​បន្ត​រាតត្បាត។

លោក​បាន​លើកឡើងថា កាលពី​អំឡុង​ខែមករា ដើមឆ្នាំ២០២១ បន្ទាប់ពី​ជួប​ភាពស្ងប់ស្ងាត់​កាលពី​ចុងឆ្នាំ២០២០ ដែល​បណ្តាលមកពី​ព្រឹត្តិការណ៍២៣វិច្ឆិកា ទីផ្សារ​ដី​ឡូ​តិ៍​បានចាប់ផ្តើម​មាន​កម្រើក​ឡើងវិញ​បន្តិច ប៉ុន្តែ​នៅត្រឹម​ចុងខែ​កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​ទី៣ នៃ​ការឆ្លង​នៅក្នុង​សហគមន៍ ទីផ្សារ​មួយ​នេះ​បាន​ធ្លាក់ចុះ​វិញ​សាជាថ្មី ហើយ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ជាងពេលមុន។

លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​បញ្ជាក់ថា “នៅក្នុង​ខែមករា និង​ពាក់​ក ណ្តា​ល​ខែកុម្ភៈ​ឆ្នាំនេះ មាន​ភ្ញៀវ​មក​មើល​គម្រោង និង​កក់​លុយ​ទិញ​គួរសម ប៉ុន្តែ​ចាប់តាំងពី​កើតមាន​ព​ញ​រឹ​ត្តិ​ការណ៍២០កុម្ភៈ ការទិញ​លក់​គឺ​ធ្លាក់ចុះ​ខ្លាំង” ។ លោក​បន្តថា “រហូតមកដល់​ពេលនេះ​គឺ​កាន់តែ​ស្ងាត់​ខ្លាំង។ ភាពស្ងប់ស្ងាត់​ទីផ្សារ​ដី​ឡូ​តិ៍​នៅពេលនេះ បណ្តាលមកពី​ភាពភ័យខ្លាច ពី​សុវត្ថិភាព​របស់​មនុស្ស​ទូទៅ ដែល​កុំថាឡើយ​ចេញ​ដើរ​មើល​គ​ម្រោ​ដី​ឡូ​តិ៍​នៅតាម​តំបន់​នានា សូម្បី​ចេញ​ប្រកប​អាជីវកម្ម​ប្រចាំ​គ្រួសារ ឬ​ចេញ​ដើរ​ទទួលទាន​នៅតាម​អាហា​រដ្ឋា​ន​នានា​ក៏​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ផង” ។

លោក​បន្តថា ដូច្នេះ​វា​មិន​ចម្លែក​នោះទេ ដែល​ទីផ្សារ​ដីធ្លី​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ដំណាក់កាល​បែបនេះ។

ដោយឡែក​លោក សុខ ប៊ុនធឿន ដែលជា​អ្នកគ្រប់គ្រង​ទីផ្សារ និង​ការលក់​គម្រោង​ដី​ឡូ​តិ៍​នៅ​តំបន់​ជាយក្រុង​កំពត ដែល​ធ្លាប់តែ​ទទួលបាន​អតិថិជនថ្មីៗ ជា​ហូរហែ​នោះបាន​លើកឡើងថា ស្ថានភាព​ទីផ្សារ​ដីធ្លី​នៅក្នុង​ខេត្តកំពត នៅពេលនេះ​ក៏​មិន​ខុសគ្នា​ឆ្ងាយ​ពី​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នោះទេ ពោល​គឺមាន​ភាពស្ងប់ស្ងាត់​ដូចគ្នា។

លោក​បញ្ជាក់ថា ក្រោយ​ការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍ ឆ្លង​ក្នុង​សហគមន៍​ដែល​គួរឱ្យ​បារម្ភ​នៅពេលនេះ មិន​ថា​ចំពោះ​អ្នក​ភ្នំពេញ ដែលជា​ទីផ្សារ​គោលដៅ របស់​គម្រោង​ដី​ឡូ​តិ៍​នានា​នៅក្នុង​ខេត្ត ក្រុង​កំពត​នោះទេ សូម្បីតែ​អ្នករស់នៅ​ក្នុង​ខេត្តកំពត​ផ្ទាល់ ក៏​មិនសូវ​ចេញ​ដើរ​ក្រៅ​ផ្ទះ​ដូច​កាលពី​មិនទាន់​ផ្ទុះ​ជំងឺឆ្លង​នោះដែរ។

លោក​បន្តថា “ពេលនេះ​ទាំង​អ្នកលក់ ទាំង​អ្នកទិញ គឺ​នៅ​រក្សា​ភាពស្ងប់ស្ងាត់​រៀងខ្លួន ហើយ​អ្វីដែល​ជាសំខាន់ គឺ​ស្ទើរ​គ្រប់​តំបន់​ដែល​ត្រូវ​ធ្វើដំណើរ ឆ្លងកាត់​ភាគច្រើន​ត្រូវ​ឆ្លងកាត់​ការ​ត្រួ​ពិនិត្យ ពី​សុខភាព​សុវត្ថិភាព​ជាមុន” ។ លោក​បន្តថា“ដូច្នេះ​ចង់​មិន​ចង់​ដំណើរ​នៃ​ការចាកចេញ​ពី​លំនៅដ្ឋាន របស់​មនុស្ស​ភាគច្រើន​គឺ​ត្រូវបាន​កាត់បន្ថយ” ។

លោក​បន្ថែមថា “ខ្ញុំ​យល់ថា ប្រសិនបើ​បញ្ហា​នៃ​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍​នេះ នៅតែ​បន្ត​អូសបន្លាយ​ពេល​យូរ​ទៀត នោះ​វា​នឹង​ពិបាក​និយាយថា​ទីផ្សារ​ដីធ្លី​អាច​នឹង​ជួប​ស្ថានការណ៍​ដល់​កម្រិតណា​នោះទេ” ៕

អគារ​ពាណិជ្ជកម្ម​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ហើយ

ដោយៈ​សុខុម

តូ​ក្យូ:  ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន Mori Building Co. បាន​ទម្លាយ​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន បានចាប់ផ្ដើម​ដំណើរការ​សាងសង់​ហើយ​ដែល​នៅ​ចំ​កណ្ដាល​ទីក្រុង​តូ​ក្យូ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan Times។

យោងតាម​ក្រុមហ៊ុន​ដដែល​នេះ​ឱ្យដឹងថា អគារ​កម្ពស់ ៣៣០ម៉ែត្រ នៅក្នុង​សង្កាត់ Minato Ward ដែល​សម្បូរ​ដោយ​អគារ​ការិយាល័យខ្ពស់ៗ និង​ខុន​ដូប្រណីតៗនេះ​គ្រោង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ២០២៣ ។

ដោយយោង​ទៅលើ​តម្លៃ​ផ្ទះ ក្នុង​តំបន់​នោះ​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា យី​នី​ត​ខុន​ដូ​ដែល​មើលទៅ​ឃើញ​ទេសភាព ដ៏​ស្រស់ត្រកាល​នៃ​ទីក្រុង​តូ​ក្យូ មិន​ចាញ់​អគារ Tokyo Tower នេះ​មានតម្លៃ​យ៉ាងហោចណាស់ ក៏​ប៉ុន្មាន​ពាន់​លាន​យេន​ឬ​អាច​ចាប់ពី​ជាង២០លាន​ដុល្លារ​អាមេរិក ឡើងទៅ​ដែរ​ក្នុង​មួយ​យូ​នី​ត។

អគារ​ដែល​គេ​ប្រសិទ្ធ​នាម​ថា “Aman Residences, Tokyo” នេះ​នឹងមាន​ខុន​ដូ​ចំនួន ៩១ យូ​នី​ត​ចាប់ពី​ជាន់​ទី៥៤ ដល់​ជាន់​ទី៦៤ ក្នុង​កម្ពស់​ចាប់ពី២៦០ទៅ៣៣០ ម៉ែត្រ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Mori Building មិនបាន​ទម្លាយ​ឱ្យដឹងថា តើ​ខុន​ដូ​ទាំងនេះ​សម្រាប់​ជួល ឬក៏​លក់​នោះឡើយ។

ដើម្បី​ទាក់ទាញ​អ្នក​ជួល​មានទ្រព្យ​ស្ដុកស្ដម្ភ មកពី​ជុំវិញ​ពិភពលោក ក្រុមហ៊ុន​អភិ​វ ឌ្ឍ​ន៍​អគារ​នេះ នឹង​សាងសង់​សាលារៀន​អន្តរជាតិ​មួយ​ក្បែរ​នោះ ដែល​ស្ថិតនៅក្រោម​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់ខ្លួន ដែល​កំពុងដំណើរការ​សាងសង់ នៅក្នុង​សង្កាត់ Toranomon-Azabudai កណ្តាល​ក្រុង​តូ​ក្យូ ជាទី​ក្រុង​ដែលមាន​មនុស្ស​រស់នៅ​ច្រើនជាងគេ​លើ​ពិភពលោក​នេះ។

រហូតមកទល់​ពេលនេះ អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន​ថ្មី​នេះ នៅ​មិនទាន់​មានឈ្មោះ​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយក៏​គ្មាន​ការបញ្ជាក់​ជា​ផ្លូវការ អំពី​ទំហំ​ទុនវិនិយោគ​លើ​អគារ​នេះដែរ។ ប៉ុន្តែ​យើង​អាច​ប៉ាន់ស្មាន​បាន​ថា អគារ​នេះ​មានតម្លៃ​មិន​ក្រោម​ពាន់​លាន​ដុល្លារ​អាមេរិក​នោះឡើយ។

អគារ​ខ្ពស់បំផុត​នៅ​ប្រទេស​ជប៉ុន នាពេល​បច្ចុប្បន្ន​គឺ​អគារ Abeno Harukas នៅ​ក្រុង​អូ​សា​កា (Osaka) ៕

គេហទំព័រ Propertyarea ប្រកាស​តែងតាំង​កញ្ញា ងួន ច័ន្ទ​ចរិយា ជា​ទូត​សុ​ឆន្ទៈ​

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រ Propertyarea.asia និង Facebook Page ឈ្មោះ Property Area Asia មាន​កិត្តិយស​សូម​ប្រកាស​តែងតាំង​កញ្ញា ងួន ច័ន្ទ​ចរិយា ដែលជា​តារា​សម្តែង​ដ៏​ស្រស់​សោភា និង​ល្បីឈ្មោះ​មួយរូប​ជាទូត​សុ​ឆន្ទៈ​តំណាង​ឲ្យ​គេហទំព័រ​នេះ។

ការសម្រេច​តែងតាំង​នេះ ដោយសារ​កញ្ញា​ចរិយា កំពុងធ្វើការ​ងារ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ និង​ថត​ខ្សែភាពយន្ត នៅពេល​ទំនេរ​ពី​ការងារ។ បច្ចុប្បន្ន​កញ្ញា​កំពុង​បំពេញការងារ​នៅ​ក្រុមហ៊ុន SIHA Group ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ របស់​ប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅ​កម្ពុជា។

ក្នុងតួនាទី​ជា​ទូត​សុ​ឆន្ទៈ តំណាង​ឲ្យ​គេហទំព័រ Propertyarea.asia កញ្ញា​នឹង​ដើរតួនាទី​ដូចជា៖

ទី១ ចូលរួម​ផ្សព្វផ្សាយ​ពី​កេ​រ្ត៍​ឈ្មោះ និង​កិត្តិនាម​គេហទំព័រ​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

ទី២ កញ្ញា​នឹង​ជួយ​ផ្សព្វផ្សាយ និង​ជួយ​ស្វែងរក​ចំណូល​សម្រាប់​ក្រុមហ៊ុន

ទី៣ កញ្ញា​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ជាក់ស្តែង​ពី​ក្រុមហ៊ុន

កញ្ញា​ងួន ច័ន្ទ​ចរិយា បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​មោទនភាព ដោយបាន​ចូលរួមចំណែក ក្នុងការ​ជំរុញ​ភាព​រីកចម្រើន​របស់គេ​ហ​ទំព័រ អចល​នន​ទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​នេះ ដែល​គេហទំព័រ​នេះ​បាន​ផ្សព្វផ្សាយ​ព៌​ត​មាន​ពិត លឿន រហ័ស អាច​ទុកចិត្តបាន និង​ឈរលើ ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ជា​មូលដ្ឋាន។

កញ្ញា​បន្តថា ខ្ញុំ​បាន​តាមដាន​គេហទំព័រ​នេះ​ជា​យូរ​មកហើយ ខ្ញុំ​ឃើញ​ព៌​ត​មាន​ដែល​អង្គភាព​នេះ​ផ្សព្វផ្សាយ​មាន​សភាព​លឿន រហ័ស អាច​ទុកចិត្តបាន ពិសេស​ផ្តល់​ចំណេះដឹង​ជាច្រើន​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ច្បាប់ផ្សេង” ។ កញ្ញា​បាន​បន្តថា “គេហទំព័រ​នេះ​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ផ្សព្វផ្សាយ​ព៌​ត​មានល្អៗ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​អាច​យក​ព៌​ត​មាន​ស្ថាប័ន​នេះ សម្រាប់​ធ្វើជា​មូលដ្ឋាន​វិភាគ ពិចារណា​លើ​គម្រោង​វិនិយោគ ក៏ដូចជា​ការវិវត្ត​នៃ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​កម្ពុជា” ។

ជាមួយគ្នានេះ លោក​យិន លាង​គង់ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ ​Propertyarea.asia បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់​យើង​មាន​ក្តី​រីករាយ ដែលមាន​តារា​ដ៏​ស្រស់​សោភា​មួយរូប បាន​ធ្វើជា​តំណាង​ទូត​សុ​ឆន្ទៈ​របស់គេ​ហំ​ព័រ​របស់​យើង។ កញ្ញា​នឹង​រួមចំណែក​ជួយ​ចូលរួម​ជួយ​ផ្សព្វផ្សាយ ដើម្បី​លើក​កំពស់​ក​ត្យា​នុ​ភាព និង​គុណ​តម្លៃ​គេហទំព័រ​នេះ​បន្ថែមទៀត។

លោក​បន្តថា “ជាមួយ​ដំណើរ​ឆ្ពោះទៅមុខ និង​ការទទួលបាន​ការគាំទ្រ​កើនឡើង​ជាប្រចាំ ចំនួន​អ្នកអាន និង​អ្នក​បានឃើញ​កើន​ឡើងជា​រៀងរាល់ថ្ងៃ បានធ្វើ​ឲ្យ​គេហទំព័រ​របស់​យើង​ក្លាយជា​វេទិកា ក្នុងការ​ផ្សព្វផ្សាយ​ព៌​ត​មាន​កម្រិត​ជាតិ​មួយ ដែល​ទទួលយកបាន​ស​ម្រា​ប់​ប្រជាពលរដ្ឋ​ធម្មតា រហូតដល់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​នានា” ។ លោក​បន្តថា “កញ្ញា​ងួន ច័ន្ទ​ចរិយា នឹង​ជួយ​លើក​កំពស់​កិត្តិនាម របស់​យើង​បន្ថែម ដោយសារ​កញ្ញា ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សិល្បៈ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុងសង្គម​ផងដែរ” ។

លោក​យិន លាង​គង់ បាន​បន្តថា “យើង​រីករាយ​ក្នុងការ​សហការ និង​ឈរលើ​មូលដ្ឋា​ន​ឈ្នះ ឈ្នះ​ទាំងអស់គ្នា ដើម្បី​លើក​កំពស់​វិស័យ​សារគមនាគមន៍​កម្ពុជាឲ្យ​កាន់តែ​ទទួលបាន​ការគាំទ្រ និង​ប្រឆាំង​រាល់​ព៌​ត​មាន​ក្លែងក្លាយ” ៕

តំបន់​រាម​នឹង​ក្លាយជា​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​មួយ​នៅ​រយៈពេល ៤ទៅ៥ឆ្នាំ​ខាងមុខ

ដោយៈ​គង់ សូរិយា

ព្រះសីហនុៈ តំបន់​រាម នា​ទឹកដី​ក្រុងព្រះសីហនុ នឹង​ក្លាយជា​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​មួយ​នៅ​រយៈពេល៤ទៅ៥ឆ្នាំ​ខាងមុខនេះ ខណៈ​បច្ចុប្បន្ន​គំរោង​វិនិយោគធំៗចំនួន​ពីរ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​បាន និង​កំពុង​ចាប់ផ្តើម​ស្ថាបនា គំរោង​របស់ខ្លួន។

គំរោង​ដ៏​លេចធ្លោ​មួយ ក្នុងចំណោម​គំរោងធំៗជាច្រើន​ទៀត គឺ​ការបង្កើត​តំបន់​ទេសចរណ៍​នាគរាជ​តេ​ជោ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Canopy Sands Development ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​យក្ស​ចិន Prince Holding Group នៅលើ​ផ្ទៃដី​សរុប​ប្រមាណ ៨៣៤ហិច​តា ជាមួយ​ទុន​វ​វិនិយោគ១៦ពាន់​លាន​ដុល្លារ​អាមេរិក និង​គំរោង Cristalville Ream Beach តម្លៃ ១០០០លាន​ដុល្លារ បាននិងកំពុង​សាងសង់បណ្តើរៗផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បានបង្ហាញ​ពី​ក្ដី​សាទរ​ទៅនឹង​ផែនការ លើ​គម្រោង​រៀបចំ​បង្កើតជា​ទីក្រុង​ថ្មី ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ខាងលើនេះ ជាមួយនឹង​ការ​បង្ហើប​ពី​ឱកាសល្អ ក្នុងការ​វិនិយោគ​ដីធ្លី​នៅក្នុងពេល​បច្ចុប្បន្ននេះ​ផងដែរ។

លោក​បញ្ជាក់ថា វា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ដែល​ទទួលបាន​នូវ​គម្រោង​អភិវឌ្ឍន៍ធំៗពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ ដែលមាន​តម្លៃ​យ៉ាង​សន្ធឹកសន្ធាប់ ដែល​ក្រៅពី​អាចជួយ​ដល់​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា វា​ក៏បាន​ក្លាយជា​ចំណុច​ពិសេស​មួយ ក្នុង​ការជួយជ្រោមជ្រែង​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ហើយ​ប្រសិនបើ​គម្រោង​ខាងលើនេះ​ជា​គម្រោង​ដែល​នឹងត្រូវ​អភិវឌ្ឍន៍​ពិតមែន វា​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​រៀបចំ និង​អភិវឌ្ឍន៍​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុ​បំណង។

លោក​បាន​បន្តថា “តំបន់​ដែល​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍ ខ្ញុំ​ជឿថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ទិញ​រួចរាល់​ហើយ មុនពេល​គេ​ប្រកាស​ពី​គម្រោង ប៉ុន្តែ​វា​នៅតែ​ជា​ឱកាស​សម្រាប់​អ្នក​ដែល​មានបំណង​វិនិយោគ​ដីធ្លី នៅក្បែរ​តំបន់​អភិវឌ្ឍន៍​ទាំងនេះ​នៅឡើយ” ។

លោក​បន្តថា បច្ចុប្បន្ន​ក្រៅពី​គម្រោង​អភិវឌ្ឍន៍​បង្កើត មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពី​វិស័យ​ឯកជន រដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ផងដែរ ដូចជា​ផ្លូវថ្នល់​ជាដើម ដែល​កាន់តែ​ងាយស្រួល​ដល់​ការធ្វើដំណើរ។ ដោយឡែក​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ក៏​អាច​ស្វែងរក​ទិញ​នៅ​តំបន់​ក្បែរ​ទីតាំង​គម្រោង​អភិវឌ្ឍន៍ធំៗទាំងនោះ ជាពិសេស​នៅក្នុង​កាលទេស​នេះ​តែម្ដង ដោយសារតែ​តម្លៃ​ដី​នៅមានកម្រិត​នៅឡើយ បើ​រង់ចាំ២-៣ឆ្នាំ​ទៀត​តម្លៃ​អាច​នឹង​ឡើងថ្លៃ និង​បាត់បង់​ឱកាស​ចំណេញ។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការបង្កើត​តំបន់​ទេសចរណ៍​តេ​ជោ​នាគរាជ នៅ​តំបន់​រាម​បាននិងកំពុង​ដំណើរកា​របណ្តើរៗហើយ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចាក់ដី​ចូល​សមុទ្រ ដើម្បី​កសាង​ទីក្រុង​នេះ​ឡើង។

លោក​បន្តថា “គំរោង​នេះ​នៅក្បែរ​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ​ដែល​បាននិងកំពុង​ដំណើរកា​រ​ពង្រីក​នាពេល​បច្ចុប្បន្ន​នេះ” ៕