ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំមួយ កំពុងសិក្សាលទ្ធភាពវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍ នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះ ក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងកាលពីថ្ងៃទី១៦ មីនាកន្លងមក ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់ត៍នាពេលនេះ ជាការឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិ មាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព និងអស់សក្តានុពល។
លោកបន្តថា “យើងឱ្យអ្នកសិក្សាខាងស៊ីម៉ង់ត៍មកសិក្សាខេត្តកំពង់ស្ពឺ។ យើងចង់បានរោងចក្រស៊ីម៉ង់ត៍ក៏វាល្អដែរ ដោយសារប្រទេសយើងកំពុងតែមានការអភិវឌ្ឍរីកចម្រើន ហេតុនេះវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក៏វាមានការកើនឡើងខ្លាំង” ។
លោកវ៉ី សំណាង បានបន្តដោយសុទិដ្ឋិនិយមថា បើសិនបង្កើតរោងចក្រនេះបានពិតមែន វានឹងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានមួយកម្រិត និងពិសេសជាងទៀតវានឹងជួយបង្កើតការងារច្រើនកន្លែង។លោកបន្តថា ក្រុមហ៊ុនសិក្សាយូរដែរហើយ តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមហ៊ុនកំពុង Process ឯកសារសុំការអនុម័តពីរាជរដ្ឋាភិបាល ពីក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធ។
លោកបន្តទៀតថា “ខ្ញុំរំពឹងថារោងចក្រនេះ នឹងមានវត្តមាននៅកំពង់ស្ពឹ ក្នុងពេលឆាប់ៗនេះ” ។
នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានទីតាំងនៅខេត្តកំពត និងបាត់ដំបង ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍ សរុបបានប្រមាណ៨លានតោនក្នុងមួយឆ្នាំ។
អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ការរីកចម្រើនវិស័យសំណង់ បានធ្វើឲ្យតម្រូវការស៊ីម៉ងត័៍កើនឡើងជាប្រចាំ ដែលលទ្ឋភាពរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុក មិនទាន់អាចផ្គត់ផ្គង់បានគ្រប់តាមតម្រូវការនៅឡើយទេ ដោយកម្ពុជានៅតែត្រូវការនាំស៊ីម៉ងត៍ចូលពីបរទេសនៅឡើយ ពិសេសពីប្រទេសជិតខាងរបស់យើង៕










បណ្ដាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក កំពុងពន្លឿនផែនការផលិតយន្តអគ្គិសនី នៅពេលពួកគេទទួលរងសម្ពាធ កាន់តែខ្លាំងឡើងពីក្រុមនិយ័តករ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ នៅប្រទេសចិន រដ្ឋាភិបាលបាន និងកំពុងជំរុញយ៉ាងខ្លាំងឱ្យបង្កើនការផលិតរថយន្តអគ្គិសនីឱ្យបានកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថានក្នុងប្រទេសរបស់ខ្លួន ហើយទាំងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងក្រុមហ៊ុនផលិតរថយន្តបរទេសបានប្រកួតប្រជែងគ្នាខ្លាំងកាលពីឆ្នាំមុន។










