តើរវាងផ្ទះ និងដី គួរវិនិយោគមួយណាជាអាទិភាព?

ដោយៈប៊ី
ភ្នំពេញៈ ទិញផ្ទះ ឬ ទិញដី សុទ្ធមានសារៈប្រយោជន៍របស់វារៀងៗខ្លួន តែអ្វីដែលសំខាន់គោលបំណងរបស់អ្នក ទិញក្នុងគោលបំណងអ្វី? អ្នកត្រូវបែងចែកអោយច្បាស់ថាអ្នកទិញសម្រាប់វិនិយោគ ទុកចំនេញពេលក្រោយ ឬសម្រាប់រស់នៅ?។

១. ទិញផ្ទះសម្រាប់រស់នៅ
បើអ្នកមិនទាន់មានផ្ទះជាកម្មសិទ្ធរបស់ខ្លួនទេ ទិញផ្ទះសម្រាប់រស់នៅ ជារឿងដំបូងដែលអ្នកត្រូវតែធ្វើ នឹងសាកសមបំផុតសម្រាប់អ្នក ព្រោះអ្នកទិញហើយ អ្នកអាចចូលរស់នៅបានភ្លាមៗ ឬចំណុចពិសេសមួយទៀតនោះ បើអ្នកទិញបង់រំលស់ទៀតនោះ អ្នកគួរតែទិញផ្ទះ ព្រោះអ្នកត្រូវចំណាយប្រាក់សម្រាប់បង់រំលស់ប្រចាំខែ ដោយប្រាក់មួយចំណែក អ្នកចំនេញ ពីប្រាក់ដែលអ្នកធ្លាប់បង់ថ្លៃផ្ទះជួលរាល់ខែនោះ។
ដោយឡែក បើអ្នកចង់ទិញដីសម្រាប់សាងសង់ផ្ទះខ្លួនឯង អ្នកត្រូវចំណាយពេលសម្រាប់ការសាងសង់ ហើយកំឡុងពេលសាងសង់ អ្នកនៅតែចំណាយថ្លៃជួលផ្ទះនៅបណ្ដេះអាសន្នសិន ទម្រាំផ្ទះរបស់អ្នកសាងសង់រួច។
ម្យ៉ាងទៀតបើអ្នកមានបំណងចង់ទិញបង់រំលស់ទៀតនោះ ធ្វើអោយអ្នកចំណាយពេលយូរ ព្រោះទម្រាំអ្នកបង់រំលស់ដីដាច់ អ្នកត្រូវមានប្រាក់សម្រាប់សាងសងផ្ទះទៀត នោះធ្វើអោយអ្នកត្រូវសន្សំប្រាក់យូរសម្រាប់ផ្ទះមួយ។

២ ទិញសម្រាប់វិនិយោគ ទុកចំនេញថ្ងៃក្រោយ
ការវិនិយោគលើអចលនទ្រព្យទាំងពីរប្រភេទនេះ សុទ្ធសឹងតែផ្ដល់ផលចំណេញនៅពេលក្រោយ។ ជាក់ស្ដែង បើអ្នកវិនិយោគលើការទិញដី អ្នកអាចចំណេញបានលឿនជាងផ្ទះ ប៉ុន្ដែក្នុងរូបរាងជាតម្លៃ និងហាងឆេងដីតែប៉ុណ្ណោះ។ លុះត្រាតែអ្នកលក់ដីមួយដុំនោះចេញ ទើបឃើញថ្លៃចំណេញបន្ទាប់ពីរយៈពេលទិញទុកជាសាច់ប្រាក់សុទ្ធ។
ឧទាហរណ៍ បើអ្នកទិញដីតម្លៃ ១០,០០០ ដុល្លារទុក្ខរយៈពេល១ឆ្នាំ ហើយក្នុងមួយឆ្នាំឡើងបាន៣០% ដូច្នេះបើគិតជាថ្លៃលក់ចេញសរុប អ្នកអាចទទួលបាន១៣០០០ដុល្លារ។ យ៉ាងណាមិញបើទោះបីជា តម្លៃផ្ទះមានការកើនតម្លៃគិតជាភាគរយ មានទំហំតិចជាងដីក៏ដោយ ប៉ុន្តែផ្ទះអ្នកអាចដាក់វាជួល បង្កើតបានជាចំណូលប្រចាំខែបាន និងទទួលបានចំណូលរយៈពេលយូរ។ បើថ្ងៃមួយអ្នកចង់លក់វាចេញ អ្នកក៏ប្រាកដជាទទួលបានថ្លៃចំណេញពីលើថ្លៃដើមផងដែរ៕

អ្នកជំនាញសេដ្ឋកិច្ចៈប្រេងសាំងឡើងថ្លៃបន្តបន្ទាប់ដោយសារអាម៉េរិករៀបចំដំណើរការរដ្ឋាភិបាលថ្មីឡើងវិញ

ដោយ: គង់ សូរិយា
ភ្នំពេញ: ជាការកត់សម្គាល់ ចាប់ពីខែមករា ឆ្នាំ២០២១មកតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា បានកើនតម្លៃបន្តិចម្តងៗជាលំដាប់ ដោយប្រេងសាំងធម្មតាកើនពី ៣,២០០រៀល មកដល់ ៣,៧៥០រៀល ក្នុងមួយលីត្រ។

ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានឱ្យដឹងថា ការឡើងថ្លៃនេះបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងដោយសាររដ្ឋាភិបាលថ្មី ចាប់ផ្តើមដំណើរការឡើងវិញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមកថា ការឡើងថ្លៃប្រេង ដោយសារតែអាមេរិក បានវាយលុកចូលទីផ្សារភាគហ៊ុននៃវិស័យប្រេង ទើបធ្វើឱ្យដំណើរការថ្លៃប្រេងល្អប្រសើរឡើងវិញ និងមានវិបត្តិមួយចំនួននៅក្នុងប្រទេសអារ៉ាប់សាអូឌីត។ ដូច្នេះវិបត្តិទាំងអស់នេះហើយ ធ្វើឱ្យថ្លៃប្រេងឡើងថ្លៃ។

លោកបន្តថា “ប្រទេសកម្ពុជាថ្វីត្បិតតែមានដំណក់ប្រេងខ្លួនឯង តែយើងមិនអាចចំរាញ់ប្រេងនេះ ទៅជាប្រេងសាំងប្រើក្នុងស្រុកទេ គឺយើងលក់ប្រេងឆៅ ដូច្នេះហើយប្រេងដែលប្រើបច្ចុប្បន្ននេះជាប្រេងនាំចូល”។ លោកបន្ថែមថា“ទោះជារដ្ឋាភិបាលបានធ្វើឧបត្ថម្ភធនទៅលើថ្លៃប្រេងដោយស្ងៀមស្ងាត់ ទាក់ទងទៅនឹងការបន្ធូរបន្ថយពន្ធនាំចូលថ្លៃប្រេងក៏ដោយ ក៏នៅតែថ្លៃប្រេងនៅតែមានកំណើនខ្ពស់ តាមរយះថ្លៃប្រេងអន្តរជាតិ”។


លោកបណ្ឌិតបានបន្តថា អញ្ចឹងផលប៉ះពាល់របស់វា គឺទៅលើក្រុមដែលរងគ្រោះនេះឯង គឺក្រុមសេវាដឹកជញ្ជូន ទី១ គាត់ឡើងថ្លៃដើមនេះហើយ ទី២កាត់បន្ថយនូវចំនួនអ្នកជិះបន្តទៅទៀត។

លោកបន្តថា “ចំណុចនេះជាចំណុចដែលប៉ះពាល់ ខ្ញុំជឿថាត្រូវតែមានការកែតម្រូវដោយសេដ្ឋកិច្ចខ្លួនឯង តួនាទីរបស់រដ្ឋាភិបាលក្នុងនោះខ្ញុំជឿថា អាចនឹងរដ្ឋាភិបាលដើរតួនាទីរយះពេលខ្លី សម្រាប់ទប់វិបត្តិនឹងបានដើម្បីកុំឱ្យវាឡើងលឿនពេក”។

ប្រជាពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីបានត្អូញត្អែរថា ខណៈដែលជួបបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ ជាពិសេសក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូល ណាមួយថ្លៃចំណាយម្ហូបអាហារប្រចាំថ្ងៃផង និងមួយវិញទៀតបញ្ហាបំណុលដែលធ្វើឱ្យមានការលំបាក។

ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ដើមឆ្នាំ២០២១ សម្រាប់ប្រេងសាំងធម្មតា ថ្លៃ៣,៧៥០រៀល ក្នុងមួយលីត្រ។ រីឯប្រេងម៉ាស៊ូតថ្លៃ ៣,៣៥០រៀល ក្នុងមួយលីត្រ៕

ក្រសួងសាធារណៈការគ្រោងបើកការដ្ឋាននិងសម្ភោធដាក់ឲ្យប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ឋចំនួន១៤គំរោង

ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងតៀមបើកការដ្ឋានសាងសង់និងសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន ផ្លូវ និងអភិវឌន្ឍន៍តំបន់មួយចំនួននៅតាមបណ្ដាខេត្ត-ក្រុង ចំនួន១៤គម្រោងនៅឆ្នាំនេះ។

គំរោងទាំងនោះ ជាគំរោងទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការពីចិន កូរ៉េ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
យោងាតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ខ្លួនត្រៀមរៀបចំសុំការសម្រេចពីរដ្ឋាភិបាល ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ផ្លូវ និងអភិវឌន្ឍន៍តំបន់នៅខេត្ត-ក្រុង ចំនួន១៤គម្រោង។ ១៤គម្រោងនេះ មាន៥គម្រោង គ្រោងសម្ពោធបើកឲ្យប្រើប្រាស់ ហើយ៩គម្រោងទៀត គឺគម្រោងបើកការដ្ឋានសាង់សង។

គម្រោងទាំង៥ ដែលគ្រោងសម្ពោធបើកឲ្យប្រើប្រាស់នោះ រួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រូចឆ្មា-ស្ទឹងត្រង់) ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-រមាត)ខេត្តក្រចេះ ខ្សែផ្លូវក្រវាត់ក្រុងទី២, ខ្សែផ្លូវជាតិលេខ៥១ និងខ្សែផ្លូវជាតិលេខ១១។ គម្រោងទាំង៥នេះ គឺទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន។


ចំណែក៩គម្រោង ដែលគ្រោងសម្ពោធបើកការដ្ឋានសាងសង់ មាន៥គម្រោងទទួលបានបិរញ្ញប្បទានសហប្រតិបត្តិការជាមួយចិន។ គម្រោងបើកការដ្ឋានសាងសង់ទាំង៥នេះរួមមាន ផ្លូវជាតិលេខ៧១សេ (ត្បូងឃុំ-ក្រូចឆ្មា-ចំការលើ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិថ្មីពីបាត់ដំបង់ទៅសៀមរាប។

ក្នុងចំណោម៩គម្រោង ដែលក្រសួងត្រៀមរៀបចំសម្ពោធបើកការដ្ឋាន មានមួយគម្រោង គឺគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ (EDCF Loan) ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ។ រីឯ៣គម្រោងទៀត គឺទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

គម្រោងទាំង៣នេះ មានគម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី២ ដែលមានស្ថានីចម្រោះទឹកកខ្វក់ ខេត្តកំពត់ និងព្រះសីហនុ គម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី៤ នៅក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ហើយគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន៕

រាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំចាយកញ្ចប់កម្ចីសម្បទានពីADBតម្លៃ២៥០លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចចេញពីវិបត្តិកូវីដ

ដោយៈ រ៉ាណេត
ភ្នំពេញៈ កញ្ចប់ថវិកាកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន២៥០លានដុល្លារ ត្រូវបានអនុគណៈកម្មការវិស័យឯកជន បើកកិច្ចប្រជុំស្ដីពីការអនុវត្តកម្មវិធីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្ដារសម្បទាសេដ្ឋកិច្ចឡងវិញ។
អនុគណៈកម្មការវិស័យឯកជននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះក្រោមវត្តមានរបស់លោកស្រី អ៊ុក ម៉ាលីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញស្តីពី ការអនុវត្តកម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (COVID-19 Active Response and Expenditure Support Program- CARES) សហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កម្មវិធី CARES គឺជាកិច្ចព្រមព្រៀងឥណទានសម្បទា នរវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB ក្រោមរូបភាពជាកម្ចីសម្បទានចំនួន២៥០លានដុល្លារ និងភ្ជាប់ជាមួយទឹកប្រាក់ក្រោមរូបភាព ជាជំនួយបច្ចេកទេស ដែលរួមបញ្ចូលកិច្ចគាំទ្រផ្នែកប្រឹក្សាផ្សេងទៀត។ កម្មវិធីនេះបានចែកជាសសរស្តម្ភចំនួន៣ រួមមាន ទី១ វិធានការសុខភាពដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទី២ ជំនួយសង្គមដើម្បីបង្ការការកើនឡើងនៃភាពក្រីក្រ និង ទី៣ ការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច (រួមមានឧបត្ថម្ភធនប្រាក់ឈ្នួលដល់កម្មកររោងចក្រ និងបុគ្គលិកវិស័យទេសចរណ៍ កម្ចីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម, ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មការងារ)។
លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានមានប្រសាសន៍ថា កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែCOVID-19 គំរាមធ្វើឲ្យថយចុះនូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។
លោកបន្តថា ប្រទេសកម្ពុជាងាយរងគ្រោះ ពីផលប៉ះពាល់អវិជ្ជមាននៃCOVID-19 ដោយសារសេដ្ឋកិច្ចបើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។ កំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងឆ្នាំ២០២០ ដោយសារការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរតិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃការធ្លាក់ចុះនេះ អាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ៕

សូចនាករៈសិក្សាបីចំណុចនេះសិនបើអ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យត្រូវបានគេមើលឃើញថាមានសន្ទុះខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា ហើយក៏មានបុគ្គលជាច្រើនទទួលបានជោគជ័យពីជំនួញមួយនេះ។ តើការវិនិយោគអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ អ្នកវិនិយោគគួរគិតពីចំនុចអ្វីខ្លះ។

យោងតាមក្រុមអ្នកជំនាញហិរញ្ញវត្ថុ និងអចលនទ្រព្យមួយក្រុមបានបញ្ជាក់ថា ដោយការវិនិយោគលើអចលនទ្រព្យ ត្រូវការដើមទុនច្រើន ខណៈដែលវិបត្តិកូវីដមិនទាន់ផុតរលត់ផងនោះ វិនិយោគិនត្រូវពិចារណាលើចំណុចសំខាន់ជាច្រើន ឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ ។

១ ប្រភេទអចលនទ្រព្យដែលមានសក្ដានុពលចំណេញ

ប្រភេទអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្នមាន ដូចជា លំនៅដ្ឋាន ដីធ្លី ខុនដូ អាគារ ការិយាល័យ។ល។ សម្រាប់ឆ្នាំ២០២១នេះ ប្រភេទអចលនទ្រព្យ ដូចជា ដីធ្លីសម្រាប់អភិវ​ឌ្ឍគម្រោង ត្រូវបានវាយតម្លៃថា នឹងមានសក្ដានុពលចំណេញសម្រាប់ការវិនិយោគ ។

បើយោងតាមការលើកឡើងរបស់លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ខេត្តដែលមានសក្ដានុពលក្នុងការទិញដី សម្រាប់វិនិយោគ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗក្នុងឆ្នាំ២០២១នេះ គឺខេត្តកំពត និងខេត្តកែប មានសក្ដានុពលផ្នែកទេសចរណ៍។

២ គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល

គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដូចជា ទីក្រុងរណប ផ្សារទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋានជាដើម អាចជះឥទ្ធិពលធំទៅលើតម្លៃ និងសក្ដានុពលសម្រាប់ភាពជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ។ ហេតុនេះ វិនិយោគិន ចាំបាច់គួរតាមដានព័ត៌មានពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នានា ចក្ខុវិស័យ និងផែនការទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់រដ្ឋាភិបាលជាប់ជានិច្ច។ គម្រោងអភិវឌ្ឍន៍មួយចំនួននាពេលបច្ចុប្បន្ន មានដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោង ព្រលានយន្ដហោះ ជាដើម ដែលអាចញ៉ាំងឱ្យដីឡើងថ្លៃ ឬ មានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានដល់ដំណើរការសេដ្ឋកិច្ច។

៣ ផ្ដោតលើការវិនិយោគរយៈពេលវែង

វត្តមាននៃវិបត្តិកូវីដ១៩ អាចនឹងមិនទាន់ផុតរលត់នៅឆ្នាំ២០២១ នៅឡើយទេ ដរាបណាវ៉ាក់សាំងដែលមានប្រសិទ្ធភាព នៅមិនទាន់ទទួលបានប្រើប្រាស់ទូលំទូលាយទូទាំងពិភពលោកនៅឡើយ។ ហេតុនេះ វិនិយោគិនគប្បីពិចារណា នូវការវិនិយោគរយៈពេលយូរ ជាជាងរំពឹងផលចំណេញក្នុងរយៈពេលខ្លី ។

ថ្វីត្បិតថាសកម្មភាពវិនិយោគអចលនទ្រព្យ រងផលប៉ះពាល់ខ្លាំងក្នុងឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែដើមឆ្នាំ២០២១ ជាពេលដែលយើងអាចចាប់ផ្ដើមគិតគូរ ដើម្បីឈានជើងចូលក្នុងវិស័យនេះ ព្រោះថាទោះក្នុងស្ថានភាពវិបត្តិក៏ពិតមែន ឱកាសទទួលបានផលចំណេញក៏អាចមានដែរនៅក្នុងវិបត្តិនោះដែរ ។

យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជា បង្កើនសក្តានុពលនៃផលចំ​ណេ​ញពីការវិនិយោគរបស់អ្នក អ្នកគួរតែប្រឹក្សាយោបល់បន្ថែម ជាមួយអ្នកជំនាញច្បាស់​លាស់ផ្នែកអចលនទ្រព្យ ដ្បិតថាពួកគាត់មានចំណេះជំនាញ និងមានប្រភពព័ត៌មានច្រើន ៕

ខេត្តចំនួន៤ មានចរន្តដោះដូរដីធ្លីច្រើនជាងគេនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិជំងងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញលក់ដីធ្លីនៅខេត្តចំនួន៤នៅតែមានភាពសកម្មនៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ មិនានេះថា ក្នុងត្រីមាសទី១នេះ ការទិញលក់ដីធ្លី នៅតែមានភាពសកម្មនៅក្នុងខេត្តចំនួនបួន រួមមានខេត្តកណ្តាល កំពង់ស្ពឺ កំពត និងខេត្តសៀមរាប។ លោកបន្តថា សកម្មភាពទិញលក់លំនៅដ្ឋានហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែការទិញលក់ដីធ្លីមិនមានសភាពស្ងប់ស្ងាត់ នៅតាមបណ្តាខេត្តខាងលើឡើយ។

លោកបន្តថា “ក្នុងចំណោមខេត្តទាំងបួន ខេត្តកណ្តាល និងកំពង់ស្ពឺ មានការទិញលក់ច្រើនជាងគេ ដោយសាររដ្ឋាភិបាលគ្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលខាងមុខនេះ”។លោកបន្តថា “ទោះជាមានការដោះដូរដីធ្លីច្រើនក្តី ប៉ុន្តែតម្លៃដីធ្លីនៅមូលដ្ឋាន​ខាងលើមិនកើនឡើងទេ គឺស្ថិតក្នុងសភាពទ្រឹងនៅឡើយ”។

តំបន់ផ្លូវជាតិលេខ៥១ និងលេខ៤១បាន និងកំពុងមានសភាពពុះកញ្រ្ជោលតាំងពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលប្រកាសឲ្យរោងចក្រ សហគ្រាសនានាចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់បណ្តាខេត្តកៀករាជធានីភ្នំពេញ។ ពិសេសសហគ្រាសកាណាឌីយ៉ាបានប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅតំបន់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវតភ្ជាប់ជាមួយផ្លួវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។

លោកច្រឹក សុខនីមបានបន្តថា ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវការពេលវេលាខ្លះទៀត ដើម្បីឲ្យមានការងើបឡើងត្រលប់មករកភាពប្រក្រតីវិញ ព្រោះវិបត្តិកូវីដនៅលើពិភពលោក នឹងមិនបញ្ចប់នៅពេលឆាប់ៗនោះទេ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតានាយិកាប្រចាំាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា អ្វីៗមានសភាពស្ងប់ស្ងាត់ ដោយសាជំងឺកូវីដ១៩  ដែលបានធ្វើឲ្យមនុស្ស មិនចេញពីផ្ទះសម្រាប់ក្របខ័ណ្ឌកម្ពុជា ប៉ុន្តែសំរាប់ក្របខ័ណ្ឌពិភព​លោកក៏កំពុងមានសភាពធ្ងន់ធ្ងរនៅឡើយ។

លោកស្រីបន្តថា “វាត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគពីវិនិយោគិនបរទេស ហេតុនេះទីផ្សារបច្ចុប្បន្ននេះ គឺពឹងផ្អែកលើទីផ្សារក្នុងស្រុកច្រើនជាង”៕

ក្រុមហ៊ុនអន្តរជាតិព្យាករណ៍ថាទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២១នៅតែ បន្តរក្សាបានភាពវិជ្ជមាន

ដោយៈ រ៉ាណេត
ភ្នំពេញៈ យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិបានអះអាងថា នៅក្នុងឆ្នាំ២០២១បើទោះជាកម្ពុជា ទទួលរងនូវឥទ្ធិពលពីវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ នៅតែអាចរក្សាបាននូវភាពវិជ្ជមាន ជាពិសេសនៅក្នុងទីផ្សារសំណង់លំនៅដ្ឋាន និងសំណង់ផ្សេងៗទៀតនៅតែបន្តសកម្មភាពនៅឡើយ។
យោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុនជំនាញអន្តរជាតិ CBRE Cambodia ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានបង្ហាញថា ព្រឹត្តិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ១៩ បានជះឥទ្ធិពល និងផ្លាស់ប្ដូរសេដ្ឋកិច្ចជាសាកល ដែលក្នុងនោះកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ទៅលើវិស័យសំខាន់ៗមួយចំនួន ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ ហាក់មានភាពធូរស្រាលជាងវិស័យដទៃ ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ នៅតែមានសញ្ញាវិជ្ជមានមិនធ្លាក់ចុះនោះទេ។


នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ហេតុផលសំខាន់ៗមួយចំនួនបានជួយឱ្យវិស័យអចលនទ្រព្យកម្ពុជា នៅតែអាចរក្សាបានភាពវិជ្ជមាន ដូចជា ការចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងជាសាកល ហើយកម្ពុជាក៏បាននាំយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការចម្លង។ ក្រៅពីនេះ តម្រូវការក្នុងស្រុកនៅតែបន្តមានខណៈដែលក្រុមអ្នកអភិវឌ្ឍន៍ នៅតែបន្តសកម្មភាពសាងសង់ដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្ដែង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅព្រឹកថ្ងៃជាមួយគ្នានេះថា ឆ្នាំ២០២១ និងដើមឆ្នាំ២០២២ គឺជាពេលវេលាមួយបង្ហាញពីសញ្ញាវិជ្ជមានសារជាថ្មី នៃវិស័យអចលនទ្រព្យនៅកម្ពុជា ប្រសិនបើការទប់ស្កាត់ការរីករាលដាល នៃជំងឺដែលកំពុងអនុវត្តព្រមគ្នា ជាសាកលនាពេលបច្ចុប្បន្នមានប្រសិទ្ធភាព។
លោកបានបន្តថា “ឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យកម្ពុជាមិនធ្លាក់នោះទេ ប៉ុន្តែបើព្យាករណ៍ថា នឹងអាចមានកំណើនខ្លាំងឡើងវិញក្នុងឆ្នាំជាមួយគ្នា វាហាក់ពិបាកក្នុងការវាយតម្លៃបន្តិច ព្រោះស្ថានការណ៍នៅមានភាពផុយស្រួយនៅឡើយ”។
លោកច្រឹក សុខនីម បានមានប្រសាសន៍បន្តថា នៅពេលបច្ចុប្បន្ននេះ ទីផ្សារនៃវិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តមានសកម្មភាព ក្រោមការចូលរួមពីសំណាក់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុក បើទោះជាវាមិនមែនទ្រង់ទ្រាយធំ ដែលមានដើមទន់រាបសិបលានដុល្លារ ប៉ុន្តែក៏ជាការបង្ហាញពីភាពវិជ្ជមាននៃវិស័យមួយនេះ ហើយអាចនឹងកាន់តែល្អប្រសើរជាងនេះនៅឆ្នាំបន្ទាប់ខាងមុខ៕

រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចដកហូតដីព្រៃទំហំជាង២៦៦ហិកតាក្នុងស្រុក ឱរ៉ាល់មកជាសម្បត្តិរដ្ឋ

ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយតុលាកាខេត្ត បានសម្រេចដកហូតដីព្រៃដែលស្ថិតនៅក្នុងដែនការពារ និងអភិរក្សដែលរងនូវការបំពាន និងទន្ទ្រានពីសំណាក់ជនខិលខូចសរុបជាង២៦៦ហិកតា ស្ថិតនៅក្នុងស្រុកឱរ៉ាល់មកជាសម្បត្តិរដ្ឋក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។


អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា ការដកហូតដីព្រៃដែលស្ថិតនៅទីតាំងដូចបង្ហាញខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ បានចុះសិក្សាលម្អិតឃើញថា ជាដីដែលស្ថិតនៅក្នុងដែនអភិរក្ស និងការពារធនធានធម្មជាតិ ក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន និងត្រូវបានវិស័យឯកជន ដែលរួមមានពលរដ្ឋក្នុងតំបន់ផងដែរធ្វើការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
លោកបញ្ជាក់ថា “ដីព្រៃដែលធ្វើការដកហូតមកជាសម្បត្តិរដ្ឋវិញនេះ ស្ថិតនៅក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានចំនួន៩ទីតាំងផ្សេងគ្នា ស្មើនឹងប្រមាណ ២៦៦,៣១ហិកតា”។ លោកបន្តថា “យើងមានផលលំបាកក្នុងការស្វែងរក និងទប់ស្កាត់បទល្មើស ព្រោះកម្លាំងមន្ត្រីជំនាញយើងមានតិច ហើយជនខិលខូចមាននៅតាមតំបន់ផ្សេងៗ ដូច្នេះអ្វីដែលសំខាន់គឺយើងស្នើសុំ និងទទូចឱ្យប្រជាពលរដ្ឋមានការចូលរួមអនុវត្ត និងគោរពច្បាប់ទាំងអស់គ្នា ជៀសវាងកើតមានបញ្ហាទំនាស់ ឬអាចប្រឈមទៅនឹងផ្លូវច្បាប់ ដោយសារតែការសម្លឹងឃើញផលប្រយោជន៍ ជាសំខាន់រហូតអនុវត្តប្រាស់ចាកពីច្បាប់”។


កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្លាប់បានធ្វើដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន៣កន្លែង ដែលមានទំហំសរុបរហូតដល់ជាង៤០០០ហិកតា មកជាសម្បត្តិរដ្ឋ និងរក្សាទុកជាតំបន់ការពារវិញ។
លោកវ៉ី សំណាង បានបញ្ជាក់ថា “ការដកហូតដីពីវិស័យឯកជន ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗពីគ្នា ដូចជា ការដកហូតពីក្រុមហ៊ុន ដែលទទួលបានសម្បទានពីរដ្ឋាភិបាល ប៉ុន្តែមិនមានសកម្មភាព និងមិនអាចមានលទ្ធភាពក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានការដកហូតពីជនខិតខូចមួយចំនួនដែលបំពានច្បាប់ កាប់ឆ្ការព្រៃរានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ការពារ និងអភិរក្សផងដែរ”។
លោកបានបញ្ជាក់ឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន សកម្មភាពបំពានដីរដ្ឋនេះ មិនសូវមានច្រើននោះទេ ទើបតែក្នុងរយៈពេលប្រមាណជាង២ឆ្នាំចុងក្រោយ ស្របពេលដែលវិស័យដីធ្លី មានតម្រូវការប្រើប្រាស់ខ្ពស់ ក្រោមគម្រោងវិនិយោគបានធ្វើឱ្យសកម្មភាពបំពានកើតមានច្រើនរហូតដល់រាប់ពាន់ហិកតា៕

ការសិក្សាៈគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួន២៧៩កំពុងដំណើរការសាងសង់ នៅទីក្រុងភ្នំពេញទោះសិ្ថតក្នុងវិបត្តិកូវីដ១៩


ដោយៈ ប៊ី
ភ្នំពេញៈ ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ក្នុងអំឡុងពេល១២ខែ ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី១៦ ខែមីនា ២០២១។


ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១ មិនមែនគ្រាន់តែជាឆ្នាំថ្មីទេ ប៉ុន្តែហាក់ដូចជាឆ្នាំដ៏សំខាន់មួយ ដែលមានសញ្ញាវិជ្ជមានជាច្រើន ជាពិសេសវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយជាបណ្តើរៗនៅទូទាំងពិភពលោក និងចាប់ផ្តើមមានការផ្លាស់ប្តូរលើសេដ្ឋកិច្ច និងស្ថាប័ននានា។
នៅប្រទេសកម្ពុជា ការចែកចាយវ៉ាក់សាំងបង្ហាញពីការបញ្ចប់នៃជំងឺរាតត្បាត ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០២០ ហើយជាមួយនេះយើងរំពឹងថានឹងមានការកើនឡើងជារួមនៅក្នុងទីផ្សារអចលនទ្រព្យ។
ជាមួយគ្នានេះដែរវិបត្តិកូវីដ១៩ បានដាក់សម្ពាធកាន់តែខ្លាំងឡើង សម្រាប់ប្រតិបត្តិការសាងសង់។ វិបត្តិនេះមានន័យថា មានតម្រូវការលើការសំអាតកាន់តែច្រើន សន្តិសុខតឹងរឹង ការធ្វើអនាម័យជាប្រចាំនៃគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។

ការកើនឡើងនូវតម្រូវការទាំងនេះ បង្កើតបានជាបញ្ហាប្រឈម សម្រាប់វិស័យនេះ ជាពិសេសការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដើម្បីគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈ និងថ្លៃដើមសមរម្យ។
លោក Shivali Chaman ប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា“ យើងពិតជាមើលឃើញថា មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការ នៃការគ្រប់គ្រងអចលនទ្រព្យ”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍ និងវិនិយោគិនដឹងកាន់តែច្បាស់ពីផលប៉ះពាល់ ដែលសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលមានគុណភាព អាចមានលើការរក្សាទុកកិច្ចសន្យាជួល និងក្នុងការថែរក្សាគម្រោងរបស់ពួកគេ”៕

ទីផ្សារ​អចលនទ្រព្យ​ក្រុង​ឌូ​បៃ​ដ៏​ល្បីល្បាញ​ចាប់ផ្ដើម​មាន​សញ្ញា​ងើបឡើង​វិញ

ដោយៈ​សុខុម

ឌូ​បៃៈ  អ្នកទិញ​បានចាប់ផ្ដើម​សម្រុក​ទិញ​អចលនទ្រព្យ​ក្នុង​ក្រុង​ឌូ​បៃ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយសារ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​លក់​ថោក​ជាង​តម្លៃ​ទីផ្សារ ដែល​អាច​ធៀប​បាន​ទៅនឹង​តម្លៃ​លក់​កាល​ពីមួយ​ទសវត្សរ៍​មុន។

ការផ្ដល់​ហិរញ្ញប្បទាន​ងាយស្រួល និង​សេដ្ឋកិច្ច​បើកចំហ សម្រាប់​អាជីវកម្ម​ជាដើម ទោះបី​ជាមាន​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ សុ​ទ្ឋ​តែ​ជា​កំលាំង​ជម្រុញ​ឲ្យ​ទីផ្សារ​នៅ​ទៅ​ក្រុង​ដ៏​ល្បីល្បាញ​នេះ​មាន​ភាពប្រសើរឡើង។ នេះ​បើ​យោងតាម​សារព័ត៌មាន Arab News ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ មីនា​ម្សិល​ម៉ិ​ញ។

សកម្មភាព​លក់​ផ្ទះ​វីឡា​ប្រណីត អា​ផាត​ម៉ិ​ន ដែល​មើលឃើញ​ទេសភាព​សមុទ្រ និង​ផ្ទះ​លក្ខណៈ​គ្រួសារ​ដែល​គេ​ប្រើ​រួច មាន​សន្ទុះ​កើនឡើង​ខ្លាំង​គួរសម ក្រោយ​ដាំ​ក្បាល​ចុះ​ខ្លាំង​អំឡុង​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ឈានដល់​កម្រិត​ធ្ងន់ធ្ង​រ​បំផុត។

ប៉ុន្តែ​ដោយសារ​ថ្លៃឈ្នួល​ផ្ទះ​នៅតែ​ធ្លាក់ចុះ ហើយ​ការផ្គត់ផ្គង់​នៅតែ​លើស​តម្រូវការ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នៅ​ទីនោះ ត្រូវការ​ពេលវេលា​យូរណាស់ ទម្រាំ​វិស័យ​អចលនទ្រព្យ ដែល​ស្ថិត​ក្នុងចំណោម​វិស័យសេដ្ឋកិច្ចសំខាន់ៗ របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត អាច​វិល​ទៅរក​ស្ថានភាព​មុន​ផ្ទុះ​វិបត្តិ​កូ​វីដ-១៩ ។

សេដ្ឋកិច្ច​របស់​ក្រុង​ឌូ​បៃ ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ ជា​មជ្ឈមណ្ឌល​សេវាកម្ម​ពាណិជ្ជកម្ម​ប្រចាំ​តំបន់ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​ជំងឺ​រាតត្បាត​វីរុស​កូ​វីដ-១៩ កាលពី​ឆ្នាំមុន នៅពេល​ក្រុមហ៊ុន​នានា​បាន​បង្ខំចិត្ត​ជម្រុះ​បុគ្គលិក​ចោល។ ជា​លទ្ធផល ពលករ​ចំណាកស្រុក​ជាច្រើន ដែលជា​កម្លាំង​ដ៏​សំខាន់ ក្នុង​ការជួយ​គាំទ្រ​តម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ស្មើនឹង ៧,២% នៃ GDP (ផលិតផល​ក្នុងស្រុក​សរុប) ក្នុង​ឆ្នាំ២០១៩ បាន​ចាក​ចេញទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ទោះជា​យ៉ាងណា ក្រុម​ភ្នាក់ងារ​អចលនទ្រព្យ​និយាយថា សកម្មភាព​ទីផ្សារ​អចលនទ្រព្យ​មាន​សន្ទុះ​កើនឡើង​ខ្លាំង គួរសម​ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​បម្រាម​មិនឱ្យ​ចេញពីផ្ទះ និង​បម្រាម​គោ​ចរណ៍​ត្រូវបាន​ដកចេញ។

លោក Matthew Bate ប្រធាន​ទីភ្នាក់ងារ​អចលនទ្រព្យ Nest និយាយថា សកម្មភាព​ក្នុង​ទីផ្សារ​អចលនទ្រព្យ មាន​សន្ទុះ​មមាញឹក​ជាង​មុន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ហើយ​ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត អ្នកស្នាក់នៅ និង​ទេសចរ​បរទេស​ក៏​ឆ្លៀត​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ ទិញ​អចលនទ្រព្យ​ទុក។

ខណៈ​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក បាន​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ជាថ្មី​អំឡុង​រដូវរងា​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក្រុង​ឌូ​បៃ​បាន​បើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​វិញ​ហើយ ហើយ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នេះ បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លឿន​បំផុត​មួយ​របស់​ពិភពលោក។

លោក Matthew Bate បាន​លើកឡើងថា “យើង​មាន​ភ្ញៀវ​ទេសចរណ៍ មកលេង​ក្រុង​ឌូ​បៃ​យ៉ាងច្រើន។ ភ្ញៀវ​ពីរ​បីនាក់​ចុងក្រោយ​របស់​យើង ដែល​ទិញ​អចលនទ្រព្យ​តម្លៃ ៤,០៨លាន​ដុល្លារ​អាមេរិក។ ពួកគេ​ក៏មាន​អចលនទ្រព្យ​នៅ​ក្រុង​ញូវយ៉ក និង​ក្រុង​ឡុង​ដ៍ ដែរ ហើយ​ពេលនេះ​ពួកគេ​មក​ទិញ​នៅ​ក្រុង​ឌូ​បៃ ទៀត” ៕