លោកបណ្ឌិតគីម ហ៊ាង : ដីនៅតំបន់ជើងភ្នំបូកគោមានទីតាំងល្អ លក្ខខ័ណ្ឌល្អ រង់ចាំតែពេលកូវីដ១៩បញ្ចប់

ដោយ : គង់ សូរិយា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលបានប្រកាសពីការបង្កើតទីក្រុងឆ្លាតវៃនៅជើងភ្នំបូកគោកាលពីឆ្នាំមុន គំរោងនេះបានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិជាច្រើនបានសម្លឹងឃើញសក្តានុពលនៅតំបន់នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះថា ជើងភ្នំបូកគោ ជាតំបន់មានទីតាំងល្អ អាកាសធាតុល្អ និងលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះដំណើរការយឺត ហេតុនេះយើងត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ នឹងធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍ និងរីកចម្រើនលឿន។

លោកបន្តថា “ដើម្បីធ្វើឲ្យដីតំបន់នេះឡើងថ្លៃ អ្នកវិនិយោគដែលមានដី គេរៀបចំការអភិវឌ្ឍន៍នៅតំបន់នោះ ព្រោះដីនឹងមិនឡើងថ្លៃទេ បើផែនការអភិវឌ្ឍន៍មិនបានរៀបចំបានល្អ”។លោកបន្តថា “ឧទាហរណ៍អ្នកវិនិយោគម្នាក់មានដី១០០ហិកតា គេបានយក៥ហិកតាសាងសង់រោងចក្រ ដោយជួលឲ្យឯកជនមិនគិតប្រាក់ អ្នកវិនិយោគនឹងហូរចូលទៅ​តំបន់នោះ បន្ទាប់គេនឹងយកដី១ហិកតាសាងសង់ផ្សារ ដែលការរៀបចំបែបនេះនឹងធ្វើឲ្យមនុស្សទៅរស់នៅច្រើន មានសកម្មភាពសេដ្ឋកិច្ច នឹងធ្វើឲ្យដីតំបន់នោះឡើងថ្លៃជាស្វ័យ​ប្រវត្តិ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា សម្រាប់ផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលប្រ​កាសនៅតំបន់ណាមួយ ដីនៅតំបន់នោះតែងតែឡើងថ្លៃ ប៉ុន្តែរដ្ឋាភិបាលមិនបានវិនិយោគ​ច្រើនទេ គឺវិស័យឯកជនជាអ្នកវិនិយោគ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុក និងបរទេសចូលមកទេ ទើបធ្វើឲ្យដីឡើងថ្លៃ និងការអភិវឌ្ឍនៅតំបន់ណាមួយដីនឹងឡើងថ្លៃលឿន។

លោកបន្តថា “សំរាប់ការរៀបចំទីក្រុងនៅជើងភ្នំបូកគោ វាត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ ទើបតំបន់នេះមានការអភិវឌ្ឍលឿន ដោយសារលក្ខខ័ណ្ឌមួយចំនួន​ដែលបានលើកឡើងខាងលើ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែង មកបញ្ជាក់ថា តំបន់បឹងកក់ អ្នកវិនិយោគគម្រោងនេះ បានលក់ដីក្នុងតម្លៃទាបនៅពេលដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគ ចូលទៅវិនិយោគគំរោងច្រើននៅទីនោះ ជាលទ្ឋផលពីមុនដីមានតម្លៃ៧០០ ទៅ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នដីនៅតំបន់បឹងកក់តម្លៃបានកើនដល់៤០០០ទៅ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ផ្លូវ៦០ម៉ែត្រពីមុនមានតម្លៃ១០០ទៅ២០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងតម្លៃ១៣០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក៤ហិកតាសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ

ដោយៈរ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ទំហំ៤ហិកតាសម្រាប់ការសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីតាំងក្រសួងយុត្តិធម៌។

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដី ការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោកកែន សត្ថា លេខ៦៣ សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ក្រោមចំណារក៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ៤ហិកតា សម្រាប់សាងសង់អាគារទីស្ដី ការក្រសួងមុខងារសាធារណៈដែលស្ថិតនៅភាគខាងលិច នៃទីតាំងក្រសួងយុត្តិធម៌ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន តំបន់នៃផ្ទៃដីបឹងតាមោក កំពុងត្រូវបានធ្វើការអភិវឌ្ឍលើគម្រោងសាងសង់សំណង់ធំៗជាច្រើន ដែលក្នុងនោះរួមមានទាំងគម្រោងដែលអភិវឌ្ឍ និងវិនិយោគដោយរាជរដ្ឋាភិបាល ដូចជា ការសាងសង់អគារស្ថាប័នរដ្ឋ និងការវិនិយោគរបស់វិស័យឯកជនផងដែរ។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន ២៥។

បើផ្អែកតាមប្លង់គោលប្រើប្រាស់ដី របស់សាលារាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកទំហំប្រមាណតែ២១៤០ហិកតាប៉ុណ្ណោះ ដែលយើងអាចសន្និដ្ឋានបានថាផ្ទៃបឹងប្រមាណ៥០០ហិកតា បន្ថែមទៀតអាចនឹងត្រូវកាត់ចេញពីផ្ទៃបឹងដើម៕

ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់ថៃរកបានចំណូលជាង២៥២លានដុល្លារពីទីផ្សារកម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី របស់ថៃ សម្រេចបានចំណូលពីការលក់ចំនួន១,០២៣ប៊ីលានរៀល (២៥២.៣លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២០ ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់នៅផ្សារកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអេសស៊ីជី ចេញផ្សាយកាលពីម្សិលម៉ិញនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន២៤៤ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ៣ភាគរយបើធៀបនឹងឆ្នាំ២០១៩ ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើន រងការខូចខាតនិងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ង់ត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង។

ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ត្រូវបានអាក់ខានដំណើរការ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក។ ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន១,៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង១៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ទាក់ទងនឹងលទ្ធផលប្រតិបត្តិការអាជីវកម្មក្នុងតំបន់ លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ៩ភាគរយបើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩,៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។

លោកបន្ដថា ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤,៤២៤ប៊ីលានរៀល (១,០៩១លានដុល្លារអាមេរិក) ដែលកើនឡើង៧ភាគរយ បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់១៦.៣៣៩ប៊ីលានរៀល (៤,០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង៣២ភាគរយ នៃចំណូលសរុបពីការលក់ដែលល្អប្រសើរជាងកាលពីត្រីមាសមុន៕

ជប៉ុន​វិនិយោគ​នៅ​កម្ពុជា ១៤៤គម្រោង និង​មាន​ទុនវិនិយោគ​ជាង ២៧៩០លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិនិយោគិន​ជប៉ុន បាន​បោះទុន​វិនិយោគ​ជាង ២៧៩២លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២៧ឆ្នាំ​ចុងក្រោយ គិត​ចាប់​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០២០ ដោយបាន​ចូលរួមចំណែក​យ៉ាង ក្នុងការ​បង្កើត​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។

យោង​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា មាន​ចំនួន ១៣៧គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២.៤៨៦លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨ ។

របាយការណ៍​បានឱ្យដឹង​ទៀតថា ក្នុង​ឆ្នាំ២០១៩ ជប៉ុន​វិនិយោគ ៦គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ២៩៩លាន​ដុល្លារ ក្នុងនោះ​គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន​ទុនវិនិយោគ រហូតដល់ ២៨៩,៦លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០២០ មាន ១គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧,១៧លាន​ដុល្លារ។ ការវិនិយោគ​របស់​ជ​ប៉ុន​ភាគច្រើន ធ្វើឡើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021” កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។

លោក​បាន​ថ្លែងបន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

លោក​ប៉ាន សូរ​ស័ក្តិ បាន​បន្តថា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបាន​ប្រមាណ ២.០១០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២០ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅកាន់​ជប៉ុន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ១.១៣១លាន​ដុល្លារ និង​នាំចូល​មកវិញ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ជាង ៨៧៩លាន​ដុល្លារ។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មានដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។ល។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ​ជាដើម៕

មហាមិត្ត​ចិន​សន្យា​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រីកចម្រើន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩កាន់តែ​រលូន និង​រួមចំណែក​កាន់តែ​សំខាន់ ក្នុងការ​យកឈ្នះ​ស​ង្គ្រោ​ម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​បន្ត​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ឱ្យ​កាន់តែ​ឆាប់រហ័ស។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ធាន បាន​ថ្លែង​ក្នុងឱកាស​ដែល​លោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នៅ​រសៀល​ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១កន្លងមក​ថា “មិត្តភាព​ដេក​ថែប​រវាង​កម្ពុជា-ចិន ពិតជា​មាន​ភាព​ជ្រាលជ្រៅ​បំផុត និង​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ចិន និង​កម្ពុជា” ។

ឯកអគ្គរដ្ឋទូត​ចិន​បានឱ្យដឹងថា រដ្ឋាភិបាល​ចិន ក៏បាន​បញ្ជូន​អ្នកឯកទេស​វេជ្ជ​សា ស្ត្រ​ចំនួន៤រូប មកជួយ​បណ្តុះបណ្តាល ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ ហើយ​អ្នកជំនាញ​ទាំង៤រូបនេះ ក៏​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ មក​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ។

លោក​វ៉ាង វិ​ន​ធាន បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដូច្នេះ​ត្រូវតែ​បន្ត​សាមគ្គី​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ-១៩ ប្រទេស​ចិន​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​វិស័យ​ការពារ​ជំងឺ​កូ​វីដ-១៩ ដើម្បី​ជំរុញ​វ៉ាក់សាំង​ចិន ជា​ផលិតផល​សាធារណៈ ធ្វើឱ្យ​បណ្តា​ប្រទេស​កំពុង​អភិឌ្ឍន៍ នឹង​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩នេះ ព្រមទាំង​ជំរុញ​ផ្តល់ឱ្យមាន​ការគាំទ្រ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ចំពោះ​ប្រទេស​ដែល​ត្រូវការ​វ៉ាក់សាំង និង​នាំ​ក្តីសង្ឃឹម​មកដល់​ប្រទេស​កំពុង​អភិឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​បាន​ជូនដំណឹង​ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី-១៩ ចំនួន៦០ម៉ឺន​ដូ​ស ដែលជា​ជំនួយ​បន្ទាន់​របស់​ចិន​មក​កម្ពុជា នឹង​ដឹក​មកដល់ រាជធានី​ភ្នំពេញ។ សកម្មភាព​ទាំងនេះ បានបង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព​ពិត​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស ហើយនឹង​ក្លាយជា​កេរតំណែល​មួយ នៃ​ការកសាង​សហគមន៍​មួយ វាសនា​មួយ ទៅ​ថ្ងៃ​អនាគត សម្រាប់​មនុស្សជាតិ ដែល​នឹងត្រូវ​បន្តទៅ​រាប់រយ​ពាន់​ឆ្នាំ។

សម្តេច​បញ្ជាក់ថា មិត្តភាព​រាប់ពាន់​ឆ្នាំ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ “ជា​មិត្ត​រួមសុខទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក» និង​ជា​មិត្ត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ «និយាយ​តិច ធ្វើ​ច្រើន

លោក​ឧកញ៉ា​លឹម ហេង ជម្រុញ​វិនិយោគិន​ចាប់យក​ឱកាស​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន និង​អ្នក​ផ្សេងទៀត​ចាប់យក​ឨ​កាស​នេះ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់ខ្លួន ឬ​ចាប់​យកមុខ​ចំ​នួ​ញ​នានា​ឲ្យ​ទទួលបាន​ជោគជ័យ។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​ក​ម្ព​ជា បានឱ្យដឹងថា នៅក្នុង​កាលៈទេសៈ​ពិភពលោក ក៏ដូចជា​កម្ពុជា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ  យុវជន និង​អ្នកវិនិយោគ គួរតែ​សំឡឹងមើល​លើ​វិស័យ​ចំនួន២ គឺ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ និង​ជា​គោលនយោបាយ​អាទិភាព ក្នុងការ​លើកស្ទួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ឧកញ៉ា​បន្តថា “គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​នៃ​អនាគត​របស់​យុវជន ក្នុងការ​ប្រកបមុខរប​រ ក៏ដូចជា​ចាប់យក​អាជីវកម្ម និង​ការវិនិយោគ” ។ លោក​ឧកញ៉ា​ថា “បើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ល្អ​ហើយ វា​ជា​ឪ​កាស​សំរាប់​យុវជន​គ្រប់រូប ត្រូវ​ចាប់យក​មុខជំនាញ ឬ​មុខរបរ​រៀងខ្លួន” ។

លោក​ឧកញ៉ា​បន្ថែមថា នៅពេល​យើង​ចាប់យក​ឳ​កាស​ហ្នឹង យើង​ក៏ត្រូវ​មើល​ដែរ តើ​ជំនាញ​អ្វីដែល​ត្រឹមត្រូវ​ពិតប្រាកដ ដោយ​សំលឹងមើល​នៅខាងមុខ​ថា តើ​មុខរបរ​ហ្នឹង​វា​អាចរ​ស់បាន​រយៈពេល​ដ​ល់​កម្រិតណា។ លោក​លើក​ឧទាហរណ៍​ថា “អ្នកខ្លះ​ឃើញតែ​ចំណេញ​មួយរយៈ ហើយ​វា​អស់​ក៏មានដែរ វា​ដួល​បាត់ ដូច្នេះ​យើង​ត្រូវតែ​សម្លឹង​ឱ្យបាន​ឆ្ងាយ” ។

អនុប្រធាន​សភាពាណិជ្ជកម្ម​រូបនេះ​បាន​បន្ថែមថា ការចាប់យក​ឱកាស​នេះ ក៏ត្រូវ​ពឹង​លើ​ការព្យាយាម និង​គំនិត​ឆ្លាត​វៃ​របស់​ខ្លួនឯង​ផងដែរ ដោយ​លោក​ឧកញ៉ា​លើក​ឧទាហរណ៍​ថា អ្នកលក់​ទូរស័ព្ទ​តូប​ជាប់​គ្នា ឬ​លក់​គុយទាវ​ដូចគ្នា ហេតុអ្វី​គេ​លក់ដាច់ យើង​លក់​មិន​ដាច់?គឺ​វា​មិនមែន​នៅពេល​យើង​ចាប់យក ហើយ​វា​ត្រូវ​ទាំងអស់គ្នា​នោះទេ។ សំខាន់​មនុស្ស​ម្នាក់​ត្រូវមាន​ភាព​ឆ្នៃប្រឌិត និង​គំនិត​ឆ្លាត​វៃ​របស់​ខ្លួនឯង ដោយ​មិន​ប្រាកដថា​យើង​ហ្នឹង​រៀន​ខ្ពស់ ហើយ​ចេះ​ច្បាប់ ក៏​មិន​ប្រាកដជា​ជោគជ័យ​នោះទេ។

លោក​បន្តទៀតថា “ហេតុនេះ​នៅពេល​ចាប់​ឪ​កាស​បាន​ហើយ ត្រូវតែ​បង្កើត​ឪ​កាស​ខ្លួនឯង ទើប​ទទួលបាន​ជោគជ័យ ហើយ​បើ​យើង​មិនបង្កើត​ឪ​កាស​ទេ យើង​ធ្វើ​តែម្នាក់ឯង មិន​ទទួលបាន​ជោគជ័យ​ទេ” ។ លោក​បន្តថា “ការបង្កើត​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ទៃ​ផ្សេងទៀត​បាន​ចូលរួម ទាំង​អ្នក​នៅក្រោម និង​អ្នក​នៅលើ​យើង​ជាដើម ដែល​ត្រូវតែ​ពឹងពាក់​ទាំង​អ្នកជំនួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​ទុនវិនិយោគ​ជាមួយ” ។

ជាមួយគ្នានេះ លោក​បានផ្តល់​យោបល់​ឲ្យ​យុវជន ឬ​អ្នក​ដែលមាន​បំណង​បង្កើត​អាជីវកម្មផ្សេងៗ ត្រូវ​សំឡឹងមើល​ការវិនិយោគ​ទៅលើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ឲ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វិស័យនេះ កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច និង​មិន​ងាយ​បរាជ័យ ។ ម្យ៉ាង​វា​ស្រប​ទៅ​ហ្នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម មាន​ផលិត​កសិកម្ម​ច្រើន ហើយ​វិស័យនេះ​នៅតែមាន​តម្រូវការ​ជាប្រចាំ​ថ្ងៃ ទោះ​វិស័យផ្សេងៗដួល​រំលំ​ក៏ដោយ។ កាលណា​វិស័យនេះ​ដើរ​ហើយ វិស័យ​សេវក​ម្ម និង​ឧស្សាហកម្ម​ក៏​នឹង​ដើរ​ព្រម​គ្នា​ហើយ៕

តើ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អាចជួយ​អ្វី​ដល់​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ?

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បង្ហាញ​សកម្មភាព​យ៉ាងសកម្ម ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទូទាំងប្រទេស រួមទាំង​គម្រោង​កែលម្អ​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធផេងៗ នៅតាម​បណ្តា​ខេត្ត និង​ជនបទ​ជាដើម ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​វិស័យ​ដឹក​ជ​ញ្ជួ​ន ដែលជា​ការរួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច។

ការកែលម្អ​នឹងត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើន នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែលជា​លទ្ធផល​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់ ដោយសារតែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ។

ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ ទោះបី​ជាមាន​ភាពប្រសើរ​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ក្តី។ ផ្លូវថ្នល់​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​នាំមុខគេ​នៅក្នុង​ប្រទេស និង​ចាំបាច់​ត្រូវមាន​ការវិនិយោគ​ច្រើន ជាពិសេស​នៅតាម​តំបន់​ជនបទ។ ផ្លូវ​ជនបទ​មាន​ជាង៧៥ភាគរយ នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំងប្រទេស ប៉ុន្តែ​មានតែ៥ភាគរយ​ប៉ុណ្ណោះ ដែលជា​ផ្លូវ​ក្រាល​កៅស៊ូ។ ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឱ្យមាន​ភ្លៀង​និង​ទឹកជំនន់ធំៗ បង្ក​ហានិភ័យ​ខូចខាត​កាន់តែខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ។

ការវិភាគ​អំពី​ស្ថានភាព​ប្រើប្រាស់​របស់​ផ្លូវ​ជនបទ បាន​បង្ហាញថា ក្នុង​រដូវ​ទឹកជំនន់​ជាង២៦ភាគរយ នៃ​ប្រជាជន​រស់នៅក្នុង​តំបន់​របស់​គម្រោង ប្រឈម​នឹង​ហានិភ័យ​គ្មាន​ផ្លូវ​ប្រើប្រាស់ សម្រាប់​ទៅរក​សេវា​បន្ទាន់​ផ្នែក​សុខ​ភិ​បាល និង​សាលារៀន។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់ World Bank។

ក្រៅពីនោះ​ប្រជាជន១៨ភាគរយ​ទៀត ត្រូវ​ចំណាយពេល៣០នាទី ឬ​ច្រើនជាង​នេះ សម្រាប់​ធ្វើដំណើរ​ទម្រាំ​ទៅដល់​មន្ទីរពេទ្យ ដែលជា​ស្ថាន​ប្រឈម​នឹង​ភាព​ស្លា​ប់រស់​មួយ។

ដូចដែល​យើង​ដឹង​ហើយ ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ដើម្បី​ពង្រីក​ស​សៃ​ឈាម​សេដ្ឋកិច្ច ក៏ដូចជា​ការចូលរួម​ចំណែក​កាត់ថ្លៃ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ដឹក​ជ​ញ្ជួ​ន ដើម្បី​ឈានដល់​ការប្រកួតប្រជែង​ក្នុង​តំបន់​ទៀតផង។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ប្រាប់ថា ការដាក់ចេញ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋាភិបាល​នាពេល​កន្លងមកនេះ គឺ​សញ្ញា​មួយ​ល្អ ដែល​ជំរុញឱ្យមាន​ស័​យ​នានា ឱ្យមាន​ការរីកចំរើន រួមជាមួយ​នឹង​វិស័យ​អចលនទ្រព្យ​ផងដែរ។

លោក​បន្តថា “ចំពោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក៏​វា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចម្រើន​ផងដែរ ជាពិសេស​អចលនទ្រព្យ​ប្រភេទ​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូង​ផងដែរ” ។

ទោះ​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​សកល កម្ពុជា​នៅតែ​ផ្តោតលើ​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។

គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ផែនការ និង​ការគ្រោងទុក ពោល​គឺមាន​បញ្ហា​អ្វីដែល​ជំរុញ ឱ្យមាន​ការ​រះ​ស្ទះ​នោះទេ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះ បើទោះបី​មាន​វិបត្តិ​ជំងឺ Covid-19 ក៏​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​អនុវត្ត​កាលពី​កន្ល​មកនេះ នៅតែ​ដំណើរ​ការធម្មតា។

លោក​បន្តថា “គម្រោង​ទាំងនោះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ពោល​គឺអាច​និយាយថា ប្រព្រឹត្តិ​ទៅតាម​ផែនការ។ តែ​យ៉ាងណា​លោក​ថា “វា​ក៏មាន​ភាពរ​អាក់រ​អ៊ួ​ល​ខ្លះ​ទៅលើ​កម្ម​កំលាំង​ពលករ​ខ្មែរ និង​កម្មករ​ចិន​មួយចំនួន​តិចតួច​បំផុត​ដែរ” ។ លោក​បន្តថា “ម្យ៉ាងទៀត ក៏មាន​បញ្ហា​លើ​ការចចារ កញ្ចប់​គម្រោង​វិនិយោគ​ថ្មី ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ព្រោះ​រាល់​កិច្ចប្រជុំ​ធ្វើឡើង​តាមរយៈ​អន​ឡាញ ដែល​ពិបាក​ក្នុងការ​ស​ម្រេ​ចិត្ត​ដូចជា​ការជួបប្រជុំ​ដោយផ្ទាល់” ។

លោក​បន្ថែមថា និយាយ​រួម​កញ្ចប់​គម្រោង​វិនិយោគថ្មីៗ ហាក់ដូច​ជាមាន​ភាពយឺត​យ៉ាវ​បន្តិច ព្រោះ​យើង​ពិភាក្សា និង​ទាក់ទង​ទៅ​គ្នា​តាមរយៈ​វីដេអូ​ខន​ហ្វ្រេ​ន និង​អ៊ី​ម៉ែ​ល” ។ លោក​បញ្ជាក់ថា “គម្រោង​វិនិយោគថ្មីៗ ដែលមាន​បញ្ហា​យ៉ឺ​ត​យ៉ាវ​នេះ ជា​គម្រោង​វិនិយោគ​សម្រាប់ឆ្នាំក្រោយៗទៀត។

គម្រោង​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ភាគច្រើន​នៅ​កម្ពុជា ត្រូវបាន​វិនិយោគ​តាមរយៈ​កម្ចី​ហិរញ្ញប្បទាន និង​សម្បទាន ដោយ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា តាមរយៈ​ការបញ្ជូន​ក្រុមហ៊ុន​សាងសង់ របស់ខ្លួន​មកកាន់​កម្ពុជា ដូចជា​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួនទៀត។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ហេតុនេះ​ទើប​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ប៉ុន្តែ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត្រូវការ​ទុន​ធំ​ណាស់ និង​ពេលវេលា​យូរ ទើប​អាច​ដោះស្រាយបាន។

លោក​បន្តថា “ទោះជា​យ៉ាងណា រដ្ឋាភិបាល​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​កាន់តែច្រើន ដើម្បី​ជម្រុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា ទៅកាន់​កម្រិត​ថ្មី​មួយទៀត​នាពេល​អនាគត” ៕

អ្នកជំនាញ​អចលនទ្រព្យ​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ផ្ដោតលើ​បរិបទ និង​ជនជាតិខ្មែរ

ដោយៈ លក្ខិណា

ភ្នំពេញៈ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា ស្នាក់នៅ​ក្នុង​ខុន​ដូ ចាប់ផ្ដើម​មាន​កំណើន​ប​ន្តិ​ចម្ដងៗ នាពេល​បច្ចុប្បន្ន តែ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ភាគច្រើន គឺ​ផ្ដោតលើ​ជនបរទេស​ជា​អ្នកទិញ ដោយសារតែ​តម្លៃ​ខ្ពស់ និង​ការរៀបចំ​ក៏​សំដៅលើ​ជនបរទេស​ដូចគ្នា។

អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើងថា វា​ដល់ពេល ដែល​វិនិយោគិន​គួរ​វិនិយោគ​លើ​ខុន​ដូ ដោយ​ផ្ដោតទៅលើ​ជនជាតិខ្មែរ​ហើយ។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី៣ កុម្ភៈ​ម្សិល​ម៉ិ​ញ​ថា វិស័យ​ខុន​ដូ​ក្នុង​ឆ្នាំ២០២០ កន្លងទៅនេះ ភាគច្រើន​គឺ​ជនជាតិខ្មែរ​ជា​អ្នកទិញ ដោយសារតែ​អវត្តមាន​ជនបរទេស ព្រោះតែ​ការ​រឹតត្បិត​ការធ្វើដំណើរ​ឆ្លង​ប្រទេស។ លោក​បន្តថា ដូច្នេះ​វា​ដល់ពេល ដែល​វិនិយោគិន​ចាប់ផ្ដើម​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​ទីផ្សារ​ក្នុង​វិញ ព្រោះថា​ទីក្រុង​កាន់តែ​រីក ពលរដ្ឋ​ដែល​ចង់បាន​លំនៅឋាន​ផ្ទាល់ខ្លួន ត្រូវ​ទៅ​ទិញ​នៅ​ឆ្ងាយ​ពី​ជាយក្រុង និង​ឆ្ងាយ​ពី​កន្លែងធ្វើការ។

លោក​បាន​ថ្លែងថា “បើសិន​ជាមាន​ខុន​ដូ មានតម្លៃ​សមរម្យ​សម្រាប់​ពួកគាត់ និង​ត្រូវ​នឹង​អ្វីដែល​ពួកគាត់​ចង់បាន នោះ​ពួកគាត់​នឹង​ផ្លាស់ប្តូ​រម​កនៅ​ខុន​ដូ​វិញ” ។

លោក​សំ សុខ​នឿន បាន​បន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគ​ខុន​ដូ ភាគច្រើន​ជា​ជនបរទេស ហើយ​ផ្គត់ផ្គង់​ក៏​សម្រាប់តែ​ជនបរទេស តែ​ជា​បទពិសោធ​នៅ​ឆ្នាំ២០២០ នៅពេល​មាន​បញ្ហា​កូ​វីដ៩១ ជនបរទេស​មិនអាច​ចូលមក​កម្ពុជា ធ្វើឱ្យ​ការលក់​ខុន​ដូ ត្រូវ​ធ្លាក់ចុះ តែ​ជំនួស​មកវិញ​ដោយ​ជនជាតិខ្មែរ។ យ៉ាងណាក្ដី ក៏​មិនមាន​ជនជាតិខ្មែរ​ច្រើន​ទេ ដែលមាន​លទ្ធភាព​ទិញ​ខុន​ដូ​ស្នាក់នៅ គឺមាន​ចំនួន​តិចតួច ព្រោះ​ខុន​ដូ​បច្ចុប្បន្ននេះ​មានតម្លៃ​ខ្ពស់ និង​អភិវឌ្ឍន៍​ឡើង​សម្រាប់​ជនបរទេស។

លោក​បន្ថែមថា “សម្រាប់​ទីផ្សារ និង​តម្រូវការ​នៅ​កម្ពុជា​វិស័យ​ខុន​ដូ គឺ​នៅតែមាន​តម្រូវការ​ដដែល ព្រោះ​ថាបើ​ធៀប​នឹង​ប្រទេសជិតខាង ខុន​ដូ​នៅ​កម្ពុ​ជាមាន​ចំនួន​តិចតួច​នៅឡើយ តែ​ឆ្នាំ ២០២០ដោយសារតែ​វិបត្តិ ទើប​ធ្វើឱ្យ​ការលក់​មានការ​ថម​ចុះ” ។

ជាមួយគ្នានេះ លោ​ករិន ច័ន្ទ​រឹទ្ធ ប្រធាន​ក្រុមហ៊ុន DNZ Realty បាន​និយាយថា ក្នុង​ឆ្នាំ២០២០ ស្ទើរតែ១០០ភាគរយ​ហើយ​ជា​ជនជាតិខ្មែរ មក​មើល​គំរូ​នៃ​ខុន​ដូ ហើយក៏​មាន​ជនជាតិខ្មែរ​មួយចំនួន​ដែរ ទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ និង​ខ្លះទៀត​សម្រាប់​ទុក​ជួល​បន្ត​យកប្រាក់​ចំណេញ។ ទោះជា​យ៉ាងណា ខុន​ដូ​ខ្លះ​នៅ​កម្ពុជា​ផ្ដោតលើ​ជនបរទេស និង​ខ្លះទៀត​ផ្ដោតលើ​អតិថិជន​ចម្រុះ៕

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​សម្រេចបាន​ប្រមាណ ២០១០លាន​ដុល្លារ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ជប៉ុន​សម្រេចបាន​ប្រមាណ២០១០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១,១៣១ លាន​ដុល្លារ និង​ជប៉ុន​នាំចូល​មកវិញ ក្នុង​ចំនួន​ទឹកប្រាក់​ជាង ៨៧៩លាន​ដុល្លារ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan ២០២១” នៅ​ថ្ងៃទី៣ ខែកុម្ភៈ​នេះ​ថា គិត​ត្រឹម៦ខែ​ដើមឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន សម្រេចបាន​ប្រមាណ៨៤១លាន​ដុល្លារ។

លោក​បន្ថែមថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មាន ដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។ល។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ ជាដើម។

លោក​បន្តថា “ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ១៩៥៣មកម្ល៉េះ រហូតមកដល់​ឆ្នាំ២០១៣ កន្លងទៅ​កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។លោក​បន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨  គម្រោង​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា មាន​ចំនួន១៣៧គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន២,៤៨៦ លាន​ដុល្លារ។ ក្នុង​ឆ្នាំ២០១៩ ជប៉ុន​វិនិយោគ​មាន៦គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន២៩៩លាន​ដុល្លារ ក្នុងនេះ គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់២៨៩.៦លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០២០ មាន១គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧.១៧លាន​ដុល្លារ ភាគច្រើន គឺ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ៕

អ្នកជំនាញថា ផ្លូវជាតិលេខ២នឹងទាក់ទាញការវិនិយោគច្រើនលើផ្នែកលំនៅដ្ឋាន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងស្ថានបនា និងការពង្រីកផ្លូវជាតិលេខ២ បាននិងកំពុងតែប្រព្រឹត្តិទៅតាមផែនការ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនមើលឃើញថា នៅតាមផ្លូវជាតិលេខ២នេះកំពុងតែមានសក្តានុពល និងទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យជាច្រើន ជាពិសេគម្រោងវិនិយោគលើគម្រោងលំនៅឋាន។

លោកស្រីតាំង ហ៊ួរ នាយិការក្រមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា  វាជារឿងធម្មតាទៅហើយ នៅពេលដែលមានផ្លូវ នឹងធ្វើឱ្យមានការទាក់ទាញគម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងលំនៅឋាន  និងតម្លៃដីធ្លីវិញ ក៏កាន់តែមានកើនឡើងទៅតាមទីកន្លែង និងតំបន់នោះផងដែរ។

លោកស្រីថា “ផ្លូវជាតិលេខ២ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ទៅកាន់តែព្រលានយន្តហោះអន្តរជាតិថ្មី ដែលនៅខេត្តកណ្តាល និងតាកែវ ដែលជំរុញឱ្យមានការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅឋានហ្នឹង’។លោកស្រីបន្តថា “មិនត្រឹមតែប៉ុណ្ណោះផ្លូវនេះជាតិលេខ២ ផ្តល់នៅសារសំខាន់ក្នុងការដឹកជញ្ជូន ឬធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបដែលជាខេត្តមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងថា នៅពេលផ្លូវជាតិលេខ២ស្ថាបនារួច តំបន់នេះនឹងមានការលេចឡើងនូវគំរោងអភិវឌ្ឍន៍៍លំនៅដ្ឋានច្រើន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ព្រោះតំបន់នេះនៅកៀកនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅកៀកនឹងផ្លូវ៦០ម៉ែត្រដែលជាតំបន់មានការរីកចម្រើនលឿន។

លោកបន្តថា “បច្ចុប្បន្នតំបន់នេះ កំពុងទទួលបានការចាប់អារម្មណ៍រួចទៅហើយ វារង់ចាំតែពេលវេលាមកដល់ ដែលគំរោងអភិវឌ្ឍ៍ជាច្រើននឹងលេចឡើងនៅតំបន់នេះ”។

អ្នកនាំាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានបង្ហាញនូវការយល់ឃើញរបស់ខ្លួនផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២នេះ នៅតែប្រព្រឹត្តិតាមផែនការ តែអ្វីដែលគួរឱ្យកត់សម្គាល់ គឹមានគម្រោងវិនិយោគលើវិស័យ លំនៅឋានជាច្រើនចាប់ពីរវង្វល់មូលកួរស្រូវទៅ។

លោកបន្តថា “ខ្ញុំបានធ្វើដំណើរទៅតាមផ្លូវជាតិនេះ មានការលំបាកបន្តិច ព្រោះវាស្ថិតនៅក្នុងដំណាក់កាលនៃការស្ថាបនា និងរដូវភ្លៀវធ្លាក់ ដែលធ្វើឲ្យកន្លែងខ្លះ មានជង្ហកពិបាកក្នុងការធ្វើដំណើរ តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺឃើញមានគម្រោងលំនៅឋានជាច្រើននៅតាមបណ្តោផ្លូវនេះ”។

លោកវ៉ាស៊ីម សូរិយាបញ្ជាក់ទៀតថា គម្រោងធ្វើឱ្យប្រសើរឡើងនូវជាតិលេខ២នេះ ត្រូវបានខាងក្រុមហ៊ុនកូរ៉េ ដែលទទួលបានសិទ្ធិក្នុងការសាងសង់ បានធ្វើមួយកំណាត់ម្តងៗ លោកបានមើលឃើញធ្វើច្រើននៅតាមផ្លូវលេខ២២ ជាប់ពីផ្លូវជាតិលេខ២ ពីរង្វង់មូលខេត្តកែវទៅកាន់តផ្សារអង្គតាសោម៕