ដោយៈ ម៉ាណេត
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មឱ្យសម្រេចបានក្នុងឆ្នាំនេះ ដើម្បីដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្ម បន្ទាប់វិបត្តិកូវីដ១៩ មានភាពធូរស្រាល។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សភាពាណិជ្ជកម្មកម្ពុជាបានដាក់សំណើរទៅក្រសួងយុត្តិធម៌ ដើម្បីពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មមុនព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ប៉ុន្តែបន្ទាប់មកព្រឹត្តិការណ៍បានកើតឡើង ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មនេះ។
លោកឧកញ៉ាបានថ្លែងបន្តថា រហូតពេលនេះ ដំណើរការនៃការបង្កើតតុលាការនេះមិនទាន់ចេញជារូបរាងឡើយទេ ដោយសារតែវិបត្តិកូវីដ១៩ និងការកាត់បន្ថយចំនួនមន្ត្រីធ្វើការនៅពាក់ព័ន្ធ ដែលបណ្តាលមានឱ្យការរាំងស្ទះការងាររៀបចំតុលាការនេះ។
លោកឧកញ៉ាបានលើកឡើងថា នៅពេលស្ថានវិបត្តិកូវីដ១៩ មានភាពធូរស្រាល យើងនិងក្រសួងពាក់ព័ន្ធនឹងជំរុញការពន្លឿនការងារនេះឱ្យបានលឿន ដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្មជាដើម។
លោកឧកញ៉ាបានលើកឡើងថា ឧទាហរណ៍ សមាជិកសភាពាជ្ជកម្មកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍បុរី ជួបនឹងបណ្តឹងដោយមិនសមហេតុផល វាអាចធ្វើឱ្យរាំងស្ទះដល់គម្រោងនេះដែរ។
លោកឧកញ៉ាបានថ្លែងថា “នេះគឺជាអ្វីដែលយើងខ្លាចបំផុត ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ យើង ក្នុងនាមជាវិស័យឯកជន ចូលរួមពង្រឹងផ្នែកច្បាប់នេះ ហើយការកាត់ក្តីប្រកបដោយតម្លាភាព និងបច្ចេកទេសផ្នែកពាណិជ្ជកម្មផង ព្រោះកន្លងមក មានវិវាទអាជីវកម្មគឺត្រូវប្តឹងឡើងតុលាការទូទៅ ដូច្នេះវាមានភាពច្របូកច្របល់ ហើយរួមផ្សំជាមួយនឹងតុលាការខិលខូចមួយចំនួនតូច វាអាចបង្កជាបញ្ហា បង្កឱ្យក្តីនេះជាប់គាំងរាប់សិបឆ្នាំក៏មានដែរ”។
លោកបានឱ្យដឹងថា “យើងចង់បានតុលាការពាណិជ្ជកម្មមួយ ដែលដឹកនាំដោយប្រធានតុលាការ ដែលមានភាពយុត្តិធម៌ និងតម្លាភាព ហើយវាជាការទាក់ទាញវិនិយោគផងដែរ ប្រសិនបើយើងមានការអនុវត្តច្បាប់ត្រឹមត្រូវ ហើយវិនិយោគិនមិនមានការភ័យខ្លាចនឹងការដាក់ទុនកម្ពុជានោះទេ និងវាថែមបង្កើតទំនុកចិត្តដល់វិនិយោគិនផងដែរ”។
លោកស៊ាង ថៃរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មមិនអាចសុំធ្វើការអត្ថាធិប្បាយបាននោះទេ ទាក់ទងនឹងដំណើរការនៃការរៀបចំតុលាការនេះ ដោយលើកឡើងថា កំពុងជាប់ប្រជុំ។
កាលពីដើមឆ្នាំនេះ ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដោយមានសមាសភាពមន្ត្រីជំនាញច្បាប់ ដែលពាក់ព័ន្ធចំនួន២០រូប។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២១មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ត្រូវបានគេរំពឹងថា ជាយន្តការមួយជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ត្រូវបានដកស្រង់សម្តីចេញកាសែភ្នំពេញប៉ុស្តិ៍កាលពីដើមឆ្នាំនេះ ដោយបានលើកឡើងថា បើតាមច្បាប់ស្ដីពីការរៀបចំអង្គការតុលាការកម្ពុជាឆ្នាំ២០១៤ តុលាការពាណិជ្ជកម្ម និងតុលាការការងារត្រូវបានបង្កើតឡើងហើយរួមជាមួយនឹងតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណី។ ប៉ុន្តែតុលាការពាណិជ្ជកម្ម និងតុលាការការងារ មិនទាន់អាចដាក់ដំណើរការបានដោយសារខ្វះខាតធនធានមួយចំនួន ខណៈក្រសួងជាប់ធ្វើការងារអាទិភាពមួយចំនួន។
លោកបានថ្លែងថា “ទើបតែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីថ្មីគាត់យកចិត្តទុកដាក់ក្នុងការធ្វើម៉េចរៀបចំដាក់ឱ្យដំណើរការតុលាការទាំង២ នេះតាមច្បាប់ស្ដីពីការរៀបចំអង្គការចាត់តាំងតុលាការរបស់យើងឱ្យបានក្នុងដំណាច់ឆ្នាំ ២០២១ នេះ»។
លោកបន្តថា តុលាការទាំង ២ នេះមិនស្ថិតនៅដាច់ដោយឡែកពីតុលាការធម្មតាដែលមានស្រាប់នោះទេ គ្រាន់តែចែកជាជំនាញ ដោយមានការបែងចែកចៅក្រមជំនាញទៅតាមជំនាញ ហើយបែងចែកសំណុំរឿងទៅតាមប្រភេទសំណុំរឿង។ កាលពីកន្លងទៅសំណុំរឿងវិវាទពាណិជ្ជកម្ម និងសំណុំវិវាទការងារត្រូវបានដោះស្រាយដោយតុលាការរដ្ឋប្បវេណី។ ក្រោយពេលតុលាការពាណិជ្ជកម្ម និងតុលាការការងារត្រូវបានដាក់ដំណើរការ សំណុំរឿងបែបនេះលែងចូលទៅតុលាការរដ្ឋប្បវេណីទៀតហើយ។
លោកថ្លែងថា “ការបង្កើតតុលាការការងារនេះគឺដើម្បីប្រសិទ្ធភាពនៃការដោះស្រាយសំណុំរឿង។ អ្នកដែលត្រូវដោះស្រាយគាត់មានជំនាញច្បាស់លាស់ ហើយគាត់ទទួលបន្ទុកតែសំណុំរឿងនោះទេ មិនចាំបាច់ទទួលបន្ទុកសំណុំរឿងជាច្រើនដែលធ្វើឱ្យគាត់មានការលំបាក និងគ្មានពេលគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ។ វាក៏ចូលរួមក្នុងការដោះស្រាយការកកស្ទះសំណុំរឿងផងដែរ”៕