គម្រោងខ្សែក្រវ៉ាត់១ និងផ្លូវ១មានន័យដូចម្តេចសម្រាប់ការអភិវឌ្ឍកម្ពុជា?

ដោយៈ សហការី

ភ្នំពេញៈ ការពង្រីកឥទ្ឋិពលចិននៅតំបន់អាស៊ី បានធ្វើឲ្យប្រទេសជាច្រើនទទួលផលប្រយោជន៍ ប៉ុន្តែប្រទេសដែលមានមនោគមវិជ្ជាលើលោកសេរី មិនសូវសប្បាយចិត្តនឹងការពង្រីកឥទ្ឋិពលចិននៅតំបន់នេះបានទេ។

ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ការពង្រីកនូវឥទ្ឋិពលចិនតាមរយៈគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន បានផ្តល់នូវកាលានុវត្តន៍ភាពជាច្រើន សម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារលំហូរវិនិយោគិនចិនធំៗបានចូលមកកាន់ប្រទេសនេះ ការផ្តល់ជំនួយលើការ​កសាងហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាលចិន មានទំហំធំជាងគេចាប់តាំងពីឆ្នាំ២០១០កន្លងមក។

មិត្តភាពដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជាកំពុងក្លាយជាគំរូមួយនៃអ្វីដែលគេហៅថា “ដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ” ហេតុនេះការទុកចិត្តនិងរក្សាជំនឿចិត្តពីភាគីចិនចំពោះកម្ពុជា ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីធ្វើជាមូលដ្ឋាននៃការឈានឡើងរបស់កម្ពុជា ជាមូលដ្ឋាននៃការការពារបូរណៈភាពទឹកដី និងអធិប​តេ យ្យជាតិ។

យោងតាមមជ្ឈមណ្ឌលរបាយការណ៍ពិភពលោក ដែលតាមដានមហិច្ឆ​តាពិភពលោករបស់ប្រទេសចិន បានបង្ហាញពីគោលដៅវិនិយោគ និងគំនិតផ្តួចផ្តើមហេ ដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលកំពុងរីករាលដាលលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងខេត្តមួយ ដែលមានប្រជាជនតិចជាងគេនៅខេត្តកោះកុង ក្រុមអ្នកសាងសង់ជនជាតិចិនខិតខំធ្វើការណាស់ ដោយពួកគេកំពុងសាងសង់អគារខ្ពស់ៗរាប់ពាន់រួមមានវីឡា និងអាកាសយានដ្ឋានមួយ ដែលមានផ្លូវហោះហើរវែងបំផុតនៅក្នុងប្រទេស។

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ពួកគេបានសាងសង់ទំនប់វារីអគ្គិសនីនិងផ្លូវថ្មីជាច្រើនគីឡូម៉ែត្រ ដោយមានអំពូលភ្លើងបំភ្លឺផ្លូវ។ ការវិនិយោគរបស់ចិន បំលែងប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងជាគោលដៅទេសចរណ៍។

ចិននៅតែវិនិយោគយ៉ាងច្រើននៅកម្ពុជា  ហើយការវិនិយោគខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិននៅកម្ពុជាបង្ហាញថាជា“ ការឈ្នះឈ្នះ”។

ប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីការធ្វើជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកដែលមិនធ្លាប់មាន។  វាជាការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកសាងខ្សែក្រវ៉ាត់ និងផ្លូវគោកនិងផ្លូវសូត្រ Silk Road នៃសមុទ្រនៅជុំវិញពិភពលោក ដោយផ្លាស់ប្តូរមជ្ឈមណ្ឌលពាណិជ្ជកម្ម និងថាមពលសកលទៅប្រទេសចិន។

នៅអាស៊ីអាគ្នេយ៍ដែលមេដឹកនាំចិន ត្រូវបានគេមើលឃើញគម្រោងជាច្រើន នៃខ្សែក្រវាត់ និងផ្លូវរបស់ចិនមើលទៅដូចជាយុទ្ធសាស្ត្រ ក៏ដូចជាពាណិជ្ជកម្ម។ គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ក៏បានបង្កើតវត្តមាននៅកំពង់ផែ និងតាមឆ្នេរសមុទ្រនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍។ យុទ្ធសាស្រ្តចំនួនពីរ ជាពិសេសសរសេរដោយក្រុមបញ្ញវ័ន្តចិន ហាក់ដូចជាត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជា។

យុទ្ធសាស្ត្រពាក់ព័ន្ធដែលហៅថា “កំពង់ផែចត – ទីក្រុង” លើកទឹកចិត្តឱ្យសាងសង់ឬពង្រីកកំពង់ផែ សួនឧស្សាហកម្ម និងទីក្រុងសម្រាប់អ្នកខាងក្រៅចូលមកក្នុងប្រទេស។

សួនឧស្សាហកម្មថ្មីមួយ បានបង្កើតការងារថ្មី រាប់ពាន់សម្រាប់ប្រជាជនកម្ពុជា។ ប្រជាជនចិនរាប់ម៉ឺនរាប់ពាន់នាក់ បានចាកចេញពីក្រុងព្រះសីហនុ ហើយរដ្ឋាភិបាលកម្ពុជាបាននិយាយថា ប្រហែល៤០ម៉ឺននាក់បានចាកចេញពីប្រទេសកម្ពុជា នៅពេលជំងឺរាត​ត្បាតគ្របដណ្តប់ដោយកូវីដ១៩ បានកាត់បន្ថយយ៉ាងខ្លាំងនូវជនជាតិចិន និងទេសចរណ៍ដទៃទៀត៕ The World៕

 

រដ្ឋាភិបាលចាប់ផ្តើមពង្រាងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា

ដោយ : គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមរៀបចំកិច្ចប្រជុំ ដើម្បីធ្វើពង្រាងគោលនយោបាយសេដ្ឋកិច្ច សង្គម ឌឌីជីថលកម្ពុជា ស្របតាមនិន្នាការវិវត្តន៍នៃបដិវត្តន៍ឧស្សាហកម្ម.០ដែលកម្ពុជាកំពុងប្រឹងប្រែងទាញយកផលប្រយោជន៍។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានដឹកនាំាំកិច្ចប្រជុំនេះជាមួយក្រុមសេដ្ឋវិទូ និងមន្រ្តីមកពីក្រសួងពាក់ព័ន្ឋដទៃទៀត។

លោកវង្សី វិស្សុតបានថ្លែងថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤បានចង្អុលបង្ហាញអំពីភាពចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤.០សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្មទាំងក្នុងប្រទេសតំបន់ និងសកលស្របតាមការកំណត់របស់យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចនិងណែ​នាំឱ្យឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយគិតគូរអំពីការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមសម្រាប់កម្ពុជាក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បានពង្រីកវិសាលភាពគ្របដណ្ដប់ទាំងលើផ្នែកសង្គមឌីជីថលផងដែរដោយប្រែក្លាយជាក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គឺជាឯកសារយុទ្ធសាស្ត្រ ដែលបានឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់កំណើន សេដ្ឋកិច្ចថ្មី ព្រមទាំងចូល រួម ចំណែក លើកកម្ពស់ភាព ប្រកួតប្រជែង និងជំរុញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជននៃសង្គមឌីជីថលកម្ពុជា។

ក្របខណ្ឌគោលនយោបាយ នេះក៏នឹងចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណាប្រើប្រាស់វិស័យបច្ចេកវិទ្យាឌីជីថលសម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស និងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ក៏ដូចជាបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជ​មាននានា ដែលអាចកើតមានឡើងជាយថាហេតុដោយសារឥទ្ធិពលនៃការប្រើប្រាស់ប ច្ចេកវិទ្យាឌីថីថល។

បន្ថែមលើនេះ ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ឯកសារគោលនយោបាយនេះក៏នឹងក្លាយជាឧបករណ៍មួយដ៏យ៉ាងសំខាន់នៃផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ពោលគឺផ្តល់ការគាំទ្រទាំងដោយ ផ្ទាល់ និងប្រយោលក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្បូរបែប,ឡូជីស្ទីក ការទាក់ទាញវិនិយោគការបង្កើនផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងជាដើម៕

បច្ចុប្បន្នភាព : គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៤កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

ដោយ : គង់ សូរិយា

ភ្នំពេញៈ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ហាក់កំពុងស្ថិតក្នុងភាពមិនច្បាស់លា​ស់ពីពេលវេលាចាប់ផ្តើម និងក្រុមហ៊ុនដែលកំពុងសិក្សាគំរោងនេះជាក្រុមហ៊ុនណាមួយពិតប្រាកដនៅឡើយទេ។

ថ្មីៗនេះមានមន្រ្តី និងទីប្រឹក្សាក្រសួងសាធារណៈការ និងដឹកជញ្ជូនជាច្រើនក្រុមបានជួបជាមួយក្រុមហ៊ុន Power China Group របស់ចិន និងក្រុមហ៊ុនចិនដទៃទៀត ដើម្បីសិក្សាពីគំរោងនេះ ប៉ុន្តែគំរោងច្បាស់លាស់ណាមួយពីប្រវែងផ្លូវ ពីទំហំផ្លូវ ទំហំទឹកប្រាក់​សាងសង់ និងចាប់ផ្តើមពេលណាហាក់ត្រូវបានលាក់កំបាំងដោយមន្រ្តីទាំងនោះ។

ប៉ុន្តែតាមប្រភពពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងបានឲ្យដឹងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (China Road and Bridge) សិក្សាតាំងពីឆ្នាំ២០១៨ និងបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង និងឆ្លតកាត់ខេត្តកំពង់ស្ពឺចំនួន ៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកលឹម ស៊ីដេនីនបានបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ការគ្រប់​គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់កាលពីពេលថ្មីៗនេះថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។

ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។

លោកលឹម ស៊ីដេនីមបានបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។

លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដង​ផ្លូ​វខុសច្បាប់  ឬការទន្ទ្រាន  យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ កកស្ទះ ដល់ហេដ្ឋា រចនាសម្ព័ន្ធ  ប្រព័ន្ធលូបង្ហូរទឹក  ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕

កូរ៉េខាងត្បូងនឹងក្លាយជាទីផ្សារនាំចេញកាន់តែធំសម្រាប់កម្ពុជាបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន

ដោយៈណែត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ”។

លោកប៉ាន សូរស័ក្តិបានថ្លែងថា តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត។

លោកបន្ថែមថា “វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ”។

មួយវិញទៀត ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ក៏បានប្រើប្រាស់ពេលវេលាលឿនក្នុងការចរចាផងដែរ។

យោងតាមសេចក្តីប្រាសរួមរវាងក្រសួងពាណិជ្ជកម្ម កម្ពុជានិងកូរ៉េ ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ នឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរ លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញ ដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជាផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូនិងផលិតផលកសិកម្មជាដើម៕

ស្ថាប័នទេសចរណ៍អាស៊ានដាក់ចេញយុទ្ធសាស្រ្តចំនួន៦ដើម្បីស្តារវិស័យនេះឡើងវិញ

ដោយ : គង់ សូរិយា

ភ្នំពេញៈ ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធាននានាសម្រាប់ជំរុញ និងទាក់ទាញទេសចរក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន ស្ថាប័នជាតិទេស​ចរណ៍អាស៊ានបានពិភាក្សាគ្នា និងដាក់ចេញនូវវិធានការណ៍សំខាន់ៗចំនួន៦។

កិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះ ដឹកនាំដោយលោកថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសច​រណ៍អាស៊ានលើកទី៥៣ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍ អាស៊ានលើកទី៥៣តាមប្រព័ន្ធវីដេអូខនហ្វើរិន។

ស្ថាប័នពាក់ព័ន្ឋដែលចូលររួមក្នុងកិច្ចប្រជុំនេះបានផ្តោត លើរបៀបវារៈចំនួន៦រួមមាន ទី១ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (COVID-19) របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់ នៅក្នុងផែន​ការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ផងដែរ។

ទី២ ការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ ដែលនឹងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ (ដឹកនាំដោយកម្ពុជា) ទី៣ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញ ទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។

ទី៤ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៏ ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។ ទី៥ ការរៀបចំឲ្យមានគំនិត ផ្តួចផ្តើមរួម ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងAIដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងទី៦ ពិភាក្សា និងពិនិត្យលទ្ធភាព ធ្វើដំណើរតាមច្រករបៀងអាស៊ាន ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយអាស៊ានកំពុងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងបង្កើតភាពជឿជាក់ និងទំនុកចិត្តដល់ទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំដំបូងនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាល ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងមហាផ្ទៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ អង្គការទេសចរណ៍ពិភពលោក សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណ ៣០០នាក់៕

ទីផ្សារជួលអគារនៅក្រុងព្រះសីហនុចាប់ផ្តើមមានកំណើនបន្តិចឡើងវិញបណ្ដើរៗ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ក្រោយពីស្ថានការណ៍នៃភាពប្រឈមនឹងជំងឺឆ្លង ត្រូវបានកាត់បន្ថយ ជាពិសេសមានការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសមួយចំនួន វត្តមាននៃជនបរទេស ក៏ដូចជាជនជាតិចិន បានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបណ្តើរៗ និងក្លាយជាចលករជំរុញឱ្យតម្រូវការជួលអគារចាប់ផ្តើមកម្រើកឡើងវិញ។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា ចាប់តាំងពីដើមឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជាមានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើម មានកំណើនជាបន្តបន្ទាប់។

លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន វិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ បានមកបញ្ចប់គម្រោងរបស់ពួកគេ ដែលបានបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។លោកបន្ថែមថា “ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិន បានជួយជំរុញឱ្យទីផ្សារជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច។ វាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដែលនឹងងើបឡើងវិញផងដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅឆ្នាំនេះទីផ្សារអចលនទ្រព្យ ក៏ដូចជាតម្រូវការទីផ្សារជួលអគារ នៅក្នុងខេត្តព្រះសីហនុនឹងមានកំណើនឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងអត្រាតិចតួចនៅឡើយ ហើយកំណើននៃការជួលទាំងនេះភាគច្រើន ជាតម្រូវការរយៈពេលខ្លីពីសំណាក់ទេសចរដែលមកកម្សាន្តតែប៉ុណ្ណោះ។

លោកបានបន្តថា “យើងត្រូវមើលទៅលើភាពជាក់ស្ដែងនៃការវិលត្រឡប់របស់ពួកគាត់ តើជាទេសចរ ជាពាណិជ្ជករថ្មី ឬជាពាណិជ្ជករចាស់។ បើជាពាណិជ្ជករថ្មីទើបជាដំណឹងល្អដែលនឹងជួយចូលរួមទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម និងគាំទ្រដល់វិស័យអចលនទ្រព្យ”។ លោកបន្តថា “ប្រសិនបើជាពាណិជ្ជករចាស់ ពួកគាត់សុទ្ធតែមានអគារ មានផ្ទះអាជីវកម្មរបស់ពួកគាត់រួចហើយ តាំងពីពេលមិនទាន់មានវិបត្តិម្លេះ ដូច្នេះវាមិនធ្វើឱ្យតម្រូវការទីផ្សារនៃការជួលអគារកើនឡើងខ្ពស់នោះទេ”។

លោកថា “តាមការរសង្កេតមើលយ៉ាងហោចណាស់ ក៏ពាក់កណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបអាចមានតម្រូវការជួល និងមានដំណើរការទីផ្សារអចលនទ្រព្យឡើងវិញបន្ទាប់ពីមានការគ្រប់គ្រង និងបើកឱ្យមានការធ្វើដំណើរឆ្លងប្រទេស ទូលំទូលាយឡើងវិញ៕

ចំនួនអ្នកប្រើប្រាស់Internetនៅកម្ពុជាកើនឡើងប្រមាណ១៦លាននាក់ និងfacebookជាង១០លាននាក់

ដោយ : គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានអះអាងថា រហូតមកទល់ពេលនេះអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(facebook) កើនដល់១០លាននាក់ និងអ្នកប្រើប្រាស់សេវាInternetកើនឡើងដល់១៦លាននាក់នៅទូទាំងប្រទេស។

លោកជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៍បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅទូទាំងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនប្រមាណជាង២០លានស៊ីមកាត និងអ្នកប្រើប្រាស់គណនីហ្វេសប៊ុក (Facebook) សរុបប្រមាណជាង១០លានគណនី ខណៈក្រសួងបាននិងកំពុងប្រែក្លាយទៅជាក្រសួងនាំមុខខាងផ្នែកឌីជីថលនាឆ្នាំក្រោយនេះ។

លោករដ្ឋមន្រ្តីបន្តថា “ខ្ញុំនឹងដឹកនាំក្រសួងនេះឈានមុខគេលើផ្នែកបច្ចេកវិទ្យាឌីជីថល ពោលកម្ពុជានឹងឈប់ប្រើប្រាស់ក្រដាសដោយនឹងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីជាជំនួយ និងការងារប្រចាំថ្ងៃ”។

ការងារទាំងនោះមានដូចជា ការចុះហត្ថលេខា និងការសម្រេចចិត្តនានាតាមរយៈឌីជីថលជំនួសវិញ។ ក្នុងនោះដើម្បីសម្រេចបានគោលដៅក្រសួងបានរៀបចំអភិវឌ្ឍន៍នូវគម្រោង២១ ដោយភាគច្រើនជាថវិការបស់ក្រសួង បានមកពីការសន្សំសំចៃ ហើយ២១គម្រោងនេះ មានគម្រោងខ្លះនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ ហើយគម្រោងខ្លះទៀតបានដាក់ឱ្យប្រើប្រាស់សាកល្បង ដោយនឹងបន្តអភិវឌ្ឍរហូតដល់ខែមករា ឆ្នាំ២០២២ខាងមុខ ក្រសួងនឹងប្រកាសថាជាក្រសួងឌីជីថល។

លោកជា វ៉ាន់ដេត បានលើកឡើងថា នៅពេលដែលយើងទទួលបានជោគជ័យ គឺយើងនឹងគិតគូរពិចារណាថា តើក្រសួងណាដែលចង់ឱ្យក្រសួងប្រៃសណីយ៍ជួយក្នុងការជំរុញប្រើប្រាស់ឌីជីថលនេះ យើងនឹងជួយ។ យើងរៀបចំយន្តការឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តគម្រោង ឌីជីថល នៅក្រសួងប្រៃសណីយ៍ ដើម្បីធានាថាគម្រោងទាំងអស់ដាក់ឱ្យប្រើប្រាស់គឺមានចរន្តភាពជារៀងរហូត ពោលមិនឱ្យប្រើហើយដាច់ទៅវិញ ឬបរា​ជ័យទៅវិញនោះទេ៕

ឧកញ៉ាផន វណ្ណិតៈកត្តាសំខាន់ៗចំនួន៣នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានសន្ទុះរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ

ដោយ : ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹងក្តីសុទិដ្ឋិនិយមពីការររីកចម្រើន លើវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ ឧកញ៉ាផន វណ្ណិតបានមើលឃើញកត្តាសំខាន់ៗចំនួនបី ដែលវិស័យនេះនឹងសម្រេចបានកំណើនរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ។

អ្នកជំនាញអចលនទ្រព្យមួយរូប និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាផន វណ្ណិតបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈនេះថា កត្តាសេដ្ឋកិច្ច ពេលវេលា និងកត្តាប្រជាសាស្រ្តនឹងរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឈានទៅកាន់កម្រិតរីកចម្រើនថ្មីមួយទៀតនៅឆ្នាំនេះ  ដោ​យសារ ទី១ សេដ្ឋកិច្ចកម្ពុជាទោះបីជារងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែមិនរងការខូចខាតខ្លាំងនោះទេ គឺវិស័យនេះនៅតែមានការរីកចម្រើន ខណៈដែលស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនចន្លោះពី៤ ទៅ៥ភាគររយនៅឆ្នាំនេះ។

លោកបន្តថា “ហេតុផលដែលខ្ញុំអះអាងបែបនេះ ដោយសារសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនថេរ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពិសេសប្រទេសកម្ពុជាជាប្រទេ​សកំពុងមានការអភិវឌ្ឍ ហេតុនេះសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍៍ទៅមុខរហូត”។ លោកបន្តថា “កត្តាប្រសាស្រ្ត គឺប្រជាជនកម្ពុជាមានចំនួនប្រមាណ១៦លាននាក់ ប្រាក់ចំណូលប្រជាជនមានការកើនឡើង ហេតុនេះបើយើងគិតប្រជាជនមួយគ្រួសារមានផ្ទះមួយ អ្នកទៅធ្វើការនៅក្រៅប្រទេសត្រូវការមានផ្ទះ​ មានដី វានឹងជាកំលាំាំងចលករជម្រុញឲ្យវិស័យនេះរីក​ចម្រើនខ្លាំងនៅពេលអនាគត”។

លោកបន្តថា កំនើនប្រាក់ចំណូល កំណើនតម្លៃដីធ្លីនេះហើយ នឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរសរវើក និងធ្វើឲ្យចរន្តសាច់ប្រាក់ មានលំហូរទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច ដែលធ្វើឲ្យចរន្តទិញលក់ដីធ្លី លំនៅដ្ឋាននឹងកើនឡើង ហើយតម្លៃដីធ្លីនឹងបន្តកើនឡើងបន្ថែមទៀត។

លោកឧកញ៉ាផន វណ្ណិតបានបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រជាសាស្រ្តនេះហើយ នឹងធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង ស្របពេលទីក្រុងនឹងកាន់តែរីកធំនាពេលអនាគត”។

ឧកញ៉ាបានបន្តថា កត្តាពេលវេលា ដែលយើងដឹងហើយថា រដ្ឋាភិបាលកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋ រៀបចំច្បាប់បទដ្ឋានគតិយុត្តិ និងកែទម្រង់ស៊ីជម្រៅ​លើស្ថាប័ននានា ដើម្បីទាក់ទាញការវិនិយោគ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ ស្របពេ​លដែលអ្នកវិនិយោគបររទេស នឹងចូលមកកាន់កម្ពុជាកាន់តែច្រើន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។ កម្ពុជាបានបញ្ចប់ការចចារពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ ហើយកម្ពុជាក៏បានចុះកិច្ចព្រមព្រៀង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជា​ច្រើនទៀ​​ត ដែលផ្តល់នូវកាលានុវត្តន៍ភាព សម្រាប់ការឈានឡើងរបស់កម្ពុជា។

លោកបន្តថា “ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ហេតុនេះ   ដើ ម្បីធ្វើឲ្យមុខមាត់ប្រទេសកាន់តែមានកិត្យានុភាព និងមានសោភ័ណភាព ដែលជំរុញ  ឲ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ធ្វើឲ្យអ្នកវិនិយោគដីធ្លីទទួលបានផលចំណេញនៅឆ្នាំ២០២៣ខាងមុខនេះ ដោយសារកត្តាសំខាន់ៗទាំងបីខាងលើនេះ”៕

ខេត្តកំពង់ស្ពឺក្លាយជាគោលដៅវិនិយោគលំដាប់ទី២ប្រចាំប្រទេសបន្ទាប់ពីរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិសេសប្រចាំប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគប្រមា​ណ២០ភាគរយនៃទុនវិនិយោគសរុបប្រចាំប្រទេស។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលទទួលបានទុនវិនិយោគប្រមាណ២០ភាគរយ នៃទុនវិនិយោគសរុបប្រចាំប្រទេស៨២៥០លានដុល្លារកាលពីឆ្នាំ២០២០។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា ក្នុងនាមជាអាជ្ញាធរខេត្ត លោកពិតជាមានក្ដីរីករាយ ជាមួយនឹងលទ្ធផលក៏ល្អប្រសើរ ដែលទទួលបានគម្រោងវិនិយោគជាច្រើននៅក្នុងខេត្ត។

លោកបានបន្តថា “បច្ចុប្បន្នខេត្តកំពង់ស្ពឺ ដែលធ្លាប់តែមានជីវភាពក្រីក្រជាងគេបា​ន​ប្រែក្លាយជាខេត្ត មានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍស្ទើរគ្រប់វិស័យជាពិសេ​សវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងវិស័យអចលនទ្រព្យផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់វិស័យឧស្សាហកម្ម ខេត្តទទួលបានរាប់រយគម្រោង ដែលគិតទាំងស​ហគ្រាសតូចធំ រួមទាំងរោងចក្រនានាមានមិនក្រោយ៧០០ទីតាំងនោះទេ”។

ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងស្រុក

គង់ពិសី និងមួយទីតាំងទៀតនៅផ្លូវជាតិលេខ៤៤ ស្រុកឱត៉ាល់ ដោយមិនទាន់រាប់ពីគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្មដ៏ធំរបស់លោកឧកញ៉ពុង ឃាវសែរ នៅឡើយនោះទេ។

លោកបានបន្តថា នេះគឺជាមោទនភាពបំផុតចំពោះខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងទទួលបាននូវការអភិវឌ្ឍន៍ រោងចក្រសហគ្រាសរីកដុះដាលដូចផ្សិត នៅពេលនេះ ដោយបច្ចប្បន្នខេត្តកំពង់ស្ពឺ មិនដូចពីអតីតកាលទៀតទេ ហើយខេត្តមួយនេះកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ និងកំពុងតែស្រូបយកម្លាំងពលកម្ម ពីបណ្តាខេត្តផ្សេងៗរាប់ម៉ឺនកន្លែងផងដែរ។

លោកអភិបាលបានបញ្ជាក់ថា ការបង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរ និងបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិជ្រកក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើន ស្មើមុខស្មើមាត់ ដូចបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្នតំបន់សំខាន់ៗ ដែលកំពុងមានភាពទាក់ទាញ ក្នុងការដាក់ទីតាំងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម នៃខេត្តកំពង់ស្ពឺ កំពុងរីកសាយភាយនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ ផ្លូវលេខ៤១ ផ្លូវជាតិលេខ៤៤ រួមជាមួយគម្រោងនៃបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលមានតម្លៃសរុបរាប់រយលានដុល្លារ៕

ក្រុមហ៊ុនអូស្រ្តាលីនឹងចាប់ផ្តើមទាញយករ៉ែមាសនៅមណ្ឌលគីរីក្នុងត្រីមាសទី២ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជីនៅអូស្រ្តាលី បានឱ្យដឹងកាលពីថ្មីៗនេះថា ទុនវិនិយោគរបស់វា គឺគ្រប់គ្រាន់ហើយ ដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសអូខ្វាវ នៅខេត្តមណ្ឌលគីរី និងឈានដល់ផលិតកម្មលើកដំបូងនៅត្រីមាសទី២ ឆ្នាំនេះ។

ក្រុមហ៊ុន Renaissance បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី៤ របស់ខ្លួនថា ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី គម្រោងនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមពេលវេលា និងថវិកាអភិវឌ្ឍន៍។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា សាច់ប្រាក់រួមរបស់ខ្លួន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន មានប្រមាណ៧៧លានដុល្លារអូស្រ្តាលី (៥៨,៦ លានដុល្លារអាមេរិក) ដែលបានកត់សម្គាល់ថា ក្រុមហ៊ុនមានមូលនិធិយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍគម្រោង។

ក្រុមហ៊ុនមិនទាន់បានប្រកាសពីការពន្យារពេល ឬការផ្លាស់ប្តូរកាលវិភាគសំខាន់ៗនៅឡើយទេ ទោះបីជំងឺរាតត្បាតនៅតែបន្តរារាំងប្រតិបត្តិការ។

ក្រុមហ៊ុនបានឱ្យដឹងថា “ការប្តេជ្ញាចិត្ត និងការតាំងចិត្តរបស់ក្រុមហ៊ុន និងកម្លាំងប្រតិបត្តិការប្រតិបត្តិការរបស់ក្រុមហ៊ុន បានធ្វើឱ្យផលប៉ះពាល់នៃជំងឺកូវីដ១៩ ស្ថិតកម្រិតមួយ មិនមានការពន្យាពេលគម្រោងរហូតមកដល់បច្ចុប្បន្ននេះ”។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ភាពមិនប្រាកដប្រជាជុំវិញទំនិញដឹកទំនិញអន្តរជាតិ បានបង្កការព្រួយបារម្ភជាបន្ត ចំពោះការអភិវឌ្ឍន៍គម្រោង ប៉ុន្តែបើគិតពីការអភិវឌ្ឍហើយឥឡូវនេះសម្រេចបានប្រមាណ៧៥ភាគរយ ក្នុងការរៀបចំឧបករណ៍ សម្រាប់ផលិតកម្មនៅទីតាំងផ្ទាល់”។

លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានមានប្រសាសន៍ថា ក្រុមហ៊ុនបានបន្តជំរុញសកម្មភាពអភិវឌ្ឍន៍នៅគម្រោងរ៉ែអូខ្វាវ ដោយដំណើរការការងាររៀបចំដី និងការងារបេតុង ស្របគ្នានឹងកាលវិភាគ និងទាន់ពេលវេលាអភិវឌ្ឍន៍។

លោកបានថ្លែងថា “ការអភិវឌ្ឍគម្រោងបានជឿនលឿនគួរឱ្យកត់សំគាល់ ស្របតាមការរំពឹងទុក ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង”៕