អាជីវកម្ម និង​ក្រុមហ៊ុនតូចៗ កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ព្រឹត្តិការណ៍ ២០ កុម្ភៈ យ៉ាងធ្ងន់ធ្ងរ

ដោយ វណ្ណា​រ៉ា

ភ្នំពេញ៖ នៅក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៃ​ការ​ផ្ទុះឡើង​នៃ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វិដ ១៩  បានធ្វើឱ្យ​អាជីវកម្ម​នានា​ទាំង​វិស័យសេដ្ឋកិច្ច  និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​បាន​នឹង​កំពុង​ទទួលរង​នូវ​ផល​ប៉ះ​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​អាជីវកម្ម និង​ក្រុមហ៊ុនតូចៗ ។

លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ Century 21 Advance បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០១ថា នៅក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទទួលរង​ផលប៉ះពាល់​ខ្លាំង​ជាង​ព្រឹត្តិការណ៍មុនៗ  ជាពិសេស​អាជីវកម្ម​តូច ៗ និង​ក្រុមហ៊ុនតូចៗ គឺ​បាត់​ចំណូល ដែល​មិនអាច​នឹង​ទ្រទ្រង់​ឱ្យ​រឹងមាំ​ង​បាន  ព្រោះ​មនុស្ស​មិនអាច​ចេញ​ក្រៅ​បាន និង​ច​ចារ​ក្នុង​ការទិញ​លក់។

លោក ឡុង គឹមសួគ៌​ថ្លែងថា  «ក្រុមហ៊ុនតូចៗនាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុង​ទទួលរង​ប៉ះពាល់​ខ្លាំង  ដែលមាន​ការលំបាក​ក្នុងការ​ឈរជើង ឬ​ទប់​ឱ្យ​ហ្នឹង  ហើយ​មិនដឹងថា វា​ឆ្លង​ផុតពី​ព្រឹត្តិការណ៍​នេះ​រួច ឬ​អត់​ទេ ព្រោះ យើង​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា» ។

បើតាម លោក គឺ​ម​សួគ៌ ស្របពេល​ជាមួយគ្នានេះ ទាំង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ក៏​មិន​ន​ការ​ព​ន្ធូ​បន្ថយ​ដែរ ឬ មានការ​ពន្យា​ពេល​ក្នុងការ​បង់ប្រាក់ ដែល​ធ្វើអោយ​ពួកគាត់​កាន់តែ​មាន​ស្ថានភាព​យ៉ាប់យឺន​ផងដែរ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​បែបនេះ លោក ឡុង គឹមសួគ៌ ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល គួរតែមាន​វិធានការ​សមស្រប​ណាមួយ​ឱ្យ អាជីវកម្ម ឬ ក្រុមហ៊ុនតូចៗ អាចឱ្យ​ពួកគាត់​ឈរជើង​នឹង​នៅក្នុង​អំឡុង​ពេលនេះ ប៉ុន្តែ​និយាយ​ជារួម​នៅក្នុង​អំឡុង​ពេលនេះ គឺមាន​ការប៉ះពាល់​ស្ទើរតែ​គ្រប់គ្នា។

ទោះជា​យ៉ាងណាក៏ដោយ លោក ឡុង គឹមសួគ៌ បញ្ជាក់ថា  ដើម្បីឱ្យ​អាជីវកម្ម​មួយ​អាចឈរជើង បាន​នៅក្នុង​អំឡុង​ពេលនេះ​គឺ​ត្រូវ​កាត់បន្ថយ​ការចំណាយ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅលើ​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន ព្រោះ​ក្នុងអំឡុង​ពេលនេះ ក៏​មិនសូវមាន​អ្នកទិញ​ដែរ ។ មួយទៀត​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន គួរ​តេ​ស្វះ​ស្វែងរក​ដើមទុន​បន្ថែម ដើម្បី​ទប់ និង​ចំណាយ​ទៅ​អ្វីដែល​មានការ​ចាំបាច់​បំផុត៕

រដ្ឋបាលខេត្ត​កែប​បាន​នឹង​កំពុង​ប្រែក្លាយ​តំបន់ឆ្នេរ​ទៅជា​ឋានសួគ៌​ក្នុង​ការដើរ​លម្ហែ

ដោយ រ៉ា​ណេ​ត

ខេត្ត​កែប៖ រដ្ឋបាលខេត្ត​កែប បាន​នឹង​កំពុងអភិវឌ្ឍន៍​តំបន់ឆ្នេរ​ឱ្យក្លាយ​ជា​ឋានសួគ៌ សម្រាប់​ដើរ​លម្ហែ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ខណៈពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​បាន​នឹង​កំពុង​រៀបចំ​ផែនទី និង​គម្រោង​ប្លង់​រៀបចំ​តំបន់ឆ្នេរ​ឱ្យបាន ៣០០០ ម៉ែត្រ​បន្ថែមទៀត  ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា ការរៀបចំ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ទៅជា​ឋានសួគ៌​នេះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរណ៍ មក​សម្រាក និង​មាន​សុវត្ថិភាព​ពេល​លេញ  និង​មាន​ការឆក់ប្លន់ ឬ បាត់បង់​អ្វីមួយ​នោះទេ ។ បញ្ហា​នេះ​ខេត្ត​កែប​បាន​នឹង​កំពុង​យកចិត្ត​ទុ​ដាក់​ខ្ពស់បំផុត ក្នុងការ​ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ  ។

លោក ថ្លែងថា «នៅពេលដែល​គេ​មកលេង​ផ្ទះ​យើង យើង​ចង់ឱ្យ​ផ្ទះ​ស្អាត  ម្ហូប​ឆ្ងាញ់ និង​ញញឹម​រោះ​រាយ​រាក់ទាក់ យើង​ធ្វើ​រៀបចំ​ឱ្យ​ដូចគ្នា​អីចឹង​ដែរ ។ ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាលខេត្ត​នឹង​ពង្រីក​សក្តានុពល​ទេសចរណ៍​ទាំង​នៅលើ​គោក នៅក្នុង​ទឹក តំបន់​កោះ និង​ព្រៃភ្នំ ខណៈ​តំបន់​ទាំងនេះ មិនទាន់​ប្រើប្រាស់​អស់​នៅឡើយ​ទេ » ។

បើតាម លោក សោម​ពិសិដ្ឋ  ឆ្នេរ​កម្សាន្ត​សាធារណៈ​របស់​ខេត្ត​កែប​នាពេល​បច្ចុប្បន្ននេះ មាន​ប្រវែង​ត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ដែលមាន​លក្ខណៈ​ខ្លី មិនទាន់​ឆ្លើយតប​នឹង កំណើន​នៃ​ភ្ញៀវទេសចរ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មកលេង​កម្សាន្ត​នៅទីនេះ ខណៈដែល​ខេត្ត​កែ​មាន​ឆ្នេរ​ប្រវែង​សរុប​ចំនួន​ជិត ២៧ គីឡូម៉ែត្រ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ថ្លែងថា ខេត្ត​កែប និង ខេត្តកំពត​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ក្នុង​អាណត្តិនីមួយៗរបស់​ថា្នក់​ដឹកនាំ​ខេត្ត ដោយ​ធ្វើយ៉ាងណា​កែលម្អ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​កំណើន​ភ្ញៀវទេសចរ។

បើតាម លោក ហូ វណ្ឌី  ខេត្ត​កែប បាន​នឹង​កំពុងមាន​ការទាក់ទាញ​ទេសចរណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ខេត្ត​ព្រះសីហនុ។ ទន្ទឹមគ្នានេះ ការរៀបចំ​ផែនការមេ ក្នុងការ​អភិវឌ្ឍន៍​ខេត្ត គឺ​មិនអាច​ខ្វះ​បាន​នោះទេ  ។ បើទោះបី​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ នេះ ក្តី  ការរៀបចំ​ផែនការមេ និង​ផែនទី​អភិវឌ្ឍន៍​តំបន់ឆ្នេរ ក៏​ជា​រឿង​ចាំបាច់​បំផុត​ក្នុងការ​ស្រោចស្រង​សេដ្ឋកិច្ចជាតិ។

លោក​ថ្លែងថា៖ « បើ​យើង​និយាយ​ពី​កែប គឺ​កែប​លំដាប់​លេខ​រៀង​ទី​ពីរ ហើយ​បងប្អូន​ជា​ទេសចរ ជ្រើសរើស​កែប ជា​តំបន់​ស្នាក់នៅ​បន្ទាប់ពី​ក្រុងព្រះសីហនុ  និង​តាម​បណ្តា​កោះផ្សេងៗទៀត​ច្រើនណាស់។ ការរៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍន៍​តំន​បន​ឆ​ឆ្នេរ គឺ​មិនអាច​ខ្វះ​បាន» ៕

រោងចក្រថ្មីចំនួន២០ផ្សេងទៀត ត្រៀមដំណើរការនៅខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ

ដោយ ៖រ៉ាណេត

កំពង់ស្ពឺ ៖ កំពង់ស្ពឺដែលជាខេត្តឈនៅលំដាប់ថ្នាក់កំពូលក្នុងការទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មប្រចាំនៅកម្ពុជា នៅតែបន្តមានគម្រោងថ្មីៗចូលមកជាបន្តបន្ទាប់។ ជាក់ស្ដែង បើទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងវិបត្តិជំងឺកូវីដក្នុងសហគមន៍ដែលកំពុងទប់ស្កាត់នៅពេលនេះ មានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីបន្ថែមចំនួន២០ ដែលគ្រោងនឹងដាក់ដំណើរនៅពេលឆាប់ៗខាងមុខនេះ។

DCIM100MEDIADJI_0007.JPG

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្ដកំពង់ស្ពឺមានរោងចក្រសហគ្រាសសរុបចំនួន ៧៥០០រោងចក្រសហគ្រាស ហើយរោងចក្រសហគ្រាសធំៗមានប្រមាណ៣៣៥ រោងចក្រ។

លោកបន្តថា ខេត្ដកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាច្រើននាក់នាពេលខាងមុខ បន្ទាប់ពីមានរោងចក្រសហគ្រាសជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត។ តម្រូវការកម្លាំងពលកម្មដ៏ច្រើននាពេលខាងមុខនេះ ដោយសារតែវិនិយោគិនចិនជាច្រើនគ្រោងមកបណ្ដាក់ទុនវិនិយោគនៅខេត្ដកំពង់ស្ពឺចំនួន២០រោងចក្របន្ថែមទៀត ដែលជាកត្ដាធ្វើឱ្យខេត្ដខ្វះកម្លាំងពលកម្មជាច្រើនផងដែរ។

លោកបានបញ្ជាក់ថា “តាមរយៈមន្ទីរការងារ យើងមានរោងចក្រចំនួន៤៦ ដែលបានខ្វះកម្មករចំនួន៧ពាន់នាក់ អ៊ីចឹងធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគ ដែលអ្នកវិនិយោគគ្រោងដាក់រោងចក្រ២០នៅទីនេះ ដែលត្រូវធានាកម្មករ។ អ៊ីចឹងមានតែខិតខំអំពាវនាវដល់ខេត្ដជុំវិញឱ្យយុវជនមកធ្វើការនៅទីនេះ។ នេះជាបញ្ហាប្រឈមអត់កម្លាំងពលកម្មរបំពេញការងារនៅតាមរោងចក្រ”។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា ការមកបណ្ដាក់ទុករបស់អ្នកវិនិយោគចិននេះ ដោយសារខេត្ដកំពង់ស្ពឺមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធនធានមនុស្សមានភាពអត់ធ្មត់ ស្មោះត្រង់ និងព្យាយាមលើការងារ ដែលធ្វើឱ្យទាក់ទាញការវិនិយោគបានយ៉ាងច្រើន។ អ្វីដែលសំខាន់ គឺខេត្តមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ងាយស្រួលក្នុងការដឹកជញ្ជូនផលិតពាក់កណ្តាល និងសម្រេចចេញទៅទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ៕

គំរោងNaga3តម្លៃជិត៤០០០លានដុល្លារដ៏ឆើយឆាយកំពុងឆ្ពោះទៅមុខទោះកម្ពុជាជាប់ផុងក្នុងវិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជិត៤ពាន់លានដុល្លារបាននិងកំពុងសាងសង់យ៉ាងរលូន បើទោះបីជាកម្ពុជាកំពុងហែលឆ្លងវិបត្តិកូវីដ១៩ក្តី។

របាយ​ការណ៍​​របស់​ក្រុមហ៊ុន NagaCorp ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុនEconpileនេះ រួមមានការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ ដែលជាកិច្ចសន្យារងពីក្រុមហ៊ុនចិនMCC International Incorporation Ltd។

ក្រុមហ៊ុនម៉ាឡេស៊ី Econpile ​ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់លំដាប់អន្តរជាតិលើការងារខួងគ្រឹះ បានទ​ទួ​ល​​កិ​ច្ច​ស​ន្យា​រងនេះក្នុងត​ម្លៃ​​៨​៥,៧លានដុល្លារ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្លេះ។

យោងតាមសេចក្ដីប្រកាសរបស់ NagaCorp បានឲ្យដឹងថា គម្រោង Naga 3 នេះ នឹង​ត្រូវ​សាងសង់​លើ​ទឹកដី​អតីត​អគារប៊ូលឌីងចាស់​ ដែលរួមបញ្ចូលអគារកម្ពស់៦៥ជាន់ ចំនួន២អគារ អគារកម្ពស់៤៥ជាន់ចំនួន២អគារ ប៉ុន្តែក្រោយមកគំរោងនេះបានកែប្រែដោយមានអាគារត្រឹម៣ប៉ុណ្ណោះ ក្នុងនោះអាគារមេចំនួន១មានកំពស់៦៩ជាន់។

គំរោងដ៏ឆើតឆាយនេះ ផ្តោតលើសេវាកម្មចម្រុះ ដូចជា ខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល ស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប សណ្ឋាគារ និង​ក​ន្លែ​ង​ជា​ច្រើ​ន​ទៀ​ត។

NagaCorp ក៏បានបញ្ជាក់ទៀថា ប្រមាណជាង៩៣ភាគរយនៃផ្ទៃគម្រោង​ទាំងមូល នឹង​អភិវឌ្ឍ​ន៍ ជា​អគារ​កំសាន្ត​ចម្រុះ​មិន​មែន​កាស៊ីណូ​ ដែលជា​យុទ្ធ​សាស្រ្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​។ ក្រោយ​សាងសង់​រួច​ NagaWorld Complex ដែលរួមមានNaga ១ ទី២ និង៣ នឹង​ក្លាយទៅ​ជា​ក​ន្លែ​ង​ក​ម្សា​ន្ត​ច​ម្រុះ ​តាម​ដ​ង​ទ​ន្លេ​ដ៏​ធំ​បំ​ផុត​នៅ​លើ​ពិភ​​ពលោ​ក​៕

ខេត្តមណ្ឌលគីរី មានតំបន់ទាក់ទាញការវិនិយោគ៣៦ទីតាំងកំពុងរង់ចាំវិស័យឯកជនចូលរួមអភិវឌ្ឍន៍

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ក្រៅពីគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតំបន់ ដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងកំពុងទាក់ទាញការវិនិយោគនានា ដែលស្ថិតនៅក្បែ​រគម្រោង ខេត្តមណ្ឌលគីរីនៅមានតំបន់ទាក់ទាញការវិនិយោគ បម្រើដល់វិស័យទេស​ចរណ៍ចំនួន៣៦ទីតាំងផ្សេងទៀត ដែលកំពុងរង់ចាំវិស័យឯកជនចូលធ្វើការអភិវឌ្ឍបន្ថែម។

អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅថា នៅទូទាំងខេត្តមណ្ឌលគិរីមានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន៣៦កន្លែង ដែលបម្រើដល់វិស័យទេសចរណ៍ និងកំពុងរង់ចាំស្វាគមន៍វិស័យឯកជន ចូលធ្វើការអភិវឌ្ឍបន្ថែមពីលើអ្វី ដែលមានស្រាប់នាពេលបច្ចុប្បន្ន។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងវិនិយោគលើវិស័យទេសចរណ៍សរុបមានចំនួន១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា ទីតាំងផ្តល់សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តមានជាច្រើន ដែលក្នុងនោះមានសណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨បន្ទប់, ផ្ទះសំណាក់៥១កន្លែង ស្មើនឹង៧៣៥បន្ទប់, ម៉ូតែល២កន្លែង ស្មើនឹង៦៧បន្ទប់ បឹងកាឡូ១កន្លែង ស្មើនឹង៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៣៤កន្លែង ហើយក្រៅពីនេះនៅមានគម្រោង វិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា១០គម្រោង ដែនជម្រកសត្វព្រៃភ្នំណាមលៀរ២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។

លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Group ដែលជាអ្នកអភិវឌ្ឍន៍លំដ្ឋានបែបលំហែរបានមានប្រសាសន៍ថា ខេត្តមណ្ឌលគីរីមានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ប៉ុន្តែក៏អំណោយផលដល់វិស័យសំណង់ ដែលពាក់ព័ន្ធផងដែរថា ដូចជាការវិនិយោគ និងអភិវឌ្ឍសណ្ឋាគារ ផ្ទះសំណាក់ ជាពិសេសលំនៅដ្ឋានបែបលំហែរដែលកំពុងមានប្រជាប្រិយភាព។

លោកបញ្ជាក់ថា “ភាគច្រើនអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរ ដែលកំពុងបោះទុនចូលទៅក្នុងខេត្តមណ្ឌលគីរី គឺច្រើនមើលទៅលើទីតាំង ដែលស្ថិតនៅក្បែរតំបន់ភ្នំ ដោយសាងសង់ជាលំនៅដ្ឋានតម្លៃមធ្យម ចាប់ពី៥ម៉ឺនដុល្លារចុះក្រោយ ដែលជាប្រភេទលំនៅដ្ឋានមានទីផ្សារទូលាយ”។ លោកបន្តថា “ដោយឡែកសម្រាប់លំនៅដ្ឋានលំហែរ ដែលមានតម្លៃខ្ពស់ជាង១០ម៉ឺនដុល្លារមិនសូវមាននោះទេ ព្រោះពិបាករកអតិថិជនដែលជាទីផ្សារគោលដៅ”។

លោកបានបន្តឱ្យដឹងថា ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយយ នៅក្នុងខេត្តមណ្ឌលគីរីគឺមាន២ប្រភេទ ទី១ជាក្រុមអ្នកវិនិយោគ និងអភិវឌ្ឍន៍សម្រាប់លក់ចេញយកចំណេញ និងទី២ជាក្រុមអ្នកបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ទុកជួលឱ្យទេសចរសម្រា​កក្នុងរយៈពេលខ្លី ប៉ុន្តែការវិនិយោគប្រភេទនេះមានច្រើនគម្រោង៕

រដ្ឋាភិបាលថៃគ្រោងប្រកាសតភ្ជាប់ផ្លូវដែកជាមួយកម្ពុជា និងប្រទេសក្នុងតំបន់មេគង្គនៅចុងសប្ដាហ៍នេះ

ដោយៈ ប៊ី

ភ្នំពេញៈ ព័ត៌មានលម្អិតអំពីផ្លូវដែកពីរគន្លងពីទីក្រុង Mae Sot ខេត្ត Tak ទៅខេត្ត Kamphaeng Phet និងទីក្រុង Nakhon Sawan ក្នុងខេត្ត Nakhon Sawan នឹងត្រូវប្រកាសនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១៩ ខែមីនានៅសណ្ឋាគារ Wiang Tak ក្នុងស្រុកមឿង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ០២១។

គម្រោងនេះគឺជាផ្នែកដំបូង នៃផ្លូវដែកមានពីរគន្លង តាមបណ្តាញច្រកផ្លូវសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលនឹងគាំទ្រដល់ការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាង ដូចជាមីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសកម្ពុជា និងជួយក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងតំបន់។

ក្រមហ៊ុនផ្លូវដែករដ្ឋ (SRT) បានផ្ញើលិខិតអញ្ជើញតំណាងការិយាល័យរដ្ឋាភិបាលរដ្ឋបាលមូលដ្ឋាន និងសាធារណជនទូទៅ ឱ្យចូលរួមសិក្ខាសាលា ដែលនឹងត្រូវដឹកនាំដោយលោក Pongrat Piromrat អភិបាលខេត្តTak។

នៅក្នុងសិក្ខាសាលានេះតំណាងក្រុមហ៊ុន SRT នឹងពន្យល់លម្អិតអំពីគម្រោងនេះ។

នៅឆ្នាំ ២០២០ ក្រុមប្រឹក្សា SRT បានអនុម័តការជួលក្រុមហ៊ុន Tesco Co, សាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុន Design Concept Co ក្នុងតម្លៃ ១៦៨លានបាត ដើម្បីធ្វើការសិក្សាលើការរចនា រៀបចំដី និងវាយតម្លៃផលប៉ះពាល់បរិស្ថាន សម្រាប់ការសាងសង់ផ្លូវដែកប្រវែង២៥៦គីឡូរម៉ែត្រ ដែលមានគម្រោងចំណាយ៩៦ពាន់លានបាត។

ក្រុមការងារនេះត្រូវបានផ្តល់ឱ្យរយៈពេល៣៦០ថ្ងៃ ដើម្បីបញ្ចប់ការងារទាំងនេះ។ ប្រជាជននៅខេត្ត Mae Sot ជាទូទៅបានស្វាគមន៍ចំពោះផ្លូវដែក ដែលបានគ្រោងទុកសម្រាប់ការស្ថាបនានាពេលមុខ៕

តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញកំពុងមានតម្រូវការផ្សារទំនើប ខណៈដែលការផ្គត់ផ្គង់រួមកំពុងប្រឈមនឹងភាពលើស

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២១នេះប្រសិនបើការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបត្រូវបានដាក់បញ្ចូលបន្ថែមថ្មីដូចការគ្រោងទុក អ្នកជំនាញបានព្រមានថាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែទោះជាយ៉ាងណា នៅតាមបណ្តាទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ នៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែមស្របពេលដែលកំណើននៃចំនួនប្រជាជនដែលមានកម្រិតជីវភាពធូរធាមានកំណើនខ្ពស់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ប្រសិនបើនៅដំណាច់ឆ្នាំ២០២១នេះ កំណើនថ្មីនៃការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបគ្រប់កម្រិតត្រូវបានដាក់បញ្ចូលដូចការគ្រោងទុកនោះវានឹងកើនចំនួនសរុបរហូតដល់ជាង៦៨ម៉ឺនម៉ែត្រដែលអាចនឹងប្រឈមភាពលើសតម្រូវការយ៉ាងប្រាកដ។

លោកស្រីបន្តថា “បើយើងនិយាយពីចំនួនសរុបវាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញនៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែម។ ជាក់ស្ដែងដូចជានៅតំបន់ផ្លូវជាតិលេខ១ ផ្សារទំនើបក្នុងទ្រង់ទ្រាយធំនៅមិនទាន់មាននោះទេ ក្រៅតែពីគម្រោងរបស់ផ្សារប៉េងហួតដែលកំពុងបន្តការសាងសង់ ហើយក្រៅពីនេះឃើញមានប្រភេទផ្សារទំនើបបែបសហគមន៍តែប៉ុណ្ណោះ”។

លោកស្រីបន្តថា “ផ្សារទំនើបបែបសហគមន៍ដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ននេះអាចជាមិនមែនតម្រូវការពិតប្រាកដរបស់អ្នកដែលរស់នៅក្នុងតំបន់នេះទាំងស្រុងនោះទេ ព្រោះភាគច្រើនផ្តោតតែទៅលើការផ្តល់សេវាផ្នែកចំណីអាហារតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការផ្គត់ផ្គង់ទៅលើសម្ភារៈប្រើប្រាស់ទូទៅប្រចាំថ្ងៃដូចជាមិនសូវមាននោះទេក្រៅតែពីហាងលក់បែបទំនើបតែប៉ុណ្ណោះ”។

សម្រាប់ការផ្គត់ផ្គង់លើផ្នែកទីតាំងលក់រាយនៃផ្សារទំនើបបែបសហគមន៍នៅតំបន់ផ្លូវជាតិលេខ១ម្តុំបឹងស្នោរ គេឃើញមាន The PARK ដែលជាបណ្តុំនៃហាងអាហារបែបទំនើប រួមជាមួយនឹងគម្រោងផ្សារសហគមន៍ បឹងស្នោរ ហ្វូតផ្លាហ្សា ដែលនៅមិនទាន់បញ្ចប់សាងសង់ទាំងស្រុងនៅឡើយ ហើយក្រៅពីនេះជាប្រភេទផ្សារទំនើបខ្នាតតូចដែលស្ថិតនៅក្នុងគម្រោងបុរីប៉េងហួតតែប៉ុណ្ណោះ។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ភាគច្រើនអ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងបុរីផ្សេងៗទៀតក្នុងតំបន់ផ្លូវជាតលេខ១ក្នុងខណ្ឌច្បារអំពៅ ភាគច្រើនជាអ្នកមានកម្រិតជីវភាពធូរធា។ អ្នកដែលមានជីវភាពធូរធារ ភាគច្រើនតែងប្រាថ្នាការផ្តល់សេវាកម្ម និងការស្វែងរកផលិតផលប្រើប្រាស់ដែលមានគុណភាព ដូច្នេះ ប្រសិនមានផ្សារទំនើបដែលមានការផ្គត់ផ្គង់សេវាកម្មចម្រុះ នោះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ពួគគេ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងដំណាក់កាលនេះ សម្រាប់អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជៀសវាងទទួករងនូវការខាតបង់ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩៕

រដ្ឋាភិបាលនឹងដាក់ឱ្យដំណើរព្រលានយន្តហោះតារាសាគនាខែមិថុនាខាងមុខ ខណៈបច្ចុប្បន្នកំពុងធ្វើតេស្តសាកល្បង

ដោយ: គង់ សូរិយា

ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរប្រតិបត្តិការហោះហើរ នាខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្ននេះបានកំពុងធ្វើតេស្តសម្ភារៈឬឧបករណ៍ផ្សេងៗ ដើម្បីធានាថា នឹងដំណើរការដោយល្អប្រសើរនិងដោយរលូន។

លោកស៊ិន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ មិនានេះថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុនកំពុង ដំណើរការស្នើសុំវិញ្ញាបនបត្រពីក្រសួង ដើម្បីបើកប្រតិបត្តិការឱ្យយន្តហោះអាចចុះថតបាន។

លោកបន្តថា “បច្ចុប្បន្នអាកាសចរណ៍ស៊ីវិលកំពុងពិនិត្យ ដើម្បីផ្តល់វិញ្ញាបនបត្រត្តិការនេះ ដោយត្រូវការពេលវេលារយៈពេល៦ខែ ដើម្បីធានាថាក្រុមហ៊ុនបានធ្វើតេស្តស   ម្ភារៈ និងឧបករណ៍បានរលូនហើយ ទើបចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនដាក់ដំណើរការ នូវព្រលានយន្តហោះនេះ”។លោកបន្តថា “ហេតុនេះបើតាមពេលវេលាកំណត់ ការហោះហើរនឹងអាចចាប់ផ្តើមនៅខែមិថុនាខាងមុខនេះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា កាពិតការសាងសង់ព្រលាននេះ ត្រូវចប់ហើយប៉ុន្តែត្រូវធ្វើតេស្តសាកល្បង ហើយការដាក់ពាក្យស្នើសុំវិញ្ញាបណ្ណបត្រ មានរយៈពេល៦ខែ ចាប់ពីសាងសង់ឡើងទៅ អញ្ចឹងរយះពេលនឹងសាកល្បងផង ធ្វើតេស្តផង ដាក់ពាក្យស្នើសុំផងដល់ញ្ចឹងផ្សំគ្នាទំាងអស់។ លោកបន្តថា ការធ្វើតេស្តសាកល្បងធម្មតាទេ ត្រូវយកកប៉ាល់ហោះមកតេស្ត ត្រូវយកឧបករណ៍មកតេស្ត តេស្តឧបករណ៍ដែលបំពាក់ហើយ វាដើរស្រួលអត់ ហើយពាក់ព័ន្ធជាមួយកប៉ាល់ហោះ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានតម្លៃសរុបប្រមាណ៣៥០លានដុល្លារ ត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនចិនChinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ៕

តើជប៉ុនជួយរដ្ឋាភិបាលកម្ពុជាអ្វីខ្លះដើម្បីសម្រេចគោលដៅក្លាយជាមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប៉ុន្មានទសវត្សរ៍កន្លងមក ជប៉ុនបានដើរតួនាទីជាអ្នកផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីច្រើនជាងគេ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គកម្ពុជា មុនពេលចិនចូល​មកជំនួស។

ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តររជាតិនៃប្រទេសជប៉ុន(JICA) ដែលជាសេនាធិការរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ បច្ចេកទេសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៍នានា JICAក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការជួយរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយរៀបចំកសាងច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាស វិនិយោគនៅកម្ពុជាផងដែរ។

នៅក្នុង​បរិបទ​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បាន​ដើរតួនាទី​យ៉ាង​សំខាន់​ នៅក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​​របស់​ប្រទេ​ស​កម្ពុជា​។

ក្នុគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម របស់រដ្ឋាភិបាលឆ្នាំ២០១៥ ២០២៥ រាជរដ្ឋាភិបាលបានផ្តោតអាទិភាព លើគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ឋ កាត់បន្ថយការិយាធិបតេយ្យ និងកាត់បន្ថយថ្លៃទឹកភ្លើង ដែលមានតម្លៃថ្លៃជាងគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ អ្វីកាន់តែពិសេសនោះ គឺកម្ពុជាកំពុងធ្វើបដិវត្តន៍កំលាំងពលកម្ម ដោយផ្លាស់ប្តូរសេដ្ឋកិច្ចពីការប្រើប្រាស់អតិពលកម្ម ទៅជាកំលាំងពលកម្មដែលមានជំនាញ ដែលអាចឲ្យប្រជាពលរដ្ឋទាញយកចំណូលបានកាន់តែច្រើន។

ឆ្លើយតបបញ្ហានេះ JICAបាននិងកំពុងចូលរួមលើការបណ្តុះបណ្តាល ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ផលិត​កម្លាំង​ជំនាញ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​កំពុង​កើនឡើង ជាពិសេស​នៅពេល​ព្រះរាជាណាចក្រ​កម្ពុជា​ ឈាន​ចូល​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ដែល​នៅតែ​ជា​អាទិភាព​កំពូល​មួយ​។

ប៉ុន្តែ​វិស័យនេះ​នៅតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ​រួមមាន ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បរិក្ខារ​ឧបករណ៍​សម្រាប់​អនុវត្ត សម្ភារៈអនុវត្តន៍ សមត្ថភាព​ថ្នាក់​គ្រប់គ្រង​នូវមាន​កម្រិត និង​កង្វះ​គ្រូ​បច្ចេកទេស ដូចដែល​មានចែង​ក្នុង​ផែនការមេ​របស់ អ.ប.វ ឆ្នាំ ២០២១-២០២៥​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដោយ​មាន​ការគាំទ្រ​ពី​ចៃកា​បាន​ផ្តួចផ្តើម​ «​គម្រោង​កែលម្អ​គុណភាព អ.ប.វ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឧស្សាហកម្ម​» នៅក្នុង​ឆ្នាំ​ ២០១៥ ដើម្បី​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ​ដែល​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែមីនា​។

គម្រោង​ទាំងនេះ​ គឺ​ផ្អែកលើ​សសរស្តម្ភ​ចំនួន​៥ ដែលមួយ​ក្នុងចំណោម​នោះ​រួមមាន​ការអភិវឌ្ឍ​កញ្ចប់​បណ្តុះបណ្តាល​ស្តង់ដា (STP) ​សម្រាប់​សញ្ញាបត្រ​កម្រិត​ខ្ពស់​ផ្នែក​អគ្គិសនី​ផ្តល់​នូវ​ការបណ្តុះបណ្តាល​កញ្ចប់ ស្តង់ដា​ដល់​គ្រូ​ជំនាញ បង្កើត​ប្រព័ន្ធ​ក្នុងការ​ផ្សព្វ​ផ្សាយ​កញ្ចប់​ស្តង់ដា ​ទៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ដទៃទៀត ​ដែល​មិន​ស្ថិតក្រោម​ការសាកល្បង​របស់​គម្រោង បង្កើត​ប្រព័ន្ធ​ដើម្បី​ថែរក្សា គ្រប់គ្រង​សម្ភារៈ និង​ឧបករណ៍​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ក្រោម​គម្រោង​ចៃកា និង​ការពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​។

ជាមួយគ្នានេះJICA ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​វិទ្យាស្ថាន​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា ​ពង្រឹង​ភាពជា​ដៃគូ​រវាង​ឧស្សាហកម្ម និង​វិទ្យាស្ថាន​បណ្តុះបណ្តាល អ.ប.វ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាំងនេះ​។

ជា​លទ្ធផល​វិទ្យាស្ថាន​អប់រំ ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ បាន​អះអាងថា ក្រុមហ៊ុន​ឯកជន​ជាច្រើន​ បាន​សម្តែង​នូវ​ការពេញចិត្ត​ខ្ពស់ ​ចំពោះ​ការងារ​របស់​សិស្ស សិក្ខាកាម ដែល​បានបញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន ​ដែល​ស្ថិតក្រោម​គម្រោង​របស់JICA ​។

​កញ្ចប់​ស្តង់ដា​កម្មវិធី​សិក្សា​ជាតិ ​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​ដំបូង​គេ ​ត្រូវបាន​ផលិតឡើង និង​អនុម័ត​យល់​ព្រម​ពី​ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ជាតិ កាលពី​ខែកញ្ញា ឆ្នាំ​ ២០២០​។

JICA​ក៏បាន​រៀបចំ​សិក្ខាលា​ស្តីអំពី ​ការផ្ទេរ​នូវ​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​នូវ​ឧបករណ៍​ផ្គុំ​ថ្មី ​ក្នុង​ការហ្វឹកហាត់​ត្រូវបានធ្វើ​ឡើងជា​ច្រើនដង​។ បន្ថែម​ពីនេះ​ទៀត ការសហការ​រវាង​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ ​ដើម្បី​រៀបចំ​ធ្វើ​ទិវា អ.ប.វ ជាតិ​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ទីភ្នាក់ងារ​ជាតិ មុខរបរស្តីអំពី ​ពិពណ៌​ផលិតផល និង​ការងារ និង​ការរៀបចំ​នូវ​ការប្រកួតប្រជែង​ជំនាញ​។

ជនរងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ និង​ជំងឺ​កូវីដ ១៩

ចៃកា​បាននិង​កំពុង​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង និង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​ ១៩៩៥​។

មន្ទីរពេទ្យ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ត្រូវបាន​កែលម្អ​ឱ្យ​ប្រសើរ​ឡើង​នៅឯ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក (NMCHC) មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន (CENAT) ​មន្ទីរពេទ្យ​មង្គលបុរី មន្ទីរពេទ្យ​ខេត្តកំពង់ចាម មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ មន្ទីរពេទ្យ​ខេត្ត ស្វាយរៀង មន្ទីរពេទ្យ​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ ​របស់​បុគ្គលិក​សុខាភិបាល​ ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់​ចៃកា ​ដូចជា ​គម្រោង​លើកកម្ពស់​ប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យ​ និង​វាយតម្លៃ ការពង្រឹង​ប្រព័ន្ធ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សហវេជ្ជសាស្ត្រ និង​គម្រោង​លើកកម្ពស់​ការថែទាំ​បន្ត​នៅ​កម្ពុជា ​ផ្តោតលើ​ការថែទាំ​ស្ត្រី និង​ទារក​ក្នុង​ពេល​សម្រាល និង​ក្រោយពេល​សម្រាល​។

ចៃកា​បានផ្តល់​នូវ​សម្ភារ SuperScript III Platinum និង​ប្រព័ន្ធ One-Step Quantitative RT PCR ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ (IPC) ដែលជា​ផ្នែក​មួយ​នៃ​ជំនួយ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ របស់​ខ្លួន​កាលពី​ខែ​កក្កដា​។

ដើម្បី​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩ ចៃកា​បាន​ផ្តល់​ឧបករណ៍ SuperScript III Platinum និង One-Step Quantitative RT PCR to IPC ចំនួន ៨ ទៀត​ទៅឱ្យ IPC នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ខណៈ​ដែល​ឧបករណ៍ QIAamp Viral RNA Mini Kit ចំនួន​ ៨ ផ្សេងទៀត​បាន​បញ្ចូល​ទៅក្នុង​មជ្ឈមណ្ឌល​នេះ​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​។

ចៃកា​ក៏​នឹង​ផ្តល់​ឧបករណ៍​ស្កេន​កំដៅ (thermography) ចំនួន​បី រួមទាំង​កុំព្យូទ័រ​យួរដៃ និង​ជើង​កាមេរ៉ា​នៅក្នុង​ខែមេសា ទៅដល់ NMCHC សម្រាប់​ពិនិត្យ​រក​ជំងឺ​កូវីដ ​១៩​។ ចៃកា ក៏បាន​លើកកម្ពស់​ការយល់ដឹង​សុខភាព​នៅ​ថ្នាក់មូលដ្ឋាន ក្រោម​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​របស់​ខ្លួន​ “លើគម្រោង​លើកកម្ពស់​ការការពារ​ជំងឺ​កូវីដ​១៩ តាមរយៈ​ការផ្សព្វផ្សាយ​នៅតាម​សហគមន៍”។

នៅក្នុង​គម្រោង​នេះ ការបណ្តុះបណ្តាល​ស្តីពី​ ការទប់ស្កាត់​ត្រូវ​បាន​ផ្តល់​ដល់កម្មករ​វាយនភ័ណ្ឌចំនួន​៣១២ ​នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ នៅ​ខេត្តស្វាយរៀង​ក៏​មាន​ការចែកជូន ម៉ាស់ និង​ជែល​លាងដៃ ដល់​បុគ្គលិក​មណ្ឌល​សុខភាព និង​កម្មករ​រោងចក្រ​ផងដែរ​។ លើសពីនេះ​ទៀត ដើម្បី​លើកកម្ពស់​អនាម័យ​ក្នុង​ចំណោម​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ខែ​តុលា​។

ការអភិរក្ស​បឹង​ទន្លេសាប

ចៃកា​ក៏​សកម្ម ​នៅក្នុង​គម្រោង​ការពារ​បរិស្ថាន​ផងដែរ​។ ភាពជា​ដៃគូ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SATREPS) គឺជា​គំនិត ​ផ្តួចផ្តើម​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​រួមជាមួយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដើម្បី​ជំរុញ​ការស្រាវជ្រាវ​អន្តរជាតិ​រួមគ្នា ដោយ​ប្រើ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​ជប៉ុន​។

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជប៉ុន​ (JST) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​សហការ​គ្នា​ដើម្បី​លើកកម្ពស់ ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្រិត​សកល​។

“​ការបង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​នៃ​បឹង​ទន្លេសាប” គឺជា​គម្រោង​រយៈពេល៥ឆ្នាំ ដែល​មាន​ការឧបត្ថម្ភ​ថវិកា​ដោយ JICA និង JST​។ នៅ​ប្រទេស​ជប៉ុន​គម្រោង​នេះ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ទីក្រុង​តូក្យូ (Tokyo Tech) សហការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល (IGES) និង​សាកលវិទ្យាល័យ​យ៉ាម៉ាហ្គាតា (YU)​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) ​កំពុង​ដឹកនាំ​គម្រោង​នេះ ដោយ​សហការ​ជាមួ​យ​ក្រសួង​បរិស្ថាន​ (MOE) អាជ្ញាធរ​ទន្លេសាប​ (TSA) ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម (MOWRAM) ក្រសួង​អប់រំ​យុវជន និង​កីឡា (MOEYS) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ។

អ្នកជំនាញ​មាន​គោលបំណង ​ដើម្បី​បង្កើត​ឧបករណ៍​វិភាគ​បរិស្ថាន​ទឹក​ សម្រាប់​បឹង​ទន្លេសាប (TSL) និង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​ តាមរយៈ​ការស្រាវជ្រាវ​គោលនយោ​បាយ​ និង​ការអភិវឌ្ឍ​ឧបករណ៍​។

ចៃកា​បាន​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ​ក្នុង​ទម្រង់​ប្រតិទិន​ឆ្នាំ២០២១ ក្នុង​គោលបំណ​ង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន ជាពិសេស​សិស្សសាលា​ដែល​រស់នៅក្នុង និង​ជុំវិញ​បឹង​ទន្លេសាប​អំពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត អនាម័យ​ត្រឹមត្រូវ​ និង​ល្អ​លើ​សុខភាព​សាធារណៈ​។

របាយការណ៍​គោលនយោបាយ ​ដែល​ឆ្លុះបញ្ចាំង​ពី​របកគំហើញ​សំខាន់ៗ​ មួយចំនួន និង​ការណែនាំ​ផ្នែក​គោលនយោបាយ​ ផ្អែកលើ​ភ័ស្តុតាង​ពី​គម្រោង SATREPS នេះ​ក៏​អាច​រកបាន​តាមរយៈ https://www.iges.or.jp/en/pub/tonlesapsatreps/en ។

ក្រៅពីនេះ ខ្សែ​វីដេអូ​ឃ្លីប​ស្តីពី​គម្រោង SATREPS នេះ​ក៏​ត្រូវបាន​បង្កើតឡើង​ ដែល​ផ្តល់នូវ​ការយល់ដឹង​កាន់តែច្បាស់ ​អំពី​ការផ្លាស់ប្តូរ​បរិស្ថាន​នៅ​បឹង​ទន្លេសាប ​នាពេល​ថ្មីៗ​នេះ និងផលប៉ះពាល់​របស់​វា​ទៅលើ​ប្រជាជន​ក្នុង​តំបន់ ការចិញ្ចឹម​ជីវិត និង​សុខភាព​សាធារណៈ​ក៏​ដូចជា​ការពិភាក្សា​អំពី​មធ្យោបាយ​នានា​ស្តីពី​វិធានការណ៍​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនេះ ដែល​អាច​រកបាន​តាមរយៈ https://www.youtube.com/watch?v=8cvUyD6mpxk&t=41s ។

កាលពី​ថ្ងៃទី ៤-៥ ខែកុម្ភៈ ឆ្នាំ​ ២០២១ ចៃកា បានរៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​៥ស្តីពី​ការអភិរក្ស​ និង​ការគ្រប់គ្រង​បឹង​ត្រូពិក ​ដែល​ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយ​នឹង​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​១៣ ស្តីពី​វិស្វកម្ម​គីមី​ឆ្នាំ២០២០ (RCChE-2020) តាមរយៈ​ប្រព័ន្ធ​អនឡាញ​ ដោយ​មាន​ការចូលរួម​ពី​អ្នកជំនាញ អ្នកស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​វិស្វកម្ម​បរិស្ថាន​។

សន្និសិទ​នេះ ​ក៏បាន​រួមបញ្ចូល​នូវ​កិច្ចប្រជុំ ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៥ស្តីពី ​គម្រោង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន ​នៃ​បឹង​ទន្លេសាប​ (JCC) ដើម្បី​ពិនិត្យមើល​លទ្ធផល​នៃ​គម្រោង​ ក៏​ដូចជា​សមិទ្ធិផល​ និង​បញ្ហា​ប្រឈម​របស់​គម្រោង​នៅ​ឆ្នាំ​ ២០២០ ព្រមទាំង​ដាក់ចេញ​ផែនការ​សកម្មភាព​ សម្រាប់​ការបញ្ចប់​គម្រោង​នៅ​ខែ​មិនា ឆ្នាំ ​២០២២​។

អ្នកស្ម័គ្រចិត្ត​ជប៉ុន

ទន្ទឹមនឹង​នេះដែរ កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​សហប្រតិបត្តិការ​ជប៉ុន ​នៅក្រៅ​ប្រទេស (JOCV) ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​៩​ខែ ចាប់តាំងពី​ខែមីនា​ឆ្នាំមុន ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

អ្នកស្ម័គ្រចិត្ត​ជាង១៨០០ នាក់​នៅ​ទូទាំង​ពិភពលោក​ បូករួម​ទាំង​អ្នកស្ម័គ្រចិត្ត​ចំនួន​ ២០ ​រូប នៅក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​ជម្លៀស​ខ្លួន​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។

ទោះជា​យ៉ាងណាក្តី​ដោយ​មាន​ការខំប្រឹងប្រែង ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្តាត់​នូវ​ការរាតត្បាត​នៃ​ជំងឺ​នេះ អ្នកស្ម័គ្រចិត្ត​អាច​វិលត្រឡប់ ​ចូល​ប្រទេស​កម្ពុជា​វិញ​នា​ខែធ្នូ ឆ្នាំ​ ២០២០ និង​បាន​បន្ត​សកកម្មភាព​របស់​ពួកគេ​ផងដែរ​។

ទោះ​មាន​បញ្ហា​ប្រឈម​ក្តី ការប្រកាស​ជ្រើសរើស និង​ការបញ្ជូន​អ្នកស្ម័គ្រចិត្ត នឹងត្រូវ​ធ្វើឡើង​តាម​គ្រោងទុក ចៃការ នឹង​ចាប់ផ្តើម​ជ្រើស​ក្នុង​សរទរដូវ​នេះ​។

សម្រាប់​ឆ្នាំនេះ អ្នកស្ម័គ្រចិត្ត​ប្រមាណ៣០រូបទៀត ​នឹង​ត្រូវបាន​បញ្ជូនមក​កម្ពុជា ក្នុង​នោះ​មាន​ផ្នែក សុខាភិបាល បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្នែក​អប់រំ និង​កីឡា ដូចជា អប់រំ​ថ្នាក់បឋមសិក្សា អប់រំ​វិទ្យាសាស្ត្រ អប់រំ​កាយ កីឡា ហែល​ទឹក និង​កីឡាបាល់ទាត់​៕

រដ្ឋាភិបាលជំរុញឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណពន្លឿនការសិក្សានិងបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រូវព  ន្លឿនការសិក្សាឱ្យបានឆាប់ ដើម្បីឈានទៅបង្កើត រោងចក្រចម្រាញ់ប្រេងក្នុងពេលខាងមុខ ដែលអាចឱ្យកម្ពុជាមានលទ្ធភាព ក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសំរេច ដែ​លអាចប្រើប្រាស់លើវិស័យផ្សេងៗទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌​មានកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការបូមប្រេងឆៅ នៅក្នុងតំបន់ប្រេងអប្សរាប្លុកAនៃបាសាំងខ្មែរយ៉ាងរលូន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយ ក្នុងការបើកផ្លូវនៃឧស្សាហកម្មប្រេងរបស់កម្ពុជា។

នៅពេលដែលកម្ពុជា កំពុងផលិតប្រេងឆៅទាំងអស់នេះបាន គឺកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅនៅឡើយនោះទេ ដោយប្រេងដែលបូមបាន គឺរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិ ពេញលេញលើការរុករកនិងផលិតប្រេងឆៅក្នុងប្លុកA សម្រាប់ដាក់ដេញថ្លៃប្រេងជាអន្តរជាតិ ដើម្បីលក់ទៅឱ្យក្រុមហ៊ុនបរទេសក្នុងតម្លៃមួយសមរម្យ ។

លោកបានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ដើម្បីសិក្សាវាយតម្លៃ ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ដែលមានកម្លាំងផលិតបាន ប្រហែល៥លានតោនប្រេងក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននោះមិនទាន់មានដំណើរការអ្វីឡើយ ហើយបើសិនជាក្រុមហ៊ុននោះនៅតែមិនមានការវិវត្តន៍អ្វីល្អនោះទេ គឺរាជរដ្ឋាភិបាលនឹងបញ្ចប់អាជ្ញាប័ណ្ណ។

លោកបានបញ្ជាក់ថា “បើយើងមានរោងចក្រចម្រាញ់ប្រេងកាត យើងបានផលិត​ផលដែលចេញពីប្រេងកាតច្រើនណាស់ សម្រាប់ប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត។ ដូច្នេះជាគោលការណ៍ ជាគំនិតដែលយើងបានគិតថា ត្រូវជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនេះ គឺគាត់ខិតខំបញ្ចប់ការសាងសង់រោងចក្រនេះឱ្យបាន ហើយបើសិនគាត់ធ្វើមិនបានទេ គឺយើងត្រូវរកក្រុមហ៊ុនផ្សេង ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះឱ្យបាននៅពេលខាងមុខ”៕