World Bank បាននិងកំពុងជួយកម្ពុជានិងបណ្តាប្រទេសEAPដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស

ដោយៈ ប៊ី

ភ្នំពេញៈ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សយ៉ាងច្រើន ហើយបានឱ្យមានផលប៉ះពាល់ដលសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក។ នៅពេលដែលបណ្តាប្រទេសនៅជុំវិញពិភពលោក កំពុងទប់ស្កាត់ការរីករាលដាល និងផលប៉ះពាល់នៃកូវីដ១៩ ធនាគារពិភពលោកបានឆ្លើយតបយ៉ាងឆាប់រហ័ស និងធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ពង្រឹងប្រព័ន្ធឆ្លើយតប និងប្រព័ន្ធថែទាំសុខភាពរបស់ពួកគេ។ នេះបើយោងតាមធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍មុន។

ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ធនាគារពិភពលោកកំពុងផ្តល់កម្រិតគាំទ្រ ក្នុងប្រវត្តិសាស្ត្រដល់អតិថិជន។ ទំហំទឹកប្រាក់គាំទ្រ អាចរកបានរហូតដល់១៦០ពាន់លានដុល្លារ ក្នុងរយៈពេល១៥ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយប្រទេសជាង១០០ក្នុងការការពារជនក្រីក្រ និងងាយរងគ្រោះ ជួយទ្រទ្រង់អាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (EAP) ដែលជាកន្លែងមានការរីករាលដាលនៃជំងឺរាតត្បាតដំបូង ប្រតិបត្ដិការបន្ទាន់ត្រូវបានអនុម័តរួចរាល់ ហើយក្រោមការតាមដានកូវី១៩រហ័ស សម្រាប់ប្រទេសកម្ពុជា ហ្វីជី ឥណ្ឌូនេស៊ី គីរីបាទី ឡាវ កោះ Marshal ម៉ុង  ហ្គោលី មីយ៉ាន់ម៉ា ប្រទេសប៉ាពួញូហ្គីណេ ហ្វីលីពីន សាម៉ៅ កោះសូឡូម៉ុន ទីម័រ និងវៀតណាម។

ប្រតិបត្ដិការទាំងនេះផ្តល់នូវហិរញ្ញប្បទានបន្ទាន់ សម្រាប់ការទិញសម្ភារៈវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ការបណ្តុះបណ្តាលបុគ្គលិកពេទ្យ និងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈជាតិ។ ប្រតិបត្ដិការនៅតាមប្រទេសនីមួយៗ ត្រូវបានរៀបចំឡើងស្របតាមបរិបទជាក់លាក់ និងស្ថានភាពរាតត្បាតរបស់ប្រទេស។

ធនាគារពិភពលោក ក៏កំពុងធ្វើការជាមួយបណ្តាប្រទេសជាច្រើន ដើម្បីរៀបចំគម្រោ​ង ដែលមានស្រាប់ឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតកូវីដ១៩ តាមរយៈការបែងចែកមូលនិធិការផ្លាស់ប្តូរ សមាសធាតុបន្ទាន់នៃគម្រោងដែលមានស្រាប់។ រហូតមកដល់ពេលនេះ កិច្ចការនេះត្រូវបានធ្វើនៅប្រទេសកម្ពុជា សហព័ន្ធរដ្ឋម៉ៃក្រូណី ម៉ុងហ្គោលី ហ្វីលីពីន តុងហ្គា ទូវ៉ាលូ សាម៉ៅ និងវ៉ានូអាទូ។

នៅដំណាក់កាលទី២នៃការឆ្លើយតបនឹងជំងឺកូវីដ១៩ ដើម្បីជួយប្រទេសនានាដោះ​ស្រាយផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម និងភាពក្រីក្រធ្ងន់ធ្ងរ ធនាគារកំពុងធ្វើការជាមួយបណ្តាប្រទេសនានា ដើម្បីពង្រឹងវិធានការការពារសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះជួយគាំទ្រដល់អាជីវកម្ម និងការងារការពារ និងឈានដល់ការកំណែទម្រង់ដែលត្រូវការ ដើម្បីកាត់បន្ថយពេលវេលា ដើម្បីស្តារឡើងវិញ និងបង្កើតលក្ខខណ្ឌ សម្រាប់កំណើនដែលមានមូលដ្ឋានទូលំទូលាយ និងប្រកបដោយចីរភាព។

ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់ប្រជាជនងាយរងគ្រោះ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមត្រូវការការទទួលបានវ៉ាក់សាំងត្រឹមត្រូវ និងទូលំទូលាយនិងរហ័ស។ នោះហើយជាមូលហេតុ ដែលធនាគារពិភពលោកកំពុងបង្កើតការឆ្លើយតបដំបូងរបស់ខ្លួន ដែលមានទំហំទឹកប្រាក់១២ពាន់ដុល្លារ ដើម្បីជួយប្រទេសក្រីក្រទិញ និងចែកចាយវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល៕

ចេញរកស៊ីដំបូងលោកលី សុខឆាយខាតបង់ប្រាក់អស់ ៣០ម៉ឺនដុល្លារ កាលពី10ឆ្នាំមុន!

ដោយ: ស៊ីវ ម៉េង
ភ្នំពេញៈ មានស្រុកកំណើតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកលី សុខឆាយ បានចាប់កំណើតក្នុងគ្រួសារអ្នកជំនួញ មានឥទ្ឋិពលមួយរូប ក្នុងទឹកដីដងស្ទឹងសង្កែឬទឹកដីតាដំបងគ្រញូង។

ក្នុងបឋមវ័យ លោកលី សុខឆាយបានការចាប់ផ្តើមការសិក្សាផ្តោតខ្លាំង ភាសាចិនតាំងពីតូច ដែលធ្វើឲ្យលោកអាចនិយាយភាសាចិន យ៉ាងស្ទាត់ជំនាញ មុនពេលលោកបានមកសិក្សា នៅនៅវិទ្យាល័យជម្ពូរវ័ន្ត រាជធានីភ្នំពេញ ហើយបន្តសិក្សានៅវិទ្យាស្ថានភាសាបរទេស(IFL)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ផ្នែកច្បាប់ នៃសាកលវិទ្យាល័យ នីតិសាស្រ្ត វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច (RULE)។


ចាប់កំណើត នៅខែមេសា ឆ្នាំ១៩៨៧ ក្នុងក្រុងបាត់ដំបង លោកលី សុខឆាយត្រូវបានគេមើលឃើញថា ជាមនុស្សរៀនសូត្រពូកែ តែងតែជាប់លេខ 1 ឬលេខ 2 ក្នុងថ្នាក់ និងមានចារឹក សុភាពរាបសារ រួសរាយ រាក់ទាក់ គោរពរចាស់ទុំ ប៉ុន្តែម៉ត់ចត់ក្នុងការងារ ហ៊ានប្រថុយ (រកស៊ីត្រូវតែហ៊ានប្រថុយ) ប្រសិនជាពេលវេលាសមស្រប។
ជាភ័ព្វសំណាងមួយ សម្រាប់លោកលី សុខឆាយ ព្រោះលោកបានចាប់កំណើតក្នុងគ្រួសារអ្នកជំនួញឆ្នើម ដែលធ្លាប់មានប្រវត្តិធ្វើការជាមួយអ្នកឧកញ៉ាថៃ ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន Thai Boonrong Group និងបច្ចុប្បន្ន កំពុងសហការធ្វើជំនួញជាមួយ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់ និងជាអគ្គនាយកក្រុមហ៊ុន OCIC ព្រមទាំងប្រធានអគ្គនាយកធនាគារកាណាឌីយ៉ាជាដើម លោកគឺជាបុគ្គលទី 1 ដែលសរសេរ និងបង្កើត ផែនការអាជីវកម្ម (Business Plan) ចំនួន 40 ទំព័រ ដែលទទួលបានការអនុម័តពីអ្នកឧកញ៉ា ពុង ឃែសែ លើគម្រោងអាជីវកម្មរបស់ខ្លួន!
ដោយសារមានឈាមជ័រ ជាអ្នរកស៊ីបែបនេះហើយ ទើបលោក លី សុខឆាយ មាននិស្ស័យជាអ្នកជំនួញតាំងពីក្មេង ហើយលោកបានចាប់ផ្តើមប្រឡូកជំនួញ ដោយខ្លួនឯង នៅពេលលោកចាប់ផ្តើមសិក្សាភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកច្បាប់ នៃសាកលវិទ្យាល័យ នីតិសាស្រ្ត វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច (RULE)។
ចំណង់ចំណូលចិត្តជាអ្នកជំនួញ ស្ថិតនៅពេញក្នុងចិត្តរបស់លោកសុខឆាយ រហូតមក ទើបនៅពេលមួយនោះ លោកបានខាតបង់ប្រាក់ ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ក្នុងការប្រឡូកលើមុខជំនួញទាំងបទពិសោធន៍នៅក្មេងខ្ចី
មុខជំនួញដំបូង ដែលធ្វើឲ្យលោកខាតបង់ធ្ងន់ធ្ងរនោះ គឺលោកបានបើកអាជីវកម្មផ្នែកដឹកជញ្ជូន ( Logistics) ការដេញគម្រោងផ្គត់ផ្គង់ និងការទទួលការកុំម៉ងអីវ៉ាន់ ការដែលគេជំពាក់មិនសង និងខាតបង់ទៅលើប្រាក់ខែបុគ្គលិក ជាពិសេសគាត់ជាប់មើលថែឱពុករបស់គាត់ពេលឈឺ និងត្រូវព្យាបាលនៅប្រទេសថៃអស់រយៈពេល 7 ខែ (ឡើងចុះ) ទើបលុយចំនួន ៣០ម៉ឺនដុល្លារ ត្រូវបានបាត់បង់គួរឲ្យសោកស្តាយ។
លោកលី សុខឆាយបានបញ្ជាក់ថា “ទោះជារងការខាតបង់ធ្ងន់ធ្ងរក្តី ប៉ុន្តែខ្ញុំមិនបានជាប់បំណុល ឬមិនសងប្រាក់ខែបុគ្គលិក និងប្រាក់របស់អាជីវករណាមួយឡើយ គឺបានធ្វើការទូទាត់រួចយ៉ាងល្អ”។ លោកបន្តថា “ជាមួយនឹងបទពិសោធន៍បរាជ័យ បានធ្វើឲ្យខ្ញុំមិនរាងចាលនោះទេ ហើយខ្ញុំនៅតែបន្តរកស៊ីលើផ្នែកដទៃទៀត ជីវិតឈានឡើងជាមួយចក្ចុវិស័យច្បាស់លាស់
ជាបញ្ញវ័ន្តមួយរូប និងជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ តស៊ូមិនបោះបង់ បានធ្វើឲ្យមុខជំនួញរបស់លោកលី សុខឆាយ ឈានឡើងជាមួយនឹងភាពច្បាស់លាស់ ព្រោះលោកឈរលើមូលដ្ឋានចំណេះដឹង ជំនាញ និងរៀនពីបទពិសោធន៍ធ្លាប់បរាជ័យកន្លងមក ដើម្បីកុំឲ្យកើតមានជាថ្មី។
ការដួលមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្វីសំខាន់គឺដួលហើយចេះក្រោក និងអាចឆ្ពោះទៅមុខដោយស្វាហាប់។
នៅពេលសួរថា តើអ្វីជាមួលដ្ឋាននៃភាពជោគជ័យរបស់លោក លោកលី សុខឆាយបានបង្ហើបឲ្យដឹងថា លោកតែងតែចូលចិត្តរៀនសូត្រជាប្រចាំ ជាមួយមនុស្សជុំវិញខ្លួនទាំងក្មេង ទាំងចាស់ ដោយផ្តោតលើការបង្កើតមិត្ត កសាងទំនាក់ទំនងល្អជាមួយចាស់ទុំ និងអ្នកប្រឡូកក្នុងមុខជំនួញនានា ដើម្បីអាចសិក្សាបាននូវបទពិសោធន៍ថ្មីៗលើមុខជំនួញ ក៏ដូចជាកសាង បណ្តាញមមិត្តភ័ក្តក្នុងអាជីវកម្ម ពិសេសក្នុងវិស័យអចលនទ្រព្យ ព្រោះអចលនទ្រព្យជាវិស័យមួយ ដែលធ្វើការងារជាបណ្តាញ ឬជាក្រុម។
ជាមួយនឹងឥរិយាបទ គោរពចាស់ទុំ និងដាក់ខ្លួនតាមកាលៈទេសៈ លោកលី សុខឆាយ បានទទួលការសហការពីក្រុមហ៊ុនដៃគូជាច្រើន ដើម្បីជម្រុញភាពរីកចម្រើនរបស់LSCG ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកបានចុះMOU សហការជាដៃគូជាមួយក្រុមហ៊ុនចិន ក្នុងតម្លៃប្រមាណ២០លានដុល្លារអាមេរិក ដើម្បីម៉ៅការលើគំរោងអចលនទ្រព្យនានា។ ដោយសារតែកេរ្ត៍ឈ្មោះរបស់លោក និងគ្រួសារ ពិសេសការមានទំនាក់ទំនងល្អជាមួយអ្នកឧកញ៉ាធំៗ ដែលមានឥទ្ឋិពលលើមុខជំនួញ និងសេដ្ឋកិច្ចនៅកម្ពុជា៕

អ្នកវិភាគ​លើកឡើង​ពី​កត្តា​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ខុន​ដូ​កាន់តែច្រើន

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ មាន​កត្តាសំខាន់ៗជាច្រើន​បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែបផែន​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ពួកគេ​កាន់តែច្រើន​បានសម្រេច​ចិត្ត​វិនិយោគ​លើ​ខុន​ដូ និង​ទិញ​សំរាប់​ការរស់នៅ។

សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ Propertyarea.asia ដែល​បាន​តាមដាន​កា​វិ​វត្ត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ពិតណាស់​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា ការកើនឡើង​នូវ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម ពិតជា​បាននិងកំពុង​ផ្លាស់ប្តូរ​របៀប នៃ​ការគិត​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការ​ស្នាក់​នៅតាម​ខុន​ដូ បានផ្តល់​ភាពងាយស្រួល​ច្រើន​ដោយសារ​គំរោង​ខ្លះ​បានផ្តល់​សេវាកម្ម ជា​កញ្ចប់​នៅក្នុង​គម្រោង​របស់​ពួកគេ ដូចជា មាន​អា​ហែង​ទឹក មាន Sky Bar មាន Mini Mart សេវាកម្ម​ហាត់ប្រាណ និង​កន្លែង​កំសាន្ត​នៅលើ​ដំបូល​ដទៃទៀត” ។

លោក​យិន លាង​គង់ បាន​បន្តទៀតថា បទពិសោធន៍​បែបនេះ បាន​ធ្លាប់​កើត​មាននៅ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម​ជាដើម ដែល​ប្រជាពលរដ្ឋ​ដំបូង​ឡើយ​ពួកគេ​មិន​ចង់​រស់នៅ​តាម​ខុន​ដូ​នោះទេ ប៉ុន្តែ​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម បាន​ផ្លាស់ប្តូរ​ប្រ​ព័​ន្ឋ​នៃ​ការគិត​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាជន​ខ្មែរ​បាននិងកំពុង​ទទួល​ឥ​ទ្ឋិ​ពល​នេះ។

លោក​សំ សុខ​នឿន ​ប្រធាន​សមាគម​គម​អចលនទ្រព្យ​សកល​បាន​មានប្រសាសន៍ថា ការរីកចម្រើន​សេដ្ឋកិច្ចសង្គម កំនើន​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង កម្រិតជីវភាព​និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង បាននិងកំពុង​ធ្វើ​ឲ្យ​និន្នាការ​រស់នៅ​តាម​ខុន​ដូរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​កើន​ឡើងជា​ស្វ័យប្រវត្តិ។

លោក​បន្តថា “វា​មិនមែនជា​រឿង​ចម្លែក​ទេ តែ​នេះ​ជា​និន្នាការ​វិវត្តន៍​របស់​សង្គម ដែល​នឹងធ្វើ​ឲ្យ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ជា​ស្វ័យប្រវត្តិ” ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution បាន​រកឃើញថា ទីក្រុង​ភ្នំពេញ​នឹងមាន​ប្រជាពលរដ្ឋ រស់នៅ​ប្រមាណ ៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ ដែល​កំនើន​ប្រជាសាស្ត្រ​នេះ​បាន និង​កំពុង​ជះ​ឥ​ទ្ឋិ​ពល​ដល់​ការផ្លាស់ប្តូរ​បែបផែន​ជីវិត ការផ្លាស់ប្តូរ​ផ្នែក​នគររូបនីយកម្ម​ទីក្រុង។ ការសិក្សា​នេះ​បាន​រកឃើញ​កត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ កំនើន​តម្លៃ​អចលនទ្រព្យ​ពិសេស​លំនៅដ្ឋាន នឹងធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​តាម​ខុន​ដូ ទី២ ការកកស្ទះ​ចរាចរណ៍​នឹង​កើនឡើង​កាន់តែខ្លាំង ហេតុនេះ ប្រជាពលរដ្ឋ​នឹង​ស្វែងរក​កន្លែង​រស់នៅ​ជិត​កន្លែងធ្វើការ​របស់​ពូកគេ។

ទី៣ ការផ្លាស់ប្តូរ​គុណភាព​ជីវិត មានន័យថា​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ដោយ​ពួកគេ​អាច​កុំម៉ង់​អាហារ​ញុំ​ា​បាន​តាម​ការចង់បាន និង​មាន​សេវាកម្ម​ដឹក​ដល់ផ្ទះ​របស់​ពួកគេ៕

ស្ថាបត្យកម្ម​កំពូល​ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន កំពស់ ៣៣៩ម៉ែត្រ បាន​សាងសង់​បញ្ចប់​ជា​ផ្លូវការ

ដោយៈ​សុខុម

ប្រទេស​ចិន:  ក្រុមហ៊ុន​ស្ថាបត្យកម្ម​អន្តរជាតិ Aedas បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ​កាលពីពេលថ្មីៗនេះ​នូវ​អគារ “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ហេង​ឈី​ន” (Hengqin International Financial Centre) កម្ពស់ ៣៣៩ម៉ែត្រ ដែល​ស្ថិតនៅ​មាត់ទន្លេ​គជ់ខ្យង (Pearl River) និង​ដែល​មើលឃើញ​ទេសភាព​កោះ​ម៉ា​កាវ នៅ​ត្រើយម្ខាង។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ ArchDaily ។

Aedas គឺជា​ក្រុមហ៊ុន​អន្តរជាតិ ដែល​ផ្ដល់​សេវាកម្ម​ផ្នែក​ស្ថាបត្យកម្ម ការ​ឌី​ហ្សា​ញ​ផ្ទៃ​ខាងក្នុង ការ​ឌី​ហ្សា​ញ​សួនឧទ្យាន ការ​ឌី​ហ្សា​ញ​ប្លង់​ទីក្រុង ការធ្វើ​ផែនការមេ និង​ក្រាហ្វិក។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០២ ជា​សម្ព័ន្ធ​រវាង​ក្រុមហ៊ុន​មាន​ស្រាប់​ចំនួន៣ នៅ​ប្រទេស​អង់គ្លេស ក្រុង​ហុងកុង និង​ប្រទេស​អូស្ត្រាលី។

គម្រោង​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ មាន​ទីតាំង​ស្ថិតនៅលើ​កោះ​ហេង​ឈី​ន (Hengqin Island) ក្រុង​ជូ​ហាយ (Zhuhai) ប្រទេស​ចិន ហើយ​ថ្ងៃ​អនាគត​ដ៏​ខ្លី​វា​នឹង​ក្លាយជា​សង្កាត់​ហិរញ្ញវត្ថុ ដែល​ភ្ជាប់​ក្រុង​ហុងកុង កោះ​ម៉ា​កាវ និង​ទីក្រុងធំៗផ្សេងទៀត​ក្នុង​តំបន់ Greater Bay Area (ខេត្ត​គ័ង​តុង-ហុងកុង-ម៉ា​កាវ)។

កោះ​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ទឹកសមុទ្រ និង​ជួរ​ភ្នំ និង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ចង្កោម​ទីក្រុង​លំដាប់​ពិភពលោក​មួយ​នេះ កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដូច​បានបង្ហាញ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ថ្នាក់ជាតិ​ចុងក្រោយ​របស់​ប្រទេស​ចិន។

បណ្ឌិត Andy Wen នាយក​ផ្នែក​ឌី​ហ្សា​ញ​ជា​អន្តរជាតិ នៃ​ក្រុមហ៊ុន Aedas បាន​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​នេះ រួមមាន ការិយាល័យ​លំដាប់​A សាលសន្និសីទ និង​សាល​តាំងពិព័រណ៍ អា​ផាត​ម៉ិ​ន និង​ទីធ្លា​សម្រាប់​អាជីវកម្ម​លក់រាយ។ កន្លែង​លក់រាយ​ស្ថិតនៅ​ជាន់​ខាងក្រោម​នៃ​អគារ ការិយាល័យ​ស្ថិតនៅ​ជាន់​កណ្ដាល ហើយ​អា​ផាត​ម៉ិ​ន​ស្ថិតនៅ​ជាន់​លើ។

អគារ​កញ្ចក់​នេះ ត្រូវបាន​ឌី​ហ្សា​ញ​យ៉ាង​ពិសេស ដើម្បី​កាត់បន្ថយ​កម្លាំង​ខ្យល់​ខ្លាំង ធ្វើឱ្យ​អ្នក​ថ្មើរជើង​ទទួលបាន​បទពិសោធន៍​កាន់តែ​ប្រសើរ។ នៅ​ផ្នែក​ខាងក្រោម ការ​ឌី    ហ្សា​ញ​មាន លក្ខណៈ​រមួល​គួរឱ្យ​ចាប់អារម្មណ៍ និង​ស្រស់ស្អាត​ប្លែក។

នេះ​សរ​បង្ហាញ​ពី​សមិទ្ធផល​ដ៏​ធំធេង​មួយទៀត ដែល​ជួយ​លើកមុខ​មាត់​មហា​យក្ស​ចិន មួយកម្រិត​ទៀត​នៅលើ​ឆាក​អន្តរជាតិ ទោះបីជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​មួយ​នេះ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ យ៉ាងណាក្ដី។

ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ពី​ទំហំ​ទុនវិនិយោគ​សរុប លើ​គម្រោង​អគារ​ដ៏​ធំ នេះឡើយ៕

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កំពុង​ចាក់ដី​រៀបចំ​បង្កើត​ឧទ្យាន​ជាតិ ទំហំ ៧៥ហិកតានៅ​បឹង​តា​មោក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ចាក់ដី​លុប​បឹង​តា​មោក​ទំហំ៧៥ហិកតា​ដើម្បី​រៀបចំ និង​បង្កើតជា​ឧទ្យាន​ជាតិ​រាជធានី​ភ្នំពេញ ក្រោម​ការទទួលបាន​កា​រ​អនុញ្ញាត​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ជាមួយនឹង​បង្កើតឱ្យមាន​ពិភព​បៃតង ដោយ​ការត្រៀម​កូនឈើ​ដាំ​រហូតដល់​ប្រមាណ ១០ម៉ឺន​ដើម។

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមក​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ២០២០កន្លងទៅ បានសម្រេច​យល់ព្រម ផ្តល់​ផ្ទៃ​បឹង​តា​មោក​ទំហំ៧៥ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រគល់ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​បង្កើតជា​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​បន្តថា “ពេលនេះ​យើង​បាន​ចាក់ដី​លុប​បំពេញ និង​ព័ទ្ធ​ទីតាំង​គម្រោង​ដែល​នឹងត្រូវ​រៀបចំ​បង្កើត​ឧទ្យាន​ជាតិ រាជធានី​ភ្នំពេញ ដែលមាន​ទំហំ៧៥ហិកតា​បាន​ជិត​រួចរាល់​ហើយ” ។ លោក​បន្តថា “ប៉ុន្តែ​នៅ​មិនទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់ ក្នុងការ​ចាប់​បើក​ការដ្ឋាន​នៅឡើយ​នោះទេ ដោយសារតែ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​កំពុង​រាតត្បាត។ ពេលនេះ​ត្រូវ​ប្រយុទ្ធ​ជាមួយ​កូ​វីដ ហើយ​ត្រៀម​ថវិកា​សម្រាប់​ប្រើប្រាស់​បន្ទាន់ ក្នុងការ​អនុវត្ត​ជាក់ស្ដែង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​សិន” ។

លោក​ឃួ​ង ស្រេង បញ្ជាក់​ឱ្យដឹងថា នៅក្នុង​ការរៀបចំ​បង្កើត​ជា​ឧទ្យាន​ជាតិ​ដ៏​ធំ​ប្រចាំរាជធានី​ភ្នំពេញ​មួយ​នេះ ក៏មាន​ការរៀបចំ​បង្កើត​ជា​សួនច្បារ នៃ​ពិភព​បៃតង​ផងដែរ ដោយមាន​ការត្រៀម​កូនឈើ សម្រាប់​ដាំ​នៅក្នុង​បរិវេណ​ចំនួន១០ម៉ឺន​ដើម ហើយ​បច្ចុប្បន្ន​កូនឈើ ដែល​ត្រៀម​ដាក់​ដាំ​ក៏​ដុះ​លូតលាស់​ល្អធំៗរួចរាល់​ហើយ​ដែរ ពោលគឺ​នៅ​រង់ចាំតែ​ពេល​ចាប់​អនុវត្តន៍​តែប៉ុណ្ណោះ៕

រដ្ឋាភិបាល​គ្រោង​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន ៧លាន​ក្បាលដី ជូន​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាការ​ធានា​ដល់​សុវត្ថិភាព និង​ភាព​សុខ​របស់​ប្រជាពលរដ្ឋ ក្នុងការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅត្រឹម​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹងធ្វើ​ការចុះបញ្ជី​ចំនួន៧លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ។

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា សុផារ៉ា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា នៅ​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី៧លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ ។

លោក​បន្តថា “សូមឱ្យ​ទាំងអស់គ្នា ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី ព្រោះ​ការចុះបញ្ជី​ដីធ្លី​នេះ គោលដៅ​ដ៏​ចម្បង យើង​ត្រូវ​ជំរុញ​ឱ្យបាន៩៤ភាគរយ នៅ​ឆ្នាំ២០២០ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ ពេល​សន្និបាត​ឆ្នាំ២០២១ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ប៉ាន់ស្មាន​មាន​ជាង៧លាន​ក្បាលដី” ។

លោក​ជា សុផារ៉ា​បាន​សង្កត់ធ្ងន់ថា ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​នៅ​ឆ្នាំ២០២១ ខាងមុខនេះ គឺជា​ការងារ​ដ៏​សំខាន់បំផុត ដើម្បីឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព មាន​បណ្ណ​សម្គាល់​អចល​វត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូប ព្រមទាំង​ធ្វើឱ្យមាន​ស្ថិរភាព ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ មាន៥ដំណាក់កាល​កន្លងផុត​ទៅហើយ។

ចាប់ពី​ឆ្នាំ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បណ្ណ​កម្មសិទ្ធិ ទទួលស្គាល់​សិទ្ធិ កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន៥ដំណាក់កាល ដូច្នេះ​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង៥ដំណាក់កាល បានក្លាយ​ជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់ជូន ដល់​ប្រជាពលរដ្ឋ​ទាំងអស់។ ការផ្តល់ជូន​បណ្ណ​កម្មសិទ្ធិ​លើដី​ធ្លី​នេះហើយ បាន​នាំមក​នូវ​សក្តានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ និង​អាច​ស្វែងរក​ដៃគូរ​អភិវឌ្ឍ​នានា មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម។ និយាយ​ម្យ៉ាងទៀត វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការដោះស្រាយ​វិវាទ​ដីធ្លី​ផងដែរ៕

ប្រធាន GRA : ក្រោយ​បញ្ចប់​វិបត្តិ​កូ​វីដ19 តម្លៃ​អចលនទ្រព្យ​ក្រុង​សៀមរាបនឹង​ឡើងថ្លៃ​ខ្ពស់

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម នឹង​វិបត្តិ​សាកល​នៅពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ដាក់ ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​លំបាក ហើយ​ព្យាយាម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ក្រុង​សៀមរាប ដើម្បី​បង្កើន​សោភ័ណភាព ទាក់ទាញ​ការវិនិយោគ ដែល​អំណោយផល​ដល់​វិស័យ​អចលនទ្រព្យ ជាពិសេស​នឹង​ឡើងថ្លៃ​ខ្ពស់​ក្រោយពេល​វិបត្តិ​កូ​វីដ​ត្រូវ​បានបញ្ចប់។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ការដាក់ចេញ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​នាពេល​កន្លងមកនេះ គឺ​សញ្ញា​មួយ​ល្អ​ដែល​ជំរុញឱ្យមាន​ស័​យ​នានា​ឱ្យមាន​ការរីកចំរើន រួមជាមួយ​នឹង​វិស័យ​អចលនទ្រព្យ​ផងដែរ។

លោក​បន្តថា “ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​សៀម វា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចំរើន ជាពិសេស​អចលនទ្រព្យ​ប្រភេទ​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូង​ផងដែរ” ។ លោក​បន្តថា “ការអះអាង​បែបនេះ ស្របពេល​មាន​គម្រោង​អភិវឌ្ឍន៍ធំៗជាច្រើន ជាពិសេស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត ដ៏​ធំ​របស់​ក្រុមហ៊ុន​ Naga Corp រួមជាមួយ​គម្រោង​បង្កើត​ទីក្រុង​រណប​រប​ស់​ក្រុមហ៊ុន​ចិន និង​គម្រោង​ទីក្រុង​ឆ្លាត​វៃ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប” ។

ភ្ជាប់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នៅ​ទូទាំង​ក្រុង​សៀមរាប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ច្រើន ហើយ​មាន​បន្ថែម​ផ្លូវ​ថ្មី វា​ពិតជា​ជួយ​លើកស្ទួយ​តម្លៃ​ដីធ្លី​ឱ្យមាន​ការកើនឡើង ព្រម​គ្នា​ជាមួយនឹង​គម្រោង​វិនិយោគថ្មីៗផ្សេងទៀត ក៏​នឹង​កើនឡើង​ផងដែរ ខណៈ​បច្ចុប្បន្ននេះ តម្លៃ​ដី​នៅតាម​តំបន់​មួយចំនួន​នៅក្នុង​ក្រុង​សៀមរាប​មានតម្លៃ​ចាប់ពី ១៨០០ ទៅ​ជាង ២០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។នេះ​បើតាម​លោក​សំ សុខ​នឿន។

លោក​បាន​បញ្ជាក់ទៀតថា “មាន​ហេតុផលសំខាន់ៗជាច្រើន ដែល​នឹង​ជំ​រុញឱ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប ងើប​ឡើងវិញ​ម្តងទៀត ក្រោយ​សម័យកាល​កូ​វីដ១៩ ដែល​ក្នុងនោះ​រួមមាន ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​សាងសង់​រួចរាល់ គម្រោង​វិនិយោគធំៗកំពុងតែ​ចូលក្នុង​ក្រុង​សៀមរាប ហើយ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ជាពិសេស​អ្នកវិនិយោគ​ចិន​នឹង​មក​វិនិយោគ អភិវឌ្ឍ​អចលនទ្រព្យ​កាន់តែ​ច្រើនជាង​មុន” ។

លោក​សុខ​នឿន ​បាន​បន្តទៀតថា សៀមរាប ជា​ទឹកដី​អច្ឆរិយៈ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ទូរ​ទាំង​សកលលោក ដូច្នេះ​វា​ក៏​ជា​ចលករ​មួយ​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ឱ្យមាន​ការវិនិយោគ​គំរោង ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​ការ​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំពោះ​ខេត្តសៀមរាប ដែលជា​ប៉ូល​សេដ្ឋកិច្ចជាតិ តាមរយៈ​គោលនយោបាយ​បើកចំហ និង​សម្រួល​ដល់​ជនបរទេស ដែលជា​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ឲ្យ​មក​បោះទុន​វិនិយោគ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា៕

ទីក្រុងរណបធំមួយCoastal Cityនឹងលេចរូបរាងនៅខេត្តកោះកុង

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ កំពុងរៀបចំអភិវឌ្ឍន៍ទីក្រុងរណបCoastal City ជាគំរោងដែលស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តកោះកុង ជាខេត្តដែលមានសក្តានុពលដ៏សម្បើមលើវិស័យទេសចរណ៍។

យោងតាមបណ្តាញព៌តមានរបស់ក្រុមហ៊ុននេះ ដែលបានបង្ហាញលើទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា គំរោងនេះនឹងជារមណីយដ្ឋាន និងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅខេត្តជាប់តំបន់ឆ្នេរមួយនេះ។ គំរោងនេះព័ទ្ឋជុំវិញដោយឧទ្យានជាតិបុទុមសាគរ និងគិរីសាគរ ជាមួយធម្មជាតិព៌ណខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ជាមួយទឹកសមុទ្រខៀវស្រងាត់ និងព្រៃកោងកាងធំបំផុតនៅលើពិភពលោក។

ទីក្រុងCoastal City បញ្ជាក់ពីអត្ថន័យឲ្យសម្រស់ធម្មជាតិ ជាកន្លែងដែលលេចធ្លោ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន។

គំរោងនេះត្រូវបានពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក និងវិទ្យាស្ថានទេសចរណ៍គួយលីនកាលពីថ្ងៃទី21 មករា2021 នៅតារាសាគរ ខេត្តកោះកុងកន្លងមកនេះ។

កច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ នឹងមានការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈ​មណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ពិធីចុះហត្ថលេខាកន្លងមក មានការចូលរួមពីលោក​ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរ​ណ៍ និងលោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្ម នៃការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងធានជីនលោកZhu Yi Hai, អនុប្រធានផ្នែកផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានវប្បធម៌ និងទេស​ចរណ៍នៃខេត្តគួនស៊ីជួង តំបន់ស្វយ័ត លោកស្រីTan Juan លោកLi Meng Chenប្រធានក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក, លេខាធិការគណៈកម្មាធិការបក្សសាស្រ្តាចារ្យអ្នកស្រីLin Na មកពីសាកលវិទ្យាល័យទេសចរណ៍ហ្គីលីន និង លោកនាយកសាលាសាកលវិទ្យាល័យទេសចរណ៍ គួយលីងសាស្រ្តាចារ្យCheng Dao Pin។

អភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកោះកុងបានទាក់ទាញគំរោងវិនិយោគច្រើនកំឡុងឆ្នាំមុន បើទោះជាខេត្តដទៃទៀតមានបញ្ហាក្តី តែការវិនិយោគនៅខេត្តកោះកុងកើនឡើង ដែលភាគច្រើនជាគម្រោងអចលនទ្រព្យ សណ្ឋាគារ និងផ្ទះសំណាក់។

លោកជំទាវបន្តថា “អ្នកវិនិយោគភាគច្រើន ជាអ្នកក្នុងស្រុក ប៉ុន្តែអ្នកវិនិយោគអន្តរជាតិមានចំនួនតិចជាង ប៉ុន្តែទំហំទុនមានច្រើនជាងអ្នកវិនិយោគក្នុងស្រុក”៕

ធនាគារតូចធំជាច្រើនកំពុងបង្ហាញខ្លួននៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ដែលប្រមូលផ្តុំទៅដោយកន្លែងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងរូបភាពជាអាជីវកម្មខ្នាតតូច ប៉ុន្តែបច្ចុប្បន្នតំបន់ដែលស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅបានប្រែរូបរាងជាអគារពាណិជ្ជកម្មចម្រុះធំៗ ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកំពុងប្រមូលផ្តុំគ្នាមិនក្រោម២០ស្ថាប័ននោះទេ។

គិតចាប់ពីចំណុចភ្លើងស្តុបទីមួយនៃផ្សារច្បារអំពៅរហូតដល់ចំណុចភ្លើងស្តុបទី៣មុខវត្តនិរោធ ដែលមានចម្ងាយត្រឹមប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ នៅស្របតាមបណ្តោយផ្លូវជាតិលេខ១ គេសង្កេតឃើញមានអគារពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះអ្វីដែលជាការគួរឱ្យកត់សម្គាល់គឺមានស្ថានប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនកំពុងបង្ហាញវត្តមានក្នុងតំបន់ដែលកំពុងមានសក្ដានុពលមួយនេះ។

លោកម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ EASY Property Investment បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា ខណ្ឌច្បារអំពៅនៅពេលបច្ចុប្បន្នកំពុងក្លាយជាគោលដៅវិនិយោគនៅក្នុងវិស័យសំណង់ ដែលក្នុងនោះរួមទាំងផ្នែកលំនៅដ្ឋានកម្រិតសមរម្យ លំនៅដ្ឋានកម្រិតខ្ពស់ លំនៅដ្ឋានសហកម្មសិទ្ធិ និងអគារពាណិជ្ជកម្មផ្សេងៗទៀត។

លោកបានបន្តថា “ហេតុផលដែលធ្វើឱ្យអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិសម្រេចចូលទៅកាន់តំបន់នេះ ព្រោះខណ្ឌច្បារអំពៅបច្ចុប្បន្នលែងជាតំបន់ជាយក្រុងដូចកាលពី៥ឆ្នាំមុនទៀតហើយ ជាក់ស្ដែងយើងមានគម្រោងអភិវឌ្ឍន៍ធំមួយចំនួនបានធ្វើរួច ហើយមួយចំនួនកំពុងបន្តសកម្មភាពសាងសង់ស្របពេលដែលកំណើនប្រជាសាស្ត្រចូលមករស់នៅកាន់តែច្រើនឡើងៗ ហើយតម្លៃនៃទីផ្សារអចលនទ្រព្យក៏កាន់តែកើនឡើងដូចគ្នា”។

ជាមួយគ្នានលោក ម៉ម សិរីបញ្ញា ក៏បានលើកឡើងផងដែរថា ជាធម្មតានៅតំពន់ណាដែលមានកំណើនប្រជាជនចូលទៅរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ធល្អផ្តល់ភាពងាយស្រួលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្ម និងធ្វើពាណិជ្ជកម្ម វានឹងក្លាយជាចលករសំខាន់ក្នុងការទាក់ទាញគម្រោងវិនិយោគបន្ថែម។

ពាកព័ន្ធទៅនឹងរំហូរនៃកំណើនអគារពាណិជ្ជកម្ម ជាពិសេសស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាច្រើននៅក្នុងតំបន់ច្បារអំពៅត្រូវបានលោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា ច្បារអំពៅជាតំបន់ដែលមានប្រជាជនរស់នៅច្រើនស្រាប់ បន្តែបន្ថែមពីលើដោយការអភិវឌ្ឍន៍ថ្មីៗ ដោយគ្រាន់តែគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់របស់ក្រុមហ៊ុនប៉េងហួតមានវិសាលភាពរហូតដល់ប្រមាណ៤០០ហិកតា រួមទាំងគម្រោងបុរីផ្សេងៗជាច្រើនទៀត ដែលបំពេញទៅដោយលំនៅដ្ឋានសរុបម៉ឺនខ្នង មនុស្សរស់នៅរាប់សែននាក់។ ដូច្នេះផ្តើមចេញពីកំណើននៃចំនួនប្រជាសាស្ត្រ និងមានការអភិវឌ្ឍផ្នែកពាណិជ្ជកម្មកាន់តែច្រើន វានឹងជំរុញឱ្យវិស័យធនាគារ ក៏ដូចជាហិរញ្ញាវត្ថុនានាចូលទៅជាក់ជាមិនខាន។

លោកស្រីបានបញ្ជាក់ថា “បើប្រៀបធៀបជាមួយតំបន់ចាក់អង្រែ និងតំបន់ផ្លូវព្រះនរោត្តមគឺមានភាពខុសគ្នា ព្រោះនៅតំបន់ចាក់អង្រែក៏មានមនុស្សរស់នៅច្រើន ប៉ុន្តែមានតែម្ខាងនៃផ្លូវ ហើយមួយចំហៀងទៀតជាទន្លេ ដូច្នេះដង់ស៊ីតេប្រជាជនគឺមានកម្រិត ដោយឡែកនៅតំបន់ផ្លូវព្រះនរោត្តមគឺមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ប៉ុន្តែផ្តោតសំខាន់ទៅលើកម្រិតខ្ពស់ដែលមិនសមស្របទៅនឹងប្រភេទគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅនោះទេ”៕

អ្នកជំនាញៈ ការអភិវឌ្ឍន៍អចលនទ្រព្យនៅតែមានសកម្មភាពយ៉ាងមមាញឹកនៅប៉ែកខាងត្បូង និងលិចទីក្រុង

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ទោះបីជាមានវិបត្តិកូវិដ១៩ បាននិងកំពុងរីរាលដាលខ្លាំងនៅកម្ពុជា សកម្មភាពអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅតំបន់ជាយក្រុងរាជធានីភ្នំពេញ ពិសេសតំបន់ប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ មានសកម្មភាពយ៉ាងមមាញឹកនៅដើមឆ្នាំនេះ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate Company បានប្រាប់ក្នុងសប្តាហ៍នេះថា វិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យ តម្រូវការលំនៅដ្ឋាន និងការវិនិយោគ នៅតែមានសកម្មភាពនៅតំបន់ជាយក្រុងភ្នំពេញ ព្រោះការវិនិយោគលំនៅដ្ឋាន និងធ្លីគឺការវិនិយោគរយៈពេលវែង។

លោកបានថ្លែងបន្តថា តំបន់ប៉ែកខាងត្បូង និងខាងលិច មានខាងទំនប់កប់ស្រួវ ផ្លូវជាតិលេខ៤ លេខ៣ លេខ២សព្វថ្ងៃនេះ វាមានសន្ទុះជាងតំបន់ជាយក្រុងផ្សេងៗ ដូចជា ប៉ែកខាងកើត និងខាងជើង ដោយសារប៉ែកខាងកើត និងខាងជើងមានភាពល្អប្រសើរស្រាប់ហើយ។ ក៏មានអ្នកអភិវឌ្ឍន៍មួយចំនួន បានចុះទៅមើលទីតាំង ដើម្បីអភិវឌ្ឍន៍ជាបុរីតម្លៃជាមធ្យម ឬឃ្លាំងជាដើម នៅតាមផ្លូវក្រវ៉ាត់ក្រុង។

លោកបានបន្តទៀតថា នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣មានសន្ទុះ ដោយសារតែមានតម្រូវការច្រើននៅតំបន់បន់នោះ ដូចជាលំនៅដ្ខាន ការសាងសង់ឃ្លាំងសម្រាប់ផ្ទុកទំនិញ និងទីតាំងរោងចក្រជាដើម។ ចំពោះតម្លៃដីនៅតំបន់ដូចជាខាងកប់ស្រូវ និយាយជារួមសម្រាប់ដីអភិវឌ្ឍធំៗ កន្លែងខ្លះមានតម្លៃចន្លោះពី៣០០ ទៅ៥០០ដុល្លា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមធ្លាប់ថ្លែងប្រាប់ថា ការរីកសាយនៃការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃ ទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានីមានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។

លោកបានថ្លែងថា “ដូច្នេះពួកគេត្រូវការតម្លៃដីទាប ល្មមដែលអាចឱ្យពួកគេចំនេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានីក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន” ។

លោកច្រឹក សុខនីមបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់៕