អ្នកជំនាញសុខាភិបាលៈ មេរោគកូវិដ១៩បម្លែងថ្មីកាន់តែមានសាហាវនិងរីករាលដាលលឿន

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា បានអំពាវនាវជាថ្មីម្តងហើយម្តងទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បម្លែងថ្មី ហើយមេរោគបម្លែងថ្មីនេះកំពុងចារាចរសកម្មខ្លាំងក្លាបំផុត នៅប្រទេសកម្ពុជា។

លោកស្រីបន្ថែមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺវីដ១៩ បំប្លែងថ្មីនេះ កុំឲ្យកាន់តែធ្ងន់ធ្ងរឡើង គឺមានតែការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវនៅផ្ទះ និងមិនត្រូវធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ចំពោះការជួបជុំគ្នាច្រើនវិញ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ សូមពន្យារពេលសិន។

លោកស្រី ឱ វណ្ឌឌីន បានថ្លែង “ខ្ញុំសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ គឺវីរុសកូវីដ-១៩ បំប្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថា វានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ”។

លោកស្រីបានថ្លែងបន្តថា ដូច្នេះពេលនេះ នៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យារពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់ បាននូវការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឬការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់ បានគ្រប់ពេលវេលានាពេលនេះ”។

អ្នកនាំពាក្យរូបនេះបន្តថា សូមចងចាំថាវីរុសបំប្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លាប់មួយនាក់រួចទៅហើយៗ ក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះ យ៉ាងមមាញឹកជាទីបំផុត។

លោកស្រីបានសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះសូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់ សម្រាប់លោកអ្នកនាពេលនេះ។

ដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើម ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល និងមិនដឹងថានៅទីណានោះទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

លោកស្រីសង្កត់ធ្ងន់ថា បរាជ័យ ឬជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បំប្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ បម្លែងថ្មីនាពេលនេះផងដែរ៕

អ្នកវិនិយោគ​រំពឹងថា នៅ​ពាក់កណ្ដាល​ឆ្នាំនេះ វិបត្តិ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​នឹង​ធូរស្បើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញ​ក៏ដូចជា​វិនិយោគិន នៃ​វិស័យ​អចលនទ្រព្យ​រំពឹងថា ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ​ឆ្នាំនេះ នឹងត្រូវ​បញ្ចប់​នៅពេលឆាប់ៗ ឬ​អាច​យ៉ាងយូរ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២១នេះ ហើយនឹង​អាចឱ្យ​វិនិយោគិន ចាប់ផ្ដើម​គម្រោង​វិនិយោគ​របស់ខ្លួន​ឡើងវិញ។

លោក​ប៉ូ អ៊ា​វ​គង់ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២ មិនា​នេះ​ថា កាលពី​ឆ្នាំ២០២០ កម្ពុជា​ក៏​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ១៩នេះដែរ តែ​កាលនោះ រដ្ឋាភិបាល​ទប់ស្កាត់​ការចម្លង និង​រក្សា​បរិមាណ​មួយ​ដែល​អាច​គ្រប់គ្រង​បាន តែ​ចូលដល់​ឆ្នាំ២០២១ អំឡុង​ខែកុម្ភៈ២០២១ នេះ ក៏​ស្រាប់តែ​កម្ពុជា​ជួបនឹង​បញ្ហា​ឆ្លង​សហគមន៍ និង​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ ដែល​អាចធ្វើ​តំបន់​ជាច្រើន​បាន​ឆ្លង​នឹង​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ ។

លោក​បន្តថា “ព្រឹត្តិការណ៍​នេះ លោក​ជឿថា​វា​នឹង​បញ្ចប់ នៅត្រឹម​ខែ​ដំណាច់ខែ​នេះ​ឬ​ដើមខែ​ក្រោយ ដូច្នេះ​យ៉ាងយូរ​ពាក់កណ្ដាល​ឆ្នាំ២០២១ អាជីវកម្ម​នានា​នឹង​ចាប់ផ្ដើម​កម្រើក​ឡើងវិញ” ។ លោក​បន្តថា “បន្ទាប់ពី​វិបត្តិ​នេះ វិនិយោគិន​នានា​នឹង​ចាប់ផ្ដើម​ដាក់ទុន​ឡើងវិញ ពីព្រោះថា​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ១៩ ក៏បាន​ចាក់​ជូន​ពលរដ្ឋ​បន្តបន្ទាប់ ហើយ​វា​នឹង​បញ្ចប់​ការ​វ៉ាក់សាំង​នៅពេល​ខាងមុខ​ដែរ ដែល​អាច​កាត់បន្ថយ​ការចម្លង​បាន​ផងដែរ” ។

ជាមួយគ្នានេះ កញ្ញា​គឹម គិ​ន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា ព្រឹត្តិការណ៍​សហគមន៍​នេះ វា​នឹង​លឿន​ពេក ដូច្នេះ​ទើប​បណ្ដាលឱ្យមាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍ តែ​យ៉ាងណា​កញ្ញា​រំពឹងថា រដ្ឋាភិបាល​នឹង​អាច​បញ្ចប់​ការឆ្លង​នេះ​បាន​ឆាប់ ដែល​នឹង​ជំរុញឱ្យមាន​សកម្មភាព​វិនិយោគ​ឡើងវិញ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

កញ្ញា​បន្តថា“ក្នុង​ឆ្នាំ២០២១នេះ​ការវិនិយោគ​ពី​ក្រៅ​ស្រុក អាច​នឹង​បន្ត​ធា្ល​ក់​ចុះ​ទៀត តែ​ការវិនិយោគ​ពី​ខាង​ក្នុងស្រុក នឹង​ចាប់ផ្ដើម​បន្តបន្ទាប់​ឡើងវិញ នៅពេល​ចប់​ព្រឹត្តិការណ៍​សហ​មន៍២០កុម្ភៈ​នេះ ជាមួយនឹង​គម្រោងតូច” ។

គិត​មកដល់​ថ្ងៃទី១២ខែមីនា ២០២១នេះ អ្នក​ឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍​មាន​ចំនួន​ជាង៧០០នាក់ ធ្វើឱ្យ​អ្នក​ឆ្លង​កូ​វីដ១៩នៅ​កម្ពុជា​សរុប​ហក់​ឡើង ដល់​ជាង១២០០នាក់ ។ ដោយឡែក​គិត​ត្រឹម​ព្រឹក​ថ្ងៃទី១២ មីនា ២០២១ កម្ពុជា​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ថ្មី​ចំនួន៦២នាក់ ក្នុងនោះដែរ៦០នាក់​ជា​អ្នកពាក់ព័ន្ធ នឹង​សហគមន៍២០កុម្ភៈ២០២១ ហើយ​ក៏មាន​អ្នកស្លាប់១នាក់​ផងដែរ កាលពី​ថ្ងៃទី១១មីនា ២០២១ ។

ជាមួយគ្នានេះ អ្នកឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ថ្លែងថា ការរីក​រាលដាល​ជំងឺ​នេះ​ចូល​សហគមន៍ នៅពេល​យើង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង ដែល​យើង​មិនអាច​ទាយ​ទុក​មុន​បាន។លោក​បន្តថា ការរីក​រាលដាល​ជំងឺ​នេះ​បានធ្វើ​ឲ្យ​អ្នកវិនិយោគ​មួយចំនួន​នៅ​រង់​ចាំមើល ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​សកម្មភាព​សាងសង់​គំរោងចាស់ៗមិនបាន​ផ្អាក​សកម្មភាព​នោះឡើយ៕

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​នៅ​ខេត្ត​ព្រះសីហនុ បាន​ផ្អាក​ដំណើរការអំឡុង​ព្រឹត្តិការណ៍ ២០កុម្ភៈ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ជាច្រើន នៅក្នុង​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ផ្អាក​ដំណើរការ ដោយ​ក្នុងនោះ​នៅមាន​ទីតាំង​តិច​បំផុង​នៅ​ដំណើរការ អំឡុងពេល​វិបត្តិ​កូ​វីដ១៩ (ព្រឹត្តិការណ៍២០កុម្ភៈ)។ បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។

លោក​ឃាង ភា​រម្យ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ស្រប​ពេលដែល​វិស័យផ្សេងៗ ដំណើរការ​ធម្មតា​ក៏ពិតមែន តែ​ក្នុងនោះ​មាន​វិស័យ​សាងសង់​សំណង់​ក្នុង​ខេត្ត មានការ​ផ្អាក​ដំណើរការ ហើយ​ក្នុងនោះ​នៅមាន​ទីតាំង​តិច​បំផុង​នៅ​ដំណើរការ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ទៀតថា “ការផ្អាក​ដំណើរការ​សាងសង់​សំណង់​នេះដែរ បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់​រដ្ឋបាលខេត្ត ដែល​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាក់ចេញ ឬ​ធ្វើការ​ចល័ត​ទៅតាម​ទីតាំង ដែលមាន​ការប្រមូលផ្ដុំផ្សេងៗ លើកលែង​តែមាន​ករណី​ណាមួយ​ដែល​ចាំបាច់” ។ លោក​បាន​បន្តថា “សំណង់​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ភាគច្រើន​ជា​សំណង់​អគារខ្ពស់ៗ ដូចជា សំណង់​បែប​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​សំណង់ផ្សេងៗទៀត ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត” ។

លោក​ឃាង ភារ​ម្យ បាន​ថ្លែង​ត​ទៀតថា ក្នុងស្ថានភាព​នេះ​ប្រសិនបើ​យើង ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល រួមទាំង​ការអំពាវនាវ​របស់​ខេត្ត និង​ប្រជាពលរដ្ឋ​មិនមាន​ការ​ចល័ត ហើយ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ដែល​លោក​បាន​ដាក់ចេញ ៣កុំ និង៣ការពារ នោះ​នឹង​ផ្ដល់​ភាពងាយស្រួល ដល់​ការគ្រប់គ្រង​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ​បាន​ផងដែរ។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា រយៈពេល៤ឆ្នាំ​ចុង​ក្រោម​នេះ គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ខែធ្នូ ឆ្នាំ២០២០ ខេត្ត​ព្រះសីហនុ​មាន សំណង់​សរុប​បានអនុញ្ញាត​ឲ្យ​សាងសង់​មាន​ចំនួន ១,៥១៤អគារ មាន​ក្រឡា​ផ្ទៃ​សរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និង​ទុនវិនិយោគ​សរុប ៨,០៤៩,៦៩២,៨៣១ដុល្លារ​អាមេរិក៕

កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​សរុប​ជិត ៧,៣លាន​ហិកតា និង​ទាញចំណូល​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ជា​ប្រទេស ដែល​សម្បូរ​ទៅដល់​ធនធានធម្មជាតិ​ចម្រុះ​យ៉ាង​សម្បូរបែប ជាក់ស្ដែង​គិត​ត្រឹម​ដើមឆ្នាំ២០២១នេះ តំបន់​ការពារ​ធនធានធម្មជាតិ នៅ​ទូទាំងប្រទេស​មាន​ចំនួន៧៣ទីតាំង ស្មើនឹង​ជិត ៧,៣លាន​ហិកតា។

ធនធានធម្មជាតិ​ទាំងនេះ កំពុង​បម្រើ​ផលប្រយោជន៍ ដល់​វិស័យ​ទេសចរណ៍​សង្គមជាតិ មនុស្សជាតិ និង​ជីវៈចម្រុះ ពិសេស​បាន​ទាញ​ចំណូល​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុង​ការជួយ​បង្កើត​សេដ្ឋកិច្ច​គ្រួសារ​ប្រជាជន ដែល​អាស្រ័យ​ផល​ក៏ដូចជា​រដ្ឋាភិបាល​ផងដែរ។

លោក​នេត្រ ភក្ត្រា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹង​នៅក្នុង​សប្ដាហ៍​នេះ​ថា ពាក់ព័ន្ធ​នឹង​ចំនួន​តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា រហូតមកដល់​ឆ្នាំ២០២១នេះ កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ដែលមាន​ផ្ទៃដី​សរុប ៧ ២៩៧ ៣១៤ ហិកតា ស្មើនឹង៤១ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល។

តំបន់​ការពារ​ធនធានធម្មជាតិ ដែលជា​ដែនដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ រួមមាន​ដែនដី​គោក ឬ​ដែនទឹក ឆ្នេរសមុទ្រ និង​សមុទ្រ ស្ថិតនៅក្នុង​តំបន់​ដែល​ទទួលស្គាល់ ដោយ​បញ្ញត្តិ​នៃ​ច្បាប់ ឬ​តំបន់​ដែល​បង្កើត​ថ្មី ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ធានាបាន​នូវ​ការការពារ​ប្រភេទ​សត្វព្រៃ រុក្ខជាតិសំខាន់ៗ និង​សហគមន៍​ធម្មជាតិ។

លោក​នេត្រ ភក្ត្រា​បាន​បន្តថា តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ទីតាំង​ស្ថិតនៅក្នុង​ប្រភេទ​តំបន់​ការពារធំៗចំនួន ៨ រួមមាន៖

ទី១-តំបន់​ឧទ្យាន​ជាតិ

តំបន់​ឧទ្យាន​ជាតិ​នេះ​មាន​ចំនួន១១តំបន់ផ្សេងៗគ្នា និង​មាន​ផ្ទៃដី​សរុប១,៧១៧ ,៦១៤ហិកតា​រួមមាន​ឧទ្យាន​ជាតិ​កែប ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត-កុស​មៈ «គិរី​រម្យ» ឧទ្យាន​ជាតិ​សីហនុ​រាម ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូលែន» ឧទ្យាន​ជាតិ​វីរ​ជ័យ ឧទ្យាន​ជាតិ​វើ​ន​សៃ-សៀម​ប៉ាង ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង។ តំបន់​ឧទ្យាន​ជាតិ​ទាំងនេះ សម្បូរ​ទៅដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ និង​សម្បត្តិ​ទៅដោយ​ព្រៃស្រោង ព្រៃរបោះ និង​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​បាន​យ៉ាងច្រើន​ផងដែរ។

ទី២-តំបន់​ដែនជម្រកសត្វព្រៃ

តំបន់​ដែនជម្រកសត្វព្រៃ​នេះ ត្រូវ​បែង​ចែកជា១៩តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប ៣,៤៣៣,៣៣៦ហិកតា រួមមាន ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​គូលែន-ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​ព្រះ​រកា ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​តា​តៃ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក។

ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ ដែនជម្រកសត្វព្រៃ​សំបូរ និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង។ តំបន់​ដែនជម្រកសត្វព្រៃ​ទាំងនេះ​សម្បូរ​ទៅដោយ​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ សត្វព្រៃ​កម្រ សត្វព្រៃ​រង​ការគំរាមកំហែង ពពួក​មច្ឆា​ជាតិ​ជិត​ផុត​ពូជ និង​កម្រ ព្រមទាំង​ជា​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ ពិសេស​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ព្រៃស្រោង និង​ព្រៃរបោះ​ជាដើម។

ទី៣-តំបន់​ទេសភាព

តំបន់​ទេសភាព​នេះ ត្រូវ​បែង​ចែកជា១៣តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប១៥៣ ,៦០៤ ហិកតា រួមមាន​តំបន់​រមណីយដ្ឋាន​អង្គរ តំបន់​បន្ទាយឆ្មារ តំបន់​ព្រះវិហារ តំបន់​អ​ង្ល​ង់​ព្រីង តំបន់​ទំនាប​ខាងជើង​ទន្លេសាប តំបន់​បឹង​ព្រែក​ល្ពៅ តំបន់​អាង​ត្រពាំងថ្ម តំបន់​ប្រាសាទ​បាកាន «ព្រះខ័ន​កំពង់ស្វាយ» តំបន់​រនាមដូនសំ តំបន់​សំបូរ​ព្រៃ​គុក តំបន់​បឹង​លំ​កុ​ដ តំបន់ភ្នំ​ក្រាំង​ដី​មាស និង​តំបន់​បឹង​យ៉ាក​អោម-យ៉ាក​កា​រ៉ា។ សម្រាប់​តំបន់​ទេសភាព​នេះ គឺ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ព្រៃឈើ និង​ធនធានធម្មជាតិ​ជាច្រើន​ទៀត។

ទី៤-តំបន់​ប្រើប្រាស់​ច្រើនយ៉ាង

តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ត្រូវ​បែង​ចែកជា៨តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប៤១៥, ៧៩៦ ហិកតា រួមមាន​តំបន់​ដងព្រែក តំបន់​សំឡូត តំបន់​ទន្លេសាប តំបន់​ពញាក្រែក តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ តំបន់ភ្នំ​នា​ងក​ង្រី-ភ្នំ​ទូក​មាស តំបន់​សសរស្តម្ភ​សត្វ​តោ និង​តំបន់​បឹង​យក្ខ​ឡោម។

ទី៥-តំបន់​រ៉ា​ម​សារ

តំបន់​រ៉ា​ម​សារ​ត្រូវ​បែង​ចែកជា៥តំបន់ មាន​ផ្ទៃ​សរុប៦០,៩៩៥ ហិកតា រួមមាន​តំបន់​ស្ទឹងត្រែង តំបន់​កោះ​កាពិ បឹង​ទន្លេ​ឆ្មារ តំបន់​ព្រែក​ទាល់ និង​តំបន់​ស្ទឹងសែន។

ទី៦-តំបន់​ស្នូល​នៃ​ប​ឋ​នី​យ​ជីវ​មណ្ឌល

តំបន់​ស្នូល​នៃ​ប​ឋ​នី​យ​ជីវ​មណ្ឌល​នេះ ត្រូវ​បែង​ចែកជា៣តំបន់ផ្សេងៗគ្នា មាន​ផ្ទៃ​សរុប៤២,២៥៧ ហិកតា រួមមាន តំបន់​ព្រែក​ទាល់ តំបន់​ស្ទឹងសែន និង​តំបន់​បឹង​ទន្លេ​ឆ្មារ។

ទី៧-តំបន់​បេតិកភណ្ឌ​ធម្មជាតិ

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ ត្រូវ​បែង​ចែកជា១១តំបន់ផ្សេងៗគ្នា មាន​ផ្ទៃដី​សរុប ៣៣,៩៥១ ហិកតា រួមមាន​តំបន់ភ្នំ​ត្បែង តំបន់ភ្នំ​យ៉ា​ត តំបន់ភ្នំ​ប្រាំពីរ តំបន់​ជញ្ជាំង តំបន់​គិរី​យង់ តំបន់ភ្នំ​ទាក់​ទ្រាំង តំបន់ភ្នំ​ព្រះនេត្រព្រះ តំបន់ភ្នំ​ព្រះ-ភ្នំ​វែង តំបន់ភ្នំ​យាយ​សំ តំបន់ភ្នំ​បាក់ និង​តំបន់ភ្នំ​ស្វាយ។

ទី៨-តំបន់​ឧទ្យាន​សមុទ្រ

តំបន់​ឧទ្យាន​សមុទ្រ​នេះ​មាន​ផ្ទៃដី​សរុប ៥២,៤៤៨ហិកតា គឺ​តំបន់​សមុទ្រ​កោះរ៉ុង។ ក្រៅពីនេះ នៅមាន​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ដែលមាន​ផ្ទៃដី​សរុប ១ ៦៣០ ហិកតា និង​របៀង​អភិរក្ស​ជីវចម្រុះ ដែលមាន​ផ្ទៃដី​សរុប ១៤២,៧៩៤០ហិកតា។

ការបង្កើតឱ្យមាន​តំបន់​ការពារ​ទាំងអស់ របស់​រាជរដ្ឋាភិបាល​នេះ គឺ​ក្នុង​គោល​បំ​ណ ង​កែប្រែ​តំបន់​នានា ឱ្យក្លាយ​ទៅជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ លើកស្ទួយ​តម្លៃ​ទៅលើ​ប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ទាំងនោះ៕

គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ប្រ​វ៉ែ​ង ១៩៥គីឡូម៉ែត្រ កំពុង​បត់បែន​ចុះឡើង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា  ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី៤ ដែល​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន សិក្សា​តាំងពី​ឆ្នាំ២០១៨ បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន៤ គឺ​ខេត្ត​កំពង់​ស្ពី តាកែវ កណ្តាល និង​ខេត្តព្រៃវែង។

លោក​លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ កាលពី​ម្សិលមិញ​នេះ​ថា ក្នុងចំណោម​ខេត្ត​ទាំង៤នេះ ដោយ​ឆ្ល​ត​កាត់ ខេត្ត​កំពង់​ស្ពី​ចំនួន ៣ស្រុក ខេត្តតាកែវ​ចំនួន ១ស្រុក ខេត្តកណ្តាល ៨ស្រុក និង​ខេត្តព្រៃវែង ២ស្រុក។

ទោះជា​យ៉ាងណា​ប្រភពពី​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គំរោង​ផ្លូវ​នេះ​កំពុងមាន​សភាព​បត់បែន​ច្រើន ដោយសារ​អ្នក​គូ Master Plan លើ​គំរោង​នេះ​បាន​ទាញ​ខ្សែ​ផ្លូវ​ទៅកាន់​តំបន់​របស់ខ្លួន ដើម្បី​បង្កើត​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន ជាជាង​គោរព​តាម​ស្តង់ដា​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង។

លោក​លឹម ស៊ី​ដេ​នី​ន បាន​បន្តទៀតថា “ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ដែល​នឹង​ចូលរួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត” ។

លោក​បន្ថែមថា ក្រៅពី​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តាម​ដងផ្លូវ​ខុសច្បាប់  ឬ​ការទន្ទ្រាន  យក​ដី​ចំណីផ្លូវ​យកមក​គ្រប់គ្រង បានធ្វើ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្ក​ឱ្យ កកស្ទះ ដល់​ហេ​ដ្ឋា រចនាសម្ព័ន្ធ  ប្រព័ន្ធ​លូបង្ហូរទឹក  ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ទីប្រជុំជន ឬ​ទីក្រុង បានធ្វើឱ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​កាក់សំណល់ ការសម្អាត​បរិស្ថាន​ថែម​ទៀតផង។

លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង ក៏ដូចជា មន្ទីរជំនាញ​ពាក់ព័ន្ធ លើកសំណើ​ទៅ​រដ្ឋបាលខេត្ត សិក្សា​ទីតាំង​ចាក់សំរាម ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​សកម្មភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ ការចាក់ដី​លុប​រំលោភ​លើដី​ចំណីផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​បាត់បង់​សោភ័ណភាព នឹង​បណ្ដាល​ឲ្យ​ផ្លូវ​ឆាប់​ខូច​មុនពេល​កំណត់។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ម្សិលមិញ​នេះ រៀបចំ​សិក្ខាសាលា ក្នុង​គោលបំណង ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ យន្តការ​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ  រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​អំពី​ផលប៉ះពាល់​លើ អនុវត្ត​គម្រោង​នេះ និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការអនុវត្ត​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី៤នេះ​មាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម ដែល​បាន​ដឹកនាំ​រៀបចំ​ប្លង់គោល​លើ​ក្រុង និង​បណ្តា​ស្រុក ក្រុង​ទាំង១១របស់​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា ខេត្តកណ្តាល​បានរៀបចំ​ផែនការ​ប្រើប្រាស់​ដី និ​ហ​ផែនការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រួចហើយ ហេតុនេះ​មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គួរ​គោរព​តាម​ប្លង់​ដែលមាន​ស្រាប់ ដើម្បី​ចំណេញ​ដល់​ថវិកាជាតិ៕

អ្នក​វិភា​គៈ ចិន​បន្ទាបខ្លួន​ខ្លាំងណាស់​ក្នុងការ​កំណត់​កំនើនសេដ្ឋកិច្ច​ជាង ៦ភាគរយ​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

អន្តរជាតិៈ អ្នកវិភាគ​បានលើកឡើង​ថា គោលដៅ​របស់​ប្រទេស​ចិន​សម្រាប់​កំនើនសេដ្ឋកិច្ច​ជាង៦ភាគរយ​ក្នុង២០២១ គឺ​មិនមាន​អត្ថន័យ​ច្រើន​ទេ ពីព្រោះ​កំណើនសេដ្ឋកិច្ច​ប្រទេស​នេះ​អាច​ទៅដល់​បាន​ដោយ​ងាយ ប៉ុន្តែ​វា​ក៏​មិនជា​រឿង​អាក្រក់​នោះទេ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNBC នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ០២១ ។

លោក Michael Hirson អ្នកវិភាគ​នៅ​ក្រុមហ៊ុន Eurasia Group ប្រចាំ​ប្រទេស​ចិន និង​អាស៊ី​ខាងជើង​ភាគ​ខាងកើត​បាន​ថ្លែងថា “វា​ស្ទើរតែ​ដូចគ្នា​នឹង​ការមិន​មានការ​កំណើត​គោលដៅ សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​ទីនោះ (ចិន) ពីព្រោះ​វា​ជា​គោលដៅ​ងាយ​នឹង​សម្រេចបាន” ។

លោក Simon Baptist ប្រធាន​ផ្នែក​សេដ្ឋវិទូ​នៅ​ស្ថាប័ន The Economist Intelligence Unit (EIU) បានលើកឡើង​ដូចគ្នា​ជាមួយនឹង​លោក Michael Hirson ។

លោក​បាន​ថ្លែងថា “គោលដៅ​ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​នេះ គឺ​វា​ងាយស្រួល​ខ្លាំងណាស់​សម្រាប់​ប្រទេសមួយ​នេះ។  វា​ដូចជា​គោលដៅ ដែល​អ្នកមាន​ស្រាប់ ប៉ុន្តែ​អ្នក​គ្រាន់តែ​មិន​កំណត់​វា​ប៉ុណ្ណោះ” ។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​ចិន កំពុងមាន​គោលបំណង​ពង្រីក​សេដ្ឋកិច្ច ឱ្យបាន​ច្រើនជាង៦ភាគរយ​នៅ​ឆ្នាំនេះ។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​សមាជ​ប្រជាជន​ជាតិចិន។

ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្តាហ៍​នេះ​នៅឯ​ការប្រជុំ​សភា​ប្រចាំឆ្នាំ លោក​Li Keqiang និយាយថា គោលដៅ​របស់​ប្រទេស​ចិន មិន​ទាប​ទេ ហើយ​គោលដៅ​ឆ្នាំ២០២១ គួរតែ​ត្រូវ​គ្នា​នឹង​ឆ្នាំ២០២២ ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​ណាមួយ។

លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​មានប្រសាសន៍ថា “ជាមួយ​កំណត់​គោលដៅ​កំនើន​ផលិតផល​សរុប​ក្នុងស្រុក លើស៦ភាគរយ យើង​បាន​ទុក​លទ្ធភាព​បើកចំហ ដែល​មានន័យថា អាច​នឹងមាន​កំណើន​កាន់តែ​លឿន​ថែមទៀត” ។

យោងតាម​លោក Baptist បានឱ្យដឹងថា ស្ថាប័ន EIU ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹងមាន​ប្រហែល ៨.៥ភាគរយ​នៅ​ឆ្នាំនេះ ខ្ពស់ជាង​គោលដៅ​ផ្លូវការ​របស់​ចិន២ភាគរយ៕

លំនៅដ្ឋាន​ទំនើប​ទាន់សម័យ​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ជីវិត មាននៅ​ក្នុង​បុរី គីម ស័ង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ការទទួលបាន​ការគាំទ្រ យ៉ាង​លើសលប់​ពី​សំណាក់​អតិថិជន បុរី គីម​ស័ង ស្ថិតនៅ​ផ្លូវ​លេខ១១៤ (ផ្លូវ​ស្រា​បៀរ​ថៃ​ហ្គ័​រ) ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​កំពុង​សាងសង់​យ៉ាង​មមាញឹក ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន។

ក្រៅពី​ជា​លំនៅដ្ឋាន​ទំនើប​ទាន់សម័យ មាន​ផាសុក ភាព​ខ្ពស់​ក្នុងការ​រស់នៅ រួម​ជាមួយនឹង​ផលចំណេញ​បន្ថែម​ជាច្រើន​នោះ ថែមទាំង​បាន​បំពេញ​នូវ​គុណ​តម្លៃ នៃ​ជីវិត ដែលជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ។

អ្នកនាង មាស សុខ​ចិន្តា ប្រធាន​ផ្នែក​លក់​គម្រោង​បុរី គីម ស័ង បាន​មានប្រសាសន៍ថា គ្រប់​ប្រភេទ​លំនៅដ្ឋាន នៅក្នុង​បុរី គីម ស័ង ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ១១៤នេះ គឺមាន​លក្ខណៈពិសេស​ជាច្រើន​ទាំង​ផ្នែក បរិស្ថាន ទាំង​គុណភាព សោភ័ណភាព និង​ភាព​ប្រណីត ក្រោម​ការយកចិត្តទុកដាក់​សាងសង់​ពី​សំណាក់ ក្រុម​អ្នក ជំនាញ​ផ្នែក​សាងសង់ ស្របតាម​ស្ដង់ដារ​សំណង់ ជាពិសេស​ការ​រចនា​ម៉ូត​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​លំនៅដ្ឋាន ធានាបាន​នូវ​ភាព​ស៊ី​វិ​ល័យ ស័ក្ដិសម​នឹង​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ថ្លៃថ្នូ​របស់លោក​អ្នក​យ៉ាង​ប្រាកដ។

អ្នកនាង​បា​នប​ញ​ញ​ជាក់​ថា “បន្ថែម​ពីលើ​នេះ នៅមាន​ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ យ៉ាងច្រើន​សន្ធឹកសន្ធាប់ រហូតដល់៧ប្រភេទ​ដែល​ត្រូវបាន​រៀបចំ និង​បំពាក់​រួចជាស្រេច ដូចជា ទូ​តាំង​សម្ភារៈ​ក្នុងផ្ទះ, ទូ​តាំង​ទូរទស្សន៍, ទូ​ចង្ក្រាន​លើ-ក្រោម, ម៉ាស៊ីន​បឺត​ផ្សែង រួម​ជាមួយនឹង​ទូកញ្ចក់​ងូតទឹក​ក្នុង​បន្ទប់ទឹក​ផងដែរ” ។

បច្ចុប្បន្ននេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ រហូតដល់​ផ្លូវ​ស្រា​បៀរ​ថៃ​ហ្គ័​រ កំពុង​តែមាន​សន្ទុះ​យ៉ាងខ្លាំង ពាក់ព័ន្ធ​នូវ​គម្រោង​អភិវឌ្ឍន៍ធំៗ រួមមាន​ផ្សារ​ទំនើប ផ្សារ​សហគមន៍ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាន និង​កន្លែង​កំសាន្ត​នានា ដែល​សុទ្ធសឹង​ជា​តម្រូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់លោក​អ្នក។

ដោយសារតែ​កត្តា​ទាំងអស់​នេះហើយ ទើប​ធ្វើអោយមាន​សំណង់ផ្ទះ​វីឡាធំៗ និង​គម្រោង​សាងសង់​បណ្តុំ​លំនៅឋាន​ជាច្រើន ហើយ​ក្នុងនោះ​ក៏មាន​សំណង់​បុរី ដែល​កំពុងអភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន ដោយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ​មានការ​កើនឡើង ជា​បន្តបន្ទាប់។

នៅ​តំបន់​នេះ មាន​លក្ខខណ្ឌ​ល្អជា​ច្រើន ដែល​អំណោយផល​ដល់​ការរស់នៅ ព្រោះ​ផ្លូវ១១៤ បានប្រែក្លាយ​ជា​ផ្លូវ​សេដ្ឋ កិច្ច​យ៉ាង​ប្រសើរ។

ជាមួយគ្នានេះ​បុរី គីម​ស័ង​ស្ថិតនៅ​ផ្លូវ១១៤ មាន​ភាពងាយស្រួល​ធ្វើដំណើរ ដោយ​គ្រាន់តែ ចំណាយពេល​ជាង ១០នាទី​ទៅកាន់​ផ្សារ​ច្បារអំពៅ ឬ​ធ្វើដំណើរ​តាម​ក្រុង​តាខ្មៅ​ចំណាយពេល​ជាង ១០នាទី​ដូចគ្នា ឆ្លងតាម​ស្ពាន​ព្រែក​សំរោង​ដល់​ក្រុង​តាខ្មៅ ឬ​អាច​បន្ត​ឆ្ពោះទៅ​ផ្លូវ ៦០ម៉ែត្រ ទៅដល់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល៣ និង​ផ្សារ​ទំនើបធំផ្សេងៗទៀត​ហើយក៏​ងាយស្រួល​ចេញ​ទៅតាម​បណ្តា​ខេត្តផ្សេងៗផងដែរ។

សូម​អញ្ជើញ​ចូល​ទស្សនា​ផ្ទះ​គំរូ​ពិត និង​ទទួលយក​ព័ត៌មាន​លម្អិត​បន្ថែម​ទាំងអស់  គ្នា។ សូម​ទំនាក់ទំនង​មកកាន់​លេខ ៖ 078 915 999 / 086 915 999 ៕

តើគំរោងវារីអគ្គិសនី៧ទីតាំងកំពុងដំណើរការ និងផ្គត់ផ្គង់ការប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស?

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែង កំពុងដំណើរការ ដោយក្នុងនោះមាន៦ទីតាំង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា ដែលជាតំបន់មានសក្តានុពលសំរាប់ការស្ថាបនាវារីអគ្គិសនី។

ទីតាំងទាំងនោះរួមមានដូចជា៖ វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងភាគឦឥសាននៃប្រទេសកម្ពុជា។

វារីអគ្គិសនីគីរីរម្យ១

ជាគម្រោងវារីអគ្គិសនីទី១របស់កម្ពុជា ដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ មានអានុភាពផលិតអគ្គិសនីបាន១២មេហ្កាវ៉ាត់។ វារីអគ្គិសនីនេះ មានទីតាំងគម្រោងស្ថិតនៅស្ទឹងច្រាល មានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រុមហ៊ុន  CETIC International Hydropower Development Co.,Ltd ជាក្រុមហ៊ុនទទួលវិនិយោគ លើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជា ដែលមានទុនវិនិយោគ ២៦លានដុល្លារ។

វារីអគ្គិសនីកំចាយ ខេត្តកំពត

ជាគម្រោងវារីអគ្គិសនីទី២ មានអានុភាពផលិតអគ្គិសនី ១៩៤.១ មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី២របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។

វារីអគ្គិសនីគីរីរម្យ៣

វារីអគ្គិសនីមួយនេះជាគម្រោងទី៣ មានអានុភាពផលិតអគ្គិសនី១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ។

វារីអគ្គិសនីស្ទឹងអាតៃ

ជាវារីអគ្គិសនីទី៤របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី១២០មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤។ វារីអគ្គិសនីនេះ មានទីតាំងក្នុងតំបន់ត្រីកោ​ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ (ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)។

វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co.,Ltd ដែលមានអានុភាពតម្លើង ១២០មេហ្កាវ៉ាត់។

វារីអគ្គិសនីឫស្សីជ្រុំ

ជាវារីអគ្គិសនីទី៥ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី៣៣៨មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោង នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។

វារីអគ្គិសនីតាតៃ

ជាវារីអគ្គិសនីទី៦មានទីតំាងស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃ ស្រុកថ្មបំាង ខេត្តកោះកុង មានកម្លាំងថាមពល២៤៦មេហ្កាវ៉ាត់ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីផ្តើមសាងសង់កាលពីដើមឆ្នាំ២០១១ ដោយក្រុមហ៊ុនសារជីវកម្មចិនឈ្មោះ China National Heavy Machinery ចំណាយថវិកាប្រមាណ ៥៤០លានដុល្លារសហរដ្ឋអាមេរិក។

វារីអគ្គិសនីសេសានក្រោម២

ជាវារីអគ្គិសនីទី៧ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងមួយនេះ ផ្តល់ថាមពលអនុភាព400មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energyរបស់ចិន ដាក់ទុនវិនិយោគ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក៕

អ្នកវិនិយោគរំពឹងថា នៅពាក់កណ្ដាលឆ្នាំនេះ វិបត្តិព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនឹងធូរស្បើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញក៏ដូចជាវិនិយោគិន នៃវិស័យអចលនទ្រព្យរំពឹងថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈឆ្នាំនេះ នឹងត្រូវបញ្ចប់នៅពេលឆាប់ៗ ឬអាចយ៉ាងយូរត្រឹមពាក់​កណ្ដា​លឆ្នាំ ២០២១នេះ ហើយនឹងអាចឱ្យវិនិយោគិន ចាប់ផ្ដើមគម្រោងវិនិយោគរបស់ខ្លួនឡើងវិញ។

លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ មិនានេះថា កាលពីឆ្នាំ២០២០ កម្ពុជាក៏ជួបប្រទះនឹងជំងឺកូវីដ១៩នេះដែរ តែកាលនោះ រដ្ឋាភិបាលទប់ស្កាត់ការចម្លង និងរក្សាបរិមាណមួយដែលអាចគ្រប់គ្រងបាន តែចូលដល់ឆ្នាំ២០២១ អំឡុងខែកុម្ភៈ២០២១ នេះ ក៏ស្រាប់តែកម្ពុជាជួបនឹងបញ្ហាឆ្លងសហគមន៍ និងមានទ្រង់ទ្រាយកាន់តែធំ ដែលអាចធ្វើតំបន់ជាច្រើនបានឆ្លងនឹងជំងឺកូវីដក្នុងសហគមន៍ ។

លោកបន្តថា “ព្រឹត្តិការណ៍នេះ លោកជឿថាវានឹងបញ្ចប់ នៅត្រឹមខែដំណាច់ខែនេះឬដើមខែក្រោយ ដូច្នេះយ៉ាងយូរពាក់កណ្ដាលឆ្នាំ២០២១ អាជីវកម្មនានានឹងចាប់ផ្ដើមកម្រើកឡើងវិញ”។ លោកបន្តថា “បន្ទាប់ពីវិបត្តិនេះ វិនិយោគិននានានឹងចាប់ផ្ដើមដាក់ទុនឡើងវិញ ពីព្រោះថាវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ក៏បានចាក់ជូនពលរដ្ឋបន្តបន្ទាប់ ហើយវានឹងបញ្ចប់ការវ៉ាក់សាំងនៅពេលខាងមុខដែរ ដែលអាចកាត់បន្ថយការចម្លងបានផងដែរ”។

ជាមួយគ្នានេះ កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍នេះ វានឹងលឿនពេក ដូច្នេះទើបបណ្ដាលឱ្យមានឆ្លងរាលដាលក្នុងសហគមន៍ តែយ៉ាងណាកញ្ញារំពឹងថា រដ្ឋាភិបាលនឹងអាចបញ្ចប់ការឆ្លងនេះបានឆាប់ ដែលនឹងជំរុញឱ្យមានសកម្មភាពវិនិយោគឡើងវិញទាំងក្នុងនិងក្រៅស្រុក។

កញ្ញាបន្តថា“ក្នុងឆ្នាំ២០២១នេះការវិនិយោគពីក្រៅស្រុក អាចនឹងបន្តធា្លក់ចុះទៀត តែការវិនិយោគពីខាងក្នុងស្រុក នឹងចាប់ផ្ដើមបន្តបន្ទាប់ឡើងវិញ នៅពេលចប់ព្រឹត្តិការណ៍សហមន៍២០កុម្ភៈនេះ ជាមួយនឹងគម្រោងតូចៗ”។

គិតមកដល់ថ្ងៃទី១២ខែមីនា ២០២១នេះ អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍មានចំនួនជាង៧០០នាក់ ធ្វើឱ្យអ្នកឆ្លងកូវីដ១៩នៅកម្ពុជាសរុបហក់ឡើង ដល់ជាង១២០០នាក់ ។ ដោយឡែកគិតត្រឹមព្រឹកថ្ងៃទី១២ មីនា ២០២១ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២នាក់ ក្នុងនោះដែរ៦០នាក់ជាអ្នកពាក់ព័ន្ធ នឹងសហគមន៍២០កុម្ភៈ២០២១ ហើយក៏មានអ្នកស្លាប់១នាក់ផងដែរ កាលពីថ្ងៃទី១១មីនា ២០២១។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា ការរីករាលដាលជំងឺនេះចូលសហគមន៍ នៅពេលយើងចាប់ផ្តើមចាក់វ៉ាក់សាំង ដែលយើងមិនអាចទាយទុកមុនបាន។លោកបន្តថា ការរីករាលដាលជំងឺនេះបានធ្វើឲ្យអ្នកវិនិយោគមួយចំនួននៅរង់ចាំមើល ស្ថានភាពជាក់ស្តែង ប៉ុន្តែសកម្មភាពសាងសង់គំរោងចាស់ៗមិនបានផ្អាកសកម្មភាពនោះឡើយ៕

វិភាគៈ ហេតុអី្វមេដឹកនាំមហាអំណាចធំៗខ្លាចចិនក្លាយជាមហាអំណាចសេដ្ឋកិច្ច និងនយោបាយលើពិភពលោក?

ដោយៈ ប៊ី

ភ្នំពេញៈ ការងើបឡើងយ៉ាងលឿននៃឥទ្ឋិពលសេដ្ឋ នយោបាយ និងយោធាចិនយ៉ាងលឿនក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យមេដឹកនាំពិភពលោក ពិសេសសហរដ្ឋអាមេរិកភ័យញ័រខ្លួន និងរិះរកគ្រប់វិធី ដើម្បីបង្អាក់ដំណើររបស់មហាយក្សនេះ កុំឲ្យឆ្ពោះទៅមុខលឿនពេក។

ជាលទ្ឋផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេដឹកនាំអាមេរិករាប់ចាប់តាំងពី​លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងដូណាល់ ត្រាំ និងលោកប្រធានាធិបតីចូ បៃដិនតែងតែលើកឡើងជារឿយៗ ម្តងហើយម្តងទៀត ដើម្បីរិះរកវិធីទប់ទល់ឥទ្ឋិពលរបស់មហា​យក្សចិន។

តើអ្នកវិភាគពីនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយមើលឃើញដូចម្តេចលើបញ្ហានេះ?

ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុត របស់ពិភពលោកនៅឆ្នាំ២០២៨ ដែលមានរយៈត្រឹមតែ៥ឆ្នាំ លឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញពីវិបត្តិកូវិដ​១៩ របស់ប្រទេសទាំងពីរមានភាពខុសគ្នា ប៉ុន្តែវាហាក់ដូចមិនមានភាពងាយស្រួលនោះទេ សម្រាប់ចិនក្នុងការសម្រេចបានគោលដៅ ​ក្លាយមហាទាំងផ្នែកសេដ្ឋកិច្ច និងនយោ​បាយនៅលើពិភពលោក។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អង់គ្លេស (CEBR) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា “មួយរយៈកាលមួយ ប្រធានបទដ៏សំខាន់មួយនៃសេដ្ឋកិច្ចសកលគឺការតស៊ូខាងសេដ្ឋកិច្ច និងអំណាចរវាងសហរដ្ឋអាមេរិក និងចិន”។

របាយការណ៍បានបន្តថា “វិបត្តិកូវីដ១៩ និងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច ពិតជាបានផ្តល់ប្រយោជន៍ដល់ប្រទេសចិន”។ CEBR បានឱ្យដឹងថា “ការគ្រប់គ្រងដ៏ប៉ិនប្រសប់នៃជំងឺរាតត្បាត”របស់ប្រទេសចិន ជាមួយនឹងការបិទទ្វារប្រទេសយ៉ាងតឹងរឹង និងកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅភាគខាងលិចប្រទេស មានន័យថា លទ្ធផលនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពប្រសើរឡើង”។

បន្ទាប់ពីចេញរបាយការណ៍នេះ កាលពីចុងឆ្នាំ២០២០ ប្រទេសសេដ្ឋកិច្ចធំៗចំនួន៤ បានបើកកិច្ចប្រជុំលើកដំបូង អំពីភាពតានតឹងជាមួយប្រទេសចិន ដែលបង្ហាញថា វាហាក់ដូចជា ការបង្កើតកិច្ចសហកិច្ចសហប្រតិបត្តិការ ដើម្បីរាំងខ្ទប់ការហក់ឡើងរបស់ចិនទៅរកការក្លាយប្រទេសមហាសេដ្ឋកិច្ច និងនយោបាយលើពិភពលោក។

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងឥណ្ឌាប្រកាសថា មេដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី នឹងជួបគ្នាតាមវីដេអូនៅថ្ងៃសុក្រខាងមុខនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋ នៃក្រុមប្រទេស«Quad» ខណៈភាពតានតឹងរវាងប្រទេសទាំង៤ ជាមួយចិនកំពុងតែកើនឡើង។ នេះបើយោងតាមការចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

កាលពីខែមិថុនា ឆ្នាំមុន កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅតាមបណ្ដោយបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ដែលជាតំបន់ព្រំដែនមានជម្លោះ នៅជួរភ្នំហិមាល័យ បណ្ដាលឱ្យទាហានទាំងសងខាងស្លាប់ បន្ទាប់ពីការប្រយុទ្ធគ្នាដោយដៃ ដំបង និងខែល។ ក្រៅពីនេះ ចំណុចក្ដៅរវាងក្រុងប៉េកាំង និងក្រុងញូវដេលី រួមមានជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យាផងដែរ។

ប្រទេសជប៉ុន និងចិន នៅតែមានភាពតានតឹងជុំវិញ ប្រជុំកោះមានជម្លោះសេនកាគូឬតាវយូ។ ក្រុងប៉េកាំង បានបង្កើនវត្តមានរបស់នាវាឆ្មាំសមុទ្ររបស់ខ្លួន នៅជិតប្រជុំកោះសមុទ្រចិនខាងកើតមួយនេះ ដែលជាកោះគ្មានមនុស្សរស់នៅ។ រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញការព្រួយបារម្ភចំពោះច្បាប់ចិនថ្មី ដែលអនុញ្ញាតឱ្យនាវាឆ្មាំសមុទ្រធ្វើការបាញ់ប្រហារទៅលើនាវាបរទេស។

ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានធ្លាក់ចុះ បន្ទាប់ពីចិនដាក់កម្រិតលើការនាំចូលផលិតផលអូស្ត្រាលីដូចជាធ្យូងថ្ម ស្រាទំពាំងបាយជូរ សាច់គោ និងស្រូវសាលីជាដើម ខណៈពេលដែលអូស្ត្រាលី បានទាមទារឱ្យមានការបើកការស៊ើបអង្កេត រកប្រភពជំងឺកូវីដ១៩នៅចិន។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក បានបង្កើនចំនួនបេសកកម្មកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រានចោលការកាន់កាប់របស់ចិនលើផ្លូវទឹកដ៏ធំនេះ។ អាមេរិកក៏បានបង្កើនការគាំទ្រ ចំពោះកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាដែនដីអធិបតេយ្យរបស់ខ្លួន។

សហរដ្ឋអាមេរិកគឺនៅសហរដ្ឋអាមេរិក។ មិនខុសពីលោកដូណាល់ ត្រាំ ប្រធានា​ធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន (Joe Biden) ដែលទើបតែឡើងកាន់តំណែងមិនទាន់មួយខែផងនោះ ធ្លាប់បាននិយាយថា លោកនឹងមិនចាត់វិធានការភ្លាមៗ ដើម្បីលុបចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ ដែលប្រធានាធិបតីដូណាល់ត្រាំបានចុះហត្ថលេខាជាមួយប្រទេសចិននោះទេ។

លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតខាងលើថា “ខ្ញុំនឹងមិនចាត់វិធានការភ្លាមៗទេ ហើយការអនុវត្តដូចគ្នាចំពោះពន្ធគយ។ ខ្ញុំនឹងមិនលម្អៀងលើជំរើសរបស់ខ្ញុំទេ”។

ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនបានយល់ព្រម បង្កើនការទិញផលិតផល និងសេវាកម្មរបស់អាមេរិក យ៉ាងតិច២០០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ និង២០២១។

កិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ ក៏នឹងបន្សល់នូវការដាក់ពន្ធ២៥ភាគរយ លើទំនិញឧស្សាហកម្ម និងគ្រឿងបន្លាស់ចិនចំនួន២៥០ពាន់លានដុល្លារ ដែលប្រើប្រាស់ដោយក្រុមហ៊ុនផលិតអាមេរិក និងពន្ធសងសឹករបស់ចិនលើទំនិញអាមេរិកមានតម្លៃ១០០ពាន់លានដុល្លារ៕