សម្តេចតេជោ: ផលពីដំណក់ប្រេងដំបូងមិនទាន់មានសក្តានុពលលើការជំរុញសេដ្ឋកិច្ចកម្ពុជានៅឡើយទេ

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការផលិតប្រេងនៅដំណាក់កាលដំបូង មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែវាចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិថីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដំណើរផលិតដំណក់ប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អណ្តូងទី១របស់យើងដំណើរការបានរយៈពេល៣៣ថ្ងៃ អណ្តូងទី២របស់យើង ទើបនឹងដំណើរការ។

សម្តេចតេជោបានថ្លែងថា អណ្តូងទី១ របស់យើងមានឈ្មោះថា AO1D គឺផលិតបាន១២៣១បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេល៣៣ថ្ងៃ ផលិតបាន៤០.៧៨៨បារ៉ែល ហើយអណ្តូងទី២ ឈ្មោះថា AO4D បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

សម្តេចមានប្រសាសន៍បន្តទៀតថា សរុបមក យើងទើបនឹងមានប្រេង ៤១.០៥៦បារ៉ែលទេ ហើយនៅសល់អណ្តូងទី៣ ទី៤ និងទី៥ នឹងត្រូវបន្តដំណើរការបូមជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។

សម្តេចតេជោបានថ្លែងទៀតថា តាមការប៉ាន់ប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃ ក្នុងបរិមាណពី៧០០០ ទៅ៧៥០០បារ៉ែលតែបណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា ព្រោះតាមការព្យាករណ៍ តាមវាយតម្លៃរបស់ឯកឧត្តមស៊ុយ សែម ថា បើតម្លៃប្រេង ៥៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ចំណូលរបស់យើងបានប្រមាណ៣០លានដុល្លារអាមេរិក ដូច្នេះវាមិនបានស្មើនឹងចំណូលមិនមែនសារពើពន្ធ ហើយចំណូលពីប្រេង មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា៕

កម្ពុជា​ទទួលបាន​ចំណូល​ប្រចាំ​ខែមករា ឆ្នាំ២០២១ ជាង ៤០០លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ក្នុង​រយៈពេល៣១ថ្ងៃ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ជាតិ​ជាង៤០០លាន​ដុល្លារ​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រដ្ឋាករ​គយ​កម្ពុ​ជា។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង​នៅ​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា នៅក្នុង​រយៈពេល៣១ថ្ងៃ​នៃ​ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធ​ចំនួន​ជាង ៤០០លាន​ដុល្លារ ដោយ​ក្នុងនោះ  ចំណូល​បាន​ពី​ផ្នែក​ពន្ធដារ​ចំនួន ២១៨លាន​ដុល្លារ និង​ចំណូល​ពី​ផ្នែក​គយ​ជាង ២០១លាន​ដុល្លារ។

សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ពាក់ព័ន្ធ​ទៅនឹង​ចំណូល​បន្ថែម​របស់​កម្ពុ​ជា​ទៅលើ​វិស័យ​ប្រេង​ដែល​ទើប​ចាប់​អនុវត្ត និង​កំពុងដំណើរការ​បូម​នៅពេល​បច្ចុប្បន្ននេះ​នៅ​មិនទាន់មាន​ទំហំធំធេង​នៅឡើយ​នោះទេ ព្រោះ​តាម​ការព្យាករណ៍​កម្ពុជា​អាច​ទទួលបាន​ចំណូល​ពី​ប្រេង​ប្រមាណ ៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ ដែល​តិចជាង​ចំណូល​ពី​វិស័យ​ទេសចរណ៍​ផង។

សម្ដេច​បាន​បន្តថា គិត​រហូតមក​ដល់ពេលនេះ ដំណើរការ​នៃ​ការ​បូម​ប្រេង​ឆៅ​បាន​ចំនួន៣៣ថ្ងៃ ដែលជា​លទ្ធផល​ទទួល​បាន ៤១ ០៥៦ បារ៉ែល​តែប៉ុណ្ណោះ ដូច្នេះ​ចំណូល​ពី​វិស័យ​ប្រេង​នៅ​មិនទាន់មាន​ទំហំធំធេង​នៅឡើយ​នោះទេ៕

អ្នកឧកញ៉ា លី ហួរ និយាយអ្វីខ្លះទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១

ភ្នំពេញ៖ គេហទំព័រ Propertyarera.asia មានកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២១ នឹងចាក់ផ្សាយកិច្ចសម្ភាសន៍ទាំងស្រុងរបស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅព្រឹកថ្ងៃនេះ ម៉ោង ១១៖៣០ ហើយកិច្ចសម្ភាសន៍នេះនឹងផ្ដោតសំខាន់ទៅលើទស្សនទានរបស់អ្នកឧកញ៉ា ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច អចលនទ្រព្យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគាំទ្រដល់វិស័យឯកជន។

តើឆ្នាំ២០២១ នេះ ស្ថានភាពទីផ្សារលំនៅដ្ឋានមានការប្រែប្រួលយ៉ាងដូចម្ដេច? សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ពិសេសនេះទាំងអស់គ្នា ៕

ប្រធាន GRA ៖ អត្ថប្រយោជន៍​បន្ថែម​ដែល​ទទួលបាន​ពី​ការទិញ​លក់​អចលនវត្ថុ​តាមរយៈ​ភ្នាក់ងារ

ដោយ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្វែងរក់​ទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ជ្រើស​រើសយក​ភ្នាក់ងារ​ក្នុងការ​ចរចា និង​រៀបចំ​ឯកសារ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ជៀសវាង​ហានិភ័យ និង​មាន​សុវត្ថិភាព​ទាំង​គូភាគី ខណៈ​ការវិនិយោគ​លើ​វិស័យនេះ ត្រូវបាន​ប្រើប្រាស់​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​ពន្យល់ថា ភ្នាក់ងារ​អចលនវត្ថុ​គឺជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អ្នកលក់ និង​អ្នកទិញ​ដើម្បីឱ្យ​មានការ​យល់ដឹង​កាន់តែ​ច្បាប់​ពី​វិស័យ​អចលនទ្រព្យ និង​ដឹង​ពី​ព័ត៌មាន​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​ទូលាយ ។

លោក​បន្តថា ភ្នាក់ងារ​អចលនទ្រព្យ​មាន​ព័ត៌មាន​សម្បូរបែប ហើយ​អាច​ទទួលយកបាន​តាម​រយៈ​ការ​ផ្តល់នូវ​ព័ត៌មាន និង​ឱកាស​វិនិយោគ​ប្រកបដោយ​ចីរភាព។ ម្យ៉ាងទៀត ភ្នាក់ងារ​អចលនទ្រព្យ គឺជា​បុគ្គល​ដែលមាន​សក្តានុពល​ក្នុង​ការចចារ​ពីព្រោះ​ពួ​គេ​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អ្នកលក់ ហើយ​ដឹង​ពី​លក្ខខណ្ឌ​នៃ​តម្រូវការ​ជាក់ស្តែង​នៃ​អ្នកលក់ ជា​ការលក់​ប្រញាប់ លក់​ធម្មតា ឬ លក់​ក្នុង​កម្រិត​ក្នុងការ​ទទួលយក​ប្រាក់​ចំណូល​ខ្ពស់ ។

លោក​បន្ថែមថា  ជាមួយគ្នានេះ ភ្នាក់ងារ​អចលនវត្ថុ​ជា​បុគ្គល​កណ្តាល​ក្នុង​រៀបចំ​កិច្ចសន្យា​ទិញ-លក់ និង​ការធ្វើឱ្យមាន​ស្របច្បាប់​សម្រាប់​អ្នកលក់​នៅក្នុង​ដំណើរការ​នៃ​ទិញ-លក់។ បន្ថែម​ពីនេះ ភ្នាក់ងារ​ក៏​ជា​អ្នកធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធនាគារ ដែល​អាច​ជួ​លស​ម្រ​ប់​សម្រួល​ដល់​អ្នកទិញ​ដែលមាន​បំណង​ខ្ចី​នៅក្នុង​លក្ខខណ្ឌ​ណាមួយ។

លោក​សំ សុខ​នឿន​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកទិញ-អ្នកលក់​អចលនវត្ថុ​ប្រើប្រាស់​សេវា​ភ្នាក់ងារ​ដែល​ស្របច្បាប់​កំពុង​បំរើ​នៅក្នុង​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ជួយ​សម្របសម្រួល​ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ  នាំអោយ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​រួម​នៅ​កម្ពុជា៕

អាមេរិក​ចាប់ផ្ដើម​ព្រមាន​មេដឹកនាំ​ចិន កុំ​ឱ្យមាន​មហិច្ឆតា​វាទទី​និយម

ដោយ សុខុម

អន្តរជាតិ៖  យើង​ដឹង​ហើយ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ឆេះសង្គ្រាម​ពាណិជ្ជកម្ម​ក្ដៅ​គ​កុក​ជាមួយ​ចិន ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជួបតែ​ភាព​ល្វីង​ជូរចត់​នឹង​គ្នា។ ហើយ​ក្រុមអ្នកវិភាគ​រំពឹងថា ភាព​តានតឹង​នេះ​នឹង​ធូរស្រាល​ឡើងវិញ ក្រោយ​លោក ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី។

ទោះជា​យ៉ាងណា ទើបតែ​ឡើងកាន់​អំណាច​បាន​រយៈពេល​មួយ​សប្តាហ៍ ប្រធានាធិបតី ចូ បៃ​ឌិន បាន​បញ្ជូន​សារ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំៗថា កុំឱ្យ​មានបំណង​វាទទី​នៅ​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ឱ្យសោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Asean Post ចុះផ្សាយ​កាលពី​ថ្ងៃទី៣០ មករា។

តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​សេចក្ដីថ្លែងការណ៍​ជាច្រើន លោក ចូ បៃ​ឌិន និង​មន្ត្រី​សន្តិសុខកំពូលៗរបស់លោក​បានបង្ហាញ​ជំហរ​គាំទ្រ​បណ្ដា​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ និង​ហ្វីលីពីន ដោយ​ផ្ដល់​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​ដាច់ខាត​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​ដែនសមុទ្រ​មាន​ជម្លោះ។

កាលពី​ថ្ងៃ​ពុធ ទី២៧ មករា លោក ចូ បៃ​ឌិន បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ថា រដ្ឋាភិបាល​របស់លោក​ប្ដេជ្ញា​ការពារ​ប្រទេស​ជប៉ុន រួមទាំង​ប្រជុំ​កោះ Senkaku Islands (ជា​ភាសា​ជប៉ុន) ឬ Diaoyu Islands (ជា​ភាសា​ចិន) ដែល​ទាំង​ជប៉ុន និង​ចិន សុទ្ធតែ​អះអាង​សិទ្ធិ​កាន់កាប់​ផងដែរ។

ជំហរ​នេះ​ត្រូវបាន​បន្ទរ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Lloyd Austin ដែល​បាន​ប្រាប់​សម​ភាគី​ជប៉ុន Nobuo Kishi កាលពី​ថ្ងៃ​សៅរ៍ ទី៣០ មករា ថា កោះមាន​ជម្លោះ​ទាំងនេះ​ត្រូវបាន​គ្របដណ្តប់​ការពារ​ដោយ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក-ជប៉ុន។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរ​បញ្ច​កោណ​ឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​អះអាងថា “សហរដ្ឋអាមេរិក ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ជា​ឯកតោ (ភាគី​តែ​ម្ខាង) ណាមួយ​ដើម្បី​កែប្រែ​ស្ថានភាព​ដើម​នៅ​សមុទ្រ​ចិន​ខាងត្បូង” ។

ទន្ទឹមនឹង​នេះដែរ ក្រោយ​ចូលកាន់​តំណែង​ក្នុង​រដ្ឋការ​របស់លោក ចូ បៃ​ឌិន បាន ៣ ថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស Ned Price បាន​ព្រមាន​ប្រទេស​ចិន ចំពោះ​ការគំរាមកំហែង​កោះ​តៃវ៉ាន់ ក្រោយ​ចិន បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាង ១០ គ្រឿង​ឆ្លងកាត់​ដែន​ការពារ​ផ្លូវអាកាស​របស់​កោះ​តៃវ៉ាន់។

អ្នកនាំពាក្យ​រូបនេះ​បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “យើង​នឹង​ក្រោកឈរ​ជាមួយ​បណ្ដា​មិត្ត និង​សម្ព័ន្ធមិត្ត​ដើម្បី​រឹតបន្តឹង​សន្តិសុខ និង​លើក​គុណ​តម្លៃ​រួម​របស់​យើង​នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក និង​ដើម្បី​រឹតចំណង​ទំនាក់ទំនង​របស់​យើង​ជាមួយ​តៃវ៉ាន់ ប្រជាធិបតេយ្យ​ផងដែរ។ ការប្ដេជ្ញា​របស់​យើង​ចំពោះ​កោះ​តៃវ៉ាន់ គឺ​រឹង​ដូច​ថ្ម” ។

ហើយ​រដ្ឋមន្ត្រីការបរទេស Antony Blinken បាន​ប្រាប់​សម​ភាគី​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ ទី២៧ មករា ថា សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ដែល​តម្រូវឱ្យ​សហរដ្ឋអាមេរិក ការពារ​ហ្វីលីពីន ប្រឆាំង​ការវាយប្រហារ​ណាមួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏បាន​អនុវត្ត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ផងដែរ ជា​អ្វីដែល​រដ្ឋការ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​បញ្ជាក់។

ការលើកឡើង​ទាំងនោះ​សរ​បង្ហាញឱ្យឃើញថា រដ្ឋការ​ថ្មី​របស់លោក ចូ បៃ​ឌិន នឹង​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ចិន ជុំវិញ​បញ្ហា​សន្តិសុខ។

ជា​យូរ​មកហើយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ឈរ​នៅ​ខាង​បណ្ដា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូចជា​រ៉េ​ខាងត្បូង ជប៉ុន វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី នៅក្នុង​ការច្រានចោល​កា​រ​អះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង៕

តើ​គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​យ៉ាងដូចម្ដេច​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា?

ដោយ៖ សាវុធ

ភ្នំពេញ៖ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ បាននិងកំពុង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត​កែវ ពិសិដ្ឋ​ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា៖ ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ​បានឱ្យដឹង​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Group ជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

បើតាម​លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​សាធារណៈរដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​ទទួលស្គាល់​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ដី​មួយចំនួន ក្នុង​គម្រោង​សាងសង់​ព្រលានយន្ដហោះ​នៅ​កោះរ៉ុង

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ ក្រោយ​ការសិក្សា និង​ពិនិត្យ​លម្អិត​ទៅលើ​ភាពមិនប្រក្រតី​លើ​ការស្នើសុំ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​ស្ថិតនៅក្នុង​គ​ម្រោ​សាងសង់​ព្រលាន​យន្ដ​ខ្នាតតូច​ដែល​វិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​អ្នកឧកញ៉ា​គិត ម៉េង នៅលើ​កោះរ៉ុង រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មិន​ទទួលស្គាល់​ទៅលើ​រាល់​ឯក​បញ្ជាក់​ពី​កម្ម​សិទ្ធី​ដីធ្លី​ចំនួន ៤៥ក្បាលដី និង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនខិលខូច។

តាមរយៈ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលាយ​នៅ​ព្រឹក​ថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២១នេះ​បាន​បញ្ជាក់ថា ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​ប្រភេទ​ដី​កោះ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មកជា​ដីឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ។

នៅ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ៤៨អនក្រ.បក សម្រេច​កាត់​ដី​ទំហំ ៥២៨,៣៧ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្ន​ក្រុង​កោះរ៉ុង) ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណ​ត់​ដោយ​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន២៩៨គ្រួសារ​ស្មើនឹង ៦៣៧ក្បាលដី ស្មើនឹង​ទំហំ ៥២៨,៣៧ហិកតា។

ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ដីធ្លី​ចំនួន៤៥ក្បាលដី ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​នៅលើ​កោះ​ចំនួន៣៦ក្បាលដី និង​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​ក្រៅ​កោះ​ចំនួន៩ក្បាលដី គឺជា​ប្រភេទ​ដី​ដែល​ស្ថិតនៅ​ក្នុងចំណោម ៥៨៤ក្បាលដី ដែល​រដ្ឋបាលខេត្ត​បានធ្វើការ​ជូនដំណឹង​ពី​ការសម្រេច​បដិសេធ​មិន​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​នោះទេ។

រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​បន្ថែមថា រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយណា រួមមាន​ឯកសារ​សម្គាល់​លេខ​ក្បាលដី (ចុងសន្លឹក) លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី កិច្ចសន្យា​ទិញ-លក់​ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ​សង្កាត់ ឬ​ប្រថាប់ត្រា​មេធាវី ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ឯកជន(រវាង​គូភាគី) គំនូស​បង្ហាញ​ទីតាំង​ដី និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗទៀត រួម​នឹង​ក្បាលដី​ក្នុង​ប្លង់​សុរិយោដី​ចំនួន ៥៨៤ក្បាលដី ដែល​គណៈកម្មការ​រដ្ឋ​បាល បានសម្រេច​មិន​ផ្តល់ជូន​ជា​កម្មសិទ្ធិ គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ ឬ​ទាមទារ​សិទ្ធិ​លើដី​ធ្លី​នៅលើ​កោះរ៉ុង​នោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូមបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន ណា​ដែល​បាន​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​មាន​ក្នុង​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល៕

មន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗចំនួន៤រូបនឹងបង្ហាញវត្តមានក្នុងកម្មវិធីចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗដែលមានឥទ្ឋិពលលើសេដ្ឋកិច្ចកម្ពុជា នឹងបង្ហាញវត្តមានក្នុងកម្មវិធី” ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១”ដែលនឹងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី១ កុម្ភៈ វេលាម៉ោង១១,៣០នាទីថ្ងៃត្រង់ខាងមុខនេះ។

កិច្ចសម្ភាសន៍ពិសេសនេះ នឹងផ្សព្វផ្សាយនៅលើគេហទំព័រPropertyarea.asia និងwww.cambodiafinancialtimes.com និងFacebook Pageរបស់គេហទំព័រទាំងពីរនេះ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចសម្ភាសន៍នេះ គឺលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា និងជាអតីតប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សហស្ថាបនិក និងអគ្គនាយកនៃគេហទំព័រទាំងពីរលោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ការផ្តល់វត្តមានចូលរួមពីមន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗមានឥទ្ឋពលនៅកម្ពុជា មិនត្រឹមតែជាគុណតម្លៃមួយនោះទេ ប៉ុន្តែអស់លោកពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេបានយល់ដឹងពីការវវត្តនៃសេដ្ឋកិច្ច សង្គម និងគោលនយោបាយរបស់រដ្ឋាភិបាល នានា ដែលបានដាក់ចេញដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “កម្មវិធីនេះ ជាកម្មវិធីដែលបង្កើតឡើងមួយឆ្នាំម្តង ដើម្បីផ្តល់ព៌តមាននិងចំណេះដឹងដល់ប្រជាពលរដ្ឋ​ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីព៌តមាននានា ទាក់ទងការវិវត្តនៃវិស័យអចលនទ្រព្យ កសិកម្ម និងការនាំចេញ”។លោកបន្តថា “ការផ្តល់ព៌តមានជាក់លាក់ ពិត ឥលលំអៀងនឹងអាចទុកចិត្តបាន ជាបេសកកម្មរបស់យើង ដើម្បីជម្រុញភាពរីកចម្រើនក្នុងសង្គម ហើយគេហទំព័រទាំងពីរកំពុងផ្តល់នូវពុទ្ឋីថ្មីៗ ដល់សង្គមជាតិ ដែលជាការរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្តល់ព៌តមានពិត និងប្រឆាំងនឹងព៌តមានក្លែងក្លាយ”។

កម្មវិធី “ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១”សូមគោរពអរគុណដល់ឯកឧត្តមវេង សាខុន អ្នកឧកញ៉ាលី ហួរ លោកឧកញ៉ាលឹម ហេង និងលោកឧកញ៉ាហួត អៀងតុង ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនេះ៕

អ្នកជំនាញបង្ហាញពីទីផ្សារអចលនវត្ថុដែលអាចងើបឡើងក្នុងល្បឿនលឿននៅឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងភាពសុទិដ្ឋិនិយម និងការរំពឹងទុកពីភាពល្អប្រសើរ នៃវិសយអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ អ្នកជំនាញបានអះអាងថាការងើបឡើងវិញ នៃទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នឹងមានល្បឿនលឿនជាងគេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY Real Estate  លោកវ៉ន ចាន់ថន បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា តាមការរំពឹងទុក វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងាកមករកភាពល្អប្រសើរឡើងវិញ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំ២០២១នេះសកម្មភាពទិញ លក់នឹងមានភាពមមាញឹកឡើងវិញ ខណៈដែលស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លងត្រូវបានទប់ស្កាត់ និងកាត់បន្ថយការរាលដាលក្រោយមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា “ពេលនេះសញ្ញាល្អៗនៅក្នុងវិស័យអចលនទ្រព្យ បានចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដែលផ្តើមចេញចលនាក្នុងស្រុក ប៉ុន្តែសម្រាប់សកម្មភាពនៃការចូលរួមពីទីផ្សារក្រៅស្រុកនៅមិនទាន់នៅឡើយនោះទេ”។ លោកបញ្ជាក់ថា “ចលនានៃទីផ្សារអចលនទ្រព្យ ដែលផ្តើមចេញពីអ្នកក្នុងស្រុកនៅពេលនេះ  គឺជាតម្រូវការពិតតម្រូវការជាក់ស្ដែង ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី ស្ថិតនៅតាមបណ្តាជាយរាជធានីភ្នំពេញ ដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារ”។

លោកបន្តថា មិនមែនពួកគាត់មិនចង់ទិញផ្ទះ នៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែលុយត្រឹមជាង៧ម៉ឺន ឬ១០ម៉ឺន គឺរកផ្ទះនៅមិនបាននោះទេ ដូច្នេះជាជម្រើសពួកគាត់មានតែទិញនៅតាមជាយក្រុង។

លោកវ៉ន ចាន់ថនបានមានប្រសាសន៍បន្តទៀតថា “កាលពីឆ្នាំ២០២០ដែលប្រ​ទេសកំពុងស្ថិតនៅក្នុងភាពប្រឈមខ្លាំង នៃវិបត្តិការទិញលក់លំនៅដ្ឋាន ក៏នៅតែមានសកម្មភាព ប៉ុន្តែមានការធ្លាក់ចុះបន្តិច ដោយសារតែបញ្ហានៃប្រាក់ចំណូលត្រូវបានកាត់បន្ថយ ប៉ុន្តែនៅឆ្នាំ២០២១នេះ ភាពប្រឈមត្រូវបានកាត់បន្ថយ ហើយអាជីវកម្ម និងកន្លែងបម្រើការងារផ្សេងៗ បានចាប់ដំណើរវិញជាធម្មតាឡើងវិញ។ ដូច្នេះពួកគាត់អាចមានលទ្ធភាពឡើងវិញ។

លោកបន្តថា “ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានអនុគ្រោះដោយការលើកលែងពន្ធប្រថាប់ត្រា លើការទិញលក់លំនៅដ្ឋាតម្លៃក្រោម៧ម៉ឺន រួមជាមួយនឹងការបន្តលើកលែងលើការយកពន្ធលើប្រាក់ចំណេញមូលធន នេះជាការជំរុញឱ្យមានការទិញលក់កាន់តែមានល្បឿនលឿន”។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌីបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ពិតជាអាចកក្រើកឡើងវិញក្នុងល្បឿនលឿនជាងទីផ្សារដទៃទៀត ប៉ុន្តែភាគច្រើនគឺជាទីផ្សារលំនៅដ្ឋាន ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ សម្រាប់ទីផ្សារលំនៅដ្ឋានសហកម្មសិទ្ធិអាចនៅមានកម្រិត។

លោកបញ្ជាក់ថា“ផ្ទះជាប់ដីតម្លៃក្រោម១០ម៉ឺនដុល្លារ ឬក្រោម៧ម៉ឺនដុល្លារវាជាតម្រូ​វការពិតរបស់ប្រជាពលរដ្ឋក្នុងស្រុក ហើយវានឹងបន្តទៅមុខក្នុងចន្លោះ៥ឆ្នាំ ឬ១០ឆ្នាំទៀត ប៉ុន្តែសម្រាប់តម្រូវការលំនៅដ្ឋានសហកម្មសិទ្ធិ នៅមិនទាន់មានល្បឿនលឿននោះទេ”។លោកបន្តថា “មូលេហតុគឺដោយសារតែភាគច្រើន អ្នកដែលមានទំនោររស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូគឺជាតម្រូវការទផ្សារមកពីក្រៅស្រុក”។

លោកបន្ថែមថា ដូច្នេះនៅក្នុងឆ្នាំ២០២១ ខណៈដែលពួកគាត់(ជនបរទេស)នៅមិនទាន់អាចវិលមកកាន់កម្ពុជាបានវិញនោះ ចរន្តទិញលក់នៅតែមានកម្រិត៕

សេដ្ឋកិច្ចហុងកុង សំយ៉ុងក្បាលចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៦,១% ក្នុងឆ្នាំ២០២០

ដោយ ៖ សុខុម

ហុងកុង: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ក្រុងហុងកុង បានសំយ៉ុងក្បាលសចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៦,១% ក្នុងឆ្នាំ២០២០ នៅពេលទីក្រុងមួយនេះបានរងផលប៉ះពាល់ខ្លាំងដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានចាប់ផ្ដើមផ្ទុះឡើងនៅរយៈពេលប៉ុន្មានខែក្រោយ និងមានភាពចលាចលផ្នែកនយោបាយ។

រដ្ឋបាលពិសេសក្រុងហុងកុង កាលពីថ្ងៃសុក្រ ទី២៩ មករា និយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុងនេះបានធ្លាក់ចុះ ១% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ដែលបានឈានទៅដល់ការធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងទៅទាំងមូល។

អ្នកនាំពាក្យរដ្ឋបាលពិសេសក្រុងហុងកុងបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “ខណៈស្ថិរភាពសង្គមនៅហុងកុងត្រូវបានស្ដារឡើងវិញ សេដ្ឋកិច្ចបានធ្លាក់ចុះធ្ងន់ធ្ងរកាលពីឆ្នាំមុនដែលភាគច្រើនធ្លាក់ចុះដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩”។

សេដ្ឋកិច្ចរបស់ក្រុងហុងកុងបានធ្លាក់ចុះខ្លាំងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០១៩ ក្រុងនេះត្រូវបានធ្វើឱ្យកក្រើកដោយសារពលរដ្ឋ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្ទុះបាតុកម្មអូសបន្លាយរយៈពេល ៧ ខែជាប់គ្នានៅក្នុងការប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនប៉េកាំង មកលើក្រុងមួយនេះ។ មិនយូរប៉ុន្មានក្រោយពីនោះ ក្រុងហុងកុង បានក្លាយជាកន្លែងទី១ ដែលបានកត់ត្រាការផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ ក្រោយពីវីរុសនេះផ្ទុះនៅចិនប៉េកាំង។

ទីក្រុងដែលមានប្រជាជនរស់នៅច្រើនកកកុញមួយនេះ អាចទប់ការឆ្លងរាតត្បាតឱ្យស្ថិតនៅកម្រិតទាបគួរឱ្យកត់សម្គាល់ ដោយមានតែករណីឆ្លងតែជាង ១០.០០ ករណី និងស្លាប់ប្រមាណ ១៨០ ករណីប៉ុណ្ណោះ។ ប៉ុន្តែក្រុងនេះបានដាក់ចេញវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ហើយផាកពិន័យជាប្រាក់ចំពោះអ្នកបំពានវិធានការនេះស្ទើរតែមួយឆ្នាំពេញកាលពីឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋបាលពិសេសនេះបានលើកឡើងថា “សេដ្ឋកិច្ចរបស់ក្រុងនេះបានធូរស្រាលជាលំដាប់” ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ តាមការរំពឹងទុកថា សេដ្ឋកិច្ចក្រុងហុងកុង នឹងទទួលបានកំណើនជាវិជ្ជមានសម្រាប់ឆ្នាំ២០២១ ទាំងមូល ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំនេះនឹងនៅតែមានបញ្ហាប្រឈម ហើយកម្រិតនៃការងើបឡើងវិញស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងច្រើន ជាពិសេសភាពមិនប្រាកដប្រជាអំពីស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩”។

យោងតាមទិន្នន័យបង្ហាញថា ការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ ១០,២% ពីឆ្នាំ២០១៩។ ចំណែកឯការនាំចេញបានធ្លាក់ចុះ ៣៦,៨% ហើយការនាំចូលបានធ្លាក់ចុះ ៣៥,២%។ ទន្ទឹមនេះ អត្រាគ្មានការងារធ្វើនាពេលបច្ចុប្បន្នមាន ៦,៦% ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៦ ឆ្នាំមកនេះ៕