ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហើបឲ្យដឹងថា ផ្នែកមួយនៃវិស័យអចលនទ្រព្យ នឹងងើបឡើងលឿនជាងគេក្រោយវិបត្តិកូវីដ១៩ គឺវិស័យដីធ្លីដែលតម្លៃរបស់វានឹងកើនឡើងវិញ។
លោកច្រឹក សុខនីម ប្រធាន CVEA បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី៣ ឧសភាកន្លងមកថា ក្នុងចំណោមផ្នែកសំខាន់ៗនៃអចលនទ្រព្យ ដីធ្លីនៅតែមានឳកាសឡើងថ្លៃលឿនបន្ទាប់ពីវិបត្តិនេះ ព្រោះការទូទាត់ទិញលក់ដីធ្លីនៅជាយក្រុង តាមផ្លូវក្រវ៉ាត់ក្រុង និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច នឹងបន្តឡើងថ្លៃ។
លោកបន្តថា “ហេតុផលដោយសារការពង្រីកក្រុងនៅតែបន្ត ការមានជំនឿរបស់ប្រជាពលរដ្ឋទៅលើសេដ្ឋកិច្ច និងធនធានហិរញ្ញវត្ថុ នឹងធ្វើឲ្យពួកគាត់បនន្តវិនិយោគ” ។ លោកបន្តថា “កំនើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ នឹងធ្វើឲ្យអ្នកវិនិយោគបន្តវិនិយោគបន្ថែមទៀត ដែលវាធ្វើឲ្យដីធ្លីនាំមុខផ្នែកផ្សេងទៀតដូចជា លំនៅដ្ឋាន ខុនដូជាដើម” ។
ទោះជាយ៉ាងណាក្នុងស្ថានភាពនេះ លោកច្រឹក សុខនីម បានឲ្យដឹងថា អ្នកវិនិយោគភាគច្រើន មានការវិភាគច្រើនជាងមុន មុនពេលសម្រេចចិត្តវិនិយោគអ្វីមួយ ដើម្បីបញ្ចៀសហានិភ័យ គាំងលំហូរសាច់ប្រាក់របស់ខ្លួន ប្រសិនជាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នឹងអូសបន្លាញរយៈពេលវែង។
ជាមួយគ្នានេះ យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា តម្លៃដីធ្លីនឹងកើនឡើងក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំទៅមុខបន្តទៀត ប៉ុន្តែកំនើនអាចទាប ឬខ្ពស់ជាងនេះអាស្រ័យលើសក្តានុពលតំបន់និមួយ៕