រដ្ឋបាលខេត្តព្រះសីហនុសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៨៤ក្បាលដីនៅលើកោះរ៉ុង

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ក្រោយការសិក្សា និងពិនិត្យលម្អិតទៅលើភាពមិនប្រក្រតីលើការស្នើសុំកាន់កាប់ដីជាកម្មសិទ្ធិនៅលើកោះរ៉ុងដែលកំពុងមានគម្រោងអភិវឌ្ឍន៍យ៉ាងសម្បើមពីសំណាក់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅលើដីចំនួន៥៨៤ក្បាលដី និងបន្តចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលប៉ះពាល់ដីកម្មសិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាប្រភេទដីកោះដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋតាមអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌជួលវិនិយោគ។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង ៦៣៧ក្បាលដី ស្មើនឹងទំហំ ៥២៨,៣៧ហិកតា។

ដោយឡែកទីតាំងដីចំនួន ៥៨៤ក្បាលដី (ដូចមានក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ) គណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដោយយោងលើហេតុផលទី១. ប្រជាពលរដ្ឋមិនមានអាសយដ្ឋានអចិន្ត្រៃយ៍លើកោះ មានចំនួន ៣៦០ក្បាលដី។ ទី២. ទីតាំងដីគ្មានទិន្នន័យ មានចំនួន ៧២ក្បាលដី។ ទី៣. ទីតាំងដីទំនាស់មានចំនួន ១០៧ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៤៧ក្បាលដីប្រជាពលរដ្ឋនៅក្រៅកោះចំនួន ៦០ក្បាលដី និងទី៤. ទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះចំនួន ៤៥ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៣៦ក្បាលដីនិងប្រជាពលរដ្ឋនៅក្រៅកោះចំនួន ០៩ក្បាលដី។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបន្ថែមថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណា រួមមានឯកសារសម្គាល់លេខក្បាលដី (ចុងសន្លឹក) លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ-លក់ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬប្រថាប់ត្រាមេធាវី ឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជន(រវាងគូភាគី) គំនូសបង្ហាញទីតាំងដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមនឹងក្បាលដីក្នុងប្លង់សុរិយោដីចំនួន ៥៨៤ក្បាលដី ដែលគណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់ជូនជាកម្មសិទ្ធិ គឺជាឯកសារដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងនោះទេ។

ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលស្គាល់លើការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំ ហ៊ីប៉ូតែកប្រទានកម្មអច្ច័យទាន សន្តតិកម្ម ។ល។ និងសិទ្ធិទាំងឡាយដែលពាក់ព័ន្ធទៅនឹងទីតាំងទាំង ៥៨៤ក្បាលដី និងដីដែលកាន់កាប់ខុសច្បាប់ដទៃផ្សេងទៀតដូចមានឯកសាររៀបរាប់ខាងលើ លើកលែងក្បាលដីដែល ត្រូវបានចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយរដ្ឋបាលសុរិយោដីរួចហើយ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតដោយមិនលើកលែងចំពោះជន ណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ ដូចមានក្នុងមាត្រា២៥៩ នៃច្បាប់ភូមិបាលចែងថា «ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលានរៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬរនិងផ្តទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងមាត្រា ៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ «រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន” ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល និងជនណានៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យប្រឆាំងតបតនឹងអ្នករាជការសាធារណៈ៕

គម្រោង​អចលនទ្រព្យធំៗចំនួន៣ប្រកាស​បញ្ចប់​ការសាងសង់ ទោះ​សិ្ថ​តក្នុងអំឡុង​មាន​វិបត្តិ

ដោយៈ សាវុធ

ភ្នំពេញៈ ទោះបី​សិ្ថ​ត​ក្នុងអំឡុង​មាន​វិបត្តិ​កូ​វីដ១៩ ដែល​បង្ក​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក រួ​មាន​ទាំង​កម្ពុជា​ក៏ដោយ ក៏​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ នៅ​ទីក្រុង​ភ្នំពេញ បានប្រកាស​បញ្ចប់​ការសាងសង់​របស់ខ្លួន នៅ​ចុងឆ្នាំ២០២០ និង​ដើមឆ្នាំ២០២១ ដើម្បី​ត្រៀម​បម្រើឱ្យ​ទីផ្សារ និង​សេវាកម្ម​អចលនទ្រព្យ​នាពេល​មុខឆាប់។

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ ដែល​បានប្រកាស​បញ្ចប់​ការសាងសង់​នេះ  មានដូចជា ទី១) ក្រុមហ៊ុន ម៉ា​រី​ថា​ម អ​សិត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ា​រី​ថា​ម គ្រុប នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំ​ពិធី​បិទ​បញ្ចប់​ការសាងសង់ គ្រោង​អគារ​ការិយាល័យ​ទំនើប​របស់ខ្លួន ដែលមាន​ឈ្មោះថា «Maritime Tower» ។

អគារ​ការិយាល័យ​ទំនើប​នេះ មាន​កម្ពស់២៦ជាន់ និង​វិនិយោគ​ទឹកប្រាក់៣០លាន​ដុល្លារ​អាមេរិក ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹង​ក្លាយទៅជា​តំបន់​ធុរកិច្ច​ដ៏​មាន​សក្តានុពល ប្រមូលផ្ដុំ​ទៅដោយ​អគារទំនើបៗមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ។

អគារ​ការិយាល័យ​លំដាប់​អន្តរជាតិ តម្លៃ៣០លាន​ដុល្លារ «Maritime Tower» ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយ​គ្រោង​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០២១នេះ។

ទី២) ដោយមាន​កម្ពស់​ជាង៣០ជាន់ គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុន​ដូ វីន​ដាម (Wyndham) របស់​មជ្ឈមណ្ឌល​លី​ស៊ីន CEO ដែល​ស្ថិតនៅក្នុង សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បានបញ្ចប់​គ្រោង​អគារ និង​កសាង​ដល់​ជាន់​ដំបូល នៅ​ឆ្នាំ២០២២ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ។

ជាក់ស្ដែង នៅ​ថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌល​លី​ស៊ីន CEO បាន​ប្រារព្ធ​ពិធី​បញ្ចប់ ការសាងសង់​គ្រោង​អគារ​ដោយ មានការ​ប្រសិទ្ធិ​ពរ​ពី​ព្រះសង្ឃ និង​ការសម្តែង ម៉ុង​សាយ​អមដោយ​សំឡេង​ម៉ាស៊ីន របារ​ដែក​ចុងក្រោយ​ត្រូវបាន​បិទ​ជិត។

យោងតាម​ផែនការ​ក្នុងការ​សាងសង់ បន្ទាប់​របស់​ក្រុមហ៊ុន​លី​ស៊ីន CEO បាន​ផ្តោត​សំខាន់​ទៅលើ រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ ដែលមាន​រូបរាង​ពពក និង​សំណង់​ខាងក្នុង នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ WYDHAM នឹង​បញ្ចប់​ក្នុងពេលឆាប់ៗនេះ តាម​ការគ្រោងទុក។

ទី៣ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹង​ការរៀបចំ​ចាក់សាប​ចុងក្រោយបង្អស់ Morgan Tower ត្រូវបាន​បញ្ចប់​ការសាងសង​ជា​ស្ថាពរ។ ចាប់តាំងពី​ការបុក​គ្រឹះ​នៃ Morgan Tower នៅ​ខែសីហា ឆ្នាំ២០១៨ រហូតដល់​បានបញ្ចប់៤៨ជាន់ អស់​រយៈពេល២៨ខែ ហើយ​វា​បានផ្តល់​នៅ​ចម្លើយ​ដ៏​ល្អឥតខ្ចោះ ដល់​ម្ចាស់​វិនិយោគិន និង​ដៃគូ​អាជីវកម្ម​ជាច្រើន។

Morgan ជឿជាក់ថា​សកម្មភាព​ជា​ក់​ស្តែង ជា​ពាក្យ​ដែលមាន​ឥទ្ធិពល​បំផុត ដោយ​ទទូច​ឲ្យ​បកស្រាយ​គោល​គំនិត ជាមួយនឹង​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​មើលឃើញ​ពី​ភាពរឹងមាំ​ប្រកបដោយ​គុណភាព​ខ្ពស់។

ស្ថិតក្រោម​បរិយាកាស​ពិសេស នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 ឆ្នាំ២០២០ Morgan បាន​ទប់​ទល់នឹង​ហានិភ័យ នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid19 សម្ភារ​សំណង់​ខ្វះខាត ថ្លៃ​ពលកម្ម​កើនឡើង និង​ការលំបាក​ក្នុងការ​សាងសង់​ក្នុង​រដូវវស្សា ហើយ​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​វឌ្ឍនភាព​នៃ​សំណង់ និង​ស្តង់ដារ​សំណង់ ហើយ​ខិតខំ​ធ្វើ​ឲ្យ​សំណង់ នឹង​ផលិតផល​ល្អ​បំផុត​តាម​ស្តង់ដា​ដ៏​តឹងរឹង។

Morgan សង្ឃឹម Morgan Tower នឹង​បញ្ជ​ប់​ការសាងសង់​បាន​យ៉ាង​ជោគជ័យ ក្នុងពេល​ដំណាលគ្នា​នេះដែរ ក្រុមហ៊ុន​ត្រៀម​នឹង​ប្រគល់ជូន នៅ​អគារ​ការិយាល័យ ភាព​រ៉ុង​រឿង នៃ​អាជីវកម្ម​នាពេល​អនាគត របស់​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​លេចចេញ​ជា​រូបរាង៕

បច្ចុប្បន្នភាព៖ ការដ្ឋាន​សំណង់​ចំនួន ៦២៤ បាន​ផ្អាក​សកម្មភាព​សាងសង់នៅ​ក្រុងព្រះសីហនុ

ដោយ​ស៊ីវ ម៉េង

ព្រះសីហនុៈ វិបត្តិ​ជំងឺ​កូ​វីដ និង​បញ្ហា​ដទៃទៀត បានធ្វើ​ឲ្យ​ការដ្ឋាន​សំណង់​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន ៦២៤បាន​ផ្អាក​សកម្មភាព​សាងសង់ ដែល​ការដ្ឋាន​សំណង់​ទាំងនោះ​មាន​វាសនា​មិន​ច្បាស់លាស់។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (ដន​សស) ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា យោងតាម​ការចុះ​តាមដាន​ការដ្ឋាន​សំណង់​របស់​ក្រុមមន្ត្រី​ជំនាញ​របស់​ដន​សស ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ក្រុមការងារ​ម​នី្ទ​រដន​សស និង​កា​រិ​យា​ល័ស​ដន​ស​ភ បាន​ចុះ​តាមដាន​សកម្មភាព​ការងារ​សាងសង់​បាន​រកឃើញថា ការដ្ឋាន​សំណង់​ចំនួន៤ការដ្ឋាន បាន​រុះ​រើរួច​ទុក​ដី​ទំនេរ។

ការដ្ឋាន​សំណង់​ចំនួន៦២៤ការដ្ឋាន គ្មាន​សកម្មភាព​សាងសង់។ ការដ្ឋាន​សំណង់​សរុប​ចំនួន៥២៧ការដ្ឋាន កំពុងមាន​សកម្មភាព​សាងសង់របាយការណ៍​ដដែល​បាន​បង្ហាញថា ជាមួយគ្នានេះ​ការដ្ឋាន​សាងសង់​សរុប​ចំនួន១៥៣ការដ្ឋាន បាន​សង់​រួច និង​កំពុង​ប្រកប​អាជីវកម្ម។ ការដ្ឋាន​សំណង់១០៦ ការដ្ឋាន បាន​សង់​រួច ប៉ុន្តែ​គ្មាន​សកម្មភាព​ប្រកប​អាជីវកម្ម និង​ការដ្ឋាន​សំណង់​សរុប​ចំនួន១៦៦ ការដ្ឋាន​បាន​សង់​រួច មិនមាន​បញ្ជាក់​ពី​សកម្មភាព​អាជីវកម្ម។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សំណង់​អគារខ្ពស់ៗនៅ​ក្រុងព្រះសីហនុ​គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០២១ ត្រឹម​ខែមករា សំណង់​អគារខ្ពស់ៗនៅ​ខេត្ត​ព្រះសីហនុ មាន​កម្ពស់​ពី៥ជាន់ ដល់៥៣ជាន់ ដែល​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់ មាន​ចំនួន៥៧៨គម្រោង។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សកម្មភាព​វិនិយោគ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ នៅពេល​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩បាន ពិសេស​វ៉ាក់សាំង​ត្រូវបាន​ចែកចាយ និង​ចាក់​ជូន​ប្រជាជន ដែល​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​ពួកគេ​ធ្វើដំណើរ​បាន។

លោក​បន្តថា “ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ច្រើនណាស់ សម្រាប់​ការវិនិយោគ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា” ៕

សិក្សា​លើ ៥ចំណុច​នេះ មុនពេល​សម្រេចចិត្ត​ទិញ​ដី​សម្រាប់​វិនិយោគ​យកផលចំណេញ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ មានចំណេះដឹង​ច្បាស់លាស់ មាន​លំហូរ​ទុន​គ្រប់គ្រាន់ ត្រូវការ​ការរៀនសូត្រ​ជាប្រចាំ ហេតុនេះ​ការជ្រើសរើស​វិនិយោគ​ដីធ្លី ដែលមាន​វិធីសាស្ត្រ​ត្រឹមត្រូវ នឹងធ្វើ ឲ្យ​យើង​ទិញ​ដី​បានល្អ តម្លៃ​ល្អ និង​អាចមាន​ផលចំណេញ​លឿន។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អ្នកតាមដាន​ការវិវត្ត​ក្នុង​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​បាន​មានប្រសាសន៍​ដោយ​ចង្អុលបង្ហាញ​លើ​ចំណុចសំខាន់ៗចំនួន៤ ដែល​អ្នកវិនិយោគ​ដីធ្លី​គួរ​ពិចារណា។

សិក្សា​លើ​សក្តានុពល​ទីតាំង

នៅពេល​និយាយ​ពី​អចលនទ្រព្យ គឺ​និយាយ​ពី​ទីតាំង ទីតាំង និង​ទីតាំង ព្រោះ​ទីតាំង​មាន​សារៈសំខាន់​ណាស់ សំរាប់​កំណត់​ភាពជោគជ័យ​របស់​គម្រោង​ណាមួយ ព្រោះ​តម្លៃ​អចល​ទ្រព្យ​ពិសេស​ដីធ្លី ដែលមាន​តម្លៃ​ឡើងថ្លៃ​លឿន។

ទីតាំង​ដែល​គួរ​វិនិយោគ​គួរ​ធ្វើ​នៅ​តំបន់ ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល តំបន់​ព្រំដែន តំបន់​ជាយក្រុង តំបន់​ដែលមាន​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​ជាដើម។

ប័ណ្ណ​កម្ម​សិទ្ធ

ប័ណ្ណ​កម្ម​សិទ្ធ​ច្បាស់លាស់​នៅ​កម្ពុជា ហាក់ដូច​ជាមាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​មួយ ដោយសារ​មន្ត្រី​មូលដ្ឋាន និង​មាន​សមត្ថកិច្ច​បាន​លួ​ចេញ​ប្លង់​ត្រួត​លើ​គ្នា ដើម្បី​ផលប្រយោជន៍​ទោះបី​ពួកគេ​ដឹងថា​ខុសច្បាប់​ក៏ដោយ។

ហេតុនេះ ការសិក្សា​លំអិត​ម្តង​ហើយ​ម្តងទៀត ពី​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ឬ​អចលនទ្រព្យ វា​នឹង​អាច​បញ្ចៀស​ហានិភ័យ ដែល​ធ្វើ​ឲ្យ​ការវិនិយោគ​របស់លោក អ្នកមាន​សុវត្ថិភាព និង​មានឱកាស​ចំណេញ​ខ្ពស់។

ប្រើ​រូបមន្ត​ពិសេស

តាម​ធម្មតា​ដី​តែង​មានការ​ដាក់លក់​ច្រើន ហេតុនេះ​មុន​សម្រេច​ជ្រើស​រើសយក​ទីតាំង​ណាមួយ អ្នកវិនិយោគ​អន្តរជាតិ​បានផ្តល់​ជា​យោបល់​ថា គួរ​ជ្រើសរើស​ដី៥០ទៅ១០០ទីតាំង ហើយ​ជ្រើស​រើសយក ១០ក្បាលដី ឬ​ទីតាំង ដើម្បី​យកមក​វិភាគ​ពី​តម្លៃ ពី​សក្តានុពល​ទីតាំង ដើម្បី​ប្រាកដថា​ដី​ដែល​ខ្លួន​បានជ្រើសរើស​ពិតជា​ល្អ។

បន្ទាប់មក​គេ​ជ្រើស​រើសយក​ដី៣ទៅ ៤ទីតាំង ដើម្បី​សម្រេចចិត្ត​ចុងក្រោយ​ថា​គួរ​ជ្រើសរើស​ដី​ណាមួយ ដែលមាន​សក្តានុពល ដែល​អ្នកវិនិយោគ​អាច​ដឹងថា ដី​ដែល​ខ្លួន​បានជ្រើសរើស​ពិតជា​ល្អ មាន​ទីតាំង​ល្អ មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ត្រឹមត្រូវ និង​មាន​ឳ​កាស​ចំណេញ​ខ្ពស់។

សិក្សា​លើ​លំហូរ​សាច់ប្រាក់

លំហូរ​សាច់ប្រាក់​មាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​អ្នកវិនិយោគ​មាន​ភាពច្បាស់លាស់ ដើម្បី​ប្រឈម​នឹង​វិបត្តិ ព្រោះ​ការវិនិយោគ​ឬ​ធ្វើ​អ្វីមួយ តែងតែមាន​ឳ​កាស និង​បញ្ហា​ប្រឈម ហេតុនេះ​ការត្រៀមខ្លួន​ទុកជាមុន​ពិតជា​មាន​សារៈសំខាន់​ណាស់។

ទោះជា​ដីធ្លី​ឡើងថ្លៃ​ខ្ពស់​ក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ឬ​អ្នកវិនិយោគ​ខ្ចីលុយ​ធនាគារ យកមក​វិនិយោគ​លើ​ដីធ្លី​ឡើយ ដោយសារ​ការលក់​ដីធ្លី​ត្រូវការ​ពេលវេលា​សមស្រប​មួយ មិនមែន​ចង់់​លក់ ចេះតែ​លក់បាន​នៅពេល​លោក អ្នកមាន​បញ្ហា​វិបត្តិ​លំហូរ​សាច់ប្រាក់​ឡើយ៕

ចម្ងល់! ហេតុ​អី​ស្រុក​ចំនួន៦ក្នុង​ខេត្តកណ្តាល​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ កត្តា​នគរូបនីយកម្ម និង​ប្រជាសាស្ត្រ​បានធ្វើ​ឲ្យ​ស្រុក​ចំនួន៦ក្នុង​ខេត្ត​ក ណ្តា​ល​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ ដោយសារ​ទទួល​ឥ​ទ្ឋិ​ពល​ពី​រាជធានី​ភ្នំពេញ​ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន។

បណ្តា​ស្រុក​ទាំងនោះ​រួមមាន ស្រុក​កៀនស្វាយ ស្រុក​ពញ្ញាលឺ ស្រុក​អង្គស្នួល ស្រុក​ខ្សាច់កណ្តាល និង​ក្រុង​តាខ្មៅ​ជាដើម។

ប្រធាន​សមាមគ​ម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា សម្រាប់​ដី​នៅតាម​បណ្តា​ស្រុកសំខាន់ៗ ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង ដែល​អាច​ផ្តល់ឱកាស​យ៉ាង​ល្អប្រសើរ​ទៅដល់​បណ្តា​អ្នកវិនិយោគ​នានា ទាំង​ការទិញ-លក់ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅដ្ឋាន។ ដ្បិត​ដី​នៅ​តំបន់​នេះ មាន​វិសាលភាព​ធំ​ទូលាយ តម្លៃ​នៅមានកម្រិត ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ ដូចជា មាន​ដង​ទន្លេ​នៅ​អម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ មាន​ស្ពាន​ដែល​នឹង​ត​ភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយ​ក្សត្រ ។

លោក​បន្តថា ខេត្តកណ្តាល​ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ ដែលមាន​សក្តានុពល​ជាច្រើន ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ កំពង់ផែ​លំដាប់​អន្តរជាតិ ការបញ្ចប់​ផ្លូវជាតិ​លេខ១ ដែលជា​ផ្លូវ​ត​ភ្ជាប់​ច្រករបៀង​ភាគខាងត្បូង​ជាដើម” ។

លើសពីនេះទៅទៀត អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ បច្ចុប្បន្ននេះ មាន​អ្នកវិនិយោគ​ជាច្រើន បាននិងកំពុង​តែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ព្រោងព្រាត ក៏ដូចជា គម្រោង​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​តម្លៃ​មធ្យម និង​ក្រោម​ធ​ម្យ​ម ដែល​រឹតតែ​ធ្វើឱ្យ​ដី​តំបន់​កៀនស្វាយ​កាន់​តែមាន​ប្រជាប្រិយភាព​ខ្ពស់។

លើកឡើង​ស្រដៀង​គ្នា​នេះ លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន និង​ទៅ​អនាគត ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​មួយចំនួនទៀត មាន​សក្ដានុពល​ខ្លាំង​មិន​ចាញ់ តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ​នោះឡើយ ដែល​នេះ​ជា​ចំណុច​ល្អប្រសើរ សម្រាប់​អ្នកវិនិយោគ​ស្វែងរក​ភាគ​ចំណេញ ក៏ដូចជា​សម្រាប់​អ្នក​សង់​លំនៅដ្ឋាន​ផងដែរ។

លោក​ឧកញ៉ា​បន្តថា “សព្វថ្ងៃនេះ​ដោយសារតែ​ផ្ទៃដី នៅក្នុង​ក្រុងមាន​ភាព​ចង្អៀត និង​មានតម្លៃ​ថ្លៃ​ផង​នោះ បាន​ជំរុញ​ឱ្យ​បណ្តា​អ្នកវិនិយោគ​នានា ងាក​ទៅកាន់​តំបន់​ជាយក្រុង។លោក​បន្តថា ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​ដទៃទៀត បាននិងកំពុង​ស្ថិតក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ផ្នែក​ដីធ្លី​ទាំងអស់​នោះដែរ” ៕

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគសរុបជាង១៦លានដុល្លារ

ដោយ៖ រ៉ាណេត

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគាំទ្រលើគម្រោងវិនិយោគថ្មីចំនួន៤ ដែលមានទុនវិនិយោគសរុបប្រមាណ១៦,២លានដុល្លារ និងបង្កើតឱ្យការងារជិត៣០០០កន្លែង។

តបតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុននៃវិស័យឯកជន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរគាំទ្រជូនដល់ក្រុមហ៊ុនចំនួន៤រួមមានដូចខាងក្រោម៖

១- “TAPERITE PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាញ់តាបាញ់និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

២- “XIN YUNFENG (CAMBODIA) FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៤ កន្លែង។

៣- “UNICORN FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១០កន្លែង។

៤- “LAURENCE FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៣៨កន្លែង៕

ក្រុមហ៊ុនយក្សអាមេរិកបោះទុន៤៥ពាន់លានដុល្លារសាងសង់ទីក្រុងថ្មីមួយនៅប្រទេសកាតា

ដោយ ៖ វឌ្ឈនា

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចRoeswood បានសម្រេចបោះទុនវិនិយោគ៤៥ ពាន់លានដុល្លារអាមេរិក សាងសង់ទីក្រុងថ្មីមួយនៅទីក្រុងដូហា ប្រទេសកាតា ដែលរួមបញ្ចូលនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ពហុកីឡាដ្ឋានដែលគ្របដណ្តប់លើផ្ទៃដី៣៨គីឡូម៉ែត្រក្រឡា។

តាមការការចុះផ្សាយរបស់សារព័ត៌មានcladglobal.com បានឱ្យដឹងថា ក្រុមហ៊ុន Rosewood បានចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេស Qatar ឈ្មោះ Arka Investment ក្នុងការសាងសង់អគារនេះ ដែលនឹងដាក់ឱ្យដំណើរនៅក្នុងឆ្នាំ២០២២ ខាងមុខ។ នេះគឺការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Rosewood ដ៏ធំមួយមកកាន់តំបន់មជ្ឈឹមបូព៌ា ។

គម្រោងសាងសង់ទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មឈ្មោះLusail City ត្រូវបានប៉ាន់ប្រមាណក្នុងការចំណា​យទឹកប្រាក់រហូតដល់៤៥ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថាLusail City ដែលលាតសន្ធឹងលើផ្ទៃដី៣៨ គីឡូម៉ែត្រក្រឡា និងមានកោះចំនួន៤ និងតំបន់ពហុលំនៅដ្ឋានចំនួន១៩កន្លែង អគារប្រើប្រាស់ចម្រុះ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្ម។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារមកពីការិយាល័យវិស្វកម្មអារ៉ាប់ (AEB) ដឹកនាំដោយ លោក Ibrahim M Jaidah ដែលជាស្ថាបត្យករកាតាដ៏ល្បីឈ្មោះ ដែលត្រូវបានគេស្គាល់ថាជាទស្សនវិទ្យា ផ្នែករចនាប្លង់សាងសង់អគារ ដែលឆ្លើយតបទៅនឹងបរិស្ថានធម្មជាតិ ប៉ុន្តែវាក៏មានការលាយឡំងជាមួយនឹងវប្បធម៌និ ងសង្គមផងដែរ៕

សម្តេចតេជោៈ ផ្នែកឯកជនជាដៃគូដ៏ចាំបាច់ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ

ដោយៈ សាវុធ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវអំណរសាទរចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ដោយសម្តេចបានលើកឡើងថា វិស័ឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបាន ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងមកថា “រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថា ផ្នែកឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន”។

ក្នុងលិខិតដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា “ខ្ញុំសូមស្វាគមន៍ និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិត ក្នុងការកៀរគរវិនិយោគបន្ថែមទៀត ដែលនឹងជួយពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ”។

ទោះបីឆ្នាំ២០២០ ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ពីជំងឺកូវីដ១៩យ៉ាងណាក្តី តែតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន នៅតែបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទំហំនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេស​ ក្រុងព្រះសីហនុនៅឆ្នាំ២០២០ សម្រេចបាន១,៥៦៥លានដុល្លារអាមេរិក កើនឡើង២៦.៥២% បើធៀបនឹងឆ្នាំ២០១៩។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅកម្ពុជាជាមួយទុនវិនិយោគដ៏ច្រើន នៅខែកុម្ភៈ ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេលជាង១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគំនិត «ជោគជ័យទាំងអស់គ្នា»។

បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិ ដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុប១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។

នៅឆ្នាំ២០២០ នៅចំពោះមុខផលលំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួបរួមគ្នាជាមួយក្រុមហ៊ុន និងសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្ម ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិក និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់៕

ក្រុមហ៊ុនចិនធំៗបាន និងកំពុងត្រៀមឈានជើងចូលទីផ្សារកម្ពុជាបណ្តើរៗវិញ

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាន និងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញបណ្តើរៗហើយ ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១កន្លងមកនេះ ។

យោងតាមប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនជាច្រើនមកពីគ្រប់វិស័យពិសេសក្រុមហ៊ុនផលិត ដើម្បីនាំចេញបាននិងកំពុ​ង​ផ្តោតលើការវិនិយោគ និងស្វែងរកដីធំៗ ដើម្បីផលិតផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនជាច្រើនទៀត នឹងចូលមកកាន់ទីផ្សារកម្ពុជាផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីទីប្រឹ​ក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។

លោកបន្តថា “ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីជាការបើកផ្លូវសំរាប់ទំព័រថ្មី​នៃទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងមហាមិត្តចិន ដែលបានចាត់ទុកគ្នាជាសហគមន៍រួមវាសនាតែមួយ”។

តាមប្រភពព៌តមានច្បាស់ការណ៍ដទៃទៀត បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើន​បាននិងកំពុងស្វែងរកដីរាប់រយពាក់ហិកតា ដើម្បីដាំដំណាំកសិកម្មសំរាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត។

ជាមួយគ្នានេះលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមកត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ លោកបន្តថា ហេតុនេះការចូលមក​របស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19។

លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី​១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”។លោកបន្តថា “ដូចនៅអឺរ៉ុបទំនិញភាគច្រើនហូរចូលប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយទៅកាន់​ប្រទេសជាង២០ទៀតក្នុងសហគមន៍អឺរ៉ុប”។

លោកឧកញ៉ាលឹម ហេងបានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំសំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។

លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានភាពរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសារកិច្ចព្រមព្រៀងFTA និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគរបស់  រដ្ឋាភិបាលជាច្រើនទៀត”។

លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងពិធីបើកវេទិកាសាធារណៈនៅដើមសប្តាហ៍នេះថា ឆ្នាំ២០២១នេះជាឳកាសធំណាស់សំរាប់កម្ពុជា ដែលយើងនឹងទាក់ទាញបានអ្នកវិនិយោគច្រើន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងពេលខាងមុខចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ ដែល​នឹងផ្តល់ផលប្រយោជន៍ធំណាស់ សម្រាប់សេដ្ឋកិច្ចជាតិ ពិសេសយើងរំពឹងថាសមាជិកនៃរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សច្ចាប័ណ្ណ បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចហើយ។

លោកបន្តថា “”យើងរំពឹងទទួលបានអ្នកវិនិយោគធំជាច្រើន ដោយសារកម្ពុជាមាន​ស្ថេរភាពសង្គម សេដ្ឋកិច្ច ហើយបើយើងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកាន់តែលឿនទៀតនោះកាន់តែប្រសើរ”៕

គំរោងវិនិយោគធំៗចំនួនបីកំពុងពង្រីកសក្តានុពលខេត្តមណ្ឌលគីរី

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ស្ថិតនៅក្នុងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤ ប្រចាំប្រទេសនៅប៉ែកឦសាន ខេត្តមណ្ឌលគីរីកំពុងត្រូវបានកែប្រែមុខមាត់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងមានគម្រោងចំនួន៣ដែលលេចធ្លោរ។

គម្រោងធំៗទាំងនោះរួមមាន ៖

ព្រលានយន្តហោះខេត្តមណ្ឌលគិរី

រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានអនុម័តឲ្យក្រុមហ៊ុនPower China Groupសិក្សានិងបោះទុនវិនិយោគ លើការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលវាជាព្រលានយន្តហោះកម្រិតតំបន់ឬអន្តរជាតិ ដែលព្រលាននេះអាចអនុញ្ញាត្តឲ្យ​យន្ត​ហោះផ្ទុកអ្នកដំណើរចន្លោះពី១៧០ ទៅ១៨០នាក់អាចចុះចតបាន។

បើតាមលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា បន្ទាប់ពីសិក្សាចប់ ក្រុមហ៊ុនអាចចាប់ផ្តើមសាងសង់ព្រលាននេះនៅចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុនPower China Groupមានជំនាញខាងការសាងសង់ ប៉ុន្តែមិនមានជំនាញលើការគ្រប់គ្រងទេ ហេតុនេះក្រុមហ៊ុននេះនឹងសិក្សារកដៃគូសហការ ដើម្បីដំណើរការព្រលាននេះឲ្យទទួលបានជោគជ័យផងដែរ។

គម្រោងបង្កើតក្រុងរណបនៅក្នុងស្រុងអូររាំង

រដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បាននិងកំពុងត្រៀមរៀបចំបង្កើតទីក្រុងរណបនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលផែនការរបស់រដ្ឋាភិបាលនឹងប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណង ពិសេសប្រែក្លាយភូមិភាគឦសាន ដែលជាតំបន់កន្ទុយនាគនៃសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍប្រកបដោយសក្តានុពលនាពេលអនាគត។

គម្រោងវិនិយោគបង្កើតស្ថានីយអគ្គិសនី

គម្រោងវិនិយោគវិស័យថាមពលដោយការបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់កម្លាំង១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនXinglan Maritime Energy Co.,Ltd ក្រោមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ។

អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍ថា ពេលនេះលោកមិនទាន់អាចជម្រាបបានទេថា អាជីវកម្មរបស់ក្រុមហ៊ុនដំណើរការយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើគម្រោងរបស់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់នេះលេចចេញជារូបរាងឡើង វាជាការល្អមួយក្នុងការជួយផ្គត់ផ្គង់ ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត ដែលកំពុងតែមានតម្រូវការ កសាងការអភិវឌ្ឍន៍ការបំភ្លឺផ្លូវសាធារណៈ ដែលទាមទារឲ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន កំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគក្នុងស្រុកជាច្រើន ដោយភាគច្រើនបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍ដោយការបង្កើតជាតំបន់កម្សាន្តបែបកែច្នៃ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរកាយដែលមានតម្លៃចាប់ ពីជាង៣ម៉ឺនដុល្លាររហូតដល់៥ម៉ឺនដុល្លារក្នុងមួយខ្នង។

លោកស្វាយ សំអ៊ាងបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងក្រុងសែនមនោរម្យ និងតំបន់ដែលស្ថិតនៅជាប់ក្រុងក្នុងរូបភាព ដូចជា ការសាងសង់បណ្តុំលំនៅដ្ឋានលំហែរក្បែរជើងភ្នំជាដើម។

លោកបានបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗពីវិស័យឯកជនលោកនៅមិនទាន់ក្តាប់បានច្បាស់នៅឡើយនោះទេ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ក្រោមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងសាងសង់ព្រលានយន្ដហោះ ក្នុងតំបន់ដែលស្ថិតនៅស្រុកអូររាំង គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិពីរ ដ្ឋាភិបាល ដែលអាចនឹងគ្រោងចាប់ផ្តើមការដ្ឋាននៅចុងឆ្នាំនេះ”។

ដោយឡែកសម្រាប់គម្រោងបង្កើតក្រុងរណប ក៏ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយដែរក្រោមសំណើររបស់ក្រសួងទេសចរណ៍។

លោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា គម្រោងនេះនឹងអាចជួយរួមចំណែកការកែលម្អសោភ័ណភាពខេត្ត និងក្រុងដែលកំពុងតែរៀបចំផែនការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ម្យ៉ាងទៀត នឹងអាចលើកមុខមាត់ខេត្តហើយទាក់ទាញនូវការទស្សនាពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕