អភិបាល​ខេត្តកំពត៖ ទីក្រុង​កំពត​នឹងមាន​អាគារខ្ពស់ៗច្រើន​នាពេលខាងមុខ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អភិបាលខេត្ត​កំពត​លោក ជាវ តា​យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីក្រុង​កំពត​នឹងមាន​វត្តមាន អាគារខ្ពស់ៗច្រើន​នាពេល​ខាងមុខនេះ ខណៈ​គំរោង​វិនិយោគ​តូចធំ​ក្នុង​ខេត្ត មិនបាន​ផ្អាក​សកម្មភាព​ដោយសារ​ជំងឺ​កូ​វីដ​នោះទេ។

លោក​បា​ម​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ដើម​សប្តាហ៍​នេះ​ថា ក្រៅពី​វត្តមាន​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក កំពស់ ៤៥ជាន់​នៅ​កណ្តាល​ក្រុង​កំពត ខេត្ត​នេះ​មាន​គម្រោង​អាគារ​ខ្ពស់​កំពស់ ១៨ជាន់ និង​ជាង ២០ជាន់​ជាច្រើន​គំរោង​ទៀត ដែល​គំរោង​ទាំងនោះ​បានអនុម័ត​រួចហើយ។

លោក​បន្តថា “គំរោង​អាគារខ្ពស់ៗជាច្រើន​កំពុង​សាងសង់ ហើយ​ចំនួន​អាគារ​ខ្ពស់​សរុប​មាន​ប៉ុន្មាន​លោក​បាន​អះអាងថា របាយការណ៍​ស្ថិតក្នុង​ដៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត” ។ លោក​បន្តថា “ទោះជា​បណ្តា​ខេត្ត​ដទៃ​មាន​ជំងឺ​កូ​វីដ​ក្តី ប៉ុន្តែ​ខេត្តកំពត​មិនមាន​នៅឡើយ​ទេ” ។

ទាក់ទង​នឹង​ការហូរចូល​របស់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កាន់តែច្រើន លោក​ជាវ តា​យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ខេត្ត​នៅតែ​បន្ត​ទាក់ទាញ​គំរោង​វិនិយោគ​តូច ធំ ដែល​បាន​ចូលមក​វិនិយោគ​កាន់តែច្រើន ហើយ​គំរោង​វិនិយោគ​តូច ធំ ដែលមាន​នាពេល​កន្លងមក​មិនបាន​ផ្អាក​សកម្មភាព​នោះទេ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​បាន​ថ្លែងថា ខេត្តកំពត​មាន​សក្តានុពល​ច្រើន​លើ​ការវិនិយោគ ដោយសារ​ខេត្ត​នេះ មាន​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ កៀក​នឹង​រាជធានី​ភ្នំពេញ បើ​ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃទៀត។លោក​បន្តថា ធនធានធម្មជាតិ​រប​ស់​ខេត្តកំពត ពិសេស​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ​បាន​កើនឡើង​កាន់តែច្រើន ដែល​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ពិសេស​អ្នកវិនិយោគ​រមណីយដ្ឋាន​លំហែរ​កាយ​បាន​កើនឡើង​ខ្ពស់ ដោយសារ​លំហូរ​ទេសច​រណ៍ និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ៕

រដ្ឋាភិបាល​អនុម័ត​ច្បាប់​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ជាបន្ទាន់

ដោយៈ​សហសេវិក

ភ្នំពេញៈ រដ្ឋាភិបាល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​នូវ​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ច្បាប់​ថ្មី​នេះ ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យប្រើ​ប្រាស់​ហើយ នៅ​ល្ងាច​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពី​ព្រឹទ្ធសភា​ឱ្យយោបល់​គាំទ្រ​ប៉ុន្មាន​ម៉ោង។ នេះ​បើតាម លោក ម៉ម សារិន នាយក​ខុទ្ទកាល័យ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ។

សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ព្រឹទ្ធសភា ឱ្យ​អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ឥត​កែប្រែ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី៤ នា​ព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការកាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា។

ច្បាប់​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ទទួលខុសត្រូវ​ចំពោះ​ភាព​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។

ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​រៀបចំឡើង​ដោយ រាជរដ្ឋាភិបាល មាន ០៦ជំពូក និង១៨មាត្រា ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​យល់ព្រម ជា​លើកដំបូង​ចំនួន ៨៣សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី៦ ។

សូម​អាន ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ខាងក្រោម​នេះ៕

រដ្ឋាភិបាលកាត់ដីជិត៦០០ហិកតាជូនពលរដ្ឋនៅខេត្តកោះកុងដែលរងផលប៉ះពាល់ពីការវិនិយោគក្នុងវិស័យឯកជន

ដោយៈ រ៉ាណេត

កោះកុងៈ ក្រោយបញ្ចប់ការសិក្សាលម្អិត ទៅលើវិសាលភាពនៃគម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនដ៏ធំ នៅក្នុងដែនឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង រដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលដីទំហំជិត៦០០ហិកតា ជូនប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ពីគម្រោង។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធីបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅតំបន់ឧទ្យានជាតិបុទុមសាគរ មានឈ្មោះស៊ីណូម៉ិចសិន ក្នុងការអភិវឌ្ឍនៅនឹងកន្លែង ដោយក្នុងនោះរួមមាន ការបង្កើតជាតំបន់កម្សាន្ត និងលំហែរកាយតំបន់សេដ្ឋកិច្ច។

លោកបានបន្តថា “ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ រដ្ឋបាលខេត្តបានស្រងឈ្មោះរួចរាល់ហើយ ដោយមានចំនួនសរុបចំនួន១៣១គ្រួសារ ដែលត្រូវកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មសិទ្ធិប្រជាពលរដ្ឋ មានទំហំប្រមាណ៥៩៨ហិកតា ដោយក្នុងនោះត្រូវបានរៀបចំជា២ទីតាំង ហើយបែងចែកទំហំផ្សេងគ្នា”។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ដីដែលត្រូវធ្វើការកាត់ឆ្វៀលពីមុនជាដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ស៊ីណូម៉ិចសិន ប៉ុន្តែបច្ចុប្បន្នដីទាំងនេះបានបំពេញលិខិតឯកសារសលាកបត្រ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចរាល់អស់ហើយ។ ដោយឡែកចំពោះដី ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ គឺត្រូវធ្វើឡើងចំនួន២ទីតាំង ដោយទីតាំងទី១រៀបចំកាត់ជាដីឡូតិ៍ទំហំ២០ម៉ែត្រ x ៧០ម៉ែត្រ ស្ថិតនៅស្របផ្លូវសាយភូថង ហើយទីតាំងមួយទៀតត្រូវរៀបចំជាដីឡូតិ៍ដូចគ្នា ប៉ុន្តែមានទំហំ ២០ម៉ែត្រ x ១០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្បែរគ្នា។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងក៏បានឱ្យដឹងដែរថា សក្តានុពលទីតាំងភូមិសាស្ត្រនៅជាប់មាត់សមុទ្រ និងមានធនធានធម្មជាតិចម្រុះសម្បូរបែប បានធ្វើឱ្យខេត្តកោះកុង ទាក់ទាញបានគម្រោងវិនិយោគ លើគ្រប់វិស័យជាបន្តបន្ទាប់ ទោះបីក្នុងអំឡុងពេលពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក៏ នៅក្នុងតំបន់បុទុមសាគរនេះ មានគម្រោងអភិវឌ្ឍន៍ខ្នាតតូច ក្នុងវិស័យទេសចរណ៍មិនតិចជាង៧គម្រោងនោះទេ៕

ក្រុមហ៊ុនOCICសាងសង់គ្រឹះទីក្រុងកោះនរាសម្រេចបាន៤៥ភាគរយហើយ

ដោយគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុនOCICបានថ្លែងឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ការសាងសង់គ្រឹះឬហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា ដែលមានទំហំ១២៥ហិកតា សម្រេចបាន៤៥ភាគរយហើយ។

កោះនរា មាន​ទីតាំង​នៅក្នុង​តំបន់​ច្បារអំពៅ​នៃ​ខណ្ឌ​ច្បារអំពៅ​ទល់មុខ​ក្រុង​រណប​កោះពេជ្រ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន OCIC កំពុង​សង់ស្ពាន​ចំនួន២ ​ខ្សែ​ភ្ជាប់​ទៅ​ទីនោះ​ (១ ​ចេញពី​កោះពេជ្រ និង​ ១ ​ទៀត​ចេញពី​ផ្លូវជាតិ​លេខ​ ១) ដោយ​ស្ពាន​ទាំង​ ២ នឹងត្រូវ​ចំណាយ​ថវិកាប្រមាណ​៣៩,៦ ​លាន​ដុល្លារ​។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងកាលពីថ្ងៃម្សិលម៉ិញថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ​គម្រោង​អភិវឌ្ឍន៍​កោះនរា ​កំពុង​ដំណើរ​ទៅមុខ​ដោយ​រលូន ខណៈ​ការចាក់ដី​បំពេញ និង​ការសាងសង់​ច្រាំងទន្លេ​នាពេលនេះ ​សម្រេច​បាន​ជិត៤៥​ភាគរយ​។ លោក​បន្តថា ពេលនេះ​ក្រុមហ៊ុន​មិនទាន់​បើក​លក់​គម្រោង​ណាមួយ​ទេ ដោយ​ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តែប៉ុណ្ណោះ​។

លោក​អះអាងថា​ “សកម្មភាព​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅ​កោះនរា កំពុង​ដំណើរការ​ទៅមុខ​តាម​ផែនការ​កំណត់​។ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មិនបាន​ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​ការសាងសង់​ទេ”។លោក​បន្ថែមថា “សម្រាប់​ការកំណត់ថា ​នឹងមាន​សំណង់​ធំៗ​ចំនួន​ប៉ុន្មាន​ក្នុង​គម្រោង​នេះ គឺ​ក្រុមហ៊ុន OCIC មិនទាន់​អាច​កំណត់​បានទេ ដោយ​អ្វីៗ​វា​នឹង​អាស្រ័យទៅលើ​កំណើន​សេដ្ឋកិច្ច និង​ការចូល​មក​បណ្តាក់ទុន​របស់​វិនិយោគិន​ជាក់ស្តែង​គឺ​វា​អាច​ប្រហាក់ប្រហែល ​នឹង​គម្រោង​ក្រុង​រណប​កោះពេជ្រ ​ដែល​រហូតមក​ដល់ពេលនេះ​មាន​ការសាងសង់​សំណង់​ធំៗ និង​ខ្ពស់ៗ​ជា​បន្តបន្ទាប់​”។

លោក​អះអាងថា ​សកម្មភាព​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅ​កោះនរា កំពុង​ដំណើរការ​ទៅមុខ​តាម​ផែនការ​កំណត់​។ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មិនបាន​ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​ការសាងសង់​ទេ​។

លោក​បន្ថែមថា សម្រាប់​ការកំណត់ថា ​នឹងមាន​សំណង់​ធំៗ​ចំនួន​ប៉ុន្មាន​ក្នុង​គម្រោ​ង​នេះ គឺ​ក្រុមហ៊ុនOCIC មិនទាន់​អាច​កំណត់​បានទេ ដោយ​អ្វីៗ​វា​នឹង​អាស្រ័យទៅលើ​កំនើន​​សេដ្ឋកិច្ច និង​ការចូល​មក​បណ្តាក់ទុន​របស់​វិនិយោគិន​ជាក់ស្តែង ​គឺ​វា​អាច​ប្រហាក់ប្រហែល​ នឹង​គម្រោង​ក្រុង​រណប​កោះពេជ្រ ​ដែល​រហូតមក​ដល់ពេលនេះ ​មាន​ការសាងសង់​សំណង់​ធំៗ និង​ខ្ពស់ៗ​ជា​បន្តបន្ទាប់​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា នៅពេល​សាងសង់​រួច កោះនរា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ប្រណីត​មួយ​នៅ​ភ្នំពេញ​ដែល​រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួនច្បារ​សាធារណៈ រោង​មហោស្រព​លំនៅឋាន​ប្រណីតៗ និង​ធនាគារ​ជាដើម​៕

ក្នុងគ្រាលំបាកបណ្ដាលពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកា៣លានដុល្លារជាថ្មីម្តងទៀតជូនសម្តេចតេជោ

ដោយ ៖ សហការី

ភ្នំពេញ ៖ យមានការយកចិត្ដទុកដាក់ពីសុខមាលភាពរបស់ប្រជាជន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារ បន្ថែមទៀត ជូនដល់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានបរិច្ចាគថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ “ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអតិថិជន និងដៃគូសហការរបស់ បុរី ប៉េង ហួត ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លាមួយនេះ”។

ចុងក្រោយ លោក  ចាន់ រដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។

  • ៣ការពារ៖

១-ពាក់ម៉ាស់។

២-លាងដៃ។

៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។

  • ៣កុំ៖

១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ។

៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕

រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ជំនួយជិត៦លានដុល្លារបន្ថែមដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ថវិកាចំនួន៤,៨លានអឺរ៉ូ (ប្រមាណ៥,៧៤លានដុល្លារ) បន្ថែមទៀតដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងកូវីដ-១៩របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ថវិកាបន្ថែមដែលមានចំនួនដូចបានបង្ហាញខាងលើនេះនឹងត្រូវអនុវត្តដោយកម្មវិធីចំនួនបីផ្សេងគ្នា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់រហូតដល់ដំណាច់ឆ្នាំ ២០២១៖

ទី១- ១,៨លានអឺរ៉ូដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការឃ្លាំមើលការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាឲកាន់តែប្រសើរឡើង៖ ដើម្បីពង្រឹងបណ្តាញមន្ទីរពិសោធន៍ជាតិ គាំទ្រដល់សមត្ថភាពតាមដាន និងលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ-១៩ជាមួយយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន។

ទី២- ១លានអឺរ៉ូដើម្បីធ្វើអោយមានភាពប្រសើរឡើងសម្រាប់ស្ថានភាពចំណូលនៃពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញនិងកំពុងគ្មានការងារធ្វើ៖ អនុវត្តផែនការណ៍ cash-for-work និងការបណ្តុះបណ្តាលក៏ដូចជាការផ្គត់ផ្គង់សម្រាប់កសិកម្មខ្នាតតូចនិងការចិញ្ចឹមសត្វនៅខេត្តភាគពាយព្យឆ្ពោះទៅព្រំដែនថៃ។

ទី៣- ២លានអឺរ៉ូដើម្បីពង្រឹងការកំណត់អត្តសញ្ញាណតាមការស្នើសុំថ្មី ដែលចាំបាច់ក្នុងការកំណត់អត្តសញ្ញាណប្រជាជនដែលធ្លាក់ចូលក្នុងភាពក្រីក្រដោយសារជំងឺរាតត្បាត៖ ផ្តល់យោបល់ដល់ក្រសួងផែនការក្នុងការកែទម្រង់និងសម្របយន្ដការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បង្កើតប្រព័ន្ធគ្រប់គ្រងនៃការទទួលយោបល់និងមតិលើការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) អនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់គ្រួសារក្រីក្រដែលជាគោលដៅអោយកាន់តែច្រើន ពង្រីកប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធានាបាននូវការផ្លាស់ប្តូរព័ត៌មាន និងការគ្រប់គ្រងទិន្នន័យរួម និងផ្តល់យោបល់ដល់រដ្ឋាភិបាលស្តីពីការដាក់បញ្ចូលប្រជាជនដែលអាចធ្លាក់ចូលក្នុងភាពក្រីក្រ និងងាយរងគ្រោះទៅក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor)។

គិតមកដល់ថ្ងៃនេះប្រទេសអាល្លឺម៉ង់បានគាំទ្រការឆ្លើយតបទៅនឹងកូវីដ-១៩របស់ប្រទេសកម្ពុជាជាមួយទឹកប្រាក់ជាង១៧លានដុល្លារ ជាចំនួនបន្ថែមពីលើការងារសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលកំពុងដំណើរការកន្លងមក។

អាល្លឺម៉ង់ក៏មានការប្តេជ្ញាគាំទ្រការឆ្លើយតបជាពហុភាគីចំពោះកូវីដ-១៩ ហើយបានបំពេញការសន្យារបស់ខ្លួនចំពោះ COVAX ដែលជាគំនិតផ្តួចផ្តើមអោយមានការចាក់វ៉ាក់សាំងជាសកល។ ទឹកប្រាក់ចំនួន១ដុល្លារ ក្នុងរាល់ការចំនាយអស់៥ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីអាល្លឺម៉ង់។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយអស់៣ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសជាសមាជិករបស់ខ្លួន៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងទាក់ទាញក្រុមហ៊ុនអាមេរិក និងចិនចូលមកកម្ពុជាកាន់តែច្រើន

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ: កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន (FTA) ក្រោយពីចុះហត្ថលេខាជាផ្លូវការរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ គ្រោងនឹងដាក់ឱ្យអនុវត្តជាធរមានក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីភាគីទាំងពីរបញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា បច្ចុប្បន្នឯកសារទាំងអស់ត្រូវបានដាក់បញ្ជូនទៅគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ដោយត្រៀមនឹងប្រជុំពេញអង្គក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកូវីដ១៩ស្ងប់ទៅ។ តាមពិតសកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននៅមានភាពសកម្មជាប្រក្រតី ដោយទិន្និន័យទំហំពាណិជ្ជកម្មមាននិន្នាការកើនឡើងទោះជាក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។

លោកបន្តថា “យើងរំពឹងទុកថាក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន សកម្មភាពពាណិជ្ជកម្មនឹងកើនឡើងថែមទៀតពិសេសការនាំចេញកសិផលទៅកាន់ទីផ្សារចិន។ ពិពិធកម្មទំនិញនាំចេញ-នាំចូលនឹងកាន់តែសំបូរបែប អាស្រ័យដោយតំរូវការទីផ្សារ និងអត្រាពន្ធ រួមនឹងលក្ខខណ្ឌសំរួលផ្សេងៗដែលទទួលបានពីកិច្ចព្រមព្រៀង។ ចំពោះការនាំចូលវត្ថុធាតុដើមសំរាប់បំរើវិស័យឧស្សាហកម្មកាត់ដេរក៏នឹងមានភាពប្រសើរឡើងវិញដែរ ដោយសារការអនុវត្តកិច្ចព្រមព្រៀងផង”។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ទាក់ទងនឹងការចាក់វ៉ាក់សាំងនៅកម្ពុជា បានបង្ហាញពីសញ្ញាណនៃការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចទោះជានៅក្រោមរូបភាពប្រក្រតីភាពនៃទំរង់ថ្មីក៏ដោយ។ ការចាក់វ៉ាកសាំងសម្រាប់មហាជនទូទៅដែលរដ្ឋាភិបាលទើបនឹងប្រកាសអនុវត្តថ្មីៗនេះ នឹងធ្វើឱ្យមជ្ឈដ្ឋានធុរៈជន វិនិយោគិនប្រជាជនទូទៅមានទំនុកចិត្តនិងជំនឿចិត្តកាន់តែខ្លាំងឡើងដល់ការវិលទៅរកប្រក្រតីភាពឡើងវិញក្នុងវិស័យសេដ្ឋកិច្ច ពិសេសសកម្មភាពពាណិជ្ជកម្ម ទាំងពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ។ ទំនុកចិត្តនេះនឹងបង្ករអោយមានការកំរើកឡើងវិញកាន់តែប្រសើរឡើងនូវសកម្មភាពទីផ្សារ ដែលជំរុញដោយកំណើននូវតំរូវការនិងការបញ្ជាទិញកាន់តែសកម្មជាងមុន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការសាទរចំពោះការគ្រោងដាក់ឱ្យដំណើរការធរមាននៃកិច្ចព្រមព្រៀងខាងលើនេះ។ លោកបញ្ជាក់ថា “វិស័យឯកជនចង់បានគឺកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម មិនមែនតែចិនមួយទេ យើងចង់បានទៅបណ្តាប្រទេសផ្សេងៗទៀត ដូចជាក្រោយប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមនអឺរ៉ុប អាចនិយាយថាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយសហគមនអឺរ៉ុប ឬក៏ជាមួយអាម៉េរិកនៅពេលយើងអស់ GSP ដែលទាំងអស់នឹងគឺជាការជួយអភិវឌ្ឍន៍វិស័យឯកជនក្នុងប្រទេសយើង។

លោកឧកញ៉ាបន្តថា “កម្ពុជា សម្រាប់ដៃគូក្នុងស្រុក យើងត្រូវការអ្នកវិនិយោគមកពីក្រៅ ព្រោះថាអ្នកវិនិយោគមកពីក្រៅគាត់មានទុនច្រើន ហើយមានបច្ចេកទេស ដូច្នេះគាត់នឹងអាចចូលរួមអភិវឌ្ឍន៍យើងបាន។ យើងឃើញស្រាប់ហើយ កាលដែលយើងមិនទាន់បាន EBA យើងមានវាលស្រែ មិនមានរោងចក្រណាជុំវិញភ្នំពេញទេ ពេលដែលយើងមានអនុគ្រោះពន្ធធ្វើឱ្យមានរោងចក្រចូលមក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនក៏ដូចគ្នា ពេលដែលយើងទទួលបានកិច្ចព្រមព្រៀងនេះ ខណៈពេលដែលសហរដ្ឋអាមេរិក ជាមួយចិនកំពុងតែមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ឬតម្លើងពន្ធអីផង ដូច្នេះអាចធ្វើឱ្យបណ្តាក្រុមហ៊ុនជាច្រើនទៅរកប្រទេសណាដែលនាំទៅចិន នាំទៅអាមេរិក មានភាពអនុគ្រោះពន្ធ ដូច្នេះកម្ពុជាអាចនឹងទាក់ទាញវិនិយោគមកកាន់តែច្រើន ពេលវិនិយោគចូលច្រើនហើយ វាជួយសព្វបែបយ៉ាងនៅក្នុងប្រទេសយើង ចំណូលផ្ទៃក្នុង ប្រាក់ពន្ធ ការងារដឹកជញ្ជូន ទេសចរណ៍ ជាពិសេសត្រូវការទីតាំង ដីក៏ឡើងថ្លៃ អគារការិយាល័យស្នាក់នៅ គ្រប់មុខទាំងអស់ធ្វើឱ្យសេដ្ឋកិច្ចយើងកើន ធ្វើឱ្យប្រជាជនយើងធូរធារទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ”៕

បណ្តាអ្នកជំនួញ និងឧកញ៉ាធំៗនៅកម្ពុជា បន្តចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួនជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការចូលរួមប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងបន្តយាយីនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ បណ្តាអ្នកជំនួញធំៗដែលមានគោរមងារជាឧកញ៉ា និងអ្នកឧកញ៉ា បានបន្តការឧបត្ថម្ភ បរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ប្រើប្រាស់ និងចំណាយនៅក្នុងការអនុវត្តវិធានការចាំបាច់ និងបន្ទាន់។

សម្រាប់តែថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង២រសៀលនេះ សប្បុរសជនមានឈ្មោះល្បីក្នុងវិស័យជំនួញនៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាជូនដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលសម្រាប់ការចំណាយប្រើប្រាស់ក្នុងករណីបន្ទាន់ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន៖

១, អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
២, អ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
៣, អ្នកឧកញ៉ា ឡេង ណាវាត្រា និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
៤, អ្នកឧញ៉ា ចេន ហ្ស៊ី បរិច្ចាគ ៣លានដុល្លារ
៥, ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគ ៣លានដុល្លារ
៦, ឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់, ឧកញ៉ា លឹម ប៊ុនសួរ បរិច្ចាគសរុបចំនួន១លានដុល្លារ
៧, ឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ឡេង និមល, លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បរិច្ចាគសរុប ៣ម៉ឺនដុល្លារ

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៤នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន៦៥២នាក់ ក្នុងនោះមានម្នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

សភាអាមេរិកបានអនុម័តសេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់លោកចូ បៃឌិន

Democratic presidential nominee and former Vice President Joe Biden delivers remarks on Covid-19 at The Queen theater on October 23, 2020 in Wilmington, Delaware. (Photo by Angela Weiss / AFP) (Photo by ANGELA WEISS/AFP via Getty Images)

ដោយៈ ខុម

វ៉ាស៊ីនតោនៈ សេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លារ របស់ប្រធានាធិបតីចូ បៃឌិន ដែលពិភពលោកទន្ទឹងរង់ចាំមើលយ៉ាងអន្ទះ​សានោះ ត្រូវបានក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក អនុម័តផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃពុធ ទី១០ មីនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១១ មីនា។

នេះជាកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចមួយ ក្នុងចំណោមកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចធំៗបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយការអនុម័តនេះ គឺជាជោគជ័យដ៏ធំដំបូងបង្អស់របស់លោកចូ បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ក្រោយលោកចូលកាន់តំណែង មិនទាន់បាន២ខែស្រួលបួលផងនោះ។

ក្នុងចំណោមទឹកប្រាក់ដ៏ច្រើននេះ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ថវិកាចំនួន៤០០ពាន់លានដុល្លារ សម្រាប់បើកប្រា​ក់ឧបត្ថម្ភផ្ទាល់ចំនួន១.៤០០ដុល្លារ សម្រាប់មនុស្សម្នា​ក់ឱ្យទៅពលរដ្ឋអាមេរិក ភាគច្រើនចំនួន៣៥០ពាន់លានដុល្លារ ឱ្យទៅរដ្ឋបាលថ្នាក់មូល  ដ្ឋាន និងរដ្ឋបាលថ្នាក់រដ្ឋ ការពង្រីកឥណទានពន្ធកុមារ (child tax credit) និងការបង្កើនថវិកាសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩។

ក្រុមអ្នកវិភាគបានព្យាករថា “កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងជំរុញឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ងើបឡើងវិញកាន់តែលឿន”។

ក្រោយសភាបោះឆ្នោតអនុម័ត លើសេចក្ដីព្រាងច្បាប់នេះ លោក ចូ បៃឌិន បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រថា “ជំនួយមានហើយ”។ សេតវិមានបានបញ្ជាក់ថា “លោក ចូ បៃឌិន គ្រោងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ ឱ្យចេញជាច្បាប់ធរមាននៅថ្ងៃសុក្រ ទី១២ មីនា នេះ”។

ការអនុម័តដោយសំឡេង២២០ ទល់នឹង២១១ សំឡេងនៅក្នុងសភា ដែលគ្រប់គ្រ​ងដោយពួកប្រជាធិបតេយ្យនេះ មិនទទួលបានការគាំទ្រពីពួកសាធារណរដ្ឋ សូម្បីតែមួយសំឡេង ក្រោយការជជែកដេញដោលយ៉ាងក្ដៅគគុក ជាច្រើនសប្ដាហ៍នៅក្នុងសភា។ ពួកប្រជាធិបតេយ្យ បានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា ជាការឆ្លើយតបដ៏សំខាន់ទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

លោកស្រី Jan Schakowsky សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា “នេះជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី។ វាជាការចាប់ផ្តើមនៃការបញ្ចប់មហាវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារវីរុសកូវីដ-១៩”៕

អ្នកវិនិយោគផ្នែកអចលនទ្រព្យពីររូបចូលរួមឧបត្ថម្ភស្រ្តីបំបៅដោះកូនរងការពិន័យនៅខេត្តស្ទឹងត្រែង

ដោយៈសហការី

ភ្នំពេញៈ អ្នកវិនិយោគផ្នែកអចលនទ្រព្យពីររូប បានសម្រេចចិត្តផ្តល់អំណោយដល់ស្រ្តីដែលបានបំបៅដោះកូនឈ្មោះស៊ីថង សុខា កំឡុងពេលបំពេញការងារ ដែលបានរងការពិន័យពីថ្នាក់ដឹកនាំរបស់ខ្លួន។

អ្នកវិនិយោគផ្នែកអចលនទ្រព្យទាំងពីររូប រួមមាន ឧកញ៉ាផន វណ្ណិត ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យល្បីឈ្មោះមួយរូប និងជាស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLSCG ។

លោកឧកញ៉ាផន វណ្ណិតបានឧបត្ថម្ភដល់ស្រ្តីរូបនោះចំនួន២លានរៀល ដល់ស្រ្តីរូបនោះ ​។ ចំណែកលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLSCG បានចូលរួមឧបត្ថម្ភដល់ស្រ្តីស៊ីថង សុខាចំនួន៤០០,០០០រៀលផងដែរ៕