ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងអភិវឌ្ឍណ៍ធំៗចំនួន៣ នឹងផ្លាស់ប្តូរមុខព្រះសីហនុកាន់តែខ្លាំងបន្ថែម បន្ទាប់ពីគម្រោងទាំងអស់បញ្ចប់នាពេលខាងមុខ ខណៈគម្រោងទាំងបីនេះមានទុនវិនិយោគសរុបប្រមាណ១៩.២ពាន់លានដុល្លារ។
ទី១) គម្រោងទីក្រុងរាម
ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា បានអនុម័តផែនការគោលសម្រាប់ទីក្រុងរាម ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុន ផ្ដល់ប្រឹក្សាផ្នែកសេវាកម្មក្នុងការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងទូទាំងពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។
ផែនការគោលបានបញ្ជាក់អំពីប្លង់ដីសម្រាប់ប្រើប្រាស់ ក្នុងគម្រោងដែលមានទំហំ៨៣៤ហិកតា ដែលការវិនិយោគសរុប ត្រូវបានគេប៉ាន់ស្មានប្រមាណ១៦ពាន់លានដុល្លារ ហើយនឹងត្រូវបានអភិវឌ្ឍន៍ នៅលើដីដែលបានចាក់បំពេញ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ទីក្រុងរាម នឹងដើរតួជាកត្តាជំរុញ សម្រាប់សក្ដានុពលរីកចម្រើន នៃតំបន់ខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំជាងគេលំដាប់ទីបី និងជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា។
ទីក្រុងរាម នឹងផ្លាស់ប្តូរខេត្តព្រះសីហនុ តាមរយៈការណែនាំនូវប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាពសម្រាប់សកម្មភាពផ្នែក ទេសចរណ៍ ផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលមានសក្ដានុពល អាចផ្ដល់ជាកន្លែងស្នាក់នៅ ដល់ប្រជាជនរហូតដល់១៣០,០០០នាក់។ នៅពេលបញ្ចប់ ផែនការគោលដែលផ្តោតសំខាន់ទៅលើ ការសាងសង់កន្លែងលំហែសម្រាប់គ្រួសារ ខុនដូ ផ្ទះដែលមានទីធ្លា និងផ្ទះជាប់ឆ្នេរ និងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានតាមមាត់ឆ្នេរ សណ្ឋាគារ ខុនដូតែល កប៉ាល់និងក្លឹបកំពង់ផែកំសាន្ត និងទីលានវាយកូនហ្គោល។
ទី២) គម្រោងរោងចក្រអគ្គិសនីកម្លាំង៧០០មេហ្គាវ៉ាត់
រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តរោងចក្រអគ្គិសនីដែលមានកម្លាំង៧០០មេហ្គាវ៉ាត់ ដែលបោះទុនវិនិយោគ១.៣០០លានដុល្លារ នៅខេត្តព្រះសីហនុ។
CDC បានឱ្យដឹងថា ក្រុមហ៊ុន Huadian Sihanoukville Power Generation បង្កើតរោងចក្រផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥២០កន្លែង។
ទី៣) គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ
គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ ដែលស្ថាបនាសម្រេចបានប្រមាណ៤០ភាគរយ ពេលនេះត្រៀមចាក់អ៊ុតកៅស៊ូហើយ ដែលគំរោងនេះ នឹងបញ្ចប់តាមផែមការគ្រោងទុក។
ផ្លូវនេះ មានប្រវែងជាង១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់៤៨ខែ។ វាជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា និងចិន ដែលបង្ហាញនូវតម្លៃមិត្តភាពកិច្ចសហប្រតិបត្តិការ ដោយឈរលើភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយ នៃសហគមន៍ពីរវាសនាតែមួយ។
គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕