ដោយៈ ស៊ីវ ម៉េង
          ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ផ្នែកសំខាន់ៗមួយចំនូននៃវិស័យអចលនទ្រព្យ នឹងងើបឡើងជាបន្តបន្ទាប់ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលត្រូវបានរដ្ឋាភិបាលបន្ឋូរបន្ថយការធ្វើដំណើរចាប់ពីថ្ងៃទី៦ ឧសភាខាងមុខនេះ។
លោកស្រីអាន សុធីតាអតីតនាយិកាក្រុមហ៊ុនCBRE Cambodia ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ ឧសភានេះថា ក្រោយពេលវិបត្តិនេះបញ្ចប់ ផ្នែកសំខាន់ៗដែលនឹងមានតម្រូវការឬលេចធ្លោមុនគេ គឺលំនៅដ្ឋានប្រភេទFirst Home ឬការទិញផ្ទះសំរាប់ស្នាក់នៅ ជាជាងទិញសម្រាប់វិនិយោគ ហើយផ្នែកដីធ្លីនឹងងើបឡើងបន្ទាប់ ដោយសារការវិនិយោគផ្នែកដីធ្លីមិនសូវមានហានិភ័យ។
 
-->
 
 
លោកស្រីបន្តថា “បន្ទាប់ពីផ្នែកទាំងពីរនេះដំណើរការល្អប្រសើរ គំរោងបវិនិយោគខ្នាតធំនឹងលេចឡើង និងបន្ទាប់មកលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមកដល់កម្ពុជា”។ លោកស្រីបន្តថា “ផ្នែកនិមួយៗ នឹងកើតឡើងបន្តបន្ទាប់ តាមស្ថានភាពជាក់ស្តែង ហើយផ្នែកបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ នឹងងើបឡើងវិញលឿនបំផុត នៅពេលកូវីដបញ្ចប់ ដោយសារមនុស្សចង់ធ្វើដំណើរកំសាន្ត ព្រោះពួកគេស្រ្តេសយូរមកហើយ”។
លោកស្រីអាន សុធីតាបានបន្តថា បច្ចុប្បន្នប្រេជាពលរដ្ឋលើពិភពលោក បារម្ភពីការឆ្លងជំងឺកូវីដ ប៉ុន្តែនៅពេលជំងឺនេះត្រូវបានបង្រ្កាបបានភ្លាម មិនថាប្រជាជនប្រទេសណាទេ គឺប្រជាពលរដ្ឋនឹងចេញដើរកំសាន្តច្រើន ធ្វើឲ្យវិស័យសណ្ឋាគារនឹងស្ទុះងើបឡើងខ្លាំង៕