វិភាគៈផ្លូវសូត្រសុខភាពរបស់ចិននឹងបង្កើនការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រ នយោបាយពីមហាអំណាច

0

ដោយៈដោយៈ ប៊ី

ភ្នំពេញៈ ប្រធានបទ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ ពីមជ្ឈដា្ឋនអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជនជាទូទៅ ខណៈផ្លូវសូត្រសុខភាពរបស់ចិន (Health Silk Road) គឺជាផ្នែកមួយដ៏មានសារៈសំខាន់ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រធានាធិបតីរបស់ចិន លោក ស៊ី ជីងពីង ដែលលោកបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៣។

លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីអ្នកជំនាញភូមិសាស្រ្តនយោបាយ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងដើមសប្តាហ៍នេះថា ទស្សនទានជុំវិញផ្លូវសូត្រសុខភាពនេះ ត្រូវបានគេរៀបចំឡើង តាំងពីឆ្នាំ២០១៥មកម្លេះ ហើយលោកប្រធានាធិបតី ស៊ី ជីងពីង គាត់បានលើកឡើងអំពីទស្សនទាននេះ ជាលើកទី១ នៅឆ្នាំ២០១៦ នៅប្រទេស Uzbekistan។

ទិសដៅចម្បងនៅក្នុងទស្សនទាននេះ គឺដើម្បី (១) បង្កើតនូវបណ្តាវេទិកាតំបន់កម្រិតជាន់ខ្ពស់សម្រាប់មន្រ្តីសុខភាពសាធារណៈ (២) បង្កើតនូវបណ្តាញសុខភាពសាធារណៈ តាមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់ចិន  និងជាការឆ្លើយតប ដែលមានការសម្របសម្រួលជាគោលនយោបាយសាធារណៈ (Public Policy Coordination) ចំពោះបញ្ហាសុខភាពដែលកើតឡើង (៣) គឺការកសាងសមត្ថភាព ទាំងសមត្ថភាពស្ថានប័ន ទាំងសមត្ថភាពជំនាញរបស់មន្រ្តី ក៏ដូចជា សមាជិកក្នុងវិស័យសុខភាពសាធារណៈ។

ប៉ុន្តែចាប់តាំងពីការផ្ទុះនូវជំងឺរាតត្បាតសាកលកូវីដ-១៩ ផ្លូវសូត្រសុខភាពនេះត្រូវបានថ្នាក់ដឹកនាំចិនជំរុញកាន់តែខ្លាំង ដែលនេះគឺជាយន្តការដ៏មានសារៈសំខាន់មួយ ដើម្បីជួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ ប្រទេសចិន បានបញ្ជូននូវម៉ាស និងសម្ភារៈសុខាភិបាលជាច្រើន ទៅដល់ប្រទេសពាសពេញពិភពលោក។

ការរំលេចចេញកាន់តែញឹកញ៉ាប់ ការជំរុញកាន់តែខ្លាំងនូវគំណិតផ្តូចផ្តើមផ្លូវសូត្រសុខភាពនេះ ជាផ្នែកមួយនៃ គោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់តួនាទីក្នុងការចូលរួមកាន់តែសកម្ម និងប្រកប ដោយការទទួលខុសត្រូវរបស់ចិន នៅក្នុងអភិបាលកិច្ចសាកល ខាងផ្នែកសុខភាពសាធារណៈមួយនេះ។

ម៉្យាងទៀត វាក៏ជាផ្នែកមួយនៃការវាយបក ទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិន ពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្ម ជំងឺរាតត្បាតសាកលមួយនេះ ក្នុងចេតនាលាបពណ៌ចិន វាយប្រហារចិន ដែលចិនគិតថាជារឿងមួយដែលមិនសមហេតុផល។

ជាមួយគ្នានេះ លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីបានថ្លែងថា “ខ្ញុំគិតថា ការទូតវ៉ាក់សាំង បានក្លាយទៅជាល្បែងថ្មី នៅក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រ របស់មហាអំណាចធំៗទាំងឡាយ”។

ជាទូទៅ ចិនហាក់ដូចជាមានប្រៀប នៅក្នុងការទូតវ៉ាក់សាំងមួយនេះ ដោយសារតែចិន បានផ្តល់នូវជំនួយយ៉ាងច្រើនដល់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ក្នុងពេលដែលប្រទេសអភិវឌ្ឍ និងមហាអំណាចបច្ចឹមលោកជាច្រើន កំពុងតែទទួលរងនូវការវាយប្រហារដោយជំងឺកូវីដ-១៩នេះ។

ជំងឺកូវីដ-១៩នេះ ក៏បានបង្ហាញនូវភាពទន់ខ្សោយនូវរចនាសម្ព័ន្ធសុខភាពសាធារណៈ នៃបណ្តាប្រទេសជាច្រើន ទាំងប្រទេសកំពុងអភិវឌ្ឍ ទាំងប្រទេសអភិវឌ្ឍ។ ដូច្នេះ គំនិតផ្តួចផ្តើមផ្លូវសូត្រសុខភាពនេះ មានសក្តានុពល ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បណ្តាប្រទេសទាំងនោះ។

ផ្លូវសូត្រសុខភាពនេះ នឹងទាក់ទាញនូវការប្រកួតប្រជែង ខាងផ្នែកភូមិសាស្ត្រនយោបាយពីមហាអំណាចដ៏ទៅទៀត ជាពិសេសពីសហរដ្ឋអាមេរិក ហើយថ្មីៗនេះនៅសហរដ្ឋអាមេរិក បានបង្កើតនូវគំនិតផ្តួចផ្តើម សម្រាប់សុខភាពសាធារណៈ ទៅថ្ងៃអនាគតក្នុងក្របខ័ណ្ឌ ASEAN-US Dialogue។

លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីបានឱ្យដឹងទៀតថា “ខ្ញុំគិតថាការលើកឡើងនេះ គឺដើម្បីប្រកួតប្រជែង ជាមួយនឹងឥទ្ធិពលរបស់ប្រទេសចិន ជាពិសេសតាមរយៈវិថី ឬក៏ផ្លូវសូត្រសុខភាពនេះ”។

ក្នុងកិច្ចប្រជុំកំពូលលើកទី១ នៃបណ្តាប្រទេសQUAD ប្រទេសសមាជិក QUAD ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណ១ពាន់លានដូស ដល់បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយក្នុងជំនួបនៅថ្ងៃទី១៦ ខែមេសា កន្លងទៅនេះរវាងប្រធាធិបតី Joe Biden នាយករដ្ឋមន្រ្តីជប៉ុន Suga នៅទីក្រុងវ៉ាស៊ីនតោន។

ថ្នាក់ដឹកនាំទាំងពីរ បានបង្កើតនូវគំនិតផ្តូចផ្តើមថ្មីមួយ ដែលអោយឈ្មោះថា Competitiveness and Resilience (CoRe) ឬក៏ភាពជាដៃគូ ដើម្បីលើកកម្ពស់នូវភាពប្រកួតប្រជែងឈ្នះ និងភាពធន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង នៅក្នុងវិស័យឌីជីថល បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ក៏ដូចជាសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការកសាង និងការលើកកម្ពស់នូវ Post-COVID Economic Recovery មួយដែលមានលក្ខណៈបរិយាប័ន្ន និងចីរភាព។

ជប៉ុន និងអាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់ការជួយជ្រោមជ្រែងដល់ Global Vaccination Afford កិច្ចខំប្រឹងប្រែងផ្តល់វ៉ាក់សាំងជាសកល តាមរយៈ COVAX Facility ក៏ដូចជា Access to COVID-19 Tools Accelerator ហើយថ្មីៗនេះ ជប៉ុន ឥណ្ឌា អូស្រ្តាលី ដែលជាប្រទេស QUAD នេះបានបង្កើតនូវ Supply Chance Resilience Initiative មួយក្នុងនោះ ក៏បានរំលេចអំពីកិច្ចខំប្រឹងប្រែងរបស់មហាអំណាចទាំងបី ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងក៏ដូចជាគ្រឿងបរិក្ខារសុខាភិបាល ដើម្បីកាត់បន្ថយនូវអនុត្តរភាពរបស់ចិន នៅក្នុង Regional Supply Chance ទៅលើប្រភេទទំនិញដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តទាំងអស់នេះ។

ការប្រកួតប្រជែងទៅលើការទូតវ៉ាក់សាំង នឹងកើតឡើង ប៉ុន្តែយើងក៏គួរតែទទួលស្គាល់ដែលថាគំនិតផ្តួចផ្តើមទាំងអស់នោះ សុទ្ធតែវាមានចំណុចខ្លាំង និងគុណសម្បត្តិរបស់ខ្លួន ដែលយើងទាំងអស់គ្នាគួរតែស្វាគមន៍។

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកំពុងអភិវឌ្ឍន៍ជារួម គួរតែស្វាគមន៍ ហើយមហាអំណាចដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាមហាអំណាចដទៃទៀត សុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន នៅក្នុងការផ្តល់នូវ Global Public Goods ទាំងអស់នេះ ដល់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែមហាអំណាចទាំងអស់នោះ គួរតែព្យាយាមកុំយកបញ្ហាសុខភាពសាធារណៈ លាយលំទៅនឹង Zero-Sum Game ក្នុងវិស័យភូមិសាស្រ្តនយោបាយ ក៏ដូចជា នៅក្នុងការប្រកួតប្រជែងយុទ្ធសាស្រ្តរបស់ខ្លួន ដោយគួរតែចាត់ទុកថាការប្រកួតប្រជែង លើវិស័យសុខភាពសាធារណៈ គឺជាការប្រកួតប្រជែងដោយបម្រើផលប្រយោជន៍មនុស្សជាតិ ជាជាងបម្រើមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន៕ AVI៕

LEAVE A REPLY

Please enter your comment!
Please enter your name here