ការទិញលក់និងវិនិយោគក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបង្ហាញសកម្មភាពបណ្តើរៗឡើងវិញ បន្ទាប់ការបញ្ចប់ការបិទខ្ទប់

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ និងសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យផ្សេងៗចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា វិនិយោគិនក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមពិចារណា និងសិក្សាឡើងវិញបណ្តើរៗ និងទទួលយកព័ត៌មាន ដែលយើងផ្តល់ឱ្យពួកគាត់ ហើយយើងក៏ចាប់ផ្តើមធ្វើបច្ចុប្បន្នមួយចំនួនជូនវិនិយោគិនមួយចំនួន។

លោកបានថ្លែងថា “វិនិយោគិនភាគច្រើនសម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន”។

លោកបានលើកឡើងថា នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់មួយរយៈពេល។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទីផ្សារអលនទ្រព្យ តម្លៃអចលនទ្រព្យមិនសូវមានសម្រាប់អតិថិជន ហើយតម្លៃអចលនទ្រព្យរក្សាភាពថ្លៃ និងនៅទ្រឹងដដែល។

លោកបានថ្លែងថា “ខ្ញុំមើលឃើញថា នាពេលបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅតែរក្សាបានភាពរឹងមាំរបស់ខ្លួន ហើយពិសេស ធនាគារនៅតែបន្តប្រាក់កម្ចីអតិថិជន និងក្រុមហ៊ុនអចលនទ្រព្យចំនួនធំ ដូច្នេះខ្ញុំគិតថា វិស័យនេះនៅតែរឹងមាំ និងជួយទ្រទ្រង់វិស័យសេដ្ឋកិច្ច ព្រោះភាគច្រើនអ្នកវិនិយោគមានទុនច្រើនក្នុងវិស័យនេះ”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានថ្លែងថា ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាលទ្ធផលមួយល្អប្រសើរ សម្រាប់វិស័យសេដ្ឋកិច្ចព្រោះពេលនោះ អ្វីៗនឹងអាចវិលមកប្រក្រតី ហើយរាល់អាជីវកម្មទាំងឡាយអាចសកម្មឡើងវិញ ជាមួយនឹងសកម្មភាពនៃការវិនិយោគជាដើម។

លោកបានថ្លែងថា “ការLockdown នៅកម្ពុជាគឺមានរយៈពេល៣សប្ដាហ៍កន្លងទៅហើយ ហើយបើនិយាយពីការប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យគឺមានផលប៉ះពាល់ខ្លះ”។

លោកបានបន្តថា នៅពេលរដ្ឋាភិបាលប្រកាសបើកឡើងវិញនៅថ្ងៃទី៦ ខែឧសភា ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងអាចវិលត្រលប់ទៅសភាពដើមវិញ ប្រជាពលរដ្ឋអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយឡើងវិញ ដែលអាចធ្វើឱ្យចរន្ត នៃការទិញលក់អចលនទ្រព្យនឹងត្រលប់ទៅសភាពដើមវិញ ប៉ុន្តែការរីកចម្រើន ឬមិនរីកចម្រើននោះ ក៏មិនអាចព្យាករបានដែរ។

លោកបន្ថែមថា ទោះបីជាកម្ពុជាបានសម្រេចបិទខ្ទប់តំបន់មួយចំនួនក៏ពិតមែន តែការចរចានៃការបង្កើតគម្រោងវិនិយោគនៅក្នុងប្រទេសនៅតែមាន ដោយធ្វើទៅតាមប្រព័ន្ធអនឡាញ តែការសម្រេចចិត្ត ឬភាពជោគជ័យនៃការចរចានោះមិនមាននោះឡើយ ព្រោះតែពួកគេមិនអាចជួបគ្នា ដើម្បីជជែកលម្អិតពីគម្រោងនីមួយៗឡើយ។

រាជរដ្ឋាភិបាល កាលពីថ្មីៗនេះ ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ ការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្ដាល នៃភូមិសាស្ត្រខេត្តកណ្ដាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here