អ្នកជំនាញៈ ទីផ្សារខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗឡើងវិញ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញ លក់ខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ បន្ទាប់ការបញ្ចប់ការបិទខ្ទប់បានបើកចំហជាងមុន ដែលធ្វើប្រជាពលរដ្ឋអាចចេញដំណើរទៅធ្វើការងារ និងប្រកបអាជីវកម្មបានលើកលែងតែតំបន់មួយចំនួន។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ការទិញលក់ខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ។

លោកបានថ្លែងថា “បើទោះបីអំឡុងការបិទខ្ទប់ភូមសាស្ត្រភ្នំពេញ និងក្រុងតាខ្មៅ នៅតែមានអ្នកទិញ ឬវិនិយោគិនមួយៗធ្វើការកក់តាមអនឡាញ ប៉ុន្តែល្បឿននៃការកក់ ឬទិញមិនលឿនដូចការបើកចំហរនោះទេ”។ លោកបានថ្លែងបន្តថា “បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ភ្ញៀវខ្ញុំផ្ទាល់តែម្តងចាប់ផ្តើមចេញមកចុះកុងត្រា និងបន្តកក់ជាបណ្តើរ”។

លោកបានបន្តថា អ្នកដែលមានធនធានល្អ ឬលំហូរសាច់ប្រាក់វិជ្ជមានគួរវិនិយោគលើខុនដូនាពេលនេះ គឺពេលល្អសម្រាប់វិនិយោគលើខុនដូ។

លោកគង្គាបានបញ្ជាក់ថា “វាមិនមានឱកាសណាល្អជាងពេលនេះទេ ដោយសារតែអំឡុងពេលកូវីដ១៩ តម្លៃខុនដូនៅតែរក្សាតម្លៃដើម ដោយមិនការឡើងថ្លៃ និងការបង់ប្រាក់ក៏មានការបត់បែន ហើយនាពេលតម្លៃខុនដូឡើងថ្លៃ ក្រោយកូវីដ១៩ ដែលនឹងផ្តល់ផលចំណេញដល់អ្នកវិនិយោគ”។

គម្រោងខុនដូថ្មីៗចំនួន៤ ត្រូវបានបញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំនេះ ដោ​យចូលរួមចំណែកផ្គត់ផ្គង់ ក្នុងទីផ្សារខុនដូចំនួន៧៩៣យូនីត ខណៈការផ្គត់ផ្គង់ខុនដូរំពឹងថានឹងមានចំនួន១០.៨២៥យូនីត នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

លោកស្រីអាន សុធីតាអ្នកជំនាញឯករាជ្យមួយដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ បានថ្លែងកាលពីថ្មីៗថា ទីផ្សារខុនដូ ត្រូវបានគេចាត់ថ្នាក់ជាផ្នែកលំនៅដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ជាមួយកូវីដ១៩នេះទេ ប្រសិនបើប្រៀបធៀបជាមួយវិស័យផ្សេងៗ ដូចជាវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) និងវិស័យទីផ្សារលក់រាយ ក៏ប៉ុន្ដែវាក៏នៅតែទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

លោកស្រីបន្ថែមថា “នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូមានការផ្ដោតទាំង​ស្រុងទៅលើភ្ញៀវនៅក្នុងស្រុក ហើយទីផ្សារខុនដូមានការរីកចម្រើនលូតលាស់ ដោយ​សា​រអ្នកវិនិយោគក្នុងស្រុក មានបរិបទវិនិយោគដោយមើលឃើញពីកត្តា ដូចជា មានទីតាំងនៅកណ្ដាលក្រុង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងតម្លៃក៏មានភាពសមរម្យ បើប្រៀបធៀបនឹងតម្លៃផ្ទះ នៅតំបន់ជាយក្រុង”។

បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានការរីករាលដាលក៏ពិតមែន ចំពោះលោកស្រីមានការជឿជាក់ថា វ៉ាក់សាំងត្រូវបានចាក់ជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាលប្រទេសផ្សេងទៀត ដូច្នេះទាំងអស់គ្នានឹងវិវត្តទៅរកភាពល្អប្រសើរឆាប់ៗ នៅរយៈពេល២ ទៅ៣ខែខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here